បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១១ ទំ. ១៥
  • ការបម្រើព្រះជាថ្នាំរបស់គាត់!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបម្រើព្រះជាថ្នាំរបស់គាត់!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អត្ថបទស្រដៀងគ្នា
  • ពរនៃកិច្ចបំរើជាអ្នកត្រួសត្រាយ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១១ ទំ. ១៥

ការ​បម្រើ​ព្រះ​ជា​ថ្នាំ​របស់​គាត់!

នៅ​ពេល​ដែល​អ្នក​ត្រួស​ត្រាយ​ពីរ​នាក់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​ក្នុង​ផ្ទះ​មួយ​នៅ​ប្រទេស​កេនយ៉ា ពួក​គាត់​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​បុរស​ដ៏​តូច​ម្នាក់​កំពុង​ដេក​លើ​គ្រែ។ បុរស​នោះ​មាន​ដង​ខ្លួន​តូច​និង​មាន​ដៃ​ខ្លី។ ពេល​ដែល​អ្នក​ត្រួស​ត្រាយ​ប្រាប់​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា​៖ ​«​ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស​»​ បុរស​នោះ​បាន​ញញឹម​ពព្រាយ។—អេ. ៣៥:៦

អ្នក​ត្រួស​ត្រាយ​ទាំង​នោះ​បាន​ដឹង​ថា អូណេស្មឺស​ដែល​ឥឡូវ​នេះ​មាន​អាយុ​ជិត​៤០​ឆ្នាំ មាន​ជំងឺ​ឆ្អឹង​ស្រួយ​ម្យ៉ាង (​osteogenesis imperfecta​) តាំង​ពី​ពេល​គាត់​កើត​មក។ ឆ្អឹង​របស់​គាត់​ងាយ​បាក់​ខ្លាំង​ណាស់ សូម្បី​តែ​សង្កត់​តែ​បន្ដិច​ក៏​អាច​ធ្វើ​ឲ្យ​ឆ្អឹង​ទាំង​នោះ​បាក់​ដែរ។ ដោយ​សារ​ជំងឺ​នេះ​មិន​អាច​ព្យាបាល​ឬ​គ្មាន​ថ្នាំ​ដែល​អាច​ឲ្យ​ជា​បាន​ទេ អូណេស្មឺស​បាន​រំពឹង​ថា​គាត់​នឹង​ឈឺ ហើយ​មិន​អាច​ចេញ​ពី​រទេះ​បាន​ទេ អស់​មួយ​ជីវិត​របស់​គាត់។

អូណេស្មឺស​បាន​យល់​ព្រម​សិក្សា​គម្ពីរ។ ប៉ុន្តែ​ម្ដាយ​របស់​គាត់​បាន​ជំទាស់​មិន​ឲ្យ​គាត់​ទៅ​ប្រជុំ​ទេ ដោយ​គិត​ថា​នេះ​អាច​ធ្វើ​ឲ្យ​គាត់​របួស ហើយ​ឈឺ​កាន់​តែ​ខ្លាំង។ ដូច្នេះ បង​ប្អូន​យើង​បាន​ថត​កម្មវិធី​ប្រជុំ ហើយ​អូណេស្មឺស​បាន​ស្ដាប់​កម្មវិធី​ទាំង​នោះ​នៅ​ផ្ទះ។ ក្រោយ​ពី​អូណេស្មឺស​បាន​សិក្សា​គម្ពីរ​អស់​ប្រាំ​ខែ គាត់​បាន​សម្រេច​ចិត្ត​ថា​គាត់​ចង់​ទៅ​ប្រជុំ ទោះ​ជា​នេះ​អាច​ធ្វើ​ឲ្យ​គាត់​មាន​គ្រោះ​ថ្នាក់​ក៏​ដោយ។

តើ​ការ​ចូល​រួម​កិច្ច​ប្រជុំ​បាន​នាំ​ឲ្យ​អូណេស្មឺស​ឈឺ​ចាប់​ថែម​ទៀត​ឬ? មិន​មែន​ទេ លទ្ធផល​គឺ​ផ្ទុយ​ទៅ​វិញ។ អូណេស្មឺស​នឹក​ចាំ​ថា ​«​ការ​ឈឺ​ចាប់​ដែល​ខ្ញុំ​មាន​គ្រប់​ពេល ហាក់​ដូច​ជា​បាន​អន់​ថយ​ទៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​»។ គាត់​បាន​គិត​ថា​សេចក្ដី​សង្ឃឹម​ថ្មី​ដែល​គាត់​មាន គឺ​ជា​មូលហេតុ​ដែល​គាត់​មាន​អារម្មណ៍​ស្រួល​ជាង។ ម្ដាយ​របស់​អូណេស្មឺស​បាន​ឃើញ​ថា​កូន​មាន​អារម្មណ៍​ល្អ​ជាង​មុន ហើយ​គាត់​សប្បាយ​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ក៏​យល់​ព្រម​សិក្សា​គម្ពីរ​ដែរ។ គាត់​ធ្លាប់​និយាយ​ថា​៖ ​«​ការ​បម្រើ​ព្រះ​ជា​ថ្នាំ​របស់​កូន​ខ្ញុំ​»។

មិន​យូរ​ប៉ុន្មាន អូណេស្មឺស​បាន​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក។ ក្រោយ​មក គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ឥឡូវ​នេះ​គាត់​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ទោះ​ជា​អូណេស្មឺស​មិន​អាច​ប្រើ​ដៃ​ម្ខាង​និង​ជើង​របស់​គាត់​ក្ដី គាត់​ចង់​ខំ​អស់ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ គាត់​ចង់​ត្រួស​ត្រាយ​ជំនួយ ប៉ុន្តែ​គាត់​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ដាក់​ពាក្យ​សុំ។ ហេតុ​អ្វី? ពីព្រោះ​គាត់​បាន​ដឹង​ថា​គាត់​នឹង​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ឯ​ទៀត​ដើម្បី​រុញ​រទេះ​របស់​គាត់។ ពេល​ដែល​គាត់​បាន​ប្រាប់​ពី​កង្វល់​របស់​គាត់​ដល់​បង​ប្អូន​រួម​ជំនឿ ពួក​គាត់​បាន​សន្យា​ថា​នឹង​ជួយ​គាត់។ បង​ប្អូន​បាន​ធ្វើ​ដូច្នេះ​មែន ហើយ​ពួក​គាត់​បាន​ជួយ​អូណេស្មឺស​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ។

អូណេស្មឺស​បាន​ខ្វល់​ខ្វាយ​ដូច​គ្នា​នេះ ពេល​គាត់​ចង់​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ប៉ុន្តែ​នៅ​ពេល​មួយ បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដែល​គាត់​ត្រូវ​ការ។ បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​នោះ​បាន​ត្រូវ​ដក​ស្រង់​ពី​ទំនុកតម្កើង ៣៤:៨​ដែល​ចែង​ថា​៖ ​«​ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ​»។ ក្រោយ​ពី​គាត់​រំពឹង​គិត​អំពី​បទ​គម្ពីរ​នោះ អូណេស្មឺស​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ សព្វ​ថ្ងៃ​នេះ​គាត់​ផ្សព្វ​ផ្សាយ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ហើយ​មាន​សិស្ស​គម្ពីរ​ខ្លះ​ៗ​ដែល​កំពុង​ជឿន​ទៅ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ នៅ​ឆ្នាំ​២០១០​គាត់​បាន​ចូល​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ។ អូណេស្មឺស​ពិត​ជា​សប្បាយ​យ៉ាង​ខ្លាំង ដោយ​សារ​បង​ប្រុស​ដែល​ជា​អ្នក​បង្រៀន​សាលា​នោះ ជា​បង​ប្រុស​ម្នាក់​ក្នុង​ចំណោម​បង​ប្រុស​ពីរ​នាក់​ដែល​បាន​មក​ផ្ទះ​គាត់​ជា​លើក​ដំបូង!

សព្វ​ថ្ងៃ​នេះ ឪពុក​ម្ដាយ​របស់​អូណេស្មឺស​បាន​ស្លាប់​អស់​ហើយ ប៉ុន្តែ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ផ្គត់​ផ្គង់​អ្វី​ដែល​គាត់​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ។ គាត់​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ពរ​ទាំង​អស់​ដែល​គាត់​កំពុង​ទទួល ហើយ​គាត់​រង់​ចាំ​ថ្ងៃ​ដែល​«​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា​៖ ‹ខ្ញុំ​ឈឺ›ទៀត​ឡើយ​»។—អេ. ៣៣:២៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក