ចូរ«ធ្វើបន្ទាល់សព្វគ្រប់ពីដំណឹងល្អ»
១ ក្នុងពិភពលោកដែលកម្រមានដំណឹងល្អ យើងមានឯកសិទ្ធិឲ្យ«ធ្វើបន្ទាល់សព្វគ្រប់ពីដំណឹងល្អនៃព្រះគុណព្រះ»។ (កិច្ច. ២០:២៤) ការធ្វើបន្ទាល់ឬការធ្វើជាសាក្សីបញ្ជាក់ពីដំណឹងល្អនេះ រួមបញ្ចូលការប្រាប់មនុស្សឲ្យដឹងថា បន្ដិចទៀតគ្រា«ជាន់ក្រោយបង្អស់»នេះនឹងមកដល់ទីបញ្ចប់ ហើយក្រោយនោះនឹងមានពិភពលោកថ្មីដ៏សុចរិតរបស់ព្រះយេហូវ៉ា។ ដូច្នេះ «សេចក្ដីមុនទាំងប៉ុន្មាន»ដែលមានក្នុងពិភពលោកនេះនឹង«កន្លងបាត់ទៅ»។ (២ធី. ៣:១-៥; វិវរ. ២១:៤) នៅពេលនោះនឹងលែងមានជំងឺតម្កាត់ទៀត។ (អេសា. ៣៣:២៤) មនុស្សជាទីស្រឡាញ់នឹងចេញពីផ្នូរមកហើយជួបជុំក្រុមគ្រួសារព្រមទាំងមិត្តសម្លាញ់ផងដែរ។ (យ៉ូន. ៥:២៨, ២៩) ផែនដីទាំងមូលនឹងក្លាយទៅជាសួនមនោរមដ៏ស្រស់បំព្រង។ (អេសា. ៦៥:២១-២៣) នេះជាព័ត៌មានល្អខ្លះៗដែលយើងអាចប្រាប់អ្នកឯទៀត!
២ នៅខែមីនា មេសា និងឧសភានេះ យើងនឹងមានឱកាសដើម្បីផ្សាយដំណឹងល្អ។ ក្នុងអំឡុងខែទាំងបីនេះ ប្រទេសជាច្រើនមានធាតុអាកាសល្អនិងពេលថ្ងៃយូរជាងពេលយប់ នេះអាចជួយយើងឲ្យចំណាយពេលបានច្រើនជាងក្នុងកិច្ចបម្រើផ្សាយ។ បន្ថែមទៅទៀត កម្មវិធីសំខាន់បំផុតក្នុងឆ្នាំនេះគឺពិធីបុណ្យរំលឹក ដែលនឹងត្រូវប្រារព្ធឡើងទូទាំងពិភពលោកនៅថ្ងៃសៅរ៍ ទី២២ ខែមីនា បន្ទាប់ពីថ្ងៃលិច។ យើងគួរចាប់ផ្ដើមរៀបចំពីឥឡូវនេះដើម្បីបង្កើនសកម្មភាពផ្សាយ។
៣ ធ្វើជាអ្នកត្រួសត្រាយជំនួយ : តើយើងអាចរៀបចំកាលវិភាគរបស់យើងដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយមួយខែ ពីរខែឬទាំងបីខែនេះបានទេ? ពេលសិក្សាជាក្រុមគ្រួសារលើកក្រោយ សូមចំណាយពេលពិភាក្សាអំពីរឿងនេះ។ ដោយចេះសហការគ្នា ប្រហែលសមាជិកគ្រួសារម្នាក់ឬច្រើននាក់អាចត្រួសត្រាយជំនួយបាន។ (សុ. ១៥:២២) សូមអធិស្ឋានអំពីរឿងនេះ ហើយយើងនឹងឃើញរបៀបដែលព្រះយេហូវ៉ាប្រទានពរដល់ការព្យាយាមរបស់យើង។ (សុ. ១៦:៣) សូម្បីតែគ្មាននរណាក្នុងក្រុមគ្រួសារអាចត្រួសត្រាយក្ដី សមាជិកទាំងឡាយអាចកំណត់ឲ្យមានគោលដៅជាក់លាក់មួយដើម្បីបង្កើនសកម្មភាពរបស់ខ្លួន ពេលដែលផ្សាយជាមួយអ្នកត្រួសត្រាយ។
៤ ប្រសិនបើយើងធ្វើការពេញពេល យើងអាចត្រួសត្រាយជំនួយបានបើមានកាលវិភាគល្អ។ ប្រហែលយើងអាចចំណាយពេលខ្លះពីពេលសម្រាកបាយថ្ងៃត្រង់ដើម្បីផ្សាយ។ យើងក៏អាចមានតំបន់ផ្សាយផ្ទាល់ខ្លួននៅជិតផ្ទះឬជិតកន្លែងធ្វើការ ហើយផ្សាយមួយម៉ោងពីរម៉ោងមុនចូលឬចេញពីធ្វើការ។ បន្ថែមទៅទៀត ដោយទុកកិច្ចការដែលមិនសូវសំខាន់ទៅធ្វើនៅខែផ្សេងទៀត ព្រមទាំងផ្សាយថ្ងៃសៅរ៍និងថ្ងៃអាទិត្យពេញមួយថ្ងៃ នោះយើងអាចមានពេលថែមទៀតបាន។ បងប្អូនខ្លះបានសុំច្បាប់សម្រាកពីការងារមួយឬពីរថ្ងៃដើម្បីអាចទៅផ្សព្វផ្សាយ។
៥ ប្រសិនបើយើងមានវ័យចាស់ ពិការ ឬមិនសូវមានកម្លាំង យើងប្រហែលអាចត្រួសត្រាយជំនួយបានដោយចំណាយពេលផ្សាយបន្ដិចបន្តួចរាល់ថ្ងៃ។ យើងអាចអធិស្ឋានសុំឲ្យព្រះយេហូវ៉ាប្រទានឲ្យយើងមាន«ឥទ្ធិឫទ្ធិដ៏លើសលប់»។ (២កូ. ៤:៧) បងស្រីម្នាក់បានធ្វើជាអ្នកត្រួសត្រាយជំនួយពេលគាត់មានអាយុ១០៦ឆ្នាំ! ដោយទទួលជំនួយពីញាតិសន្ដានដែលជាគ្រិស្តសាសនិក ព្រមទាំងបងប្អូនឯទៀតនៅក្រុមជំនុំ គាត់បានផ្សាយពីផ្ទះមួយទៅផ្ទះមួយ ធ្វើការត្រឡប់ទៅជួប ទៅបង្រៀនសិស្សគម្ពីរ ហើយចូលរួមផ្សាយតាមវិធីផ្សេងៗទៀត។ បងស្រីបានជួយមនុស្ស១០នាក់ឲ្យចាប់ផ្ដើមរៀនគម្ពីរ។ គាត់មានប្រសាសន៍ថា៖ «ពេលខ្ញុំគិតអំពីឯកសិទ្ធិដ៏អស្ចារ្យដែលខ្ញុំមានដើម្បីបម្រើជាអ្នកត្រួសត្រាយជំនួយ នោះចិត្តខ្ញុំពោរពេញទៅដោយសេចក្ដីស្រឡាញ់ និងកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ា រាជបុត្រានិងអង្គការរបស់ទ្រង់។ ខ្ញុំពិតជាចង់ពោលថា ‹សូមអរគុណព្រះយេហូវ៉ា!› »។
