មេរៀនទី៥
តើព្រះមានគោលបំណងអ្វីសម្រាប់ផែនដី?
១. ហេតុអ្វីព្រះបង្កើតផែនដី?
ព្រះយេហូវ៉ាបានបង្កើតផែនដីដើម្បីឲ្យមនុស្សរស់នៅ។ ផែនដីជាទីលំនៅរបស់យើង។ ដូច្នេះ ព្រះមិនបានបង្កើតអាដាមនិងអេវ៉ាដែលជាមនុស្សមួយគូដំបូងឲ្យរស់នៅឯស្ថានសួគ៌ទេ។ ផ្ទុយទៅវិញ មុនព្រះបង្កើតមនុស្ស លោកបានបង្កើតទេវតាឲ្យរស់នៅស្ថានសួគ៌រួចហើយ។ (យ៉ូប ៣៨:៤, ៧) ព្រះបានឲ្យមនុស្សដំបូងរស់នៅក្នុងសួនឧទ្យានមួយ ហៅថាសួនច្បារអេដែន។ (លោកុប្បត្តិ ២:១៥-១៧) ព្រះយេហូវ៉ាបានផ្ដល់លទ្ធភាពឲ្យគាត់ និងកូនចៅដែលគាត់នឹងមានឲ្យរស់នៅដោយសប្បាយជារៀងរហូតនៅផែនដី។—សូមអាន ទំនុកតម្កើង ៣៧:២៩; ១១៥:១៦
នៅដើមដំបូង មានតែសួនច្បារអេដែនមួយប៉ុណ្ណោះដែលជាសួនឧទ្យាន។ ប្ដីប្រពន្ធដំបូងនេះត្រូវបង្កើតកូនឲ្យមានពេញផែនដី។ បន្ទាប់មក ពួកគេត្រូវថែរក្សា ហើយរៀបចំផែនដីទាំងមូលឲ្យទៅជាសួនឧទ្យាន។ (លោកុប្បត្តិ ១:២៨) ផែនដីនឹងមិនត្រូវបំផ្លាញឡើយ ហើយនឹងជាទីលំនៅរបស់មនុស្សជារៀងរហូត។—សូមអាន ទំនុកតម្កើង ១០៤:៥
សូមមើលវីដេអូ ហេតុអ្វីព្រះបានបង្កើតផែនដី?
២. ហេតុអ្វីនៅសព្វថ្ងៃនេះផែនដីមិនមែនជាសួនឧទ្យាន?
ដោយសារអាដាមនិងអេវ៉ាមិនស្ដាប់តាមព្រះយេហូវ៉ា នោះព្រះក៏បណ្ដេញពួកគេចេញពីសួនច្បារនោះ។ ហេតុនេះហើយ សួនឧទ្យានក៏បាត់បង់ទៅ។ គ្មានមនុស្សណាម្នាក់ដែលអាចធ្វើឲ្យមានសួនឧទ្យានឡើងវិញបានទេ។ គម្ពីររៀបរាប់ថា៖ «ផែនដីនេះបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃមនុស្សអាក្រក់ហើយ»។—យ៉ូប ៩:២៤—សូមអាន លោកុប្បត្តិ ៣:២៣, ២៤
តើព្រះយេហូវ៉ាបានបំភ្លេចចោលគោលបំណងដើមដែលលោកមានចំពោះមនុស្សជាតិឬទេ? អត់ទេ! លោកជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ លោកមិនដែលបរាជ័យឡើយ។ (អេសាយ ៤៥:១៨) លោកនឹងធ្វើឲ្យគោលបំណងដើមដែលលោកមានចំពោះមនុស្សជាតិបានសម្រេច។—សូមអាន ទំនុកតម្កើង ៣៧:១១, ៣៤
៣. តើនឹងមានសួនឧទ្យានឡើងវិញតាមរបៀបណា?
ក្នុងអំឡុងការគ្រប់គ្រងរបស់លោកយេស៊ូដែលជាស្តេចរបស់ព្រះ លោកនឹងធ្វើឲ្យមានសួនឧទ្យានឡើងវិញនៅផែនដី។ លោកយេស៊ូនឹងដឹកនាំបណ្ដាទេវតារបស់ព្រះ ដើម្បីបំផ្លាញចោលអស់អ្នកដែលប្រឆាំងនឹងព្រះនៅក្នុងសង្គ្រាមមួយហៅថា ហាម៉ាគេដូន។ បន្ទាប់មក លោកយេស៊ូនឹងឃុំវិញ្ញាណកំណាចដែលហៅថាសាថានទុក១.០០០ឆ្នាំ។ ដោយសារលោកយេស៊ូនឹងណែនាំ ហើយការពាររាស្ត្ររបស់ព្រះ នោះពួកគេនឹងរួចជីវិតពីការបំផ្លាញចោល។ ពួកគេនឹងមានជីវិតដែលគ្មានទីបញ្ចប់នៅផែនដីដែលជាសួនឧទ្យាន។—សូមអាន ការបើកបង្ហាញ ២០:១-៣; ២១:៣, ៤
៤. តើពេលណានឹងលែងមានទុក្ខវេទនាទៀត?
លោកអ្នកប្រហែលជាឆ្ងល់ថា តើពេលណាដែលព្រះនឹងបំបាត់ចោលអំពើអាក្រក់ចេញពីផែនដី? លោកយេស៊ូបានឲ្យ«សញ្ញាសម្គាល់»ដែលជួយយើងឲ្យដឹងថា ទីបញ្ចប់គឺជិតដល់ហើយ។ ស្ថានភាពរបស់ពិភពលោកសព្វថ្ងៃនេះអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំងឡាយបាន ហើយនេះក៏បង្ហាញដែរថា យើងកំពុងរស់នៅ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។—សូមអាន ម៉ាថាយ ២៤:៣, ៧-១៤, ២១, ២២
ក្នុងអំឡុងពេល១.០០០ឆ្នាំដែលលោកយេស៊ូគ្រប់គ្រងមកលើផែនដីនេះ លោកនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់។ (អេសាយ ៩:៦, ៧; ១១:៩) ក្រៅពីតំណែងជាស្តេច លោកយេស៊ូក៏មានតំណែងជាសម្ដេចសង្ឃផងដែរ។ លោកនឹងបំបាត់ចោលនូវកំហុសឆ្គងរបស់អស់អ្នកដែលស្រឡាញ់ព្រះ។ តាមរយៈលោកយេស៊ូ ព្រះនឹងធ្វើឲ្យជំងឺ ភាពចាស់ជរា និងសេចក្ដីស្លាប់វិនាសសាបសូន្យទៅ។—សូមអាន អេសាយ ២៥:៨; ៣៣:២៤
៥. តើអ្នកណាខ្លះនឹងរស់នៅក្នុងសួនឧទ្យាននាអនាគត?
នៅឯសាលប្រជុំ លោកអ្នកនឹងជួបមនុស្សដែលស្រឡាញ់ព្រះ ហើយចង់រៀនអំពីរបៀបដែលធ្វើឲ្យលោកពេញចិត្ត
មនុស្សដែលស្ដាប់បង្គាប់ព្រះនឹងរស់នៅក្នុងសួនឧទ្យាន។ (យ៉ូហានទី១ ២:១៧) លោកយេស៊ូបានចាត់អ្នកកាន់តាមលោកឲ្យស្វែងរកមនុស្សរាបសា ហើយបង្រៀនអ្នកទាំងនោះអំពីរបៀបដែលអាចធ្វើឲ្យព្រះពេញចិត្ត។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាកំពុងរៀបចំឲ្យមនុស្សរាប់លាននាក់រស់នៅក្នុងសួនឧទ្យាននៅផែនដីនាអនាគត។ (សេផានា ២:៣) នៅសាលប្រជុំរបស់សាក្សីព្រះយេហូវ៉ា មនុស្សអាចរៀនឲ្យក្លាយជាប្ដីនិងជាឪពុកល្អ ហើយឲ្យក្លាយជាប្រពន្ធនិងជាម្ដាយល្អជាងផងដែរ។ នៅទីនោះកូនៗនិងឪពុកម្ដាយគោរពប្រណិប័តន៍ព្រះជាមួយគ្នា ហើយពួកគេរៀនអំពីរបៀបដែលដំណឹងល្អអាចជួយពួកគេឲ្យមានជីវិតប្រសើរឡើង។—សូមអាន មីកា ៤:១-៤