បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ១ ទំ. ៦-១១
  • អ្នកអាចមានអនាគតដ៏សែនសប្បាយ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកអាចមានអនាគតដ៏សែនសប្បាយ!
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជីវិត​អស់កល្ប​ជានិច្ច!
  • ជីវិត​ក្នុង​សួន​មនោរម្យ
  • ជីវិត​ក្នុង​សួន​មនោរម្យ​ដែល​បាន​ត្រូវ​តាំង​ឡើង​វិញ
  • ចំណេះ​និង​អនាគត​របស់​អ្នក
  • «ជួបគ្នានៅសួនឧទ្យាន!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • មិត្តសំឡាញ់របស់ព្រះនឹងរស់នៅក្នុងសួនមនោរម្យ
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • តើព្រះមានគោលបំណងអ្វីសម្រាប់ផែនដី?
    ព្រះមានដំណឹងល្អសម្រាប់យើង!
  • ក្រោយពីអើម៉ាគេដូន ផែនដីជាសួនមនោរម្យ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ១ ទំ. ៦-១១

ជំពូក​ទី១

អ្នក​អាច​មាន​អនាគត​ដ៏​សែន​សប្បាយ!

ការ​ឱបរឹត​ដ៏​កក់ក្ដៅ​ពី​បុគ្គល​ដែល​អ្នក​ស្រឡាញ់។ ការ​សើច​ក្អាកក្អាយ​នៅ​ពេល​ពិសា​ចំណី​អាហារ​ជា​មួយ​មិត្ត​ជា​ទី​ស្រឡាញ់។ ការ​ត្រេកអរ​មើល​កូន​របស់​អ្នក​រត់​លេង​យ៉ាង​សប្បាយ​រីករាយ។ គ្រា​ដូច​នេះ​គឺ​ជា​គ្រា​ដ៏​សប្បាយ​ក្រៃលែង​ក្នុង​ជីវិត។ ប៉ុន្តែ ចំពោះ​មនុស្ស​ជា​ច្រើន ជីវិត​ហាក់បី​ដូច​ជា​នាំ​មក​នូវ​វិបត្ដិ​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់។ ប្រសិន​បើ​នេះ​ជា​ការ​ពិសោធ​របស់​អ្នក នោះ​សូម​អ្នក​កុំ​ឲ្យ​តូច​ចិត្ត​ឡើយ។

២ គឺ​ជា​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​អ្នក​គួរ​ទទួល​នូវ​សុភមង្គល​ក្រោម​ស្ថានភាព​យ៉ាង​ល្អ​បំផុត ក្នុង​បរិវេណ​ដ៏​ស្អាត​អស្ចារ្យ។ នេះ​មិន​មែន​គ្រាន់​តែ​ជា​ការ​យល់សប្ដិ​ទេ ដ្បិត​ព្រះ​បាន​ទាំង​ផ្ដល់​ឲ្យ​អ្នក​នូវ​កូនសោ​សំរាប់​អនាគត​ដ៏​សែន​សប្បាយ​បែប​នេះ។ កូនសោ​នោះ​គឺ​ជា​ចំណេះ។

៣ យើង​និយាយ​អំពី​ចំណេះ​ពិសេស​ម្យ៉ាង ដែល​ខ្ពស់​ជាង​ប្រាជ្ញា​មនុស្ស​ឆ្ងាយ​ណាស់។ នេះ​ជា​«ចំណេះ​ដ៏​សំខាន់​អំពី​ព្រះ»។ (សុភាសិត ២:​៥, ព.ថ.) ជិត​២.០០០​ឆ្នាំ​មក​ហើយ អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​បាន​និយាយ​ថា⁠៖ «គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯ​អ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ នោះ​គឺ​ជា​ព្រះ​វិញ»។ (ហេព្រើរ ៣:⁠៤) សូម​គិត​មើល​ចុះ ថា​តើ​អ្នក​បង្កើត​របស់​សព្វសារពើ​នេះ​ត្រូវ​មាន​ចំណេះ​ច្រើន​ប៉ុន្មាន​ទៅ! ព្រះ​គម្ពីរ​ចែង​ថា ព្រះ​រាប់​ហើយ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​អស់។ នេះ​គឺ​ពិត​ជា​ហួស​ពី​ការ​គិត​មែន ដ្បិត​មាន​ផ្កាយ​រាប់​ម៉ឺន​កោដិ​ក្នុង​តារាវលី​របស់​យើង​នេះ ហើយ​ពួក​តារាវិទូ​និយាយ​ថា មាន​តារាវលី​ប្រហែល​មួយ​ម៉ឺន​កោដិ​ទៀត​ផង! (ទំនុកដំកើង ១៤៧:⁠៤) ព្រះ​ទ្រង់​ក៏​ជ្រាប​យ៉ាង​ច្បាស់​គ្រប់​សព្វ​អំពី​រូប​យើង ដូច្នេះ​តើ​មាន​អ្នក​ណា​ឯ​ទៀត​ដែល​អាច​ផ្ដល់​ចម្លើយ​ប្រសើរ​ជាង​នេះ សំរាប់​សំនួរ​ដ៏​សំខាន់​នៃ​ជីវិត​នោះ?​—⁠ម៉ាថាយ ១០:⁠៣០

៤ សូម​នឹក​អំពី​បុរស​ពីរ​នាក់ ដែល​រក​ជួសជុល​ឡាន​របស់​ខ្លួន។ បុរស​ម្នាក់​មួម៉ៅ​ចិត្ត​ក៏​ទម្លាក់​ប្រដាប់ប្រដា​ឈប់​ជួសជុល។ ឯ​បុរស​ម្នាក់​ទៀត​កែ​ជួសជុល​ដោយ​ស្ងប់​ស្ងាត់ រួច​បញ្ឆេះ​ម៉ាស៊ីន​ឡាន​ហើយ​ក៏​ញញឹម ពេល​ម៉ាស៊ីន​ចាប់​បញ្ឆេះ​ឡើង​ហើយ​ដើរ​បាន​នឹង​ល្អ។ អ្នក​នឹង​មិន​ពិបាក​ស្មាន​ទេ ថា​បុរស​មួយ​ណា​មាន​សៀវភៅ​បង្គាប់​ពី​រោងចក្រ​ធ្វើ​ឡាន​នោះ។ តើ​មិន​មែន​ជា​ការ​សម​ហេតុ​ទេ​ឬ ថា​ព្រះ​នឹង​ផ្ដល់​សេចក្ដី​បង្គាប់​ដើម្បី​ណែនាំ​យើង​ក្នុង​ជីវិត​ដែរ? ដូច​អ្នក​ប្រហែល​ដឹង​ស្រាប់ ព្រះ​គម្ពីរ​គឺ​អះអាង​យ៉ាង​ដូច្នោះ​ឯង​—⁠ថា​ជា​សៀវភៅ​អំពី​សេចក្ដី​បង្គាប់​និង​សេចក្ដី​ណែនាំ​ពី​ព្រះ​អាទិទេព​របស់​យើង ដែល​រៀប​ចំ​ឡើង​ដើម្បី​ផ្ដល់​នូវ​ចំណេះ​អំពី​ព្រះ។​​—⁠ធីម៉ូថេទី២ ៣:⁠១៦

៥ បើ​សេចក្ដី​អះអាង​របស់​ព្រះ​គម្ពីរ​គឺ​ត្រូវ​ពិត​មែន នោះ​សូម​គិត​មើល​ចុះ​អំពី​ចំណេះ​ដ៏​មាន​តម្លៃ​ក្រៃលែង ដែល​មាន​ក្នុង​សៀវភៅ​នោះ! ក្នុង​សុភាសិត ២:​១​-​៥, ព.ថ. ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​ស្វែង​រក​ប្រាជ្ញា ឲ្យ​ជីក​រក​ដូច​យើង​ជីក​រាវ​រក​ទ្រព្យ​ដែល​បាន​កប់​លាក់​ទុក​—⁠មិន​មែន​នៅ​ក្នុង​ដី​នៃ​គំនិត​មនុស្ស​នោះ​ទេ គឺ​នៅ​ក្នុង​បន្ទូល​ផ្ទាល់​របស់​ព្រះ​វិញ។ បើ​យើង​ស្វែង​រក​នៅ​ក្នុង​នោះ យើង​នឹង​«រក​ឃើញ​ចំណេះ​ក៏​សំខាន់​អំពី​ព្រះ​នេះ»។ ពីព្រោះ​ព្រះ​យល់​នូវ​គំនិត​និង​សេចក្ដី​ត្រូវ​ការ​របស់​យើង ទ្រង់​ប្រទាន​សេចក្ដី​បង្គាប់ ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​ជីវិត​រស់​នៅ​ដោយ​សប្បាយ​សុខសាន្ត។ (ទំនុកដំកើង ១០៣:⁠១៤; អេសាយ ៤៨:⁠១៧) ថែម​ទៅ​ទៀត ចំណេះ​អំពី​ព្រះ​ផ្ដល់​ឲ្យ​យើង​នូវ​ដំណឹង​ល្អ​ដែល​ធ្វើ​ឲ្យ​រំភើប​ចិត្ត​ផង។

ជីវិត​អស់កល្ប​ជានិច្ច!

៦ ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​បុគ្គល​ដ៏​ល្បី​មួយ​រូប​ក្នុង​ប្រវត្ដិសាស្ត្រ បាន​រៀប​រាប់​ប្រាប់​លក្ខណៈ​នេះ​នៃ​ចំណេះ​អំពី​ព្រះ​យ៉ាង​ច្បាស់​លាស់។ ទ្រង់​មាន​បន្ទូល​ថា⁠៖ «នេះ​ជា​ជីវិត​អស់កល្បជានិច្ច គឺ​ឲ្យ​គេ​បាន​ចំណេះ​អំពី​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:​៣, ព.ថ.) សូម​គិត​មើល​—⁠ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច!

៧ សូម​កុំ​អាល​ឆាប់​បដិសេធ​ចោល​ជីវិត​អស់កល្ប​ជានិច្ច ទុក​ដូច​ជា​ការ​យល់សប្ដិ​នោះ​ឡើយ។ តែ​សូម​មើល​របៀប​ដែល​រូប​កាយ​មនុស្ស​បាន​ត្រូវ​បង្កើត​មក។ រូប​កាយ​យើង​បាន​ត្រូវ​បង្កើត​មក​យ៉ាង​ល្អ​ប្រសើរ ឲ្យ​ចេះ​ដឹង​រសជាតិ ស្ដាប់​ឮ ធុំ​ក្លិន មើល​ឃើញ និង​ដឹង​ដោយ​វិញ្ញាណ។ មាន​របស់​ជា​ច្រើន​លើ​ផែនដី ដែល​ផ្គាប់​វិញ្ញាណ​យើង​—⁠ដូច​ចំណី​ដ៏​មាន​រសជាតិ​ឆ្ងាញ់ សូរ​បក្សា​បក្សី​ស្រែក​ច្រៀង​យ៉ាង​ពីរោះ ក្លិន​ផ្កា​ដ៏​ក្រអូប​សាយ ទេសភាព​ដ៏​ស្រស់​បំព្រង គូកន​ដ៏​ជា​ទីគាប់​ចិត្ត! ហើយ​ខួរ​ក្បាល​ដ៏​អស្ចារ្យ​របស់​យើង​គឺ​ពូកែ​ជាង​មហា​កុំព្យូទ័រ​ឆ្ងាយ​ណាស់ ដ្បិត​វា​អាច​ឲ្យ​យើង​ចេះ​អបអរ ហើយ​សប្បាយ​នឹង​របស់​ទាំង​អស់​នេះ​បាន។ តើ​អ្នក​គិត​ថា​ព្រះ​អាទិទេព​ចង់​ឲ្យ​យើង​ស្លាប់​ចោល​របស់​ទាំង​អស់​នេះ​ឬ? តើ​មិន​សម​ហេតុ​ជាង​ទេ​ឬ ដោយ​សន្និដ្ឋាន​ថា​ទ្រង់​ចង់​ឲ្យ​យើង​រស់​នៅ​យ៉ាង​សប្បាយ ហើយ​សប្បាយ​នឹង​ជីវិត​ជា​រៀង​រហូត​នោះ? ហ្នឹង​ហើយ ចំណេះ​អំពី​ព្រះ​គឺ​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ផល​ប្រយោជន៍​ដូច្នេះ​បាន។

