បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៣ ទំ. ១៦-២០
  • ព្រះយេហូវ៉ាប្រុងស្ដាប់សម្រែករបស់យើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាប្រុងស្ដាប់សម្រែករបស់យើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពេល​យើង​រង​ទុក្ខ ព្រះ​យេហូវ៉ា​យល់​អារម្មណ៍
  • ចូរ​ពឹង​ព្រះ​យេហូវ៉ា​ចុះ!
  • ចំណុច​ដ៏​គួរ​ឲ្យ​ចង​ចាំ​ដើម្បី​មាន​កម្លាំង​ស៊ូទ្រាំ
  • រួច​ពី​ទុក្ខ​វេទនា​ទាំង​អស់!
  • ចូរទុកចិត្ដលើព្រះយេហូវ៉ាជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ព្រះយេហូវ៉ា‹ជាទីអាងសំរាប់យើងក្នុងគ្រាដែលមានសេចក្ដីលំបាក›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ការទុកចិត្ដព្រះយេហូវ៉ាទាំងស្រុងនាំឲ្យមានសេចក្ដីសុខ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើអ្នកអាចធ្វើអ្វីពេលអ្នកខ្វល់ចិត្ត?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៣ ទំ. ១៦-២០

ព្រះ​យេហូវ៉ា​ប្រុង​ស្ដាប់​សម្រែក​របស់​យើង

​«ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ​កាណ៌​ទ្រង់​ក៏​ប្រុង​ស្ដាប់​សំរែក​របស់​គេ»។—ទំនុក. ៣៤:១៥

១, ២​. (ក) នៅ​សព្វ​ថ្ងៃ​នេះ តើ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​យ៉ាង​ណា? (ខ) ម្ដេច​ក៏​ស្ថានភាព​នេះ​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល?

តើ​អ្នក​កំពុង​រង​ទុក្ខ​លំបាក​ទេ? តាម​ការ​ពិត មនុស្ស​រាប់​លាន​នាក់​កំពុង​ស៊ូទ្រាំ​នឹង​ទុក្ខ​វេទនា​ផ្សេងៗ​ដែរ។ ជីវិត​សព្វ​ថ្ងៃ​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ​តម្រូវ​ឲ្យ​យើង​ខំ​ពុះពារ​ទាំង​លំបាក​ផង ក្រោម​ស្ថានការណ៍​ដែល​គាប​សង្កត់​យើង។ អ្នក​ខ្លះ​ស្ទើរតែ​ទ្រាំ​មិន​បាន​ទេ។ ពួក​គេ​មាន​អារម្មណ៍​ដូច​ស្តេច​ដាវីឌ​ដែល​បាន​តែង​បទ​ទំនុកដំកើង​ថា​៖ «ទូល​បង្គំ​ហេវ​ហើយ​ត្រូវ​ជាំ​ជា​ខ្លាំង ទូល​បង្គំ​បាន​ថ្ងូរ​ដោយ​ព្រោះ​សេចក្ដី​ថែ​ថប់​ក្នុង​ចិត្ត។ ចិត្ត​ទូល​បង្គំ​កំរើក​ជា​ខ្លាំង ហើយ​កំឡាំង​នៃ​ទូល​បង្គំ​ក៏​អន់​ថយ។ ឯ​ពន្លឺ​នៃ​ភ្នែក​ទូល​បង្គំ នោះ​ក៏​ងងឹត​ទៅ»។—ទំនុក. ៣៨:៨, ១០

២ ដោយ​សារ​អ្វី​ដែល​យើង​បាន​រៀន​ជា​គ្រិស្ត​សាសនិក យើង​មិន​ភ្ញាក់​ផ្អើល​ទេ ចំពោះ​ទុក្ខ​លំបាក​ដែល​មនុស្ស​មាន​ក្នុង​ជីវិត។ យើង​យល់​ថា សញ្ញា​ដែល​ព្រះ​យេស៊ូ​ទាយ​ថា​នឹង​សម្គាល់​គ្រា​ដែល​ទ្រង់​យាង​មក​និង​មាន​វត្តមាន​នោះ គឺ​រួម​បញ្ចូល​«ទុក្ខ​វេទនា»​ផង​ដែរ។ (ម៉ាក. ១៣:​៨; ម៉ាថ. ២៤:៣) ពាក្យ​ភាសា​ដើម​ដែល​បកប្រែ​ថា «ទុក្ខ​វេទនា»​នោះ សំដៅ​ទៅ​លើ​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ពេល​សម្រាល​កូន។ ពាក្យ​នោះ​ពិពណ៌នា​យ៉ាង​ច្បាស់​លាស់ នូវ​ទុក្ខ​វេទនា​ដែល​មនុស្ស​មាន​ក្នុង​អំឡុង​«គ្រា​លំបាក»​នេះ។—២ធី. ៣:១

ពេល​យើង​រង​ទុក្ខ ព្រះ​យេហូវ៉ា​យល់​អារម្មណ៍

៣​. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​អំពី​អ្វី​ខ្លះ?

៣ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​ថា ពួក​គេ​មិន​អាច​ជៀស​វាង​ទាំង​ស្រុង​ពី​ទុក្ខ​វេទនា​ដែល​មាន​ជា​ទូទៅ។ តាម​ការ​ពិត ពួក​គេ​ទទួល​ស្គាល់​ថា ស្ថានភាព​ទាំង​នេះ​មុខ​ជា​នឹង​កើន​ឡើង​ហើយ​កាន់​តែ​អាក្រក់​ទៅៗ។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​រង​ទុក្ខ​លំបាក​ដូច​មនុស្ស​ទូទៅ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ប្រឈម​មុខ​នឹង​«អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ» ហើយ​វា​មាន​បំណង​បង្ខូច​ជំនឿ​របស់​យើង​ថែម​ទៀត។ (១ពេ. ៥:​៨) អាស្រ័យ​ហេតុ​នេះ មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ​បើ​យើង​មាន​អារម្មណ៍​ដូច​ដាវីឌ​ដែល​បាន​សរសេរ​ថា​៖ «សេចក្ដី​ត្មះ​តិះដៀល​បាន​ញាំ​ញី​ចិត្ត​ទូល​បង្គំ ក៏​មាន​សេចក្ដី​ទំងន់​សង្កត់​នៅ​ពេញ​ក្នុង​ខ្លួន​ហើយ។ ទូល​បង្គំ​បាន​គន់​រក​អ្នក​ណា​ដែល​នឹង​អាណិត​មេត្ដា តែ​ឥត​មាន​១​សោះ ក៏​ស្វែង​រក​អ្នក​ណា​ដែល​នឹង​កំសាន្ត​ចិត្ត តែ​មិន​ឃើញ​១​ទេ!»។—ទំនុក. ៦៩:២០

៤​. ពេល​មាន​ទុក្ខ​វេទនា តើ​អ្វី​អាច​សម្រាល​ទុក្ខ​យើង?

៤ តើ​ទស្សនៈ​របស់​ដាវីឌ​បង្កប់​អត្ថន័យ​ថា គាត់​អស់​សង្ឃឹម​ទេ? មិន​មែន​ទេ។ សូម​កត់​សម្គាល់​អ្វី​ដែល​គាត់​សរសេរ​ត​ទៅ​ទៀត​ក្នុង​បទ​ទំនុក​នោះ​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​ប្រោស​ស្ដាប់​មនុស្ស​កំសត់​ទុគ៌ត ហើយ​មិន​ដែល​មើល​ងាយ​ដល់​ពួក​អ្នក​របស់​ទ្រង់​ដែល​ត្រូវ​គេ​ចាប់​ចង​ឡើយ»។ (ទំនុក. ៦៩:៣៣) ជួន​កាល​យើង​ក៏​អាច​មាន​អារម្មណ៍​ថា ខ្លួន​យើង​ហាក់​ដូច​ជា​មាន​ទុក្ខ​លំបាក​ចាប់​ចង​និង​យាយី​ខ្លួន។ រីឯ​អ្នក​ដទៃ គឺ​អាច​មើល​ទៅ​ដូច​ជា​ពួក​គេ​មិន​យល់​ពី​ទុក្ខ​វេទនា​របស់​យើង ហើយ​តាម​ការ​ពិត ប្រហែល​ជា​ពួក​គេ​មិន​យល់​មែន! ប៉ុន្តែ​ដូច​ដាវីឌ ពេល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ជ្រាប​ពី​ទុក្ខ​វេទនា​របស់​យើង នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​វិញ។—ទំនុក. ៣៤:១៥

៥​. តើ​ស្តេច​សាឡូម៉ូន​មាន​ទំនុក​ចិត្ត​យ៉ាង​ណា​ទៅ​លើ​ព្រះ​យេហូវ៉ា?

៥ ពេល​បុត្រ​របស់​ដាវីឌ ឈ្មោះ​សាឡូម៉ូន បាន​ធ្វើ​ពិធី​សម្ពោធន៍​វិហារ​នៅ​ទី​ក្រុង​យេរូសាឡិម គាត់​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ជ្រាប​ពី​ទុក្ខ​វេទនា​របស់​យើង​មែន! (សូម​អាន របាក្សត្រទី២ ៦:២៩​-​៣១) សាឡូម៉ូន​បាន​សូម​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ប្រុង​ស្ដាប់ ពេល​មនុស្ស​ម្នាក់ៗ​ដែល​មាន​ចិត្ត​ស្មោះ​ស​អធិដ្ឋាន​សូម​ជំនួយ​ពី​ទ្រង់ ដោយ​សារ​ពួក​គេ​មាន​«សេចក្ដី​វេទនា​នឹង​សេចក្ដី​ទុក្ខ​លំបាក»។ ពេល​ឮ​ការ​អធិដ្ឋាន​របស់​មនុស្ស​ម្នាក់ៗ​ដែល​កើត​ទុក្ខ​នោះ តើ​ព្រះ​យេហូវ៉ា​ធ្វើ​យ៉ាង​ណា? ពាក្យ​របស់​សាឡូម៉ូន​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​គាត់​ថា ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ប្រុង​ស្ដាប់​ប៉ុណ្ណោះ តែ​ទ្រង់​ក៏​ចាត់​វិធានការ​ដើម្បី​ជួយ​ពួក​គេ​ផង​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​សុខ​ចិត្ត​ជួយ​យ៉ាង​នោះ? គឺ​ដោយ​សារ​ទ្រង់​«ជ្រាប​ចិត្ត​នៃ​ពួក​មនុស្ស​លោក​ទាំង​អស់»។

៦​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ​នឹង​កង្វល់? តើ​ចំណេះ​នេះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

៦ ដូច​គ្នា​ដែរ យើង​អាច​អធិដ្ឋាន​ហើយ​ប្រាប់​ព្រះ​យេហូវ៉ា​ពី​«សេចក្ដី​វេទនា​នឹង​សេចក្ដី​ទុក្ខ​លំបាក»​របស់​យើង​ផ្ទាល់។ ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​ជ្រាប​ពី​កង្វល់​និង​យល់​ពី​អារម្មណ៍​ក្នុង​ចិត្ត​យើង ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ផង នេះ​គួរ​ជួយ​សម្រាល​ទុក្ខ​យើង​មែន! សាវ័ក​ពេត្រុស​បាន​បញ្ជាក់​ចំណុច​នេះ​ដែរ ដោយ​សរសេរ​ថា​៖ «ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។ (១ពេ. ៥:៧) ពេល​មាន​ទុក្ខ​លំបាក ព្រះ​យេហូវ៉ា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​មែន! ព្រះ​យេស៊ូ​ក៏​បាន​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​យើង ដោយ​មាន​ប្រសាសន៍​ថា​៖ «តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ។ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ។ យ៉ាង​នោះ មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន»។—ម៉ាថ. ១០:២៩​-​៣១

ចូរ​ពឹង​ព្រះ​យេហូវ៉ា​ចុះ!

៧​. តើ​អាច​ទុក​ចិត្ត​ថា​យើង​នឹង​ទទួល​ជំនួយ​បែប​ណា?

៧ យើង​ប្រាកដ​ជា​អាច​ជឿ​ថា ទោះ​ជា​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​បែប​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ជួយ​យើង ហើយ​ទ្រង់​ក៏​មាន​សមត្ថភាព​ជួយ​យើង​មែន! «ព្រះ​ទ្រង់​ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន»។ (ទំនុក. ៣៤:​១៥​-​១៨; ៤៦:១) តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​តាម​របៀប​ណា? សូម​ពិនិត្យ​មើល​អ្វី​ដែល​ចែង​ទុក​ក្នុង​សៀវភៅ​កូរិនថូស​ទី១ ១០:១៣ ដែល​ថា​៖ «ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន»។ ព្រះ​យេហូវ៉ា​អាច​ដក​ទុក្ខ​វេទនា​ចេញ​ក៏​បាន ឬ​មួយ​ក៏​ទ្រង់​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​ចេះ​ស៊ូទ្រាំ​វិញ។ ដូច្នេះ មិន​ថា​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​មួយ​ណា​ក៏​ដោយ ទ្រង់​តែង​តែ​ផ្ដល់​ជំនួយ​ឲ្យ​យើង។

៨​. តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា?

៨ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា? សូម​កត់​សម្គាល់​ដំបូន្មាន​នេះ​ដែល​ថា​៖ ‹ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​ទៅ​លើ​ទ្រង់›។ នេះ​បាន​សេចក្ដី​ថា ក្នុង​ន័យ​ធៀប យើង​ត្រូវ​តែ​ប្រគល់​ដល់​ព្រះ​យេហូវ៉ា​ទាំង​ស្រុង នូវ​ភារកិច្ច​ដោះស្រាយ​កង្វល់​និង​ទុក្ខ​ព្រួយ​របស់​យើង។ យើង​លែង​ភ័យ​ព្រួយ​ទៀត ហើយ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ។ (ម៉ាថ. ៦:២៥​-​៣២) ទំនុក​ចិត្ត​បែប​នេះ​តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​រាប​ទាប ដោយ​មិន​ពឹងផ្អែក​ទៅ​លើ​កម្លាំង​និង​ប្រាជ្ញា​របស់​ខ្លួន​ឡើយ។ ពេល​យើង​បន្ទាប​ខ្លួន​«នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ»​របស់​ព្រះ​យេហូវ៉ា យើង​ទទួល​ស្គាល់​ថា យើង​គ្មាន​សមត្ថភាព​ស្មើ​នឹង​ទ្រង់​ទេ។ (សូម​អាន ពេត្រុសទី១ ៥:៦) ស្មារតី​បែប​នេះ​ក៏​អាច​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​ជួប​ប្រទះ។ យើង​ច្បាស់​ជា​សង្ឃឹម​ថា ព្រះ​យេហូវ៉ា​នឹង​ដក​ចេញ​ភ្លាមៗ​នូវ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា។ ប៉ុន្តែ យើង​ក៏​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​ជ្រាប​ពី​របៀប​និង​ពេល​ដែល​ល្អ​បំផុត​ឲ្យ​ទ្រង់​ចាត់​វិធានការ។—ទំនុក. ៥៤:៧; អេសា. ៤១:១០

៩​. តើ​ដាវីឌ​បាន​ផ្ទេរ​បន្ទុក​បែប​ណា​ទៅ​លើ​ព្រះ​យេហូវ៉ា?

៩ សូម​នឹក​ចាំ​ពាក្យ​របស់​ដាវីឌ​ដែល​បាន​សរសេរ​ក្នុង​បទ​ទំនុកដំកើង​ទី​៥៥:២២ ដែល​ថា​៖ «ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ»។ ដាវីឌ​បាន​សរសេរ​បទ​ទំនុក​នោះ​ក្នុង​គ្រា​ដែល​គាត់​កំពុង​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ (ទំនុក. ៥៥:៤) យើង​យល់​ថា ដាវីឌ​បាន​សរសេរ​ទំនុក​នោះ​ពេល​ដែល​បុត្រ​លោក ឈ្មោះ​អាប់សាឡំម មាន​ល្បិច​សម្ងាត់​ដើម្បី​ដណ្ដើម​រាជ្យ​ពី​បិតា។ លោក​អ័ហ៊ីថូផែល ដែល​ពី​មុន​ជា​បុរោ​ហិត​ឬ​អ្នក​ជំនិត​ដែល​ដាវីឌ​ទុក​ចិត្ត​ជាង​គេ ក៏​បាន​ពួត​ដៃ​ជា​មួយ​នឹង​អាប់​សា​ឡំម។ រួច​មក ដាវីឌ​ត្រូវ​រត់​គេច​ពី​ទី​ក្រុង​យេរូសាឡិម ដើម្បី​រួច​រស់​ជីវិត។ (២សាំ. ១៥:១២​-​១៤) សូម្បី​តែ​ក្រោម​កាលៈទេសៈ​ដ៏​ពិបាក​បែប​នោះ​ក្ដី ដាវីឌ​នៅ​តែ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​មែន!

១០​. ពេល​រង​ទុក្ខ​វេទនា តើ​ចាំបាច់​ឲ្យ​យើង​ធ្វើ​អ្វី?

១០ ទោះ​ជា​យើង​រង​ទុក្ខ​វេទនា​បែប​ណា​ក៏​ដោយ គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​ប្រព្រឹត្ត​ដូច​ដាវីឌ ហើយ​អធិដ្ឋាន​សូម​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ សូម​ពិនិត្យ​មើល​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ឲ្យ​យើង​ធ្វើ​ក្នុង​ករណី​នេះ។ (សូម​អាន ភីលីព ៤:៦, ៧) តើ​ការ​អង្វរ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? ការ​អង្វរ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​ទទួល​«សេចក្ដី​សុខសាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការពារ​ចិត្ត​ហើយ​នឹង​គំនិត​របស់​[យើង]​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។

១១​. តើ​«សេចក្ដី​សុខសាន្ត​របស់​ព្រះ»​ការពារ​ចិត្ត​និង​គំនិត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១១ តើ​ការ​អង្វរ​ព្រះ​យេហូវ៉ា​អាច​កែ​ប្រែ​កាលៈទេសៈ​របស់​យើង​ភ្លាម​ទេ? ប្រហែល​ជា​កាលៈទេសៈ​របស់​យើង​នឹង​ប្រែ​ប្រួល​មែន។ ក៏​ប៉ុន្តែ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​មិន​តែង​តែ​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ស្រប​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​យើង​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ការ​អធិដ្ឋាន​រមែង​ជួយ​យើង​ឲ្យ​ចេះ​គិត​ដោយ​ថ្លឹង​ថ្លែង ហើយ​នេះ​ក៏​ជួយ​កុំ​ឲ្យ​កង្វល់​របស់​យើង​សង្គ្រុប​ចិត្ត​ទាំង​ស្រុង។ «សេចក្ដី​សុខ​សាន្ត​របស់​ព្រះ»​អាច​ជួយ​យើង​ឲ្យ​មាន​ភាព​នឹងនរ សូម្បី​តែ​ពេល​ដែល​យើង​មាន​អារម្មណ៍​ពិបាក​ដែល​ប្រៀប​ដូច​ជា​បន្ទុក​ដ៏​ធ្ងន់។ «សេចក្ដី​សុខសាន្ត​របស់​ព្រះ»​នឹង​ការពារ​ចិត្ត​និង​គំនិត​របស់​យើង ប្រៀប​ដូច​ជា​កងទ័ព​ដែល​ការពារ​ទី​ក្រុង កុំ​ឲ្យ​ខ្មាំង​សត្រូវ​រុក​រាន​ទន្ទ្រាន​ចូល​ឡើយ។ ចិត្ត​សុខសាន្ត​ក៏​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​គំនិត​មិន​ល្អ ដែល​ចេះ​តែ​ភ័យ​ព្រួយ​និង​ខ្វល់ខ្វាយ។ យ៉ាង​នេះ យើង​នឹង​មិន​ប្រព្រឹត្ត​ដោយ​ឥត​បើ​គិត ឬ​រហ័ស​ធ្វើ​អ្វី​ដោយ​មិន​គិត​មុខ​គិត​ក្រោយ​ឡើយ។—ទំនុក. ១៤៥:១៨

១២​. សូម​រៀប​រាប់​ពី​ឧទាហរណ៍​មួយ ដែល​បង្ហាញ​ពី​អ្វី​ដែល​អាច​នាំ​ឲ្យ​មាន​ចិត្ត​សុខសាន្ត។

១២ ពេល​យើង​រង​ទុក្ខ​វេទនា តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​សុខសាន្ត? សូម​គិត​អំពី​ឧទាហរណ៍​មួយ​នេះ ដែល​បញ្ជាក់​ពី​លទ្ធផល​ល្អ​ដែល​មក​ពី​ការ​អង្វរ​សូម​ជំនួយ។ ឧបមា​ថា កម្មករ​រោងចក្រ​ម្នាក់​ធ្វើ​ការ​ក្រោម​អំណាច​អ្នក​ចាត់ការ​ដែល​កាច​អាក្រក់។ ប៉ុន្តែ នៅ​ថ្ងៃ​មួយ កម្មករ​នោះ​មាន​ឱកាស​ជួប​ជា​មួយ​ថៅកែ​រោងចក្រ ដែល​ជា​មនុស្ស​ស្លូត​ហើយ​ចេះ​យោគ​យល់។ ពេល​កម្មករ​ប្រាប់​ដោយ​ចំហ​ពី​អារម្មណ៍​របស់​ខ្លួន ថៅកែ​ក៏​យល់​ចិត្ត​កម្មករ និង​ពន្យល់​ថា បន្ដិច​ទៀត​ថៅកែ​នឹង​ដក​អ្នក​ចាត់ការ​នោះ​ចេញ។ ពេល​ឮ​ដំណឹង​នេះ តើ​កម្មករ​មាន​អារម្មណ៍​យ៉ាង​ណា? ដោយ​សារ​កម្មករ​ទុក​ចិត្ត​ថា ថៅកែ​នឹង​ធ្វើ​អន្តរាគមន៍​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​មែន គាត់​មាន​កម្លាំង​ចិត្ត​ធ្វើ​ការ​ត​ទៅ​ទៀត ទោះ​ជា​គាត់​ត្រូវ​តែ​រង​ទុក្ខ​មួយ​រយៈ​ក្នុង​ចន្លោះ​ពេល​នោះ​ក្ដី។ ស្រដៀង​គ្នា​ដែរ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​យល់​អំពី​ទុក្ខ​លំបាក​ដែល​យើង​ជួប​ប្រទះ ហើយ​ទ្រង់​ធានា​ថា មិន​យូរ​ប៉ុន្មាន​ទៀត «ចៅហ្វាយ​របស់​លោកីយ​នេះ​ក៏​ត្រូវ​បោះ​ចោល​ចេញ»។ (យ៉ូន. ១២:៣១) ចំណេះ​ដឹង​នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន!

១៣​. ក្រោយ​បាន​អធិដ្ឋាន​ហើយ តើ​យើង​គួរ​តែ​ធ្វើ​អ្វី?

១៣ បើ​ដូច្នេះ តើ​គ្រប់គ្រាន់​ឲ្យ​យើង​អធិដ្ឋាន​និង​ប្រាប់​ព្រះ​យេហូវ៉ា​ពី​បញ្ហា​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ? មិន​គ្រប់គ្រាន់​ទេ។ យើង​ក៏​ត្រូវ​តែ​ចាត់​វិធានការ​ផ្ទាល់​ខ្លួន សម​ស្រប​នឹង​អ្វី​ដែល​យើង​បាន​អធិដ្ឋាន។ ពេល​ស្តេច​សូល​បាន​ចាត់​អ្នក​ពិឃាត​ឲ្យ​ទៅ​ឯ​ផ្ទះ​របស់​ដាវីឌ​ដើម្បី​សម្លាប់​គាត់ ដាវីឌ​បាន​អធិដ្ឋាន​ថា​៖ «ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ! សូម​ទ្រង់​ជួយ​ឲ្យ​ទូល​បង្គំ​រួច​ពី​ពួក​ខ្មាំង​សត្រូវ។ សូម​ការពារ​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល​បង្គំ។ សូម​ជួយ​ទូល​បង្គំ​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សង្គ្រោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ដែល​កំចាយ​ឈាម»។ (ទំនុក. ៥៩:១, ២) ដាវីឌ​មិន​គ្រាន់​តែ​អធិដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​ស្ដាប់​តាម​ភរិយា​របស់​ខ្លួន ហើយ​បាន​ចាត់​វិធានការ​ដោយ​រត់​ឲ្យ​រួច។ (១សាំ. ១៩:១១, ១២) ដូច​គ្នា​ដែរ យើង​ក៏​អាច​អធិដ្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ ព្រម​ទាំង​រក​វិធី​បន្ធូរ​បន្ថយ​ស្ថានការណ៍​ដែល​ធ្វើ​ទុក្ខ​ផង។—យ៉ា. ១:៥

ចំណុច​ដ៏​គួរ​ឲ្យ​ចង​ចាំ​ដើម្បី​មាន​កម្លាំង​ស៊ូទ្រាំ

១៤​. ពេល​យើង​ជួប​ប្រទះ​នឹង​កាលៈទេសៈ​ដ៏​ពិបាក តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ?

១៤ ប្រហែល​ជា​ព្រះ​យេហូវ៉ា​មិន​ដក​ចេញ​ទុក្ខ​វេទនា​របស់​យើង​ភ្លាមៗ​ទេ តែ​អនុញ្ញាត​ឲ្យ​យើង​រង​ទុក្ខ​យូរ​បន្ដិច​ទៀត​ក៏​មិន​ដឹង។ បើ​ដូច្នេះ តើ​យើង​អាច​មាន​កម្លាំង​ដើម្បី​ស៊ូទ្រាំ​បាន​យ៉ាង​ដូច​ម្ដេច? ចំណុច​ទី​មួយ​ដ៏​គួរ​ឲ្យ​ចង​ចាំ​ដើម្បី​មាន​កម្លាំង​ស៊ូទ្រាំ គឺ​ថា ពេល​យើង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ឥត​ឈប់​ឈរ​ទោះ​ជា​មាន​ទុក្ខ​លំបាក​ក្ដី យើង​កំពុង​បង្ហាញ​ថា យើង​ពិត​ជា​ស្រឡាញ់​ទ្រង់​មែន។ (កិច្ច. ១៤:២២) សូម​ចាំ​ពាក្យ​របស់​សាតាំង ដែល​ចោទ​ប្រឆាំង​ថា​៖ «តើ​យ៉ូប​ពិត​ជា​គោរព​កោត​ខ្លាច​ព្រះ​អង្គ​ដោយ​សុទ្ធ​ចិត្ត​មែន​ឬ? តាម​ពិត គាត់​គោរព​ព្រះ​អង្គ​ដូច្នេះ មក​ពី​ព្រះ​អង្គការ​ពារ​គាត់​និង​ផ្ទះ​សំ​បែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន។ ព្រះ​អង្គ​ប្រទាន​ពរ​អោយ​គាត់​បាន​ចំរើន​ក្នុង​កិច្ច​ការ​ដែល​គាត់​ធ្វើ ហើយ​ក៏​ប្រទាន​អោយ​ហ្វូង​សត្វ​របស់​គាត់ កើន​ចំនួន​ច្រើន​ពាស​ពេញ​ស្រុក​ដែរ។ ប្រសិន​បើ​ព្រះ​អង្គ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នោះ​គាត់​មុខ​ជា​ប្រមាថ​ព្រះ​អង្គ​មិន​ខាន!»។ (យ៉ូប ១:៩​-​១១, ខ.ស.) ដោយ​សារ​យ៉ូប​បាន​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា គាត់​បង្ហាញ​ថា អ្វី​ដែល​សាតាំង​ចោទ​នោះ សុទ្ធតែ​ជា​ពាក្យ​មិន​ពិត។ ពេល​យើង​ស៊ូទ្រាំ​នឹង​កាលៈទេសៈ​ដ៏​ពិបាក យើង​ក៏​មាន​ឱកាស​ផ្ដល់​ទី​សំអាង​ថា សាតាំង​ជា​អ្នក​កុហក។ ជា​លទ្ធផល ការ​ស៊ូទ្រាំ​ដោយ​ខ្ជាប់ខ្ជួន​នោះ ផ្ដល់​ហេតុ​ឲ្យ​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​បន្ថែម​ទៅ​ទៀត និង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ច្បាស់​លាស់​ផង។—យ៉ា. ១:៤

១៥​. តើ​គំរូ​របស់​អ្នក​ណា​ខ្លះ​ដែល​អាច​ពង្រឹង​កម្លាំង​ចិត្ត​យើង?

១៥ ចំណុច​ទី​ពីរ​ដ៏​គួរ​ឲ្យ​ចង​ចាំ​ដើម្បី​មាន​កម្លាំង​ស៊ូទ្រាំ គឺ​ថា «បង​ប្អូន​[«រួម​ជំនឿ​ឯ​ទៀតៗ»]​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ»។ (១ពេ. [១ពត្រ.] ៥:៩; ខ.ស.) ត្រូវ​មែន «គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ដល់​[យើង]​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ល្បួង​ដែល​[«មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ»]»។ (១កូ. [១ករ.] ១០:១៣; ខ.ស.) ដូច្នេះ យើង​អាច​មាន​កម្លាំង​ចិត្ត​និង​ចិត្ត​ក្លាហាន​ឡើង ដោយ​រំពឹង​គិត​ពី​គំរូ​របស់​បង​ប្អូន​ឯ​ទៀត ជា​ជាង​គិត​ពី​បញ្ហា​ដែល​យើង​កំពុង​ជួប​ប្រទះ។ (១ថែ. ១:៥​-​៧; ហេ. ១២:១) ចូរ​ឆ្លៀត​ពេល​ដើម្បី​គិត​អំពី​គំរូ​របស់​អស់​អ្នក​ដែល​បាន​ស៊ូទ្រាំ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទោះ​ជា​មាន​ទុក្ខ​វេទនា​ដ៏​ឈឺ​ចាប់​ក៏​ដោយ។ ប្រហែល​ជា​យើង​អាច​ស្រាវជ្រាវ​ជីវប្រវត្ដិ​នៃ​បង​ប្អូន​ដែល​បាន​បោះ​ពុម្ព​ក្នុង​សៀវភៅ​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា ហើយ​អាន​បទ​ពិសោធន៍​របស់​ពួក​គាត់​ដែល​បាន​ឆ្លង​កាត់​ការ​ពិបាក​ដូច​យើង​ដែរ។ ទង្វើ​បែប​នេះ​អាច​ពង្រឹង​កម្លាំង​ចិត្ត​យើង​បាន។

១៦​. ពេល​យើង​ជួប​ប្រទះ​ទុក្ខ​លំបាក​ផ្សេងៗ តើ​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច?

១៦ ចំណុច​ទី​បី​ដ៏​គួរ​ឲ្យ​ចង​ចាំ​ដើម្បី​មាន​កម្លាំង​ស៊ូទ្រាំ គឺ​ថា ព្រះ​យេហូវ៉ា​ជា​«បិតា​ដ៏​មាន​សេចក្ដី​មេត្ដា​ករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា​ក្នុង​គ្រប់​ទាំង​សេចក្ដី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត​ក្នុង​អស់​ទាំង​សេចក្ដី​វេទនា​របស់​គេ​បាន​ដែរ។ គឺ​ដោយ​សារ​សេចក្ដី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ»។ (២កូ. ១:៣, ៤) នេះ​មាន​ន័យ​ថា គឺ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​ឈរ​នៅ​ក្បែរ​យើង​ដើម្បី​លើក​ទឹក​ចិត្ត​និង​ពង្រឹង​កម្លាំង​ចិត្ត​យើង មិន​គ្រាន់​តែ​ពេល​ឥឡូវ​នេះ​ដែល​យើង​កើត​ទុក្ខ​ទេ តែ​‹ក្នុង​គ្រប់​ទាំង​សេចក្ដី​វេទនា›​ផង។ ជា​លទ្ធផល យើង​ក៏​អាច​ជួយ​សម្រាល​ទុក្ខ​អ្នក​ដទៃ‹ក្នុង​អស់​ទាំង​សេចក្ដី​វេទនា›របស់​ពួក​គេ​ផង​ដែរ។ បទ​ពិសោធន៍​របស់​ប៉ុល​បង្ហាញ​ពី​សច្ចភាព​នៃ​ពាក្យ​ទាំង​នេះ។—២កូ. ៤:៨, ៩; ១១:២៣​-​២៧

១៧​. តើ​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ​ការ​ពិបាក​ដែល​យើង​មាន​ក្នុង​ជីវិត​យ៉ាង​ដូច​ម្ដេច?

១៧ ចំណុច​ទី​បួន​ដ៏​គួរ​ឲ្យ​ចង​ចាំ​ដើម្បី​មាន​កម្លាំង​ស៊ូទ្រាំ គឺ​ថា យើង​មាន​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ហើយ​ព័ត៌មាន​ក្នុង​គម្ពីរ​«មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់​នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។ (២ធី. ៣:១៦, ១៧) បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ជួយ​យើង​ឲ្យ​មាន​‹លក្ខណៈ​ល្អ›​និង​ចេះ​«ធ្វើ​ការ​ល្អ»​ប៉ុណ្ណោះ​ទេ។ បណ្ដាំ​របស់​ទ្រង់​ក៏​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ​ការ​ពិបាក​ដែល​យើង​មាន​ក្នុង​ជីវិត។ ដូច្នេះ ដោយ​សារ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា យើង​អាច​មាន​លក្ខណៈ‹គ្រប់​លក្ខណ៍› ហើយ​មាន​‹គ្រប់​ទាំង​ចំណេះ›ផង។ ពាក្យ​ភាសា​ដើម​ដែល​បកប្រែ​ថា «គ្រប់​ទាំង​ចំណេះ»​នោះ មាន​ន័យ​ចំៗ​ថា «មាន​គ្រប់​សព្វ​ហើយ»។ នៅ​សម័យ​បុរាណ គេ​ប្រើ​ពាក្យ​នេះ​ពេល​សំដៅ​ទៅ​លើ​នាវា​ដែល​មាន​សម្ភារៈ​គ្រប់​បែប​យ៉ាង​ដែល​ជា​ចាំបាច់​ដើម្បី​ធ្វើ​ដំណើរ​កាត់​មហា​សា​គរ។ ឬ​មួយ​ក៏ ពាក្យ​នេះ​អាច​សំដៅ​ទៅ​លើ​ឧបករណ៍​ប្រើ​ប្រាស់​ដែល​ងាយ​ប្រើ​ដើម្បី​សម្រេច​ការ​ណា​មួយ។ ដូច​គ្នា​ដែរ ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ទ្រង់​ប្រទាន​ព័ត៌មាន​ដែល​យើង​ត្រូវ​ការ​ដើម្បី​ឲ្យ​ចេះ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​បែប​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត។ អាស្រ័យ​ហេតុ​នេះ យើង​អាច​មាន​ទស្សនៈ​ថា «បើ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជួប​ប្រទះ​ទុក្ខ​លំបាក​នេះ ខ្ញុំ​អាច​ស៊ូទ្រាំ​បាន ដោយ​ពឹង​ទៅ​លើ​ជំនួយ​ពី​ទ្រង់»។

រួច​ពី​ទុក្ខ​វេទនា​ទាំង​អស់!

១៨​. តើ​យើង​គួរ​ចង​ចាំ​អ្វី​ទៀត ដើម្បី​ឲ្យ​មាន​កម្លាំង​ស៊ូទ្រាំ​ដោយ​ចិត្ត​ស្មោះ​ត្រង់?

១៨ ចំណុច​ទី​ប្រាំ​ដ៏​គួរ​ឲ្យ​អស្ចារ្យ​ដែល​យើង​ចង​ចាំ​ដើម្បី​មាន​កម្លាំង​ស៊ូទ្រាំ គឺ​ថា មិន​យូរ​ប៉ុន្មាន​ទៀត​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​រួច​ពី​ទុក្ខ​វេទនា​ទាំង​អស់! (ទំនុក. ៣៤:១៩; ៣៧:៩​-​១១; ២ពេ. ២:​៩) នៅ​ទីបំផុត ព្រះ​យេហូវ៉ា​នឹង​មិន​គ្រាន់​តែ​ជួយ​យើង​ឲ្យ​រួច​ពី​ទុក្ខ​វេទនា​ប៉ុណ្ណោះ តែ​នឹង​ផ្ដល់​ឱកាស​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ទៀត​ផង មិន​ថា​នៅ​ឯ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​យេស៊ូ ឬ​ក្នុង​សួនមនោរម​នៅ​ផែនដី​ក្ដី។

១៩​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ​ដោយ​ចិត្ត​ស្មោះ​ត្រង់?

១៩ ទម្រាំ​ដល់​ពេល​នោះ យើង​នឹង​ជួប​ប្រទះ​ទុក្ខ​វេទនា​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ​ត​ទៅ​ទៀត។ ដូច្នេះ យើង​ពិត​ជា​សង្វាត​ចង់​បាន​គ្រា​នោះ​ណាស់! (ទំនុក. ៥៥:៦​-​៨) ចូរ​ឲ្យ​យើង​ចង​ចាំ​ថា ការ​ស៊ូទ្រាំ​ដោយ​ចិត្ត​ស្មោះ​ត្រង់​ផ្ដល់​ទី​សំ​អាង​ថា សាតាំង​ជា​អ្នក​កុហក។ ចូរ​ឲ្យ​យើង​ទទួល​កម្លាំង​ដែល​មក​ពី​ការ​អធិដ្ឋាន​ផង និង​ពី​បង​ប្អូន​រួម​ជំនឿ​ផង ដោយ​ចាំ​ថា​ពួក​គេ​កំពុង​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ដូច​យើង​ដែរ។ ណា​មួយ​ទៀត ចូរ​ឲ្យ​យើង​មាន​លក្ខណៈ​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ​ផង ដោយ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​អាន​គម្ពីរ។ កុំ​ឲ្យ​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែល​ស្រឡាញ់​និង​«កំ​សាន្ត​ចិត្ត​[យើង]​គ្រប់​ជំពូក»​ចុះ​ខ្សោយ​ឡើយ។ ចូរ​យើង​ចាំ​ថា «ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ​កាណ៌​ទ្រង់​ក៏​ប្រុង​ស្ដាប់​សំ​រែក​របស់​គេ»​ជានិច្ច។—ទំនុក. ៣៤:១៥

តើ​អ្នក​អាច​ឆ្លើយ​បាន​ទេ?

• តើ​ដាវីឌ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ទុក្ខ​លំបាក​ដែល​គាត់​ជួប​ប្រទះ?

• តើ​ស្តេច​សាឡូម៉ូន​បាន​បង្ហាញ​ទំនុក​ចិត្ត​បែប​ណា?

• ដើម្បី​មាន​កម្លាំង​ស៊ូទ្រាំ​នឹង​អ្វី​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​ជួប​ប្រទះ តើ​យើង​គួរ​ចង​ចាំ​អ្វី​ខ្លះ?

[រូបភាព​នៅ​ទំព័រ​១៧]

សាឡូម៉ូន​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ ដើម្បី​ជួយ​រាស្ត្រ​ទ្រង់​ដែល​កើត​ទុក្ខ

[រូបភាព​នៅ​ទំព័រ​១៨]

ក្នុង​ការ​អធិដ្ឋាន ដាវីឌ​បាន​ផ្ទេរ​បន្ទុក​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​មក​គាត់​បាន​ចាត់​វិធានការ​ផ្ទាល់​ខ្លួន សម​ស្រប​នឹង​អ្វី​ដែល​គាត់​បាន​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក