ដំណឹងល្អដែលពួកគេចង់ឲ្យលោកអ្នកដឹងឮ
កាលដែលព្រះយេស៊ូគង់នៅលើផែនដីនៅឡើយ សិស្សរបស់ទ្រង់បានចូលមកឯទ្រង់ហើយទូលសួរថា៖ ‹តើមានទីសំគាល់យ៉ាងណាពីវត្តមានរបស់ទ្រង់ ហើយពីវេលាចុងបញ្ចប់របស់របបសម័យនេះ?›។ ទ្រង់មានបន្ទូលតបឆ្លើយថា នឹងកើតមានសង្គ្រាមដែលសាសន៍ជាច្រើននឹងចូលរួមចំបាំង ទុរភិក្ស រោគរាតត្បាត រញ្ជួយផែនដី ការចម្រើនលូតលាស់នៃការទទឹងច្បាប់ គ្រូបង្រៀនសាសនាក្លែងក្លាយដែលដឹកនាំមនុស្សជាច្រើនឲ្យវង្វេង សេចក្ដីស្អប់ និងការធ្វើទុក្ខបៀតបៀនដល់អ្នកកាន់តាមដ៏ពិតរបស់ទ្រង់ ហើយមនុស្សជាច្រើនត្រូវរសាយចិត្តចេញពីការស្រឡាញ់ ចំពោះសេចក្ដីសុចរិតដែរ។ ពេលដែលរឿងទាំងអស់នេះនឹងចាប់ផ្ដើមកើតមានឡើង នោះជាទីសំគាល់អំពីវត្តមានដែលមើលមិនឃើញរបស់ព្រះគ្រីស្ទ ហើយពីការជិតមកដល់នៃព្រះរាជាណាចក្រនៅស្ថានសួគ៌ដែរ។ រឿងទាំងនេះជាដំណឹងល្អមែន! ដូច្នេះហើយ ព្រះយេស៊ូបានបន្ថែមព្រះបន្ទូលទាំងនេះដែលជាផ្នែកមួយទៀតនៃទីសំគាល់ថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។—ម៉ាថាយ ២៤:៣-១៤
បើគ្រាន់តែគិតអំពីព្រឹត្ដិការណ៍ថ្មីៗរបស់លោកីយ៍ទាំងនេះប៉ុណ្ណោះ ជាការអាក្រក់មែន ប៉ុន្តែដោយសារតែការនេះជាទីសំគាល់នៃវត្តមានរបស់ព្រះគ្រីស្ទ នោះជាការល្អទៅវិញ។ ព្រឹត្ដិការណ៍ទាំងនេះដែលបានរៀបរាប់ខាងលើនេះ ចាប់ផ្ដើមកើតឡើងនៅឆ្នាំ ដែលបានប្រកាសទូទៅនោះ គឺជាឆ្នាំ ១៩១៤! ឆ្នាំនោះបានសំគាល់ទុកអំពីទីបញ្ចប់នៃគ្រារបស់សាសន៍ដទៃ ហើយជាការចាប់ផ្ដើមនៃពេលវេលាដែលកំពុងផ្លាស់ប្ដូរពីការគ្រប់គ្រងរបស់មនុស្ស ទៅការសោយរាជ្យមួយពាន់ឆ្នាំ (សហស្សវត្ស) របស់ព្រះគ្រីស្ទ។
ហេតុការណ៍ដែលថានឹងត្រូវមានពេលវេលានៃការផ្លាស់ប្ដូរការគ្រប់គ្រងនោះ បានត្រូវសម្ដែងនៅទំនុកដំកើង ១១០:១, ២ ហើយ វិវរណៈ ១២:៧-១២។ ក្នុងបទទាំងនោះ ព្រះគម្ពីរបានបង្ហាញថា ព្រះគ្រីស្ទនឹងត្រូវគង់នៅខាងស្ដាំរបស់ព្រះនៅលើស្ថានសួគ៌ ទាល់តែពេលវេលាមកដល់សម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់។ នៅពេលនោះ ជាលទ្ធផលនៃសង្គ្រាមនៅលើស្ថានសួគ៌ អារក្សសាតាំងនឹងត្រូវបោះទំលាក់ទៅផែនដី ទាំងនាំឲ្យមានសេចក្ដីទុក្ខវេទនាដល់ផែនដី ហើយព្រះគ្រីស្ទនឹងគ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវ។ ទីបញ្ចប់ដ៏ពេញលេញនៃអំពើអាក្រក់ជួជាតិនឹងកើតមកដោយសារ «សេចក្ដីវេទនាជាខ្លាំងណាស់» ដែលនឹងឡើងដល់កំពូលនៅសង្គ្រាមអើម៉ាគេដូន ហើយជាបន្តបន្ទាប់នឹងមានសន្ដិភាពដោយការសោយរាជ្យមួយពាន់ឆ្នាំនៃព្រះគ្រីស្ទ។—ម៉ាថាយ ២៤:២១, ៣៣, ៣៤; វិវរណៈ ១៦:១៤-១៦
ព្រះគម្ពីរចែងថា៖ «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់។ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ។ គេមានឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដា ដែលមកដោយការគោរពប្រតិបត្ដិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ»។—ធីម៉ូថេទី២ ៣:១-៥
មនុស្សខ្លះប្រហែលជាប្រកែកថាព្រឹត្ដិការណ៍ទាំងនេះ បានកើតឡើងនៅក្នុងប្រវត្ដិសាស្ត្រមនុស្សពីមុនមកដែរ។ ប៉ុន្តែ ហេតុការណ៍ពិតគឺថា ព្រឹត្ដិការណ៍ទាំងនេះមិនធ្លាប់មានដល់កំរិតបែបនេះឡើយ។ ដូចជាអ្នកប្រវត្ដិសាស្ត្រនិងអ្នកអត្ថាធិប្បាយខ្លះមានប្រសាសន៍មក គឺមិនដែលឃើញសម័យនៅលើផែនដីនេះ ដូចជាសម័យដែលបានពិសោធតាំងពីឆ្នាំ ១៩១៤ មកនេះឡើយ។ (សូមមើលទំព័រទី៧) សេចក្ដីទុក្ខវេទនានៅសម័យនេះមានភាពយ៉ាងធំសម្បើមជាងអ្វីដែលមានតាំងពីដើមមកទៀត។ ម្យ៉ាងវិញទៀត ចំពោះទិដ្ឋភាពឯទៀតពីទីសំគាល់របស់ព្រះគ្រីស្ទអំពីថ្ងៃក្រោយបង្អស់នេះ យើងគួរតែពិចារណាមើលនូវហេតុការណ៍ដែលមានតៗគ្នានេះ៖ សេចក្ដីប្រកាសដែលមានពេញពិភពលោកទាំងមូលអំពីវត្តមាន និងព្រះរាជាណាចក្ររបស់ព្រះគ្រីស្ទនោះ មានទំហំយ៉ាងធំសម្បើមដែលមិនដែលឃើញក្នុងប្រវត្ដិសាស្ត្រពីមុនមកឡើយ។ ការធ្វើទុក្ខបៀតបៀនព្រោះតែការផ្សាយប្រកាស មិនដែលឃើញមានសភាពខ្លាំងស្មើនឹងការដែលបានធ្វើដល់ស្មរបន្ទាល់ព្រះយេហូវ៉ាទេ។ រាប់រយនាក់ពីចំណោមពួកគេបានត្រូវប្រហារជីវិត ក្នុងបន្ទាយឃុំឃាំងមនុស្សរបស់ហ៊ីត្លែ។ រហូតដល់សព្វថ្ងៃនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងធ្វើកិច្ចបំរើរបស់គេក្រោមបម្រាមក្នុងប្រទេសខ្លះ ហើយក្នុងប្រទេសឯទៀតនោះ គេត្រូវបានចាប់ដាក់គុក ទទួលទារុណកម្ម ហើយត្រូវបានសម្លាប់ចោលដែរ។ រឿងទាំងអស់នេះជាចំណែកនៃទីសំគាល់ ដែលព្រះយេស៊ូបានប្រទានមកដែរ។
ដូចជាបានទាយទុកនៅវិវរណៈ ១១:១៨ «អស់ទាំងសាសន៍បានមានសេចក្ដីកំហឹង» ប្រឆាំងនឹងពួកស្មរបន្ទាល់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ហើយរឿងនេះបង្ហាញថា «សេចក្ដីខ្ញាល់» របស់ព្រះយេហូវ៉ាផ្ទាល់នឹងត្រូវបញ្ចេញទាស់នឹងសាសន៍ទាំងនោះ។ បទដដែលនេះបានចែងប្រាប់ទៀតថា ព្រះទ្រង់នឹង «បំផ្លាញពួកអ្នកដែលបង្ខូចផែនដីផង»។ មិនដែលមានគ្រាពីមុនណាក្នុងប្រវត្ដិសាស្ត្រមនុស្សលោកទាល់តែសោះ ដែលការបង្ខូចនេះត្រូវបានគំរាមកំហែងដល់លទ្ធភាពនៃផែនដីក្នុងការជួយទ្រទ្រង់ជីវិតនោះឡើយ។ ប៉ុន្តែ ឥឡូវមានស្ថានភាពខុសពីគ្នាណាស់! អ្នកវិទ្យាសាស្ត្រជាច្រើនបានព្រមានថា បើមនុស្សលោកនៅតែបន្តធ្វើកខ្វក់ផែនដីទៅទៀត ផែនដីនេះនឹងលែងមានលទ្ធភាពជាទីអាស្រ័យនៅបានទៀតហើយ។ ប៉ុន្តែ ព្រះយេហូវ៉ា «បានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ» ហើយព្រះនឹងបំផ្លាញចោលពួកអ្នកធ្វើកខ្វក់ មុនពេលដែលពួកគេបង្ខូចផែនដីនេះទាំងស្រុង។—អេសាយ ៤៥:១៨
ពរជាច្រើនចំពោះផែនដីនៅក្រោម ព្រះរាជាណាចក្រ
គំនិតដែលថាមនុស្សនឹងរស់នៅលើផែនដីជាអនុរាស្ត្ររបស់ព្រះរាជាណាចក្រ ប្រហែលហាក់ដូចជារឿងប្លែកណាស់ចំពោះអ្នកជឿទៅលើព្រះគម្ពីរជាច្រើន ដែលគេគិតស្មានថាគ្រប់ៗគ្នាដែលទទួលសេចក្ដីសង្គ្រោះនឹងបានជីវិតនៅឯស្ថានសួគ៌ទៅវិញ។ ព្រះគម្ពីរបង្ហាញថា មានតែមនុស្សមួយចំនួនកំណត់ទេ ដែលនឹងត្រូវឡើងទៅស្ថានសួគ៌ ហើយចំពោះមនុស្សដែលនឹងរស់នៅលើផែនដីដ៏អស់កល្បជានិច្ចវិញ នឹងទៅជាមនុស្សមួយហ្វូងយ៉ាងធំដែលគ្មានកម្រិតឡើយ។ (ទំនុកដំកើង ៣៧:១១, ២៩; វិវរណៈ ៧:៩; ១៤:១-៥) ហេតុការណ៍ដែលថា ព្រះរាជាណាចក្រនៅក្រោមព្រះគ្រីស្ទនឹងគ្រប់គ្រងទៅលើផែនដី និងបំពេញផែនដីទាំងមូល បានត្រូវសម្ដែងដោយទំនាយមួយនៅក្នុងព្រះគម្ពីរសៀវភៅដានីយ៉ែល។
នៅបទនោះព្រះរាជាណាចក្ររបស់ព្រះគ្រីស្ទបានតំណាងជាថ្ម ដែលត្រូវកាត់ផ្ដាច់ចេញពីអធិបតេយ្យភាពរបស់ព្រះយេហូវ៉ាដែលប្រៀបទៅដូចជាភ្នំមួយធំ។ ព្រះរាជាណាចក្រនេះវាយហើយបំផ្លាញរូបធំមួយ ដែលជាតំណាងជនជាតិដ៏មានអំណាចខ្លាំងៗនៅលើផែនដី ហើយ «ឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល»។ ទំនាយនេះបានចែងទៀតថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ។ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ។ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដានីយ៉ែល ២:៣៤, ៣៥, ៤៤
គឺជាព្រះរាជាណាចក្រនេះនិងសេចក្ដីសង្ឃឹមដែលមានមូលដ្ឋានក្នុងព្រះគម្ពីរ អំពីជីវិតដ៏អស់កល្បជានិច្ចនៅលើផែនដីដែលត្រូវបានបោសសំអាត ដែលជារឿងដែលស្មរបន្ទាល់ព្រះយេហូវ៉ាចង់ថ្លែងប្រាប់លោកអ្នក។ មនុស្សនៅរស់រាប់លាននាក់ ហើយជាច្រើនលាននាក់ទៀតដែលឥឡូវស្ថិតនៅក្នុងផ្នូររបស់គេ នឹងមានឱកាសរស់នៅលើផែនដីជារៀងរហូត។ នៅពេលនោះ នៅក្រោមការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូគ្រីស្ទ រាជបំណងដើមរបស់ព្រះយេហូវ៉ាក្នុងការបង្កើតផែនដី ហើយដាក់មនុស្សគូទីមួយនៅលើនោះ នឹងបានសម្រេចជាពុំខាន។ សួនមនោរម្យនៅលើផែនដីនេះនឹងមិនមានភាពធុញទ្រាន់ទាល់តែសោះ។ ដូចជាអ័ដាមត្រូវបានចាត់ឲ្យធ្វើការនៅក្នុងសួនច្បារអេដែននោះ គឺយ៉ាងនោះដែរ មនុស្សលោកនឹងមានការងារដែលតម្រូវខិតខំអស់ពីសមត្ថភាពក្នុងការថែរក្សាផែនដី និងរុក្ខជាតិហើយសត្វដែលនៅលើផែនដីដែរ។ ពួកគេ «នឹងប្រើប្រាស់ [ដោយការសប្បាយរីករាយ] ការដែលដៃគេធ្វើជាយឺនយូរទៅ»។—អេសាយ ៦៥:២២; លោកុប្បត្តិ ២:១៥
យើងអាចបង្ហាញបទគម្ពីរជាច្រើន ដើម្បីសម្ដែងអំពីស្ថានភាពដែលនឹងកើតមានឡើង នៅពេលដែលសេចក្ដីអធិស្ឋានដែលព្រះយេស៊ូបានបង្រៀនយើង នឹងបានត្រូវឆ្លើយនោះ៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) ប៉ុន្តែ បទមួយនេះគ្រប់គ្រាន់ហើយសម្រាប់ពេលឥឡូវនេះ៖ «ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ ‹មើល! រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់។ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ។ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ›។ ឯព្រះអង្គដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា៖ ‹មើល! អញធ្វើទាំងអស់ឡើងជាថ្មី›។ រួចទ្រង់មានបន្ទូលមកខ្ញុំថា៖ ‹ចូរសរសេរទុកចុះ! ដ្បិតពាក្យទាំងនេះពិតប្រាកដហើយគួរជឿ›»។—វិវរណៈ ២១:៣-៥
[ឃ្លាអក្សរធំនៅទំព័រ១៥]
«គ្រាលំបាកណាស់»
ប៉ុន្តែ «ទើបនឹងបានដល់ចុងបំផុត»
[រូបភាពនៅទំព័រ១៨]
ប្រទេសហូឡង់
[រូបភាពនៅទំព័រ១៨]
ប្រទេសនីហ្សេរីយ៉ា