ពេលស្លាប់ តើវិញ្ញាណរស់តទៅទៀតទេ?
តើយើងគ្រាន់តែមានរូបរាង? ឬមួយក៏មានអ្វីនៅក្នុងយើងក្រៅពីធាតុទាំងបួន ទឹក ដី ភ្លើងនិងខ្យល់? តើយើងកើត ចាស់ ឈឺ ស្លាប់តែប៉ុណ្ណោះ? ឬមួយក៏មានអ្វីចាកចេញពីរូបកាយពេលស្លាប់?
សាសនាទាំងឡាយមានជំនឿប្រហាក់ប្រហែលគ្នាស្តីអំពីស្ថានភាពនៃមនុស្សស្លាប់។ ស្ទើរតែគ្រប់សាសនាទាំងអស់ជឿថា មានអ្វីមួយក្នុងមនុស្សដែលនៅរស់តទៅទៀត ទោះបីជាពួកគេមិនឯកភាពថា អ្វីមួយនោះទៅទីណាក៏ដោយ។ មនុស្សជាច្រើនហៅ «អ្វីមួយនោះ»ថា ជាវិញ្ញាណដែលនៅរស់ក្រោយពីស្លាប់។ តើលោកអ្នកជឿយ៉ាងណា? តើមនុស្សមានវិញ្ញាណមែនទេ? តើវិញ្ញាណចាកចេញពីរូបកាយពេលស្លាប់ទេ? តើវិញ្ញាណជាអ្វី? តើវិញ្ញាណទៅទីណា?
‹បើឥតមានវិញ្ញាណ រូបកាយស្លាប់ហើយ›
ក្នុងគម្ពីរបរិសុទ្ធ ពាក្យភាសាហេព្រើរនិងភាសាក្រិចដែលគេបកប្រែថា «វិញ្ញាណ»នោះ មានន័យចំៗថា «ដង្ហើម»ឬ«ខ្យល់»។ ប៉ុន្តែ ពាក្យ«វិញ្ញាណ»បង្កប់អត្ថន័យច្រើនជាងនេះ មិនត្រឹមតែការដកដង្ហើមប៉ុណ្ណោះទេ។ ជាឧទាហរណ៍ គម្ពីរចែងថា៖ «រូបកាយ បើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយ»។ (យ៉ាកុប ២:២៦) ដូច្នេះ មនុស្សមានជីវិតពីព្រោះមានវិញ្ញាណ។ រីឯវិញ្ញាណគឺជាថាមពលឬកម្លាំងម្យ៉ាងដែលធ្វើឲ្យយើងរស់រវើក។
បើយើងគិតពីអ្វីដែលកើតឡើងពេលមនុស្សឈប់ដកដង្ហើម នេះអាចជួយយើងឲ្យយល់ថា វិញ្ញាណមិនសំដៅទៅលើដង្ហើមឬខ្យល់ក្នុងសួតយើងទេ។ ជួនកាល មនុស្សអាចផ្លុំខ្យល់បញ្ចូលទៅក្នុងសួតរបស់អ្នកដែលឈប់ដកដង្ហើមមួយរយៈខ្លី ហើយអ្នកនោះក៏ដឹងខ្លួនឡើងវិញ។ ហេតុអ្វី? ពីព្រោះកោសិការបស់គាត់នៅសល់កម្លាំងជីវិត។ ប៉ុន្តែ ពេលកម្លាំងជីវិតផុតទៅ គ្មាននរណាអាចជួយគាត់ឲ្យដកដង្ហើមបានទៀតទេ។ មិនថាគេផ្លុំខ្យល់ច្រើនប៉ុណ្ណាក៏ដោយ ពេលកោសិកាអស់កម្លាំងជីវិត រូបកាយក៏លែងរស់បានទៀត។ បើដូច្នេះ វិញ្ញាណគឺជាថាមពលឬកម្លាំងដែលធ្វើឲ្យកោសិកាក្នុងខ្លួនមនុស្សយើងនៅមានជីវិត។ ចាប់ពីពេលដែលកូនកកើតតាំងពីក្នុងផ្ទៃម្ដាយមកម្ល៉េះ វាទទួលថាមពលនោះពីឪពុកម្ដាយរួចជាស្រេច ហើយក្រោយៗមកក៏រក្សាកម្លាំងជីវិតនៅក្នុងខ្លួនដោយដកដង្ហើម។—យ៉ូប ៣៤:១៤, ១៥
តើមនុស្សម្នាក់ៗមានវិញ្ញាណខុសប្លែកពីមនុស្សឯទៀតទេ? ឬមួយក៏ តើក្នុងខ្លួនមនុស្សទាំងឡាយមានថាមពលដូចៗគ្នាទេ? គម្ពីរព្រះក៏ឆ្លើយសំណួរទាំងនេះបានយ៉ាងច្បាស់លាស់ដែរ។ ស្តេចមួយអង្គដែលជាអ្នកប្រាជ្ញម្នាក់ ឈ្មោះសាឡូម៉ូន គាត់វែកញែកហេតុផលដែលបង្ហាញថា អ្វីៗទាំងអស់ដែលមានជីវិតក្នុងខ្លួន សុទ្ធតែមានវិញ្ញាណដូចៗគ្នា។ គាត់មានប្រសាសន៍ថា៖ «ការដែលកើតដល់មនុស្សជាតិ នោះក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំង២ពួក។ ពួក១ស្លាប់យ៉ាងណា ពួក១ទៀតក៏ស្លាប់យ៉ាងនោះ។ អើ! គេមានដង្ហើមជីវិត[ឬភាសាដើមថា «វិញ្ញាណ»]ដូចគ្នាទាំងអស់។ . . . គ្រប់ទាំងអស់ទៅឯកន្លែងតែ១ប៉ុណ្ណោះ។ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញទៀត។ តើមានអ្នកណាដឹងបានថា វិញ្ញាណនៃមនុស្សឡើងទៅលើ ហើយវិញ្ញាណរបស់សត្វចុះទៅក្នុងដីវិញឬទេ?»។ (សាស្ដា ៣:១៩-២១) ត្រូវមែន! មនុស្សនិងសត្វសុទ្ធតែមានវិញ្ញាណឬថាមពលប្រហាក់ប្រហែលគ្នា។
វិញ្ញាណក្នុងរូបកាយអាចប្រៀបប្រដូចទៅនឹងចរន្តអគ្គីសនី ដែលធ្វើឲ្យឧបករណ៍ផ្សេងៗដំណើរការបាន។ ពេលឧបករណ៍ណាមួយមានចរន្តអគ្គីសនីដែលយើងមើលមិនឃើញ ឧបករណ៍នោះមានដំណើរការបានស្របទៅតាមគម្រោងការណ៍របស់អ្នកផលិត។ ជាឧទាហរណ៍ ពេលបើកភ្លើង នោះអំពូលចេញពន្លឺ កង្ហារវិល វិទ្យុបញ្ចេញសំឡេង ទូរទស្សន៍ចេញរូប ហើយកំព្យូទ័រដើរបាន។ យ៉ាងណាក៏ដោយ ចរន្តអគ្គីសនីមិនអាចក្លាយទៅជាអំពូល កង្ហារ វិទ្យុ ទូរទស្សន៍ឬកំព្យូទ័រឡើយ។ ចរន្តអគ្គីសនីនៅតែជាថាមពលដដែល។ វិញ្ញាណឬថាមពលក្នុងខ្លួនមនុស្សក៏ដូចគ្នាដែរ។ វិញ្ញាណក្នុងខ្លួនយើងមិនមានលក្ខណៈនិងរូបសម្បត្ដិទេ។ វិញ្ញាណនេះគ្មានសមត្ថភាពគិតគូរ ហើយក៏គ្មានអារម្មណ៍អ្វីឡើយ ពីព្រោះគ្រាន់តែជាថាមពលប៉ុណ្ណោះ។ មនុស្សនិងសត្វមានវិញ្ញាណដូចគ្នា។ ដូច្នេះ ពេលមនុស្សស្លាប់ វិញ្ញាណមិនទៅនៅភពផ្សេង ហាក់ដូចជាអាចរស់នៅដាច់ដោយឡែកពីរូបកាយឡើយ។
ពេលស្លាប់ តើវិញ្ញាណទៅណា?
សៀវភៅសាស្ដា ១២:៧ ចែងថា ពេលស្លាប់ ‹ធូលីត្រឡប់ជាដីដូចដើមវិញ នឹងវិញ្ញាណត្រឡប់ទៅឯព្រះដែលបានប្រទានវិញ្ញាណនោះមក›។ ក៏ប៉ុន្តែ នេះមិនមានន័យថា វិញ្ញាណចេញពីរូបកាយហើយធ្វើដំណើរហោះទៅឯព្រះទេ។ ដើម្បីឲ្យយល់ច្បាស់ សូមគិតអំពីអ្វីដែលព្រះយេហូវ៉ាបានប្រាប់បណ្ដាជនអ៊ីស្រាអែល តាមរយៈបុរសម្នាក់ឈ្មោះម៉ាឡាគីដែលជាអ្នកថ្លែងទំនាយ។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ចូរវិលមកឯខ្ញុំវិញចុះ! នោះខ្ញុំនឹងត្រឡប់មកឯអ្នកដែរ›។ (ម៉ាឡាគី ៣:៧) បណ្ដាជនអ៊ីស្រាអែលត្រូវ«វិលមក»ឯព្រះយេហូវ៉ាវិញ ក្នុងន័យថាត្រូវឈប់ប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើតាមបង្គាប់របស់ព្រះដែលតម្រូវឲ្យពួកគេប្រព្រឹត្តដោយសុចរិត។ ជាលទ្ធផល ព្រះយេហូវ៉ានឹង«ត្រឡប់»មកឯបណ្ដាជនអ៊ីស្រាអែលវិញ ក្នុងន័យថាលោកពេញចិត្តចំពោះពួកគេ។ ក្នុងករណីទាំងពីរនេះ គ្មាននរណាម្នាក់បានធ្វើដំណើរទៅណាទេ។ ពាក្យ«ត្រឡប់»ក្នុងន័យនេះ សំដៅទៅលើការកែប្រែទស្សនៈប៉ុណ្ណោះ។ យ៉ាងនេះ យើងអាចឃើញថា ពេលគម្ពីរប្រើពាក្យ«ត្រឡប់» ជួនកាលមិនសំដៅទៅលើដំណើរការពីកន្លែងមួយទៅកន្លែងមួយទៀតនោះទេ។
ស្រដៀងគ្នាដែរ ពេលស្លាប់ ‹វិញ្ញាណត្រឡប់ទៅឯព្រះដែលបានប្រទានវិញ្ញាណនោះមក›ក្នុងន័យថា ពេលមនុស្សលែងមានវិញ្ញាណឬកម្លាំងជីវិត មានតែព្រះប៉ុណ្ណោះ ដែលអាចប្រោសអ្នកស្លាប់ឲ្យរស់ម្ដងទៀត។ ពីព្រោះតាំងពីដំបូងមក ព្រះជាអ្នកផ្ដល់ឲ្យមានវិញ្ញាណឬជីវិតនោះ។ នេះបានសេចក្ដីថា អនាគតរបស់មនុស្សស្លាប់ គឺស្រេចទៅលើព្រះយេហូវ៉ាទាំងស្រុង។
សូមពិនិត្យមើលឧទាហរណ៍មួយ ដោយគិតពីពេលដែលព្រះយេស៊ូគ្រិស្តទទួលមរណភាព។ កំណត់ហេតុក្នុងដំណឹងល្អដែលលោកលូកាបានសរសេរ ចែងថា៖ ‹ព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា៖ «ឱបិតាអើយ! ខ្ញុំសូមប្រគល់វិញ្ញាណដល់បិតាវិញ»។ កាលព្រះយេស៊ូនិយាយពាក្យទាំងនេះរួចហើយ នោះលោកផុតដង្ហើមទៅ›។ (លូកា ២៣:៤៦) ពេលដែលព្រះយេស៊ូទទួលមរណភាព ហើយវិញ្ញាណឬកម្លាំងជីវិតរបស់លោកបានរលត់ទៅ នោះព្រះយេស៊ូមិនបានឡើងទៅឯបិតាលោកនៅស្ថានសួគ៌ទេ។ តាមការពិត គេបញ្ចុះសពព្រះយេស៊ូនៅក្នុងផ្នូរ ហើយលោកមិនដឹងខ្លួនសោះ រហូតដល់ថ្ងៃទីបី ទើបព្រះយេហូវ៉ាប្រោសលោកឲ្យរស់ឡើងវិញ។ (សាស្ដា ៩:៥, ១០) សូម្បីតែក្រោយពេលដែលព្រះយេស៊ូបានរស់ឡើងវិញ លោកក៏មិនបានឡើងទៅស្ថានសួគ៌ភ្លាមដែរ។ ផ្ទុយទៅវិញ «ក្នុងរវាង៤០ថ្ងៃ» ព្រះយេស៊ូបាន‹សំដែងអង្គលោកមកទាំងរស់›ឲ្យពួកសិស្សឃើញ។ ក្រោយមក ទើបព្រះយេហូវ៉ាបាន‹លើកព្រះយេស៊ូឡើងទៅ›ឯស្ថានសួគ៌។ (កិច្ចការ ១:៣, ៩) មុនពេលដែលព្រះយេស៊ូផុតដង្ហើម លោកបាន‹ប្រគល់វិញ្ញាណដល់បិតា›ក្នុងន័យថា ទុកចិត្តទាំងស្រុងទៅលើសមត្ថភាពរបស់ព្រះយេហូវ៉ា ក្នុងការប្រោសលោកឲ្យរស់ឡើងវិញ។
តើវិញ្ញាណជាអ្វី?
យ៉ាងនេះ គម្ពីរព្រះពន្យល់យ៉ាងច្បាស់អំពីវិញ្ញាណថាជាកម្លាំងជីវិត។ ខ្យល់ដកដង្ហើមជាអ្វីដែលចាំបាច់ដើម្បីទ្រទ្រង់កម្លាំងជីវិត។ ដូច្នេះ ពេលស្លាប់ វិញ្ញាណក៏សូន្យទៅដែរ។
អាស្រ័យហេតុនេះ មនុស្សស្លាប់គ្មានសេចក្ដីសង្ឃឹមចំពោះពេលអនាគតទេ លើកលែងតែព្រះប្រោសពួកគេឲ្យរស់ឡើងវិញ។ ក្នុងគម្ពីរមានសេចក្ដីសន្យាថា៖ «កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមកដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេង[ព្រះយេស៊ូ] ហើយនឹងចេញមក»។ (យ៉ូហាន ៥:២៨, ២៩) ដូច្នេះ សេចក្ដីសង្ឃឹមពិតចំពោះមនុស្សស្លាប់ គឺការប្រោសឲ្យរស់ឡើងវិញ មិនមែនជាវិញ្ញាណអមតៈនោះឡើយ។
គឺសំខាន់ចាំបាច់ណាស់! ឲ្យយើងរៀននូវសេចក្ដីពិតអំពីគ្រាដែលព្រះនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ចំណេះអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រិស្តក៏សំខាន់ណាស់ដែរ។ (យ៉ូហាន ១៧:៣) នាតំបន់លោកអ្នក ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានចិត្តសប្បាយនឹងបង្រៀនគម្ពីរ ដើម្បីជួយលោកអ្នកឲ្យយល់កាន់តែច្រើនអំពីព្រះយេហូវ៉ា ព្រះយេស៊ូ និងសេចក្ដីសន្យារបស់ព្រះ។ យើងសូមអញ្ជើញលោកអ្នកឲ្យទៅជួបពួកស្មរបន្ទាល់ព្រះយេហូវ៉ាដោយខ្លួនឯង ឬសរសេរសំបុត្រជូនចំពោះអង្គការដែលបោះពុម្ពទស្សនាវដ្ដីនេះក៏បាន។
[រូបភាពនៅទំព័រ៤]
មនុស្សនិងសត្វទាំងអស់គ្នាមានវិញ្ញាណតែមួយ
[អ្នកផ្ដល់សិទ្ធិ]
Goat: CNPC—Centro Nacional de Pesquisa de Caprinos (Sobral, CE, Brasil)