បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៨ ទំ. ៣១-៣២
  • ស្តេចអង្គនោះរំភើបចិត្តខ្លាំងណាស់!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ស្តេចអង្គនោះរំភើបចិត្តខ្លាំងណាស់!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៨ ទំ. ៣១-៣២

អនុស្សាវរីយ៍​ពី​សម័យ​មុន

ស្តេច​អង្គ​នោះ​រំភើប​ចិត្ត​ខ្លាំង​ណាស់!

រឿង​នេះ​បាន​កើត​ឡើង​នៅ​ខែ​សីហា ឆ្នាំ​១៩៣៦។ ទី​កន្លែង​គឺ​នៅ​ដំណាក់​ដែល​ហៅ​ថា​រ៉ូយ៉ាល​ក្រាល នា​ប្រទេស​ស្វាហ្ស៊ីឡង់។ បង​រ៉ូបឺត​និង​បង​ចច នី​ស​បិត ទើប​តែ​បាន​ចាក់​បទ​ភ្លេង​និង​សុន្ទរកថា​របស់​បង​យ៉ូសែប រ៉ូធើហ្វឺត​ពី​ក្នុង​ឡាន​ដែល​មាន​ប្រដាប់​បំពង​សំឡេង។ នេះ​ធ្វើ​ឲ្យ​ស្តេច​សូប៊ូសា​ទី​២ រំភើប​ចិត្ត​ខ្លាំង​ណាស់។ បង​ចច​បាន​ពន្យល់​ថា​៖ ​«​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​នោះ គឺ​ស្តេច​អង្គ​នោះ​ចង់​ទិញ​ម៉ាស៊ីន​ចាក់​ថាស ថាស​ថត​សំឡេង​និង​ប្រដាប់​បំពង​សំឡេង​ដែល​ប្រកាស​ដំណឹង​រាជាណាចក្រ!​»។

បង​រ៉ូបឺត​បាន​និយាយ​សុំ​អភ័យទោស​ថា របស់​ទាំង​នេះ​មិន​មែន​សម្រាប់​លក់​ទេ។ ហេតុ​អ្វី? ដោយ​សារ​ឧបករណ៍​ទាំង​នេះ​ជា​របស់​អ្នក​ផ្សេង។ ស្តេច​អង្គ​នេះ​ចង់​ដឹង​ថា​ជា​របស់​អ្នក​ណា។

បង​រ៉ូបឺត​ឆ្លើយ​ថា​៖ ​«​ឧបករណ៍​ទាំង​អស់​នេះ​គឺជា​របស់​ស្តេច​មួយ​អង្គ​ទៀត​»។ បន្ទាប់​មក​ស្តេច​សូប៊ូសា​សួរ​ថា​ស្តេច​អង្គ​នោះ​ជា​អ្នក​ណា។ បង​រ៉ូបឺត​បាន​ឆ្លើយ​ថា​៖ ​«​គឺ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​»។

ស្តេច​សូប៊ូសា​បាន​ទទួល​ស្គាល់​ដោយ​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ថា​៖ ​«​អូ លោក​ជា​ស្តេច​ដ៏​ខ្ពង់​ខ្ពស់​មួយ​អង្គ។ ខ្ញុំ​មិន​ចង់​យក​អ្វី​ដែល​ជា​របស់​លោក​ទេ​»។

បង​រ៉ូបឺត​បាន​សរសេរ​ថា​៖ ‹ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​នឹង​ចរិត​លក្ខណៈ​របស់​ស្តេច​សូប៊ូសា​ដែល​ជា​អ្នក​ដឹក​នាំ​សំខាន់​បំផុត​នេះ។ គាត់​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ឥត​ខ្ចោះ តែ​មិន​មាន​អំណួត​ឡើយ គាត់​ជា​មនុស្ស​និយាយ​ត្រង់ ហើយ​ស្រួល​ទាក់​ទង។ ខ្ញុំ​បាន​អង្គុយ​ជា​មួយ​គាត់​នៅ​ក្នុង​ការិយាល័យ​របស់​គាត់​អស់​ជិត​៤៥​នាទី ពេល​ដែល​បង​ចច​ចាក់​បទ​ភ្លេង​នៅ​ខាង​ក្រៅ›។

បង​រ៉ូបឺត​បាន​បន្ត​ថា​៖ ‹ក្រោយ​មក​នៅ​ថ្ងៃ​នោះ យើង​បាន​ទៅ​លេង​សាលា​ជាតិ​ស្វាហ្ស៊ី ដែល​នៅ​ទី​នោះ​យើង​មាន​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។ យើង​បាន​ផ្សព្វ​ផ្សាយ​ដល់​នាយក​សាលា ហើយ​គាត់​បាន​ស្ដាប់​ដោយ​ចិត្ត​រំភើប។ ពេល​ដែល​យើង​និយាយ​ដល់​ម៉ាស៊ីន​ចាក់​សំឡេង ហើយ​សុំ​ឲ្យ​សិស្ស​ទាំង​អស់​ស្ដាប់​ថាស​ថត​សំឡេង គាត់​រំភើប​ចិត្ត​ខ្លាំង​ណាស់ ហើយ​បាន​ប្រមូល​សិស្ស​ជិត​១០០​នាក់​ឲ្យ​អង្គុយ​លើ​ស្មៅ​ដើម្បី​ស្ដាប់។ គេ​ប្រាប់​យើង​ថា​សាលា​នេះ​គឺជា​វិទ្យាល័យ​មួយ​ដែល​បង្រៀន​ខាង​កសិកម្ម ការ​ថែ​ទាំ​សួន កិច្ចការ​ជាង​ឈើ ការ​សាងសង់ ភាសា​អង់គ្លេស និង​លេខ​គណិត​ដល់​ក្មេង​ប្រុស ហើយ​បង្រៀន​ក្មេង​ស្រី​ខាង​ការ​ព្យាបាល​អ្នក​ជំងឺ របៀប​ធ្វើ​កិច្ចការ​ផ្ទះ និង​បង្រៀន​មុខ​វិជ្ជា​ឯ​ទៀត​ដែល​មាន​ប្រយោជន៍។ ជីដូន​របស់​អ្នក​ដឹក​នាំ​សំខាន់​បំផុត​នោះ​ជា​អ្នក​បង្កើត​ឲ្យ​មាន​សាលា​នេះ›។

នៅ​ដើម​ឆ្នាំ​១៩៣៣ ដោយ​ចិត្ត​រីករាយ​ស្តេច​សូប៊ូសា​បាន​ស្ដាប់​អ្នក​ត្រួស​ត្រាយ​ដែល​បាន​មក​លេង​ដំណាក់​រ៉ូយ៉ាល​ក្រាល។ នៅ​ពេល​មួយ គាត់​ថែម​ទាំង​បាន​ប្រមូល​អង្គរក្ស​របស់​គាត់​ដែល​ជា​អ្នក​ចម្បាំង​១០០​នាក់ ឲ្យ​មក​ស្ដាប់​ថាស​ថត​សំឡេង​អំពី​ដំណឹង​រាជាណាចក្រ។ ស្តេច​នេះ​បាន​ជាវ​ទស្សនាវដ្ដី​របស់​យើង ហើយ​បាន​ព្រម​ទទួល​សៀវភៅ​ផ្សេង​ៗ​របស់​យើង។ មិន​យូរ​ប៉ុន្មាន ស្តេច​អង្គ​នោះ​មាន​សៀវភៅ​របស់​អង្គការ​យើង​ស្ទើរតែ​ទាំង​អស់! ម្យ៉ាង​ទៀត គាត់​បានរក្សា​ទុក​សៀវភៅ​របស់​អង្គការ​យើង​ឲ្យ​នៅ​គង់វង្ស ទោះ​ជា​នៅ​សង្គ្រាម​លោក​លើក​ទី​២​រដ្ឋាភិបាល​របស់​ពួក​អាណានិគមនិយម​អង់គ្លេស​បាន​ដាក់​បម្រាម​លើ​សៀវភៅ​របស់​យើង​ក៏​ដោយ។

ស្តេច​សូប៊ូសា​ទី​២​បាន​បន្ត​ទទួល​ស្វាគមន៍​សាក្សី​ព្រះ​យេហូវ៉ា​ឲ្យ​មក​ដំណាក់​រ៉ូយ៉ាល​ក្រាល​នៅ​ក្រុង​ឡូបាមបា ហើយ​ថែម​ទាំង​បាន​ហៅ​ពួក​បព្វជិត​ឲ្យ​មក​ស្ដាប់​សុន្ទរកថា​របស់​ពួក​គាត់​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​ទៀត​ផង។ ពេល​ដែល​សាក្សី​ម្នាក់​ឈ្មោះ​ហែលវេ ម៉ាសាហ្ស៊ី​ដែល​ជា​ជន​ជាតិ​នោះ កំពុង​ពិភាក្សា​អំពី​ម៉ាថាយ​ជំពូក​ទី​២៣ បព្វជិត​មួយ​ក្រុម​បាន​ស្ទុះ​ក្រោក​ឡើង​ទាំង​កំហឹង ហើយ​ខំ​បង្ខំ​ឲ្យ​បង​ប្រុស​យើង​អង្គុយ​ចុះ។ ប៉ុន្តែ​ស្តេច​អង្គ​នោះ​បាន​ធ្វើ​អន្តរាគមន៍ ហើយ​សុំ​ឲ្យ​បង​ប្រុស​ម៉ាសាហ្ស៊ី​ថ្លែង​ត​ទៅ​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្តេច​អង្គ​នោះ​បាន​បង្គាប់​អ្នក​ស្ដាប់​ឲ្យ​កត់​ខ​គម្ពីរ​ទាំង​អស់​ដែល​បាន​លើក​ឡើង​ក្នុង​សុន្ទរកថា!

មាន​ពេល​មួយ​ទៀត ក្រោយ​ពី​បាន​ស្ដាប់​សុន្ទរកថា​របស់​បង​ប្រុស​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ បព្វជិត​បួន​នាក់​ដែល​នៅ​ទី​នោះ បាន​លាក់​ទ្រនាប់​ស​ដែល​នៅ​ក​អាវ​របស់​ពួក​គេ ហើយ​បាន​ប្រកាស​ថា​៖ ​«​យើង​លែង​ជា​បព្វជិត​ទៀត​ហើយ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា​វិញ​»។ បន្ទាប់​មក ពួក​គេ​សួរ​អ្នក​ត្រួស​ត្រាយ​ដើម្បី​សុំ​សៀវភៅ​ទាំង​ប៉ុន្មាន​ដូច​ដែល​អ្នក​ដឹក​នាំ​សំខាន់​បំផុត​នោះ​មាន។

ចាប់​ពី​ទសវត្សរ៍​ឆ្នាំ​១៩៣០​រហូត​មក​ដល់​ពេល​គាត់​ទទួល​មរណភាព​នៅ​ឆ្នាំ​១៩៨២ អ្នក​ដឹក​នាំ​សំខាន់​បំផុត​នេះ​បាន​បង្ហាញ​ការ​គោរព​ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​មិន​ឲ្យ​គេ​បៀតបៀន​សាក្សី​ព្រះ​យេហូវ៉ា​ដែល​មិន​ចូល​រួម​ពិធី​ប្រពៃណី​របស់​ជន​ជាតិ​ស្វាហ្ស៊ី​នោះ​ទេ។ ហេតុ​នេះ មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ដឹង​គុណ​ស្តេច​នេះ ហើយ​ពួក​គាត់​បាន​សម្ដែង​ការ​ក្រៀម​ក្រំ​ចិត្ត​យ៉ាង​ស្មោះ​ពេល​ដែល​ស្តេច​អង្គ​នោះ​បាន​ទទួល​មរណភាព។

នៅ​ដើម​ឆ្នាំ​២០១៣ មាន​អ្នក​ប្រកាស​ដំណឹង​អំពី​រាជាណាចក្រ​ប្រហែលជា​៣​.​០០០​នាក់ នៅ​ប្រទេស​ស្វាហ្ស៊ីឡង់។ ប្រទេស​នេះ​មាន​បណ្ដា​ជន​តែ​ជាង​មួយ​លាន​នាក់​ប៉ុណ្ណោះ តែ​មាន​អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់​ក្នុង​ចំណោម​បណ្ដា​ជន​៣៨៤​នាក់។ អ្នក​ត្រួស​ត្រាយ​ជាង​២៦០​នាក់​បម្រើ​នៅ​ក្រុម​ជំនុំ​៩០​យ៉ាង​មមាញឹក ហើយ​មាន​មនុស្ស​៧​.​៤៩៦​នាក់​បាន​ចូល​រួម​ពិធី​រំលឹក​នៅ​ឆ្នាំ​២០១២។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា អាច​មាន​មនុស្ស​ច្រើន​ថែម​ទៀត​ចូល​ក្នុង​សេចក្ដី​ពិត។ បង​ប្អូន​ដែល​បាន​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ស្វាហ្ស៊ីឡង់​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៣០ ពិត​ជា​បាន​បើក​ផ្លូវ​ឲ្យ​បង​ប្អូន​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​នេះ​យ៉ាង​ងាយ​ស្រួល (​ដក​ស្រង់​ពី​ឯកសារ​អនុស្សាវរីយ៍​ពី​សម័យ​មុន​នៅ​ទ្វីប​អាហ្វ្រិកខាងត្បូង​)។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក