នេះជាកេរដំណែលរបស់យើង
«នេះហើយជាសេចក្ដី ដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងទទួលជាមរដក»។—អេ. ៥៤:១៧
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើព្រះបានធ្វើអ្វីដើម្បីការពារបណ្ដាំជាលាយលក្ខណ៍អក្សររបស់លោក?
តើតាមរបៀបណានាមរបស់ព្រះយេហូវ៉ាបានត្រូវការពារដើម្បីឲ្យរាស្ត្ររបស់លោកប្រើ?
សូមពន្យល់នូវរបៀបដែលព្រះបានការពារសេចក្ដីពិតទោះជាមានការពាធាក៏ដោយ។
១. តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដោយការពារអ្វី ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ?
ព្រះយេហូវ៉ាជា«ព្រះដែលមានជីវិតរស់នៅជានិរន្តរ៍» បានការពារសាររបស់លោកដែលផ្ដល់ជីវិតសម្រាប់មនុស្សជាតិ។ បណ្ដាំរបស់ព្រះប្រាកដជាមិនសាបសូន្យទេ ពីព្រោះ«ប្រសាសន៍របស់ព្រះយេហូវ៉ាស្ថិតស្ថេរជារៀងរហូត»។ (១ពេ. ១:២៣-២៥) យើងពិតជាដឹងគុណព្រះយេហូវ៉ាដែលបានបង្ហាញសេចក្ដីស្រឡាញ់ ដោយការពារព័ត៌មានដ៏សំខាន់ចាំបាច់បែបនេះនៅក្នុងបណ្ដាំជាលាយលក្ខណ៍អក្សររបស់លោក ពោលគឺគម្ពីរ!
២. ក្នុងបណ្ដាំជាលាយលក្ខណ៍អក្សររបស់ព្រះ តើលោកបានរក្សាអ្វី ដើម្បីឲ្យរាស្ត្ររបស់លោកអាចប្រើ?
២ ក្នុងបណ្ដាំរបស់លោក ព្រះបានការពារនាមរបស់លោកដែលលោកបានជ្រើសរើសដោយផ្ទាល់ ដើម្បីឲ្យរាស្ត្ររបស់លោកប្រើ។ បទគម្ពីរចែងជាលើកដំបូងអំពីនាមព្រះយេហូវ៉ា ពេលរៀបរាប់អំពីរបៀបដែលលោកបានបង្កើតមេឃនិងផែនដី។ (លោ. ២:៤) នាមរបស់ព្រះបានត្រូវចារឹកជាច្រើនដងដោយអព្ភូតហេតុនៅលើបន្ទះថ្មដែលមានបញ្ញត្ដិ១០ប្រការ។ ជាឧទាហរណ៍ បញ្ញត្ដិទី១ចែងថា៖ «អញនេះគឺយេហូវ៉ា ជាព្រះនៃឯង»។ (និក្ខ. ២០:១-១៧) នាមរបស់ព្រះនៅស្ថិតស្ថេរដោយសារព្រះយេហូវ៉ាដែលជាម្ចាស់ដ៏ឧត្តមបំផុត បានការពារបណ្ដាំនិងនាមរបស់លោក ទោះជាសាថានខំប្រឹងបំផ្លាញយ៉ាងណាក៏ដោយ។—ទំនុក. ៧៣:២៨
៣. ទោះជាសេចក្ដីបង្រៀនមិនពិតខាងជំនឿសាសនាមានពាសពេញពិភពលោកក៏ដោយ តើព្រះបានការពារអ្វី?
៣ ក្នុងបណ្ដាំរបស់លោក ព្រះយេហូវ៉ាក៏បានការពារសេចក្ដីពិតដែរ។ ទោះជាសេចក្ដីបង្រៀនមិនពិតខាងជំនឿសាសនាមានពាសពេញពិភពលោកក៏ដោយ យើងពិតជាដឹងគុណព្រះយេហូវ៉ាដែលលោកបានឲ្យសេចក្ដីពិតដល់យើង ដែលហាក់ដូចជាពន្លឺដែលបំភ្លឺភ្នែកយើង! (សូមអាន ទំនុកតម្កើង ៤៣:៣, ៤) កាលដែលមនុស្សជាច្រើននាក់ដើរក្នុងភាពងងឹត យើងសប្បាយនឹងបន្តដើរក្នុងពន្លឺដែលព្រះបានឲ្យយើង។—១យ៉ូន. ១:៦, ៧
យើងមានកេរដំណែលដ៏មានតម្លៃ
៤, ៥. តើឯកសិទ្ធិដ៏ពិសេសអ្វីដែលយើងបានទទួលតាំងពីឆ្នាំ១៩៣១មក?
៤ ជាគ្រិស្តសាសនិក យើងមានកេរដំណែលមួយដ៏មានតម្លៃ។ កេរដំណែលគឺជាអ្វីមួយដែលបានត្រូវបន្សល់ទុកសម្រាប់មនុស្សពីជំនាន់មួយទៅជំនាន់មួយ។ កេរដំណែលដែលយើងទទួលពីព្រះ រួមមានចំណេះត្រឹមត្រូវពីបណ្ដាំរបស់ព្រះ និងការយល់ច្បាស់នូវសេចក្ដីពិតអំពីលោក ព្រមទាំងគោលបំណងរបស់លោក។ នេះក៏រួមបញ្ចូលឯកសិទ្ធិដ៏ពិសេសមួយដែរ។
៥ យើងបានទទួលឈ្មោះរបស់យើងនៅមហាសន្និបាតមួយនៅក្រុងកូឡាំបឺស រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក នៅឆ្នាំ១៩៣១។ អក្សរ«JW»បានត្រូវបោះពុម្ពក្នុងកម្មវិធីនៃមហាសន្និបាតនេះ។ បងស្រីម្នាក់និយាយថា បងប្អូនបានគិតថាអក្សរនេះមានន័យថា«សូមចាំ»ឬ«សូមចាំយាម» ហើយបងប្អូនខ្លះទៀតបានស្មានថាជា«សាក្សីព្រះយេហូវ៉ា»ទៀតផង។ ពីមុនយើងមានឈ្មោះថានិស្សិតគម្ពីរ ប៉ុន្តែយើងយកឈ្មោះសាក្សីព្រះយេហូវ៉ាតាមរយៈសេចក្ដីសម្រេចនៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ១៩៣១។ យើងពិតជារំភើបចិត្តណាស់ដែលយើងបានទទួលឈ្មោះនេះពីបទគម្ពីរ។ (សូមអាន អេសាយ ៤៣:១២) បងប្រុសម្នាក់បានចាំថា៖ «ខ្ញុំមិនភ្លេចការស្រែកហ៊ោនិងការទះដៃយ៉ាងខ្លាំងដែលឮរំពងនៅកន្លែងសន្និបាតនោះឡើយ»។ គ្មានអ្នកណាទៀតក្នុងពិភពលោកចង់បានឈ្មោះនេះទេ ប៉ុន្តែព្រះបានឲ្យពរយើងដោយសារយើងបានប្រើឈ្មោះនេះជាង៨ទសវត្សរ៍មកហើយ។ ការធ្វើជាសាក្សីព្រះយេហូវ៉ាពិតជាឯកសិទ្ធិដ៏ពិសេសមែន!
៦. តើកេរដំណែលរបស់យើងរួមបញ្ចូលព័ត៌មានត្រឹមត្រូវអំពីអ្វី?
៦ កេរដំណែលរបស់យើងរួមបញ្ចូលភាពត្រឹមត្រូវនិងព័ត៌មានដ៏មានតម្លៃពីសម័យមុន។ ជាឧទាហរណ៍ សូមពិចារណាអំពីអាប្រាហាំ អ៊ីសាក និងយ៉ាកុប។ បុព្វបុរសទាំងនេះនិងក្រុមគ្រួសាររបស់ពួកគាត់ ច្បាស់ជាបានពិភាក្សាអំពីរបៀបដែលពួកគាត់អាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ ដូច្នេះមិនមែនជាការចម្លែកទេដែលយ៉ូសែបដែលជាបុរសទៀងត្រង់បានបដិសេធមិនប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ដើម្បីមិនឲ្យគាត់«មានបាបនៅចំពោះព្រះ»។ (លោ. ៣៩:៧-៩) នៅសតវត្សរ៍ទី១ គ្រិស្តសាសនិកប្រាប់ព័ត៌មានអំពីព្រះដល់គ្នាទៅវិញទៅមក។ ព័ត៌មានទាំងនេះរួមបញ្ចូលអ្វីដែលប៉ូលបានប្រាប់បងប្អូនក្នុងក្រុមជំនុំអំពីពិធីអាហារល្ងាចរបស់លោកម្ចាស់។ (១កូ. ១១:២, ២៣) សព្វថ្ងៃនេះយើងត្រូវការព័ត៌មានល្អិតល្អន់ដើម្បីគោរពប្រណិប័តន៍ព្រះដោយ«សកម្មពលរបស់លោកនិងដោយសេចក្ដីពិត»។ (សូមអាន យ៉ូហាន ៤:២៣, ២៤) គម្ពីរបំភ្លឺមនុស្សជាតិទាំងអស់ ប៉ុន្តែយើងដែលជាអ្នកបម្រើព្រះឲ្យតម្លៃយ៉ាងពិសេសទៅលើការបំភ្លឺនេះ។
៧. តើកេរដំណែលរបស់យើងរួមបញ្ចូលសេចក្ដីសន្យាអ្វី ដែលលើកទឹកចិត្ត?
៧ កេរដំណែលរបស់យើងពីព្រះតែងតែកើនឡើងជានិច្ច។ នេះរួមបញ្ចូលសេចក្ដីសន្យាមួយដែលលើកទឹកចិត្ត។ សេចក្ដីសន្យានោះចែងថា៖ ‹ព្រះយេហូវ៉ាទ្រង់កាន់ខាងយើង›។ (ទំនុក. ១១៨:៧) នេះធ្វើឲ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាព ទោះជាយើងទទួលការបៀតបៀនក៏ដោយ។ ផ្នែកមួយនៃកេរដំណែលដែលធ្វើឲ្យយើងទទួលការលើកទឹកចិត្តគឺ ការរីកចម្រើននូវកេរដំណែលដែលព្រះបានសន្យាថា៖ «ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្ដី នោះឯងនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងទទួលជាមរដក ហើយសេចក្ដីរបស់គេក៏មកពីអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។ (អេ. ៥៤:១៧) គ្មានគ្រឿងសស្ដ្រាវុធណារបស់សាថានអាចធ្វើទុក្ខយើងជារៀងរហូតឡើយ។
៨. តើយើងនឹងពិចារណាអំពីអ្វីនៅអត្ថបទនេះនិងនៅអត្ថបទបន្ទាប់?
៨ សាថានបានព្យាយាមបំផ្លាញបណ្ដាំរបស់ព្រះ នាមព្រះយេហូវ៉ា និងបានលាក់សេចក្ដីពិតអំពីព្រះ។ ប៉ុន្តែវាពិតជាមិនអាចឈ្នះព្រះយេហូវ៉ាបានទេ។ ព្រះបានរារាំងទង្វើទាំងនេះរបស់សាថាន។ នៅអត្ថបទនេះនិងអត្ថបទបន្ទាប់ យើងនឹងពិចារណា (១) របៀបដែលព្រះបានការពារបណ្ដាំរបស់លោក (២) របៀបដែលព្រះយេហូវ៉ាចាត់វិធានការដើម្បីការពារនាមរបស់លោក និង (៣) របៀបដែលបិតារបស់យើងនៅស្ថានសួគ៌ជាអ្នកការពារសេចក្ដីពិតនិងជាប្រភពនៃសេចក្ដីពិតដែលយើងមាន។
ព្រះយេហូវ៉ាបានការពារបណ្ដាំរបស់លោក
៩-១១. តើឧទាហរណ៍អ្វីខ្លះដែលបង្ហាញថាគម្ពីរនៅតែគង់វង្សទោះជាមានការពាធាតាមវិធីផ្សេងៗក៏ដោយ?
៩ មានមនុស្សជាច្រើននាក់បានព្យាយាមបំផ្លាញគម្ពីរ ប៉ុន្តែព្រះយេហូវ៉ាបានការពារបណ្ដាំរបស់លោក។ សាសនាកាតូលិកបានព្យាយាមរារាំងមនុស្សមិនឲ្យអានគម្ពីរ។ សម្ដេចប៉ាបបាននិយាយថា ការអានគម្ពីរនាំឲ្យមនុស្សមានគ្រោះថ្នាក់។ នៅឆ្នាំ១២៤២ អ្នកដឹកនាំពិភពគ្រិស្តសាសនាបានបង្កើតច្បាប់ថា ត្រូវតែដុតចោលគម្ពីរទាំងអស់ដែលមានជាភាសាដែលមនុស្សស្រួលយល់។ ក្រោយមកមានសេចក្ដីសម្រេចស្រដៀងគ្នានេះរួមមានសេចក្ដីបង្គាប់ពីសម្ដេចប៉ាបនៅឆ្នាំ១៨១៦ ឆ្នាំ១៨២៤និងឆ្នាំ១៨៣២។
១០ ទោះជាមានការពាធាតាមរបៀបផ្សេងៗមកលើគម្ពីរក៏ដោយ ក៏គម្ពីរបានត្រូវការពារ។ ប្រហែលជានៅឆ្នាំ១៣៨២ ចន វ៉ាយឃ្លីហ្វនិងមិត្តភក្ដិរបស់គាត់បានចេញគម្ពីរទី១ដែលបកប្រែជាភាសាអង់គ្លេស។ អ្នកបកប្រែគម្ពីរម្នាក់ទៀតគឺ វីលៀម ធីនដេល ដែលបានត្រូវគេប្រហារជីវិតនៅឆ្នាំ១៥៣៦។ ពេលគេចងគាត់នឹងបង្គោល គាត់ស្រែកឡើងម្ដងហើយម្ដងទៀតថា៖ «ព្រះជាម្ចាស់អើយ សូមជួយស្តេចអង់គ្លេសឲ្យដឹងការពិត»។ បន្ទាប់មកគេបានរឹតកសម្លាប់ ហើយបានដុតគាត់។
១១ គម្ពីរនៅតែគង់វង្សទោះជាមានការប្រឆាំងក៏ដោយ។ ជាឧទាហរណ៍ នៅឆ្នាំ១៥៣៥ សេចក្ដីបកប្រែគម្ពីរជាភាសាអង់គ្លេសរបស់ម៉ែល ខូវឺដេលបានចេញផ្សាយ។ ខូវឺដេលបានប្រើសេចក្ដីបកប្រែរបស់ធីនដេលនៃគម្ពីរ«សញ្ញាថ្មី»និង«សញ្ញាចាស់»ពីសៀវភៅលោកុប្បត្តិរហូតដល់របាក្សត្រ។ គាត់បានបកប្រែផ្នែកឯទៀតនៃបទគម្ពីរពីភាសាឡាតាំងនិងពីគម្ពីររបស់ម៉ាថិន លូទែរជាភាសាអាឡឺម៉ង់។ សព្វថ្ងៃនេះយើងពេញចិត្តសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ ដោយសារការបកប្រែនេះគឺច្បាស់ ត្រឹមត្រូវតាមឯកសារដើមនៃគម្ពីរ ហើយស្រួលប្រើក្នុងកិច្ចបម្រើផ្សាយរបស់យើង។ ទោះជាសាថានឬមនុស្សណាក៏ដោយ ក៏មិនអាចបំផ្លាញគម្ពីរបានដែរ។
ព្រះយេហូវ៉ាការពារនាមរបស់លោក
១២. តើសេចក្ដីបកប្រែពិភពលោកថ្មីមានតួនាទីសំខាន់យ៉ាងណាក្នុងការការពារនាមរបស់ព្រះ?
១២ ព្រះយេហូវ៉ាបានចាត់វិធានការដើម្បីការពារនាមរបស់លោកនៅក្នុងគម្ពីរ។ សេចក្ដីបកប្រែពិភពលោកថ្មីមានតួនាទីសំខាន់ក្នុងការការពារនាមរបស់ព្រះ។ ក្នុងបុព្វកថារបស់សេចក្ដីបកប្រែពិភពលោកថ្មី គណៈកម្មាធិការនៃអ្នកបកប្រែបានសរសេរថា៖ «លក្ខណៈសំខាន់នៃការបកប្រែនេះគឺការដាក់បញ្ចូលនាមដ៏បរិសុទ្ធរបស់ព្រះឡើងវិញនៅកន្លែងត្រឹមត្រូវក្នុងឯកសារភាសាអង់គ្លេស។ នាមដ៏ពិសេសរបស់ព្រះគឺយេហូវ៉ា មាន២៣៧ដងក្នុងសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ សេចក្ដីពន្យល់បន្ថែមផ្នែកទី១ក្នុងគម្ពីរនេះពន្យល់អំពីមូលហេតុនោះ។ ដោយសារការញែកនាមរបស់ព្រះចេញជាបរិសុទ្ធជាអ្វីដ៏សំខាន់ ហើយដោយសារចាំបាច់ឲ្យមនុស្សទាំងអស់គ្នាហៅរកនាមរបស់ព្រះដើម្បីឲ្យបានសេចក្ដីសង្គ្រោះ នោះសេចក្ដីបកប្រែនេះបានដាក់បញ្ចូលនាមយេហូវ៉ាមកវិញ ក្នុងខគម្ពីរណាដែលបទគម្ពីរបរិសុទ្ធគួរមាននាមនោះ»។ ឥឡូវនេះយើងមានសេចក្ដីបកប្រែពិភពលោកថ្មីទាំងមូលឬផ្នែកខ្លះ ដែលមានជាង១១៦ភាសា ហើយមានជាង១៧៨.៥៤៥.៨៦២ក្បាលបានត្រូវបោះពុម្ព។
១៣. ហេតុអ្វីគេអាចនិយាយបានថា មនុស្សស្គាល់នាមរបស់ព្រះតាំងពីពេលដែលលោកបានបង្កើតមនុស្សមកម្ល៉េះ?
១៣ មនុស្សបានស្គាល់នាមរបស់ព្រះតាំងពីលោកបង្កើតមនុស្សជាតិ។ អាដាមនិងអាវ៉ាបានស្គាល់នាមរបស់ព្រះ ហើយបានប្រើនាមរបស់លោក។ ក្រោយទឹកជំនន់ ពេលហាំមិនបានបង្ហាញការគោរពចំពោះណូអេដែលជាឪពុករបស់គាត់ ណូអេបាននិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសិមបានប្រកបដោយព្រះពរ ហើយត្រូវឲ្យកាណាន[កូនរបស់ហាំ]ធ្វើជាបាវបំរើដល់សិមវិញ»។ (លោ. ៤:១; ៩:២៦) ព្រះបានប្រកាសដោយផ្ទាល់ថា៖ «អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត»។ ព្រះក៏បានមានប្រសាសន៍ដែរថា៖ «អញនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីអញឥតមានព្រះណាទៀតសោះ»។ (អេ. ៤២:៨; ៤៥:៥) ព្រះយេហូវ៉ាបានចាត់វិធានការដើម្បីការពារនាមរបស់លោក ហើយបានធ្វើឲ្យមនុស្សទូទាំងផែនដីស្គាល់នាមរបស់លោក។ យើងពិតជាមានឯកសិទ្ធិមែនដែលយើងអាចប្រើនាមរបស់ព្រះយេហូវ៉ា ហើយបម្រើជាសាក្សីរបស់លោក! មែនហើយ យើងស្រែកឡើងថា៖ «យើង . . . នឹងលើកទង់ជ័យឡើងដោយនូវព្រះនាមនៃព្រះរបស់យើង»។—ទំនុក. ២០:៥
១៤. ក្រៅពីក្នុងគម្ពីរ តើអាចរកឃើញនាមព្រះនៅកន្លែងណា?
១៤ នាមរបស់ព្រះមិនមែនមានតែក្នុងគម្ពីរប៉ុណ្ណោះទេ។ សូមពិចារណាអំពីអក្សរលើផ្ទាំងថ្មម៉ូអាប់ដែលបានត្រូវរកឃើញនៅឌីបាន (ឌីបូន) ដែលមានចម្ងាយ២១គីឡូម៉ែត្រ (១៣ម៉ៃល៍) ខាងកើតសមុទ្រស្លាប់។ អក្សរលើផ្ទាំងថ្មនេះចែងអំពីស្តេចអំរី និងអំពីអ្វីដែលស្តេចមេសាដែលជាស្តេចសាសន៍ម៉ូអាប់បាននិយាយអំពីការបះបោររបស់គាត់ប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ (១ព. ១៦:២៨; ២ព. ១:១; ៣:៤, ៥) ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាពិសេសគឺ ផ្ទាំងថ្មម៉ូអាប់មាននាមរបស់ព្រះជាអក្សរបួនតួដែលហៅថាតេត្រាក្រាម។ តេត្រាក្រាមនេះក៏មានជាច្រើនដងនៅក្នុងបំណែកដែលធ្វើពីដីឥដ្ឋ ដែលគេបានរកឃើញនៅអ៊ីស្រាអែល។ បំណែកទាំងនេះបានត្រូវហៅថាសំបុត្រនៃក្រុងឡាគីស។
១៥. តើគម្ពីរសេបធួជីនជាអ្វី ហើយតើគម្ពីរនេះបានត្រូវបង្កើតយ៉ាងដូចម្ដេច?
១៥ អ្នកបកប្រែគម្ពីរនៅសម័យមុនបានរួមចំណែកក្នុងការការពារនាមដ៏ពិសិដ្ឋរបស់ព្រះ។ ក្រោយពីពួកគេបានត្រូវនិរទេសទៅបាប៊ីឡូនពីឆ្នាំ៦០៧ មុនគ.ស. ដល់ឆ្នាំ៥៣៧ មុនគ.ស. ជនជាតិយូដាជាច្រើននាក់មិនបានត្រឡប់មកស្រុកយូដានិងស្រុកអ៊ីស្រាអែលវិញឡើយ។ ប្រហែលជានៅសតវត្សរ៍ទី៣ មុនគ.ស. ជនជាតិយូដាជាច្រើននាក់បានមកតាំងលំនៅនៅក្រុងអាឡិចសង់ទ្រាក្នុងស្រុកអេស៊ីបដែលគេនិយាយភាសាក្រិច។ ជនជាតិយូដាទាំងនេះត្រូវការសេចក្ដីបកប្រែបទគម្ពីរពីភាសាហេប្រឺទៅភាសាក្រិច ដែលកាលនោះជាភាសាអន្តរជាតិ។ សេចក្ដីបកប្រែនេះបានចប់សព្វគ្រប់នៅសតវត្សរ៍ទី២ មុនគ.ស. ហើយបានត្រូវហៅថាគម្ពីរសេបធួជីន។ គម្ពីរនេះខ្លះមាននាមរបស់ព្រះយេហូវ៉ាជាភាសាហេប្រឺ។
១៦. សូមលើកឧទាហរណ៍អំពីសៀវភៅមួយដែលប្រើនាមរបស់ព្រះដែលបានត្រូវបោះពុម្ពផ្សាយជាលើកទី១នៅឆ្នាំ១៦៤០។
១៦ គេឃើញនាមរបស់ព្រះក្នុងសៀវភៅមួយ (Bay Psalm Book) ដែលបានត្រូវបោះពុម្ពផ្សាយជាលើកដំបូងនៅក្នុងអាណានិគមអង់គ្លេសនៅទ្វីបអាម៉េរិក។ សៀវភៅនេះបានត្រូវបោះពុម្ពជាលើកទី១ នៅឆ្នាំ១៦៤០ ហើយក្នុងនោះមានសៀវភៅទំនុកតម្កើងដែលបានត្រូវបកប្រែពីភាសាហេប្រឺទៅភាសាអង់គ្លេសនៅសម័យនោះ។ សៀវភៅនេះប្រើនាមរបស់ព្រះនៅខគម្ពីរផ្សេងៗដូចជានៅទំនុកតម្កើង ១:១, ២ដែលចែងថា៖ «មានពរហើយអ្នកណា»ដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ តែ«អរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ» (ដើម្បីទទួលព័ត៌មានបន្ថែមអំពីនាមរបស់ព្រះ សូមមើលសៀវភៅព្រះនាមដែលនឹងស្ថិតនៅជានិរន្តរ៍ ជាភាសាអង់គ្លេស)។
ព្រះយេហូវ៉ាការពារសេចក្ដីពិតក្នុងគម្ពីរ
១៧, ១៨. (ក) តើ«សេចក្ដីពិត»ជាអ្វី? (ខ) តើ«សេចក្ដីពិតនៃដំណឹងល្អ»រួមបញ្ចូលអ្វីខ្លះ?
១៧ យើងសប្បាយនឹងបម្រើព្រះយេហូវ៉ាដែលជា«ព្រះនៃសេចក្ដីពិត»។ (ទំនុក. ៣១:៥) វចនានុក្រមអង់គ្លេសមួយចែងថា៖ «សេចក្ដីពិតអំពីអ្វីមួយគឺជាហេតុការណ៍ពិតអំពីអ្វីនោះ មិនមែនជាអ្វីដែលមនុស្សស្រមៃគិតឬប្រឌិតឡើងនោះទេ»។ (Collins Cobuild Eng-lish Dictionary) នៅក្នុងគម្ពីរ ពាក្យហេប្រឺដែលច្រើនតែបកប្រែថា «សេចក្ដីពិត» សំដៅទៅអ្វីមួយដែលពិត គួរឲ្យទុកចិត្ត ស្មោះត្រង់ ឬដែលជាហេតុការណ៍ពិត។ ពាក្យក្រិចដែលបានត្រូវបកប្រែថា «សេចក្ដីពិត»សំដៅទៅលើអ្វីមួយដែលស្របតាមហេតុការណ៍ពិតឬអ្វីដែលត្រឹមត្រូវ។
១៨ ព្រះយេហូវ៉ាបានការពារសេចក្ដីពិត និងបានជួយយើងឲ្យមានចំណេះអំពីសេចក្ដីពិតកាន់តែច្រើនឡើង។ (២យ៉ូន. ១, ២) យើងអាចយល់សេចក្ដីពិតកាន់តែច្បាស់ឡើងៗ ពីព្រោះ«ផ្លូវរបស់មនុស្សសុចរិតធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើងដរាបដល់ពេញកំឡាំង»! (សុភ. ៤:១៨) យើងប្រាកដជាយល់ស្របទាំងស្រុងនឹងលោកយេស៊ូដែលបានមានប្រសាសន៍ក្នុងសេចក្ដីអធិដ្ឋានរបស់លោកទៅព្រះថា៖ «បណ្ដាំរបស់លោកជាសេចក្ដីពិត»។ (យ៉ូន. ១៧:១៧) បណ្ដាំរបស់ព្រះដែលបានសរសេរជាលាយលក្ខណ៍អក្សរមាន«សេចក្ដីពិតនៃដំណឹងល្អ» ដែលមានសេចក្ដីបង្រៀនទាំងឡាយរបស់គ្រិស្តសាសនិកពិត។ (កាឡ. ២:១៤) សេចក្ដីពិតទាំងនេះរួមមានសេចក្ដីពិតអំពីនាមរបស់ព្រះយេហូវ៉ា សិទ្ធិគ្រប់គ្រងរបស់លោក គ្រឿងបូជាលោះរបស់លោកយេស៊ូ ការប្រោសឲ្យរស់ឡើងវិញ និងរាជាណាចក្ររបស់ព្រះ។ ឥឡូវនេះសូមយើងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានការពារសេចក្ដីពិត ទោះជាសាថានប៉ុនប៉ងបំផ្លាញក៏ដោយ។
ព្រះយេហូវ៉ារារាំងសាថានមិនឲ្យលាក់សេចក្ដីពិត
១៩, ២០. តើនីមរ៉ុឌជាអ្នកណា ហើយតើគម្រោងអ្វីបានបរាជ័យនៅសម័យរបស់គាត់?
១៩ ក្រោយទឹកជំនន់នៅសម័យណូអេ មានសុភាសិតមួយចែងថា៖ «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។ (លោ. ១០:៩) ដោយសារនីមរ៉ុឌប្រឆាំងនឹងព្រះយេហូវ៉ា នោះគាត់ពិតជាគោរពបូជាសាថាន ហើយដូចពួកអ្នកប្រឆាំងដែលលោកយេស៊ូបានមានប្រសាសន៍ថា៖ «មេកំណាចជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាចង់ធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់ឪពុកអ្នក។ មេកំណាច . . . មិនបាននៅជាប់នឹងសេចក្ដីពិតឡើយ»។—យ៉ូន. ៨:៤៤
២០ នីមរ៉ុឌគ្រប់គ្រងទាំងក្រុងបាបិលទាំងក្រុងឯទៀតដែលនៅចន្លោះទន្លេទីគ្រីនិងទន្លេអឺប្រាត។ (លោ. ១០:១០) គាត់ប្រហែលជាអ្នកដែលចាប់ផ្ដើមសាងសង់ក្រុងនិងប៉មបាបិល ប្រហែលជានៅឆ្នាំ២២៦៩ មុនគ.ស.។ ផ្ទុយពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ាដែលចង់ឲ្យមនុស្សជាតិរស់នៅគ្រប់ទីកន្លែងលើផែនដី អ្នកសង់ប៉មទាំងនោះបាននិយាយថា៖ «ចូរយើងសង់ក្រុង១សំរាប់យើង នឹងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្ដិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ»។ ពួកគេមិនអាចសង់ប៉មនេះបានរួចរាល់ទេ ដោយសារព្រះបាន«បំភាន់ភាសាលោកីយទាំងអស់»។ ដូច្នេះមនុស្សបានរើចេញពីក្រុងបាបិល។ (លោ. ១១:១-៤, ៨, ៩) ហេតុនេះ គម្រោងរបស់សាថានដើម្បីបង្កើតសាសនាមួយដែលមនុស្សទាំងអស់គោរពបូជាវា បានត្រូវបរាជ័យ។ ក្នុងប្រវត្ដិសាស្ត្ររបស់មនុស្ស ការគោរពប្រណិប័តន៍ព្រះយេហូវ៉ាបានទទួលជោគជ័យ ហើយបានចម្រើនឡើងជារៀងរាល់ថ្ងៃ។
២១, ២២. (ក) ហេតុអ្វីសាសនាមិនពិតមិនអាចបង្កគ្រោះថ្នាក់ដល់ការគោរពប្រណិប័តន៍ពិតបាន? (ខ) តើយើងនឹងពិចារណាអំពីអ្វីនៅអត្ថបទបន្ទាប់?
២១ សាសនាមិនពិតមិនអាចបង្កគ្រោះថ្នាក់ដល់ការគោរពប្រណិប័តន៍ពិតឡើយ។ ហេតុអ្វី? ដោយសារគ្រូបង្រៀនដ៏ឧត្តមរបស់យើងបានចាត់វិធានការដើម្បីការពារបណ្ដាំជាលាយលក្ខណ៍អក្សររបស់លោក បានការពារនាមរបស់លោកដើម្បីឲ្យមនុស្សជាតិស្គាល់ នឹងដើម្បីឲ្យយើងស្គាល់សេចក្ដីពិត។ (អេ. ៣០:២០, ២១) ការគោរពប្រណិប័តន៍ព្រះស្របតាមសេចក្ដីពិតនាំឲ្យយើងមានអំណរ ប៉ុន្តែការធ្វើដូច្នេះតម្រូវឲ្យយើងបន្តយកចិត្តទុកដាក់ចំពោះសេចក្ដីពិត ទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា ហើយធ្វើតាមការណែនាំពីសកម្មពលបរិសុទ្ធរបស់លោក។
២២ នៅអត្ថបទបន្ទាប់ យើងនឹងរៀនអំពីរបៀបដែលមេដឹកនាំពិភពគ្រិស្តសាសនាបានចាប់ផ្ដើមបង្រៀនសេចក្ដីមិនពិតអំពីព្រះ។ យើងនឹងរៀនថាបទគម្ពីរមិនបង្រៀនសេចក្ដីមិនពិតទាំងនេះទេ។ ម្យ៉ាងទៀត យើងនឹងឃើញអំពីរបៀបដែលព្រះយេហូវ៉ាដែលជាអ្នកការពារសេចក្ដីពិតដែលប្រៀបផ្ទឹមមិនបាន បានឲ្យយើងនូវសេចក្ដីបង្រៀនពិត ដែលយើងឲ្យតម្លៃដូចជាកេរដំណែលរបស់យើង។
[រូបភាពនៅទំព័រ៣]
[រូបភាពនៅទំព័រ៤]
យើងសប្បាយរីករាយដោយបានទទួលយកឈ្មោះសាក្សីព្រះយេហូវ៉ានៅមហាសន្និបាតរបស់យើងនៅឆ្នាំ១៩៣១
[រូបភាពនៅទំព័រ៥]
បុរសជាច្រើននាក់ដូចធីនដេលបានលះបង់ជីវិតរបស់ពួកគេដើម្បីបណ្ដាំរបស់ព្រះ
[អ្នកផ្ដល់សិទ្ធិ]
From Foxe’s Book of Martyrs