ពរនៃកិច្ចបំរើជាអ្នកត្រួសត្រាយ
«អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ»។—សុភាសិត ១០:២២
១, ២. (ក) តើអ្នកត្រួសត្រាយម្នាក់បានរៀបរាប់យ៉ាងដូចម្ដេច អំពីអារម្មណ៍របស់គាត់លើកិច្ចបំរើពេញពេល? (ខ) ហេតុអ្វីក៏ពួកត្រួសត្រាយមានការពិសោធអំណរបានពេញលេញ នៃការបង្កើតឲ្យមានសិស្ស?
«តើមានអំណរដ៏ខ្លាំងណា ជាងការឃើញមនុស្សម្នាក់ដែលអ្នកសិក្សាជាមួយ បានក្លាយទៅជាអ្នកសរសើរព្រះយេហូវ៉ាដ៏សកម្មនោះទេ? ជាការគួរឲ្យរំភើបហើយពង្រឹងជំនឿមែន ក្នុងការឃើញបន្ទូលរបស់ព្រះមានអំណាចក្នុងការដាស់តឿនមនុស្សឲ្យផ្លាស់ប្រែជីវិតរបស់គេ ដើម្បីផ្គាប់ព្រះហឫទ័យនៃព្រះយេហូវ៉ា»។ នេះជាសេចក្ដីដែលអ្នកត្រួសត្រាយម្នាក់បានសរសេរពីប្រទេសកាណាដា ដែលបានបំរើពេញពេលជាង៣២ឆ្នាំមកហើយ។ ចំពោះកិច្ចបំរើជាអ្នកត្រួសត្រាយរបស់គាត់ គាត់មានប្រសាសន៍ថា៖ «ខ្ញុំមិនអាចគិតក្នុងការធ្វើអ្វីទៀតនោះទេ។ ខ្ញុំប្រាកដជាមិនអាចគិតនូវអ្វីដែលនឹងនាំឲ្យមានអំណរដូចគ្នាឡើយ»។
២ តើអ្នកយល់ស្របថា មានអំណរដ៏ច្រើនក្នុងការចូលរួមជួយអ្នកដទៃឲ្យដើរតាមផ្លូវទៅដល់ជីវិតទេ? ប្រាកដហើយ ពួកអ្នកត្រួសត្រាយមិនមែនគ្រាន់ជាអ្នកដែលមានអំណរនោះទេ។ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាទាំងអស់បានបង្គាប់ឲ្យ«ទៅបញ្ចុះបញ្ចូលឲ្យមានសិស្ស» ហើយពួកគេខំប្រឹងធ្វើកិច្ចការនេះណាស់។ (ម៉ាថាយ ២៨:១៩) ប៉ុន្តែ ពីព្រោះពួកអ្នកត្រួសត្រាយអាចចំណាយពេលច្រើនក្នុងកិច្ចផ្សាយ ពួកគេតែងមានការពិសោធអំណរនៃការធ្វើឲ្យមានសិស្សបានពេញលេញថែមទៀត។ ប៉ុន្តែ ការធ្វើត្រួសត្រាយក៏មានរង្វាន់ផ្សេងទៀងដែរ។ សូមនិយាយជាមួយពួកអ្នកត្រួសត្រាយ ហើយគេនឹងប្រាប់អ្នកថា ការត្រួសត្រាយក៏ជាវិធីដ៏អស្ចារ្យក្នុងការទទួល‹ពររបស់ព្រះយេហូវ៉ាដែលធ្វើឲ្យទៅជាមាន›។—សុភាសិត ១០:២២
៣. តើអ្វីដែលអាចជំរុញយើងឲ្យបន្តក្នុងការបំរើព្រះយេហូវ៉ា?
៣ នៅពេលថ្មីៗនេះ ពួកអ្នកត្រួសត្រាយពីប្រទេសផ្សេងៗបានអញ្ជើញឲ្យរៀបរាប់អំពីពរ ដែលគេបានទទួលក្នុងកិច្ចបំរើពេញពេល។ សូមឲ្យយើងពិចារណាមើលនូវអ្វីដែលគេមានប្រសាសន៍។ ប៉ុន្តែ សូមកុំឲ្យបាក់ទឹកចិត្តឡើយ បើកិច្ចបំរើរបស់អ្នកគឺមានតិចតួច ពីព្រោះដោយសុខភាពមិនល្អ អាយុកាន់តែចាស់ ឬមានកាលៈទេសៈផ្សេងទៀតនោះ។ សូមចាំថា អ្វីដែលសំខាន់នោះ គឺថា ការបំរើព្រះយេហូវ៉ាដ៏អស់ពីចិត្ត តាមសមត្ថភាពដែលយើងអាចធ្វើទៅបាន។ ប៉ុន្តែ ដោយឮការរៀបរាប់នៃពួកអ្នកត្រួសត្រាយពេញពេលខ្លះ ប្រហែលអាចចំរើនការចាប់អារម្មណ៍របស់អ្នក ក្នុងការទទួលយកសកម្មភាពដ៏មានរង្វាន់នេះ បើសិនជាអាចធ្វើទៅបាន។
អារម្មណ៍ដ៏ជ្រាលជ្រៅនៃការស្កប់ចិត្តនិងអំណរ
៤, ៥. (ក) ហេតុអ្វីក៏ចែកចាយផ្សាយដំណឹងល្អដល់អ្នកដទៃជាការពិសោធដ៏មានប្រយោជន៍? (ខ) តើពួកអ្នកត្រួសត្រាយមានអារម្មណ៍យ៉ាងណាអំពីការចូលរួមក្នុងកិច្ចបំរើពេញពេល?
៤ ព្រះយេស៊ូបានមានបន្ទូលថា៖ «ដែលឲ្យ នោះបានពរជាជាងទទួល»។ (កិច្ចការ ២០:៣៥) ត្រូវហើយ ការឲ្យដ៏ឥតកំណាញ់ក៏មានរង្វាន់ដែរ។ (សុភាសិត ១១:២៥) ជាពិសេស នេះគឺពិត ពេលដែលចែកចាយដំណឹងល្អជាមួយអ្នកដទៃ។ ពិតហើយ តើមានរង្វាន់ដ៏ធំជាងណាទៀត ពីការឲ្យដល់មនុស្សគ្នីគ្នា ដើម្បីជួយគាត់ឲ្យទទួលចំណេះនៃព្រះ ដែលនឹងនាំទៅដល់ជីវិតអស់កល្បជានិច្ច?—យ៉ូហាន ១៧:៣
៥ ដោយឥតភ្ញាក់ផ្អើល ពួកអ្នកដែលចូលរួមក្នុងកិច្ចបំរើពេញពេល តែងរៀបរាប់អំពីអំណរនិងការសម្រេចដ៏ជ្រាលជ្រៅ ដែលគេទទួលពីការផ្សាយ។ អ្នកត្រួសត្រាយម្នាក់ដែលមានអាយុ៦៤ឆ្នាំ ពីប្រទេសអង់គ្លេស និយាយថា៖ «ខ្ញុំដឹងថា គឺគ្មានកិច្ចការអ្វីទៀតដែលអាចនាំឲ្យខ្ញុំមានការស្កប់ចិត្ត ជាងការចែកចាយសេចក្ដីពិតជាមួយអ្នកដទៃឡើយ»។ ស្ត្រីមេម៉ាយម្នាក់ពីប្រទេសសៃអៀរ បាននិយាយថាការត្រួសត្រាយមានន័យយ៉ាងណាចំពោះគាត់៖ «កិច្ចបំរើនៃអ្នកត្រួសត្រាយ ជាការសម្រាលទុក្ខដ៏ពិតចំពោះខ្ញុំ ក្រោយពីប្ដីដ៏ស្រឡាញ់របស់ខ្ញុំបានស្លាប់ទៅ។ កាលណាខ្ញុំទៅផ្សាយច្រើនដើម្បីជួយអ្នកដទៃ នោះនឹងធ្វើឲ្យខ្ញុំមិនសូវមានចិត្តក្រៀមក្រំប៉ុន្មានទេ។ ខ្ញុំទុកជំនឿរបស់ខ្ញុំលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ហើយគិតអំពីរបៀបដែលខ្ញុំអាចជួយបុគ្គលដែលខ្ញុំបង្រៀន ឲ្យគេផ្លាស់ប្រែក្នុងជីវិតរបស់គេ។ នៅចុងថ្ងៃនិមួយៗ ខ្ញុំបានដេកលក់ស្រួល ហើយចិត្តខ្ញុំគឺពេញដោយអំណរ»។
៦. តើអំណរអ្វីដ៏ពិសេស ដែលពួកអ្នកត្រួសត្រាយខ្លះបានពិសោធ?
៦ មនុស្សខ្លះដែលបានត្រួសត្រាយជាច្រើនទសវត្សមកហើយ មានអំណរដ៏ពិសេសនៃការបំរើ ក្នុងកន្លែងដាច់ស្រយាល ការបង្កើតឲ្យមានក្រុមជំនុំ ដែលជានៅក្រោយបំផុត បានក្លាយទៅជាតំបន់។ ជាឧទាហរណ៍ ក្នុងភូមិ អាបាស៊ីរី កោះហូខៃដូ (កោះនៅទិសខាងជើងនៃប្រទេសជប៉ុន) គឺមានបងស្រីម្នាក់ ដែលបានធ្វើជាអ្នកត្រួសត្រាយជាង៣៣ឆ្នាំមកហើយ។ គាត់បានចាំថា នៅសន្និបាតតាមមណ្ឌលរបស់គាត់ជាលើកដំបូង—សរុបនៃកោះហូខៃដូ—គឺមានតែ៧០នាក់ទេ។ ហើយឥឡូវនេះ? គឺមាន១២តំបន់ក្នុងកោះនោះ ដែលមានអ្នកផ្សាយជាង១២.០០០នាក់។ សូមគិតនូវចិត្តរបស់គាត់ច្បាស់ជាមានអំណរណាស់ ពេលដែលគាត់ទៅសន្និបាតនិងមហាសន្និបាត ដែលមានអ្នកប្រកាសព្រះរាជាណាចក្រជាច្រើនក្នុងកោះនោះ!
៧, ៨. តើអ្វីជាអំណរដែលពួកអ្នកត្រួសត្រាយជាយូរមកហើយបានពិសោធ?
៧ ពួកអ្នកត្រួសត្រាយជាយូរមកហើយឯទៀត បានទទួលអំណរពីការឃើញសិស្សព្រះគម្ពីរធ្វើបុណ្យជ្រមុជទឹក ហើយរួចមក ទទួលឯកសិទ្ធិដ៏ធំទៀត។ ក្នុងប្រទេសជប៉ុន បងស្រីម្នាក់ ដែលបានបំរើក្នុងកិច្ចការត្រួសត្រាយប្រាំបួនដងតាំងពី១៩៥៧ បានចាំថា គាត់ទុកឲ្យទស្សនាវដ្ដី ភ្ញាក់រឭក! ដល់នារីម្នាក់ដែលធ្វើការក្នុងធនាគារ។ ក្នុងប្រាំបួនខែ នារីនេះបានធ្វើបុណ្យជ្រមុជទឹក។ ក្រោយមកនាងបានរៀបការ ហើយនាងនិងប្ដីរបស់គាត់បានក្លាយទៅជាអ្នកត្រួសត្រាយដ៏ពិសេស។ ជាអំណរមែនចំពោះបងស្រីត្រួសត្រាយម្នាក់នេះ ពេលដែលនាង ក្នុងកិច្ចបំរើទីបីរបស់នាង ពេលដែលក្រុមជំនុំរបស់នាង មានអ្នកត្រួតពិនិត្យមណ្ឌលថ្មីនិងប្រពន្ធរបស់គាត់មកធ្វើទស្សនៈកិច្ច—ជាអតីតសិស្សព្រះគម្ពីររបស់នាង!
៨ មិនជាការភ្ញាក់ផ្អើលទេ ដែលអស់អ្នកដែលយកកិច្ចបំរើត្រួសត្រាយមកធ្វើជាអាជីព ចាត់ទុកកិច្ចការនេះជា«ឯកសិទ្ធិដ៏មានតម្លៃបំផុត ដែលជាទីស្រឡាញ់» បងប្រុសម្នាក់បានមានប្រសាសន៍បែបនេះ ដែលបានត្រួសត្រាយ២២ឆ្នាំមកហើយ!
ទីសំអាងនៃការមើលថែរក្សារបស់ព្រះយេហូវ៉ា
៩. ជាអ្នកផ្គត់ផ្គង់ដ៏ឧត្តម តើព្រះយេហូវ៉ាសន្យាអ្វីដល់ពួកអ្នកបំរើទ្រង់ ហើយតើនេះមានន័យយ៉ាងណាចំពោះយើង?
៩ ព្រះយេហូវ៉ា ជាអ្នកផ្គត់ផ្គង់ដ៏ឧត្តម សន្យាថានឹងទ្រទ្រង់ពួកអ្នកបំរើនៃទ្រង់ មើលថែរក្សាគេខាងវិញ្ញាណនិងខាងវត្ថុ។ ដូច្នេះហើយបានជាស្តេចដាវីឌពីបុរាណមានបន្ទូលថា៖ «យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ»។ (ទំនុកដំកើង ៣៧:២៥) ប្រាកដហើយ ការធានារ៉ាប់រងរបស់ព្រះ មិនមែនដោះសារឲ្យយើងពីកាតព្វកិច្ច ក្នុងការចិញ្ចឹមគ្រួសារយើងនោះទេ ហើយក៏មិនឲ្យយើងមានសិទ្ធិសន្មតលើ សេចក្ដីសប្បុរសនៃបងប្អូនគ្រីស្ទានរបស់យើងដែរ។ (ថែស្សាឡូនីចទី១ ៤:១១, ១២; ធីម៉ូថេទី១ ៥:៨) ប៉ុន្តែ ពេលដែលយើងបូជាដ៏ស្ម័គ្រចិត្តក្នុងជីវិតរបស់យើង ដើម្បីបំរើព្រះយេហូវ៉ាឲ្យបានពេញលេញ នោះទ្រង់នឹងមិនបោះបង់យើងចោលឡើយ។—ម៉ាថាយ ៦:៣៣
១០, ១១. ពីការពិសោធ តើពួកអ្នកត្រួសត្រាជាច្រើនដឹងយ៉ាងណា អំពីសមត្ថភាពរបស់ព្រះយេហូវ៉ាដើម្បីជួយផ្គត់ផ្គង់?
១០ ពួកអ្នកត្រួសត្រាយក្នុងលោកនេះដឹងពីការពិសោធ ថាព្រះយេហូវ៉ាជួយអស់អ្នកដែលទុកខ្លួនគេក្នុងព្រះហស្តដ៏ថែរក្សារបស់ទ្រង់។ សូមពិចារណាមើលករណីនៃប្ដីប្រពន្ធត្រួសត្រាយមួយ ដែលបានរើទៅនៅភូមិតូចមួយ ដែលត្រូវការអ្នកផ្សាយព្រះរាជាណាចក្រច្រើននោះ។ ពីរបីខែក្រោយមក គឺមានការពិបាករកការងារធ្វើ ហើយគេក៏មិនសូវមានលុយទៀត។ រួចមក គេបានទទួលលិខិតប្រាក់បំណុលខាងការធានាឡាន គឺ៨១ដុល្លារ។ បងប្រុសនេះពន្យល់ថា៖ «យើងឥតមានផ្លូវដើម្បីសងបំណុលនោះទេ។ យើងបានអធិស្ឋានយ៉ាងខ្លាំងណាស់នៅយប់នោះ»។ ស្អែកឡើង ពួកគេបានទទួលកាតពីគ្រួសារ ដែលមានការដុនដាបខាងប្រាក់កាសដែរ។ គ្រួសារនេះបានទទួលប្រាក់ពីពន្ធអាករមកវិញ ហើយដោយសារវាមានចំនួនច្រើនជាងគេគិតនោះ ពួកគេចង់ចែកខ្លះដល់ប្ដីប្រពន្ធត្រួសត្រាយនេះ។ ដាក់ក្នុងស្រោមសំបុត្រគឺមានសែក៨១ដុល្លារ! បងប្រុសត្រួសត្រាយនេះនិយាយថា៖ «ខ្ញុំនឹងមិនភ្លេចអំពីថ្ងៃនោះទេ—នេះជាការគួរឲ្យរំភើបចិត្តខ្លាំងណាស់! យើងមានចិត្តអបអរណាស់ចំពោះសេចក្ដីសប្បុរសនៃគ្រួសារនេះ»។ ព្រះយេហូវ៉ាក៏អបអរដល់សេចក្ដីសប្បុរសបែបនេះដែរ នេះជាគំនិតដ៏សប្បុរសដែលទ្រង់ដាស់តឿនពួកអ្នកបំរើទ្រង់ឲ្យមាន។—សុភាសិត ១៩:១៧; ហេព្រើរ ១៣:១៦
១១ ពួកអ្នកត្រួសត្រាយជាច្រើនអាចរៀបរាប់ការពិសោធស្រដៀងគ្នានេះ។ សូមសួរគេទៅ ហើយគេនឹងប្រាប់អ្នក ថាគេមិនដែល«នៅម្នាក់ឯងនោះទេ»។ ដោយក្រឡេកមើលទៅ៥៥ឆ្នាំក្នុងកិច្ចបំរើពេញពេល អ្នកត្រួសត្រាយម្នាក់ដែលមានអាយុ៧២ឆ្នាំ មានប្រសាសន៍ថា «ព្រះយេហូវ៉ាមិនដែលធ្វើឲ្យខ្ញុំអាក់អន់ចិត្តឡើយ»។—ហេព្រើរ ១៣:៥, ៦
«ជាផ្លូវដ៏ប្រសើរដើម្បីឲ្យបានទៅជិតព្រះយេហូវ៉ា»
១២. ហេតុអ្វីក៏កិច្ចការនៃការផ្សាយដំណឹងល្អ ជាឯកសិទ្ធដ៏អស្ចារ្យម្ល៉េះ?
១២ ហេតុដែលព្រះយេហូវ៉ាសុំឲ្យយើងផ្សាយដំណឹងនៃព្រះរាជាណាចក្ររបស់ទ្រង់ នោះជាឯកសិទ្ធដ៏ល្អណាស់។ ទ្រង់ចាត់ទុកយើង—ទោះជាមនុស្សមិនគ្រប់ល័ក្ខណ៍—ជា‹អ្នកធ្វើការ›របស់ទ្រង់ ក្នុងកិច្ចការដែលសង្គ្រោះជីវិតនេះ។ (កូរិនថូសទី១ ៣:៩; ធីម៉ូថេទី១ ៤:១៦) កាលដែលយើងផ្សាយដល់អ្នកដទៃអំពីសារព្រះរាជាណាចក្រនៃព្រះ ហើយកាលដែលយើងប្រកាសអំពីទីបញ្ចប់នៃអំពើអាក្រក់ជួជាតិ និងពន្យល់ប្រាប់មនុស្សអំពីសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ក្នុងការផ្ដល់ការលោះ ហើយកាលដែលយើងមើលបន្ទូលដ៏រស់នៅ ហើយបង្រៀនដល់មនុស្សដែលមានចិត្តស្មោះត្រង់ ជាធម្មតាយើងកាន់តែចូលទៅជិតព្រះយេហូវ៉ា។—ទំនុកដំកើង ១៤៥:១១; យ៉ូហាន ៣:១៦; ហេព្រើរ ៤:១២
១៣. តើមនុស្សខ្លះនិយាយយ៉ាងណា អំពីឥទ្ធិពលនៃកិច្ចបំរើត្រួសត្រាយរបស់គេលើទំនាក់ទំនងជាមួយព្រះយេហូវ៉ា?
១៣ ពួកអ្នកត្រួសត្រាយអាចំណាយពេលច្រើនរៀងរាល់ខែក្នុងការរៀននិងបង្រៀនអំពីព្រះយេហូវ៉ា។ តើគេមានអារម្មណ៍ថានេះ មានឥទ្ធិពលលើទំនាក់ទំនងរបស់គេយ៉ាងណា? «ការត្រួសត្រាយជាផ្លូវដ៏ប្រសើរដើម្បីឲ្យចូលទៅជិតព្រះយេហូវ៉ា» អ្នកចាស់ទុំម្នាក់ក្នុងប្រទេសបារាំងបានឆ្លើយបែបនេះ ដែលបានត្រួសត្រាយជាងដប់ឆ្នាំមកហើយ។ អ្នកត្រួសត្រាយម្នាក់ទៀតក្នុងប្រទេសនេះ ដែលបានចំណាយ១៨ឆ្នាំក្នុងកិច្ចបំរើពេញពេល មានប្រសាសន៍ថា៖ «កិច្ចបំរើត្រួសត្រាយអនុញ្ញាតឲ្យយើង‹ភ្លក់ហើយមើលថាព្រះយេហូវ៉ាជាល្អ› គឺរៀងរាល់ថ្ងៃស្ថាបនាទំនាក់ទំនងដ៏ល្អជាមួយព្រះអាទិទេពរបស់យើង»។ (ទំនុកដំកើង ៣៤:៨) បងស្រីម្នាក់ក្នុងប្រទេសអង់គ្លេស ដែលបានត្រួសត្រាយអស់៣០ឆ្នាំ ក៏មានអារម្មណ៍ដូចនេះដែរ។ នាងមានប្រសាសន៍ថា៖ «ដោយបានទទួលវិញ្ញាណរបស់ព្រះយេហូវ៉ាចំពោះការដឹកនាំក្នុងការផ្សាយរបស់ខ្ញុំ នោះនាំឲ្យខ្ញុំចូលទៅជិតទ្រង់។ ខ្ញុំបានដឹងនូវការទទួលវិញ្ញាណរបស់ព្រះយេហូវ៉ាក្នុងគ្រាច្រើនណាស់ ដែលដឹកនាំខ្ញុំឲ្យទៅផ្ទះណាមួយ នៅពេលត្រឹមត្រូវផង»។—ប្រៀបធៀប កិច្ចការ ១៦:៦-១០
១៤. តើតាមរបៀបណាដែលពួកអ្នកត្រួសត្រាយទទួលប្រយោជន៍ពីការប្រើព្រះគម្ពីរ និងប្រកាសនវត្ថុព្រះគម្ពីររៀងរាល់ថ្ងៃដើម្បីបង្រៀនអ្នកដទៃ?
១៤ ពួកអ្នកត្រួសត្រាយជាច្រើនឃើញថា ការប្រើព្រះគម្ពីរនិងប្រកាសនវត្ថុនៃព្រះគម្ពីររៀងរាល់ថ្ងៃ ដើម្បីពន្យល់និងបង្រៀនសេចក្ដីពិតពីព្រះគម្ពីរ បានជួយគេឲ្យដុះលូតលាស់ចំណេះនៃបន្ទូលរបស់ព្រះ។ បងប្រុសដែលមានអាយុ៨៥ឆ្នាំ ក្នុងប្រទេសអេស្ប៉ាញ ដែលត្រួសត្រាយអស់៣១ឆ្នាំ ពន្យល់ថា៖ «ការត្រួសត្រាយបានជួយខ្ញុំឲ្យទទួលចំណេះដ៏ជ្រៅជ្រះពីព្រះគម្ពីរ ជាចំណេះដែលខ្ញុំបានយកមកប្រើ ដើម្បីជួយមនុស្សជាច្រើនឲ្យមកស្គាល់ព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់ដែរ»។ បងស្រីម្នាក់ក្នុងប្រទេសអង់គ្លេស ដែលបានត្រួសត្រាយអស់រយៈ២៣ឆ្នាំ មានប្រសាសន៍ថា៖ «កិច្ចបំរើពេញពេលបានជួយខ្ញុំឲ្យបណ្ដុះចំណង់បរិភោគអាហារខាងវិញ្ញាណ»។ ការពន្យល់ប្រាប់អ្នកដទៃអំពី«ហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា» អាចពង្រឹងជំនឿស៊ប់របស់អ្នកចំពោះជំនឿដែលចាត់ទុកដ៏សំខាន់នោះ។ (ពេត្រុសទី១ ៣:១៥) អ្នកត្រួសត្រាយម្នាក់ពីប្រទេសអូស្ដ្រាលី មានប្រសាសន៍ថា៖ «ការត្រួសត្រាយធ្វើឲ្យជំនឿខ្ញុំបានប្រសើរឡើង កាលដែលខ្ញុំនិយាយប្រាប់ដល់អ្នកដទៃ»។
១៥. តើអ្វីដែលមនុស្សជាច្រើនបានស្ម័គ្រចិត្តធ្វើ ដើម្បីយកកិច្ចបំរើត្រួសត្រាយហើយរក្សានៅក្នុងកិច្ចការនេះ ហើយហេតុអ្វី?
១៥ យ៉ាងច្បាស់ណាស់ ពួកអ្នកត្រួសត្រាយទាំងនេះគឺជឿស៊ប់ថា គេបានរើសកិច្ចបំរើ ដែលនាំឲ្យមានពរជាច្រើនពីព្រះយេហូវ៉ា។ ដូច្នេះហើយបានជាមនុស្សជាច្រើន គឺស្ម័គ្រចិត្តដើម្បីកែប្រែជីវិតរបស់គេ ព្រមទាំងបូជាអាជីពខាងលោកីយ៍និងទ្រព្យសម្បត្ដិ ដើម្បីចាប់យកកិច្ចបំរើត្រួសត្រាយ ហើយរក្សានៅក្នុងកិច្ចការនេះ!—សុភាសិត ២៨:២០
តើចិត្តរបស់អ្នកចង់ធ្វើច្រើនទៀតទេ?
១៦, ១៧. (ក) ប្រសិនបើអ្នកឆ្ងល់ថាតើអាចធ្វើការត្រួសត្រាយទៅបាន តើអ្នកត្រូវធ្វើយ៉ាងណា? (ខ) តើមនុស្សខ្លះមានអារម្មណ៍យ៉ាងណា ពេលដែលមិនអាចត្រួសត្រាយបាននោះ?
១៦ ក្រោយពីបានពិចារណាមើលនូវរបៀបដែលពួកអ្នកត្រួសត្រាយរៀបរាប់អំពីពរទាំងឡាយ នៃកិច្ចការត្រួសត្រាយ ប្រហែលជាអ្នកឆ្ងល់ថាតើការត្រួសត្រាយមានប្រយោជន៍សំរាប់អ្នកឬក៏យ៉ាងណា។ បើដូច្នេះ ម្ដេចក៏មិននិយាយជាមួយអ្នកត្រួសត្រាយម្នាក់ទៅ ដែលមានការជោគជ័យក្នុងកិច្ចបំរើពេញពេល? ហើយក៏មានប្រយោជន៍ដែរ ចំពោះអ្នកបើនិយាយជាមួយពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ បុគ្គលណាដែលស្គាល់អ្នក—សុខភាពរបស់អ្នក កំរិត និងភារកិច្ចនៃគ្រួសាររបស់អ្នក។ (សុភាសិត ១៥:២២) សេចក្ដីរៀបរាប់ដ៏មានប្រយោជន៍នៃអ្នកដទៃ ប្រហែលជាជួយអ្នកឲ្យវែកញែកដ៏ប្រយ័ត្នប្រយែង ថាតើអ្នកអាចត្រួសត្រាយបានឬក៏យ៉ាងណា។ (ប្រៀបធៀប លូកា ១៤:២៨) ប្រសិនបើអ្នកអាចត្រួសត្រាយបាន នោះអ្នកនឹងទទួលពរច្រើនមែនហើយ។—ម៉ាឡាគី ៣:១០
១៧ ចុះយ៉ាងណាវិញ អំពីអ្នកផ្សាយព្រះរាជាណាចក្រជាច្រើន ដែលមិនអាចធ្វើជាអ្នកត្រួសត្រាយ ទោះជាគេចង់ធ្វើឲ្យបានច្រើនទៀតក្នុងកិច្ចផ្សាយ? ជាឧទាហរណ៍ សូមពិចារណាមើលនូវអារម្មណ៍នៃបងស្រីម្នាក់ ដែលមានការពិបាក ដើម្បីចិញ្ចឹមកូនបួននាក់ដោយខ្លួននាង។ នាងនិយាយថា៖ «ខ្ញុំមានចិត្តក្រៀមក្រំណាស់ ពីព្រោះខ្ញុំធ្លាប់ជាអ្នកត្រួសត្រាយពេញពេល ប៉ុន្តែឥឡូវនេះ ពីព្រោះកាលៈទេសៈរបស់ខ្ញុំ ខ្ញុំមិនអាចទៅផ្សាយបានច្រើនដូចខ្ញុំធ្លាប់ធ្វើពីមុននោះទេ»។ បងស្រីម្នាក់នេះស្រឡាញ់កូនចៅគាត់ណាស់ ហើយចង់ចិញ្ចឹមគេ។ នៅពេលដំណាលគ្នានេះ គាត់ក៏ចង់ផ្សាយឲ្យបានច្រើនទៀតដែរ។ គាត់ពន្យល់ថា «ខ្ញុំស្រឡាញ់ការផ្សាយណាស់»។ ពួកគ្រីស្ទានឯទៀតក៏មានអារម្មណ៍ដូចនេះដែរ ដែលសេចក្ដីស្រឡាញ់ចំពោះព្រះបានជំរុញគេឲ្យចង់បំរើព្រះយេហូវ៉ា ‹ដោយអស់ពីចិត្តរបស់គេ›។—ទំនុកដំកើង ៨៦:១២
១៨. (ក) តើអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើង? (ខ) ហេតុអ្វីក៏យើងមិនត្រូវធ្លាក់ទឹកចិត្ត ប្រសិនបើកាលៈទេសៈមិនអាចឲ្យយើងធ្វើបានច្រើន?
១៨ សូមចងចាំថា អ្វីដែលព្រះយេហូវ៉ាតម្រូវពីយើង គឺកិច្ចបំរើដ៏អស់ពីចិត្ត។ ចំពោះមានចំនួនប៉ុន្មាន គឺមានផ្សេងៗគ្នាពីមនុស្សមួយទៅមនុស្សមួយ។ មនុស្សខ្លះអាចកែតម្រូវរឿងរបស់គេ ដើម្បីបំរើព្រះជាអ្នកត្រួសត្រាយពេញពេល។ មនុស្សជាច្រើនទៀតបានចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយយូរម្ដងៗ ឬបន្តជាលំដាប់ ដោយចំណាយ៦០ម៉ោងរៀងរាល់ខែក្នុងកិច្ចបំរើ។ ប៉ុន្តែ រាស្ត្ររបស់ព្រះយេហូវ៉ាភាគច្រើន បានបូជាខ្លួនគេក្នុងកិច្ចការផ្សាយនិងបង្រៀនដ៏អស់ពីចិត្ត ជាអ្នកផ្សាយក្នុងក្រុមជំនុំ។ ដូច្នេះ ប្រសិនបើអ្នកពិតជាមានសុខភាពមិនល្អ អាយុកាន់តែចាស់ ភារកិច្ចច្រើនខាងគ្រួសារ ឬកាលៈទេសៈដទៃទៀត សូមកុំឲ្យធ្លាក់ទឹកចិត្តឡើយ។ កិច្ចការបំរើរបស់អ្នកគឺមានតម្លៃណាស់ក្នុងព្រះនេត្ររបស់ព្រះ ឲ្យតែអ្នកខំធ្វើឡើងអស់ពីសមត្ថភាព ដូចពួកអ្នកដែលនៅក្នុងកិច្ចបំរើពេញពេលដែរ!
មនុស្សគ្រប់គ្នាអាចបង្ហាញគំនិតត្រួសត្រាយ
១៩. តើអ្វីជាគំនិតត្រួសត្រាយ?
១៩ ទោះជាអ្នកមិនអាចចុះឈ្មោះជាអ្នកត្រួសត្រាយក៏ដោយ អ្នកក៏អាចបង្ហាញគំនិតត្រួសត្រាយដែរ។ តើអ្វីទៅជាគំនិតត្រួសត្រាយ? កិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា១៩៨៨ បានចែងថា៖ «នេះអាចឲ្យអត្ថន័យថា មានអាកប្បកិរិយាវិជ្ជមានដល់សេចក្ដីបង្គាប់ឲ្យផ្សាយនិងបង្កើតឲ្យមានសិស្ស ដោយបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីខ្វល់ខ្វាយដល់មនុស្ស ដោយមានចិត្តបូជាខ្លួន ដោយមានអំណរក្នុងការធ្វើតាមព្រះអម្ចាស់ឲ្យបានជិតដិត ហើយមានចិត្តរីករាយក្នុងការយកចូលរបស់ខាងវិញ្ញាណ មិនមែនខាងទ្រព្យសម្បត្ដិ»។ តើអ្នកអាចបង្ហាញគំនិតត្រួសត្រាយយ៉ាងដូចម្ដេច?
២០. តើតាមរបៀបណាដែលឪពុកម្ដាយបង្ហាញនូវគំនិតត្រួសត្រាយ?
២០ ប្រសិនបើអ្នកជាឪពុកម្ដាយដែលមានកូនចៅវ័យក្មេង អ្នកអាចឲ្យយោបល់ដ៏ស្មោះឲ្យចាប់យកអាជីពជាអ្នកត្រួសត្រាយ។ អាកប្បកិរិយាដ៏វិជ្ជមានរបស់អ្នកចំពោះកិច្ចបំរើផ្សាយ អាចធ្វើឲ្យគេដឹងនូវសេចក្ដីត្រូវការ ដើម្បីចាត់ទុកកិច្ចបំរើព្រះយេហូវ៉ា ជាអ្វីមួយដ៏សំខាន់ក្នុងជីវិតរបស់គេ។ អ្នកប្រហែលជាអាចអញ្ជើញពួកអ្នកត្រួសត្រាយ និងពួកអ្នកធ្វើដំណើរត្រួតពិនិត្យនិងប្រពន្ធរបស់គេ មកផ្ទះរបស់អ្នក ដើម្បីឲ្យកូនអ្នកទទួលប្រយោជន៍ពីគំរូរបស់គេ ដែលមានអំណរក្នុងកិច្ចបំរើពេញពេល។ (ប្រៀបធៀប ហេព្រើរ ១៣:៧) សូម្បីតែនៅក្នុងគ្រួសារដែលបែកបាក់ខាងសាសនាក៏ដោយ ឪពុកម្ដាយដែលជឿ ដោយពាក្យសំដីនិងគំរូ អាចជួយកូនចៅរបស់គេឲ្យមានគោលដៅក្នុងជីវិត ជាកិច្ចបំរើពេញពេល។—ធីម៉ូថេទី២ ១:៥; ៣:១៥
២១. (ក) តើតាមរបៀបណាដែលយើងគ្រប់គ្នាផ្ដល់ការគាំទ្រដល់ពួកអ្នកដែលត្រួសត្រាយ? (ខ) តើអ្វីដែលពួកចាស់ទុំអាចធ្វើ ដើម្បីលើកទឹកចិត្តពួកអ្នកត្រួសត្រាយ?
២១ ក្នុងក្រុមជំនុំ យើងអាចគាំទ្រដ៏អស់ពីចិត្តដល់អ្នកដែលអាចធ្វើជាអ្នកត្រួសត្រាយ។ ជាឧទាហរណ៍ តើអ្នកអាចទៅផ្សាយជាមួយអ្នកត្រួសត្រាយម្នាក់ក្នុងកិច្ចបំរើ ជាពិសេសនៅពេលដែលអ្នកត្រួសត្រាយទៅផ្សាយម្នាក់ឯងនោះ? អ្នកប្រហែលជាឃើញថានឹងមាន«សេចក្ដីកំសាន្តចិត្តគ្នាទៅវិញទៅមក»។ (រ៉ូម ១:១១, ១២) ប្រសិនបើអ្នកជាអ្នកចាស់ទុំម្នាក់ អ្នកអាចធ្វើច្រើនទៀត ដើម្បីលើកទឹកចិត្តពួកអ្នកត្រួសត្រាយ។ ពេលក្រុមអ្នកចាស់ទុំមកជួបគ្នា គេត្រូវពិចារណាមើលជារឿយៗ នូវសេចក្ដីត្រូវការនៃពួកអ្នកត្រួសត្រាយ។ ពេលដែលអ្នកត្រួសត្រាយម្នាក់ធ្លាក់ទឹកចិត្តឬមានការពិបាកអ្វីមួយ សូមកុំប្រញាប់ប្រាប់ឲ្យឈប់ធ្វើជាអ្នកត្រួសត្រាយ។ កាលដែលអនុសាសន៍បែបនេះប្រហែលជាត្រូវការចាំបាច់ក្នុងករណីខ្លះ សូមកុំភ្លេចថា ការធ្វើជាអ្នកត្រួសត្រាយជាឯកសិទ្ធិ ដែលពួកអ្នកបំរើពេញពេលប្រហែលជាស្រឡាញ់យ៉ាងជ្រាលជ្រៅ។ ការលើកទឹកចិត្តបន្ដិចបន្តួចនិងឱវាទដ៏មានប្រយោជន៍ ឬជំនួយប្រហែលជាគ្រប់គ្រាន់ហើយ។ ការិយាល័យសាខានៅប្រទេសអេស្ប៉ាញ បានសរសេរថា៖ «ពេលដែលពួកចាស់ទុំលើកទឹកចិត្តពួកអ្នកត្រួសត្រាយ ដោយគាំទ្រពួកអ្នកត្រួសត្រាយក្នុងការផ្សាយ ហើយទៅលេងសួរសុខទុក្ខគេឲ្យបានទៀងទាត់ ពួកអ្នកត្រួសត្រាយមានអំណរច្រើន មានចិត្តថាគេមានប្រយោជន៍ ហើយចង់បន្តទៅទៀត ទោះជាមានឧបសគ្គណាកើតឡើងក៏ដោយ»។
២២. ក្នុងកំឡុងដ៏ពិបាកនៃប្រវត្ដិសាស្ត្រមនុស្សលោក តើអ្វីដែលយើងត្រូវតែប្ដេជ្ញាខំធ្វើ?
២២ យើងកំពុងតែរស់នៅក្នុងកំឡុងដ៏ពិបាកនៃប្រវត្ដិសាស្ត្រមនុស្សលោក។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវកិច្ចការសង្គ្រោះដើម្បីសម្រេចរឿងនេះ។ (រ៉ូម ១០:១៣, ១៤) ទោះជាយើងអាចចូលរួមក្នុងកិច្ចការនេះពេញពេលឬក៏អត់នោះ សូមឲ្យយើងបង្ហាញនូវគំនិតត្រួសត្រាយ។ សូមឲ្យយើងដឹងនូវភាពជាបន្ទាន់និងគំនិតនៃការបូជាខ្លួន។ សូមឲ្យយើងប្ដេជ្ញាផ្ដល់ឲ្យព្រះយេហូវ៉ានូវអ្វីដែលទ្រង់សុំពីយើង—កិច្ចបំរើដ៏អស់ពីចិត្ត។ ហើយសូមឲ្យយើងចងចាំថា ពេលដែលធ្វើអស់ពីសមត្ថភាព មិនថានេះដូចជាកាក់តូចនៃស្ត្រីមេម៉ាយ ឬប្រេងដ៏ថ្លៃរបស់នាងម៉ារា កិច្ចបំរើយើងគឺធ្វើឡើងដោយអស់ពីចិត្ត ហើយព្រះយេហូវ៉ាស្រឡាញ់នូវកិច្ចបំរើដ៏អស់ពីចិត្តរបស់យើង!
តើអ្នកនៅចាំទេ?
◻ ហេតុអ្វីក៏កិច្ចបំរើពេញពេលនាំឲ្យមានអារម្មណ៍ដ៏ស្កប់ចិត្តនិងអំណរ?
◻ ពីការពិសោធ តើអ្វីដែលពួកត្រួសត្រាយជាច្រើនដឹងអំពីសមត្ថភាពរបស់ព្រះយេហូវ៉ាដើម្បីថែរក្សាពួកអ្នកបំរើរបស់ទ្រង់?
◻ ពួកអ្នកត្រួសត្រាយមានអារម្មណ៍ថា កិច្ចបំរើរបស់គេមានឥទ្ធិពលយ៉ាងណាលើទំនាក់ទំនងរបស់គេជាមួយព្រះយេហូវ៉ា?
◻ តើតាមរបៀបណាដែលអ្នកអាចបង្ហាញគំនិតត្រួសត្រាយ?
[រូបភាពនៅទំព័រ២៥]
ពួកអ្នកត្រួសត្រាយទទួលអំណរច្រើនពីការបង្កើតសិស្ស
[រូបភាពនៅទំព័រ២៥]
កូនចៅរបស់អ្នកអាចទទួលប្រយោជន៍ពីការចូលរួមជាមួយអ្នកផ្សាយពេញពេល
[រូបភាពនៅទំព័រ២៥]
ពួកអ្នកចាស់ទុំអាចលើកទឹកចិត្តពួកអ្នកត្រួសត្រាយក្នុងការផ្សាយ