តើអ្នកមានឈ្មោះបែបណា?
ក្នុងព្រះគម្ពីរ ពាក្យពេចន៍ «ឈ្មោះ» ជួនកាលស្តីពីកិត្ដិសព្ទនៃបុគ្គលម្នាក់។ ឧទាហរណ៍ ស្តេចសាឡូម៉ូនដែលប្រកបដោយប្រាជ្ញាបានសរសេរថា៖ «នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបដ៏មានដំឡៃ ហើយថ្ងៃមរណក៏វិសេសជាថ្ងៃកើតដែរ»។ (សាស្ដា ៧:១; ប្រៀបធៀប សុភាសិត ២២:១) យោងទៅតាមពាក្យរបស់សាឡូម៉ូន មនុស្សម្នាក់មិនមែនកើតមកទាំងមានកេរ្ដិ៍ឈ្មោះល្អស្រាប់នោះទេ។ ផ្ទុយទៅវិញ គឺក្នុងលំអានជីវិតនៃបុគ្គលម្នាក់ដែលគេទទួលកិត្ដិសព្ទដ៏មានខ្លឹមសារពិតប្រាកដ។ កេរ្ដិ៍ឈ្មោះគាត់សម្គាល់គាត់ដោយលក្ខណៈផ្ទាល់ខ្លួន ថាតើគាត់មានចិត្តសទ្ធា ឬក៏កំណាញ់ ចេះអាណិតអាសូរ ឬក៏គ្មានមេត្ដា រាបទាប ឬក៏ក្រអឺតក្រទម សូម្បីតែ សុចរិត ឬក៏ទុច្ចរិតផង។
សូមពិចារណាដាវីឌ។ ក្នុងពេលការសោយរាជ្យរបស់ទ្រង់ ទ្រង់បានសម្ដែងខ្លួនជាអ្នកខ្លាំងហើយមិនរារែក។ ទន្ទឹមនឹងនេះ ដាវីឌបានទទួលស្គាល់យ៉ាងរាបទាបនូវកំហុសរបស់ខ្លួន ហើយបានប្រែចិត្តពីអំពើបាបដ៏ធ្ងន់របស់ទ្រង់។ ដោយមានហេតុល្អ ព្យាការីរបស់ព្រះយេហូវ៉ាម្នាក់បានសម្គាល់ថា ដាវីឌគឺជា «មនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យ»។ (សាំយូអែលទី១ ១៣:១៤) ដាវីឌពេលក្មេងមានឈ្មោះល្អចំពោះព្រះហើយ។
ផ្ទុយទៅវិញ ស្តេចយូដានាមថាយ៉ូរ៉ាម បានបង្កើតឈ្មោះអាក្រក់សំរាប់អង្គទ្រង់។ ទ្រង់បានបំបែររាស្ត្រទ្រង់ចេញពីការថ្វាយបង្គំព្រះយេហូវ៉ា ហើយបានបង្គាប់ឲ្យគេប្រហារជីវិតព្រះអនុជប្រាំមួយអង្គរបស់ទ្រង់ ហើយនិងសម្ដេចយូដាខ្លះៗឲ្យគេធ្វើគុត។ ក្រោយមក ព្រះយេហូវ៉ាបានដាក់ឲ្យយ៉ូរ៉ាមមានជម្ងឺដែលឈឺចាប់ ហើយនៅទីបំផុតទ្រង់ក៏សោយទិវង្គតទៅ។ ព្រះគម្ពីរប្រាប់ថាយ៉ូរ៉ាមបាន «លាចាកលោកទៅ ឥតមានអ្នកណាស្ដាយឡើយ» ឬក៏ដូចក្នុង សេចក្ដីបកប្រែព្រះគម្ពីរអង់គ្លេសសំរាប់សព្វថ្ងៃនេះ ប្រាប់ថា «គ្មានអ្នកណាពិបាកចិត្តពេលទ្រង់ស្លាប់»។—របាក្សត្រទី២ ២១:២០
ដំណើរជីវិតនៃដាវីឌនិងយ៉ូរ៉ាម បង្ហាញភាពពិតនៃសុភាសិតព្រះគម្ពីរដែលថា៖ «សេចក្ដីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរតែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ»។ (សុភាសិត ១០:៧) យើងម្នាក់ៗគួរពិចារណាយ៉ាងហ្មត់ចត់នូវសំនួរនេះ ‹តើខ្ញុំកំពុងតែបង្កើតឈ្មោះបែបណាចំពោះព្រះនិងអ្នកជិតខាងរបស់ខ្ញុំ›?