ជីវិត​ក្នុង​សួន​មនោរម្យ

៨ សេចក្ដី​ដែល​ព្រះ​គម្ពីរ​ចែង​ប្រាប់​អំពី​អនាគត​របស់​ផែនដី​និង​មនុស្ស​ជាតិ គឺ​អាច​សង្ខេប​បាន​ក្នុង​ពាក្យ​មួយ គឺ​—⁠សួន​មនោរម្យ! ព្រះ​យេស៊ូ​គ្រីស្ទ​មាន​បន្ទូល​អំពី​សួន​មនោរម្យ ពេល​ទ្រង់​ប្រាប់​បុរស​ដែល​ជិត​ស្លាប់​ម្នាក់​ថា⁠៖ ‹អ្នក​នឹង​នៅ​ក្នុង​សួន​មនោរម្យ​ជា​មួយ​នឹង​ខ្ញុំ​ដែរ›។ (លូកា ២៣:⁠៤៣) ការ​និយាយ​អំពី​សួន​មនោរម្យ​នេះ ប្រាកដ​ជា​បាន​រំឭក​បុរស​នោះ​អំពី​ស្ថានភាព​ដ៏​សែន​សប្បាយ​នៃ​ឪពុក​ម្ដាយ​ដំបូង​របស់​យើង គឺ​អ័ដាម​និង​អេវ៉ា។ ពេល​ព្រះ​បង្កើត​ពួក​គេ⁠ៗគឺ​គ្រប់​ល័ក្ខណ៍​ហើយ​រស់​នៅ​ក្នុង​សួនច្បារ​យ៉ាង​ស្អាត ដែល​ព្រះ​​អាទិទេព​បាន​បង្កើត​និង​ដាំ​លំអ​ផង។ សួន​នេះ​បាន​ត្រូវ​ហៅ​ថា​សួន​អេដែន​យ៉ាង​សម​ត្រឹម​ត្រូវ ជា​ឈ្មោះ​ដែល​មាន​ន័យ​ថា​សេចក្ដី​សប្បាយ​រីករាយ។

៩ សួនច្បារ​នេះ​គឺ​ជា​ទី​ដ៏​សប្បាយ​ម្ល៉េះ​ហ្ន៎! នេះ​គឺ​ជា​សួន​មនោរម្យ​ដ៏​ពិត​ប្រាកដ។ ក្នុង​ចំណោម​ដើម​ឈើ​ដ៏​ស្រស់​ស្អាត​ទាំង​ប៉ុន្មាន នោះ​មាន​ដើម​បង្កើត​ផ្លែ​ដ៏​ឆ្ងាញ់​ពិសា។ ពេល​អ័ដាម​និង​អេវ៉ា​រុករក​ទី​កន្លែង​របស់​គេ ផឹក​ទឹក​ដ៏​ជ្រះ​ស្អាត​ក្នុង​សួន ហើយ​បេះ​ផ្លែ​ពីដើម​ឈើ​ទាំង​ឡាយ នោះ​គ្មាន​អ្វី​មក​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​ឬ​ខ្លាច​ឡើយ។ សូម្បី​តែ​សត្វ​ក៏​មិន​ចេះ​គំរាម​កំហែង​ដែរ ដ្បិត​ព្រះ​បាន​ដាក់​បុរស​នេះ​និង​ប្រពន្ធ​របស់​គាត់ ឲ្យ​គ្រប់គ្រង​លើ​សត្វ​ទាំង​អស់​ដោយ​សេចក្ដី​ស្រឡាញ់។ ថែម​ទៅ​ទៀត មនុស្ស​មួយ​គូ​ដំបូង​មាន​សុខភាព​ល្អ​ពេញ​កម្លាំង។ ឲ្យ​តែ​ពួក​គេ​នៅ​ស្ដាប់​បង្គាប់​ព្រះ​ជានិច្ច នោះ​អនាគត​របស់​គេ​នឹង​ប្រកប​ទៅ​ដោយ​សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច។ ពួក​គេ​បាន​ទទួល​កិច្ចការ​ដ៏​ពេញ​ចិត្ត គឺ​ការ​ថែរក្សា​សួន​មនោរម្យ​ដ៏​ស្អាត ដែល​ជា​ទីលំនៅ​របស់​គេ។ ថែម​ទៅ​ទៀត ព្រះ​បាន​ដាក់​បញ្ជា​ឲ្យ​អ័ដាម​និង​អេវ៉ា​‹បង្កើត​កូន ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី ហើយ​ត្រូវ​បង្រាប​ផែនដី​ផង›។ ពួក​គេ​ព្រម​ទាំង​កូន​ចៅ​គេ នឹង​ពង្រីក​ព្រំដែន​សួន​មនោរម្យ ដរាប​ដល់​ផែនដី​យើង​ទាំង​មូល​បាន​ក្លាយ​ជា​ស្ថាន​ដ៏​ស្អាត​សែន​មនោរម្យ។​—⁠លោកុប្បត្តិ ១:⁠២៨

១០ ប៉ុន្តែ ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​សួន​មនោរម្យ ទ្រង់​មិន​មែន​ប្រាប់​បុរស​ដែល​ជិត​បាត់បង់​ជីវិត​នោះ ឲ្យ​គិត​ពី​អតីតកាល​ដែល​បាន​កន្លង​ផុត​យូរ​មក​ហើយ​នោះ​ទេ។ ព្រះ​យេស៊ូ​គឺ​មាន​បន្ទូល​អំពី​អនាគត! ទ្រង់​ដឹង​ថា​ផែនដី​ទាំង​មូល​ដែល​យើង​រស់​នៅ​នេះ នឹង​ក្លាយ​ជា​សួន​មនោរម្យ។ ដូច្នេះ ព្រះ​នឹង​បាន​សម្រេច​គោល​បំណង​ដើម​នៃ​ព្រះ​អង្គ សំរាប់​មនុស្ស​ជាតិ​និង​ផែនដី​យើង។ (អេសាយ ៥៥:​១០, ១១) ពិត​ហើយ​សួន​មនោរម្យ​នឹង​បាន​ត្រូវ​តាំង​ឡើង​វិញ! តើ​វា​នឹង​ដូច​ជា​យ៉ាង​ណា? សូម​យើង​ទុក​ឲ្យ​បន្ទូល​នៃ​ព្រះ គឺ​ព្រះ​គម្ពីរ​បរិសុទ្ធ ឆ្លើយ​ប្រាប់​យើង​ចុះ។

ជីវិត​ក្នុង​សួន​មនោរម្យ​ដែល​បាន​ត្រូវ​តាំង​ឡើង​វិញ

១១ ជម្ងឺ ជរា​ភាព និង​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​ហើយ។ «គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន។ គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​ក៏​នឹង​ច្រៀង​ឡើង»។ (អេសាយ ៣៥:​៥, ៦) «ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​[មនុស្ស​ជាតិ] ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។​—⁠វិវរណៈ ២១:​៣, ៤

១២ បទ​ឧក្រិដ្ឋ អំពើ​ឃោរឃៅ និង​អំពើ​អាក្រក់​នឹង​ត្រូវ​បាត់​ទៅ​ជា​រៀង​រហូត។ «ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ . . . ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ . . . គេ​មិន​នៅ​ទេ ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក»។ ​(ទំនុកដំកើង ៣៧:​៩​-​១១) «តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូសរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ»។​—⁠សុភាសិត ២:២២

១៣ ផែនដី​ទាំង​មូល​នឹង​បាន​សន្ដិភាព។ «ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់​រហូត​ដល់​ចុង​ផែនដី ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង»។ (ទំនុកដំកើង ៤៦:៩) «មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​ចំរើន​ឡើង ហើយ​នឹង​មាន​សេចក្ដី​សុខ​ជា​បរិបូរ ដរាប​ដល់​ព្រះ​ចន្ទ​រលត់​សូន្យ​ទៅ»។​—⁠ទំនុកដំកើង ៧២:៧

១៤ នឹង​មាន​ផ្ទះ​សម្បែង​នៅ​យ៉ាង​សុខសាន្ត ហើយ​មាន​ការងារ​ធ្វើ​យ៉ាង​ពេញ​ចិត្ត។ «មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ . . . គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ។ ដ្បិត​អាយុ​របស់​រាស្ត្រ​អញ​នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ ហើយ​ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ​ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន​យូរ​ទៅ គេ​នឹង​មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ»។​—⁠អេសាយ ៦៥:២១​-​២៣

១៥ ចំណី​អាហារ​ដ៏​ល្អ​នឹង​មាន​សម្បូរ​ហូរ​ហៀរ។ «នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ។ ឯ​គួរ​ស្រូវ នោះ​នឹង​ទ្រេត​ចុះ​ឡើង»។ (ទំនុកដំកើង ៧២:⁠១៦) «នោះ​ដី​នឹង​បង្កើត​ផល​ឡើង ហើយ​ព្រះ​ដ៏​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ»។​—⁠ទំនុកដំកើង ៦៧:៦

១៦ ជីវិត​អស់កល្ប​ជានិច្ច​លើ​ផែនដី​មនោរម្យ គឺ​សប្បាយ​រីករាយ​ណាស់។ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច»។ (ទំនុកដំកើង ៣៧:២៩) «ទី​រហោ​ស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់​នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុឡាប»។​—⁠អេសាយ ៣៥:១

ចំណេះ​និង​អនាគត​របស់​អ្នក

១៧ បើ​ជីវិត​ក្នុង​សួន​មនោរម្យ​គឺ​ចាប់​អារម្មណ៍​ដល់​អ្នក នោះ​សូម​កុំ​ឲ្យ​អ្វី​មក​រារាំង​មិន​ឲ្យ​អ្នក​ទទួល​ចំណេះ​អំពី​ព្រះ​ឡើយ។ ព្រះ​អង្គ​ស្រឡាញ់​មនុស្ស​ជាតិ ហើយ​នឹង​រៀប​ចំ​កែ​ប្រែ​ឲ្យ​ផែនដី​ត្រូវ​ក្លាយ​ជា​សួន​មនោរម្យ​វិញ។ ហើយ​ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​មាន​អំណាច​អាច​បំបាត់​សេចក្ដី​វេទនា​និង​អយុត្ដិធម៌ ដែល​មាន​ពេញ​ពាស​ក្នុង​លោក​នេះ តើ​អ្នក​នឹង​មិន​ធ្វើ​ដូច្នោះ​ទេ​ឬ? តើ​អ្នក​នឹក​ស្មាន​ថា​ព្រះ​នឹង​មិន​ធ្វើ​ដូច្នោះ​ផង​ទេ​ឬ? តាម​ការ​ពិត ព្រះ​គម្ពីរ​ប្រាប់​យ៉ាង​ក្បោះក្បាយ​អំពី​គ្រា ដែល​ព្រះ​នឹង​ដក​យក​របប​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ទាស់ទែង​ខ្វែង​គំនិត​គ្នា​នេះ​ចោល​ចេញ ហើយ​យក​ការ​គ្រប់គ្រង​ដ៏​សុចរិត​ដ៏​គ្រប់​ល័ក្ខណ៍​មក​តាំង​ជំនួស​វិញ។ (ដានីយ៉ែល ២:⁠៤៤) ប៉ុន្តែ​ព្រះ​គម្ពីរ​ប្រាប់​យើង​ឲ្យ​ដឹង​ច្រើន​ជាង​នេះ​ទៅ​ទៀត​ផង គឺ​ថែម​ទាំង​ប្រាប់​យើង​នូវ​របៀប​ដែល​យើង​អាច​មាន​ជីវិត​គង់​វង់ ចូល​ទៅ​ក្នុង​​ពិភពលោក​ថ្មី​ដែល​ព្រះ​បាន​សន្យា។​—⁠ពេត្រុសទី២ ៣:⁠១៣; យ៉ូហានទី១ ២:⁠១៧

