ការត្រួសត្រាយជាការប្រើពេលរបស់យើងដោយប្រាជ្ញា!
១ ‹ខ្ញុំមានការងារមមាញឹកណាស់! តើជាការប្រកបដោយប្រាជ្ញាមែនទេ ដែលខ្ញុំចាប់ផ្ដើមត្រួសត្រាយនៅពេលឥឡូវនេះ›? បងស្រីម្នាក់បានគិតដូច្នេះ កាលដែលគាត់ស្ដាប់អ្នកត្រួសត្រាយដែលជាអ្នកចាស់ទុំម្នាក់ថ្លែងសុន្ទរកថានៅឯសន្និបាតតាមមណ្ឌល ដែលសុន្ទរកថានោះមានប្រធានថា៖ «ការឈានទៅមុខក្នុងកិច្ចបំរើត្រួសត្រាយ»។ បងប្រុសក្មេងម្នាក់ ដែលនៅក្នុងចំណោមអ្នកស្ដាប់ទាំងនោះដែរ ក៏បានគិតថា ‹តើយ៉ាងណាដែលគាត់ឆ្លៀតពេលដើម្បីត្រួសត្រាយ? ខ្ញុំមិនមែនជាអ្នកចាស់ទុំម្នាក់ ក៏ប៉ុន្តែជីវិតខ្ញុំពេញដោយការរវល់ឥតឈប់ឈរ›!
២ កាលដែលអ្នកចាស់ទុំម្នាក់នោះ និយាយបន្តអំពីពរពីការត្រួសត្រាយនោះ គាត់ក៏បានសម្ភាសន៍អ្នកត្រួសត្រាយពីរបីនាក់ពីមណ្ឌលនោះ ដែលបានប្រាប់ពីការកែប្រែដែលពួកគេត្រូវតែធ្វើ ដើម្បីត្រួសត្រាយនិងរបៀបព្រះយេហូវ៉ាបានប្រទានពរយ៉ាងច្រើនចំពោះការខំប្រឹងរបស់គេ។ ម្នាក់នោះពិការ ម្នាក់ទៀតមានគូដែលមិនជឿ ហើយម្នាក់ទៀតបានលះបង់អាជីពខាងលោកីយ៍ ក៏ប៉ុន្តែអាចរកស៊ីបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់គាត់។ ដោយបានស្ដាប់នូវរបៀបដែលពួកអ្នកត្រួសត្រាយទាំងនេះបានជោគជ័យដោយជំនួយពីព្រះយេហូវ៉ា នោះបងប្រុសនិងបងស្រីនោះចាប់ផ្ដើមពិនិត្យសារជាថ្មី នូវគំនិតនិងកាលៈទេសៈខ្លួន។ យើងសូមអញ្ជើញអ្នកឲ្យធ្វើអ៊ីចឹងដែរ ជាពិសេសដោយព្រោះចំនួនម៉ោងដែលត្រូវបានកំណត់សំរាប់អ្នកត្រួសត្រាយ នោះឥឡូវក៏នៅក្នុងសមត្ថភាពរបស់អ្នកផ្សាយដំណឹងល្អជាច្រើននាក់ផងដែរ។
៣ យើងដឹងថា ព្រះយេហូវ៉ាជាអ្នកបង្កើតនិងជាព្រះមហាក្សត្រសកលលោក ហើយយើងមានជីវិតដោយសារទ្រង់។ (ដានីយ៉ែល ៤:១៧; កិច្ចការ ១៧:២៨) ចំពោះយើង គឺច្បាស់ហើយដែលទ្រង់កំពុងតែប្រើអង្គការតែមួយប៉ុណ្ណោះទេ។ យើងមានឯកសិទ្ធិបំរើយ៉ាងស្មោះត្រង់ជាមួយនឹងការត្រួសត្រាយ ទាំងគាំទ្រ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ក្នុងការធ្វើបន្ទាល់ពីព្រះរាជាណាចក្រ មុនដែលទីបញ្ចប់មកដល់។ (ម៉ាថាយ ២៤:៤៥; ២៥:៤០; ពេត្រុសទី១ ២:៩) ដោយកំពុងតែរស់យូរហើយក្នុងថ្ងៃ«ជាន់ក្រោយបង្អស់» នោះយើងទទួលស្គាល់ថា ពេលដើម្បីធ្វើការផ្សព្វផ្សាយ នោះកំពុងតែអស់ទៅៗ។ (ធីម៉ូថេទី២ ៣:១) តែក្នុងចន្លោះពេលនេះ យើងត្រូវតែចិញ្ចឹមខាងវត្ថុនូវគ្រួសាររបស់យើង។ (ធីម៉ូថេទី១ ៥:៨) ប្រាក់ចំណូលរបស់ម្នាក់ ហាក់ដូចជាចាយមិនគ្រាន់ដូចកាលពីមុន។ ប្រហែលជាសុខភាពយើង មិនដូចភាពដើមនោះឡើយ។ ហើយបើនិយាយពិតទៅ យើងចង់មានពេលនិងធនធានបន្ដិចបន្តួច សំរាប់ប្រើនឹងខ្លួនឯងផងដែរ។ (សាស្ដា ៣:១២, ១៣) ដូច្នេះ ប្រហែលជាយើងឆ្ងល់ ថាតើការតបនឹងសេចក្ដីអញ្ជើញឲ្យត្រួសត្រាយ នោះគឺសេចក្ដីសម្រេចដ៏ប្រាជ្ញាមែនឬ?
៤ គឺស្រេចនឹងយើងរៀងៗខ្លួន ឲ្យពិនិត្យមើលយ៉ាងហ្មត់ចត់នូវកាលៈទេសៈយើងផ្ទាល់ និងធ្វើការសម្រេច ថាតើយើងអាចត្រួសត្រាយបានទេ។ (រ៉ូម ១៤:១២; កាឡាទី ៦:៥) គឺជាអ្វីដែលលើកទឹកចិត្តនោះ ដោយមានចំនួនកើនតែច្រើន នៃពួកអ្នកដែលតបនឹងការហៅមកឲ្យត្រួសត្រាយ។ ទោះបីមានការបង្ខិតបង្ខំនិងបញ្ហាទាំងប៉ុន្មានពីថ្ងៃជាន់ក្រោយបង្អស់នេះក៏ដោយ សេចក្ដីរាយការណ៍ពីកិច្ចបំរើ ដែលត្រូវបោះពុម្ពក្នុងសៀវភៅប្រចាំឆ្នាំនៃឆ្នាំ១៩៩៩ នោះបង្ហាញថា ជិត៧០០.០០០នាក់ពីចំណោមពួករាស្ត្ររបស់ព្រះយេហូវ៉ាទូទាំងពិភពលោក កំពុងតែឈានយ៉ាងប្រឹងប្រែងទៅមុខ ក្នុងកិច្ចបំរើត្រួសត្រាយ។ ថ្វីបើបំរើដោយនៅក្រោមស្ថានភាពសេដ្ឋកិច្ចដ៏លំបាកលំបិន ខ្វះខាតនូវយានធ្វើដំណើរ ពិសោធន៍បញ្ហាសុខភាព ឬក៏ពិសោធន៍ការពិបាកនិងលំបាកផ្សេងទៀតក៏ដោយ នោះបងប្រុសនិងបងស្រីទាំងនេះមិនរសាយចិត្តក្នុងការធ្វើល្អទេ ហើយនេះជាអ្វីដ៏គួរសរសើរមែន។ (កាឡាទី ៦:៩) ពួកគេបានទទួលសេចក្ដីស្នើរបស់ព្រះយេហូវ៉ា