ផលប្រយោជន៍ដែលមកពីកិច្ចបំរើត្រួសត្រាយ
១ អ្នកត្រួសត្រាយម្នាក់បាននិយាយថា៖ «ខ្ញុំដឹងថាគ្មានកិច្ចការផ្សេងទៀតអាចផ្ដល់នូវសេចក្ដីស្កប់ស្កល់ចិត្តដូចបានមកពីការចែកសេចក្ដីពិតជាមួយនឹងអ្នកឯទៀតឡើយ»។ អ្នកត្រួសត្រាយម្នាក់ទៀតប្រាប់ថា៖ «នៅចុងថ្ងៃនិមួយៗ ខ្ញុំដេកលក់ស្រួលណាស់ ហើយខ្ញុំមានចិត្តពោរពេញដោយអំណរ»។ អ្នកត្រួសត្រាយទាំងនេះមានទស្សនៈដូចបងប្អូនប្រុសស្រីនៅគ្រប់ទីកន្លែងដែលបានពិសោធន៍នូវផលប្រយោជន៍ដែលមកពីការបំរើជាអ្នកត្រួសត្រាយ។—សុ. ១០:២២
២ ការជួយអ្នកឯទៀតទទួលចំណេះពីព្រះបន្ទូលរបស់ព្រះនាំឲ្យមានសេចក្ដីស្កប់ស្កល់ចិត្តដ៏ពិតប្រាកដ។ (កិច្ច. ២០:៣៥; ១ថែ. ២:១៩,២០) អ្នកត្រួសត្រាយម្នាក់ដែលបានត្រួសត្រាយអស់រយៈពេលយូរ បានសរសេថា៖ «ខ្ញុំមានចិត្តរំភើបហើយមានជំនឿខ្លាំងឡើងៗ នៅពេលដែលឃើញឥទ្ធិពលដ៏ខ្លាំងនៃព្រះបន្ទូលរបស់ព្រះ ក្នុងការជំរុញចិត្តមនុស្សកែប្រែជីវិតរបស់គេ»។ មែនហើយ ដោយព្រោះអ្នកត្រួសត្រាយបានប្រគល់ខ្លួនឲ្យជួយមនុស្ស ហើយដឹកនាំការសិក្សាព្រះគម្ពីរនោះ ពួកគេនឹងទទួលប្រយោជន៍បែបនេះ។
៣ ការពឹងទៅលើព្រះយេហូវ៉ា: ការពឹងទៅលើវិញ្ញាណរបស់ព្រះ ក៏ជួយអ្នកត្រួសត្រាយក្នុងកិច្ចបំរើរបស់គេក្នុងការបណ្ដុះឲ្យមាន«ផលផ្លែនៃព្រះវិញ្ញាណ» ហើយក៏ជួយការពារពួកគេដែរ។ (កា. ៥:១៦, ២២, ២៣) ម្យ៉ាងវិញទៀត ដោយព្រោះអ្នកត្រួសត្រាយប្រើព្រះបន្ទូលរបស់ព្រះជារឿយៗ ពួកគេតែងតែប៉ិនប្រសប់ក្នុងការប្រើបទគម្ពីរដើម្បីការពារសេចក្ដីពិតហើយពង្រឹងអ្នកឯទៀត។ (២ធី. ២:១៥) បងប្រុសម្នាក់ដែលបានបំរើជាអ្នកត្រួសត្រាយប៉ុន្មានទសវត្សមកហើយ បានមានប្រសាសន៍ថា៖«កិច្ចបំរើត្រួសត្រាយបានជួយខ្ញុំទទួលចំណេះយ៉ាងជ្រាលជ្រៅពីព្រះគម្ពីរ គឺចំណេះដែលខ្ញុំបានប្រើក្នុងការជួយមនុស្សជាច្រើនស្គាល់ព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់»។ នេះពិតជាមានប្រយោជន៍យ៉ាងណាទៅហ្ន៎!
៤ អ្នកត្រួសត្រាយត្រូវពឹងទៅលើព្រះយេហូវ៉ាតាមរបៀបផ្សេងទៀតដែរ។ ជំនឿរបស់គេបានត្រូវពង្រឹងនៅពេលដែលពួកគេឃើញថា ទ្រង់ប្រទានពរទៅលើការខំប្រឹងរបស់គេដើម្បីចិញ្ចឹមខ្លួន។ អ៊ំប្រុសម្នាក់មានអាយុ៧២ឆ្នាំ ដែលបំរើជាអ្នកត្រួសត្រាយពេញពេលអស់រយៈពេល៥៥ឆ្នាំហើយ បាននិយាយថា៖ «ព្រះយេហូវ៉ាមិនដែលធ្វើឲ្យខ្ញុំខកចិត្តសោះឡើយ»។ ម្យ៉ាងវិញទៀត អ្នកត្រួសត្រាយពេញពេលការពារខ្លួនពីការគាបសង្កត់នៃជីវិត ដោយមានរបៀបរស់នៅដ៏សាមញ្ញ។ តើអ្នកពេញចិត្តនឹងជីវិតដែលគ្មានការគាបសង្កត់បែបនេះឬទេ?—ម៉ាថ. ៦:២២; ហេ. ១៣:៥, ៦
៥ ការចូលទៅជិតព្រះ: ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេហូវ៉ា ជាអ្វីដែលមានតម្លៃបំផុត។ (ទំនុក. ៦៣:៣) ពីព្រោះយើងស្រឡាញ់ព្រះយេហូវ៉ា យើងចូលរួមយ៉ាងពេញលេញក្នុងកិច្ចបំរើផ្សាយ នោះក៏បណ្ដាលឲ្យទំនាក់ទំនងជាមួយនឹងទ្រង់ជិតស្និទ្ធជាង។ (យ៉ា. ៤:៨) បងប្រុសម្នាក់ដែលបានបំរើជាអ្នកត្រួសត្រាយជាង១៨ឆ្នាំ បាននិយាយថា៖ «ការបំរើជាអ្នកត្រួសត្រាយម្នាក់បើកឱកាសឲ្យយើង‹ភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អ› ហើយរៀងរាល់ថ្ងៃយើងស្អាងទំនាក់ទំនងជាមួយនឹងព្រះដែលជាអ្នកបង្កើតរបស់យើងយ៉ាងជិតស្និទ្ធិជាង»។—ទំនុក. ៣៤:៨
៦ បន្ថែមពីកាលៈទេសៈដ៏ល្អ អ្នកត្រួសត្រាយត្រូវតែមានជំនឿយ៉ាងមាំ សេចក្ដីស្រឡាញ់ស្មោះចំពោះព្រះនិងអ្នកជិតខាង ហើយសុខចិត្តពលិខ្លួនផងដែរ។ (ម៉ាថ. ១៦:២៤; ១៧:២០; ២២:៣៧-៣៩) ប៉ុន្តែ ដូចយើងបានឃើញតាមទឹកមុខពព្រាយរបស់ពួកអ្នកត្រួសត្រាយ ផលប្រយោជន៍ដែលមកពីកិច្ចបំរើត្រួសត្រាយគឺវិសេសវិសាលមែន។ (ម៉ាឡ. ៣:១០) មិនគ្រាន់តែពួកអ្នកត្រួសត្រាយដែលទទួលផលប្រយោជន៍នោះទេ តែក្រុមគ្រួសាររបស់ពួកគេ ថែមទាំងក្រុមជំនុំក៏ទទួលប្រយោជន៍ពីចិត្តគំនិតដ៏ល្អរបស់អ្នកត្រួសត្រាយដែរ។—ភី. ៤:២៣
[Study Questions]
១, ២. តើមានផលប្រយោជន៍អ្វីដែលមកពីកិច្ចបំរើត្រួសត្រាយ ហើយហេតុអ្វី?
៣, ៤. តើតាមរបៀបណាដែលការបំរើជាអ្នកត្រួសត្រាយ បង្រៀនយើងឲ្យពឹងទៅលើព្រះយេហូវ៉ា ហើយតើការពឹងទៅលើព្រះយេហូវ៉ាជួយយើងឲ្យលូតលាស់ខាងវិញ្ញាណបានយ៉ាងណា?
៥. តើតាមរបៀបណាដែលការបំរើជាអ្នកត្រួសត្រាយជួយយើងចូលទៅជិតព្រះយេហូវ៉ា?
៦. តើពួកអ្នកត្រួសត្រាយត្រូវមានអ្វី ហើយក្រៅពីពួកអ្នកត្រួសត្រាយនោះ តើអ្នកណាទៀតទទួលប្រយោជន៍?