១៨ ចំណេះ​អំពី​ព្រះ​ក៏​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក ក្នុង​គ្រា​ឥឡូវ​នេះ​ដែរ។ សំនួរ​ដ៏​ជ្រៅ​ពិបាក​ដោះ​ស្រាយ​ហើយ​អំពល់​ចិត្ត​ជា​ទីបំផុត​នៃ​ជីវិត គឺ​មាន​ឆ្លើយ​នៅ​ក្នុង​ព្រះ​គម្ពីរ។ ការ​ទទួល​យក​សេចក្ដី​ណែនាំ​នៃ​ព្រះ​គម្ពីរ​នឹង​ជួយ​អ្នក​ឲ្យ​បណ្ដុះ​បណ្ដាល​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ នេះ​គឺ​ជា​ឯក​សិទ្ធិ​ដ៏​ល្អ​អ្វី​ម្ល៉េះ​ហ្ន៎! ហើយ​នេះ​នឹង​អាច​ឲ្យ​អ្នក​ទទួល​សេចក្ដី​សុខសាន្ត ដែល​មាន​តែ​ព្រះ​ទេ​អាច​ប្រទាន​ឲ្យ។ (រ៉ូម ១៥:​១៣, ៣៣) កាល​អ្នក​ចាប់​ផ្ដើម​ក្រេប​យក​ចំណេះ​ដ៏​សំខាន់​ជា​ទីបំផុត​នេះ អ្នក​គឺ​កំពុង​តែ​ប្រារព្ធ​ធ្វើ​ការ​ខំ​ប្រឹងប្រែង​ដ៏​សំខាន់ ដែល​នឹង​ផ្ដល់​លទ្ធផល​ដ៏​ពេញ​ចិត្ត​ជា​ទីបំផុត​នៃ​ជីវិត​អ្នក។ អ្នក​នឹង​មិន​ដែល​ស្ដាយ​ឡើយ ដែល​អ្នក​បាន​ចំណេះ​អំពី​ព្រះ ជា​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។

១៩ យើង​បាន​និយាយ​សំដៅ​ទៅ​ព្រះ​គម្ពីរ ថា​ជា​សៀវភៅ​ដែល​មាន​ចំណេះ​អំពី​ព្រះ។ ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​ថា​គឺ​ពិត​ជា​ដូច្នេះ​មែន គឺ​ថា​ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​អំពី​ប្រាជ្ញា​មនុស្ស តែ​ជា​របស់​មួយ​ដ៏​ល្អ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់? យើង​នឹង​ពិចារណា​សំនួរ​នេះ​នៅ​ជំពូក​បន្ទាប់។

សាកល្បង​ចំណេះ​របស់​អ្នក

ហេតុ​អ្វី​បាន​ជា​ចំណេះ​នៃ​ព្រះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល​អស់កល្ប​ជានិច្ច?

តើ​ជីវិត​នឹង​មាន​សភាព​យ៉ាង​ណា​ក្នុង​សួន​មនោរម្យ​លើ​ផែនដី​ដែល​ជិត​មក​ដល់​ហើយ​នេះ?

ហេតុ​អ្វី​ក៏​អ្នក​នឹង​បាន​ផល​ប្រយោជន៍​ពី​ការ​ក្រេប​យក​ចំណេះ​អំពី​ព្រះ​ក្នុង​គ្រា​ឥឡូវ​នេះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១, ២​. តើ​ព្រះ​អាទិទេព​របស់​អ្នក ទ្រង់​ចង់​ឲ្យ​អ្នក​បាន​អ្វី?

៣​. តើ​ចំណេះ​អ្វី​ដែល​ជា​កូនសោ​សំរាប់​សុភមង្គល ហើយ​ហេតុ​អ្វី​យើង​អាច​ដឹង​ជា​ប្រាកដ ថា​ព្រះ​អាច​ផ្ដល់​ចំណេះ​នោះ​បាន?

៤​. ហេតុ​អ្វី​យើង​គួរ​គិត​ថា ព្រះ​ទ្រង់​គួរ​ផ្ដល់​សេចក្ដី​បង្គាប់​ដើម្បី​ណែនាំ​យើង ហើយ​តើ​សៀវភៅ​អ្វី​ដែល​­បំពេញ​សេចក្ដី​ត្រូវ​ការ​នេះ?

៥​. តើ​ចំណេះ​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​តម្លៃ​យ៉ាង​ណា?

៦​. តើ​ព្រះ​យេស៊ូ​បាន​ឲ្យ​សេចក្ដី​រ៉ាប់​រង​អ្វី ចំពោះ​ចំណេះ​អំពី​ព្រះ?

៧​. តើ​មាន​ទី​សំអាង​អ្វី ដែល​ថា​ព្រះ​មិន​បាន​បម្រុង​ឲ្យ​យើង​ស្លាប់​ទេ​នោះ?

៨​. តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា អំពី​អនាគត​របស់​មនុស្ស​ជាតិ?

៩​. តើ​ការ​រស់​នៅ​ក្នុង​សួន​មនោរម្យ​ដើម​ដំបូង មាន​សភាព​យ៉ាង​ណា?

១០​. ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​សួន​មនោរម្យ តើ​ទ្រង់​ចង់​ប្រាប់​អំពី​អ្វី?

១១​. ក្នុង​សួន​មនោរម្យ​ដែល​បាន​ត្រូវ​តាំង​ឡើង​វិញ តើ​អ្វី​នឹង​កើត​ឡើង​ដល់​ជម្ងឺ ជរា​ភាព និង​សេចក្ដី​ស្លាប់?

១២​. ហេតុ​អ្វី​យើង​អាច​ដឹង​ជា​ប្រាកដ​ថា​នឹង​ឥត​មាន​បទ​ឧក្រិដ្ឋ អំពើ​ឃោរឃៅ និង​អំពើ​អាក្រក់​នៅ​ក្នុង​សួន​មនោរម្យ​ពេល​អនាគត?

១៣​. តើ​ព្រះ​នឹង​បណ្ដាល​ឲ្យ​សន្ដិភាព​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

១៤, ១៥​. តើ​ព្រះ​គម្ពីរ​និយាយ​យ៉ាង​ណា អំពី​ផ្ទះ​សម្បែង ការងារ និង​ចំណី​អាហារ ក្នុង​សួន​មនោរម្យ​ដែល​បាន​ត្រូវ​តាំង​ឡើង​វិញ​នោះ?

១៦​. ហេតុ​អ្វី​ជីវិត​ក្នុង​សួន​មនោរម្យ​នឹង​បាន​សប្បាយ​រីករាយ?

១៧​. (ក) តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា បើ​ជីវិត​ក្នុង​សួន​មនោរម្យ​គឺ​ចាប់​អារម្មណ៍​ដល់​អ្នក? (ខ) តើ​ម្ដេច​បាន​ជា​យើង​ដឹង​ថា​ព្រះ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​ជា​ច្រើន​លើ​ផែនដី?

១៨​. តើ​ចំណេះ​អំពី​ព្រះ​អាច​ធ្វើ​អ្វី​ខ្លះ​ដល់​អ្នក​ក្នុង​គ្រា​ឥឡូវ​នេះ?

១៩​. តើ​យើង​នឹង​ពិចារណា​សំនួរ​អ្វី​នៅ​ជំពូក​បន្ទាប់?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក