ផ្នែកទី៧
គោលបំណងនៃព្រះនឹងបានសម្រេចឡើងក្នុងពេលឆាប់ៗនេះ
១, ២. ហេតុអ្វីបានជាយើងដឹងជាក់ថា ព្រះនឹងចាត់វិធានការបញ្ឈប់អំពើអាក្រក់និងការឈឺចាប់?
១ ថ្វីបើព្រះបានអនុញ្ញាតឲ្យមានភាពឥតគ្រប់ល័ក្ខណ៍និងការឈឺចាប់កើតឡើងអស់រយៈជាយូរក៏ដោយតាមទស្សនៈមនុស្ស ទ្រង់នឹងមិនឲ្យស្ថានភាពដ៏អាក្រក់ទាំងនេះមាននៅរហូតតរៀងទៅនោះទេ។ ព្រះគម្ពីរប្រាប់យើងថា ព្រះមានកំណត់វេលាមួយរយៈឲ្យការអាក្រក់ទាំងនេះកើតឡើង។
២ ‹មានពេលសំរាប់គ្រប់ការទាំងអស់›។ (សាស្ដា ៣:១) កាលដែលវេលាកំណត់នៃព្រះ ឲ្យអំពើអាក្រក់និងការឈឺចាប់កើតឡើង បានដល់ទីបញ្ចប់ហើយ នោះព្រះទ្រង់នឹងចូលធ្វើអន្តរាគមន៍ក្នុងរឿងរបស់មនុស្ស។ ទ្រង់នឹងបញ្ឈប់អស់ទាំងអំពើអាក្រក់និងការឈឺចាប់ ហើយនឹងសម្រេចគោលបំណងដំបូងនៃទ្រង់ ឲ្យផែនដីបានពេញទៅដោយគ្រួសារមនុស្សគ្រប់ល័ក្ខណ៍ដែលប្រកបដោយសុភមង្គល ដែលនឹងអរសប្បាយចំពោះសន្ដិភាពទាំងស្រុងនិងសន្ដិសុខខាងសេដ្ឋកិច្ច ក្នុងស្ថានភាពដ៏សែនមនោរម្យ។
ការជំនុំជំរះនៃព្រះ
៣, ៤. តើសៀវភៅសុភាសិតបានរៀបរាប់យ៉ាងដូចម្ដេច អំពីលទ្ធផលនៃអន្តរាគមន៍ពីព្រះ?
៣ មានទំនាយជាច្រើនក្នុងព្រះគម្ពីរ តែសូមកត់សម្គាល់មើលទំនាយពីរបី ដែលបានថ្លែងប្រាប់អំពីអ្វីដែលគ្រួសារមនុស្សនឹងបានទទួលក្នុងពេលឆាប់ៗនេះ ដោយសារអន្តរាគមន៍ពីព្រះ គឺលទ្ធផលនៃការជំនុំជំរះនៃទ្រង់នោះ៖
៤ «ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ»។—សុភាសិត ២:២១, ២២
៥, ៦. តើទំនុកដំកើង ៣៧ បង្ហាញយ៉ាងដូចម្ដេច អំពីអ្វីដែលនឹងកើតឡើងនៅពេលព្រះចូលធ្វើអន្តរាគមន៍?
៥ «ពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ . . . ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកដំកើង ៣៧:៩-១១
៦ «ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ។ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ។ ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ»។—ទំនុកដំកើង ៣៧:៣៤, ៣៧, ៣៨
៧. តើអ្វីជាដំបូន្មានដ៏ត្រឹមត្រូវ ដែលបន្ទូលរបស់ព្រះបានផ្ដល់ឲ្យយើង?
៧ ដូច្នេះ ដោយបានជ្រាបថា អនាគតដ៏ល្អក្រៃលែងនឹងមានដល់ពួកអ្នកដែលទទួលស្គាល់ថា ព្រះជាអ្នកបង្កើតដ៏មានព្រះចេស្ដា ទ្រង់មានសិទ្ធិគ្រប់គ្រងយើង នោះយើងក៏បានត្រូវដាស់តឿនថា៖ «គួរឲ្យចិត្តឯងកាន់តាមបណ្ដាំរបស់អញទាំងប៉ុន្មាន ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែង នឹងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង»។ តាមការពិត ជីវិតជាអនន្តនឹងបន្ថែមឲ្យអ្នកដែលសម្រេចចិត្តធ្វើតាមព្រះហឫទ័យនៃព្រះ! ម្ល៉ោះហើយ បន្ទូលរបស់ព្រះបានទូន្មានយើងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។—សុភាសិត ៣:១, ២, ៥, ៦
ការគ្រប់គ្រងនៃព្រះពីស្ថានសួគ៌
៨, ៩. តើព្រះនឹងបោសសំអាតផែនដីតាមរយៈអ្វី?
៨ ព្រះនឹងសម្រេចការបោសសំអាតផែនដី តាមរយៈរដ្ឋាភិបាលដ៏ល្អបំផុត ដែលមនុស្សអាចមាន។ នេះជារដ្ឋាភិបាលដែលបង្ហាញនូវប្រាជ្ញាដ៏ខ្ពង់ខ្ពស់ពីស្ថានសួគ៌ ពីព្រោះរដ្ឋាភិបាលនេះនឹងគ្រប់គ្រងពីស្ថានសួគ៌ក្រោមការដឹកនាំនៃព្រះ។ ហើយព្រះរាជាណាចក្រសួគ៌ានោះនឹងដកយកការគ្រប់គ្រងគ្រប់បែបយ៉ាងរបស់មនុស្សចេញពីផែនដី។ មនុស្សនឹងមិនអាចគ្រប់គ្រងដោយមិនពឹងពាក់ទៅលើព្រះ តាមតែចិត្តគេទៀតបានឡើយ។
៩ ចំពោះរឿងនេះ ទំនាយក្នុងដានីយ៉ែល ២:៤៤ ថ្លែងប្រាប់ថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ [រដ្ឋាភិបាលទាំងប៉ុន្មាននៅសព្វថ្ងៃនេះ] ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង [ក្នុងស្ថានសួគ៌] ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ [នឹងមិនអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងដោយមិនពឹងពាក់ទៅលើព្រះទៀតទេ] គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ [ដែលមាននៅសព្វថ្ងៃនេះ] នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—សូមមើល វិវរណៈ ១៩:១១-២១; ២០:៤-៦ ផង
១០. ហេតុអ្វីបានជាយើងអាចដឹងជាក់ថា នឹងមិនមានការគ្រប់គ្រងពុករលួយទៀតទេ ក្រោមព្រះរាជាណាចក្រសួគ៌ារបស់ព្រះ?
១០ ដូច្នេះ មនុស្សលោកនឹងមិនមានការគ្រប់គ្រងបែបពុករលួយទៀតទេ ដ្បិតក្រោយពេលព្រះបានបំបាត់របបនេះចោលទៅ នោះការគ្រប់គ្រងនៃមនុស្សដោយមិនពឹងពាក់ទៅលើទ្រង់ នឹងមិនមានទៀតឡើយ។ ហើយព្រះរាជាណាចក្រគ្រប់គ្រងពីស្ថានសួគ៌នឹងមិនពុករលួយទេ ពីព្រោះព្រះជាអ្នកចាប់ផ្ដើមនិងជាអ្នករក្សាការពារព្រះរាជាណាចក្រនោះ។ ផ្ទុយទៅវិញ ព្រះរាជាណាចក្រនឹងគ្រប់គ្រងយ៉ាងណាដើម្បីឲ្យបានផលល្អបំផុតដល់បណ្ដាមនុស្សដ៏ជារាស្ត្រ។ ពេលនោះ ព្រះហឫទ័យរបស់ព្រះនឹងបានសម្រេចឡើងពេញផែនដី ដូចដែលបានសម្រេចក្នុងស្ថានសួគ៌ដែរ។ ហេតុនេះហើយបានជាព្រះយេស៊ូបានបង្គាប់ពួកសិស្សទ្រង់ ឲ្យអធិស្ឋានដល់ព្រះដូចនេះថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថាយ ៦:១០
តើយើងជិតបានដល់គ្រានោះហើយឬ?
១១. តើយើងអាចរកទំនាយនៅកន្លែងណាក្នុងព្រះគម្ពីរ ដែលអាចជួយយើងឲ្យកំណត់មើលថា តើយើងជិតបានដល់ទីបញ្ចប់នៃរបបនេះហើយឬ?
១១ តើយើងជិតបានដល់គ្រាចុងបញ្ចប់នៃរបបលោកីយ៍ដ៏មិនពេញចិត្ត និងការចាប់ផ្ដើមនៃពិភពលោកថ្មីរបស់ព្រះហើយឬ? ទំនាយក្នុងព្រះគម្ពីរឆ្លើយប្រាប់យើងយ៉ាងច្បាស់លាស់។ ជាឧទាហរណ៍ ព្រះយេស៊ូបានទាយប្រាប់ដោយអង្គទ្រង់ អំពីអ្វីដែលយើងត្រូវចំណាំមើល ដើម្បីឲ្យយើងអាចដឹងថា យើងជិតបានដល់គ្រាដែលព្រះគម្ពីរហៅថា ‹គ្រាចុងបញ្ចប់នៃរបបលោកីយ៍នេះ› ហើយឬនៅ។ នេះមានចែងទុកក្នុងម៉ាថាយ ២៤, ២៥ជំពូក២៤និង២៥ ម៉ាកុស ១៣ និងលូកា ២១។ ហើយដូចបានចែងទុកមកក្នុងធីម៉ូថេទី២ ៣ជំពូក៣ សាវ័កប៉ុលបានទាយថា នឹងមានគ្រាមួយរយៈដែលហៅថា «ថ្ងៃជាន់ក្រោយបង្អស់» ដែលមានព្រឹត្ដិការណ៍ផ្សេងៗ ជួយបញ្ជាក់ថែមទៀតថា យើងកំពុងតែរស់នៅក្នុងគ្រាណា។
១២, ១៣. តើព្រះយេស៊ូមានបន្ទូលយ៉ាងដូចម្ដេចអំពីគ្រាចុងក្រោយ ហើយប៉ុលបាននិយាយយ៉ាងដូចម្ដេចដែរ?
១២ ព្រះយេស៊ូមានបន្ទូលថា គ្រាមួយរយៈនេះនឹងចាប់ផ្ដើមឡើងដោយមានព្រឹត្ដិការណ៍ទាំងនេះ៖ «ពីព្រោះសាសន៍ ១ នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ . . . និងកក្រើកដីនៅកន្លែងផ្សេងៗ»។ (ម៉ាថាយ ២៤:៧) លូកា ២១:១១ ព.ថ. បង្ហាញថា ទ្រង់មានបន្ទូលអំពី «រោគរាតត្បាតនៅកន្លែងផ្សេងៗ» ដែរ។ ហើយទ្រង់ក៏មានបន្ទូលព្រមានទៀតថា៖ «ការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង» ផង។—ម៉ាថាយ ២៤:១២
១៣ សាវ័កប៉ុលបានទាយប្រាប់ថា៖ «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដា ដែលមកដោយការគោរពប្រតិបត្ដិនោះទេ . . . ពួកអាក្រក់ នឹងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់ កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង»។—ធីម៉ូថេទី២ ៣:១-៥, ១៣
១៤, ១៥. តើតាមរបៀបណាដែលហេតុការណ៍ក្នុងសតវត្សទី ២០ នេះបញ្ជាក់ថា យើងប្រាកដជាបានរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់មែន?
១៤ តើការដែលព្រះយេស៊ូនិងសាវ័កប៉ុលបានទាយប្រាប់នោះ មានកើតឡើងឬទេក្នុងជំនាន់យើងនេះ? គឺមានកើតឡើងជាប្រាកដមែន។ សង្គ្រាមលោកលើកទី១ គឺជាសង្គ្រាមដ៏សាហាវឃោរឃៅបំផុត មកទល់នឹងជំនាន់នោះ។ នេះជាសង្គ្រាមពិភពលោកទីមួយ ហើយជាពេលចាប់មានការប្រែប្រួលដ៏ធំ ក្នុងប្រវត្ដិសាស្ត្រទំនើប។ ជាមួយនឹងសង្គ្រាមនោះក៏មានការអត់បាយ ជម្ងឺរាតត្បាត និងវិបត្ដិភ័យផ្សេងៗទៀត។ ព្រឹត្ដិការណ៍ទាំងនោះកើតឡើងពីឆ្នាំ ១៩១៤ រហូតមក គឺជា «ដើមចមនៃសេចក្ដីទុក្ខ» ដូចជាព្រះយេស៊ូបានមានបន្ទូលប្រាប់មកអញ្ចឹង។ (ម៉ាថាយ ២៤:៨) ព្រឹត្ដិការណ៍ទាំងនោះក៏បើកចាប់ផ្ដើមគ្រាមួយរយៈ ដែលហៅថា «ថ្ងៃជាន់ក្រោយបង្អស់» ក្នុងទំនាយ គឺជាពេលចាប់ផ្ដើមនៃតំណមនុស្សចុងក្រោយដែលព្រះនឹងអនុញ្ញាតឲ្យមានអំពើអាក្រក់និងការឈឺចាប់។
១៥ ប្រហែលជាអ្នកធ្លាប់ស្គាល់ព្រឹត្ដិការណ៍នៃសតវត្សទី ២០ នេះហើយ។ អ្នកស្គាល់ការច្របូកច្របល់ដែលបានកើតឡើង។ មនុស្សប្រមាណ ១០០ លាននាក់បានស្លាប់ក្នុងសង្គ្រាម។ រាប់រយលាននាក់ឯទៀតបានស្លាប់ដោយការអត់បាយនិងជម្ងឺឈឺថ្កាត់។ ឯការកក្រើកដីវិញក៏បានសម្លាប់មនុស្សមិនតិចនាក់ដែរ។ ការមិនចេះខ្វល់ខ្វាយដល់ជីវិតនិងទ្រព្យសម្បត្ដិក៏កើនច្រើនឡើង។ ក្នុងការរស់នៅក៏តែងមានការភ័យខ្លាចនឹងបទឧក្រិដ្ឋ។ បមាណីយខាងសីលធម៌ត្រូវគេរុញចោលចេញ។ ការកើនចំនួនរាស្ត្រដ៏លើសលុបក៏ធ្វើឲ្យមានបញ្ហាដែលរកដោះស្រាយពុំបាន។ ការកខ្វក់ធ្វើឲ្យខូចបង់ដល់គុណសម្បត្ដិនៃជីវិត ហើយទាំងធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ប្រាកដមែន យើងគឺបានរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់ហើយតាំងពីឆ្នាំ ១៩១៤ មក ហើយក៏ជិតដល់ពេលទំនាយព្រះគម្ពីរត្រូវសម្រេចដល់កំរិតផងសំរាប់ជំនាន់យើងនេះ។
១៦. តើថ្ងៃជាន់ក្រោយបង្អស់មានរយៈពេលយូរប៉ុន្មាន?
១៦ តើថ្ងៃជាន់ក្រោយបង្អស់នេះមានរយៈយូរប៉ុន្មានទៅ? ព្រះយេស៊ូមានបន្ទូលអំពីសម័យដែលប្រទះនឹង «ដើមចមនៃសេចក្ដីទុក្ខ» ពីឆ្នាំ ១៩១៤ តមកថា៖ «មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើតមកដល់»។ (ម៉ាថាយ ២៤:៨, ៣៤-៣៦) ម្ល៉ោះហើយ អស់ទាំងលក្ខណៈនៃថ្ងៃជាន់ក្រោយបង្អស់ត្រូវតែកើតឡើងនៅក្នុងពេលវេលាមួយរយៈខ្លី។ វិវរណៈ ១២:១២ ចែងថា ក្រោយពីបានទម្លាក់សាតាំងទៅផែនដីហើយ វានឹងមានពេលវេលាខ្លីណាស់។
១៧, ១៨. តើទំនាយមួយណាដែលបង្ហាញថា ទីបញ្ចប់នៃលោកីយ៍នេះជិតមកដល់ណាស់ហើយ?
១៧ ទំនាយមួយទៀតដែលបង្ហាញថា ទីបញ្ចប់នៃរបបលោកីយ៍នេះជិតមកដល់ណាស់ហើយ គឺបានទាយប្រាប់ដោយសាវ័កប៉ុល៖ «ដ្បិតអ្នករាល់គ្នាដឹង ច្បាស់ហើយថា ថ្ងៃនៃ[ព្រះយេហូវ៉ា]នឹងមកដល់ ដូចជាចោរមកនៅពេលយប់ ដ្បិតកាលណាគេកំពុងតែនិយាយថា៖ ‹មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ›! នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម . . . ហើយគេចមិនរួចឡើយ»។—ថែស្សាឡូនីចទី១ ៥:២, ៣; សូមមើល លូកា ២១:៣៤, ៣៥ ដែរ
១៨ សព្វថ្ងៃនេះ សង្គ្រាមត្រជាក់គឺបានចប់ហើយ ឯសង្គ្រាមអន្តរជាតិក៏ប្រហែលមិនមែនជាការគំរាមកំហែងធំដុំទៀតទេ។ ដូច្នេះ ជាតិសាសន៍ទាំងឡាយប្រហែលជាយល់ថា គេនឹងបានទទួលរបបពិភពលោកថ្មីជាមិនខាន។ ប៉ុន្តែពេលដែលយល់ថា ការខំប្រឹងប្រែងរបស់គេបានជោគជ័យហើយ នោះហេតុការណ៍នឹងកើតឡើង ផ្ទុយស្រឡះពីការនឹកស្មានរបស់គេវិញ ដ្បិតនេះជាសញ្ញាចុងក្រោយដែលបង្ហាញថា ព្រះនឹងនាំសេចក្ដីវិនាសមកលើរបបនេះជាមិនខាន។ សូមឲ្យចាំថា ការចរចានិងសន្ធិសញ្ញានយោបាយមិនធ្វើឲ្យមនុស្សកែប្រែមែនទែនទេ ក៏មិនធ្វើឲ្យមនុស្សស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ហើយពួកអ្នកដឹកនាំពិភពលោកមិនអាចបញ្ឈប់បទឧក្រិដ្ឋបាន ពួកគេក៏មិនអាចបំបាត់រោគជម្ងឺឬសេចក្ដីស្លាប់បានដែរ។ ដូច្នេះ សូមអ្នកកុំឲ្យទុកចិត្តលើសន្ដិភាពនិងសន្ដិសុខណារបស់មនុស្សឲ្យសោះ ហើយនឹកស្មានថា លោកីយ៍នេះនឹងរៀបដោះស្រាយបញ្ហាបាននោះឡើយ។ (ទំនុកដំកើង ១៤៦:៣) សម្រែកស្រែកបែបនេះនឹងពិតជាមានន័យថា លោកីយ៍នេះគឺបានជិតដល់ពេលត្រូវកន្លងផុតទៅហើយ។
ការផ្សាយដំណឹងល្អ
១៩, ២០. តើទំនាយអ្វីដែលទាក់ទងនឹងការផ្សាយប្រកាសនៅថ្ងៃជាន់ក្រោយបង្អស់ ដែលយើងឃើញកំពុងតែបានសម្រេច?
១៩ ទំនាយមួយទៀតដែលបង្ហាញថា យើងបានរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់តាំងពីឆ្នាំ ១៩១៤ គឺជាទំនាយដែលព្រះយេស៊ូបានទាយប្រាប់ថា៖ «ឯដំណឹងល្អ នឹងត្រូវផ្សាយដល់គ្រប់សាសន៍ជាមុនសិន»។ (ម៉ាកុស ១៣:១០) ឬក៏ដូចម៉ាថាយ ២៤:១៤ សម្ដែងប្រាប់ថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។
២០ សព្វថ្ងៃនេះគឺមិនដូចគ្រាមុនៗក្នុងប្រវត្ដិសាស្ត្រទេ ដ្បិតដំណឹងល្អបានត្រូវផ្សាយប្រកាសពាសពេញផែនដី ប្រាប់អំពីទីបញ្ចប់នៃលោកីយ៍នេះ និងអំពីពិភពលោកថ្មីដ៏ជាសួនមនោរម្យ ដែលនឹងមកដល់ក្រោមព្រះរាជាណាចក្ររបស់ព្រះ។ តើអ្នកណាផ្សាយប្រកាសប្រាប់? គឺពួកស្មរបន្ទាល់ព្រះយេហូវ៉ាដែលមានគ្នារាប់លាននាក់។ ពួកគេកំពុងតែផ្សាយប្រកាសក្នុងគ្រប់ប្រទេសលើផែនដី។
២១, ២២. តើអ្វីជាពិសេសដែលសម្គាល់ស្មរបន្ទាល់ព្រះយេហូវ៉ាថាជាគ្រីស្ទានពិត?
២១ ក្រៅពីការផ្សាយប្រកាសអំពីព្រះរាជាណាចក្រនៃព្រះ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាក៏ប្រព្រឹត្តតាមរបៀបដែលសម្គាល់ខ្លួនគេថាជាអ្នកកាន់តាមព្រះគ្រីស្ទពិត ដ្បិតទ្រង់មានបន្ទូលថ្លែងប្រាប់ថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ ដូច្នេះហើយ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាក៏រួបរួមគ្នាជាភាតរភាពមួយពេញផែនដី ដោយចំណងនៃសេចក្ដីស្រឡាញ់ដែលទាញបណ្ដាច់ពុំបាន។—យ៉ូហាន ១៣:៣៥; សូមមើល អេសាយ ២:២-៤; កូល៉ុស ៣:១៤; យ៉ូហាន ១៥:១២-១៤; យ៉ូហានទី១ ៣:១០-១២; យ៉ូហានទី១ ៤:២០, ២១; វិវរណៈ ៧:៩, ១០
២២ ស្មរបន្ទាល់ព្រះយេហូវ៉ាជឿអ្វីដែលព្រះគម្ពីរបានចែងថា៖ «ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) គេរាប់អានពួកស្មរបន្ទាល់គ្នាឯងឯទៀតក្នុងគ្រប់ប្រទេស ជាបងប្អូនប្រុសស្រីខាងវិញ្ញាណ មិនប្រកាន់ពូជសាសន៍ឬពណ៌សម្បុរណាឡើយ។ (ម៉ាថាយ ២៣:៨) ហើយដែលមានភាតរភាពមួយពេញផែនដីបែបនេះ ក៏ជួយធ្វើជាទីសំអាងបន្ថែមទៀតថា គោលបំណងនៃព្រះនឹងជិតបានសម្រេចក្នុងពេលឆាប់ៗនេះហើយ។
[រូបភាពនៅទំព័រ២៦]
ព្រះរាជាណាចក្រស្ថានសួគ៌ដ៏គ្រប់ល័ក្ខណ៍របស់ព្រះ នឹងគឺជាអំណាចគ្រប់គ្រងតែមួយរបស់មនុស្សលោកក្នុងពិភពលោកថ្មី