បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៧ ទំ. ៨-១២
  • កូនរបស់យើងជាមត៌កដ៏វិសេសវិសាល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កូនរបស់យើងជាមត៌កដ៏វិសេសវិសាល
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជា​មត៌ក​និង​ជា​រង្វាន់​ផង
  • ចូរ​រៀន​ពី​គំរូ​របស់​ព្រះ​យេស៊ូ
  • ព្រះទ័យ​អត់ធ្មត់​និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ
  • តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន?
  • អ្វី​ដែល​មាតា​បិតា​ត្រូវ​បង្រៀន​កូន ហើយ​របៀប​ដែល​គាត់​អាច​ធ្វើ​ដូច្នេះ​បាន
  • មាតាបិតាទាំងឡាយអើយ! ចូរបង្ហាត់បង្រៀនកូនដោយសេចក្ដីស្រឡាញ់ចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • វិធីបង្រៀនកូនក្មេងអំពីព្រះ តើអ្វីជាវិធីដែលមានប្រសិទ្ធភាពបំផុត?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • អប់រំបុត្រធីតារបស់អ្នកតាំងពីនៅជាទារក
    គន្លឹះនៃសុភមង្គលគ្រួសារ
  • ឪពុកម្ដាយ ចូរជួយកូនរបស់អ្នកឲ្យស្រឡាញ់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៧ ទំ. ៨-១២

កូន​របស់​យើង​ជា​មត៌ក​ដ៏​វិសេស​វិសាល

​«មើល! កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា ហើយ​ផល​កើត​ពី​ផ្ទៃ ក៏​ជា​រង្វាន់​ដែល​ទ្រង់​ប្រទាន​ដែរ»។ —ទំនុកដំកើង ១២៧:៣

១​. តើ​ទារក​ទី​មួយ​បាន​ចាប់​កំណើត​តាម​របៀប​ណា?

សូម​គិត​អំពី​អព្ភូតហេតុ​ដែល​អាច​កើត​មាន​ឡើង​បាន ដោយសារ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​បុរស​និង​ស្ត្រី​ដំបូង​នោះ។ ការ​រួម​រស់​ជា​មួយ​នឹង​គ្នា​រវាង​អ័ដាម​ដែល​ជា​បិតា​និង​អេវ៉ា​ដែល​ជា​មាតា បាន​បង្កើត​កូន​ដែល​ជា​ចំណែក​រួម​ផ្សំ​របស់​អ្នក​ទាំង​ពីរ ហើយ​បាន​លូត​លាស់​ក្នុង​ផ្ទៃ​អេវ៉ា​ទាល់តែ​ក្លាយ​ជា​បុគ្គល​ថ្មី​មួយ​រូប គឺ​ទារក​ទី​មួយ។ (លោកុប្បត្តិ ៤:១) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ការ​ចាប់​មាន​ផ្ទៃពោះ​និង​ការ​សំរាល​កូន​ជា​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ដែល​យើង​រក​យល់​ពុំ​បាន ហើយ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ជា​អព្ភូតហេតុ។

២​. ហេតុ​អ្វី​ក៏​យើង​អាច​ពណ៌នា​អំពី​អ្វី​ដែល​កើត​ឡើង​ក្នុង​ស្បូន​ស្ត្រី​ដែល​មាន​គភ៌ ថា​នោះ​ជា​អព្ភូតហេតុ?

២ ការ​រួម​រស់​ជា​មួយ​គ្នា​រវាង​មាតា​និង​បិតា​អាច​បង្កើត​បាន​ស៊ុត​បង្ក​កំណើត​មួយ​ក្នុង​ផ្ទៃ​មាតា ដែល​ក្នុង​តែ​ប្រមាណ​២៧០​ថ្ងៃ​នឹង​លូត​លាស់​ទៅ​ជា​ទារក​មួយ​ដែល​ជា​ការ​បន្សំ​នៃ​រាប់​សិប​កោដិ​កោសិកា។ ស៊ុត​បង្ក​កំណើត​នេះ​ក៏​ផ្ទុក​ពត៌​មាន​ទាំង​អស់​ដែល​ចាំបាច់​ដើម្បី​បង្កើត​ឲ្យ​មាន​កោសិកា​ជាង​២០០​ប្រភេទ។ កោសិកា​ដ៏​ស្មុគស្មាញ​ច្រើន​ពន់ពេក​នោះ​ក៏​ធ្វើ​តាម​ពត៌​មាន​អស្ចារ្យ​នេះ​ដែល​មនុស្ស​រក​យល់​ពុំ​បាន ហើយ​លូត​លាស់​តាម​លំដាប់​ត្រឹម​ត្រូវ​ឥតខ្ចោះ និង​តាម​របៀប​ត្រឹម​ត្រូវ​ឥតខ្ចោះ​ដែរ ដើម្បី​អាច​បង្ក​បង្កើត​បាន​មនុស្ស​ថ្មី​មួយ​រូប!

៣​. ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​ដែល​ចេះ​វែកញែក​ហេតុ​ផល​យល់​ស្រប​ថា អ្នក​បង្កើត​ដ៏​ឧត្តម​បាន​រៀបចំ​ឲ្យ​មនុស្ស​មាន​សមត្ថភាព​បង្កើត​កូន​បាន?

៣ ដូច្នេះ តាម​ទស្សនៈ​របស់​អ្នក តើ​អ្នក​ណា​ពិត​ជា​អ្នក​បង្កើត​ទារក​នោះ? គឺ​ប្រាកដ​ជា​អ្នក​ដែល​បាន​បង្កើត​ជីវិត​ពីដើម​ដំបូង​មក។ អ្នក​តែង​បទ​ទំនុក​ក្នុង​ព្រះ​គម្ពីរ​បាន​ច្រៀង​ថា​៖ «ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ។ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ»។ (ទំនុកដំកើង ១០០:៣) មាតា​បិតា​ទាំង​ឡាយ​ដឹង​ប្រាកដ​ថា ការ​បង្កើត​ទារក​ដែល​គួរ​ឲ្យ​ស្រឡាញ់​នោះ មិន​មែន​កើត​ឡើង​ដោយសារ​មាតា​បិតា​ជា​មនុស្ស​ឆ្លាត​វាងវៃ​ទេ។ មាន​តែ​ព្រះ​មួយ​អង្គ​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា​អាច​ធ្វើ​អព្ភូតហេតុ​បង្កើត​បុគ្គល​ថ្មី​មួយ​រូប​បាន។ អស់​រាប់​ពាន់​ឆ្នាំ​ហើយ មនុស្ស​ដែល​ចេះ​វែកញែក​ហេតុ​ផល​បាន​ទទួល​ស្គាល់​អ្នក​បង្កើត​ដ៏​ឧត្តម​ជា​អ្នក​រៀបចំ​ឲ្យ​ទារក​ធំ​ឡើង​ក្នុង​ផ្ទៃ​មាតា។ តើ​អ្នក​ទទួល​ស្គាល់​ថា មាន​អ្នក​បង្កើត​ដ៏​ឧត្តម​បាន​រៀបចំ​ឲ្យ​មាតា​សំរាល​កូន​ឬ​ទេ?—ទំនុកដំកើង ១៣៩:១៣​-​១៦

៤​. តើ​ព្រះ​យេហូវ៉ា​មិន​មាន​លក្ខណៈ​អ្វី ដែល​ជា​លក្ខណៈ​នៃ​មនុស្ស​ជាតិ?

៤ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​ដែល​គ្រាន់​តែ​បាន​រៀបចំ​វិធី​ឲ្យ​មនុស្ស​ប្រុស​ស្រី​បន្ត​ពូជ​ប៉ុណ្ណោះ តែ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​ឬ​ទេ? មនុស្ស​ខ្លះ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​មែន តែ​ព្រះ​យេហូវ៉ា​មិន​ដូច​នោះ​ទេ។ (ទំនុកដំកើង ៧៨:៣៨​-​៤០) នៅ​ទំនុកដំកើង ១២៧:៣ ព្រះ​គម្ពីរ​ចែង​ថា​៖ «មើល! កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា ហើយ​ផល​កើត​ពី​ផ្ទៃ ក៏​ជា​រង្វាន់​ដែល​ទ្រង់​ប្រទាន​ដែរ»។ ឥឡូវ សូម​យើង​ពិចារណា​នូវ​អត្ថន័យ​ពាក្យ​មត៌ក និង​ពិនិត្យ​មើល​ថា តើ​ការ​ប្រទាន​ឲ្យ​មត៌ក​មួយ​មាន​ន័យ​អ្វី?

ជា​មត៌ក​និង​ជា​រង្វាន់​ផង

៥​. តើ​កូន​ជា​មត៌ក​ក្នុង​ន័យ​អ្វី?

៥ មត៌ក​គឺ​ប្រៀប​ដូច​ជា​អំណោយ​មួយ។ ធម្មតា មាតា​បិតា​ធ្វើ​ការ​នឿយ​ហត់​យ៉ាង​យូរ​ដើម្បី​អាច​បន្សល់​ទុក​មត៌ក​សំរាប់​កូន។ មត៌ក​អាច​ជា​លុយ ដីធ្លី ឬ​ទ្រព្យ​ដ៏​វិសេស​វិសាល​ណា​មួយ។ យ៉ាង​ណា​ក៏​ដោយ ការ​ឲ្យ​មត៌ក​ជា​ការ​ដែល​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​របស់​មាតា​បិតា។ ព្រះ​គម្ពីរ​ចែង​ថា ព្រះ​បាន​ប្រទាន​មត៌ក​ដល់​មាតា​បិតា​ទាំង​ឡាយ​ដែរ ពោល​គឺ​ជា​កូន។ កូន​ជា​អំណោយ​ដែល​ព្រះ​ប្រទាន​ដោយសារ​សេចក្ដី​ស្រឡាញ់។ បើ​អ្នក​ជា​មាតា​ឬ​បិតា​មួយ​រូប តើ​អ្នក​គិត​ថា​របៀប​ដែល​អ្នក​ប្រព្រឹត្ត​លើ​កូន​កំពុង​តែ​បង្ហាញ​ពី​ទស្សនៈ​ថា កូនៗ​ជា​អំណោយ​ដែល​ព្រះ​ជា​អ្នក​បង្កើត​សកលលោក​បាន​ផ្ញើ​ទុក​នឹង​អ្នក​ដោយ​អង្គ​ទ្រង់​ផ្ទាល់​ឬ​ទេ?

៦​. តើ​ព្រះ​យេហូវ៉ា​មាន​បំណង​អ្វី ដោយ​ធ្វើ​ឲ្យ​មនុស្ស​មាន​សមត្ថភាព​បង្កើត​កូន?

៦ បំណង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ផ្ញើ​ទុក​កូន​ជា​អំណោយ​នោះ គឺ​ដើម្បី​ឲ្យ​ផែនដី​ពេញ​ទៅ​ដោយ​កូន​ចៅ​របស់​អ័ដាម​និង​អេវ៉ា។ (លោកុប្បត្តិ ១:២៧, ២៨; អេសាយ ៤៥:១៨) ព្រះ​យេហូវ៉ា​មិន​បាន​បង្កើត​មនុស្ស​ម្នាក់ៗ​ផ្ទាល់ ដូច​ទ្រង់​បាន​បង្កើត​ទេវតា​រាប់​សិប​លាន​រូប​នោះ​ទេ។ (ទំនុកដំកើង ១០៤:៤; វិវរណៈ ៤:១១) ផ្ទុយ​ទៅ​វិញ ព្រះ​សព្វ​ព្រះ​ហឫទ័យ​បង្កើត​មនុស្ស​ឲ្យ​មាន​សមត្ថភាព​បង្កើត​កូន​ខ្លួន​ឯង ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​មាតា​បិតា។ យ៉ាង​នេះ មាតា​បិតា​មាន​ឯក​សិទ្ធិ​អស្ចារ្យ​មែន ក្នុង​ការ​បង្កើត​និង​ថែរក្សា​មនុស្ស​ថ្មី​ដូច​នេះ! ក្នុង​នាម​ជា​មាតា​បិតា តើ​អ្នក​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយសារ​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​មាន​លទ្ធភាព​ទទួល​មត៌ក​ដ៏​វិសេស​វិសាល​បែប​នេះ​ឬ​ទេ?

ចូរ​រៀន​ពី​គំរូ​របស់​ព្រះ​យេស៊ូ

៧​. ខុស​ស្រឡះ​ពី​អ្វី​ដែល​មាតា​បិតា​ខ្លះ​ធ្វើ​នោះ តើ​ព្រះ​យេស៊ូ​បង្ហាញ​ព្រះទ័យ​ទុក​ដាក់​និង​មេត្ដា​ចំពោះ​«មនុស្ស​លោក»​បាន​យ៉ាង​ណា?

៧ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​មាតា​បិតា​ខ្លះ​មិន​ចាត់​ទុក​កូន​ជា​រង្វាន់​ទេ។ មនុស្ស​ជា​ច្រើន​មិន​បង្ហាញ​ចិត្ត​មេត្ដា​ចំពោះ​កូន​ទេ។ មាតា​បិតា​បែប​នេះ​មិន​បង្ហាញ​នូវ​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ទេ។ (ទំនុកដំកើង ២៧:១០; អេសាយ ៤៩:១៥) ផ្ទុយ​ទៅ​វិញ សូម​ពិចារណា​នូវ​របៀប​ដែល​ព្រះ​យេស៊ូ​បាន​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​កូន​ក្មេង។ សូម្បី​តែ​ពេល​ដែល​ព្រះ​យេស៊ូ​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​នៅ​ស្ថានសួគ៌ មុន​ពេល​ដែល​ទ្រង់​បាន​យាង​មក​ផែនដី​ជា​មនុស្ស ព្រះ​គម្ពីរ​រៀប​រាប់​ថា​ទ្រង់​មាន​ព្រះទ័យ‹រីករាយ​ចំពោះ​មនុស្ស​លោក›។ (សុភាសិត ៨:៣១) ព្រះ​យេស៊ូ​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ថ្វាយ​ព្រះ​ជន្ម​ទ្រង់​ជា​តម្លៃ​លោះ ដើម្បី​ឲ្យ​យើង​ទទួល​ជីវិត​ជា​រៀង​រហូត។—ម៉ាថាយ ២០:២៨; យ៉ូហាន ១០:១៨

៨​. តើ​ព្រះ​យេស៊ូ​តាំង​គំរូ​ល្អ​អ្វី​សំរាប់​មាតា​បិតា​ទាំង​ឡាយ?

៨ កាល​ដែល​ព្រះ​យេស៊ូ​រស់​នៅ​លើ​ផែនដី ទ្រង់​បាន​តាំង​គំរូ​ល្អ ជា​ពិសេស​សំរាប់​មាតា​បិតា​ទាំង​ឡាយ។ សូម​ពិចារណា​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ។ ព្រះ​យេស៊ូ​បាន​ចំណាយ​ពេល​ជា​មួយ​កូន​ក្មេង សូម្បី​តែ​ពេល​ដែល​ទ្រង់​រវល់​ឬ​តានតឹង​ព្រះទ័យ​ក៏​ដោយ។ ព្រះ​យេស៊ូ​បាន​មើល​កូន​ក្មេង​ប្រលែង​លេង​ជា​មួយ​គ្នា​នៅ​ទី​ផ្សារ ហើយ​បាន​សំដៅ​ទៅ​លើ​លក្ខណៈ​របស់​ពួក​គេ​ពេល​បង្រៀន​មនុស្ស។ (ម៉ាថាយ ១១:១៦, ១៧) លើក​ចុង​ក្រោយ​ដែល​ព្រះ​យេស៊ូ​បាន​យាង​ទៅ​ទី​ក្រុង​យេរូសាឡិម​នោះ ទ្រង់​ជ្រាប​ថា​ទ្រង់​ត្រូវ​រង​ទុក្ខ​ហើយ​ត្រូវ​គេ​ធ្វើ​គុត​ផង។ ដូច្នេះ ពេល​ដែល​មនុស្ស​បាន​នាំ​ក្មេងៗ​មក​ជួប​ទ្រង់ សិស្ស​របស់​ព្រះ​យេស៊ូ​ខំ​ដេញ​ក្មេងៗ​ទាំង​នោះ​ចេញ ប្រហែល​ជា​ក្នុង​បំណង​ការពារ​ព្រះ​យេស៊ូ​កុំ​ឲ្យ​មាន​អ្វី​នាំ​ឲ្យ​ទ្រង់​តានតឹង​ថែម​ទៀត។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ស្តី​បន្ទោស​សិស្ស​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ‹ព្រះទ័យ​រីករាយ›ចំពោះ​ក្មេង​តូចៗ​ដោយ​មាន​បន្ទូល​ថា​៖ «ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ! កុំ​ឃាត់​វា​ឡើយ»។—ម៉ាកុស ១០:១៣, ១៤

៩​. អ្វី​ដែល​យើង​ធ្វើ​ប្រហែល​ជា​សំខាន់​ជាង​អ្វី​ដែល​យើង​និយាយ។ ហេតុ​អ្វី?

៩ យើង​អាច​រៀន​ពី​គំរូ​របស់​ព្រះ​យេស៊ូ​ដែរ។ ពេល​កូន​ក្មេង​មក​ឯ​យើង សូម្បី​តែ​ពេល​ដែល​យើង​រវល់​ក៏​ដោយ តើ​យើង​ប្រព្រឹត្ត​យ៉ាង​ណា? តើ​យើង​ប្រព្រឹត្ត​ដូច​ព្រះ​យេស៊ូ​ឬ​ទេ? អ្វី​ដែល​កូន​ត្រូវ​ការ ជា​ពិសេស​ពី​មាតា​បិតា គឺ​ជា​អ្វី​ដែល​ព្រះ​យេស៊ូ​សព្វ​ព្រះ​ហឫទ័យ​ប្រទាន​ដល់​ពួក​គេ ពោល​គឺ ទ្រង់​យក​ចិត្ត​ទុក​ដាក់​និង​ចំណាយ​ពេល​ជា​មួយ​ពួក​គេ។ ពិត​ណាស់ ការ​និយាយ​ថា​៖ «ប៉ា​ឬ​ម៉ាក់​ស្រឡាញ់​កូន» គឺ​សំខាន់​ណាស់! ប៉ុន្តែ ការ​ប្រព្រឹត្ត​របស់​មាតា​បិតា​គឺ​សំខាន់​ជាង​ពាក្យ​សំដី​ទៅ​ទៀត។ សេចក្ដី​ស្រឡាញ់​របស់​អ្នក​ត្រូវ​ស​ឲ្យ​ឃើញ​ជាក់​ស្តែង​ជាង​ដោយសារ​អ្វី​ដែល​អ្នក​ធ្វើ មិន​គ្រាន់​តែ​ដោយ​អ្វី​ដែល​អ្នក​និយាយ​ប៉ុណ្ណោះ​ទេ។ សេចក្ដី​ស្រឡាញ់​ក៏​សម្ដែង​មក​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន ព្រម​ទាំង​ចំណាយ​ពេល​និង​ថែរក្សា​ពួក​គេ​ផង។ ក៏​ប៉ុន្តែ ទោះ​បើ​អ្នក​ធ្វើ​អ្វីៗ​ទាំង​អស់​នេះ​ក៏​ដោយ គឺ​ប្រហែល​ជា​នៅ​តែ​មិន​ឃើញ​លទ្ធផល ឬ​ប្រហែល​ជា​មិន​ឃើញ​ផល​នោះ​ភ្លាមៗ​ទេ។ នេះ​តម្រូវ​ឲ្យ​មាតា​បិតា​មាន​ចិត្ត​អត់ធ្មត់។ យើង​អាច​រៀន​ឲ្យ​ចេះ​អត់ធ្មត់​បាន បើ​យើង​យក​តម្រាប់​តាម​របៀប​ដែល​ព្រះ​យេស៊ូ​ប្រព្រឹត្ត​លើ​សិស្ស​របស់​ទ្រង់។

ព្រះទ័យ​អត់ធ្មត់​និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ

១០​. តើ​ព្រះ​យេស៊ូ​បង្រៀន​សិស្ស​ទ្រង់​យ៉ាង​ណា អំពី​ការ​បង្ហាញ​ចិត្ត​រាប​ទាប? តើ​មាន​លទ្ធផល​ល្អ​ភ្លាមៗ​ឬ​ទេ?

១០ ព្រះ​យេស៊ូ​ជ្រាប​ថា សិស្ស​របស់​ទ្រង់​បាន​ប្រកួត​ប្រជែង​គ្នា​ជា​ញឹកញាប់​អំពី​អ្នក​ណា​គួរ​មាន​ឋានៈ​ធំ​ជាង។ ថ្ងៃ​ណា​មួយ​ក្រោយ​ព្រះ​យេស៊ូ​បាន​ទៅ​ដល់​ទី​ក្រុង​កាពើណិម​ជា​មួយ​នឹង​សិស្ស​របស់​ទ្រង់ ទ្រង់​បាន​សួរ​ពួក​គាត់​ថា​៖ «‹តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ?›។ តែ​គេ​នៅ​តែ​ស្ងៀម ពីព្រោះ​តាម​ផ្លូវ​គេ​បាន​ជជែក​គ្នា អំពី​អ្នក​ណា​ដែល​ធំ​ជាង»។ ជាជាង​ស្តី​ប្រដៅ​ពួក​សិស្ស​ដោយ​ពាក្យ​កាច​នោះ ព្រះ​យេស៊ូ​បាន​លើក​គំរូ​មួយ​ឲ្យ​ពួក​គាត់ ដោយ​មាន​បំណង​ចង់​បង្រៀន​ឲ្យ​ពួក​គាត់​ឲ្យ​ចេះ​បង្ហាញ​ចិត្ត​រាប​ទាប។ (ម៉ាកុស ៩:៣៣​-​៣៧) តើ​គំរូ​របស់​ទ្រង់​នាំ​ឲ្យ​មាន​លទ្ធផល​តាម​ដែល​ដូច​ទ្រង់​សង្ឃឹម​ឬ​ទេ? មិន​មាន​ភ្លាមៗ​ទេ។ ប្រមាណ​ប្រាំ​មួយ​ខែ​ក្រោយ​មក យ៉ាកុប​និង​យ៉ូហាន​បាន​ជំរុញ​មាតា​ខ្លួន​ឲ្យ​សូម​ព្រះ​យេស៊ូ​ប្រគល់​ឋានៈ​ខ្ពស់​ដល់​គាត់​ទាំង​ពីរ​នាក់​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ ម្ដង​នោះ​ទៀត ព្រះ​យេស៊ូ​បាន​បង្ហាញ​ព្រះទ័យ​អត់ធ្មត់​ក្នុង​ការ​កែ​ប្រែ​របៀប​គិតគូរ​របស់​ពួក​គាត់។—ម៉ាថាយ ២០:២០​-​២៨

១១​. (ក) ពេល​ចូល​ទៅ​ក្នុង​បន្ទប់​ខាង​លើ​ជា​មួយ​នឹង​ព្រះ​យេស៊ូ តើ​សាវ័ក​របស់​ទ្រង់​មិន​បំពេញ​តាម​ទំលាប់​អ្វី? (ខ) តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី? ហើយ​តើ​ការ​ព្យាយាម​ទុក​គំរូ​នោះ​មាន​លទ្ធផល​ល្អ​ភ្លាមៗ​ឬ​ទេ?

១១ មិន​យូរ​ក្រោយ​មក ពេល​ធ្វើ​បុណ្យ​រំលង​នា​ឆ្នាំ​៣៣ គ.ស.​បាន​មក​ដល់ ហើយ​ព្រះ​យេស៊ូ​ក៏​បាន​ជួប​ជា​មួយ​នឹង​សាវ័ក​របស់​ទ្រង់​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​បុណ្យ​នោះ។ ពេល​ចូល​ទៅ​ក្នុង​បន្ទប់​ខាង​លើ​នោះ គ្មាន​នរណា​សោះ​ពី​ចំណោម​សាវ័ក​១២​នាក់​បាន​សុខ​ចិត្ត​ធ្វើ​តាម​ទម្លាប់​លាង​ជើង​របស់​អ្នក​ដទៃ​ដែល​ប្រឡាក់​ដី។ ធម្មតា​នេះ​ជា​កិច្ចការ​អន់​បំផុត​របស់​បាវ​បំរើ​ឬ​ស្ត្រី​ក្នុង​ផ្ទះ​នោះ។ (សាំយូអែលទី១ ២៥:៤១; ធីម៉ូថេទី១ ៥:១០) ព្រះ​យេស៊ូ​ច្បាស់​ជា​មាន​ព្រះទ័យ​ព្រួយ​ណាស់​ដោយ​ឃើញ​ថា សិស្ស​របស់​ទ្រង់​នៅ​តែ​មាន​មហិច្ឆតា​ចង់​បាន​ឋានៈ​ធំ! ដូច្នេះ ព្រះ​យេស៊ូ​បាន​លាង​ជើង​ពួក​គាត់ ហើយ​បាន​អំពាវនាវ​សូម​ឲ្យ​ពួក​គាត់​យក​តម្រាប់​តាម​គំរូ​របស់​ទ្រង់​ក្នុង​ការ​បំរើ​អ្នក​ដទៃ។ (យ៉ូហាន ១៣:៤​-​១៧) តើ​ពួក​គាត់​ធ្វើ​តាម​សំណូម​ពរ​របស់​ទ្រង់​ឬ​ទេ? ព្រះ​គម្ពីរ​រៀប​រាប់​ថា នៅ​រាត្រី​នោះ​ឯង «គេ​ក៏​កើត​មាន​សេចក្ដី​ទាស់ទែង​គ្នា អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ»។—លូកា ២២:២៤

១២​. ក្នុង​ការ​ខិតខំ​បង្ហាត់​បង្រៀន​កូន តើ​មាតា​បិតា​ទាំង​ឡាយ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​បាន​យ៉ាង​ណា?

១២ បើ​កូន​មិន​ព្រម​ធ្វើ​តាម​ឱវាទ​ដែល​អ្នក​ជា​មាតា​ឬ​បិតា​ឲ្យ​គេ​នោះ តើ​អ្នក​មាន​អារម្មណ៍​ដូច​ព្រះ​យេស៊ូ​ប្រហែល​ជា​ធ្លាប់​មាន​នោះ​ទេ? ប៉ុន្តែ​សូម​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​មិន​បាន​រសាយ​ការ​ព្យាយាម​ជួយ​សាវ័ក​របស់​ទ្រង់​ទេ ទោះ​ជា​ពួក​គាត់​មិន​កែ​ប្រែ​កំហុស​ភ្លាមៗ​ក៏​ដោយ។ នៅ​ទីបំផុត ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេស៊ូ​បាន​បង្កើត​ផល​ល្អ​មែន។ (យ៉ូហានទី១ ៣:១៤, ១៨) មាតា​បិតា​ទាំង​ឡាយ​អើយ! យក​ល្អ​អ្នក​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​អត់ធ្មត់ ដោយ​មិន​រសាយ​ការ​ព្យាយាម​ទាល់តែ​សោះ ពេល​ខិតខំ​បង្ហាត់​បង្រៀន​កូន។

១៣​. ពេល​ដែល​កូន​មាន​សំនួរ ហេតុ​អ្វី​បាន​ជា​មាតា​បិតា​ត្រូវ​ចៀស​វាង​ការ​ដេញ​កូន​ចេញ​ដោយ​និយាយ​កំបុតៗ?

១៣ កូនៗ​ត្រូវ​មាន​អារម្មណ៍​ថា មាតា​បិតា​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន។ ព្រះ​យេស៊ូ​មាន​ព្រះទ័យ​ចង់​ដឹង​ថា តើ​សិស្ស​របស់​ទ្រង់​មាន​ទស្សនៈ​អ្វី? ដូច្នេះ ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ពេល​ដែល​ពួក​គាត់​មាន​សំនួរ។ ព្រះ​យេស៊ូ​បាន​សួរ​ពួក​គាត់​ដែរ ថា​តើ​គាត់​គិត​យ៉ាង​ណា​អំពី​រឿង​ផ្សេងៗ? (ម៉ាថាយ ១៧:២៥​-​២៧) ពិត​មែន​ហើយ ការ​បង្ហាត់​បង្រៀន​ដែល​មាន​ប្រសិទ្ធ​ភាព​ត្រូវ​រួម​បញ្ចូល​ការ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ការ​បង្ហាញ​ចំណាប់​អារម្មណ៍​ដ៏​ស្មោះ។ ដូច្នេះ មាតា​បិតា​ត្រូវ​តែ​ចេះ​ទប់​មាត់​កុំ​ដេញ​កូន​ចេញ​ដោយ​និយាយ​កំបុតៗ​ថា​៖ «ចេញ​ពី​អញ​ទៅ! ឃើញ​អញ​រវល់​អ៊្ហៃ?»។ បើ​មាតា​ឬ​បិតា​ពិត​ជា​រវល់​មែន ចូរ​ប្រាប់​កូន​ថា​អ្នក​នឹង​និយាយ​ជា​មួយ​កូន​នៅ​ពេល​ក្រោយ។ ក្រោយ​មក មាតា​បិតា​ត្រូវ​តែ​ឆ្លៀត​ពេល​ដើម្បី​ពិគ្រោះ​ជា​មួយ​នឹង​កូន​ជា​មិន​ខាន។ យ៉ាង​នេះ កូន​នឹង​យល់​ថា​មាតា​បិតា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន ហើយ​កូន​ក៏​នឹង​ទុក​ចិត្ត​លើ​មាតា​បិតា​ច្រើន​ជាង​ដែរ។

១៤​. តើ​មាតា​បិតា​អាច​រៀន​អ្វី​ខ្លះ​ពី​ព្រះ​យេស៊ូ ស្តី​អំពី​ការ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ដ៏​កក់ក្ដៅ​ចំពោះ​កូន?

១៤ តើ​សមរម្យ​ទេ ឲ្យ​មាតា​បិតា​បង្ហាញ​ភាព​ស្និទ្ធស្នាល​យ៉ាង​កក់ក្ដៅ​ដោយ​ឱប​កូន? ម្ដង​នេះ​ទៀត មាតា​បិតា​អាច​រៀន​ពី​ព្រះ​យេស៊ូ។ ព្រះ​គម្ពីរ​ចែង​ថា ព្រះ​យេស៊ូ​បាន​«ឱប[កូន​ក្មេង]រាល់​គ្នា ហើយ​ដាក់​ព្រះ​ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង»។ (ម៉ាកុស ១០:១៦) តើ​អ្នក​គិត​ថា​ក្មេងៗ​ទាំង​នោះ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​នោះ? ចិត្ត​ពួក​គេ​ច្បាស់​ជា​ពេញ​ទៅ​ដោយ​អារម្មណ៍​កក់ក្ដៅ​ហើយ​ស្និទ្ធស្នាល​ចំពោះ​ព្រះ​យេស៊ូ​មែន! បើ​មាន​ភាព​ស្និទ្ធស្នាល​ដ៏​កក់ក្ដៅ​រវាង​មាតា​បិតា​និង​កូន នោះ​កូន​នឹង​ធ្វើ​តាម​ការ​ប្រៀនប្រដៅ​និង​ការ​បង្រៀន​របស់​អ្នក​យ៉ាង​ឆាប់។

តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន?

១៥, ១៦​. តើ​លោកីយ៍​នេះ​បាន​លើក​ផ្សាយ​មតិ​អ្វី ស្តី​អំពី​ការ​ចិញ្ចឹម​កូន? តើ​អ្វី​ទៅ​ទំនង​ជា​បាន​ញុះញង់​ឲ្យ​មាន​មតិ​បែប​នេះ?

១៥ មនុស្ស​ខ្លះ​សង្ស័យ​ថា ប្រហែល​ជា​កូន​មិន​ត្រូវ​ការ​មាតា​បិតា​ចំណាយ​ពេល​ច្រើន​ឬ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ប៉ុន្មាន​ចំពោះ​កូន​ទេ។ លោកីយ៍​នេះ​បាន​ផ្សាយ​យ៉ាង​ប៉ិនប្រសប់​ហើយ​ជា​ទូទៅ​ផង នូវ​មតិ​មួយ​ស្តី​អំពី​ការ​ចិញ្ចឹម​កូន ថា​ត្រូវ​ចំណាយ​ពេល​ដែល​មាន​តម្លៃ​ជា​មួយ​កូន។ យោង​ទៅ​តាម​អ្នក​ដែល​ផ្សាយ​មតិ​នេះ កូន​មិន​ត្រូវ​ការ​មាតា​បិតា​ចំណាយ​ពេល​ច្រើន​ជា​មួយ​កូន​ទេ ឲ្យ​តែ​ពេល​ដែល​ចំណាយ​ជា​មួយ​គ្នា​មាន​ប្រយោជន៍ ឬ​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ ហើយ​ក៏​បាន​គ្រោង​ទុក​ជា​មុន។ ប៉ុន្តែ តើ​មតិ​នេះ​ស្តី​អំពី​ពេល​ដែល​មាន​តម្លៃ ជា​មតិ​ល្អ​ឬ​ទេ? តើ​មតិ​នេះ​បាន​បង្កើត​មក​ដោយ​គិត​ពី​ប្រយោជន៍​ដល់​កូន​ឬ​ទេ?

១៦ អ្នក​និពន្ធ​ម្នាក់​ដែល​បាន​ពិគ្រោះ​ជា​មួយ​ក្មេងៗ​ជា​ច្រើន បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​គេ​«ចង់​បាន​ជា​ចំ​បង​ពី​មាតា​បិតា គឺ​ឲ្យ​គាត់​ចំណាយ​ពេល​ច្រើន​ជាង​ជា​មួយ​កូន» ហើយ​ចង់​ឲ្យ​មាតា​បិតា​«ចាប់​អារម្មណ៍​ទៅ​លើ​ខ្លួន​គេ​យ៉ាង​ខ្លាំង»។ សាស្ដ្រាចារ្យ​ម្នាក់​នៅ​សកល​វិទ្យាល័យ​មួយ​បាន​កត់​សម្គាល់​ថា​៖ «ពាក្យ[ការ​ចំណាយ​ពេល​ដែល​មាន​តម្លៃ​នោះ]​បាន​ផ្ដើម​ចេញ​ពី​វិប្បដិសារី​របស់​មាតា​បិតា។ មនុស្ស​ចង់​ដោះសា​ហេតុ​ដែល​ខ្លួន​ចំណាយ​ពេល​កាន់​តែ​តិច​ទៅៗ​ជា​មួយ​នឹង​កូន»។ តើ​មាតា​បិតា​គួរ​តែ​ចំណាយ​ពេល​ប៉ុន្មាន​ជា​មួយ​នឹង​កូន?

១៧​. តើ​កូនៗ​ត្រូវ​ការ​អ្វី​ពី​មាតា​បិតា?

១៧ ព្រះ​គម្ពីរ​មិន​ប្រាប់​ទេ។ យ៉ាង​ណា​ក៏​ដោយ មាតា​បិតា​ក្នុង​សាសន៍​អ៊ីស្រាអែល​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​និយាយ​ជា​មួយ​នឹង​កូន​ពេល​នៅ​ក្នុង​ផ្ទះ ពេល​ដើរ​តាម​ផ្លូវ ពេល​ដេក ហើយ​ពេល​ក្រោក​ឡើង​ផង។ (ចោទិយកថា ៦:៧) នេះ​ច្បាស់​ជា​មាន​ន័យ​ថា មាតា​បិតា​ត្រូវ​តែ​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​កូន និង​ត្រូវ​បង្រៀន​កូន​ជា​ទៀងទាត់​រាល់​ថ្ងៃ។

១៨​. តើ​ព្រះ​យេស៊ូ​បាន​ឆ្លៀត​ឱកាស​អ្វី​ខ្លះ ដើម្បី​បង្រៀន​សិស្ស​ទ្រង់? ហើយ​តើ​មាតា​បិតា​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​នោះ?

១៨ ព្រះ​យេស៊ូ​បាន​បង្ហាត់​បង្រៀន​សិស្ស​របស់​ទ្រង់​ដោយ​ជោគជ័យ ពេល​ដែល​ទ្រង់​សោយ​អាហារ ធ្វើ​ដំណើរ ព្រម​ទាំង​សំរាក​កំសាន្ត​ជា​មួយ​នឹង​ពួក​គាត់។ យ៉ាង​នេះ ទ្រង់​បាន​ឆ្លៀត​គ្រប់​ឱកាស​ដែល​ហុច​ឲ្យ ដើម្បី​បង្រៀន​ពួក​គាត់។ (ម៉ាកុស ៦:៣១, ៣២; លូកា ៨:១; ២២:១៤) ស្រដៀង​គ្នា​ដែរ មាតា​បិតា​គ្រីស្ទាន​ត្រូវ​ប្រុង​ប្រៀប​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​បង្កើត​ហើយ​រក្សា​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​នឹង​កូន ដើម្បី​បង្រៀន​កូន​ឲ្យ​ដើរ​តាម​មាគ៌ា​របស់​ព្រះ​យេហូវ៉ា។

អ្វី​ដែល​មាតា​បិតា​ត្រូវ​បង្រៀន​កូន ហើយ​របៀប​ដែល​គាត់​អាច​ធ្វើ​ដូច្នេះ​បាន

១៩​. (ក) បន្ថែម​ទៅ​លើ​ការ​ចំណាយ​ពេល​ជា​មួយ​នឹង​កូន តើ​កូន​ត្រូវ​ការ​អ្វី​ទៀត? (ខ) តើ​អ្វី​ជា​រឿង​សំខាន់​បំផុត ដែល​មាតា​បិតា​ត្រូវ​បង្រៀន​កូន?

១៩ គ្រាន់​តែ​ចំណាយ​ពេល​ជា​មួយ​នឹង​កូន ឬ​បង្រៀន​កូន​ប៉ុណ្ណោះ មិន​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​អប់រំ​កូន​ដោយ​ប្រសិទ្ធ​ភាព​នោះ​ទេ។ តែ​អ្វី ដែល​មាតា​បិតា​បង្រៀន​កូន​ជា​ចំណុច​សំខាន់​មួយ​ទៀត។ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បង្ហាញ​ថា ជា​អ្វី​ដែល​មាតា​បិតា​គួរ​បង្រៀន។ បទ​គម្ពីរ​ប្រាប់​ថា​៖ «សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ . . . ត្រូវ​ឲ្យ​ប្រិតប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ»។ តើ​«សេចក្ដី​ទាំង​នេះ»​ដែល​ត្រូវ​បង្រៀន​កូន​ជា​អ្វី​ទៅ? តាម​មើល​ទៅ នេះ​សំដៅ​ទៅ​លើ​ពាក្យ​ដែល​ទើប​តែ​បាន​ត្រូវ​ប្រាប់​ដល់​គេ ពោល​គឺ «ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង»។ (ចោទិយកថា ៦:៥​-​៧) ព្រះ​យេស៊ូ​មាន​បន្ទូល​ថា នេះ​ជា​បញ្ញត្ដិ​សំខាន់​ជាង​គេ​ដែល​ព្រះ​បង្គាប់​មក។ (ម៉ាកុស ១២:២៨​-​៣០) ដូច្នេះ​សំខាន់​បំផុត មាតា​បិតា​ត្រូវ​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា ដោយ​ពន្យល់​ដល់​កូន​នូវ​មូលហេតុ​ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​គួរ​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​និង​ភក្ដីភាព​ផ្ដាច់​មុខ។

២០​. តើ​ព្រះ​បង្គាប់​មាតា​បិតា​នៅ​សម័យ​បុរាណ​ឲ្យ​បង្រៀន​កូន​អំពី​អ្វី​ខ្លះ?

២០ ប៉ុន្តែ «សេចក្ដី​ទាំង​នេះ»​ដែល​មាតា​បិតា​ត្រូវ​បង្រៀន​កូន គឺ​រួម​បញ្ចូល​ច្រើន​ជាង​ការ​ស្រឡាញ់​ព្រះ​អស់​ពី​ដួង​ចិត្ត​ប៉ុណ្ណោះ។ អ្នក​អាច​កត់​សម្គាល់​ក្នុង​ចោទិយកថា​ជំពូក​ទី៥​ថា ម៉ូសេ​បាន​រៀប​រាប់​សា​ឡើង​វិញ​នូវ​ច្បាប់​ដែល​ព្រះ​បាន​ចារ​លើ​ផ្ទាំង​ថ្ម ពោល​គឺ ក្រិត្យ​វិន័យ​ទាំង​១០​ប្រការ។ ក្រិត្យ​វិន័យ​ទាំង​នេះ​រួម​បញ្ចូល​ច្បាប់​ថា កុំ​ឲ្យ​ភូត​កុហក កុំ​ឲ្យ​លួច កុំ​សម្លាប់​គេ និង​កុំ​ធ្វើ​អំពើ​ផិត​ក្បត់​ជា​ដើម។ (ចោទិយកថា ៥:១១​-​២២) ដូច្នេះ មាតា​បិតា​នៅ​សម័យ​បុរាណ​បាន​យល់​ច្បាស់​ថា ពួក​គាត់​ត្រូវ​តែ​បង្រៀន​ដល់​កូន​នូវ​ខ្នាត​តម្រា​សីលធម៌​ផង​ដែរ។ មាតា​បិតា​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ក៏​ត្រូវ​បង្រៀន​កូន​ដូច​គ្នា​ដែរ ដើម្បី​ជួយ​កូន​ឲ្យ​មាន​អនាគត​ដ៏​រីករាយ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​សុខ។

២១​. តើ​ការ​បង្គាប់​ឲ្យ​«ប្រិតប្រៀន»​បន្ទូល​របស់​ព្រះ​ដល់​កូន​ចៅ មាន​ន័យ​អ្វី?

២១ សូម​កត់​សម្គាល់​ថា មាតា​បិតា​បាន​ទទួល​ការ​ណែនាំ​អំពី​របៀប​បង្រៀន​«សេចក្ដី» ឬ​ច្បាប់​ទាំង​នេះ​ដល់​កូន ពោល​គឺ «ត្រូវ​ឲ្យ​ប្រិតប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ»។ ពាក្យ​ភាសា​ហេព្រើរ​ដែល​បកប្រែ​ថា​«ប្រិតប្រៀន»​នោះ មាន​ន័យ​ថា​«និយាយ​ឡើង​វិញ និយាយ​ម្ដង​ហើយ​ម្ដង​ទៀត ឬ​ផ្ដិត​ឲ្យ​ជាប់​ក្នុង​គំនិត»។ ដូច្នេះ បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​មាន​បន្ទូល​ប្រាប់​មាតា​បិតា​ថា ពួក​គាត់​ត្រូវ​រៀបចំ​កម្មវិធី​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​កូន ដោយ​មាន​បំណង​ចង់​ផ្ដិត​រឿង​ខាង​វិញ្ញាណ​ឲ្យ​ជាប់​ទៅ​ក្នុង​គំនិត​របស់​កូន។

២២​. តើ​មាតា​បិតា​ក្នុង​សាសន៍​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​អ្វី​ក្នុង​ការ​បង្រៀន​កូន? ហើយ​តើ​នេះ​មាន​ន័យ​អ្វី?

២២ កម្មវិធី​បង្រៀន​នេះ​តម្រូវ​ឲ្យ​មាតា​បិតា​ចេះ​ស្វ័យ​ព្យាយាម។ ព្រះ​គម្ពីរ​ចែង​ថា​៖ «ត្រូវ​ចង​សេចក្ដី​ទាំង​នេះ​[ឬ​សេចក្ដី​បង្គាប់​របស់​ព្រះ]ជាប់​នៅ​ដៃ​ឯង ទុក​ជា​ទីសំគាល់ ហើយ​ត្រូវ​ធ្វើ​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​ឯង​ផង ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារ​ផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង»។ (ចោទិយកថា ៦:៨, ៩) នេះ​មិន​បាន​សេចក្ដី​ថា មាតា​បិតា​ត្រូវ​សរសេរ​ច្បាប់​របស់​ព្រះ​លើ​ទ្វារ​ផ្ទះ​និង​ខ្លោងទ្វារ​របង ឬ​សរសេរ​លើ​ក្រដាស​រួច​ចង​ជាប់​ដៃ​ឬ​ដាក់​ជា​ស្លាក​ឬ​ផ្លាក​នៅ​កណ្ដាល​ថ្ងាស​កូន​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​បាន​ន័យ​ថា មាតា​បិតា​គួរ​រំឭក​កូន​ជា​ញយៗ​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ។ បើ​មាតា​បិតា​បង្រៀន​កូន​យ៉ាង​ទៀងទាត់​ជា​រៀង​រហូត​បែប​នេះ គឺ​ហាក់​ដូច​ជា​សេចក្ដី​បង្រៀន​របស់​ព្រះ​ស្ថិត​នៅ​ចំ​ពី​មុខ​កូន​ជានិច្ច។

២៣​. តើ​មេ​រៀន​សប្ដាហ៍​ក្រោយ​នឹង​ពិគ្រោះ​អំពី​អ្វី​ខ្លះ?

២៣ តើ​អ្វី​ជា​រឿង​សំខាន់​ដែល​មាតា​បិតា​ត្រូវ​បង្រៀន​កូន? ហេតុ​អ្វី​ក៏​ចាំបាច់​ម្ល៉េះ​នៅ​សព្វ​ថ្ងៃ​នេះ ឲ្យ​យើង​បង្ហាត់​បង្រៀន​កូន​ឲ្យ​ចេះ​ការពារ​ខ្លួន? តើ​មាតា​បិតា​មាន​ជំនួយ​អ្វី ដើម្បី​បង្រៀន​កូន​ដោយ​ប្រសិទ្ធ​ភាព? អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​សំនួរ​ទាំង​នេះ​និង​សំនួរ​ឯ​ទៀត​អំពី​រឿង​ដែល​មាតា​បិតា​ជា​ច្រើន​កំពុង​តែ​ខ្វល់ខ្វាយ​ដែរ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​ក៏​មាតា​បិតា​គួរ​ចាត់​ទុក​កូន​ជា​អ្វី​ដ៏​វិសេស​វិសាល?

• តើ​មាតា​បិតា​និង​មនុស្ស​ឯ​ទៀត​អាច​រៀន​អ្វី​ខ្លះ​ពី​ព្រះ​យេស៊ូ?

• តើ​មាតា​បិតា​គួរ​ចំណាយ​ពេល​ប៉ុន្មាន​ជា​មួយ​នឹង​កូន?

• តើ​យើង​គួរ​បង្រៀន​កូន​អ្វី​ខ្លះ? ហើយ​តើ​យើង​គួរ​បង្រៀន​នោះ​ដោយ​របៀប​ណា?

[រូបភាព​នៅ​ទំព័រ​១០]

តើ​មាតា​បិតា​អាច​រៀន​អ្វី​ខ្លះ ពី​របៀប​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​នោះ?

[រូបភាព​នៅ​ទំព័រ​១២]

មាតា​បិតា​គួរ​ទុក​សេចក្ដី​បង្រៀន​របស់​ព្រះ​នៅ​ចំ​ពី​មុខ​កូន​ជានិច្ច

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក