«សង្គ្រាមដែលបង្ការមិនឲ្យមានសង្គ្រាមទៀត!»
‹ខ្ញុំសន្យាថា នេះហើយជាសង្គ្រាមចុងក្រោយបង្អស់! ជាសង្គ្រាមដែលបង្ការមិនឲ្យមានសង្គ្រាមទៀត! ជាសង្គ្រាម ដែលរក្សាលទ្ធិប្រជាធិបតេយ្យសម្រាប់មនុស្សទាំងអស់ មួយដងជាសម្រេច›។ —នេះជាសម្ដីរបស់ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក (ឆ្នាំ១៩១៣-១៩២១) ឈ្មោះWOODROW WILSON។
ប្រមាណជិត៩០ឆ្នាំទៅហើយ ដែលសង្គ្រាមលោកលើកទី១បានរលត់ផុតទៅ មនុស្សទូទាំងពិភពលោកសង្ឃឹមថានឹងលែងមានសង្គ្រាមទៀត! ដោយសារសង្គ្រាមលោកលើកទី១ជាសង្គ្រាមដ៏សាហាវព្រៃផ្សៃ អស់អ្នកដែលបានឆ្លងកាត់សង្គ្រាមនោះបង្ខំចិត្តជឿថា អ្វីៗដែលគេបានពលីដើម្បីឈ្នះខ្មាំងសត្រូវ ពិតជានាំឲ្យមានប្រយោជន៍ជាយូរអង្វែងដល់មនុស្សទាំងអស់។ ក៏ប៉ុន្តែ កម្រណាស់ដែលសង្គ្រាមអាចទប់ស្កាត់សង្គ្រាម និងដោះស្រាយទំនាស់បាន។
ទោះជាប្រធានាធិបតីនោះមានប្រសាសន៍អះអាងដូចនៅខាងលើក្ដី ប្រមាណជា២០ឆ្នាំក្រោយមក មានសង្គ្រាមលោកផ្ទុះឡើងម្ដងទៀត ដែលជាសង្គ្រាមលោកលើកទី២វិញ! សង្គ្រាមលោកលើកទី២បានបណ្ដាលឲ្យមនុស្សស្លាប់កាន់តែច្រើន និងនាំឲ្យមានការហិនហោចច្រើនជាងសង្គ្រាមលោកលើកទី១ទៅទៀត។ ក្នុងអំឡុង២០ឆ្នាំក្រោយសង្គ្រាមលោកលើកទី១ បច្ចេកវិជ្ជារបស់មនុស្សជាតិបានជឿនលឿនយ៉ាងច្រើនដល់ម្ល៉េះបានជាគេអាចផលិតគ្រឿងអាវុធទំនើបៗដែលអាចបំផ្លាញជីវិតមនុស្សរឹតតែច្រើនក្នុងមួយប៉ប្រិចភ្នែក។ នៅជិតដំណាច់សង្គ្រាមលោកលើកទី២ អ្នកដឹកនាំប្រទេសធំៗក្នុងពិភពលោកនេះទទួលស្គាល់ថា ទប់ស្កាត់សង្គ្រាមពិតជាការពិបាកមែន!
ពេលអធិរាជជប៉ុនប្រកាសចុះចាញ់នៅឆ្នាំ១៩៤៥ ឧត្តមសេនីយ៍ជនជាតិអាម៉េរិក (ឈ្មោះDouglas MacArthur) ពោលថា៖ «យើងត្រូវតែឈប់ធ្វើសង្គ្រាម និងបង្កើតឲ្យមានរបៀបរៀបរយដែលលែងប្រកាន់ពូជសាសន៍ទៀត។ បើមិនអ៊ីចឹងទេ ប្រយ័ត្នមានសង្គ្រាមអើម៉ាគេដូន!»។
ឧត្តមសេនីយ៍នោះដឹងអំពីការហិនហោចដែលជាលទ្ធផលពីគ្រាប់បែកបរមាណូពីរគ្រាប់ ដែលគេបានទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ានិងក្រុងណាកាសាគីនៅប្រទេសជប៉ុន មិនយូរប៉ុន្មានមុនទីបញ្ចប់នៃសង្គ្រាមលោកលើកទី២។ ពេលប្រើពាក្យ«អើម៉ាគេដូន» គាត់នឹកទៅដល់សេចក្ដីហិនវិនាសដ៏គួរឲ្យខ្លោចផ្សាដែលមាននៅទីក្រុងទាំងពីរនោះ ហើយមានទស្សនៈថា សង្គ្រាមអើម៉ាគេដូនជាសង្គ្រាមនុយក្លេអ៊ែរដែលនឹងបំផ្លាញជីវិតនៅភពផែនដីទាំងមូល។
រហូតមកដល់សព្វថ្ងៃនេះ មនុស្សទូទាំងពិភពលោកនៅតែព្រួយបារម្ភថា នឹងមានសង្គ្រាមនុយក្លេអ៊ែរបំផ្លាញយើងសាបសូន្យអស់។ ក្រោយឆ្នាំ១៩៦០ មហាអំណាចនានាក្នុងពិភពលោកបានរៀបចំយុទ្ធវិធីដែលយោងទៅតាមទស្សនៈរបស់ពួកគេ«ធានាថា ពិតជាស្លាប់ទាំងអស់គ្នា» បើប្រទេសមួយណាហ៊ានប្រើអាវុធនុយក្លេអ៊ែរ។ គេមានគម្រោងផលិតអាវុធនុយក្លេអ៊ែរឲ្យបានច្រើន ដែលល្មមនឹងសម្លាប់ជីវិតបណ្ដាជនស៊ីវិល២៥ភាគរយ និងបំផ្លាញ៥០ភាគរយខាងផ្នែកឧស្សាហកម្ម មិនថាប្រទេសមួយណាជាអ្នកផ្ដើមសង្គ្រាមមុនក៏ដោយ។ ផែនការនេះរៀបចំឡើងដើម្បីទប់ស្កាត់សង្គ្រាម បានធ្វើឲ្យមនុស្សមួយចំនួនតិចប៉ុណ្ណោះ មានចិត្តស្រាកស្រាន្ត។
នៅសព្វថ្ងៃ អាវុធនុយក្លេអ៊ែរមានកាន់តែច្រើនឡើងៗ ហើយចំនួនមនុស្សដែលស្លាប់ដោយសារសង្គ្រាមស៊ីវិលក្នុងប្រទេសរបស់ខ្លួន ក៏មិនអាចរាប់បានដែរ។ មនុស្សទូទាំងពិភពលោកនៅតែបារម្ភថា ជាការងាយស្រួលណាស់ឲ្យសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង។ ទោះជាមនុស្សទន្ទឹងចាំទីបញ្ចប់នៃសង្គ្រាមក៏ដោយ គេមិនជឿថាអាចមានផែនការឬសង្គ្រាមផ្ដាច់ព្រ័ត្រណាមួយដែលបង្ការមិនឲ្យមានសង្គ្រាមទៀតឡើយ។
យ៉ាងណាក៏ដោយ គម្ពីរបរិសុទ្ធរៀបរាប់អំពីសង្គ្រាមដ៏ពិសេស ជាសង្គ្រាមផ្ដាច់ព្រ័ត្រដែលនឹងបង្ការមិនឲ្យមានសង្គ្រាមទៀត! ក្នុងគម្ពីរ សង្គ្រាមនេះហៅថាសង្គ្រាម«អើម៉ាគេដូន» ដែលអ្នកខ្លះមានទស្សនៈថា ជាសង្គ្រាមនុយក្លេអ៊ែរ។ តើសង្គ្រាមអើម៉ាគេដូននឹងទប់ស្កាត់សង្គ្រាមយ៉ាងដូចម្ដេច? អត្ថបទជាបន្ទាប់នឹងឆ្លើយសំណួរនេះ។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
DTRA Photo
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ១]
COVER: Index Stock Photography © 2002