ទំនាយនៃព្រឹត្ដិការណ៍ដែលទាក់ទងនឹងសម័យយើង
គម្ពីរទាយថារាជាណាចក្ររបស់ព្រះនឹងនាំឲ្យមានសន្ដិសុខនិងសុភមង្គលជាអចិន្ត្រៃយ៍នៅផែនដី។ (ដានីយ៉ែល ២:៤៤) ព្រះយេស៊ូបង្រៀនសិស្សទ្រង់ឲ្យអធិដ្ឋានថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) នៅក្នុងទំនាយដ៏សំខាន់របស់ព្រះយេស៊ូដែលបានប្រាប់ដល់សិស្សនៅភ្នំដើមអូលីវ ទ្រង់បានទាយពីព្រឹត្ដិការណ៍និងស្ថានការណ៍ជាក់លាក់ខ្លះៗបន្ដិចមុនពេលរាជ្យទ្រង់ធ្វើអន្តរាគមន៍មកលើផែនដី។ លក្ខណៈទាំងអស់នេះរួមបញ្ចូលគ្នាជាសញ្ញាសម្គាល់ដែលនឹងត្រូវឃើញច្បាស់ដោយពួកអ្នកដែលទទួលស្គាល់ការពិត។ តើអ្នកបានឃើញលក្ខណៈផ្សេងៗនៃសញ្ញាសម្គាល់ដែលនឹងរៀបរាប់ដូចតទៅនេះទេ?
សង្គ្រាមរវាងប្រទេសផ្សេងៗ។ ព្រះយេស៊ូបានទាយថា៖ «សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១»។ (ម៉ាថាយ ២៤:៧) មុនសង្គ្រាមលោកលើកទី១នៅឆ្នាំ១៩១៤ នោះជាធម្មតាមានសង្គ្រាមរវាងប្រទេសជិតខាងគ្នា។ ប៉ុន្តែសង្គ្រាមលោកលើកទី១គឺមានទំហំធំ មានប្រទេសជាច្រើនបានចូលរួម ហើយក៏មានការផលិតយ៉ាងលឿននូវគ្រឿងសស្ដ្រាវុធដែលអាចសម្លាប់មនុស្សច្រើនសន្ធឹក ដែលមនុស្សជាតិមិនដែលជួបប្រទះឡើយ។ ជាឧទាហរណ៍ គេប្រើយន្តហោះដែលទើបតែបង្កើតដើម្បីទម្លាក់គ្រាប់បែកលើប្រជាជនស៊ីវិល។ ឧស្សាហកម្មផលិតសស្ដ្រាវុធជាហេតុមួយនាំឲ្យចំនួនមនុស្សដែលស្លាប់ក្នុងសង្គ្រាមកើនឡើង ដល់កម្រិតដែលមិនធ្លាប់មានពីមុន។ ក្នុងចំណោមមនុស្ស៦៥លាននាក់ដែលបានត្រូវកែនឲ្យធ្វើទាហានក្នុងសង្គ្រាមលោកលើកទី១ នោះមានប្រហែលពាក់កណ្ដាលនៃចំនួននេះបានស្លាប់។ ប៉ុន្តែ ក្រោយសង្គ្រាមលោកលើកទី១ នោះមនុស្សកាន់តែច្រើនឡើងៗបានស្លាប់ឬរបួសក្នុងសង្គ្រាម។ យោងទៅតាមពាក្យរបស់ប្រវត្ដិវិទូម្នាក់ ចំនួនទាហាននិងជនស៊ីវិលដែលស្លាប់ក្នុងសង្គ្រាមលោកលើកទី២«មិនអាចដឹងប្រាកដថាប៉ុន្មាននាក់ឡើយ»។ សព្វថ្ងៃនេះក៏នៅមានសង្គ្រាមដែរ។
កើតមានអំណត់ជាទូទៅ។ ព្រះយេស៊ូទាយថា៖ «នឹងកើតមានអំណត់»។ (ម៉ាថាយ ២៤:៧) នៅឆ្នាំ២០០៥ ទស្សនាវដ្ដីមួយចែងថា៖ «មានមនុស្ស៨៥៤លាននាក់ក្នុងពិភពលោក ដែលគ្មានអាហារគ្រប់គ្រាន់អស់មួយរយៈខ្លី ឬអស់ពេលយូរ»។ (Science magazine) នៅឆ្នាំ២០០៧ អង្គការសហប្រជាជាតិបានរាយការណ៍ថា៣៣ប្រទេសមិនមានម្ហូបអាហារគ្រប់គ្រាន់សម្រាប់ប្រជាជនទេ។ ដ្បិតផលិតផលធញ្ញជាតិក្នុងពិភពលោកគឺមានកាន់តែច្រើនឡើងនោះ ហេតុអ្វីក៏ដូច្នេះ? នេះគឺពីព្រោះជាជាងប្រើដីនិងធញ្ញជាតិសម្រាប់ជាអាហារចិញ្ចឹមប្រជាជន គេបានយកធញ្ញជាតិទាំងនេះទៅបង្កើតអេតាណុល ដែលជាប្រេងសាំងសម្រាប់រថយន្តទៅវិញ។ កាសែតមួយនៅប្រទេសអាហ្វ្រិកខាងត្បូងចែងថាធញ្ញជាតិដែលត្រូវការ«ដើម្បីធ្វើប្រេងសាំងអេតាណុលល្មមចាក់ពេញធុងសាំងឡានធំមួយ គឺច្រើនស្មើធញ្ញជាតិដែលត្រូវការដើម្បីចិញ្ចឹមមនុស្សម្នាក់ក្នុងអស់រយៈពេលមួយឆ្នាំ» (The Witness)។
រញ្ជួយផែនដីដែលមានទំហំកាន់តែធំ។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «នឹងមានកក្រើកដី[ឬ«រញ្ជួយផែនដី»]ជាខ្លាំង»។ (លូកា ២១:១១; ខ.ស.) ប្រសិនបើអ្នកគិតថា សព្វថ្ងៃនេះមនុស្សកាន់តែច្រើនរងគ្រោះដោយសាររញ្ជួយផែនដី នោះគឺមែនហើយ។ នៅឆ្នាំ២០០៧ អ្នកស្រាវជ្រាវអំពីការរញ្ជួយផែនដី ជនជាតិឥណ្ឌាម្នាក់ឈ្មោះលោក ឆាដដា (R.K. Chadha) បានកត់សម្គាល់ថា៖ «មួយរំពេចសោះ ស្រាប់តែឃើញមានការកក្រើកផែនដីនៅច្រើនកន្លែងក្នុងពិភពលោកតែម្ដង។ គ្មាននរណាដឹងពីមូលហេតុឡើយ»។ បន្ថែមទៀត ចំនួនពលរដ្ឋដែលរស់នៅតំបន់ដែលមានរញ្ជួយដីជាញឹកញយចេះតែកើនឡើងដែរ។ ដូច្នេះ ចំនួនមនុស្សស្លាប់ក៏មានកាន់តែច្រើនថែមទៀតពីការរញ្ជួយដី។ យោងទៅតាមការស្រាវជ្រាវមួយខាងផែនដីវិទ្យានៅសហរដ្ឋអាម៉េរិក រញ្ជួយផែនដីនៅមហាសមុទ្រឥណ្ឌានៅឆ្នាំ២០០៤ ដែលបង្កឲ្យមានមហន្តរាយស៊ូណាមីពោលគឺរលកយក្ស បានធ្វើឲ្យឆ្នាំនោះ«មានមនុស្សស្លាប់ច្រើនជាងគេបំផុតក្នុងអំឡុងជិត៥០០ឆ្នាំ ដោយសាររញ្ជួយផែនដី»។
ជំងឺដែលពិបាកទប់ស្កាត់។ ព្រះយេស៊ូបានទាយថា៖ «នឹងមាន . . . ជំងឺរាតត្បាត»។ (លូកា ២១:១១, ខ.ស.) នៅជុំវិញផែនដី ជំងឺដែលធ្លាប់មានពីមុននិងជំងឺដែលទើបតែមានពេលថ្មីៗកំពុងតែញាំញីមនុស្សឲ្យឈឺកាន់តែច្រើនឡើង ហើយវិធីព្យាបាលក៏កាន់តែពិបាកទៅៗដែរ។ ជាឧទាហរណ៍ ម្ដងហើយម្ដងទៀតគោលដៅចង់បំបាត់ជំងឺគ្រុនចាញ់នៅទូទាំងពិភពលោកត្រូវបានបន្ថយ ដោយសារមនុស្សមិនអាចទប់ស្កាត់យកឈ្នះបាន។ បន្ថែមទៀត មនុស្សរាប់លាននាក់ស្លាប់ដោយជំងឺរបេងជាជំងឺដែលធ្លាប់មានពីមុន ជំងឺអេដស៍ និងជំងឺថ្មីៗទៀតដែរ។ យោងទៅតាមអង្គការសុខភាពពិភពលោក «មួយភាគបីនៃចំនួនប្រជាជនទូទាំងពិភពលោកគឺមានរោគរបេង»។ អង្គការសុខភាពពិភពលោកក៏បានកត់សម្គាល់ដែរថាមេរោគអេច្ចអាយវី បង្កឲ្យកើតជំងឺរបេងនៅច្រើនប្រទេស។ រៀងរាល់វិនាទី មេរោគរបេងឆ្លងទៅមនុស្សម្នាក់ ហើយមេរោគរបេងក៏កាន់តែធន់នឹងថ្នាំព្យាបាល។ យោងទៅតាមទស្សនាវដ្ដីមួយ នៅឆ្នាំ២០០៧ អ្នកជំងឺម្នាក់នៅប្រទេសមួយនៅទ្វីបអឺរ៉ុបមានជំងឺរបេង ដែល«ធន់នឹងថ្នាំដែលយើងមានទាំងអស់» (New Scientist magazine)។
សីលធម៌និងសង្គមចុះអាប់ឱន។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «ដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»។ (ម៉ាថាយ ២៤:១២) ក្រៅពីអ្វីដែលព្រះយេស៊ូបានទាយ សាវ័កប៉ុលក៏ប្រាប់អំពីសីលធម៌និងសង្គមចុះអាប់ឱននៅពេលអនាគតដែរ។ លោករៀបរាប់អំពី«ជាន់ក្រោយបង្អស់»ដែលជាគ្រាពិបាកណាស់ មុនរាជាណាចក្ររបស់ព្រះបំផ្លាញរបៀបរបបពិភពលោកនេះចោល។ «មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ។ គេមានឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដា»។ (ធីម៉ូថេទី២ ៣:១-៥) តើលោកអ្នកឃើញមនុស្សដែលមានលក្ខណៈបែបនេះច្រើនជាងសម័យមុនៗទេ?
ព្រះយេស៊ូនិងប៉ុលមិនបានរៀបរាប់កត្ដាទាំងអស់ខាងប្រវត្ដិសាស្ត្រ ខាងសង្គម និងខាងនយោបាយដែលធ្វើឲ្យមានស្ថានភាពដូចសព្វថ្ងៃនេះទេ។ ប៉ុន្តែ ទំនាយក្នុងគម្ពីរ ទាយយ៉ាងត្រឹមត្រូវអំពីព្រឹត្ដិការណ៍និងចិត្តគំនិតរបស់មនុស្ស ដែលយើងឃើញសព្វថ្ងៃនេះ។ ចុះយ៉ាងណាវិញចំពោះអនាគត? ទំនាយក្នុងសៀវភៅអេសាយ ដែលបានទាយយ៉ាងត្រឹមត្រូវនៃការមកដល់របស់អ្នកដែលជាមេស្ស៊ី ក៏រៀបរាប់អំពីរាជាណាចក្ររបស់ព្រះដែលនឹងនាំឲ្យមានការប្រែប្រួលល្អៗដល់ផែនដីនេះ។ យើងនឹងពិនិត្យមើលការប្រែប្រួលល្អៗទាំងនេះក្នុងអត្ថបទបន្ទាប់។
[រូបភាពនៅទំព័រ៦]
«សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១»
[អ្នកផ្ដល់សិទ្ធិ]
© WHO/P. Virot
[រូបភាពនៅទំព័រ៧]
«នឹងមាន . . . ជំងឺរាតត្បាត»