ពួកអង្គរក្សអធិរាជរ៉ូមបានឮដំណឹងល្អ
នៅឆ្នាំ៥៩ គ.ស. មេទ័ពរ៉ូមឈ្មោះយូលាសនិងទាហានរបស់គាត់ដែលនឿយហត់ បាននាំអ្នកទោសមួយក្រុមទៅក្រុងរ៉ូម។ ពួកគេបានចូលក្នុងក្រុងដោយឆ្លងកាត់ខ្លោងទ្វារព័កតាកូប៉េណា។ នៅលើភ្នំប៉ាឡឺទីនមានរាជវាំងរបស់អធិរាជនីរ៉ូ ដែលយាមកាមដោយពួកទាហានដែលជាអង្គរក្សដោយមានដាវលាក់ក្នុងក្រណាត់រុំខ្លួនរបស់ពួកគេ។a មេទ័ពយូលាសបានបណ្ដើរពួកអ្នកទោសឆ្លងកាត់ទីប្រជុំជនសំខាន់របស់ក្រុងរ៉ូម ហើយឡើងទៅលើភ្នំវីមីណល។ ពួកគេឆ្លងកាត់សួនឧទ្យានមួយដែលមានទីបូជាជាច្រើននៃព្រះរបស់ជនជាតិរ៉ូម ហើយដើរកាត់កន្លែងដ៏ធំមួយដែលសម្រាប់ធ្វើព្យុហយាត្រានិងហ្វឹកហ្វឺនកងទ័ព។
ក្នុងចំណោមអ្នកទោសទាំងនោះក៏មានសាវ័កប៉ូលដែរ។ ប៉ុន្មានខែមុន ពេលគាត់នៅលើសំពៅដែលបោកបក់ដោយខ្យល់ព្យុះ ទេវតារបស់ព្រះមួយរូបបានប្រាប់គាត់ថា៖ «អ្នកត្រូវឈរនៅមុខសេសារ»។ (សកម្ម. ២៧:២៤) ចំពោះប៉ូល តើពាក្យទាំងនេះនឹងក្លាយជាការពិតឬទេ? កាលដែលគាត់បែរទៅមើលរាជធានីនៃចក្រភពរ៉ូម នេះប្រាកដជាធ្វើឲ្យគាត់នឹកឃើញពាក្យរបស់លោកម្ចាស់យេស៊ូដែលបាននិយាយទៅគាត់នៅប៉មអានតូនីយ៉ានៅក្នុងយេរូសាឡិម។ លោកយេស៊ូមានប្រសាសន៍ថា៖ «ចូរមានចិត្តក្លាហានឡើង ព្រោះអ្នកត្រូវធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំនៅក្រុងរ៉ូម ដូចអ្នកបានធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់អំពីខ្ញុំនៅក្រុងយេរូសាឡិមដែរ»។—សកម្ម. ២៣:១០, ១១
ប្រហែលជាប៉ូលឈប់មួយភ្លែតដើម្បីមើលទៅបន្ទាយដ៏ធំមួយឈ្មោះកាសត្រាព្រីតូរីអាដែលមានកំពែងខ្ពស់ធ្វើពីឥដ្ឋពណ៌ក្រហមដែលនៅខាងលើមានប្រហោងកំពែងនិងប៉ម។ បន្ទាយនោះជាកន្លែងស្នាក់នៅរបស់កងអង្គរក្សដែលបម្រើជាអង្គរក្សរបស់អធិរាជនិងជាកងកម្លាំងនគរបាលក្រុង។ ដោយមានកងអង្គរក្ស១២ក្រុមbនិងនគរបាលក្រុងប៉ុន្មានក្រុមនៅទីនោះ បន្ទាយនោះអាចជាលំនៅរបស់ទាហានបីបួនពាន់នាក់ រួមទាំងកងទ័ពសេះ។ បន្ទាយកាសត្រាព្រីតូរីអារំលឹកយើងអំពីអំណាចនៃអធិរាជ។ ដោយសារកងអង្គរក្សទទួលខុសត្រូវពួកអ្នកទោសដែលមកពីខេត្តផ្សេងៗ យូលាសដឹកនាំក្រុមរបស់គាត់កាត់ខ្លោងទ្វារធំមួយក្នុងចំណោមខ្លោងទ្វារបួនឯទៀត។ បន្ទាប់ពីធ្វើដំណើរប្រកបដោយគ្រោះថ្នាក់អស់ប៉ុន្មានខែ ទីបំផុតគាត់បាននាំអ្នកទោសរបស់គាត់ទៅដល់គោលដៅ។—សកម្ម. ២៧:១-៣, ៤៣, ៤៤
សាវ័កប៉ូលផ្សព្វផ្សាយ«ដោយគ្មានអ្វីមករារាំងឡើយ»
ក្នុងអំឡុងការធ្វើដំណើរ ប៉ូលបានឃើញការបើកបង្ហាញក្នុងគំនិតមួយដែលព្រះបានប្រកាសថា អ្នកនៅក្នុងសំពៅទាំងអស់នឹងរួចជីវិតពេលសំពៅលិច។ ពេលមានពស់ពិសមួយខាំគាត់ នេះមិនបានធ្វើឲ្យគាត់មានគ្រោះថ្នាក់ឡើយ។ គាត់បានព្យាបាលជំងឺមនុស្សនៅកោះម៉ាល់តា ដែលមនុស្សនៅទីនោះបានចាប់ផ្ដើមនិយាយថាគាត់ជាព្រះមួយរូប។ កងអង្គរក្សដែលមានអបិយជំនឿប្រហែលជាបានឮតៗគ្នាអំពីព្រឹត្ដិការណ៍ទាំងនេះ។
ប៉ូលបានជួបបងប្អូនដែលមកពីក្រុងរ៉ូមនៅផ្សារអាពីយូសនិងផ្ទះសម្នាក់បីរួចហើយ។ (សកម្ម. ២៨:១៥) ប៉ុន្តែក្នុងនាមជាអ្នកទោសម្នាក់ តើតាមរបៀបណាគាត់អាចប្រកាសដំណឹងល្អនៅក្រុងរ៉ូមតាមបំណងប្រាថ្នារបស់គាត់? (រ៉ូម ១:១៤, ១៥) អ្នកខ្លះគិតថាពួកអ្នកទោសនឹងត្រូវប្រគល់ទៅមេបញ្ជាការកងអង្គរក្ស។ ប្រសិនបើនេះជាការពិត ប៉ូលទំនងជាបានត្រូវនាំខ្លួនទៅឲ្យមេបញ្ជាការកងអង្គរក្សឈ្មោះអាហ្វ្រានីអ៊ូស ប៊ូរ៉ូស ដែលប្រហែលជាអ្នកដែលមានអំណាចទី២បន្ទាប់ពីអធិរាជ។c ទោះជាដោយមូលហេតុណាក៏ដោយ ជាជាងបានត្រូវយាមដោយកងទាហានមួយរយនាក់ ឥឡូវនេះប៉ូលបានត្រូវយាមដោយទាហានអង្គរក្សម្នាក់ប៉ុណ្ណោះ។ គាត់បានត្រូវអនុញ្ញាតឲ្យរកកន្លែងស្នាក់នៅសម្រាប់ខ្លួនគាត់ ហើយបានត្រូវអនុញ្ញាតឲ្យទទួលភ្ញៀវដែលមកលេងគាត់ ហើយផ្សព្វផ្សាយដល់ពួកគេ«ដោយគ្មានអ្វីមករារាំងឡើយ»។—សកម្ម. ២៨:១៦, ៣០, ៣១
ប៉ូល«ធ្វើជាសាក្សីបញ្ជាក់ប្រាប់ទាំងអ្នកធំទាំងអ្នកតូច»
ក្នុងអំឡុងការសាកសួរចម្លើយ ប៊ូរ៉ូសប្រហែលជាបានសាកសួរប៉ូលនៅឯរាជវាំងឬនៅជំរំកងអង្គរក្សមុននឹងបញ្ជូនរឿងក្ដីទៅនីរ៉ូ។ ប៉ូលមិនបានឲ្យឱកាសដ៏ប្រពៃដើម្បី«ធ្វើជាសាក្សីបញ្ជាក់ប្រាប់ទាំងអ្នកធំទាំងអ្នកតូច»កន្លងផុតទៅឡើយ។ (សកម្ម. ២៦:១៩-២៣) ទោះជាប៊ូរ៉ូសបានសន្និដ្ឋានយ៉ាងណាក៏ដោយអំពីប៉ូល គាត់មិនបានបញ្ជូនប៉ូលទៅដាក់គុកនៅជំរំកងអង្គរក្សទេ។d
ប៉ូលបានជួលកន្លែងស្នាក់នៅធំល្មមដើម្បីឲ្យគាត់អាចទទួល«បុរសដែលមានមុខមាត់ក្នុងចំណោមជនជាតិយូដា» ហើយផ្សព្វផ្សាយដល់ពួកគេព្រមទាំង‹ពួកអ្នកឯទៀតដែលមកកន្លែងគាត់ស្នាក់នៅ ដោយមានគ្នាច្រើន›។ គាត់ក៏បានផ្សព្វផ្សាយដល់ទាហានអង្គរក្សដែរ។ ពួកគេឮគាត់«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»ដល់ជនជាតិយូដាអំពីរាជាណាចក្ររបស់ព្រះនិងលោកយេស៊ូ«តាំងពីព្រឹកដល់ល្ងាច»។—សកម្ម. ២៨:១៧, ២៣
ក្រុមអង្គរក្សដែលមានភារកិច្ចយាមកាមនៅរាជវាំងបានត្រូវផ្លាស់ប្ដូររាល់៨ម៉ោងម្ដង។ ពួកអ្នកដែលយាមប៉ូលក៏ផ្លាស់ប្ដូរជាទៀងទាត់ដែរ។ ក្នុងអំឡុងពេលពីរឆ្នាំដែលប៉ូលជាប់ឃុំឃាំង ពួកទាហានបានឮគាត់និយាយឮៗដើម្បីឲ្យអ្នកឯទៀតសរសេរសំបុត្រផ្ញើទៅគ្រិស្តសាសនិកនៅក្រុងអេភេសូរ ក្រុងភីលីព ក្រុងកូឡុសនិងគ្រិស្តសាសនិកជនជាតិហេប្រឺ ហើយឃើញគាត់សរសេរសំបុត្ររបស់គាត់ទៅគ្រិស្តសាសនិកម្នាក់ឈ្មោះភីលេម៉ូន។ ក្នុងអំឡុងពេលគាត់ជាប់គុក ប៉ូលបានយកចិត្តទុកដាក់ចំពោះខ្ញុំបម្រើម្នាក់ដែលរត់ចោលម្ចាស់ឈ្មោះអូនេស៊ីម ‹ពេលដែលប៉ូលជាប់ចំណង ប៉ូលបានក្លាយទៅជាឪពុករបស់គាត់› ហើយបញ្ជូនគាត់ត្រឡប់ទៅម្ចាស់គាត់វិញ។ (ភីលេ. ១០) ប៉ូលក៏ប្រាកដជាបានយកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកដែលយាមគាត់ដែរ។ (១កូ. ៩:២២) យើងអាចស្រមៃឃើញគាត់សួរទាហានអំពីតួនាទីនៃគ្រឿងចម្បាំងនីមួយៗ ហើយបន្ទាប់មកគាត់បានប្រើព័ត៌មាននោះជាឧទាហរណ៍យ៉ាងល្អ។—អេភ. ៦:១៣-១៧
«ប្រកាសបណ្ដាំរបស់ព្រះដោយចិត្តអង់អាច»
ពេលប៉ូលជាប់គុក នេះ«បានជួយធ្វើឲ្យដំណឹងល្អជឿនទៅមុខ»ក្នុងចំណោមអង្គរក្សទាំងអស់និងអ្នកឯទៀត។ (ភី. ១:១២, ១៣) មនុស្សដែលរស់នៅក្នុងបន្ទាយកាសត្រាព្រីតូរីអាមានទំនាក់ទំនងជាមួយមនុស្សឯទៀតនៅពាសពេញចក្រភពរ៉ូមព្រមទាំងអធិរាជនិងក្រុមគ្រួសារដ៏ធំរបស់គាត់។ ក្រុមគ្រួសារនោះរួមមានសមាជិកគ្រួសារ អ្នកបម្រើ និងខ្ញុំបម្រើដែលក្នុងចំណោមពួកគេខ្លះបានក្លាយទៅជាគ្រិស្តសាសនិក។ (ភី. ៤:២២) ដោយសារប៉ូលបានផ្សព្វផ្សាយដោយចិត្តក្លាហាន បងប្អូននៅក្រុងរ៉ូមមានចិត្តក្លាហាន«ដើម្បីប្រកាសបណ្ដាំរបស់ព្រះដោយចិត្តអង់អាច»។—ភី. ១:១៤
គំរូរបស់ប៉ូលក៏លើកទឹកចិត្តយើងឲ្យ‹ប្រកាសបណ្ដាំរបស់ព្រះ នៅពេលដែលមានអំណោយផល នៅពេលដែលមានការលំបាក›ដែរ។ (២ធី. ៤:២) ក្នុងចំណោមយើងមានបងប្អូនខ្លះមានជំងឺដែលមិនអាចចេញពីផ្ទះបាន ឬរស់នៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សវ័យចាស់ ឬរស់នៅក្នុងមន្ទីរពេទ្យ ឬក៏ជាប់គុកដោយសារជំនឿ។ ទោះជាកាលៈទេសៈរបស់យើងយ៉ាងណាក៏ដោយ យើងប្រហែលជាអាចផ្សព្វផ្សាយដល់ពួកអ្នកដែលមកផ្ទះយើង ប្រហែលជាមកដើម្បីព្យាបាលឬមកដើម្បីផ្ដល់សេវាកម្មផ្សេងៗ។ ពេលយើងមានចិត្តក្លាហានផ្សព្វផ្សាយនៅរាល់ឱកាស យើងឃើញដោយផ្ទាល់ភ្នែកថា៖ ‹បណ្ដាំរបស់ព្រះមិនអាចជាប់ចំណងទេ›។—២ធី. ២:៨, ៩
[កំណត់សម្គាល់]
a សូមមើលប្រអប់ដែលមានចំណងជើងថា «កងអង្គរក្សនៅសម័យអធិរាជនីរ៉ូ»។
b កងទ័ពរបស់រ៉ូមជាក្រុមមួយដែលមានទាហានរហូតដល់ទៅ១.០០០នាក់។
c សូមមើលប្រអប់ដែលមានចំណងជើងថា «សិសស្ទុស អាហ្វ្រានីអ៊ូស ប៊ូរ៉ូស»។
d ហេរ៉ូឌអ័គ្រីប៉ាបានត្រូវសេសារទីប៊ើរចាប់ដាក់គុកនៅឆ្នាំ៣៦ឬ៣៧ គ.ស. ដោយសារគាត់បានជូនពរឲ្យកាលីហ្គូឡាអាចក្លាយទៅជាអធិរាជនៅពេលឆាប់ៗ។ បន្ទាប់ពីកាលីហ្គូឡាបានក្លាយជាអធិរាជ គាត់បានផ្ដល់រង្វាន់ដល់ហេរ៉ូឌដោយតែងតាំងគាត់ឲ្យធ្វើជាស្តេច។—សកម្ម. ១២:១
[រូបភាពនៅទំព័រ១៣]
[រូបភាពនៅទំព័រ១៣]
រូបចម្លាក់ដែលគេគិតថាមកពីខ្លោងទ្វារ ក្លូឌាសបានត្រូវសាងនៅឆ្នាំ៥១ គ.ស. ដែលបង្ហាញអំពីពួកទាហានអង្គរក្ស
[អ្នកផ្ដល់សិទ្ធិ]
© RMN-Grand Palais/Art Resource, NY
[ប្រអប់នៅទំព័រ១៤]
កងអង្គរក្សនៅសម័យអធិរាជនីរ៉ូ
កងអង្គរក្សទាំងនោះបានស្បថថាការពារអធិរាជនិងគ្រួសាររបស់អធិរាជ។ ពួកគេស្លៀកពាក់ស៊ីវិលពេលមានភារកិច្ចយាមកាមនៅក្រុងរ៉ូម។ ពេលពួកគេទៅធ្វើសង្គ្រាម ពួកគេកាន់ទង់ដែលមានរូបអធិរាជ ព្រមទាំងខែលដែលច្រើនតែមានរូបសត្វខ្យាដំរី ដែលជាសញ្ញារាសីចក្ររបស់សេសារទីប៊ើរ។ ពួកគេបានត្រូវបញ្ជាដោយមេបញ្ជាការកងមួយពាន់នាក់និងមេបញ្ជាការកងមួយរយនាក់ ពួកគេក៏រក្សាសណ្ដាប់ធ្នាប់នៅពេលដែលមានព្រឹត្ដិការណ៍កីឡាឬមានគេលេងល្ខោន ហើយជួយពួកអ្នកពន្លត់អគ្គិភ័យ។ កងអង្គរក្សបម្រើ១៦ឆ្នាំ រីឯទាហានកងទ័ពរ៉ូមបម្រើ២៥ឆ្នាំ ហើយកងអង្គរក្សបានទទួលប្រាក់ខែបីដងនិងប្រាក់បំណាច់ព្រមទាំងប្រាក់ចូលនិវត្តន៍ជាច្រើន។ កងអង្គរក្សក៏ត្រូវធ្វើទារុណកម្មនិងប្រហារជីវិតអ្នកទោសដែរ។ ក្រោយពីប៉ូលបានជាប់គុកជាលើកទី២ គាត់ប្រហែលជាបានត្រូវប្រហារជីវិតដោយពួកទាហាន ដែលគាត់ខំសង្គ្រោះ។—២ធី. ៤:១៦, ១៧
[រូបភាពនៅទំព័រ១៤]
កាក់នេះបានចេញនៅសតវត្សរ៍ទី១ មានរូបបន្ទាយកងអង្គរក្ស
[អ្នកផ្ដល់សិទ្ធិ]
Courtesy Classical Numismatic Group, Inc./cngcoins.com
[រូបភាពនៅទំព័រ១៥]
ក្នុងអំឡុងពេលប៉ូលត្រូវគេចាប់ខ្លួន ពួកទាហានបានឮប៉ូលនិយាយឮៗដើម្បីឲ្យគេសរសេរសំបុត្រ
[រូបភាពនៅទំព័រ១៥]
កំពែងនៃបន្ទាយកាសត្រាព្រីតូរីអា ដែលមាននៅសព្វថ្ងៃនេះ
[រូបភាពនៅទំព័រ១៦]
ទោះជាកាលៈទេសៈរបស់យើងយ៉ាងណាក៏ដោយ យើងប្រហែលជាអាចផ្សព្វផ្សាយដល់ពួកអ្នកដែលផ្ដល់សេវាកម្មផ្សេងៗ
[ប្រអប់នៅទំព័រ១៦]
សិសស្ទុស អាហ្វ្រានីអ៊ូស ប៊ូរ៉ូស
ប៊ូរ៉ូសប្រហែលជាបានកើតនៅវេសិនឡារ៉ូមែន ដែលឥឡូវស្ថិតនៅប្រទេសបារាំងភាគខាងត្បូង ជាកន្លែងដែលគេបានរកឃើញសិលាចារិកដែលមានឈ្មោះរបស់គាត់នៅឆ្នាំ១៨៨៤ គ.ស.។ នៅឆ្នាំ៥១ គ.ស. គាត់បានត្រូវដំឡើងឋានៈជាអ្នកដឹកនាំកងអង្គរក្សដោយអាគ្រីពីណាដែលត្រូវជាប្រពន្ធនិងជាក្មួយរបស់ក្លូឌាសសេសារ។ អាគ្រីពីណាបានរៀបចំកូនប្រុសរបស់គាត់ឈ្មោះនីរ៉ូឲ្យក្លាយទៅជាអធិរាជក្រោមការណែនាំពីគ្រូពីរនាក់។ ម្នាក់ជាប៊ូរ៉ូសជាគ្រូបង្វឹកបង្វឺនទាហានដ៏ចំណាន។ ម្នាក់ទៀតជាទស្សនវិទូឈ្មោះស៊ីនីកាជាអ្នកដែលបណ្ដុះបណ្ដាលនីរ៉ូឲ្យមានចំណេះដឹង។ ពេលមានឱកាសល្អ អាគ្រីពីណាបានបំពុលប្ដីរបស់នាង។ មុននឹងដំណឹងអំពីការស្លាប់របស់ក្លូឌាសបានឮចេញទៅក្រៅ ប៊ូរ៉ូសបានហែហមនីរ៉ូទៅបន្ទាយកាសត្រាព្រីតូរីអា ហើយបានឲ្យកងអង្គរក្សប្រកាសតែងតាំងនីរ៉ូជាអធិរាជ ដោយបង្ខំព្រឹទ្ធសភាឲ្យទទួលស្គាល់ការតែងតាំងនេះ។ ពេលនីរ៉ូឲ្យគេធ្វើឃាតម្ដាយរបស់គាត់នៅឆ្នាំ៥៩ គ.ស. ប៊ូរ៉ូសបានជួយលាក់រឿងនេះ។ អ្នកប្រវត្ដិសាស្ត្ររ៉ូមឈ្មោះសូតតុននាសនិងខាស៊ីយូស ឌីអូអះអាងថា នីរ៉ូបានបំពុលប៊ូរ៉ូសនៅឆ្នាំ៦២ គ.ស.។
[រូបភាពនៅទំព័រ១៦]
សិលាចារឹកមួយដែលមានឈ្មោះ សិសស្ទុស អាហ្វ្រានីអ៊ូស ប៊ូរ៉ូស
[អ្នកផ្ដល់សិទ្ធិ]
Musée Calvet Avignon