បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/២ ទំ. ៣-៤
  • ហេតុដែលគេធ្វើអំពើហឹង្សា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុដែលគេធ្វើអំពើហឹង្សា
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • មូលហេតុ​ដែល​មនុស្ស​ក្លាយ​ទៅ​ជា​ឃោរ​ឃៅ
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/២ ទំ. ៣-៤

ហេតុ​ដែល​គេ​ធ្វើ​អំពើ​ហឹង្សា

កូន​ង៉ា​ម្នាក់​នៅ​ក្រុង​ដិនវើ រដ្ឋ​កូឡូរ៉ាដូ ស.រ.អ​. បាន​កើត​២៧​សប្ដាហ៍​មុន​ពេល​កំណត់។ ទារក​ប្រុស​នេះ​បាន​រស់​រាន​មាន​ជីវិត ហើយ​ក្រោយ​ពី​បាន​មើល​ថែ​រក្សា​អស់​រយៈ​បី​ខែ​ក្នុង​មន្ទីរ​ពេទ្យ ក៏​បាន​ឲ្យ​ឪពុក​ម្ដាយ​យក​កូន​នេះ​ទៅ​ផ្ទះ​វិញ។ បី​សប្ដាហ៍​ក្រោយ​មក កូន​នេះ​បាន​ត្រឡប់​ចូល​មន្ទីរ​ពេទ្យ​វិញ។ ហេតុ​អ្វី? វា​មាន​របួស​យ៉ាង​ធ្ងន់​នឹង​ខួរ​ក្បាល ដោយ​សារ​ឪពុក​បាន​ចាប់​គ្រវី​ទារក​នេះ​យ៉ាង​ឃោរ​ឃៅ។ ឪពុក​វា​មិន​អាច​ទ្រាំ​នឹង​ការ​យំ​របស់​កូន​ខ្លួន​ទេ។ ក្មេង​តូច​នេះ​បាន​ត្រូវ​ខ្វាក់​ភ្នែក​ព្រម​ទាំង​ពិការ​ទៀត។ ពេទ្យ​វិជ្ជា​ដ៏​ទំនើប​បាន​សង្គ្រោះ​វា​ពី​កំណើត​ដ៏​ពិបាក ប៉ុន្តែ​មិន​អាច​សង្គ្រោះ​វា​ពី​អំពើ​ហឹង្សា​របស់​ឪពុក​ឡើយ។

កូន​ក្មេង​ជា​ច្រើន​បាន​ត្រូវ​គេ​ធ្វើ​បាប វាយ​តប់ ឬ​បាន​គេ​សម្លាប់​ក្នុង​កន្លែង​មួយ​ដ៏​ឃោរ​ឃៅ​ជាង​គេ​នៅ​លើ​ផែនដី​នេះ គឺ​នៅ​ឯ​ផ្ទះ! អ្នក​ខ្លះ​ស្ទង់​មើល​ថា គ្រាន់​តែ​ក្នុង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ មាន​កូន​ក្មេង​ប្រមាណ​៥.០០០​នាក់​ដែល​ស្លាប់​រៀង​រាល់​ឆ្នាំ ដោយ​សារ​ឪពុក​ម្ដាយ​របស់​គេ! យោង​ទៅ​តាម​ទស្សនាវដ្ដី​សុខភាព​ពិភព​លោក «ការ​ធ្វើ​បាប​ប្រពន្ធ​ជា​ហេតុ​របួស​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ស្ត្រី ដែល​អាច​បន្ត​ពូជ​បាន»ក្នុង​សហរដ្ឋ​អាមេរិក។ តើ​ប្រទេស​ឯ​ទៀត​យ៉ាង​ណា​ដែរ? «ពី​មួយ​ភាគ​បី​ទៅ​ពាក់​កណ្ដាល​ចំនួន​ស្ត្រី​ដែល​បាន​គេ​ស្ទង់​សួរ[ក្នុង​ប្រទេស​ក្រី​ក្រ] នោះ​រាយ​ការណ៍​ថា​បាន​ត្រូវ​ធ្វើ​បាប​ដោយ​គូ​របស់​គេ»។ ត្រូវ​ហើយ មាន​មនុស្ស​មួយ​ចំនួន​ធំ​បាន​ត្រូវ​រង​ទុក្ខ​ដោយ​អំពើ​ហឹង្សា ជា​ពិសេស​នៅ​ឯ​ផ្ទះ។

ប្ដី​និង​ប្រពន្ធ​ជា​ច្រើន ខំ​ប្រឹង​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​ដោយ​ប្រើ​អំពើ​ហឹង្សា។ នៅ​ក្នុង​ប្រទេស​ខ្លះ ឪពុក​ម្ដាយ​និង​គ្រូ​បង្រៀន​ប្រើ​អំពើ​ហឹង្សា ដើម្បី​សម្ដែង​កំហឹង​របស់​គេ​ទៅ​លើ​កូន​ក្មេង។ ពួក​អ្នក​ដែល​ចូល​ចិត្ត​សម្លុត​គេ​និង​យាយី​ពួក​ទន់​ខ្សោយ ដោយ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​គេ សំរាប់​ការ​កំសាន្ត​ចិត្ត​ប៉ុណ្ណោះ។ ហេតុ​អ្វី​ក៏​មនុស្ស​លោក​ចេះ​តែ​ធ្វើ​អំពើ​ឃោរឃៅ​ច្រើន​ម្ល៉េះ?

មូលហេតុ​ដែល​មនុស្ស​ក្លាយ​ទៅ​ជា​ឃោរ​ឃៅ

អ្នក​ខ្លះ​អះអាង​ថា មនុស្ស​មាន​ចិត្ត​ឃោរ​ឃៅ​មក​ពី​កំណើត។ កាល​ដែល​ឧក្រិដ្ឋកម្ម​ឃោរ​ឃៅ​ជា​ទូទៅ​បាន​អន់​ថយ​ក្នុង​សហរដ្ឋ​អាមេរិក តែ​ក្នុង​ចំណោម​យុវជន​វិញ គឺ​បាន​កើន​ឡើង​ច្រើន​ណាស់។ ហើយ​ការ​ចាប់​អារម្មណ៍​នឹង​អំពើ​ឃោរឃៅ​ក៏​បាន​កើន​ឡើង​ដែរ។ បណ្ដាញ​ទូរទស្សន៍​បី​ដ៏​ធំ​ជាង​គេ​បាន​បញ្ចាំង​រឿង​ឧក្រិដ្ឋកម្ម​ជា​ទ្វេ​គុណ ហើយ​តាម​សេចក្ដី​រាយ​ការណ៍​អំពី​ឃាតកម្ម បាន​ឡើង​ដល់​បី​ដង​ច្រើន​ជាង​ពី​មុន​ៗ›។ ត្រូវ​ហើយ ឧក្រិដ្ឋកម្ម​នាំ​ឲ្យ​បាន​ចំណេញ។ លោក​ខាល ម៉ីននិនជើ ដែល​ជា​ពេទ្យ​ផ្នែក​វិជ្ជា​វិកល​ចរិត បាន​មាន​ប្រសាសន៍​ថា៖ «យើង​មិន​គ្រាន់​តែ​ត្រា​ប្រណី​នឹង​អំពើ​ឃោរឃៅ ប៉ុន្តែ​ព្រម​ទាំង​ដាក់​នៅ​ទំព័រ​ខាង​មុខ​កាសែត​ពត៌មាន​ទៀត​ផង។ មួយ​ភាគ​បី​ឬ​មួយ​ភាគ​បួន​នៃ​កម្ម​វិធី​ទូរទស្សន៍​របស់​យើង​ប្រើ​អំពើ​ឃោរឃៅ ដើម្បី​កំសាន្ត​កូន​ក្មេង​របស់​យើង។ យើង​មិន​គ្រាន់​តែ​យល់​ព្រម​នឹង​ឧក្រិដ្ឋកម្ម​ប៉ុណ្ណោះ​ទេ! ឱ​មិត្ត​សំឡាញ់​អើយ យើង​ចូល​ចិត្ត​វា​ណាស់»។

ការ​ស្រាវ​ជ្រាវ​ខាង​វិទ្យា​សាស្ត្រ​នៅ​ពេល​ថ្មី​ៗ​នេះ បង្ហាញ​ថា​ដំណើរ​ខួរ​ក្បាល​និង​ស្ថានភាព​ជុំ​វិញ ក៏​មាន​ទំនាក់​ទំនង​នឹង​កំហឹង​របស់​មនុស្ស​ដែរ។ «អ្វី​ដែល​យើង​ចាប់​ផ្ដើម​សន្និដ្ឋាន​គឺ​ថា ស្ថានភាព​ដ៏​អាក្រក់​ដែល​រុំ​ព័ទ្ធ​កូន​ក្មេង​ជា​ច្រើន​នោះ ប្រាកដ​ជា នាំ​ឲ្យ​មាន​ការ​រាល​ដាល​នៃ​អំពើ​ឃោរឃៅ» លោក​បណ្ឌិត ម៉ាកុស គ្រឺស៊ី ពី​មហា​វិទ្យាល័យ​ដែល​ជា​វិជ្ជា​ស្ថាន​សំរាប់​ការ​ស្រាវ​ជ្រាវ​ខាង​យុវជន​នៅ​ក្រុង​អ៊ីលីណយ បាន​មាន​ប្រសាសន៍​ថា៖ «ព្រឹត្ដិការណ៍​ដែល​ព័ទ្ធ​ជុំ​វិញ គឺ​ពិត​ជា​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ខាង​អណូ​ក្នុង​ខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ដោយ​សន្ទុះ​ចិត្ត»។ កត្ដា​ដូច​ជា«ការ​បាក់​បែក​ខាង​ប្រព័ន្ធ​គ្រួសារ ការ​កើន​ឡើង​នៃ​ឪពុក​ឬ​ម្ដាយ​ដែល​មាន​តែ​ម្នាក់ ភាព​ក្រី​ក្រ​ដែល​មិន​ចេះ​ចប់ ហើយ​ការ​ប្រើ​យ៉ាង​ផ្ដេស​ផ្ដាស​នូវ​គ្រឿង​ញៀន អាច​ធ្វើ​ឲ្យ​ជាតិ​គីមី​នៅ​ក្នុង​ខួរ​ក្បាល​ទន់​ទោរ​ទៅ​រក​អំពើ​ឃោរឃៅ ជា​ឥទ្ធិពល​ដែល​ពី​មុន​មិន​បាន​គិត​ថា នឹង​កើត​ឡើង​បាន​ឡើយ» សៀវភៅ នៅ​ក្នុង​ខួរ​ក្បាល បាន​ចែង​មក។

ការ​ប្រែ​ប្រួល​ក្នុង​ខួរ​ក្បាល បាន​ត្រូវ​គេ​អះអាង​ថា រួម​បញ្ចូល​ការ​បន្ទាប​កំរិត​ជាតិ​សេរ៉ូតូនិន ដែល​ជា​ជាតិ​គីមី​មួយ​ក្នុង​ខួរ​ក្បាល ដែល​បាន​ត្រូវ​គេ​គិត​ថា ជួយ​ទប់​កំហឹង​នោះ។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ជាតិ​ស្រា​អាច​បន្ទាប​កំរិត​ជាតិ​សេរ៉ូតូនិន​ក្នុង​ខួរ​ក្បាល ដោយ​ហេតុ​នោះ​ធ្វើ​ឲ្យ​មាន​មូលដ្ឋាន​ខាង​វិទ្យា​សាស្ត្រ ចំពោះ​ការ​ទាក់​ទង​រវាង​អំពើ​ឃោរឃៅ​និង​ការ​ប្រមឹក​ស្រា ដែល​គេ​បាន​ដឹង​ជា​យូរ​មក​ហើយ។

កត្ដា​មួយ​ទៀត គឺ​ទាក់​ទង​នឹង​ការ​កើន​ឡើង​នៃ​អំពើ​ឃោរឃៅ​សព្វ​ថ្ងៃ​នេះ។ សៀវភៅ​ទំនាយ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន គឺ​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា «អ្នក​ត្រូវ​ដឹង​អោយ​ច្បាស់​ថា នៅ​ពេល​ចុង​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក មនុស្ស​ម្នា​នឹង​មាន​ចិត្ត​អាត្មា​និយម ស្រឡាញ់​ប្រាក់ ក្រអឺត​ក្រទម អួត​ខ្លួន . . . គេ​ជា​មនុស្ស​អត់​ចិត្ត គ្មាន​អធ្យាស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត ឃោរ​ឃៅ ស្អប់​អំពើ​ល្អ ជា​មនុស្ស​មាន​ចិត្ត​ក្បត់ ឆាប់​ច្រឡោត អួត​បំប៉ោង . . . ចូរ​ចៀស​ចេញ​អោយ​ឆ្ងាយ​ពី​មនុស្ស​ប្រភេទ​នេះ​ទៅ»។ (ធីម៉ូថេ​ទី​២ ៣:១​-​៥, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ត្រូវ​ហើយ អំពើ​ឃោរឃៅ​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ គឺ​កំពុង​តែ​សម្រេច​នឹង​ទំនាយ​របស់​ព្រះ​គម្ពីរ ដែល​ស្តី​អំពី«ជាន់​ក្រោយ​បង្អស់»។

មាន​អ្វី​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​នេះ​ជា​គ្រា​ដ៏​មាន​គ្រោះ​ថ្នាក់​បំផុត។ ព្រះ​គម្ពីរ​ចែង​ថា៖ «វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ (វិវរណៈ ១២:១២) អារក្ស​និង​ពួក​បិសាច​របស់​វា​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌ ហើយ​ឥឡូវ​នេះ​កំពុង​ធ្វើ​ការ​អាក្រក់​របស់​វា​ទៅ​លើ​មនុស្ស​លោក។ ជា«មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស» នោះ​អារក្ស​ប្រើ«វិញ្ញាណ ដែល​សព្វ​ថ្ងៃ​នេះ បណ្ដាល​មក​ក្នុង​ពួក​មនុស្ស​រឹង​ចចេស» ដែល​ធ្វើ​ឲ្យ​ផែនដី​នេះ ជា​កន្លែង​ដែល​មាន​អំពើ​ឃោរឃៅ​កាន់​តែ​ច្រើន​ឡើង។—អេភេសូរ ២:២

ដូច្នេះ តើ​យ៉ាង​ដូច​ម្ដេច ដែល​យើង​អាច​ប្រឈម​ហើយ​ទប់​ទល់​នឹង«ឥទ្ធិពល»ដ៏​ឃោរ​ឃៅ​នៃ​លោកីយ៍​សព្វ​ថ្ងៃ​នេះ? ហើយ​តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត ដោយ​ឥត​ប្រើ​អំពើ​ហឹង្សា​នោះ?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣]

កូន​ក្មេង​ជា​ច្រើន​នាក់​បាន​ត្រូវ​គេ​ធ្វើ​បាប វាយ​តប់ ឬ​បាន​គេ​សម្លាប់​ក្នុង​កន្លែង​មួយ​ដ៏​ឃោរ​ឃៅ​ជាង​គេ​នៅ​លើ​ផែនដី​នេះ គឺ​នៅ​ឯ​ផ្ទះ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក