ចូរប្រកាសអស់ទាំងលក្ខណៈរបស់ព្រះយេហូវ៉ា
១ «ឱព្រះយេហូវ៉ាអើយ! ភាពដ៏ធំនឹងព្រះចេស្ដា សិរីល្អ ជ័យជំនះ នឹងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ នឹងនៅផែនដី ជារបស់ផងទ្រង់»។ (១របា. ២៩:១១) តើការដឹងគុណនិងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាជំរុញយើងឲ្យធ្វើអ្វី? នោះនឹងជំរុញយើងឲ្យ‹សំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅយើងរាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់›។ (១ពេ. ២:៩) យើងមិនឈប់ប្រាប់អ្នកឯទៀតអំពីព្រះដ៏ខ្ពស់ឧត្តមរបស់យើងឡើយ! យើងនឹងមានឱកាសដ៏ល្អដើម្បីប្រកាសអស់ទាំងលក្ខណៈរបស់ព្រះយេហូវ៉ាក្នុងអំឡុងខែមីនា មេសា និងឧសភា។
២ កម្មវិធីពិសេសដើម្បីប្រកាសពិធីបុណ្យរំលឹក: នៅថ្ងៃច័ន្ទ ទី២ ខែមេសា យើងនឹងសម្ដែងឲ្យឃើញលក្ខណៈរបស់ព្រះយេហូវ៉ាដោយប្រារព្ធធ្វើពិធីអាហារពេលល្ងាចរបស់ព្រះអម្ចាស់។ សេចក្ដីអញ្ជើញពិសេសមួយនឹងត្រូវចែកទូទាំងផែនដីចាប់ពីថ្ងៃទី១៧ ខែមីនា រហូតដល់ថ្ងៃទី២ ខែមេសា។ បងប្អូនទាំងអស់គ្នាបានត្រូវលើកទឹកចិត្តឲ្យចូលរួមដោយចិត្តខ្នះខ្នែង។ នេះជាពេលល្អដើម្បីឲ្យសិស្សព្រះគម្ពីរចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អបើមានលក្ខណៈគ្រប់គ្រាន់។ បើមានសិស្សព្រះគម្ពីរឬកូនដែលមានលក្ខណៈគ្រប់គ្រាន់ សូមនិយាយជាមួយអ្នកចាស់ទុំ។
៣ កម្មវីធីនេះមានចែកជូនសេចក្ដីអញ្ជើញ ដូចដែលយើងបានធ្វើនៅមហាសន្និបាតប្រចាំតំបន់ដែរ ដែលមានចំណងជើងថា «សេចក្ដីសង្គ្រោះជិតណាស់ហើយ!»។ អ្នកផ្សព្វផ្សាយនឹងទទួល៥០សន្លឹកម្នាក់ ហើយអ្នកត្រួសត្រាយ១៥០សន្លឹក។ ពេលជូនសេចក្ដីអញ្ជើញអ្នកអាចនិយាយយ៉ាងខ្លីថា៖ «យើងសូមស្វាគមន៍លោកអ្នកយ៉ាងកក់ក្ដៅឲ្យមកចូលរួមកម្មវីធីពិសេសប្រចាំឆ្នាំរបស់យើង។ សូមអញ្ជើញអានព័ត៌មានបន្ថែមទៀតក្នុងសន្លឹកនេះ»។ បើម្ចាស់ផ្ទះមានសំណួរ សូមឆ្លើយសំណួររបស់គាត់។ ដោយប្រើការពន្យល់បន្ថែមអំពីអាហារល្ងាចរបស់ព្រះអម្ចាស់ នៅទំព័រ២៣៦ក្នុងសៀវភៅព្រះគម្ពីរបង្រៀនអាចជួយអ្នកឲ្យឆ្លើយសំណួរនោះ។ នៅថ្ងៃសៅរ៍និងអាទិត្យ យើងនឹងចែកជូនទស្សនាវដ្ដីជាមួយនឹងសេចក្ដីអញ្ចើញពិសេសនេះ។ សូមកត់កំណត់ពីអស់អ្នកដែលចាប់អារម្មណ៍ ហើយណាត់ពេលដើម្បីត្រឡប់ទៅជួប។
៤ សេចក្ដីអញ្ជើញពិសេសនេះគួរជូនដល់ម្ចាស់ផ្ទះម្នាក់ៗដោយផ្ទាល់បើអាចធ្វើបាន។ ដូច្នេះហើយ សូមកត់ទុកអាសយដ្ឋានរបស់អ្នកដែលអត់នៅផ្ទះ ហើយរៀបចំទៅអញ្ជើញគាត់ម្ដងទៀតនៅពេលផ្សេង។ ក្នុងអំឡុងសប្ដាហ៍មុនថ្ងៃធ្វើពិធីបុណ្យរំលឹកតែប៉ុណ្ណោះ ក្រុមជំនុំណាដែលមានសល់សេចក្ដីអញ្ជើញច្រើនអាចទុកមួយសន្លឹកនៅផ្ទះដែលអត់ជួបនរណាម្នាក់សោះ។ សូមប្រាកដថាការត្រឡប់ទៅជួប សិស្សព្រះគម្ពីរ ញាតិសន្ដាន អ្នករួមការងារ អ្នកជិតខាង និងអ្នកឯទៀតដែលយើងស្គាល់ពិតជាបានទទួលសេចក្ដីអញ្ជើញនេះ។
៥ ការត្រួសត្រាយជំនួយ: តើអ្នកអាចប្រកាសអស់ទាំងលក្ខណៈរបស់ព្រះយេហូវ៉ាឲ្យកាន់តែច្រើនឡើងដោយត្រួសត្រាយជំនួយក្នុងអំឡុងខែមីនា មេសា និងឧសភាទេ? ដើម្បីធ្វើដូច្នេះអ្នកត្រូវកែប្រែកម្មវិធីខ្លះៗប្រចាំថ្ងៃរបស់អ្នក។ (អេភ. ៥:១៥-១៧) អ្នកអាចប្រាកដថាការខំប្រឹងចូលរួមក្នុងកិច្ចបម្រើព្រះយេហូវ៉ាកាន់តែច្រើនឡើង នោះនឹងនាំឲ្យមានអំណរ ហើយទទួលពរពីព្រះយេហូវ៉ា។ (សុ. ១០:២២) ដោយហេតុថា ពេលធ្វើបុណ្យរំលឹកជិតដល់ហើយ យកល្អឲ្យយើងរៀបចំតាំងពីឥឡូវនេះទៅ។—សុ. ២១:៥
៦ បងស្រីអាយុ៩០ឆ្នាំម្នាក់មានចិត្តសប្បាយដោយឆ្នាំមុនបានត្រួសត្រាយជំនួយ។ គាត់មានប្រសាសន៍ថា៖ «ទោះជាខ្ញុំចង់ចាប់ផ្ដើមដាំ និងចូលចិត្តថែរក្សាសួនច្បារក៏ដោយ ខ្ញុំបានទទួលស្គាល់ថាខ្ញុំត្រូវចាត់ទុកអ្វីដែលសំខាន់ជាងជាអាទិភាព។ ដោយសារខ្ញុំមានសេចក្ដីប៉ងប្រាថ្នាស្វែងរកប្រយោជន៍ព្រះរាជាណាចក្ររបស់ព្រះជាមុនសិន នោះខ្ញុំសម្រេចចិត្តធ្វើជាអ្នកត្រួសត្រាយជំនួយនៅខែមីនា»។ តើគាត់បានទទួលពរពីការខំប្រឹងរបស់គាត់ទេ? គាត់មានប្រសាសន៍ថា៖ «ខ្ញុំមានអារម្មណ៍ជិតស្និទ្ធនឹងក្រុមជំនុំជាង ហើយលទ្ធផលជិតស្និទ្ធជាមួយព្រះយេហូវ៉ា»។ តើយើងអាចពិនិត្យឡើងវិញនូវអ្វីដែលយើងចាត់ទុកជាអាទិភាព និងកែសម្រួលតាមកាលៈទេសៈរបស់យើងបានទេ?
៧ ការបំពេញ៥០ម៉ោងជាអ្នកត្រួសត្រាយជំនួយមិនសូវពិបាកដូចដែលអ្នកគិតស្មាននោះទេ។ ដោយអធិស្ឋាន និងពិចារណាមើលសកម្មភាពប្រចាំថ្ងៃ ហើយសរសេរជាគម្រោងមួយ រួចមកកត់នៅលើកាលវិភាគរបស់អ្នក។ អ្នកស្គាល់ច្បាស់ពីកាលៈទេសៈរបស់ខ្លួន។ ប្រសិនបើ សុខភាពអ្នកខ្សោយ ឬឆាប់អស់កម្លាំង ប្រហែលជាអ្នកអាចផ្សព្វផ្សាយពីរម៉ោងក្នុងមួយថ្ងៃក៏បាន។ ប្រសិនបើ អ្នកធ្វើការពេញពេល ឬក៏នៅរៀន ប្រហែលជាអ្នកអាចត្រួសត្រាយជំនួយដោយផ្សព្វផ្សាយនៅពេលល្ងាច ឬថ្ងៃសៅរ៍និងអាទិត្យ។
៨ បងប្អូនជាច្រើនធ្លាប់បានត្រួសត្រាយជំនួយជាក្រុមគ្រួសារ។ ពីមុនស្វាមីភរិយាមួយគូធ្លាប់មានចិត្តស្ទាក់ស្ទើរដើម្បីចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយ ដោយគិតថាកាលៈទេសៈរបស់ពួកគេមិនអនុញ្ញាតឲ្យ។ តើពួកគាត់បានធ្វើអ្វី? «យើងបានអធិស្ឋានសុំជំនួយពីព្រះយេហូវ៉ា ដើម្បីសម្រេចតាមសេចក្ដីប្រាថ្នាដែលយើងមានជាយូរមកហើយ»។ ដោយបានរៀបចំយ៉ាងល្អ នោះពួកគេបានសម្រេចគោលដៅរបស់ខ្លួន។ ពួកគេបានបន្ថែមថា៖ «នោះជាពេលដ៏សប្បាយរីករាយមែន! ពួកយើងបានទទួលពរជាច្រើន។ សូមសាកមើល! ប្រសិនបើពួកយើងអាចធ្វើបាន បងប្អូនក៏ប្រហែលជាអាចធ្វើបានដែរ»។
៩ ពេលសិក្សាជាក្រុមគ្រួសារលើកក្រោយ សូមចំណាយពេលដើម្បីពិនិត្យមើលរបៀបដែលសមាជិកម្នាក់ៗអាចបង្កើនកិច្ចការផ្សព្វផ្សាយក្នុងអំឡុងខែមីនា មេសា និងឧសភា។ ទោះបីជាសមាជិកទាំងអស់មិនអាចត្រួសត្រាយជំនួយបានក្ដី ប្រហែលជាមានសមាជិកណាម្នាក់អាចធ្វើបាន ដោយមានការគាំទ្រ និងសហការពីសមាជិកឯទៀត។ បើទាំងអស់គ្នាមិនអាចធ្វើដូច្នេះបាន ប្រហែលជាក្រុមគ្រួសាររបស់អ្នកនៅតែអាចរក្សាគោលដៅ ដោយចំណាយពេលច្រើនជាងក្នុងកិច្ចបម្រើផ្សាយនៅអំឡុងខែពិសេសទាំងនោះ។
១០ ចូរជួយគ្នាទៅវិញទៅមក: ចូរប្រាប់អ្នកឯទៀតពីចិត្តរំភើបនឹងកិច្ចការត្រួសត្រាយជំនួយ។ នេះប្រហែលជានឹងលើកទឹកចិត្តឲ្យគេចង់ត្រួសត្រាយជំនួយដូចយើងដែរ។ បន្ថែមទៅទៀត បងប្អូនដែលធ្លាប់បានត្រួសត្រាយពីមុនអាចជូនយោបល់ពីរបៀបរៀបចំកិច្ចការផ្សេងៗ និងកាលវិភាគដើម្បីសម្រេចគោលដៅរបស់អ្នក។ (សុ. ១៥:២២) ប្រសិនបើ អ្នកអាចធ្វើជាអ្នកត្រួសត្រាយជំនួយ ហេតុអ្វីក៏មិនអញ្ជើញអ្នកផ្សាយឯទៀតដែលមានកាលៈទេសៈស្រដៀងនឹងអ្នកឲ្យចូលរួមក្នុងកិច្ចការដ៏សប្បាយនេះ?
១១ អ្នកចាស់ទុំជាច្រើនបានចាត់វិធានការដើម្បីចូលរួមក្នុងសកម្មភាពដ៏ពិសេសនេះ។ (ហេ. ១៣:៧) នេះពិតជាលើកទឹកចិត្តក្រុមជំនុំមែន! ដោយការសន្ទនាជាមួយបងប្អូន ពួកអ្នកចាស់ទុំអាចបណ្ដុះឲ្យមានចិត្តរំភើបចំពោះកិច្ចការនេះ។ ពាក្យលើកទឹកចិត្តតែពីរបីម៉ាត់ ឬយោបល់ដែលមានប្រយោជន៍ អាចជំរុញអ្នកខ្លះឲ្យត្រួសត្រាយជំនួយ។ អ្នកត្រួតពិនិត្យកិច្ចបម្រើប្រហែលជានឹងរៀបចំឲ្យមានប្រជុំផ្សព្វផ្សាយថែមទៀតដែលត្រូវប្រកាសប្រាប់ជាទៀងទាត់ ដើម្បីទាំងអស់គ្នាអាចចូលរួមក្នុងក្រុមផ្សព្វផ្សាយក្រៅម៉ោងរៀន ឬធ្វើការ។ គាត់ក៏នឹងរៀបចំសៀវភៅ និងតំបន់ផ្សព្វផ្សាយឲ្យមានល្មមគ្រប់គ្រាន់ដែរ។
១២ ទោះបីជាកាលៈទេសៈរបស់យើងមិនឲ្យយើងធ្វើជាអ្នកត្រួសត្រាយជំនួយក៏ពិតមែន យើងអាចលើកទឹកចិត្ត និងអធិស្ឋានសម្រាប់បងប្អូនដែលបានចុះឈ្មោះ។ (សុ. ២៥:១១; កូល. ៤:១២) ប្រហែលជាយើងអាចរៀបចំផ្សព្វផ្សាយយូរជាង ឬចំណាយមួយថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីផ្សព្វផ្សាយជាមួយនឹងពួកគេ។
១៣ ចូរតាំងគោលដៅឲ្យមានអ្នកត្រួសត្រាយជំនួយចំនួន៤០នាក់នៅខែមេសា: ចំនួនឡើងដល់កំពូលសម្រាប់អ្នកត្រួសត្រាយជំនួយនៅស្រុកខ្មែរមាន៣៣នាក់នៅខែមីនា ឆ្នាំ២០០៦។ ដូច្នេះហើយ គោលដៅដែលអាចសម្រេចបាននៅខែមេសានេះគឺ៤០នាក់ជាអ្នកត្រួសត្រាយជំនួយ។ យើងអាចសម្រេចគោលដៅនេះ បើម្នាក់ក្នុងចំណោមអ្នកផ្សព្វផ្សាយ៤នាក់ជាមធ្យម ពីក្រុមជំនុំនីមួយៗធ្វើជាអ្នកត្រួសត្រាយជំនួយ។ ពិតមែន ក្រុមជំនុំខ្លះអាចមានអ្នកត្រួសត្រាយជំនួយលើសពីមធ្យមនោះ ដោយសារកាលៈទេសៈរបស់ពួកគេអនុញ្ញាត។ ក្រុមជំនុំភាគច្រើនអាចសម្រេចគោលដៅបែបនេះយ៉ាងងាយស្រួល។ នេះនឹងបណ្ដុះឲ្យមានបរិយាកាសដ៏រីករាយក្នុងក្រុមជំនុំ និងឥទ្ធិពលដ៏ល្អមកលើកិច្ចផ្សព្វផ្សាយក្នុងតំបន់ផ្សាយរបស់អ្នក!
១៤ ហេតុអ្វីខែមេសាជាខែល្អដើម្បីត្រួសត្រាយជំនួយ? នៅដើមខែមេសាមានពិធីបុណ្យរំលឹកដែលហុចឱកាសច្រើនដើម្បីត្រឡប់ទៅជួបអស់អ្នកដែលបានចូលរួមពិធីនោះ។ យើងនឹងស្នើផ្ដល់ទស្សនាវដ្ដីប៉មយាមដោយមានគោលដៅឲ្យសៀវភៅព្រះគម្ពីរបង្រៀនដល់ការត្រឡប់ទៅជួបដើម្បីចាប់ផ្ដើមសិក្សាព្រះគម្ពីរ។ ដូច្នេះហើយ ការត្រួសត្រាយជំនួយនៅខែមេសានឹងបើកឱកាសជាច្រើនដើម្បីមានសិស្សព្រះគម្ពីរថ្មី។ ដោយសារខែមេសាមានថ្ងៃអាទិត្យប្រាំ នោះស្រួលជាងឲ្យបងប្អូនដែលធ្វើការ និងរៀនអាចត្រួសត្រាយជំនួយបាន។
១៥ ពិធីបុណ្យរំលឹកដែលបានកន្លងផុតទៅម្ដងៗ បញ្ជាក់ថាយើងកាន់តែខិតជិតដល់ទីបញ្ចប់នៃរបបលោកិយនេះ។ ពេលវេលាដែលនៅសល់នោះតិចណាស់ ដើម្បីប្រាប់អ្នកឯទៀតអំពីព្រះដ៏ខ្ពស់ឧត្តមរបស់យើង។ (១កូ. ៧:២៩) ពេលធ្វើពិធីបុណ្យរំលឹកឆ្នាំនេះចប់ នោះឱកាសដ៏មានតម្លៃដើម្បីសរសើរព្រះវរបិតារបស់យើងនៅស្ថានសួគ៌ក្នុងអំឡុងពេលពិធីបុណ្យរំលឹកនឹងកន្លងផុតទៅដែរ។ ហេតុនេះហើយ ឥឡូវនេះចូរឲ្យយើងចាត់វិធានការដើម្បីផ្សាយប្រកាសលក្ខណៈរបស់ព្រះយេហូវ៉ាក្នុងអំឡុងខែមីនា មេសា និងឧសភាឲ្យអស់ពីសមត្ថភាពរបស់យើង!
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើអ្វីដែលជំរុញឲ្យយើងប្រកាសអស់ទាំងលក្ខណៈរបស់ព្រះយេហូវ៉ា?
២. តើមានកម្មវិធីពិសេសណាដែលបានរៀបចំដើម្បីប្រកាសពិធីបុណ្យរំលឹក? ហើយតើអ្នកណាខ្លះដែលអាចចូលរួមក្នុងកម្មវីធីពិសេសនោះ?
៣. តើយើងអាចនិយាយអ្វីខ្លះដើម្បីអញ្ជើញមនុស្សឲ្យមកពីធីបុណ្យរំលឹក?
៤. តើសេចក្ដីអញ្ជើញពិសេសសម្រាប់បុណ្យរំលឹកនឹងត្រូវចែកជូនយ៉ាងដូចម្ដេច?
៥. ហេតុអ្វីយើងគួររៀបចំតាំងពីឥឡូវនេះដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយ?
៦. តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់បងស្រីអាយុ៩០ឆ្នាំដែលឆ្នាំមុនបានត្រួសត្រាយជំនួយ?
៧. ដើម្បីបម្រើជាអ្នកត្រួសត្រាយជំនួយ តើនេះជាការពិបាកទេ?
៨. តើអ្វីដែលអាចផ្ដល់លទ្ធភាពឲ្យស្វាមីភរិយាមួយគូធ្វើជាអ្នកត្រួសត្រាយជំនួយ?
៩. តើអ្នកអាចធ្វើអ្វីពេលសិក្សាជាក្រុមគ្រួសារលើកក្រោយ ដើម្បីរៀបចំសម្រាប់អំឡុងខែនៃសកម្មភាពពិសេស?
១០. ហេតុអ្វីគួរប្រាប់អ្នកឯទៀតពីបំណងរបស់យើងដើម្បីបង្កើនកិច្ចការផ្សព្វផ្សាយក្នុងអំឡុងពេលបុណ្យរំលឹក?
១១. តើពួកអ្នកចាស់ទុំអាចបណ្ដុះឲ្យមានចិត្តរំភើបចំពោះការត្រួសត្រាយជំនួយក្នុងអំឡុងខែខាងមុខនេះយ៉ាងដូចម្ដេច?
១២. តើយើងអាចធ្វើអ្វីខ្លះ បើមិនអាចត្រួសត្រាយជំនួយបាន?
១៣. តើគោលដៅអ្វីបានតាំងសម្រាប់ស្រុកខ្មែរ? តើក្រុមជំនុំរបស់អ្នកអាចជួយសម្រេចគោលដៅនេះយ៉ាងដូចម្ដេច?
១៤. ហេតុអ្វីបានជាខែមេសាជាខែល្អដើម្បីត្រួសត្រាយជំនួយ?
១៥. ពេលពិធីបុណ្យរំលឹកកាន់តែជិតដល់ ហេតុអ្វីយើងគួរទទួលស្គាល់ថា នេះជាគ្រាបន្ទាន់?
[ប្រអប់នៅទំព័រ៤]
តើយើងអាចមានអ្នកត្រួសត្រាយជំនួយ៤០នាក់នៅខែមេសាទេ?
◼ ចូរពិចារណាអ្វីដែលគួរមានអាទិភាពក្នុងជីវិតរបស់អ្នក
◼ ចូរពិភាក្សាគោលដៅទាំងនេះជាក្រុមគ្រួសារ
◼ ចូរប្រាប់អ្នកឯទៀតអំពីគោលដៅរបស់អ្នក