បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៧ ទំ. ៣-៤
  • តើមានចំណេះច្រើនពេកសំរាប់យើងឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើមានចំណេះច្រើនពេកសំរាប់យើងឬ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • អត្ថបទស្រដៀងគ្នា
  • ការក្រេបជញ្ជក់យកចំណេះនៅឥឡូវនេះនិងជារៀងរហូត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • មនុស្សលោកត្រូវការចំណេះវិជ្ជារបស់ព្រះ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • អ្នកអាចមានអនាគតដ៏សែនសប្បាយ!
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៧ ទំ. ៣-៤

តើ​មាន​ចំណេះ​ច្រើន​ពេក​សំរាប់​យើង​ឬ?

សាសនទូត​មួយ​គូ​នៅ​ទ្វីប​អាហ្វ្រិក​ខាង​លិច​អង្គុយ​នៅ​ឆ្នេរ​សមុទ្រ​កំពុង​តែ​មើល​ពន្លឺ​ព្រះ​ចន្ទ​យ៉ាង​ស្រទន់។ស្វាមី​នោះ​បាន​ពោល​ថា​៖ «តើ​មនុស្ស​មាន​ចំណេះ​ប៉ុន​ណា​អំពី​ព្រះ​ចន្ទ?ហើយ​តើ​មាន​ពត៌​មាន​ប៉ុន្មាន​ទៀត​អំពី​ព្រះ​ចន្ទ​ដែល​យើង​ត្រូវ​យល់​ដឹង​នោះ?»។

ភរិយា​គាត់​បាន​ឆ្លើយ​ថា​៖ «ចូរ​បង​គិត​មើល​បើ​យើង​អាច​មើល​ឃើញ​ផែនដី​កំពុង​តែ​ធ្វើ​ដំណើរ​ដូច​យើង​ឃើញ​ព្រះ​ចន្ទ។ តើ​មនុស្ស​ជាតិ​មាន​ចំណេះ​ប៉ុន្មាន​រួច​ទៅ​ហើយ? តើ​មាន​ចំណេះ​ប៉ុន្មាន​ទៀត​ដែល​ត្រូវ​ដឹង​នោះ? «ចូរ​បង​គិត​អំពី​នេះ​ទៅ​មើល! ផែនដី​ធ្វើ​ដំណើរ​ជុំវិញ​ព្រះ​អាទិត្យ ប៉ុន្តែ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ក៏​ធ្វើ​ដំណើរ​ដែរ។ នេះ​បាន​ន័យ​ថា យើង​នឹង​មិន​ដែល​ស្ថិត​នៅ​មួយ​កន្លែង​ទេ។ តាម​ពិត យើង​ស្គាល់​កន្លែង​ដែល​យើង​ស្ថិត​ក្នុង​សកលលោក គឺ​ដោយសារ​តែ​យើង​ដឹង​អំពី​ព្រះ​អាទិត្យ​និង​ផ្កាយ​ប៉ុណ្ណោះ។ ម្យ៉ាង​យើង​មាន​ចំណេះ​ដឹង​ច្រើន​ណាស់​អំពី​រឿង​ខ្លះៗ ប៉ុន្តែ​ម្យ៉ាង​ទៀត យើង​មិន​ទាំង​ដឹង​ថា​យើង​ស្ថិត​នៅ​កន្លែង​ណា​ក្នុង​សកលលោក​ពិត​ប្រាកដ​ផង!»។

គំនិត​របស់​គូ​ស្វាមី​ភរិយា​នេះ​ពណ៌នា​នូវ​សច្ចភាព​ដ៏​សំខាន់​ខ្លះៗ។ គឺ​ហាក់​ដូច​ជា​យើង​ត្រូវ​ក្រេប​ជញ្ជក់​យក​ចំណេះ​ច្រើន​ណាស់។ ពិត​មែន យើង​ម្នាក់ៗ​រៀន​ចំណុច​ថ្មីៗ​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ មិន​ថា​យើង​រៀន​ច្រើន​ប៉ុន​ណា​ក៏​ដោយ ក៏​យើង​ហាក់​ដូច​ជា​មិន​អាច​រៀន​ឲ្យ​បាន​លឿន​តាម​ក្ដី​ប្រាថ្នា​ឡើយ។

ពិត​មែន ក្រៅ​ពី​សមត្ថភាព​ក្រេប​យក​ពត៌​មាន​ថ្មីៗ នោះ​សមត្ថភាព​ផ្ទុក​ពត៌​មាន​ក៏​មាន​ច្រើន​ដែរ។ ដោយសារ​បច្ចេកទេស​ថ្មីៗ​មនុស្ស​ជាតិ​អាច​ផ្ទុក​ពត៌​មាន​បាន​យ៉ាង​សម្បើម។ សព្វ​ថ្ងៃ​នេះ​ថាស​កុំព្យូទ័រ​អាច​ផ្ទុក​ពត៌​មាន​បាន​ច្រើន​ដល់​ម្ល៉េះ ដែល​ត្រូវ​បង្កើត​ពាក្យ​ខាង​គណិតវិទ្យា​ដើម្បី​ដាក់​ឈ្មោះ​ឲ្យ​ថាស​បែប​នោះ។ ស៊ីឌី(CD)ធម្មតា​អាច​ផ្ទុក​ពត៌​មាន​បាន​ច្រើន​ហើយ​ខ្លះ​បាន​រហូត​ដល់​ចំនួន​៦៨០​មេកាបៃ(megabytes) ឬ​ក៏​មាន​ចំនួន​ច្រើន​ជាង​នោះ​ទៅ​ទៀត។ ឌីវីឌី(DVD)ធម្មតា​អាច​ផ្ទុក​ពត៌​មាន​ច្រើន​ជាង​ស៊ីឌី(CD)ប្រាំ​ពីរ​ដង។ ហើយ​នៅ​ថ្ងៃ​មុខ​ក៏​នឹង​មាន​ឌីវីឌី(DVD)ខ្លះ​ទៀត​ដែល​មាន​ចំណុះ​ច្រើន​ជាង។

យើង​សឹង​តែ​ពុំ​យល់​នូវ​របៀប​ដែល​មនុស្ស​ចែក​ចាយ​ពត៌​មាន​នៅ​សម័យ​នេះ។ ម៉ាស៊ីន​បោះ​ពុម្ព​ដែល​មាន​ល្បឿន​យ៉ាង​លឿន​បំផុត គឺ​បោះ​ពុម្ព​កាសែត ទស្សនាវដ្ដី និង​សៀវភៅ។ យើង​អាច​រក​ពត៌​មាន​ច្រើន​ឥត​គណនា​តាម​ប្រព័ន្ធ​អ៊ិនថឺណិត។ ការ​ចែក​ចាយ​ពត៌​មាន​តាម​វិធី​នេះ​និង​វិធី​ឯ​ទៀត គឺ​មាន​កាន់​តែ​ច្រើន​ឡើងៗ​ដែល​យើង​ពុំ​អាច​ក្រេប​ជញ្ជក់​យក​អស់​បាន។ ជួន​កាល​គេ​ប្រៀបប្រដូច​ចំនួន​ពត៌​មាន​ច្រើន​បែប​នេះ​ទៅ​នឹង​សមុទ្រ​ដែល​ធំធេង​ដល់​ម្ល៉េះ ដែល​យើង​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​ហែល​ទឹក​ដើម្បី​ឲ្យ​រស់ ដោយ​មិន​ផឹក​ទឹក​ច្រើន​ពេក បើ​និយាយ​ជា​អត្ថបដិរូប។ ដោយសារ​តែ​មាន​ចំណេះ​ច្រើន​ដល់​ម្ល៉េះ នេះ​តម្រូវ​ឲ្យ​យើង​ចេះ​ជ្រើសរើស​យក​ចំណេះ​ណា​ហើយ​ចោល​ចំណេះ​ណា។

មូលហេតុ​មួយ​ទៀត​ដែល​យើង​ត្រូវ​ជ្រើសរើស​យក​ចំណេះ​គឺ​ថា​ពត៌​មាន​ជា​ច្រើន​សព្វ​ថ្ងៃ​គឺ​ពុំ​សូវ​មាន​ប្រយោជន៍​ទេ។ ប្រាកដ​ហើយ ពត៌​មាន​ខ្លះៗ​គឺ​មិន​ល្អ ហើយ​គ្មាន​ប្រយោជន៍​សោះ​ចំពោះ​យើង។ ចូរ​ចាំ​ថា ចំណេះ​សំដៅ​ទៅ​ពត៌​មាន មិន​ថា​ល្អ​ឬ​អាក្រក់ មាន​ប្រយោជន៍​ឬ​ក៏​ឥត​មាន​ប្រយោជន៍។ អ្វី​ដែល​ធ្វើ​ឲ្យ​ពិបាក​យល់ គឺ​ថា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ជា​ហេតុ​ការណ៍​ពិត គឺ​មិន​ត្រឹម​ត្រូវ​ទៅ​វិញ។ ច្រើន​ដង​ពាក្យ​របស់​អាជ្ញាធរ​ដែល​ត្រូវ​គេ​គោរព​ក្ដី ក៏​ស​ឲ្យ​ឃើញ​ថា​ពាក្យ​នោះ​មិន​ពិត​ទៅ​វិញ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្នក​កត់​ទុក​ពត៌​មាន​នៅ​ទី​ក្រុង​អេភេសូរ​ពី​បុរាណ ដែល​មនុស្ស​ជា​ច្រើន​ចាត់​ទុក​គាត់​ជា​មន្ត្រី​រាជការ​ដែល​មាន​ប្រាជ្ញា។ គាត់​បាន​ពោល​អះអាង​ថា​៖ «តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ដឹង​ថា ពួក​អ្នក​នៅ​ក្រុង​នេះ ជា​អ្នក​ថែរក្សា​ព្រះ​វិហារ​នៃ​ព្រះ​ឌីអាន​ដ៏​ធំ ដែល​ធ្លាក់​មក​ពី[«ស្ថានសួគ៌»​, ខ.ស.]នោះ?»។ (កិច្ចការ ១៩:៣៥, ៣៦) ទោះ​ជា​នេះ​ហាក់​ដូច​ជា​មនុស្ស​ដឹង​ទូទៅ​ក៏​ដោយ ហើយ​មនុស្ស​ច្រើន​គិត​ថា នេះ​ជា​អ្វី​ដែល​មិន​អាច​ប្រកែក​បាន​ក៏​ដោយ ក៏​ប៉ុន្តែ​ពំនោល​នោះ​គឺ​មិន​ពិត​ទេ ដែល​រូប​ព្រះ​នោះ​បាន​ធ្លាក់​ពី​ស្ថានសួគ៌។ ដោយ​មូលហេតុ​ល្អ ព្រះ​គម្ពីរ​បរិសុទ្ធ​ព្រមាន​ជន​គ្រីស្ទាន​ឲ្យ​ការពារ​ខ្លួន​ពី​«សេចក្ដី​ដែល​ក្លែង​ហៅ​ថា ចំណេះវិជ្ជា​ផង»។—ធីម៉ូថេទី១ ៦:២០

មូលហេតុ​ដ៏​សំខាន់​ដែល​យើង​ត្រូវ​ជ្រើសរើស​ចំណេះ គឺ​ថា​ជីវិត​យើង​សព្វ​ថ្ងៃ​នេះ​គឺ​ខ្លី​ណាស់។ មិន​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ នោះ​ច្បាស់​ហើយ​ថា​អ្នក​ចង់​ចេះ​ជំនាញ​ផ្សេងៗ ប៉ុន្តែ​អ្នក​ដឹង​ថា អ្នក​ពុំ​មាន​អាយុ​វែង​ដើម្បី​រៀន​ចេះ​ជំនាញ​ផ្សេងៗ​នោះ​ទេ។

តើ​បញ្ហា​នេះ​នឹង​លែង​មាន​ឬ​ទេ? តើ​មាន​ចំណេះ​ម្យ៉ាង​ដែល​នឹង​ធ្វើ​ឲ្យ​យើង​រស់​បាន​យូរ ពោល​គឺ​រស់​នៅ​ជា​និរន្តរ៍​ឬ​ទេ? តើ​ចំណេះ​បែប​នេះ​មាន​ហើយ​ទេ​ដឹង? បើ​ដូច្នេះ តើ​មនុស្ស​គ្រប់​គ្នា​អាច​ទទួល​បាន​ឬ​ទេ? តើ​នឹង​មាន​ថ្ងៃ​ដែល​ចំណេះ​ទាំង​អស់​ជា​ពាក្យ​ពិត​នោះ​ទេ? គូ​ស្វាមី​ភរិយា​បំរើ​ជា​សាសនទូត​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​បាន​រក​ឃើញ​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ស្កប់​ចិត្ត ហើយ​អ្នក​ក៏​អាច​រក​ឃើញ​បាន​ដែរ។ សូម​អាន​អត្ថបទ​ជា​បន្ទាប់ ដែល​នឹង​អាច​ជួយ​អ្នក​ឲ្យ​ក្រេប​ជញ្ជក់​យក​ចំណេះ​បាន​ជា​រៀង​រហូត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក