តើព្រឹត្ដិការណ៍ទូទាំងផែនដីបញ្ជាក់ពីអ្វី?
ព្រះយេស៊ូគ្រីស្ទមានបន្ទូលថា៖ «អវសានកាលនៃពិភពលោក» ត្រូវសឲ្យឃើញច្បាស់ដោយសង្គ្រាម ទុរ្ភិក្ស ជំងឺរាតត្បាត និងរញ្ជួយផែនដី។—ម៉ាថាយ ២៤:១-៨, ខ.ស.; លូកា ២១:១០, ១១
តាំងពីឆ្នាំ ១៩១៤ មនុស្សបានរងគ្រោះថ្នាក់ឥតឈប់ឈរដោយសារសង្គ្រាមរវាងប្រទេសនានា ហើយរវាងពូជសាសន៍ផ្សេងៗ។ បញ្ហានេះច្រើនតែកើតមកពីការញុះញង់ដោយបព្វជិតសាសនាដែលចូលជ្រៀតជ្រែកក្នុងរឿងនយោបាយ ហើយពេលថ្មីៗនេះដោយសកម្មភាពភេរវកម្មពាសពេញផងដែរ។
ទោះបីមានការរីកចំរើនខាងវិទ្យាសាស្ត្រក៏ដោយ មនុស្សរាប់សិបលាននាក់ទូទាំងផែនដីកំពុងតែអត់បាយជាខ្លាំង។ រៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់ស្លាប់ដោយខ្វះអាហារ។
រោគរាតត្បាត ពោលគឺ ជំងឺដែលរាលដាលពាសពេញហើយឆាប់រហ័សផង ក៏ជាផ្នែកមួយទៀតនៃសញ្ញាសម្គាល់ដែលព្រះយេស៊ូបានមានបន្ទូលមកដែរ។ ក្រោយសង្គ្រាមលោកលើកទី១ គឺមានគ្រុនផ្ដាសាយធំបានរាតត្បាតបំផ្លាញជីវិតមនុស្សជាង ២១.០០០.០០០ នាក់។ រោគផ្ដាសាយធំនោះគឺខុសស្រឡះពីរោគរាតត្បាតជំនាន់មុនៗដែលគ្រាន់តែធ្វើទុក្ខដល់មនុស្សក្នុងតំបន់តូចមួយប៉ុណ្ណោះ។ រោគផ្ដាសាយធំនោះបានគ្របដណ្ដប់លើអស់ទាំងសាសន៍ សូម្បី តែនៅកោះឆ្ងាយដាច់ស្រយាលផងដែរ។ សព្វថ្ងៃនេះ មានជំងឺអេដស៍ពាសពេញផែនដី ហើយជំងឺផ្សេងៗទៀតដូចជារោគរបេង ជំងឺគ្រុនចាញ់ គ្រុនឈាម និងគ្រុនពោះវៀនជាដើម នៅតែធ្វើទុក្ខដល់មនុស្សក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍។
យោងទៅតាមសេចក្ដីរាយការណ៍ផ្សេងៗ មានរញ្ជួយផែនដីរាប់សិបពាន់ដងជារៀងរាល់ឆ្នាំ មិនថាខ្លាំងឬមិនខ្លាំងក៏ដោយ។ មហន្តរាយពីការរញ្ជួយផែនដីនៅកន្លែងដែលមានមនុស្សរស់នៅច្រើនស្អេកស្កះមានម្ដងហើយម្ដងទៀត ទោះជាមានឧបករណ៍វាស់ទំហំនិងព្រមានប្រជាជនអំពីរញ្ជួយផែនដីនោះក៏ដោយ។
ព្រះគម្ពីរបានទាយទៀតថា៖ «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់»។ «មនុស្សម្នានឹងមានចិត្តអាត្មានិយម ស្រឡាញ់ប្រាក់ ក្រអឺតក្រទម អួតខ្លួន ប្រមាថព្រះជាម្ចាស់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមឹលគុណ បំផ្លាញអ្វីៗដែលជាសក្ការៈ។ គេជាមនុស្សអត់ចិត្ត គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ត ឃោរឃៅ ស្អប់អំពើល្អ ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះជាម្ចាស់។ គេសំដែងអាការៈខាងក្រៅជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ ប៉ុន្តែគេបដិសេធមិនទទួលស្គាល់ឫទ្ធានុភាព ដែលបានមកពីការគោរពប្រណិប័តន៍ព្រះអង្គនោះឡើយ។ ចូរចៀសចេញអោយឆ្ងាយពីមនុស្សប្រភេទនេះទៅ»។—ធីម៉ូថេទី២ ៣:១; ៣:២-៥, ខ.ស.
តើអ្នកឯកភាពថា យើងកំពុងតែរស់នៅក្នុង «គ្រាលំបាក» មែនឬ?
តើអ្នកបានកត់សម្គាល់ថា មនុស្សចេះតែស្រឡាញ់ខ្លួនឯង ស្រឡាញ់ប្រាក់ ទាំងមានចិត្តក្រអឺតអួតអាងហួសហេតុពេកទេ?
គ្មានអ្នកណាជំទាស់ទស្សនៈដែលថា លោកីយ៍នេះពេញទៅដោយមនុស្សដែលចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន មិនចេះដឹងគុណ គ្មានអធ្យាស្រ័យ និងមានចិត្តក្បត់ផងដែរ មែនទេ?
តើអ្នកជឿថា ការមិនស្ដាប់បង្គាប់ឪពុកម្ដាយ និងការអត់ចិត្តក្នុងការជួយគ្នា គឺមានកាន់តែច្រើនឡើងៗទូទាំងផែនដី មិនគ្រាន់តែនៅពីរបីប្រទេសប៉ុណ្ណោះទេ?
អ្នកក៏ច្បាស់ជាដឹងថា យើងកំពុងតែរស់នៅក្នុងលោកីយ៍មួយដែលវក់នឹងការសប្បាយ តែស្អប់អំពើល្អវិញ។ ព្រះគម្ពីរពណ៌នាថា មនុស្សទូទៅនឹងមានអាកប្បកិរិយាបែបនេះក្នុង «ជាន់ក្រោយបង្អស់»។
តើយើងត្រូវការភស្តុតាងថែមទៀតដើម្បីសម្គាល់ពីគ្រាដែលយើងរស់នៅសព្វថ្ងៃនេះឬទេ? ព្រះយេស៊ូបានទាយទៀតថា ក្នុងកំឡុងគ្រានេះដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ ត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ៍។ (ម៉ាថាយ ២៤:១៤) តើកិច្ចការផ្សាយដំណឹងល្អនេះកំពុងតែកើតមានឡើងឬទេ?
ទស្សនាវដ្ដីប៉មយាម ជាទស្សនាវដ្ដីដែលមានមូលដ្ឋានលើព្រះគម្ពីរ ដើម្បីប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា។ ទស្សនាវដ្ដីប៉មយាម កំពុងតែបោះពុម្ពចេញជាច្រើនភាសាជាងទស្សនាវដ្ដីឯទៀត។
រៀងរាល់ឆ្នាំ ស្មរបន្ទាល់ព្រះយេហូវ៉ាចំណាយជាងមួយពាន់លានម៉ោងក្នុងការផ្សាយប្រាប់មនុស្សដោយផ្ទាល់អំពីព្រះរាជាណាចក្ររបស់ព្រះ។
ស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែបោះពុម្ពសៀវភៅផ្សេងៗដែលបកស្រាយព្រះគម្ពីរ ហើយមានសៀវភៅនោះជាង ៤០០ ភាសា រួមទាំងភាសារបស់មនុស្សដែលមានចំនួនតិច ហើយនៅតំបន់ឆ្ងាយដាច់សង្វែងពីមនុស្សឯទៀត។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានផ្សព្វផ្សាយដំណឹងល្អដល់មនុស្សនៅគ្រប់ទាំងសាសន៍។ សូម្បី តែកោះនិងតំបន់ដែលពួកនយោបាយមិនអើពើដោយសារទីនោះមានប្រជាជនតិចពេក ក៏មានស្មរបន្ទាល់ព្រះយេហូវ៉ាទៅផ្សព្វផ្សាយដែរ។ នៅប្រទេសជាច្រើន ពួកស្មរបន្ទាល់មានកម្មវិធីអប់រំយ៉ាងទៀងទាត់ខាងព្រះគម្ពីរ។
ប្រាកដហើយ ការប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះកំពុងតែកើតមានឡើងទូទៅគ្រប់ក្នុងលោកីយ៍ ដែលមិនមែនមានបំណងប្ដូរសាសនារបស់មនុស្សទាំងឡាយទេ តែដើម្បីធ្វើបន្ទាល់ឬប្រាប់ឲ្យដឹង។ មនុស្សគ្រប់គ្នាអាចមានឱកាសដើម្បីបង្ហាញថា តើពួកគេចាប់អារម្មណ៍ចង់ស្គាល់ព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីឬយ៉ាងណា? ហើយតើពួកគេនឹងសម្រេចចិត្តគោរពតាមច្បាប់របស់ព្រះ និងបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សគ្នីគ្នាឬក៏អត់?—លូកា ១០:២៥-២៧; វិវរណៈ ៤:១១
មិនយូរប៉ុន្មានទៀត ព្រះរាជាណាចក្ររបស់ព្រះនឹងកាត់មនុស្សអាក្រក់ចេញពីផែនដី ហើយនឹងបោសសំអាតផែនដីឲ្យក្លាយជាស្ថានបរមសុខឬសួនមនោរម្យ។—លូកា ២៣:៤៣
[ប្រអប់នៅទំព័រ៦]
ជាន់ក្រោយបង្អស់នៃអ្វី?
នេះមិនមែនជាជាន់ក្រោយបង្អស់នៃមនុស្សជាតិទេ។ ព្រះគម្ពីរប្រាប់ថា មនុស្សដែលធ្វើតាមព្រះហឫទ័យរបស់ព្រះនឹងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។—យ៉ូហាន ៣:១៦, ៣៦; យ៉ូហានទី១ ២:១៧
នេះក៏មិនមែនជាជាន់ក្រោយបង្អស់នៃផែនដីនេះដែរ។ ព្រះបន្ទូលរបស់ព្រះសន្យាថា ផែនដីនឹងធ្វើជាទីអាស្រ័យនៅរបស់មនុស្សជាតិជារៀងរហូត។—ទំនុកដំកើង ៣៧:២៩; ១០៤:៥; អេសាយ ៤៥:១៨
ផ្ទុយទៅវិញនេះជាជាន់ក្រោយបង្អស់នៃរបបលោកីយ៍ដែលពោរពេញទៅដោយអំពើហិង្សា និងគ្មានសេចក្ដីស្រឡាញ់សោះ។ នេះក៏ជាជាន់ក្រោយបង្អស់នៃអស់អ្នកណាដែលប្រកាន់ខ្ជាប់នឹងអាកប្បកិរិយារបស់លោកីយ៍នេះ។—សុភាសិត ២:២១, ២២
[ប្រអប់/រូបភាពនៅទំព័រ៧]
តើព្រះគម្ពីរពិតជាបន្ទូលរបស់ព្រះមែនឬ?
ព្យាការីជាច្រើនបានសរសេរម្ដងហើយម្ដងទៀតក្នុងព្រះគម្ពីរថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ»។ (យេរេមា ២:២; អេសាយ ៤៣:១៤) សូម្បី តែព្រះយេស៊ូគ្រីស្ទដែលជាព្រះរាជបុត្រានៃព្រះ ទ្រង់បានបញ្ជាក់ថា អ្វីដែលទ្រង់មានបន្ទូល ‹ប្រាប់មនុស្ស មិនមែនចេញមកពីទ្រង់ផ្ទាល់ទេ›។ (យ៉ូហាន ១៤:១០, ខ.ស.) ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង»។—ធីម៉ូថេទី២ ៣:១៦
គ្មានសៀវភៅណាទៀត ដែលបានបោះពុម្ពច្រើនភាសាស្មើនឹងព្រះគម្ពីរទេ។ សេចក្ដីរាយការណ៍របស់សមាគមព្រះគម្ពីរបង្ហាញថា ព្រះគម្ពីរបានត្រូវបកប្រែជាង ២.២០០ ភាសាហើយ។ គ្មានសៀវភៅណាទៀតបានចែកចាយជាទូទៅដូចព្រះគម្ពីរទេ គឺជាងបួនពាន់លាន ក្បាលរួចមកហើយ។ បើព្រះគម្ពីរពិតជាសារដែលព្រះជូនចំពោះមនុស្សជាតិទាំងឡាយមែននោះ យើងជឿថាពត៌មានទាំងនោះក៏ត្រូវចែកចាយដល់មនុស្សទាំងឡាយដែរ មែនទេ?
ប្រសិនបើអ្នកចង់អានការពន្យល់បន្ថែមអំពីទីសំអាងដែលបញ្ជាក់ថា ព្រះគម្ពីរពិតជាបណ្ដាលមកពីព្រះមែន សូមមើលសៀវភៅដែលមានចំណងជើង ព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
បើអ្នកអានព្រះគម្ពីរហើយទទួលស្គាល់ថា ព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះមែន នោះអ្នកនឹងទទួលប្រយោជន៍ជាច្រើនអនេកអនន្ត។
[ប្រអប់/រូបភាពនៅទំព័រ៨]
តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
ព្រះរាជាណាចក្ររបស់ព្រះគឺជារដ្ឋាភិបាលពិសេសមួយនៅស្ថានសួគ៌ ដែលបានស្ថាបនាឡើងដោយព្រះពិត គឺព្រះយេហូវ៉ាដែលជាអ្នកបង្កើតផ្ទៃមេឃនិងផែនដី។—យេរេមា ១០:១០, ១២
ព្រះគម្ពីរប្រាប់ថា ព្រះយេហូវ៉ាបានប្រទានអំណាចគ្រប់គ្រងដល់ព្រះយេស៊ូគ្រីស្ទ។ (វិវរណៈ ១១:១៥) កាលដែលព្រះយេស៊ូរស់នៅលើផែនដី ទ្រង់បានបង្ហាញថាទ្រង់មានអំណាចអស្ចារ្យ ដែលព្រះយេហូវ៉ាបានប្រទានដល់ទ្រង់។ ព្រះយេស៊ូបានបង្ហាញថាទ្រង់មានអំណាចលើធម្មជាតិ ដូចជាខ្យល់និងសមុទ្រ ក៏មានអំណាចព្យាបាលជំងឺគ្រប់ប្រភេទ ព្រមទាំងមានអំណាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញទៀតផង។ (ម៉ាថាយ ៩:២-៨; ម៉ាកុស ៤:៣៧-៤១; យ៉ូហាន ១១:១១-៤៤) បទទំនាយក្នុងព្រះគម្ពីរដែលព្រះបានបណ្ដាលឲ្យតែងនោះ ទាយថា ព្រះយេហូវ៉ានឹងប្រទានឲ្យព្រះយេស៊ូមាន «អំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់»។ (ដានីយ៉ែល ៧:១៣, ១៤) រដ្ឋាភិបាលនោះត្រូវហៅថា នគរស្ថានសួគ៌ឬព្រះរាជាណាចក្រនៅស្ថានសួគ៌។ សព្វថ្ងៃនេះព្រះយេស៊ូគ្រីស្ទកំពុងតែធ្វើជាអ្នកគ្រប់គ្រងនៅស្ថានសួគ៌។
[រូបភាពនៅទំព័រ៧]
កិច្ចការផ្សព្វផ្សាយដំណឹងល្អទូទាំងផែនដី