៦ ប្រសិនបើប្អូនជាយុវវ័យដែលបានជ្រមុជទឹកនិងកំពុងរៀននៅសាលា ប្អូនក៏អាចចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយដែរ។ ដូចអ្នកដែលធ្វើការពេញពេល ប្អូនក៏ប្រហែលជានឹងទៅផ្សាយច្រើនជាងនៅចុងសប្ដាហ៍ដែរ។ ប្រហែលថ្ងៃខ្លះ ប្អូនអាចទៅផ្សាយមួយឬពីរម៉ោងពេលចេញពីរៀន។ តើមានថ្ងៃបុណ្យណាមួយដែលប្អូនអាចទៅផ្សព្វផ្សាយបានទេ? ប្រសិនបើប្អូនមានចិត្តចង់ធ្វើជាអ្នកត្រួសត្រាយជំនួយមែន សូមនិយាយជាមួយមាតាបិតាអំពីរឿងនេះ។
៧ ធ្វើឲ្យមានចិត្តរំភើបថែមទៀត : ពួកអ្នកចាស់ទុំអាចធ្វើឲ្យបងប្អូនក្នុងក្រុមជំនុំមានចិត្តរំភើបថែមទៀតដោយគំរូរបស់ពួកគាត់។ (១ពេ. ៥:២, ៣) ពួកគាត់អាចរៀបចំឲ្យមានប្រជុំសម្រាប់កិច្ចបម្រើផ្សាយថែមទៀត ដើម្បីឲ្យបងប្អូនអាចទៅផ្សាយនៅពេលព្រឹក ពេលចេញពីរៀនឬពីធ្វើការ។ ចំពោះសកម្មភាពពិសេសក្នុងអំឡុងបីខែនោះ គប្បីឲ្យអ្នកត្រួតពិនិត្យកិច្ចបម្រើរៀបចំឲ្យមានបងប្អូនដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីដឹកនាំប្រជុំកិច្ចបម្រើផ្សាយ។ ណាមួយទៀត គាត់គួររៀបចំឲ្យមានតំបន់ផ្សាយ ទស្សនាវដ្ដីនិងឧបករណ៍ផ្សាយឲ្យបានគ្រប់គ្រាន់។
៨ ប៉ុន្មានខែមុនធ្វើពិធីបុណ្យរំលឹក ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំមួយបានចាប់ផ្ដើមលើកទឹកចិត្តឲ្យបងប្អូនធ្វើជាអ្នកត្រួសត្រាយជំនួយ។ រាល់សប្ដាហ៍ពួកអ្នកចាស់ទុំបានជូនដំណឹងឲ្យបងប្អូនដឹងថា មានអ្នកផ្សាយប៉ុន្មាននាក់ដែលគេយល់ព្រមឲ្យធ្វើជាអ្នកត្រួសត្រាយជំនួយ។ ជាលទ្ធផល អស់អ្នកដែលចង់បង្កើនកិច្ចបម្រើផ្សាយរបស់ខ្លួនអាចដឹងថា គាត់អាចផ្សព្វផ្សាយជាមួយបងប្អូនជាច្រើនឯទៀតបាន។ ពួកអ្នកចាស់ទុំបានរៀបចំប្រជុំសម្រាប់កិច្ចបម្រើផ្សាយថែមទៀត ជាពិសេសនៅពេលព្រឹកព្រលឹមនិងពេលល្ងាច។ នៅទីបំផុត មានអ្នកផ្សាយ៥៣នាក់ដែលបានធ្វើជាអ្នកត្រួសត្រាយជំនួយនៅខែមេសា។ នេះបានសេចក្ដីថា នៅក្រុមជំនុំនោះជិត៥០ភាគរយបានធ្វើជាអ្នកត្រួសត្រាយជំនួយ!
៩ ជួយអ្នកឯទៀតឲ្យចេះផ្សាយ : ពេលអ្នកថ្មីនិងប្អូនយុវវ័យមានលក្ខណៈគ្រប់គ្រាន់ធ្វើជាអ្នកផ្សាយ ប្រហែលអ្នកផ្សាយដែលមានបទពិសោធន៍អាចអញ្ជើញគាត់ឲ្យទៅផ្សាយជាមួយគ្នា។ ក្នុងអំឡុងខែពិសេសទាំងបី យើងនឹងអាចធ្វើដូចនេះបានពេលអ្នកផ្សាយជាច្រើននាក់បង្កើនសកម្មភាពរបស់ខ្លួន។ តើយើងមានសិស្សគម្ពីរដែលកំពុងតែរីកចម្រើន និងរស់នៅសមស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ាទេ? តើយើងមានកូនដែលមិនទាន់ជាអ្នកផ្សាយ តែមានចរិតល្អនិងកំពុងរីកចម្រើនទេ? ប្រសិនបើសិស្សឬកូនប្រាប់យើងថា គាត់ចង់ធ្វើជាអ្នកផ្សាយមិនទាន់ជ្រមុជទឹក ហើយយើងគិតថាគាត់មានលក្ខណៈគ្រប់គ្រាន់ នោះសូមប្រាប់អ្នកចាស់ទុំម្នាក់។ ប្រធានត្រួតពិនិត្យនឹងរៀបចំឲ្យអ្នកចាស់ទុំពីរនាក់ពិភាក្សារឿងនេះជាមួយយើងនិងកូនឬសិស្សគម្ពីរ។
១០ ចំពោះអស់អ្នកដែលអសកម្ម ខែពិសេសទាំងបីនោះជាពេលដ៏ប្រសើរសម្រាប់ពួកគាត់ឲ្យចាប់ផ្ដើមមានសកម្មភាពជាមួយក្រុមជំនុំម្ដងទៀត។ អ្នកត្រួតពិនិត្យក្រុមសិក្សា និងអ្នកចាស់ទុំឯទៀតគួរខំប្រឹងព្យាយាមទៅលេងបងប្អូនដែលអសកម្ម ហើយអញ្ជើញពួកគាត់ដោយផ្ទាល់ឲ្យទៅផ្សាយជាមួយគ្នា។ ប្រសិនបើគាត់អសកម្មយូរមកហើយ គប្បីឲ្យអ្នកចាស់ទុំពីរនាក់និយាយជាមួយគាត់ជាមុនសិន ដើម្បីបញ្ជាក់ថាគាត់មានលក្ខណៈគ្រប់គ្រាន់ទៅផ្សាយឬក៏អត់។—km ១១/០០ ទំព័រទី៣
១១ ជួយអ្នកឯទៀតមកចូលរួមបុណ្យរំលឹក : តម្លៃលោះជាការសម្ដែងដ៏ឧត្តុង្គឧត្តមបំផុតនៃ«ព្រះគុណ[ឬ«គុណដ៏វិសេសលើសលប់របស់ព្រះ»]»។ (កិច្ច. ២០:២៤; ព.ថ.) មនុស្សរាប់លាននាក់ដែលមានកតញ្ញុតាធម៌នឹងមកជួបជុំគ្នានៅថ្ងៃសៅរ៍ ទី២២ ខែមីនា ក្រោយពីថ្ងៃលិច ដើម្បីធ្វើបុណ្យរំលឹកពីមរណភាពរបស់ព្រះគ្រិស្ត។ យើងចង់អញ្ជើញនិងជួយអស់អ្នកដែលមានចិត្តស្មោះត្រង់ឲ្យចូលរួមពិធីដ៏សំខាន់នេះ ពីព្រោះពិធីនេះសឲ្យឃើញនូវគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិ។
១២ សូមកត់ឈ្មោះមនុស្សណាដែលយើងចង់អញ្ជើញក្នុងបញ្ជីរាយនាម។ ក្នុងបញ្ជីនោះសូមកត់ឈ្មោះញាតិសន្ដាន អ្នកជិតខាង សិស្សរួមថ្នាក់ អ្នករួមការងារ សិស្សគម្ពីរធ្លាប់រៀនពីមុន សិស្សគម្ពីររបស់យើងឥឡូវ ហើយមនុស្សទាំងអស់ដែលយើងទៅជួបជារឿយៗ។ ប្រសិនបើអ្នកខ្លះដែលយើងអញ្ជើញមានសំណួរអំពីបុណ្យរំលឹក យើងអាចបើកសៀវភៅព្រះគម្ពីរបង្រៀន ទៅការពន្យល់បន្ថែមនៅទំព័រ២៣៦-២៣៨ ដែលរៀបរាប់អំពីអាហារល្ងាចរបស់ព្រះអម្ចាស់។ ដោយសារយើងបានបង្ហាញសៀវភៅព្រះគម្ពីរបង្រៀន នោះយើងប្រហែលជាអាចចាប់ផ្ដើមរៀនគម្ពីរជាមួយគាត់ដោយប្រើសៀវភៅនោះ។
១៣ បងស្រីម្នាក់បានកត់ឈ្មោះ៤៨ក្រុមគ្រួសារដែលគាត់ចង់អញ្ជើញ។ កាលណាគាត់បានអញ្ជើញគេរួចហើយ គាត់គូសឈ្មោះគេព្រមទាំងសរសេរថ្ងៃខែដែលគាត់បានអញ្ជើញគេ។ ជាលទ្ធផល ក្នុងចំណោមអស់អ្នកដែលគាត់បានអញ្ជើញនោះ មាន២៦នាក់ដែលបានមកចូលរួម ហើយនេះពិតជានាំឲ្យគាត់សប្បាយចិត្តណាស់! បងប្រុសដែលមានហាងមួយបានអញ្ជើញនិយោជិតដែលធ្លាប់ជាបព្វជិតពីមុនឲ្យមកបុណ្យរំលឹក។ បុរសនោះបានមកចូលរួមហើយក្រោយមកលាន់មាត់ថា៖ «ក្នុងរយៈពេលតែមួយម៉ោងខ្ញុំបានរៀនគម្ពីរច្រើនជាង៣០ឆ្នាំដែលខ្ញុំធ្លាប់នៅក្នុងសាសនាកាតូលិក»។ មិនយូរប៉ុន្មានក្រោយបុណ្យរំលឹក គាត់បានចាប់ផ្ដើមសិក្សាសៀវភៅព្រះគម្ពីរបង្រៀន។
១៤ ការចែកចាយទូទាំងពិភពលោក : ចាប់ពីថ្ងៃសៅរ៍ ទី១ ខែមីនា រហូតទៅដល់ថ្ងៃទី២២ ខែមីនា នឹងមានលិខិតអញ្ជើញពិសេសមួយដែលត្រូវចែកទូទាំងពិភពលោក។ អ្នកផ្សាយទាំងឡាយនឹងមានចិត្តចង់ចូលរួមយ៉ាងពេញលេញក្នុងការចែកលិខិតអញ្ជើញដ៏សំខាន់នេះ។ ពេលចែកលិខិតអញ្ជើញនោះ យកល្អបើយើងជូនម្ចាស់ផ្ទះដោយផ្ទាល់ជាជាងទុកលិខិតនោះនៅក្រោមទ្វារ។ យ៉ាងណាក៏ដោយ បើមានតំបន់ផ្សាយធំ ពួកអ្នកចាស់ទុំប្រហែលសម្រេចថាពេលគ្មានអ្នកណានៅផ្ទះ នោះអាចទុកលិខិតអញ្ជើញនៅកន្លែងណាមួយដែលអ្នកឯទៀតមើលមិនឃើញ។ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ យើងក៏នឹងផ្ដល់ទស្សនាវដ្ដីសម្រាប់ខែនោះដែរ។
១៥ ដោយសារការចែកលិខិតអញ្ជើញមានពេលកំណត់ យកល្អយើងគួរនិយាយខ្លីៗ។ សូមបង្ហាញការរាក់ទាក់និងមានចិត្តរំភើប។ ប្រហែលយើងអាចនិយាយដូចតទៅនេះ : «ខ្ញុំសូមអញ្ជើញលោក(ឬលោកស្រី) ក្រុមគ្រួសារ និងមិត្តភក្ដិរបស់លោកឲ្យមកចូលរួមពិធីសំខាន់មួយដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២២ ខែមីនា។ ខ្ញុំសូមជូនលិខិតនេះដល់លោក ហើយលិខិតនេះនឹងរៀបរាប់ឲ្យយើងដឹងព័ត៌មានបន្ថែមទៀត»។ ពេលម្ចាស់ផ្ទះទទួលលិខិតអញ្ជើញ ប្រហែលគាត់មានសំណួរឬប្រាប់យើងថាគាត់អាចមកចូលរួមបាន។ បើដូច្នេះ សូមកត់ព័ត៌មានខ្លះៗអំពីគាត់ហើយណាត់ពេលដើម្បីត្រឡប់ទៅជួប។
១៦ ឆ្នាំមុនទាហានម្នាក់បានរកឃើញលិខិតអញ្ជើញឲ្យមកពិធីបុណ្យរំលឹកនៅមាត់ទ្វារផ្ទះគាត់។ គាត់បានសម្រេចថានឹងទៅ ប៉ុន្តែត្រូវសុំការអនុញ្ញាតពីឧត្តមសេនីយ៍ត្រីជាមេរបស់គាត់ជាមុនសិន។ ពេលគាត់បង្ហាញលិខិតអញ្ជើញនេះដល់មេគាត់ ស្រាប់តែឧត្តមសេនីយ៍ត្រីនោះនៅស្ងៀមមួយសន្ទុះ រួចមកប្រាប់ថាឪពុកម្ដាយគាត់ជាសាក្សីរបស់ព្រះយេហូវ៉ាហើយគាត់ក៏ធ្លាប់ទៅប្រជុំជាមួយពួកគាត់ដែរ។ នៅទីបំផុត ឧត្តមសេនីយ៍ត្រីមិនគ្រាន់តែអនុញ្ញាតឲ្យទាហាននោះទៅពិធីបុណ្យរំលឹកប៉ុណ្ណោះទេ តែគាត់ក៏បានទៅជាមួយទាហាននោះដែរ!
១៧ បង្ហាញកតញ្ញុតាធម៌ : ពេលខែពិសេសទាំងបីនៃបុណ្យរំលឹកជិតមកដល់ សូមយើងម្នាក់ៗគិតអំពីគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាដែលមានចំពោះយើង។ សាវ័កប៉ុលបានសរសេរថា៖ «យើងខ្ញុំទូន្មានអ្នករាល់គ្នាថា កុំឲ្យទទួលព្រះគុណ[ឬ«គុណដ៏វិសេសលើសលប់»]របស់ព្រះដោយបែបឥតប្រយោជន៍ឡើយ»។ (២កូ. ៦:១; ព.ថ.) ចំពោះគុណដ៏វិសេសលើសលប់របស់ព្រះ តើយើងអាចបង្ហាញយ៉ាងណាថា យើងមិនចាត់ទុកគុណនោះជាឥតប្រយោជន៍? ប៉ុលបានសរសេរថា៖ «ក្នុងគ្រប់ការទាំងអស់ នោះយើងខ្ញុំខំផ្ទុកផ្ដាក់ខ្លួនទុកដូចជាអ្នកបំរើព្រះ»។ (២កូ. ៦:៤) ហេតុដូច្នេះហើយ យើងបង្ហាញកតញ្ញុតាធម៌ចំពោះអំណោយរបស់ព្រះយេហូវ៉ាដោយការប្រព្រឹត្តល្អរបស់យើង និងខ្នះខ្នែងក្នុងការផ្សាយដំណឹងល្អ។ នៅខែពិសេសទាំងបីនៃពិធីបុណ្យរំលឹកនេះ យើងនឹងមានឱកាសល្អដើម្បីបង្កើនសកម្មភាពក្នុងការផ្សាយ ដើម្បីធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់ពីដំណឹងល្អ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើយើងអាចប្រាប់អ្នកឯទៀតព័ត៌មានល្អណាខ្លះ?
២. ហេតុអ្វីខែពិសេសទាំងបីនេះជាឱកាសល្អឲ្យយើងធ្វើជាសាក្សីបញ្ជាក់ពីដំណឹងល្អ?
៣. តើអ្វីអាចជួយក្រុមគ្រួសារឲ្យបង្កើនសកម្មភាពក្នុងការផ្សាយ?
៤. ទោះជាយើងធ្វើការពេញពេលក៏ដោយ តើយើងអាចរៀបចំកាលវិភាគដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយបានយ៉ាងដូចម្ដេច?
៥. តើយើងអាចជួយបងប្អូនវ័យចាស់ឬបងប្អូនដែលពិការឲ្យធ្វើជាអ្នកត្រួសត្រាយជំនួយយ៉ាងដូចម្ដេច?
៦. តើប្អូនយុវវ័យដែលបានជ្រមុជទឹកនិងកំពុងរៀននៅសាលាអាចត្រួសត្រាយជំនួយបានយ៉ាងដូចម្ដេច?
៧. ដើម្បីធ្វើឲ្យបងប្អូនមានចិត្តរំភើបថែមទៀតចំពោះកិច្ចបម្រើផ្សាយក្នុងអំឡុងខែពិសេសទាំងបីនោះ តើពួកអ្នកចាស់ទុំអាចធ្វើអ្វីខ្លះ?
៨. នៅក្រុមជំនុំមួយ តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់ពួកគាត់?
៩. ហេតុអ្វីខែពិសេសទាំងបីជាពេលដ៏ប្រសើរឲ្យអ្នកដែលមានលក្ខណៈគ្រប់គ្រាន់ចាប់ផ្ដើមផ្សាយដំណឹងល្អ?
១០. តើពួកអ្នកចាស់ទុំអាចធ្វើអ្វីខ្លះដើម្បីជួយអស់អ្នកដែលអសកម្ម?
១១. តើអ្វីជាការសម្ដែងដ៏ឧត្តុង្គឧត្តមបំផុតនៃ«គុណដ៏វិសេសលើសលប់របស់ព្រះ»?
១២. តើយើងគួរអញ្ជើញអ្នកណាខ្លះឲ្យមកពិធីបុណ្យរំលឹក?
១៣. ចំពោះបងប្អូនពីរនាក់ដែលបានសម្រេចចិត្តអញ្ជើញអ្នកឯទៀតឲ្យមកពិធីបុណ្យរំលឹក តើពួកគាត់បានទទួលពរពីព្រះយេហូវ៉ាយ៉ាងណា?
១៤. ចាប់ផ្ដើមពីថ្ងៃទី១ ខែមីនា តើមានការចែកចាយអ្វីនៅទូទាំងពិភពលោក?
១៥. តើយើងអាចនិយាយអ្វីពេលចែកលិខិតអញ្ជើញសម្រាប់បុណ្យរំលឹក?
១៦. តើបទពិសោធន៍មួយបង្ហាញឲ្យឃើញយ៉ាងណាថាការអញ្ជើញអស់អ្នកនៅតំបន់ផ្សាយឲ្យមកពិធីបុណ្យរំលឹកគឺពិតជាមានតម្លៃ?
១៧. ចំពោះគុណដ៏វិសេសលើសលប់របស់ព្រះ តើយើងអាចបង្ហាញយ៉ាងណាថា យើងមិនចាត់ទុកគុណនោះជាឥតប្រយោជន៍?
[ប្រអប់នៅទំព័រ៣]
តើអ្នកណាអាចធ្វើជាអ្នកត្រួសត្រាយជំនួយ?
◼ ក្រុមគ្រួសារ
◼ អស់អ្នកដែលធ្វើការពេញពេល
◼ បងប្អូនវ័យចាស់និងបងប្អូនដែលពិការ
◼ ប្អូនៗយុវវ័យដែលរៀននៅសាលា
[ប្រអប់នៅទំព័រ៤]
ពេលចែកលិខិតអញ្ជើញសម្រាប់ពិធីបុណ្យរំលឹក :
◼ សូមនិយាយយ៉ាងខ្លី ហើយនិយាយដោយមានចិត្តរំភើប
◼ កត់ទុកអ្នកដែលមានចំណាប់អារម្មណ៍ ហើយត្រឡប់ទៅជួបពួកគាត់
◼ ផ្ដល់ទស្សនាវដ្ដីនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