ឲ្យល្បងលទ្រង់។ (ម៉ាឡាគី ៣:១០) ពួកគេមានអារម្មណ៍ថា ការត្រួសត្រាយគឺជាការប្រើពេលនិងធនធានដែលត្រូវកំណត់នោះ តាមរបៀបដែលមានប្រាជ្ញា ហើយដែលព្រះយេហូវ៉ាពិតជាបានប្រទានពរចំពោះគេ សំរាប់ការកែប្រែដ៏ចាំបាច់ ដើម្បីចូលរួមនិងបន្តនៅក្នុងកិច្ចការត្រួសត្រាយនោះ។
៥ អ្នកត្រួសត្រាយកំពុងតែទទួលពរ: បងស្រីម្នាក់ នៅប្រទេសកាមារូន ដែលមានកូនស្រីតូចមួយ ពន្យល់នូវរបៀបដែលគាត់ត្រួសត្រាយថា៖ «តាំងពីនាងកើតមក កូនស្រីខ្ញុំក៏ទៅជាមួយខ្ញុំក្នុងកិច្ចបំរើដែរ។ សូម្បីតែមុនពីពេលដែលនាងចេះដើរ ខ្ញុំធ្លាប់ស្ពាយវាជាប់ខ្នងខ្ញុំ ដោយចងជាប់នឹងក្រណាត់មួយផ្ទាំង។ នៅព្រឹកមួយក្នុងកិច្ចបំរើ ខ្ញុំឈប់នៅរានលក់នៅតាមផ្លូវ។ កូនខ្ញុំក៏បានដើរចេញពីខ្ញុំ ទាំងយកទស្សនាវដ្ដីប៉ុន្មានក្បាលពីកាតាបខ្ញុំទៅជាមួយផងដែរ។ នាងបានដើរតតេះតតះទៅដល់រានមួយជិតៗនោះ។ ទោះបីនាងឥតសូវចេះនិយាយប៉ុន្មានទេ នាងក៏បានធ្វើឲ្យស្ត្រីម្នាក់ចាប់អារម្មណ៍ ហើយបានបង្ហាញទស្សនាវដ្ដីមួយក្បាល។ ស្ត្រីនោះបានស្ងើច ដោយឃើញកូនដ៏ក្មេងអ៊ីចឹងចូលរួមសកម្មភាពនេះ។ គាត់បានទទួលទស្សនាវដ្ដីនោះយ៉ាងឆាប់រហ័ស ទាំងព្រមសិក្សាព្រះគម្ពីរតាមផ្ទះផងដែរ»!
៦ ដើម្បីតបនឹងការហៅឲ្យមានអ្នកត្រួសត្រាយជំនួយថែមទៀត នោះអ្នកចាស់ទុំម្នាក់នៅប្រទេសសាមពារ ដែលជាមេគ្រួសារដែរ ហើយជាប់ពេញពេលខាងមុខរបរគាត់ នោះបានសម្រេចចិត្តត្រួសត្រាយជំនួយ ទោះបីមានកាលវិភាគដ៏មមាញឹកក៏ដោយ។ គាត់ចង់ធ្វើជាគំរូសំរាប់ក្រុមជំនុំនិងគ្រួសាររបស់គាត់ដែរ។ ជួនកាល គាត់ចតឡានរបស់គាត់តាមផ្លូវ ហើយចាក់កាសែតម៉ាញេឈ្មោះអាថ៌កំបាំងនៃសុភមង្គលគ្រួសារ ជាខ្សែអាត់សម្លេង។ គាត់ក៏បានអញ្ជើញអ្នកដើរកាត់កន្លែងនោះទាំងប៉ុន្មាន ឲ្យមកស្ដាប់អ្វីដែលត្រូវអានឮៗនោះ។ ដោយធ្វើដូច្នេះ គាត់បានចែកជូនសៀវភៅសុភមង្គលគ្រួសារ អស់១៦ក្បាល និងសៀវភៅចំណេះ អស់១៣ក្បាល ព្រមទាំងបានផ្ដើមការសិក្សាព្រះគម្ពីរពីរ។
៧ អាកប្បកិរិយាដ៏ប្រសើរខាងការត្រួសត្រាយ បានត្រូវកត់សម្គាល់នូវប្រទេសស៊ីមបាបវេ ជាប្រទេសជិតខាងមួយ។ ក្នុងកំឡុងខែមេសា ឆ្នាំ១៩៩៨ ក្រុមជំនុំមួយដែលមានអ្នកផ្សាយ១១៧នាក់ បានរាយការណ៍ថាមានអ្នកត្រួសត្រាយជំនួយទាំងអស់៧០នាក់ និងអ្នកត្រួសត្រាយពេញពេល៩នាក់។ ក្រុមជំនុំមួយទៀតដែលមានអ្នកផ្សាយ៩៤នាក់ បានមានអ្នកត្រួសត្រាយជំនួយ៥៨នាក់ដែលបានដាក់របាយការណ៍។ ហើយមួយទៀត ដែលមានអ្នកផ្សាយ១២៦នាក់ បានរាយការណ៍ថាមានអ្នកដែលបានសម្រេចចិត្តត្រួសត្រាយជំនួយទាំងអស់៥៨នាក់ ព្រមទាំងអ្នកត្រួសត្រាយពេញពេល៤នាក់។ កិច្ចបំរើឆ្នាំមុន បានត្រូវសម្ដែងជាឆ្នាំមួយដ៏ល្អប្រសើរនៅឯប្រទេសស៊ីមបាបវេ។ ទោះបីជាបងប្អូននៅទីនោះ គឺរវល់ណាស់នឹងរឿងគ្រួសារ សកម្មភាពក្រុមជំនុំ និងការសាងសង់នូវការិយាល័យសាខា នោះគេបានប្រមូលអារម្មណ៍លើការចំណាយពេលរបស់គេដោយប្រាជ្ញា ក្នុងកិច្ចបំរើ។
៨ ពួកអ្នកត្រួសត្រាយទទួលស្គាល់ថា ការចាប់ផ្ដើមត្រួសត្រាយ ហើយការព្យាយាមបន្តក្នុងកិច្ចការនេះ នោះមិនពឹងពាក់លើកម្លាំងរបស់ខ្លួនផ្ទាល់ទេ។ ពួកគេនឹងសារភាពយ៉ាងឆាប់រហ័សថា អ្វីក៏ដោយដែលគេមានសមត្ថភាពធ្វើនោះ គឺមានលទ្ធភាពដោយព្រោះពួកគេពឹងពាក់ទៅលើ«កំឡាំងដែលព្រះប្រទានឲ្យ»។ (ពេត្រុសទី១ ៤:១១) សេចក្ដីជំនឿរបស់គេ នោះឲ្យគេមានសមត្ថភាពសម្រេចកិច្ចបំរើរបស់គេពីមួយថ្ងៃទៅមួយថ្ងៃ។ ជាជាងស្វែងរកអ្វីដែលស្រួលចំពោះគេ នោះពួកអ្នកត្រួសត្រាយដែលជោគជ័យក៏ទទួលស្គាល់ថា ដែលឈានយ៉ាងប្រឹងប្រែងទៅមុខ ប្រហែលជាត្រូវការនូវ«សេចក្ដីតយុទ្ធជាច្រើន» ក៏ប៉ុន្តែ ពួកគេទទួលពរច្រើនជាលទ្ធផល។—ថែស្សាឡូនីចទី១ ២:២
៩ គំរូនៃសាវ័កប៉ុលគឺគួរត្រាប់តាម: ព្រះគម្ពីរមានកំណត់អំពីការសម្រេចផលរបស់សាវ័កប៉ុលក្នុងកិច្ចបំរើ ហើយជាជំនួយដ៏ល្អដែលគាត់បានឲ្យមនុស្សជាច្រើន។ ក៏ប៉ុន្តែ បើសិនជាមានអ្នកណាដែលមានកិច្ចការច្រើនពេក នោះគឺសាវ័កប៉ុលនោះឯង។ គាត់បានទ្រាំនឹងការបៀតបៀននិងទុក្ខលំបាកខាងរូបកាយ ដើម្បីផ្សាយប្រាប់ដំណឹងល្អហើយចំរើនកម្លាំងនៃក្រុមជំនុំនិមួយៗ។ គាត់ក៏បានត្រូវទ្រាំនឹងបញ្ហាដ៏ធ្ងន់ធ្ងរខាងសុខភាព។ (កូរិនថូសទី២ ១១:២១-២៩; ១២:៧-១០) គាត់បានប្ដេជ្ញាចំណាយពេលរបស់គាត់ដោយប្រាជ្ញា។ គាត់បានទទួលស្គាល់ថា គាត់បានធ្វើកិច្ចការទាំងអស់ដោយជំនួយពីព្រះយេហូវ៉ា។ (ភីលីព ៤:១៣) គ្មានអ្នកណាម្នាក់ក្នុងចំណោមមនុស្សដែលសាវ័កប៉ុលបានជួយ ដែលអាចនឹងមានហេតុសន្និដ្ឋានថា ពេលនិងការខ្នះខ្នែងរបស់ប៉ុលក្នុងការបំរើព្រះយេហូវ៉ា នោះបានត្រូវខាតឬក៏អាចត្រូវប្រើតាមរបៀបល្អជាងឡើយ។ សូម្បីតែសព្វថ្ងៃនេះ យើងនៅទទួលប្រយោជន៍ពីការប្រើពេលដោយប្រាជ្ញាដូចសាវ័កប៉ុលនោះដែរ! យើងអបអរណាស់នឹងឱវាទរបស់គាត់ដែលបានត្រូវបណ្ដាលនោះ ដើម្បីជួយយើងគិតពីអ្វីដែលមានអាទិភាពចំពោះយើង ហើយនៅជាប់លាប់នឹងសេចក្ដីពិត ក្នុងគ្រាដ៏ពិបាកនេះ។
១០ ជាងពីកាលមុនទៅទៀត ឥឡូវ«ពេលវេលាចង្អៀតណាស់ហើយ» ដើម្បីផ្សាយប្រាប់ដំណឹងល្អ។ (កូរិនថូសទី១ ៧:២៩; ម៉ាថាយ ២៤:១៤) ដូច្នេះ គឺជាសមដែលយើងសួរខ្លួនយើងថា ‹បើសិនជាជីវិតរបស់ខ្ញុំនឹងចប់ថ្ងៃស្អែកដោយមិនដឹងជាមុននោះ តើខ្ញុំអាចប្រាប់ព្រះយេហូវ៉ាថ្ងៃនេះថា ខ្ញុំបានប្រើពេលវេលារបស់ខ្ញុំដោយប្រាជ្ញាឬទេ›? (យ៉ាកុប ៤:១៤) សូមអញ្ជើញទូលព្រះយេហូវ៉ាក្នុងសេចក្ដីអធិស្ឋានឥឡូវ ដោយបញ្ជាក់ឲ្យទ្រង់ជ្រាបអំពីសេចក្ដីប្រាថ្នារបស់អ្នកឲ្យប្រើពេលរបស់អ្នកដោយប្រាជ្ញា ជាស្មរបន្ទាល់ម្នាក់របស់ទ្រង់។ (ទំនុកដំកើង ៩០:១២) អធិស្ឋានទូលទ្រង់ ឲ្យទ្រង់ជួយអ្នករៀបចំជីវិតរបស់អ្នកមិនឲ្យស្មុគស្មាញ។ ទោះបីអ្នកប្រហែលជាបានសម្រេចចិត្តពីមុនថាអត់បានទេ តើប្រហែលជាឥឡូវអ្នកឃើញថា ការត្រួសត្រាយអាចត្រូវរួមចំណែកក្នុងជីវិតរបស់អ្នកទេ?
១១ ធ្វើទាំងអស់ដែលអាចធ្វើបានក្នុងកាលៈទេសៈរបស់អ្នក: គឺស្រួលយល់ហើយ ដោយព្រោះកាលៈទេសៈ មនុស្សទាំងអស់ដែលចង់ធ្វើនេះ មិនអាចឆ្លៀត៧០ម៉ោងមួយខែ ដើម្បីបំរើជាអ្នកត្រួសត្រាយពេញពេលទេ។ ក៏ប៉ុន្តែ អ្នកផ្សាយជាច្រើននាក់ រៀបចំដើម្បីចំណាយ៥០ម៉ោងមួយខែក្នុងកិច្ចបំរើជាអ្នកត្រួសត្រាយជំនួយ ជាញឹកញយតាមលទ្ធភាព ឬក៏ជាបន្ត។ បើសិនជាកាលៈទេសៈរបស់អ្នក គឺយ៉ាងណាឥឡូវ ដែលអ្នកមិនអាចត្រួសត្រាយជាជំនួយឬពេញពេលទេ នោះសូមកុំធ្លាក់ទឹកចិត្តឡើយ។ បន្តអធិស្ឋានសុំឲ្យកាលៈទេសៈរបស់អ្នកផ្លាស់ប្ដូរ។ ក្នុងពេលចន្លោះនោះ បើសិនជាការកែប្រែគឺគ្មានលទ្ធភាពកើតឡើងនោះសូមសម្រាលទឹកចិត្តដោយដឹងថា ព្រះយេហូវ៉ាពេញព្រះទ័យនឹងអ្វីក៏ដោយដែលអ្នកអាចធ្វើអស់ពីចិត្ត ក្នុងការបំរើទ្រង់។ (ម៉ាថាយ ១៣:២៣) ទ្រង់សម្គាល់ថាអ្នកកំពុងតែឈរយ៉ាងមាំមួនខាងទ្រង់ ហើយដែលអ្នកព្យាយាមជាអ្នកផ្សាយដ៏ស្មោះត្រង់ម្នាក់ ដែលមិនដែលឲ្យមួយខែផុតទៅ ដោយមិនបានឆ្លៀតឱកាសធ្វើបន្ទាល់ទេ។ ប្រហែលជាអ្នកអាចលូតលាស់ដោយការដុសខាត់ខាងការធ្វើបន្ទាល់ ទាំងធ្វើការដើម្បីជឿនលឿនជាអ្នកផ្សព្វផ្សាយនិងអ្នកបង្រៀននូវដំណឹងល្អ។—ធីម៉ូថេទី១ ៤:១៦
១២ ដោយមាន«ថ្ងៃធំគួរស្ញែងខ្លាច»របស់ព្រះយេហូវ៉ាជិតដល់ហើយ នោះយើងត្រូវតែប្រើពេលដែលនៅសល់ដោយប្រាជ្ញា បើសិនជាយើងនឹងបង្ហើយកិច្ចការដែលបានត្រូវប្រគល់មកយើង។ (យ៉ូអែល ២:៣១) សាតាំងដឹងថា វេលារបស់វាគឺខ្លី ហើយខ្លាំងជាងមុន នោះវាខិតខំអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យជីវិតរបស់យើងទៅជាស្មុគស្មាញនិងពិបាក ឲ្យមិនប្រមូលអារម្មណ៍លើអ្វីដែលពិតជាសំខាន់នោះទេ។ (ភីលីព ១:១០; វិវរណៈ ១២:១២) សូមកុំប៉ាន់ស្មាននូវចំណាប់អារម្មណ៍នៃព្រះយេហូវ៉ាចំពោះអ្នក ហើយសមត្ថភាពរបស់ទ្រង់ដើម្បីជួយអ្នកកែសម្រួលជីវិតរបស់អ្នកនិងបំពេញនូវកិច្ចបំរើដល់កំរិតនៃសក្ដានុភាពរបស់អ្នក។ (ទំនុកដំកើង ១៤៥:១៦) គឺគួរអរសប្បាយណាស់ ដែលច្រើននាក់កំពុងតែរកឃើញ ដោយពិនិត្យមើលកាលៈទេសៈរបស់ខ្លួន ថាពួកគេអាចចូលរួមក្នុងចំណោមពួកអ្នកត្រួសត្រាយជំនួយឬក៏ពេញពេលទាំងប៉ុន្មាន។ មែនហើយ ពួកអ្នកត្រួសត្រាយអាចរកឃើញនូវការស្កប់ចិត្តដ៏ជ្រាលជ្រៅ ក្នុងការប្រើពេលរបស់គេដោយប្រាជ្ញា។ តើអ្នកនឹងទៅជាមនុស្សម្នាក់បែបនេះទេ?