បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០៧ ទំ. ៨-១០
  • គោលដៅដ៏ល្អសម្រាប់ឆ្នាំកិច្ចបម្រើថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលដៅដ៏ល្អសម្រាប់ឆ្នាំកិច្ចបម្រើថ្មី
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរប្រកាសអស់ទាំងលក្ខណៈរបស់ព្រះយេហូវ៉ា
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរផ្សព្វផ្សាយហើយធ្វើបន្ទាល់យ៉ាងសព្វគ្រប់
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរមានគម្រោងពីឥឡូវដើម្បីបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
    ២០១២ កិច្ចបម្រើព្រះ
  • ឱកាសមានកាន់តែច្រើនដើម្បីសរសើរព្រះយេហូវ៉ា
    ២០១៣ កិច្ចបម្រើព្រះ
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៨/០៧ ទំ. ៨-១០

គោល​ដៅ​ដ៏​ល្អ​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​ថ្មី

១ ដើម្បី​ឲ្យ​កិច្ច​បម្រើ​ព្រះ​មាន​ការ​រីក​ចម្រើន​យើង​ត្រូវ​កំណត់​គោល​ដៅ។ តើ​អ្នក​មាន​គោល​ដៅ​អ្វី​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​ថ្មី​? គោល​ដៅ​ដ៏​ល្អ​មួយ​គឺ​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​សម្រាប់​មួយ​ខែ​ឬ​ច្រើន​ខែ។ កិច្ចការ​ដ៏​រីករាយ​នេះ តម្រូវ​ឲ្យ​យើង​ធ្វើ​គម្រោង​ទុក​ជា​មុន ហើយ​ជា​ការ​ល្អ​បើ​យើង​ចាប់​ផ្ដើម​គិត​ពី​ឥឡូវ​នេះ​ទៅ។ ហេតុ​អ្វី​គួរ​ពិចារណា​អំពី​ការ​ត្រួសត្រាយ​ជំនួយ​ជា​គោល​ដៅ?

២ មូលហេតុ​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ : ដោយ​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ ការ​ត្រួសត្រាយ​ជំនួយ​ជួយ​យើង​ផ្គាប់​ចិត្ត​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​របស់​យើង​ឲ្យ​«​កាន់​តែ​ខ្លាំង​ឡើង​»។ (​១ថែ. ៤:១​) ពេល​យើង​ពិចារណា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង ចិត្ត​យើង​ជំរុញ​យើង​ឲ្យ​ប្រាប់​អ្នក​ដទៃ​អំពី​ទ្រង់។ (​ទំនុក. ៣៤:១, ២​) ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់ និង​ឲ្យ​តម្លៃ​លើ​ការ​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​យើង ដើម្បី​អាច​ចំណាយ​ពេល​ច្រើន​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​ហេ. ៦:១០​) ដោយ​ដឹង​ថា កិច្ចការ​ដែល​យើង​ខំ​ធ្វើ​គឺ​គាប់​ចិត្ត​ព្រះ​យេហូវ៉ា នោះ​នាំ​ឲ្យ​យើង​មាន​អំណរ​ជា​ខ្លាំង។—១របា. ២៩:៩

៣ ពេល​យើង​ធ្វើ​អ្វី​មួយ​កាន់​តែ​ច្រើន​ឡើង​ៗ ធម្មតា​នេះ​នាំ​ឲ្យ​យើង​ធ្វើ​អ្វី​នោះ​កាន់​តែ​ស្រួល ហើយ​យើង​ក៏​ចូល​ចិត្ត​ធ្វើ​ការ​នោះ​ថែម​ទៀត​ដែរ។ ការ​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ នឹង​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ស្រួល​ជាង​ពេល​និយាយ​ជា​មួយ​ម្ចាស់​ផ្ទះ។ អ្នក​នឹង​មាន​ការ​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើ​គម្ពីរ ហើយ​ចាប់​ផ្ដើម​ការ​សន្ទនា។ នៅ​ពេល​អ្នក​និយាយ​ប្រាប់​អំពី​ជំនឿ​របស់​អ្នក​កាន់​តែ​ច្រើន​ឡើង ជំនឿ​នោះ​ក៏​កាន់​តែ​មាំមួន​ដែរ។ បង​ប្អូន​ជា​ច្រើន​ដែល​មិន​មាន​សិស្ស​ព្រះ​គម្ពីរ​ពី​មុន បាន​ចាប់​ផ្ដើម​មាន​សិស្ស​នៅ​ពេល​ត្រួសត្រាយ​ជំនួយ។

៤ ការ​ត្រួសត្រាយ​ជំនួយ​ក៏​ប្រហែល​ជា​វិធី​ដែល​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​ទម្លាប់​ល្អ​ក្នុង​កិច្ច​បម្រើ​ព្រះ។ បង​ប្រុស​ម្នាក់​ដែល​ធ្លាប់​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល បាន​យល់​ឃើញ​ថា​គាត់​កំពុង​តែ​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​ការងារ បាន​សម្រេច​ចិត្ត​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​សម្រាប់​មួយ​ខែ។ គាត់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​សោះ ថា​ការ​ត្រួសត្រាយ​ជំនួយ​តែ​មួយ​ខែ​នោះ បាន​ពង្រឹង​កម្លាំង​ចិត្ត​ខ្ញុំ​ក្នុង​កិច្ច​បម្រើ​ព្រះ! ខ្ញុំ​បាន​សម្រេច​ចិត្ត​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ជា​បន្តបន្ទាប់ ហើយ​នៅ​ទីបំផុត នាំ​ឲ្យ​ខ្ញុំ​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ម្ដង​ទៀត​»។

៥ ចូរ​យក​ឈ្នះ​លើ​ឧបសគ្គ : បង​ប្អូន​ខ្លះ​ប្រហែល​ស្ទាក់ស្ទើរ​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ដោយសារ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្វះ​សមត្ថភាព​ជា​អ្នក​ផ្សព្វផ្សាយ។ ប្រសិន​បើ​អ្នក​គិត​ថា​អ្នក​មិន​អាច​ត្រួសត្រាយ​ជំនួយ​ដោយសារ​ហេតុ​នេះ ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក ដូច​ទ្រង់​បាន​ជួយ​លោក​យេរេមា​ដែរ។ (​យេ. ១:៦​-​១០​) ទោះបី​លោក​ម៉ូសេ​«​មាន​មាត់​រឹង ហើយ​អណ្ដាត​ក៏​ដំឡាន់​ផង​»​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ប្រើ​លោក​ឲ្យ​បំពេញ​ឆន្ទៈ​របស់​ទ្រង់។ (​និក្ខ. ៤:១០​-​១២​) ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព ចូរ​អធិស្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក​មាន​ចិត្ត​ក្លាហាន។

៦ តើ​អ្នក​ស្ទាក់ស្ទើរ​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ដោយសារ​អ្នក​មាន​បញ្ហា​សុខភាព ឬ​ជាប់​រវល់​ពេក​ទេ? ប្រសិន​បើ​អ្នក​ឈឺ ការ​ផ្សព្វផ្សាយ​តាម​កម្រិត​នៃ​កម្លាំង​របស់​អ្នក​ជា​សម្រួល ប្រហែល​អាច​ជួយ​អ្នក​ឲ្យ​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​បាន។ ប្រសិន​បើ​អ្នក​ជាប់​រវល់​ពេក អ្នក​ប្រហែល​អាច​ពន្យារ​កិច្ចការ​ដែល​មិន​សូវ​សំខាន់​ទៅ​ធ្វើ​នៅ​ខែ​ផ្សេង​ទៀត។ បង​ប្អូន​ខ្លះ​ដែល​ធ្វើ​ការ​ងារ​ពេញ​ពេល បាន​លៃ​យក​ឱកាស​ដើម្បី​ត្រួសត្រាយ​ជំនួយ ដោយ​សុំ​ច្បាប់​ឈប់​សម្រាក​ពី​ការងារ​មួយ​ឬ​ពីរ​ថ្ងៃ។—កូល. ៤:៥

៧ របៀប​ដែល​អាច​ត្រួសត្រាយ​ជំនួយ : សូម​អធិស្ឋាន​អំពី​បំណង​របស់​អ្នក​ដើម្បី​ត្រួសត្រាយ​ជំនួយ ហើយ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ប្រទាន​ពរ​ដល់​ការ​ព្យាយាម​របស់​អ្នក​ដើម្បី​ពង្រីក​កិច្ច​បម្រើ​ផ្សាយ។ (​រ៉ូម ១២:១១, ១២​) ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ប្រាជ្ញា ស្តី​អំពី​របៀប​ផ្លាស់​ប្ដូរ​កាលវិភាគ​របស់​អ្នក។ (​យ៉ា. ១:៥​) ប្រសិន​បើ​អ្នក​មិន​សូវ​ចង់​ត្រួសត្រាយ​ជំនួយ​ទេ ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​រីករាយ​ក្នុង​កិច្ច​ផ្សព្វផ្សាយ។—លូ. ១០:១, ១៧

៨ សូម​ពិគ្រោះ​ជា​មួយ​ក្រុម​គ្រួសារ​អំពី​គោល​ដៅ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ។ (​សុ. ១៥:២២​) ប្រហែល​សមាជិក​ម្នាក់​អាច​ត្រួសត្រាយ​ជំនួយ​ដោយ​មាន​ការ​គាំទ្រ​ពី​សមាជិក​ឯ​ទៀត។ សូម​ពិគ្រោះ​អំពី​បំណង​របស់​អ្នក​ជា​មួយ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ជា​ពិសេស​ជា​មួយ​អស់​អ្នក​ដែល​មាន​កាលៈទេសៈ​ដូច​អ្នក។ នេះ​ប្រហែល​បង្កើត​ឲ្យ​មាន​អារម្មណ៍​រំភើប​ថែម​ទៀត​ចំពោះ​ការ​ត្រួសត្រាយ​ជំនួយ។

៩ ពេល​អ្នក​ពិនិត្យ​មើល​កាលវិភាគ​ខាង​កិច្ច​ផ្សព្វផ្សាយ​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​ថ្មី តើ​អ្នក​គិត​ថា អ្នក​អាច​ត្រួសត្រាយ​ជំនួយ​នៅ​ខែ​ណា? ប្រសិន​បើ​អ្នក​ធ្វើ​ការ​ពេញ​ពេល រៀន​នៅ​សាលា អ្នក​ប្រហែល​គិត​អំពី​ខែ​ដែល​មាន​ថ្ងៃ​ឈប់​បុណ្យ ឬ​ខែ​ដែល​មាន​ថ្ងៃ​សៅរ៍​ឬ​ថ្ងៃ​អាទិត្យ​ប្រាំ។ ជា​ឧទាហរណ៍ ខែ​កញ្ញា ខែ​ធ្នូ ខែ​មីនា និង​ខែ​សីហា មាន​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ប្រាំ។ ខែ​ឧសភា​មាន​ថ្ងៃ​សៅរ៍​ប្រាំ ហើយ​ខែ​មិថុនា​មាន​ថ្ងៃ​អាទិត្យ​ប្រាំ។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​សុខភាព សូម​គិត​អំពី​ខែ​ដែល​ធម្មតា​មាន​ធាតុ​អាកាស​ល្អ។ អ្នក​ប្រហែល​ជា​អាច​ត្រួសត្រាយ​នៅ​ខែ​ដែល​ក្រុម​ជំនុំ​មាន​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ផង​ដែរ។ នៅ​អំឡុង​ទស្សនកិច្ច​នោះ មាន​កិច្ច​ប្រជុំ​សម្រាប់​អ្នក​ត្រួសត្រាយ​ពេញ​ពេល ហើយ​អ្នក​ក៏​អាច​ចូល​រួម​នៅ​ផ្នែក​ទី​មួយ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ។ ដោយសារ​ពិធី​បុណ្យ​រំលឹក​ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​មីនា​នៅ​ឆ្នាំ​ក្រោយ ដូច្នេះ​ខែ​មីនា ខែ​មេ​សា និង​ខែ​ឧសភា​ជា​ខែ​ល្អ​សម្រាប់​ធ្វើ​ត្រួសត្រាយ​ជំនួយ។ នៅ​ពេល​អ្នក​បាន​ជ្រើសរើស​ខែ​មួយ​ឬ​ច្រើន​ខែ ដែល​អ្នក​ចង់​ត្រួសត្រាយ​ជំនួយ​នោះ សូម​ចាប់​ផ្ដើម​ធ្វើ​កាលវិភាគ​មួយ​ដែល​នឹង​អាច​បង្គ្រប់​ម៉ោង​បាន។

១០ សូម្បី​តែ​អ្នក​មាន​អារម្មណ៍​ថា​មិន​អាច​ត្រួសត្រាយ​ជំនួយ​ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​ថ្មី​ខាង​មុខ​នេះ​ក៏​ដោយ អ្នក​អាច​នៅ​តែ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ ចូរ​បន្ត​ធ្វើ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ដោយ​ធ្វើ​ដូច​នេះ​អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ការ​ព្យាយាម​អស់​ពី​ចិត្ត​របស់​អ្នក។ (​កា. ៦:៤​) ចូរ​គាំទ្រ និង​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​អាច​ត្រួសត្រាយ​ជំនួយ។ ប្រហែល​អ្នក​អាច​កែ​ប្រែ​កាលវិភាគ​របស់​អ្នក​ឲ្យ​មាន​ថ្ងៃ​មួយ​ទៀត​ក្នុង​អំឡុង​សប្ដាហ៍ ដើម្បី​អាច​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ជា​មួយ​អ្នក​ដែល​កំពុង​តែ​ត្រួសត្រាយ។

១១ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​ថា​នេះ​ជា​គ្រា​បន្ទាន់។ ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ជា​កិច្ចការ​មួយ​ដែល​ត្រូវ​បំពេញ។ កិច្ចការ​នេះ​ទាក់ទង​នឹង​ជីវិត​ស្លាប់​រស់ ហើយ​ពេល​វេលា​ដែល​នៅ​សល់​ក៏​កាន់​តែ​ខ្លី។ (​១កូ. ៧:២៩​-​៣១​) សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង នឹង​ជំរុញ​យើង​ឲ្យ​ខំ​ធ្វើ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ដោយ​មាន​ការ​ព្យាយាម​និង​រៀបចំ​គម្រោង​បាន​ល្អ យើង​ប្រហែល​អាច​ត្រួសត្រាយ​ជំនួយ យ៉ាង​ហោច​ណាស់​មួយ​ខែ​ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​ថ្មី។ នេះ​ពិត​ជា​គោល​ដៅ​ដ៏​ល្អ​មែន!

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. តើ​យើង​អាច​ពិចារណា​គោល​ដៅ​អ្វី​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​ថ្មី?

២​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​ទុក​ការ​ត្រួសត្រាយ​ជំនួយ​ជា​គោល​ដៅ?

៣, ៤​. តើ​យើង​ទទួល​ប្រយោជន៍​ពី​ការ​ត្រួសត្រាយ​ជំនួយ​យ៉ាង​ដូច​ម្ដេច?

៥​. តើ​យើង​អាច​យក​ឈ្ន​លើ​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​ដោយ​ដូច​ម្ដេច?

៦​. ទោះ​ជា​មាន​បញ្ហា​សុខភាព​ឬ​ជាប់​រវល់​ក្ដី តើ​អាច​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​បាន​ដោយ​ដូច​ម្ដេច?

៧​. ហេតុ​អ្វី​មាន​ប្រយោជន៍​ឲ្យ​យើង​អធិស្ឋាន​ជានិច្ច​អំពី​ការ​ត្រួសត្រាយ​ជំនួយ?

៨​. តើ​ការ​អនុវត្ត​តាម​សុភាសិត ១៥:២២ អាច​ជួយ​អ្នក​ឲ្យ​ត្រួសត្រាយ​ជំនួយ​យ៉ាង​ដូច​ម្ដេច?

៩​. តើ​អ្នក​អាច​ជ្រើសរើស​ខែ​ណា​មួយ​ដើម្បី​ត្រួសត្រាយ​ជំនួយ?

១០​. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​បើ​មិន​អាច​ត្រួសត្រាយ​ជំនួយ?

១១​. ហេតុ​អ្វី​យើង​គួរ​ទទួល​ស្គាល់​ថា​នេះ​ជា​គ្រា​បន្ទាន់?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក