បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • br78 ទំ. ១៤-១៧
  • ដំណឹងល្អដែលពួកគេចង់ឲ្យលោកអ្នកដឹងឮ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដំណឹងល្អដែលពួកគេចង់ឲ្យលោកអ្នកដឹងឮ
  • ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសតវត្សទី២០នេះ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពរ​ជា​ច្រើន​ចំពោះ​ផែនដី​នៅ​ក្រោម​ព្រះ​រាជាណាចក្រ
  • ដំណឹងល្អដែលពួកគេចង់ឲ្យលោកអ្នកដឹងឮ
    ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ?
  • គោលបំណងនៃព្រះនឹងបានសម្រេចឡើងក្នុងពេលឆាប់ៗនេះ
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ចម្លើយចំពោះសំណួរបួនស្តីអំពីទីបញ្ចប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • យ៉ាងណាដែលយើងដឹងថាយើងកំពុងតែរស់នៅក្នុងថ្ងៃ«ជាន់ក្រោយបង្អស់»
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
មើលបន្ថែមទៀត
ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសតវត្សទី២០នេះ
br78 ទំ. ១៤-១៧

ដំណឹង​ល្អ​ដែល​ពួកគេ​ចង់​ឲ្យ​លោក​អ្នក​ដឹង​ឮ

កាល​ដែល​ព្រះ​យេស៊ូវ​គង់​នៅ​លើ​ផែនដី​នៅ​ឡើយ សិស្ស​របស់​ទ្រង់​បាន​ចូល​មក​ឯ​ទ្រង់​ហើយ​ទូល​សួរ​ថា⁠៖ «តើ​មាន​ទីសំគាល់​យ៉ាង​ណា​ពី​វត្តមាន​របស់​ទ្រង់ ហើយ​ពី​វេលា​ចុង​បញ្ចប់​របស់​របប​សម័យ​នេះ»? (ម៉ាថាយ ២៤:​៣, ពថ) ទ្រង់​មាន​បន្ទូល​តប​ឆ្លើយ​ថា នឹង​កើត​មាន​សង្គ្រាម​ដែល​សាសន៍​ជា​ច្រើន​នឹង​ចូលរួម​ចំបាំង ទុរភិក្ស រោគ​រាតត្បាត រញ្ជួយ​ផែនដី ការ​ចម្រើន​លូត​លាស់​នៃ​ការ​ទទឹង​ច្បាប់ គ្រូ​បង្រៀន​សាសនា​ក្លែងក្លាយ​ដែល​ដឹក​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង សេចក្ដី​សម្អប់​ហើយ​ការ​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​កាន់​តាម​ដ៏​ពិត​របស់​ទ្រង់ ហើយ​មនុស្ស​ជា​ច្រើន​ត្រូវ​រសាយ​ចិត្ត​ចេញ​ពី​ការ​ស្រឡាញ់​ចំពោះ​សេចក្ដី​សុចរិត​ដែរ។ ពេល​ដែល​រឿង​ទាំងអស់​នេះ​នឹង​ចាប់​ផ្ដើម​កើត​មាន​ឡើង នោះ​ជា​ទី​សំគាល់​អំពី​វត្តមាន​ដែល​មើល​មិន​ឃើញ​របស់​ព្រះ​គ្រីស្ទ ហើយ​ពី​សេចក្ដី​ជិត​មក​ដល់​នៃ​ព្រះ​រាជាណាចក្រ​សួគ៌ា​ដែរ។ រឿង​ទាំង​នេះ​ជា​ដំណឹង​—⁠ដំណឹង​ល្អ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូវ​បាន​បន្ថែម​ព្រះ​បន្ទូល​ទាំង​នេះ​អំពី​ផ្នែក​មួយ​ទៀត​នៃ​ទីសំគាល់​ថា⁠៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។​—⁠ម៉ាថាយ ២៤:​៣​-​១៤

បើ​គ្រាន់​តែ​គិត​អំពី​ព្រឹត្ដិការណ៍​ថ្មី⁠ៗ​របស់​លោកីយ​ទាំង​នេះ​ប៉ុណ្ណោះ ជា​ការ​អាក្រក់​មែន ប៉ុន្តែ​ដោយសារ​តែ​ការ​នេះ​ជា​ទី​សំគាល់​នៃ​វត្តមាន​របស់​ព្រះ​គ្រីស្ទ នោះ​ជា​ការ​ល្អ​ទៅ​វិញ។ ដោយ​ហេតុ​នេះ​បាន​ជា​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា⁠៖ «កាលណា​ការ​ទាំង​នេះ​ចាប់​តាំង​កើត​មក នោះ​ឲ្យ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពីព្រោះ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ»។ (លូកា ២១:⁠២៨) ព្រឹត្ដិការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ឆ្នាំ​ដែល​បាន​ប្រកាស​ទូទៅ​នោះ គឺ​ជា​ឆ្នាំ​១៩១៤! ឆ្នាំ​នោះ​បាន​សំគាល់​ទុក​អំពី​ទី​បញ្ចប់​នៃ​គ្រា​របស់​សាសន៍​ដទៃ ហើយ​ជា​ការ​ចាប់​ផ្ដើម​នៃ​ពេល​វេលា​ដែល​កំពុង​ផ្លាស់ប្ដូរ​ពី​ការ​គ្រប់​គ្រង​របស់​មនុស្ស ទៅ​ការ​សោយ​រាជ្យ​សហស្សវត្ស (១.០០០​ឆ្នាំ) របស់​ព្រះ​គ្រីស្ទ។

ហេតុ​ការណ៍​ដែល​ថា​នឹង​ត្រូវ​មាន​ពេល​វេលា​នៃ​ការ​ផ្លាស់ប្ដូរ​ការ​គ្រប់​គ្រង​នោះ បាន​ត្រូវ​សម្ដែង​នៅ​គម្ពីរ ទំនុកដំកើង ១១០:​១, ២ ហើយ វិវរណៈ ១២:​៧​-​១២។ ក្នុង​បទ​ទាំង​នោះ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា​ព្រះ​គ្រីស្ទ​នឹង​ត្រូវ​អង្គុយ​នៅ​ខាង​ស្ដាំ​របស់​ព្រះ​នៅ​លើ​ស្ថានសួគ៌ ទាល់តែ​ពេល​វេលា​មក​ដល់​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់។ នៅ​ពេល​នោះ ជា​លទ្ធផល​នៃ​សង្គ្រាម​នៅ​លើ​ស្ថានសួគ៌ អារក្ស​សាតាំង​នឹង​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី ទាំង​នាំ​ឲ្យ​មាន​សេចក្ដី​ទុក្ខវេទនា​ដល់​ផែនដី ហើយ​ព្រះ​គ្រីស្ទ​នឹង​គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​ស​ត្រូវ​អស់រយៈ​ពេល​មិន​ហួស​ពី​មួយ​តំណ​មនុស្ស​ទេ។ ទី​បញ្ចប់​ដ៏​ពេញលេញ​នៃ​អំពើ​សហ័ស​នឹង​កើត​មក​ដោយសារ «សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់» ដែល​នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​សង្គ្រាម​អើម៉ាគេដូន ហើយ​ជា​បន្ត​បន្ទាប់​នឹង​មាន​សន្ដិភាព​ដោយ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​នៃ​ព្រះ​គ្រីស្ទ។​—⁠ម៉ាថាយ ២៤:​២១, ៣៣, ៣៤; វិវរណៈ ១៦:​១៤​-​១៦

ព្រះ​គម្ពីរ​ចែង​ថា⁠៖ «ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់។ ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើលងាយ មិន​ស្ដាប់បង្គាប់​ឪពុក​ម្ដាយ រមិលគុណ មាន​ចិត្ត​មិន​បរិសុទ្ធ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជាជាង​ព្រះ។ គេ​មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ចេស្ដា ដែល​មក​ដោយ​ការ​គោរព​ប្រតិបត្ដិ​នោះ​ទេ ចូរ​បែរ​ពី​ពួក​មនុស្ស​យ៉ាង​នោះ​ចេញ»។ (ធីម៉ូថេ​ទី​២ ៣:​១​-​៥) យ៉ាង​ណា​ក៏​ដោយ មនុស្ស​ខ្លះ​ប្រហែល​ជា​ប្រកែក​ថា​ព្រឹត្ដិការណ៍​ទាំង​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​ពីមុន​មក​ដែរ។

ប៉ុន្តែ ដូច​ជា​អ្នក​ប្រវត្ដិសាស្ត្រ​ហើយ​អ្នក​អត្ថាធិប្បាយ​ខ្លះ​មាន​ប្រសាសន៍​មក គឺ​មិន​ដែល​ឃើញ​សម័យ​នៅ​លើ​ផែនដី​នេះ ដូច​ជា​សម័យ​ដែល​បាន​ពិសោធ​តាំង​ពី​ឆ្នាំ​១៩១៤​មក​នេះ​ឡើយ។ សេចក្ដី​ទុក្ខវេទនា​នៅ​សម័យ​នេះ​មាន​ភាព​យ៉ាង​ធំ​សម្បើម​ជាង​អ្វី​ដែល​មាន​តាំង​ពីដើម​មក​ទៀត។ ម្យ៉ាង​វិញ​ទៀត ចំពោះ​ទិដ្ឋភាព​ឯ​ទៀត​ពី​ទីសំគាល់​របស់​ព្រះ​គ្រីស្ទ​អំពី​ថ្ងៃ​ក្រោយ​បង្អស់​នេះ យើង​គួរ​តែ​មើល​ពិចារណា​នូវ​ហេតុ​ការណ៍​ដែល​មាន​ត⁠ៗ​គ្នា​នេះ⁠៖ សេចក្ដី​ប្រកាស​ដែល​មាន​ពេញ​ពិភពលោក​ទាំងមូល​អំពី​វត្តមាន​និង​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ​នោះ មាន​ទំហំ​យ៉ាង​ធំ​សម្បើម​ដែល​មិន​ដែល​ឃើញ​ក្នុង​ប្រវត្ដិសាស្ត្រ​ពីមុន​មក​ឡើយ។ ការ​ធ្វើ​ទុក្ខ​បៀតបៀន​ព្រោះ​តែ​ការ​ផ្សាយ​ប្រកាស មិន​ដែល​ឃើញ​មាន​ភាព​ស្មើ​នឹង​ការ​ដែល​បាន​ធ្វើ​ដល់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ។ រាប់​រយ​នាក់​ពី​ចំណោម​ពួកគេ​បាន​ត្រូវ​ប្រហារ​ជីវិត ក្នុង​បន្ទាយ​ឃុំ​ឃាំង​មនុស្ស​របស់​ហិត្លើ។ រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​កិច្ចបំរើ​របស់​គេ​ក្រោម​បម្រាម​ក្នុង​ប្រទេស​ជា​ច្រើន ហើយ​ក្នុង​ប្រទេស​ឯ​ទៀត​នោះ គេ​ត្រូវ​បាន​ចាប់​ដាក់​គុក ទទួល​ទារុណកម្ម ហើយ​ត្រូវ​បាន​សម្លាប់​ចោល​ដែរ។ រឿង​ទាំងអស់​នេះ​ជា​ចំណែក​នៃ​ទីសំគាល់​ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​មក​ដែរ។

ដូច​ជា​បាន​ទាយ​ទុក​នៅ​គម្ពីរ វិវរណៈ ១១:⁠១៨ «អស់​ទាំង​សាសន៍​បាន​មាន​សេចក្ដី​កំហឹង» ប្រឆាំង​នឹង​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​រឿង​នេះ​បង្ហាញ​ថា «សេចក្ដី​ខ្ញាល់» របស់​ព្រះ​យេហូវ៉ា​ផ្ទាល់​នឹង​ត្រូវ​បញ្ចេញ​ចំពោះ​សាសន៍​ទាំង​នោះ។ បទ​ដដែល​នេះ​បាន​ចែង​ប្រាប់​ទៀត​ថា ព្រះ​ទ្រង់​នឹង «បំផ្លាញ​ពួក​អ្នក ដែល​បង្ខូច​ផែនដី​ផង»។ មិន​ដែល​មាន​គ្រា​ពីមុន​ណា​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​លោក​ទាល់តែ​សោះ ដែល​ការ​បង្ខូច​នេះ​ត្រូវ​បាន​កំហែង​ដល់​លទ្ធភាព​នៃ​ផែនដី​ក្នុង​ការ​ជួយ​គាំទ្រ​ជីវិត​នោះ​ឡើយ។ ប៉ុន្តែ ឥឡូវ​មាន​ស្ថានភាព​ខុស​ពី​គ្នា​ណាស់! អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​ព្រមាន​ថា បើ​មនុស្ស​លោក​នៅ​តែ​បន្ត​ធ្វើ​កខ្វក់​ផែនដី​ទៅ​ទៀត ផែនដី​នេះ​នឹង​លែង​មាន​លទ្ធភាព​ជា​ទី​អាស្រ័យ​នៅ​បាន​ទៀត​ហើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា«បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ» ហើយ​ព្រះ​ទ្រង់​នឹង​បំផ្លាញ​ចោល​នូវ​អ្នក​ធ្វើ​កខ្វក់ មុន​ពេល​ដែល​ពួកគេ​បង្ខូច​ផែនដី​នេះ​យ៉ាង​គ្រប់​សព្វ​បាន។​—⁠អេសាយ ៤៥:⁠១៨

ពរ​ជា​ច្រើន​ចំពោះ​ផែនដី​នៅ​ក្រោម​ព្រះ​រាជាណាចក្រ

គំនិត​ដែល​ថា​មនុស្ស​នឹង​រស់​នៅ​លើ​ផែនដី​ជា​អនុរាស្ត្រ​របស់​ព្រះ​រាជាណាចក្រ ប្រហែល​ហាក់​ដូច​ជា​រឿង​ប្លែក​ណាស់​ចំពោះ​អ្នក​ជឿ​ទៅ​លើ​ព្រះ​គម្ពីរ​ជា​ច្រើន ដែល​គេ​គិត​ស្មាន​ថា​គ្រប់⁠ៗ​គ្នា​ដែល​ទទួល​សេចក្ដី​សង្គ្រោះ​នឹង​បាន​ជីវិត​នៅ​ឯ​ស្ថានសួគ៌​ទៅ​វិញ។ ព្រះ​គម្ពីរ​បង្ហាញ​ថា មាន​តែ​មនុស្ស​មួយ​ចំនួន​កំណត់​ទេ ដែល​នឹង​ត្រូវ​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​ចំពោះ​មនុស្ស​ដែល​នឹង​រស់​នៅ​លើ​ផែនដី​ដ៏​អស់កល្ប​ជានិច្ច​វិញ នឹង​ទៅ​ជា​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​ដែល​គ្មាន​កម្រិត​ឡើយ។ (វិវរណៈ ១៤:​១​-​៥; ៧:៩; ទំនុកដំកើង ៣៧:​១១, ២៩) ហេតុ​ការណ៍​ដែល​ថា ព្រះ​រាជាណាចក្រ​នៅ​ក្រោម​ព្រះ​គ្រីស្ទ​នឹង​គ្រប់​គ្រង​ទៅ​លើ ហើយ​នឹង​បំពេញ​ផែនដី​ទាំងមូល បាន​ត្រូវ​សម្ដែង​ដោយ​បទ​ទំនាយ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សៀវភៅ​ដានីយ៉ែល។

នៅ​បទ​នោះ​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ​មាន​តំណាង​ជា​ថ្ម ដែល​ត្រូវ​ដាប់​ផ្ដាច់​ចេញ​ពី​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រៀប​ទៅ​ដូច​ជា​ភ្នំ​មួយ​ធំ។ រាជាណាចក្រ​នេះ​វាយ​ហើយ​បំផ្លាញ​រូប​ធំ​មួយ ដែល​ជា​តំណាង​នៃ​ជនជាតិ​ដ៏​មាន​អំណាច​ខ្លាំង⁠ៗ​នៅ​លើ​ផែនដី ហើយ «ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​យ៉ាង​ធំ​នៅ​ពេញ​ផែនដី​ទាំង​ដុំ​មូល»។ ទំនាយ​នេះ​បាន​ចែង​បន្ត​ទៅ​ទៀត​ថា⁠៖ «រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ។ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ។ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់កល្ប​ជានិច្ច»។​—⁠ដានីយ៉ែល ២:​៣៤, ៣៥, ៤៤

គឺ​ជា​ព្រះ​រាជាណាចក្រ​និង​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នៅ​លើ​ផែនដី​ដែល​បាន​លាង​ស្អាត​ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ​នេះ​ហើយ ដែល​ជា​រឿង​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចង់​ថ្លែង​ប្រាប់​មក​លោក​អ្នក​នោះ។ អ្នក​នៅ​រស់​រាប់​លាន​នាក់ ហើយ​ជា​ច្រើន​លាន​នាក់​ទៀត​ដែល​ឥឡូវ​ស្ថិត​នៅ​ក្នុង​ផ្នូរ​របស់​គេ នឹង​មាន​ឱកាស​នឹង​រស់​នៅ​ក្នុង​ផែនដី​ដ៏​អស់កល្ប​ជានិច្ច។ នៅ​ពេល​នោះ នៅ​ក្រោម​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​គ្រីស្ទ​យេស៊ូវ រាជ​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​ផែនដី ហើយ​ដាក់​មនុស្ស​គូ​ទី​មួយ​នៅ​លើ​នោះ នឹង​ត្រូវ​បាន​សម្រេច​ឡើង។ សួន​មនោរម​នៅ​លើ​ផែនដី​នេះ​នឹង​មិន​មាន​ភាព​ធុញទ្រាន់​ទាល់តែ​សោះ។ យ៉ាង​ណា​ដែល​អ័ដាម​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​សួនច្បារ​អេដែន​នោះ គឺ​យ៉ាង​នោះ​ដែរ មនុស្ស​លោក​នឹង​មាន​ការងារ​ដែល​គួរ​ខិតខំ​ឲ្យ​សម្រេច ក្នុង​ការ​ថែរក្សា​ផែនដី និង​រុក្ខជាតិ​ហើយ​សត្វលោក​ដែល​នៅ​លើ​ផែនដី​ដែរ។ ពួកគេ «នឹង​ប្រើ​ប្រាស់[ដោយ​ការ​សប្បាយ​រីករាយ]ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន​យូរ​ទៅ»។​—⁠អេសាយ ៦៥:⁠២២; លោកុប្បត្តិ ២:⁠១៥

យើង​អាច​បង្ហាញ​បទ​គម្ពីរ​ជា​ច្រើន​ដើម្បី​សម្ដែង​អំពី​ស្ថានភាព​ដែល​នឹង​កើត​មាន​ឡើង នៅ​ពេល​ដែល​សេចក្ដី​អធិស្ឋាន​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង នឹង​បាន​ត្រូវ​ឆ្លើយ​នោះ⁠៖ «សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ»។ (ម៉ាថាយ ៦:⁠១០) ប៉ុន្តែ បទ​មួយ​នេះ​គ្រប់គ្រាន់​ហើយ​សម្រាប់​ពេល​ឥឡូវ​នេះ⁠៖ «ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថានសួគ៌​មក​ថា⁠៖ មើល! រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់។ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ។ ឯ​ព្រះ​អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​បន្ទូល​ថា⁠៖ ‹មើល! អញ​ធ្វើ​ទាំងអស់​ឡើង​ជា​ថ្មី›។ រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ‹ចូរ​សរសេរ​ទុក​ចុះ ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ​ហើយ​គួរ​ជឿ›»។​—⁠វិវរណៈ ២១:​៣​-​៥

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៥]

«គ្រា​លំបាក​ណាស់» ប៉ុន្តែ «សេចក្ដី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា ជិត​មក​ដល់​ហើយ»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក