បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/១១ ទំ. ១០-១៥
  • «ត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព»
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អាកប្បកិរិយា​ទូទៅ​នៃ​លោកីយ៍
  • ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​ពួក​អ្នក​សុភាព
  • ការ​រៀន​ឲ្យ​មាន​ចិត្ត​សុភាព
  • អាកប្បកិរិយា​ដ៏​ត្រឹម​ត្រូវ
  • ចូរចេះបន្ទាបខ្លួនដោយចិត្ដស្មោះ
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី១
  • ចូរធ្វើតាមតម្រាប់ដែលព្រះយេស៊ូបានទុកឲ្យជានិរន្ដរ៍
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/១១ ទំ. ១០-១៥

«ត្រូវ​ឲ្យ​គ្រប់​គ្នា​មាន​ចិត្ត​សុភាព»

«ព្រះ​ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួតអាង​តែ​ផ្ដល់​ព្រះ​គុណ​ដល់​ពួក​រាប​សា​វិញ»។—ពេត្រុស​ទី​១ ៥:៥

១, ២. តើ​អ្វី​ជា​គំនិត​លក្ខណៈ​ពីរ​ដែល​ផ្ទុយ​គ្នា ក្នុង​ការ​មាន​អានុភាព​ខ្លាំង​លើ​ចរិយា​របស់​មនុស្សជាតិ?

ក្នុង​ចំណោម​គំនិត​លក្ខណៈ​ដែល​បន្ទូល​របស់​ព្រះ​បញ្ជាក់​ឲ្យ​យើង​នោះ គឺ​មាន​គំនិត​លក្ខណៈ​ពីរ​ដែល​ផ្ទុយ​គ្នា។ គំនិត​លក្ខណៈ​ទាំង​ពីរ​នោះ​មាន​អានុភាព​ខ្លាំង​ទៅ​លើ​ចរិយា​មនុស្សជាតិ។ គំនិត​លក្ខណៈ​ត្រូវ​រៀប​រាប់​ជា«ចិត្ត​សុភាព»។ (ពេត្រុស​ទី​១ ៥:៥) វចនានុក្រម​មួយ​កាត់​ស្រាយ​ន័យ​នៃ​ពាក្យ«សុភាព» ថា​ជា«រាប​ទាប​ខាង​ឫកពា​ឬ​ក៏​គំនិត មិន​មាន​ចិត្ត​អំនួត»។ ចិត្ត​សុភាព​គឺ​នៅ​ទន្ទឹម​គ្នា​នឹង​ចិត្ត​រាប​ទាប ហើយ​តាម​ទស្សនៈ​របស់​ព្រះ នោះ​ជា​គុណសម្បត្ដិ​មួយ​ដែល​គួរ​ចង់​បាន។

២ ផ្ទុយ​ពី​នោះ​គឺ​អំនួត។ នេះ​ត្រូវ​កាត់​ស្រាយ​ជា«ការ​ឲ្យ​តម្លៃ​ហួស​ហេតុ​ចំពោះ​ខ្លួន​ឯង» រួម​ទាំង«ការ​មើល​ងាយ»។ អំនួត​គិត​តែ​ប្រយោជន៍​ខ្លួន ហើយ​ស្វះ​ស្វែង​ប្រយោជន៍​ខាង​ទ្រព្យ​សម្បត្ដិ ខាង​អត្តទត្ថភាព និង​ប្រយោជន៍​ផ្សេង​ទៀត ទោះ​បី​នោះ​បាន​នាំ​ឲ្យ​អ្នក​ដទៃ​ពិបាក​ក៏​ដោយ។ ព្រះ​គម្ពីរ​កត់​សម្គាល់​នូវ​លទ្ធផល​មួយ​ថា៖ «មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា»។ ព្រះ​គម្ពីរ​ក៏​ចែង​ពី«អ្នក​ជិត​ខាង​មាន​ចិត្ត​ច្រណែន​ដល់​គ្នា​នឹង​គ្នា» ជា«អសារ​ឥត​ការ​ទទេ» ពី​ព្រោះ​នៅ​ពេល​ស្លាប់«ឥត​យក​អ្វី​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​ជាប់​នៅ​ដៃ​ទៅ​ជា​មួយ​បាន​ឡើយ»។ អំនួត​បែប​នេះ​គឺ​មិន​គួរ​ចង់​បាន​សោះ​តាម​ទស្សនៈ​របស់​ព្រះ។—សាស្ដា ៤:៤; ៥:១៥; ៨:៩

អាកប្បកិរិយា​ទូទៅ​នៃ​លោកីយ៍

៣. តើ​អ្វី​ជា​អាកប្បកិរិយា​ទូទៅ​នៃ​លោកីយ៍?

៣ សព្វ​ថ្ងៃ​តើ​មួយ​ណា​ក្នុង​ចំណោម​គំនិត​លក្ខណៈ​ទាំង​ពីរ​នោះ ដែល​ជា​លក្ខណៈ​របស់​លោកីយ៍​នេះ? តើ​អ្វី​ជា​អាកប្បកិរិយា​ជា​ទូទៅ​របស់​លោកីយ៍​នេះ? សៀវភៅ ការ​ចំណាយ​ខាង​ទាហាន​និង​ខាង​សង្គម​ក្នុង​ឆ្នាំ​១៩៩៦ កត់​សម្គាល់​ថា៖ «គ្មាន​សតវត្ស​ឯ​ណា​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​ស្មើ​នឹង​សតវត្ស​ទី​២០​នេះ ស្តី​អំពី​អំពើ​ឃោរឃៅ . . . ដ៏​ព្រៃ​ផ្សៃ»។ ការ​ប្រជែង​គ្នា​ដើម្បី​ទទួល​អំណាច​ខាង​នយោបាយ​និង​ខាង​សេដ្ឋកិច្ច ព្រម​ទាំង​ការ​ប្រកួត​រវាង​សាសន៍ សាសនា កុលសម្ព័ន្ធ និង​ការ​ប្រកួត​រវាង​ពូជ​សាសន៍ នោះ​បាន​សម្លាប់​មនុស្ស​ជាង​១០០​លាន​នាក់​ក្នុង​សតវត្ស​នេះ។ មនុស្ស​ម្នាក់​ដែល​មាន​ចរិយា​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង នោះ​ក៏​បាន​កើន​ឡើង​ផង​ដែរ។ កាសែត ឆិខាកូ ត្រិប្យូន បាន​ចែង​ថា៖ «ជម្ងឺ​សង្គម​នោះ​រួម​បញ្ចូល​អំពើ​ឃោរឃៅ​ដោយ​ឥត​បើ​គិត ការ​ធ្វើ​ទុក្ខ​ទោស​ដល់​កូន​ក្មេង ការ​លែង​លះ​គ្នា ការ​ប្រមឹក ជម្ងឺ​អេដស៍ អត្តឃាត​នៃ​យុវជន គ្រឿង​ឱសថ ក្រុម​មនុស្ស​អាក្រក់​ដែល​ដើរ​តាម​ផ្លូវ ការ​រំលោភ កូន​ឥត​ខាន់​ស្លា ការ​ពន្លូត​កូន រូប​អាសអាភាស . . . ការ​ភូត​ភរ ការ​បោក​ប្រាស់ សេចក្ដី​ពុក​រលួយ​ខាង​នយោបាយ . . . គំនិត​សីលធម៌​អំពី​អ្វី​ដែល​ខុស​និង​ត្រូវ​នោះ​បាន​ត្រូវ​បំបាត់​ចោល»។ ដូច្នេះ​ហើយ កាសែត កត់​ត្រា​ហេតុ​ការណ៍​អ​.ស.ប. បាន​ព្រមាន​ថា៖ «សង្គម​មនុស្ស​កំពុង​តែ​បាក់​បែក​ខ្ទេច​ខ្ទី»។

៤, ៥. តើ​តាម​របៀប​ណា​ដែល​អាកប្បកិរិយា​នៃ​លោកីយ៍​នោះ បាន​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ទំនាយ​ព្រះ​គម្ពីរ​អំពី​សម័យ​យើង​នេះ?

៤ ស្ថានភាព​នេះ​គឺ​មាន​ទូទាំង​ផែនដី។ ស្ថានភាព​នោះ​គឺ​ដូច​គ្នា​នឹង​អ្វី​ដែល​បទ​ទំនាយ​ព្រះ​គម្ពីរ​បាន​ទាយ​ទុក​សំរាប់​សម័យ​យើង​នេះ​ថា៖ «នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើល​ងាយ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មាន​ចិត្ត​មិន​បរិសុទ្ធ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ»។—ធីម៉ូថេ​ទី​២ ៣:១​-​៤

៥ នោះ​គឺ​ជា​ការ​ពិពណ៌នា​ត្រឹម​ត្រូវ​មួយ​ពី​អាកប្បកិរិយា​ទូទៅ​នៃ​លោកីយ៍​នេះ។ គឺ​ជា​អាកប្បកិរិយា​ដែល​ប្រកប​ដោយ​អត្តទត្ថភាព​ដ៏​ក្រអឺត​ក្រទម។ ការ​ប្រកួត​ប្រជែង​រវាង​សាសន៍ គឺ​ត្រូវ​សម្ដែង​ដោយ​ការ​ប្រកួត​ប្រជែង​រវាង​មនុស្ស​ម្នាក់​ៗ។ ជា​ឧទាហរណ៍ ក្នុង​កីឡា​ដែលមាន​ការ​ប្រកួត​ប្រណាំង អ្នក​កីឡា​ចង់​បាន​លេខ​មួយ មិន​ខ្វល់​ថា​នេះ​បញ្ឈឺ​ចិត្ត​គេ​ឬ​ក៏​បញ្ឈឺ​រូប​កាយ​អ្នក​ដទៃ​ទេ។ អាកប្បកិរិយា​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន នោះ​ត្រូវ​បណ្ដុះ​បណ្ដាល​ក្នុង​កូន​ក្មេង ហើយ​បន្ត​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត​របស់​អ្នក​ពេញ​វ័យ។ នោះ​មាន​បង្កើត​ផល​ជា«សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់​ទែង​គ្នា បាក់​បែក»។—កាឡាទី ៥:១៩​-​២១

៦. តើ​នរណា​បង្កើត​ឲ្យ​មាន​អត្តទត្ថភាព ហើយ​តើ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​យ៉ាង​ណា​អំពី​គំនិត​បែប​នេះ?

៦ ព្រះ​គម្ពីរ​បង្ហាញ​ថា គំនិត​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​នៃ​លោកីយ៍​នេះ នោះ​សម្ដែង​អាកប្បកិរិយា​របស់​អ្នក«ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ»។ ស្តី​អំពី​អានុភាព​របស់​សាតាំង​ទៅ​លើ​មនុស្ស​ដែល​កំពុង​តែ​រស់​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ដ៏​លំបាក​នេះ នោះ​ព្រះ​គម្ពីរ​ទាយ​ថា៖ «វេទនា​ដល់​ផែនដី . . . ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ (វិវរណៈ ១២:៩​-​១២) ដូច្នេះ វា​ហើយ​ពួក​ព្រាយ​បិសាច​របស់​វា​បាន​ខិត​ខំ​រឹត​តែ​ខ្លាំង​ឡើង ដើម្បី​បង្កើត​គំនិត​ដ៏​អត្តទត្ថ​ក្នុង​មនុស្សជាតិ។ ចុះ​តើ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​យ៉ាង​ណា​វិញ​អំពី​អាកប្បកិរិយា​បែប​នេះ? បន្ទូល​របស់​ទ្រង់​ថា៖ «អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង​ឆ្មៃ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​យេហូវ៉ា»។—សុភាសិត ១៦:៥

ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​ពួក​អ្នក​សុភាព

៧. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​សុភាព ហើយ​តើ​ទ្រង់​បង្រៀន​គេ​អ្វី?

៧ នៅ​ម្ខាង​ទៀត នោះ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ចំពោះ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព។ តាម​រយៈ​ចំ​រៀង​ទូល​ព្រះ​យេហូវ៉ា នោះ​ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​ថា៖ «ព្រះ​អង្គ​សង្គ្រោះ​មនុស្ស​ទន់​ទាប ព្រះ​អង្គ​ទត​មក​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង​ឆ្មៃ ដើម្បី​បន្ទាប​ពួក​គេ»។ (សាំយូអែល​ទី​២ ២២:១, ២៨ ភាសា​ខ្មែរ​សម្រាយ) ដូច្នេះ បន្ទូល​របស់​ព្រះ​ជូន​ឱវាទ​ថា៖ «អស់​អ្នក​រាប​សា​នៅ​ផែនដី . . . ចូរ​ស្វែង​រក​ទ្រង់ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ទេ​ដឹង»។ (សេផានា ២:៣) អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​រាប​ទាប​នោះ គឺ​ត្រូវ​បង្រៀន​ដោយ​ទ្រង់​ឲ្យ​បណ្ដុះ​បណ្ដាល​អាកប្បកិរិយា​ផ្ទុយ​ស្រឡះ​ពី​លោកីយ៍​នេះ។ ទ្រង់​នឹង«បង្រៀន​មនុស្ស​រាប​ទាប ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់»។ (ទំនុកដំកើង ២៥:៩; អេសាយ ៥៤:១៣) របៀប​នោះ​គឺ​ជា​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ នោះ​មាន​មូលដ្ឋាន​លើ​ការ​ធ្វើ​អ្វី​ដ៏​ត្រឹម​ត្រូវ​តាម​ខ្នាត​តម្រា​របស់​ព្រះ។ យោង​ទៅ​តាម​ព្រះ​គម្ពីរ សេចក្ដី​ស្រឡាញ់​នេះ​ដែល​មាន​មូលដ្ឋាន​លើ​គោល​ការណ៍«មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង . . . មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន»។ (កូរិនថូស​ទី​១ ១៣:១​-​៨) សេចក្ដី​ស្រឡាញ់​នោះ​ក៏​សម្ដែង​ខ្លួន​ក្នុង​ចិត្ត​សុភាព​ដែរ។

៨, ៩. (ក) តើ​សេចក្ដី​ស្រឡាញ់​ដែល​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​នោះ មក​ពី​ប្រភព​ណា? (ខ) តើ​ការ​ធ្វើ​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​រាប​ទាប​ដែល​ព្រះ​យេស៊ូ​បង្ហាញ​នោះ ជា​សំខាន់​ប៉ុណ្ណា?

៨ ប៉ុល​និង​គ្រីស្ទាន​ដទៃ​នៅ​សតវត្ស​ទី​មួយ ក៏​បាន​រៀន​សេចក្ដី​ស្រឡាញ់​បែប​នេះ​ពី​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ។ ហើយ​ព្រះ​យេស៊ូ​បាន​រៀន​ពី​ព្រះ​វរបិតា​របស់​ទ្រង់ ជា​ព្រះ​យេហូវ៉ា ដែល​ព្រះ​គម្ពីរ​ចែង​ពី​ទ្រង់​ថា៖ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង»។ (យ៉ូហាន​ទី​១ ៤:៨) ព្រះ​យេស៊ូ​បាន​ជ្រាប​ថា ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ទ្រង់ គឺ​ឲ្យ​ទ្រង់​រស់​នៅ​ដោយ​កាន់​តាម​ច្បាប់​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​ទ្រង់​បាន​ធ្វើ​អ៊ីចឹង​មែន។ (យ៉ូហាន ៦:៣៨) ហេតុ​នោះ​ហើយ ទ្រង់​បាន​មាន​សេចក្ដី​មេត្ដា​ចំពោះ​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់ អ្នក​ក្រ ហើយ​អ្នក​មាន​បាប​ផង​ដែរ។ (ម៉ាថាយ ៩:៣៦) ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព»។—ម៉ាថាយ ១១:២៨, ២៩

៩ ព្រះ​យេស៊ូ​បាន​បង្ហាញ​សិស្ស​របស់​ទ្រង់ នូវ​សារៈ​សំខាន់​នៃ​ការ​ធ្វើ​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​រាប​ទាប​របស់​ទ្រង់ ពេល​ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូហាន ១៣:៣៥) ពួក​គេ​នឹង​លេច​ចេញ​ដោយ​ឡែក​ពី​លោកីយ៍​ដ៏​អត្តទត្ថ​នេះ។ ហេតុ​នោះ​ហើយ​ទ្រង់​អាច​មាន​បន្ទូល​ពី​អ្នក​កាន់​តាម​ទ្រង់៖ «គេ​មិន​មែន​ជា​របស់​លោកីយ​ទេ»។ (យ៉ូហាន ១៧:១៤) ត្រូវ​ហើយ ពួក​គេ​មិន​ធ្វើ​តម្រាប់​តាម​អាកប្បកិរិយា​ដ៏​ក្រអឺត​ក្រទម និង​អត្តទត្ថ​នៃ​លោកីយ៍​របស់​សាតាំង​ទេ។ ផ្ទុយ​ទៅ​វិញ គេ​ធ្វើ​តម្រាប់​តាម​អាកប្បកិរិយា​នៃ​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​រាប​ទាប​ដែល​ព្រះ​យេស៊ូ​បាន​បង្ហាញ។

១០. តើ​ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​អ្វី​ចំពោះ​អ្នក​រាប​ទាប​នៅ​សម័យ​យើង​នេះ?

១០ ព្រះ​បន្ទូល​របស់​ព្រះ​បាន​ទាយ​ថា នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ នោះ​មនុស្ស​រាប​ទាប​នឹង​ត្រូវ​ប្រមូល​គ្នា​ចូល​ក្នុង​សង្គម​មួយ​នៅ​ទូទាំង​ផែនដី ដោយ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​រាប​ទាប។ ដូច្នេះ ក្នុង​ចំណោម​ពិភព​លោក​មួយ​ដែល​កាន់​តែ​មាន​អំនួត នោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​អាកប្បកិរិយា​ផ្ទុយ​ពី​នោះ ជា​ចិត្ត​សុភាព។ មនុស្ស​បែប​នេះ​និយាយ​ថា៖ «ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា[ជា​ការ​ថ្វាយ​បង្គំ​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់] . . . ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ»។ (អេសាយ ២:២, ៣) ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​សមាសភាព​នៃ​សង្គម​នៅ​ទូទាំង​ពិភព​លោក​នេះ ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ​របស់​ព្រះ។ ពួក​គេ​រួម​បញ្ចូល«មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា» ដែល​មាន​កាន់​តែ​ច្រើន​នាក់។ (វិវរណៈ ៧:៩) មនុស្ស​មួយ​ហ្វូង​ធំ​នេះ​គឺ​រួម​បញ្ចូល​មនុស្ស​រាប់​លាន​នាក់។ តើ​តាម​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​បង្ហាត់​បង្រៀន​ពួក​គេ​ឲ្យ​ទៅ​ជា​រាប​ទាប?

ការ​រៀន​ឲ្យ​មាន​ចិត្ត​សុភាព

១១, ១២. តើ​អ្នក​បំរើ​របស់​ព្រះ​សម្ដែង​ចិត្ត​សុភាព​យ៉ាង​ដូច​ម្ដេច?

១១ វិញ្ញាណ​របស់​ព្រះ​មាន​អានុភាព​លើ​រាស្ត្រ​ដ៏​ស្ម័គ្រ​ចិត្ត​របស់​ទ្រង់ ដែល​ឲ្យ​គេ​មាន​សមត្ថភាព​រៀន​យក​ឈ្នះ​លើ​អាកប្បកិរិយា​ដ៏​អាក្រក់​នៃ​លោកីយ៍​នេះ ហើយ​សម្ដែង​នូវ​ផល​នៃ​វិញ្ញាណ​របស់​ព្រះ​វិញ។ ផល​នោះ​លេច​មក​ជា«សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូត​បូត ហើយ​ដឹង​ខ្នាត»។ (កាឡាទី ៥:២២, ២៣) ដើម្បី​ជួយ​គេ​បណ្ដុះ​បណ្ដាល​គុណសម្បត្ដិ​ទាំង​នោះ អ្នក​បំរើ​របស់​ព្រះ​ត្រូវ​ជូន​ឱវាទ​ឲ្យ​មិន​ទៅ​ជា​អ្នក«រក​កេរ្ដិ៍​ឈ្មោះ ដែល​ឥត​ប្រយោជន៍ ទាំង​ចាក់​រុក ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ»។ (កាឡាទី ៥:២៦) ហេតុ​ដូច្នេះ​ដែរ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «ដ្បិត​ខ្ញុំ​និយាយ​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ពួក​អ្នក​រាល់​គ្នា . . . ចូរ​គិត​បែប​ឲ្យ​មាន​គំនិត​នឹង​ធឹង . . . កុំ​ឲ្យ​មាន​គំនិត​ខ្ពស់ លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ»។—រ៉ូម ១២:៣

១២ បន្ទូល​របស់​ព្រះ​ប្រាប់​គ្រីស្ទាន​ពិត​ថា «កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់​ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ[អ្នក​បំរើ​ព្រះ​ឯ​ទៀត]ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង»។ (ភីលីព ២:៣, ៤) «កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ»។ (កូរិនថូស​ទី​១ ១០:២៤) ពិត​មែន «សេចក្ដី​ស្រឡាញ់​ស្អាង​ចិត្ត​ឡើង​វិញ»នូវ​អ្នក​ដទៃ​ដោយ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​ដ៏​ឥត​កំណាញ់។ (កូរិនថូស​ទី​១ ៨:១) នោះ​នាំ​ឲ្យ​មាន​ការ​ជួយ​គ្នា មិន​មែន​ការ​ប្រកួត​ប្រជែង​គ្នា​ឡើយ។ អាកប្បកិរិយា​ដែល​រក​តែ​ប្រយោជន៍​ខ្លួន នោះ​គ្មាន​កន្លែង​នៅ​ក្នុង​ចំណោម​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ទេ។

១៣. ហេតុ​ដូច​ម្ដេច​ដែល​យើង​ត្រូវ​តែ​រៀន​ឲ្យ​មាន​ចិត្ត​សុភាព​នោះ ហើយ​តើ​មនុស្ស​ម្នាក់​រៀន​តាម​របៀប​ណា?

១៣ ក៏​ប៉ុន្តែ ដោយសារ​ភាព​មិន​ល្អ​ឥត​ខ្ចោះ នោះ​យើង​មិន​កើត​មក​ដោយ​មាន​ចិត្ត​សុភាព​ស្រាប់​ទេ។ (ទំនុកដំកើង ៥១:៥) យើង​ត្រូវ​តែ​រៀន​គុណសម្បត្ដិ​នេះ។ ហើយ​នេះ​ក៏​អាច​ជា​ការ​ពិបាក ចំពោះ​អ្នក​ដែល​មិន​បាន​រៀន​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​តាំង​ពី​កុមារភាព​មក ក៏​ប៉ុន្តែ​បាន​ទទួល​នោះ​ពេល​ក្រោយ​មក។ ពួក​គេ​បាន​បណ្ដុះ​បណ្ដាល​បុគ្គលិក​លក្ខណៈ ដោយ​មាន​មូលដ្ឋាន​លើ​អាកប្បកិរិយា​នៃ​ពិភព​លោក​នេះ។ ដូច្នេះ ពួក​គេ​ត្រូវ​តែ​រៀន​ថា«ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់[បុគ្គលិក​លក្ខណៈ​ចាស់ ព.ថ.] ដែល​តែង​តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សេចក្ដី​ឆបោក​ចោល​ចេញ» ហើយ«ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ[បុគ្គលិក​លក្ខណៈ​ថ្មី ព.ថ.] ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ»។ (អេភេសូរ ៤:២២, ២៤) ដោយ​បាន​ជំនួយ​ពី​ព្រះ នោះ​អ្នក​ស្មោះ​ត្រង់​អាច​ធ្វើ​អ្វី​ដែល​ទ្រង់​សូម​ពី​គេ ជា«ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់​ធ្មត់»។—កូល៉ុស ៣:១២

១៤. តើ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល ទាស់​នឹង​សេចក្ដី​ប្រាថ្នា​ចង់​ដំកើង​ខ្លួន​ឲ្យ​ឡើង​ខ្ពស់?

១៤ ពួក​សិស្ស​របស់​ព្រះ​យេហូវ៉ា​ធ្លាប់​បាន​រៀន​អំពី​រឿង​នោះ។ ពួក​គេ​ជា​មនុស្ស​ពេញ​វ័យ​កាល​ដែល​គេ​បាន​ធ្វើ​ជា​សិស្ស ហើយ​ក្នុង​ចំណោម​ពួក​គេ​ក៏​បាន​មាន​អាកប្បកិរិយា​នៃ​លោកីយ៍​ជា​ការ​ចង់​ប្រកួត​ប្រជែង​ផង​ដែរ។ ពេល​ម្ដាយ​របស់​សិស្ស​ពីរ​នាក់​បាន​ស្វែង​រក​ភាព​ធំ​ដុំ​សំរាប់​កូន​ប្រុស​ពីរ​នាក់​របស់​នាង នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ពួក​ចៅហ្វាយ​នៃ​សាសន៍​ដទៃ​តែង​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ គឺ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ ដូច​ជា​កូន​មនុស្ស[ព្រះ​យេស៊ូ]បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេវិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។ (ម៉ាថាយ ២០:២០​-​២៨) ពេល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​សិស្ស​ទ្រង់​កុំ​ប្រើ​ឋានន្តរ​ដើម្បី​ខិត​ខំ​ដំកើង​ខ្លួន​ឲ្យ​ឡើង​ខ្ពស់ នោះ​ទ្រង់​បាន​មាន​បន្ទូល​ជា​បន្ថែម​ថា​គេ៖ «ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់»។—ម៉ាថាយ ២៣:៨

១៥. តើ​អ្នក​ដែល​ចង់​ទទួល​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ​គួរ​មាន​គំនិត​អ្វី?

១៥ អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ពិត​ប្រាកដ​នោះ ជា​អ្នក​បំរើ មែន​ហើយ បាវ​បំរើ​ដើម្បី​គ្រីស្ទាន​ឯ​ទៀត។ (កាឡាទី ៥:១៣) គឺ​ដូច្នេះ​ជា​ពិសេស​ចំពោះ​អ្នក​ដែល​ចង់​មាន​គុណវុឌ្ឍិ​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ។ ពួក​គេ​មិន​គួរ​ប្រកួត​ប្រជែង​ដើម្បី​ល្បី​ឈ្មោះ​ឬ​ក៏​អំណាច​ឡើយ។ ពួក​គេ​ក៏​មិន​កាន់‹អំណាច​លើ​អ្នក​ដែល​ជា​របស់​ទ្រព្យ​ព្រះ​ទេ គឺ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​គំរូ​ដល់​ពួក​គេ​វិញ›។ (ពេត្រុស​ទី​១ ៥:៣) មែន​ហើយ គំនិត​ចង់​ស្វែង​រក​តែ​ប្រយោជន៍​ខ្លួន ជា​សញ្ញា​មួយ​ដែល​បុរស​ម្នាក់​គ្មាន​គុណវុឌ្ឍិ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទេ។ មនុស្ស​ម្នាក់​បែប​នេះ​នឹង​ធ្វើ​ទុក្ខ​ដល់​ក្រុម​ជំនុំ។ ពិត​មែន គឺ​ជា​សម​គួរ​ដែល«ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត​ត្រា» ក៏​ប៉ុន្តែ នេះ​គួរ​លេច​ចេញ​ពី​សេចក្ដី​ប្រាថ្នា​ចង់​បំរើ​គ្រីស្ទាន​ឯ​ទៀត។ តួ​នាទី​នេះ​មិន​ជា​ឋានៈ​នៃ​ភាព​ធំ​ដុំ​ឬ​មាន​អំណាច​ទេ ដ្បិត​អ្នក​ត្រួត​ពិនិត្យ​គួរ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​មាន​ចិត្ត​សុភាព​បំផុត​ក្នុង​ក្រុម​ជំនុំ។—ធីម៉ូថេ​ទី​១ ៣:១, ៦

១៦. ហេតុ​អ្វី​បាន​ជា​ឌីអូត្រេព​បាន​ត្រូវ​ថ្កោល​ទោស​ក្នុង​បន្ទូល​របស់​ព្រះ?

១៦ សាវ័ក​យ៉ូហាន​បាន​បញ្ជាក់​មនុស្ស​ម្នាក់​ដែល​បាន​មាន​ទស្សនៈ​ខុស ដោយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ពួក​ជំនុំ ប៉ុន្តែ អ្នក​ឌីអូត្រេព​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ធំ​ក្នុង​ពួក​នោះ គាត់​មិន​ទទួល​យើង​ទេ»។ បុរស​នេះ​បាន​ទាក់​ទង​អ្នក​ដទៃ​ដោយ​ឥត​គោរព ដើម្បី​បង្កើន​ឋានៈ​របស់​គាត់។ ផ្ទុយ​ទៅ​វិញ វិញ្ញាណ​របស់​ព្រះ​បាន​ជំរុញ​យ៉ូហាន​ឲ្យ​បញ្ចូល​ការ​ថ្កោល​ទោស ចំពោះ​ឌីអូត្រេព​ដោយ​ព្រោះ​អាកប្បកិរិយា​ដែល​រក​តែ​ប្រយោជន៍​ខ្លួន​គាត់។—យ៉ូហាន​ទី​៣ ៩,១០

អាកប្បកិរិយា​ដ៏​ត្រឹម​ត្រូវ

១៧. តើ​តាម​របៀប​ណា​ដែល​ពេត្រុស ប៉ុល និង​បាណាបាស​បាន​សម្ដែង​ចិត្ត​សុភាព?

១៧ មាន​គំរូ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ ដែល​បង្ហាញ​នូវ​អាកប្បកិរិយា​ល្អ ជា​ចិត្ត​សុភាព។ ពេល​ពេត្រុស​បាន​ចូល​ក្នុង​ផ្ទះ​របស់​កូនេលាស បុរសហ្នឹង«ក្រាប​ថ្វាយ​បង្គំ​នៅ​ទៀប​ជើង​គាត់[របស់​ពេត្រុស]»។ ជា​ជាង​ទទួល​ការ​លើក​ដំកើង នោះ«ពេត្រុស​លើក​លោក​ឡើង ដោយ​ពាក្យ​ថា៖ ‹សូម​ក្រោក​ឡើង ខ្លួន​ខ្ញុំ​ជា​មនុស្ស​ដូច​គ្នា​ដែរ›»។ (កិច្ច​ការ ១០:២៥, ២៦) ពេល​ប៉ុល​និង​បាណាបាស​នៅ​ទី​ក្រុង​លីស្ដ្រា ប៉ុល​បាន​ព្យាបាល​បុរស​ម្នាក់​ដែល​ពិការ​ពី​កំណើត។ ជា​លទ្ធផល ហ្វូង​មនុស្ស​បាន​និយាយ​ថា​សាវ័ក​ទាំង​នេះ​ជា​ពួក​ព្រះ។ ក៏​ប៉ុន្តែ ប៉ុល​និង​បាណាបាស«ក៏​ហែក​អាវ​ខ្លួន រត់​ចូល​ទៅ​កណ្ដាល​ហ្វូង​មនុស្ស​ស្រែក​ឡើង​ថា៖ ‹អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ›»។ (កិច្ច​ការ ១៤:៨​-​១៥) គ្រីស្ទាន​ដ៏​រាប​ទាប​ទាំង​នេះ​មិន​ព្រម​ទទួល​សេចក្ដី​សរសើរ​ពី​មនុស្ស​លោក​ទេ។

១៨. ដោយ​មាន​ចិត្ត​សុភាព នោះ​តើ​ទេវតា​ដ៏​ខ្លាំង​មួយ​អង្គ​បាន​ប្រាប់​យ៉ូហាន​ដូច​ម្ដេច?

១៨ ពេល​សាវ័ក​យ៉ូហាន​បាន​ទទួល«សេចក្ដី ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​បើក​ឲ្យ​ឃើញ» នោះ​បាន​ត្រូវ​ផ្សាយ​តាម​រយៈ​ទេវតា​មួយ​អង្គ។ (វិវរណៈ ១:១) ដោយ​សារ​កម្លាំង​របស់​ទេវតា​មួយ​អង្គ នោះ​យើង​អាច​យល់​ពី​មូលហេតុ​យ៉ូហាន​បាន​កោត​ស្ងើច ដ្បិត​ទេវតា​មួយ​អង្គ​បាន​បំផ្លាញ​ពួក​អាសស៊ើរ​អស់​១៨៥.០០០​នាក់​ក្នុង​មួយ​យប់។ (ពង្សាវតារ​ក្សត្រ​ទី​២ ១៩:៣៥) យ៉ូហាន​រៀប​រាប់​ថា៖ «លុះ​ខ្ញុំ​ឮ ហើយ​ឃើញ នោះ​ខ្ញុំ​ក៏​ទំលាក់​ខ្លួន​រៀប​នឹង​ថ្វាយ​បង្គំ នៅ​ទៀប​ជើង​នៃ​ទេវតា ដែល​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​សេចក្ដី​ទាំង​នេះ តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា៖ ‹កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ខ្ញុំ​ក៏​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក​ដែរ ហើយ​ជា​មួយ​នឹង​ពួក​ហោរា ជា​បង​ប្អូន​អ្នក . . . ចូរ​ថ្វាយ​បង្គំ​ដល់​ព្រះ​វិញ​ចុះ›»។ (វិវរណៈ ២២:៨, ៩) តើ​ទេវតា​មួយ​អង្គ​នេះ​បាន​មាន​ចិត្ត​សុភាព​យ៉ាង​ណា​ហ្ន៎!

១៩, ២០. ប្រៀប​ធៀប​អំនួត​របស់​មេ​ទ័ព​រ៉ូម​ដែល​ជោគ​ជ័យ និង​ចិត្ត​សុភាព​របស់​ព្រះ​យេស៊ូ។

១៩ ព្រះ​យេស៊ូ​គឺ​ជា​គំរូ​ល្អ​បំផុត​ពី​អ្នក​ដែល​មាន​ចិត្ត​សុភាព។ ទ្រង់​ជា​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​ផ្ទាល់​បាន​បង្កើត​មក ហើយ​ក៏​ជា​ស្តេច​អនាគត​នៃ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ។ ពេល​ទ្រង់​សម្ដែង​អង្គ​ទ្រង់​ចំពោះ​មនុស្ស​ជា​អ្នក​ដែល​មាន​តំណែង​បែប​នេះ នោះ​ទ្រង់​មិន​បាន​ធ្វើ​ដូច​មេ​ទ័ព​រ៉ូម​ដែល​ជោគ​ជ័យ​នៅ​សម័យ​នោះ​ទេ។ មនុស្ស​បាន​រៀបចំ​ដំណើរ​ក្បួន​ធំ ជា​ក្បួន​ហែ​ឲ្យ​ពួក​គេ ហើយ​បាន​ជិះ​រទេះ​ចំបាំង​ដែល​បាន​ត្រូវ​តុបតែង​នឹង​មាស និង​ពី​ភ្លុក ដែល​ត្រូវ​អូស​ដោយ​សេះ​ស​ឬ​ក៏​សត្វ​ដំរី តោ ឬ​ក៏​សត្វ​ខ្លា។ ក្នុង​ក្បួន​ហែ​នេះ ក៏​មាន​អ្នក​លេង​ភ្លេង​ដែល​ច្រៀង​ទំនុក​ជ័យ​ជំនះ ព្រម​ទាំង​មាន​រទេះ​ពេញ​ទៅ​ដោយ​របស់​យក​ពី​សត្រូវ ហើយ​រថយន្ត​ធំ​សម្បើម​ដែល​ត្រូវ​តុបតែង​យ៉ាង​ប្រណីត​ទាំង​បង្ហាញ​ឆាក​ពី​ចំបាំង​នោះ។ ក៏​មាន​ស្តេច រាជបុត្រ​ស្តេច និង​មេ​ទ័ព ទាំង​គ្រួសារ​របស់​គេ ដែល​បាន​ដោះ​សំលៀក​បំពាក់​គេ​ដើម្បី​ធ្វើ​ឲ្យ​គេ​អាម៉ាស់​មុខ។ ព្រឹត្ដិការណ៍​ទាំង​នេះ​បង្ហាញ​យ៉ាង​ជាក់​ស្តែង​នូវ​អំនួត​និង​ភាព​ក្រអឺត​ក្រអោង។

២០ ប្រៀប​ធៀប​នេះ​នឹង​របៀប​ព្រះ​យេស៊ូ​បាន​សម្ដែង​អង្គ​ទ្រង់។ ទ្រង់​បាន​ព្រម​ចុះ​ចូល​យ៉ាង​សុភាព នឹង​ការ​សម្រេច​ទំនាយ​ពី​ទ្រង់​ដែល​ទាយ​ថា៖ «មើល ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ​ជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា»។ ទ្រង់​បាន​ជិះ​ដោយ​ចិត្ត​សុភាព​ពី​លើ​សត្វ​មួយ មិន​មែន​ក្នុង​រទេះ​ដែល​ត្រូវ​អូស​ដោយ​ដំណើរ​ក្បួន​ដ៏​អស្ចារ្យ​នៃ​សត្វ។ (សាការី ៩:៩; ម៉ាថាយ ២១:៤, ៥) តើ​មនុស្ស​រាប​ទាប​គឺ​សប្បាយ​ចិត្ត​យ៉ាង​ណា​ទៅ​ហ្ន៎ ដើម្បី​មាន​ស្តេច​ដែល​តែង​តាំង​ដោយ​ព្រះ​យេហូវ៉ា គឺ​ព្រះ​យេស៊ូ ជា​អ្នក​គ្រប់​គ្រង​ក្នុង​ពិភព​លោក​ថ្មី​លើ​ផែនដី​ទាំង​មូល ជា​មួយ​អង្គ​ដែល​ពិត​ជា​សុភាព រាប​ទាប ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ មាន​សេចក្ដី​ក្ដួល​អាណិត ហើយ​ចិត្ត​មេត្ដា​ផង​ដែរ​នោះ!—អេសាយ ៩:៦, ៧; ភីលីព ២:៥​-​៨

២១. តើ​ចិត្ត​សុភាព​នោះ មិន​សម្គាល់​អ្វី?

២១ ហេតុ​ការណ៍​ដែល​ថា ព្រះ​យេស៊ូ ពេត្រុស ប៉ុល ហើយ​បុរស​ស្ត្រី​ផ្សេង​ទៀត​ដែល​មាន​ជំនឿ​នៅ​សម័យ​ព្រះ​គម្ពីរ​ក៏​មាន​ចិត្ត​សុភាព​ដែរ នោះ​បាន​កំចាត់​ចោល​នូវ​គំនិត​ដែល​ថា​ភាព​រាប​ទាប​គឺ​ជា​ភាព​ខ្សោយ។ ផ្ទុយ​ទៅ​វិញ ភាព​រាប​ទាប​បង្ហាញ​នូវ​កម្លាំង​នៃ​បុគ្គលិក​លក្ខណៈ ដ្បិត​អ្នក​ទាំង​នោះ​គឺ​ក្លាហាន​និង​ឧស្សាហ៍។ ដោយ​មាន​កម្លាំង​ខាង​គំនិត​និង​ការ​កាន់​តាម​យ៉ាងខ្លាំង​នូវ​គោល​ការណ៍​សីលធម៌ នោះ​គេ​បាន​ស៊ូ​ទ្រាំ​ការ​ល្បង​ល​ដ៏​ខ្លាំង។ (ហេព្រើរ ជំពូក​១១) ហើយ​សព្វ​ថ្ងៃ​នេះ ពេល​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​មាន​ចិត្ត​សុភាព នោះ​គេ​ក៏​មាន​កម្លាំង​ស្រដៀង​គ្នា​នឹង​នេះ ពី​ព្រោះ​ព្រះ​គាំទ្រ​អ្នក​រាប​ទាប​ដោយ​វិញ្ញាណ​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់។ ហេតុ​នេះ​ហើយ យើង​បាន​ត្រូវ​ជំរុញ​ថា៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា​មាន​ចិត្ត​សុភាព ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ព្រះ​ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួតអាង តែ​ផ្ដល់​ព្រះ​គុណ​ដល់​ពួក​រាប​សា​វិញ ដូច្នេះ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់»។—ពេត្រុស​ទី​១ ៥:៥, ៦; កូរិនថូស​ទី​២ ៤:៧

២២. តើ​អ្វី​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២២ ចិត្ត​សុភាព​ក៏​មាន​លក្ខណៈ​ដ៏​វិជ្ជមាន​មួយ​ទៀត ដែល​អ្នក​បំរើ​របស់​ព្រះ​ត្រូវ​តែ​អនុវត្ត។ នោះ​ជា​លក្ខណៈ​មួយ​ដែល​ជួយ​ច្រើន​ក្នុង​ការ​ស្អាង​សេចក្ដី​ស្រឡាញ់​និង​ចំណង់​ជួយ​គ្នា​ក្នុង​ក្រុម​ជំនុំ។ ពិត​មែន នេះ​ជា​គ្រឿង​ផ្សំ​ដ៏​ចាំ​បាច់​នៃ​ចិត្ត​សុភាព។ នេះ​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

ដើម្បី​រៀន​សា​ឡើង​វិញ

◻ ពិពណ៌នា​ពី​អាកប្បកិរិយា​ជា​ទូទៅ​របស់​លោកីយ៍​នេះ

◻ តើ​តាម​របៀប​ណា​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​គាប់​ព្រះ​ហឫទ័យ​នឹង​អ្នក​ដែល​មាន​ចិត្ត​សុភាព?

◻ ហេតុ​អ្វី​បាន​ជា​ចិត្ត​សុភាព​នោះ ជា​អ្វី​ដែល​ត្រូវ​រៀន?

◻ តើ​អ្វី​ជា​គំរូ​ខ្លះ​ៗ​ក្នុង​ព្រះ​គម្ពីរ ពី​អ្នក​ដែល​បាន​បង្ហាញ​ចិត្ត​សុភាព?

[រូប​ភាព​នៅ​ទំព័រ​១៣]

ទេវតា​មួយ​អង្គ​នោះ​បាន​ប្រាប់​យ៉ូហាន​ថា៖ «កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ​ខ្ញុំ​ក៏​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក​ដែរ»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក