ចូរបន្តប្រកាសគ្រប់ទាំងការអស្ចារ្យរបស់ព្រះយេហូវ៉ា
១ ព្រះយេហូវ៉ាជាព្រះដ៏ឧត្តុង្គឧត្តមដែលគ្មាននរណាមួយអាចប្រៀបផ្ទឹមស្មើនឹងទ្រង់បានឡើយ! ដាវីឌបានសរសេរថា៖ «ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ! ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង គ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយ»។ (ទំនុក. ៤០:៥) កិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ារួមបញ្ចូលការបង្កើតសកលលោកនេះ និងព្រះរាជាណាចក្រនៃព្រះមេស្ស៊ី ហើយការបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះចំពោះរាស្ត្រទ្រង់ និងប្រតិបត្ដិការផ្សាយទូទាំងពិភពលោក។ (ទំនុក. ១៧:៧, ៨; ១៣៩:១៤; ដា. ២:៤៤; ម៉ាថ. ២៤:១៤) ដោយសារយើងមានសេចក្ដីស្រឡាញ់និងចិត្តអបអរចំពោះអ្វីៗដែលព្រះយេហូវ៉ាបានធ្វើ នេះជំរុញចិត្តយើងឲ្យប្រកាសប្រាប់អ្នកដទៃអំពីទ្រង់។ (ទំនុក. ១៤៥:៥-៧) នៅកំឡុងខែមីនា ខែមេសា និងខែឧសភា យើងនឹងមានឱកាសប្រកាសអំពីទ្រង់យ៉ាងពេញលេញទៀត។
២ បំរើជាអ្នកត្រួសត្រាយជំនួយ: តើអ្នកអាចរៀបចំកាលវិភាគដើម្បីចំណាយពេល៥០ម៉ោងក្នុងកិច្ចបំរើផ្សាយបានមួយខែ ឬពីរបីខែនៅកំឡុងខែដែលមានសកម្មភាពពិសេសនេះបានទេ? ដោយកែសម្រួលជាថ្មីក្នុងកាលវិភាគរបស់ខ្លួន នោះច្បាស់ជានាំឲ្យមានប្រយោជន៍ជាងជាពុំខាន។ (អេភ. ៥:១៦) បងប្អូនជាច្រើនធ្លាប់ពិសោធថា ការបំរើជាអ្នកត្រួសត្រាយជំនួយបានជួយឲ្យបង្កើននូវគុណភាពនៃកិច្ចបំរើផ្សាយរបស់ខ្លួន។ ពួកគាត់មានអារម្មណ៍ស្រួលជាងពេលជួបម្ចាស់ផ្ទះ និងមានឱកាសប្រើព្រះគម្ពីរច្រើនជាងផងដែរ។ ដោយចំណាយពេលច្រើនក្នុងកិច្ចបំរើផ្សាយ គឺធ្វើឲ្យមានឱកាសច្រើនជាងត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍។ បងប្អូនខ្លះដែលពុំធ្លាប់បង្រៀនសិស្សព្រះគម្ពីរ ក៏មានឱកាសចាប់ផ្ដើមការសិក្សាមួយក្នុងកំឡុងពេលបំរើជាអ្នកត្រួសត្រាយជំនួយ។ កិច្ចបំរើជាអ្នកត្រួសត្រាយជំនួយជាកិច្ចការដែលផ្ដល់ឲ្យយើងមានអំណរមែន ពីព្រោះកិច្ចការនេះតម្រូវឲ្យយើងខំប្រឹងជួយអ្នកដទៃ។—កិច្ចការ ២០:៣៥
៣ សូមកុំរហ័សសន្និដ្ឋានថា កាលៈទេសៈរបស់ខ្លួនពុំអនុញ្ញាតឲ្យបំរើជាអ្នកត្រួសត្រាយជំនួយឡើយ។ អ្នកចាស់ទុំម្នាក់ដែលបំរើជាអ្នកត្រួសត្រាយជំនួយនៅឆ្នាំមុន គាត់មានកូនពីរនាក់ និងប្រកបរបរពេញពេលផងដែរ។ ដោយអ្នកចាស់ទុំនេះមានកាលវិភាគដ៏រវល់ដូច្នេះ តើគាត់អាចឆ្លៀតពេលបានយ៉ាងណា? ដោយសារគាត់ប្រកបរបរពីថ្ងៃចន្ទដល់ថ្ងៃសុក្រ គាត់រៀបចំផ្សព្វផ្សាយច្រើនម៉ោងនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដោយចាប់ផ្ដើមផ្សព្វផ្សាយតាមផ្លូវថ្នល់ពីម៉ោង៧:០០ នាព្រឹកថ្ងៃសៅរ៍។ បងប្អូនឯទៀតក្នុងក្រុមជំនុំក៏មានកាលៈទេសៈដូចគាត់ដែរ ដោយបំរើជាអ្នកត្រួសត្រាយជំនួយ នេះបានគាំទ្រនិងលើកទឹកចិត្តគ្នាទៅវិញទៅមក។ នៅក្រុមជំនុំមួយទៀត បងស្រីម្នាក់ដែលមានអាយុ៩៩ឆ្នាំបានសម្រេចចិត្តធ្វើជាអ្នកត្រួសត្រាយជំនួយនៅខែឧសភា ក្រោយពីកូនស្រីបានអញ្ជើញមាតារបស់ខ្លួនឲ្យចុះឈ្មោះជាមួយគ្នា។ បងប្អូនឯទៀតក្នុងក្រុមជំនុំនោះបានជួយបងស្រីចំណាស់ម្នាក់នេះផងដែរក្នុងការផ្សាយពីផ្ទះមួយទៅផ្ទះមួយ និងចូលរួមសិក្សាជាមួយសិស្សព្រះគម្ពីរ ដោយប្រើរទេះរុញ។ បងស្រីចំណាស់នេះបានផ្សព្វផ្សាយតាមទូរស័ព្ទ តាមផ្លូវថ្នល់ និងដោយសរសេរសំបុត្រ។ គាត់ដឹងច្បាស់ថា គាត់អាចធ្វើកិច្ចការនេះបានដោយសារជំនួយពីព្រះយេហូវ៉ា មិនមែនដោយសារកម្លាំងខ្លួនទេ។—អេសា. ៤០:២៩-៣១
៤ សូមសាករៀបចំកាលវិភាគមួយស្របទៅតាមកាលៈទេសៈរបស់អ្នក។ កាលវិភាគដែលមានក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងមួយនេះ ប្រហែលជាមានប្រយោជន៍។ តើអ្នកប្រកបរបរពេញពេល ឬទៅសាលារៀនទេ? អ្នកប្រហែលជានឹងទទួលប្រយោជន៍ពីកាលវិភាគដែលកំណត់ឲ្យផ្សព្វផ្សាយនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ ប្រសិនបើអ្នកមានសុខភាពមិនល្អ ឬពុំមានកម្លាំងច្រើនដើម្បីចំណាយច្រើនម៉ោងក្នុងមួយថ្ងៃក្នុងកិច្ចបំរើផ្សាយ នោះកាលវិភាគដែលប្រហែលជាមានប្រយោជន៍ច្រើនជាង គឺការផ្សាយរយៈពេលខ្លីជារៀងរាល់ថ្ងៃវិញ។ ចូរនិយាយប្រាប់បងប្អូនឯទៀត ថាអ្នកប្រាថ្នាចង់បំរើជាអ្នកត្រួសត្រាយជំនួយ។ ប្រហែលជាពួកគាត់ក៏នឹងមានគោលដៅដូចគ្នាដែរ។
៥ វិធីផ្សេងៗដែលយុវវ័យអាចចូលរួម: ព្រះយេហូវ៉ាសព្វព្រះហឫទ័យណាស់ ពេលយុវវ័យប្រកាសប្រាប់អ្នកដទៃអំពីកិច្ចការដ៏អស្ចារ្យរបស់ទ្រង់។ (ទំនុក. ៧១:១៧; ម៉ាថ. ២១:១៦) ប្រសិនបើអ្នកនៅក្មេងហើយបានទទួលបុណ្យជ្រមុជទឹកហើយ ប្រហែលជាអ្នកអាចចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយក្នុងកំឡុងមួយខែ បើមានវិស្សមកាលនៅចំពេលនោះ។ ប្រសិនបើអ្នកពុំអាចបំរើជាអ្នកត្រួសត្រាយជំនួយទេ តើអ្នកអាចរៀបចំគោលដៅជាក់លាក់ដើម្បីបង្កើនម៉ោងចូលរួមកិច្ចបំរើផ្សាយបានច្រើនជាង និងបង្កើនបំនិនឲ្យបានប្រសើរឡើងថែមទៀតក្នុងកំឡុងខែទាំងនេះឬទេ? ប្រសិនបើអ្នកបានចូលក្នុងកិច្ចបំរើផ្សាយជាមួយមាតាបិតា ប៉ុន្តែមិនទាន់ចុះឈ្មោះជាអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក ឥឡូវនេះគឺជាពេលល្អឲ្យអ្នកព្យាយាមបំពេញតម្រូវការផ្សេងៗដើម្បីទទួលឯកសិទ្ធិនេះ។ កុំមានអារម្មណ៍ថា យើងត្រូវចេះឆ្លើយសំនួរយ៉ាងប៉ិនប្រសប់ពីព្រះគម្ពីរ ឬត្រូវមានចំណេះស្មើនឹងមនុស្សពេញវ័យដែលបានទទួលបុណ្យជ្រមុជទឹកហើយនោះឡើយ។ តើអ្នកមានចំណេះបឋមអំពីសេចក្ដីបង្រៀនក្នុងព្រះគម្ពីរទេ? តើអ្នកធ្វើតាមខ្នាតតម្រាសីលធម៌ក្នុងព្រះគម្ពីរឬទេ? តើអ្នកចង់ឲ្យអ្នកដទៃស្គាល់ថា អ្នកជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ឬទេ? បើចង់មែន សូមប្រាប់មាតាបិតារបស់អ្នកអំពីរឿងនេះ។ ពួកគាត់អាចណាត់ទៅជួបអ្នកចាស់ទុំជាមួយអ្នក ដើម្បីឲ្យដឹងថាតើអ្នកអាចបំពេញតម្រូវការផ្សេងៗបានឬក៏អត់។—សូមមើលសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ២០០២ ទំព័រ៦
៦ ជួយអ្នកដទៃឲ្យផ្សព្វផ្សាយ: សិស្សព្រះគម្ពីរដែលកំពុងតែរីកចំរើន អាចបំពេញតម្រូវការផ្សេងៗ ដើម្បីចូលរួមជាមួយយើងជាអ្នកផ្សាយនៅកំឡុងខែដែលមានសកម្មភាពពិសេសនេះ។ បើអ្នកមានសិស្សព្រះគម្ពីរដែលកំពុងតែរីកចំរើនយ៉ាងល្អ ចូរសុំជំនួយពីអ្នកត្រួតពិនិត្យក្រុមសិក្សា ឬជំនួយពីអ្នកត្រួតពិនិត្យកិច្ចបំរើក៏បាន។ ពួកគាត់អាចចូលរួមសិក្សាជាមួយសិស្សនោះ ដើម្បីឲ្យដឹងថាសិស្សនោះបានរីកចំរើនប៉ុនណា។ ប្រសិនបើសិស្សបំពេញនូវតម្រូវការផ្សេងៗ និងមានចិត្តប្រាថ្នាចង់ក្លាយជាអ្នកផ្សាយ នោះប្រធានត្រួតពិនិត្យអាចចាត់ចែងអ្នកចាស់ទុំពីរនាក់ឲ្យជួបជាមួយអ្នកនិងសិស្សនោះ។ (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៦ ទំព័រ២៥) ក្រោយពីអ្នកចាស់ទុំយល់ព្រមឲ្យសិស្សនោះផ្សព្វផ្សាយ ចូរចាប់ផ្ដើមបង្ហាត់គាត់ឲ្យចេះពីរបៀបផ្សាយភ្លាមៗទៅ។
៧ អ្នកត្រួតពិនិត្យក្រុមសិក្សាគួរយកចិត្តទុកដាក់យ៉ាងពិសេសលើបងប្អូនណាដែលឥតសកម្មឬមិនសូវផ្សព្វផ្សាយទៀងទាត់ក្នុងក្រុមរបស់គាត់។ សូមអញ្ជើញបងប្អូនបែបនោះឲ្យមកផ្សព្វផ្សាយជាមួយនឹងអ្នក។ ប្រសិនបើគាត់ឥតមានសកម្មយូរហើយ យកល្អអ្នកចាស់ទុំពីរនាក់ទៅនិយាយជាមួយគាត់ដើម្បីឲ្យដឹងថា តើគាត់នៅតែបំពេញតម្រូវការផ្សេងៗឬយ៉ាងណា។ (សូមមើលប្រអប់សំនួរក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែវិច្ឆិកា ឆ្នាំ២០០០) ការខ្នះខ្នែងនៃក្រុមជំនុំក្នុងកំឡុងខែដែលមានសកម្មភាពពិសេសនេះ អាចជំរុញចិត្តបងប្អូនឥតសកម្មឲ្យចូលរួមកិច្ចផ្សព្វផ្សាយដំណឹងល្អជាទៀងទាត់ម្ដងទៀត។
៨ ចូររៀបចំឥឡូវដើម្បីបង្កើនកិច្ចបំរើផ្សាយ: ពួកអ្នកចាស់ទុំអើយ! ចូរចាប់ផ្ដើមពេលឥឡូវនេះ ដើម្បីពង្រឹងកម្លាំងចិត្តក្រុមជំនុំឲ្យមានចិត្តចង់ចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយ។ អ្នកអាចធ្វើដូច្នេះបាន ដោយសំដីដែលលើកទឹកចិត្ត ហើយដោយគំរូល្អផងដែរ។ (១ពេ. ៥:៣) នៅឆ្នាំមុន តើចំនួនអ្នកត្រួសត្រាយជំនួយក្នុងក្រុមជំនុំយើងបានឡើងដល់កំពូលប៉ុន្មាននាក់? តើយើងអាចជួយឲ្យមានអ្នកត្រួសត្រាយជំនួយច្រើនជាងឆ្នាំមុនទៅទៀតទេ? អ្នកត្រួតពិនិត្យក្រុមសិក្សានិងអ្នកដែលជួយគាត់ គួររកវិធីលើកទឹកចិត្តបងប្អូនទាំងអស់ក្នុងក្រុមឲ្យបង្កើនកិច្ចបំរើផ្សាយ។ អ្នកត្រួតពិនិត្យកិច្ចបំរើអាចបន្ថែមការប្រជុំសំរាប់កិច្ចបំរើផ្សាយ។ ចូរជំរាបក្រុមជំនុំអំពីការរៀបចំបន្ថែមទាំងនោះ។ ចូររៀបចំឲ្យមានអ្នកផ្សាយដែលមានសមត្ថភាពនាំមុខការប្រជុំសំរាប់កិច្ចបំរើផ្សាយ ហើយឲ្យកិច្ចប្រជុំនោះចាប់ផ្ដើមនិងចប់ទាន់ម៉ោង។ (សូមមើលប្រអប់សំនួរក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែកញ្ញា ឆ្នាំ២០០១) អ្នកត្រួតពិនិត្យកិច្ចបំរើគួររៀបចំឲ្យមានផែនទីតំបន់ផ្សាយ ទស្សនាវដ្ដី និងប្រកាសនវត្ថុឲ្យបានគ្រប់គ្រាន់។
៩ នៅឆ្នាំ២០០៣ មុនកំឡុងខែដែលមានសកម្មភាពពិសេសមកដល់នោះ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំមួយបានចាប់ផ្ដើមលើកទឹកចិត្តបងប្អូនអស់ពីចិត្ត ឲ្យបំរើជាអ្នកត្រួសត្រាយជំនួយ ហើយបងប្អូនប៉ុន្មាននាក់ក៏បានចុះឈ្មោះដែរ។ ពួកអ្នកចាស់ទុំបានរៀបចំការប្រជុំបន្ថែមសំរាប់កិច្ចបំរើផ្សាយ ទាំងមានការប្រជុំមួយនៅម៉ោង៥:៣០ព្រឹកសំរាប់ការផ្សាយតាមផ្លូវថ្នល់ មួយទៀតនៅម៉ោង៣:០០រសៀលសំរាប់ប្អូនៗដែលចេញពីសាលារៀនម៉ោងនោះ និងមួយទៀតនៅម៉ោង៦:០០ល្ងាច សំរាប់បងប្អូនដែលធ្វើការចប់ម៉ោងនោះ។ បន្ថែមទៅទៀត ពួកអ្នកចាស់ទុំបានរៀបចំការប្រជុំសំរាប់កិច្ចបំរើផ្សាយបីដងនៅថ្ងៃសៅរ៍។ បងប្អូនក្នុងក្រុមជំនុំត្រូវបានលើកទឹកចិត្តហើយមាន៦៦នាក់បានចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយក្នុងខែមេសា!
១០ ក្នុងកំឡុងការសិក្សាជាគ្រួសារលើកក្រោយ សូមឆ្លៀតពេលដើម្បីកំណត់គោលដៅដែលយើងអាចបំពេញបានក្នុងកំឡុងខែពិសេសទាំងនោះ។ ដោយសហការគ្នានិងរៀបចំយ៉ាងល្អ នោះអ្នកខ្លះឬទាំងអស់ក្នុងគ្រួសារប្រហែលជាអាចបំរើជាអ្នកត្រួសត្រាយជំនួយ។ បើពុំអាចធ្វើដូច្នេះបានទេ សូមតាំងគោលដៅផ្សព្វផ្សាយឲ្យបានច្រើនជាង ដោយផ្សាយយូរជាងធម្មតា ឬទៅផ្សព្វផ្សាយម៉ោងផ្សេងថែមទៀត។ ចូរអធិស្ឋានអំពីរឿងនេះជាក្រុមគ្រួសារ។ អ្នកអាចទុកចិត្តថា ព្រះយេហូវ៉ានឹងប្រទានពរលើការប្រឹងប្រែងរបស់អ្នកមែន។—១យ៉ូន. ៣:២២
១១ កិច្ចការដ៏អស្ចារ្យបំផុតរបស់ព្រះ: ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ឧត្តុង្គឧត្តមបំផុត ដោយឲ្យព្រះរាជបុត្រាទ្រង់ជាអំណោយ ទុកជាតម្លៃលោះយើង។ (១យ៉ូន. ៤:៩, ១០) យញ្ញបូជាលោះគឺជាមូលដ្ឋានស្របតាមច្បាប់ដើម្បីរំដោះមនុស្សចេញពីបាបនិងសេចក្ដីស្លាប់។ (រ៉ូម ៣:២៣, ២៤) ព្រះលោហិតរបស់ព្រះយេស៊ូដែលបានហូរមក បានធ្វើឲ្យសញ្ញាថ្មីឬកិច្ចព្រមព្រៀងថ្មីមានសុពលភាព ហើយបើកឱកាសឲ្យមនុស្សឥតគ្រប់ល័ក្ខណ៍ធ្វើជាកូនចិញ្ចឹមរបស់ព្រះ ដែលមានក្ដីសង្ឃឹមសោយរាជ្យក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ (យេ. ៣១:៣១-៣៤; ម៉ាក. ១៤:២៤) អ្វីដែលសំខាន់បំផុត គឺថាព្រះយេស៊ូបានស្ដាប់បង្គាប់ព្រះយ៉ាងឥតខ្ចោះ ដោយទ្រង់បានធ្វើឲ្យព្រះនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ។ (ចោទិ. ៣២:៤; សុ. ២៧:១១) នៅថ្ងៃអាទិត្យ ថ្ងៃទី៤ ខែមេសា ក្រោយពីថ្ងៃលិច ទូទាំងពិភពលោកបងប្អូនយើងនឹងធ្វើពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ។
១២ ការធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់តែងលើកតម្កើងកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ សុន្ទរកថាដែលត្រូវថ្លែងនឹងជួយយើងឲ្យយល់និងមានចិត្តកតញ្ញូថែមទៀតចំពោះអ្វីដែលព្រះយេហូវ៉ាបានធ្វើ ដោយផ្ដល់តម្លៃលោះនោះ។ ពួកអ្នកចាប់អារម្មណ៍ដែលចូលរួមពិធីនោះ នឹងឃើញនូវកិច្ច-ការដ៏អស្ចារ្យឯទៀតរបស់ព្រះ។ ពួកគេនឹងឃើញនូវសាមគ្គីភាពនិងសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅ ដែលព្រះយេហូវ៉ាបានបង្រៀនរាស្ត្រទ្រង់ឲ្យបង្ហាញនោះ។ (អេភ. ៤:១៦, ២២-២៤; យ៉ា. ៣:១៧, ១៨) ការចូលរួមពិធីពិសេសនេះ អាចមានឥទ្ធិពលខ្លាំងលើចិត្តគំនិតមនុស្សបាន ដូច្នេះយើងចង់ឲ្យមនុស្សជាច្រើនមានវត្តមាននៅទីនោះដែរ។—២កូ. ៥:១៤, ១៥
១៣ អញ្ជើញអ្នកឯទៀតឲ្យចូលរួមដែរ: ចូរចាប់ផ្ដើមរៀបចំភ្លាមៗ ដោយកត់បញ្ជីឈ្មោះរបស់មនុស្សណាដែលអ្នកចង់អញ្ជើញមកចូលរួម។ បញ្ជីឈ្មោះគួររួមបញ្ចូលឈ្មោះសមាជិកគ្រួសារដែលមិនមែនជាអ្នកជឿ ហើយឈ្មោះអ្នកជិតខាង អ្នកធ្វើការជាមួយយើង សិស្សរួមថ្នាក់ ហើយសិស្សព្រះគម្ពីរនិងសិស្សដែលធ្លាប់រៀនពីមុន ព្រមទាំងបុគ្គលទាំងអស់ដែលយើងត្រឡប់ទៅជួប។ បញ្ជីឈ្មោះរបស់អ្នកត្រួតពិនិត្យក្រុមសិក្សាគួររួមបញ្ចូលអ្នកផ្សាយដែលឥតសកម្ម។
១៤ ចូរប្រើលិខិតអញ្ជើញចូលរួមពិធីបុណ្យរំឭកដែលបានបោះពុម្ពជាស្រេច ហើយសរសេរឲ្យដិតច្បាស់នូវម៉ោងនិងកន្លែងធ្វើពិធីបុណ្យរំឭក។ ពេលជិតដល់ថ្ងៃទី៤ ខែមេសា ចូររំឭកមនុស្សដែលមានឈ្មោះក្នុងបញ្ជីរបស់អ្នក ដោយជួបផ្ទាល់ឬតាមទូរស័ព្ទ។
១៥ នៅរាត្រីបុណ្យរំឭក: នៅរាត្រីពិធីបុណ្យរំឭក ចូរខំទៅដល់កន្លែងមុនម៉ោង។ ចូរបង្ហាញសេចក្ដីចៅរ៉ៅឬចិត្តរាក់ទាក់ដោយទទួលស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅ។ (រ៉ូម ១២:១៣) អ្នកមានភារកិច្ចពិសេសចំពោះភ្ញៀវដែលអ្នកបានអញ្ជើញផ្ទាល់។ ចូរធ្វើឲ្យពួកគាត់មានអារម្មណ៍ស្រួល ដោយនាំឲ្យគាត់ជួបអ្នកដទៃក្នុងក្រុមជំនុំ។ ប្រហែលជាអ្នកអាចជួយឲ្យគាត់រកកន្លែងអង្គុយជិតអ្នកដែរ។ ហើយបើគាត់ឥតមានព្រះគម្ពីរឬសៀវភៅចំរៀង សូមឲ្យគាត់ផ្ទៀងមើលជាមួយអ្នក ឬមើលជាមួយនឹងបុគ្គលណាម្នាក់ទៀត។ ក្រោយពីពិធីបុណ្យរំឭក ចូរឆ្លើយសំនួរណាដែលគាត់ឆ្ងល់។ បើអ្នកណាបានចូលរួមជាលើកដំបូង សូមសួរថា តើគាត់ចង់រៀនថែមទៀតអំពីព្រះបន្ទូលរបស់ព្រះនិងអំពីគោលបំណងទ្រង់ទេ? ចូរប្រាប់គាត់ថា អ្នកសប្បាយចិត្តសិក្សាព្រះគម្ពីរជាមួយគាត់នៅឯផ្ទះ។
១៦ ចូរបន្តជួយអស់អ្នកដែលចូលរួមពិធីបុណ្យរំឭក: កំឡុងប៉ុន្មានសប្ដាហ៍ក្រោយពីពិធីបុណ្យរំឭក អ្នកខ្លះដែលបានចូលរួមពិធីនោះប្រហែលជាត្រូវការជំនួយថែមទៀត។ នេះគឺរួមបញ្ចូលអស់អ្នកដែលធ្លាប់មកកិច្ចប្រជុំជាទៀងទាត់ តែឥឡូវពុំសូវសេពគប់ជាមួយនឹងក្រុមជំនុំទេ។ ពួកអ្នកចាស់ទុំនឹងយកចិត្តទុកដាក់ជួយមនុស្សបែបនេះ។ ពួកអ្នកចាស់ទុំប្រហែលជាចង់ដឹងអំពីហេតុដែលពួកគាត់បានឈប់រីកចំរើនខាងវិញ្ញាណ និងជួយបញ្ជាក់ពីភាពបន្ទាន់នៃគ្រានេះ។ (១ពេ. ៤:៧) ចូរជួយពួកគាត់ឲ្យដឹងអំពីប្រយោជន៍ដែលមកពីការស្ដាប់តាមបទគម្ពីរដែលដាស់តឿនយើងឲ្យប្រជុំគ្នាជាទៀងទាត់ជាមួយរាស្ត្ររបស់ព្រះ។—ហេ. ១០:២៤, ២៥
១៧ កិច្ចការរបស់ព្រះយេហូវ៉ាគឺអស្ចារ្យហួសល្បត់។ ទោះជាយើងរស់នៅជារៀងរហូតក៏ដោយ យើងពុំអាចយល់សព្វគ្រប់បានទេ នូវកិច្ចការទាំងនោះ។ (យ៉ូប ៤២:២, ៣; សាស. ៣:១១) ដូច្នេះហើយ យើងនឹងមិនខ្វះហេតុសរសើរទ្រង់សោះឡើយ។ ក្នុងកំឡុងពេលប៉ុន្មានសប្ដាហ៍មុននិងក្រោយពិធីបុណ្យរំឭកនេះ យើងអាចសម្ដែងនូវចិត្តកតញ្ញូចំពោះកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ដោយខំប្រឹងពង្រីកកិច្ចបំរើផ្សាយរបស់យើង។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើអ្នកអបអរយ៉ាងជ្រាលជ្រៅនឹងកិច្ចការដ៏អស្ចារ្យណាខ្លះរបស់ព្រះយេហូវ៉ា?
២. តើយើងទទួលប្រយោជន៍ណាខ្លះ ដោយបំរើជាអ្នកត្រួសត្រាយជំនួយ?
៣. ទោះជាមានកាលៈទេសៈដ៏ពិបាកនោះ តើបងប្អូនខ្លះអាចបំរើជាអ្នកត្រួសត្រាយជំនួយបានយ៉ាងដូចម្ដេច?
៤. ពេលរៀបចំកាលវិភាគដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយ តើយើងគួរគិតអំពីកត្ដាណាខ្លះ?
៥. តើយុវវ័យអាចមានគោលដៅអ្វី ក្នុងខែមីនា ខែមេសា និងខែឧសភា?
៦. តើយើងអាចជួយសិស្សព្រះគម្ពីរឲ្យក្លាយទៅជាអ្នកផ្សាយដំណឹងល្អយ៉ាងដូចម្ដេច?
៧. តើយើងអាចជួយបងប្អូនដែលមិនផ្សព្វផ្សាយទៀងទាត់និងឥតសកម្មបានយ៉ាងណា?
៨, ៩. តើពួកអ្នកចាស់ទុំអាចធ្វើអ្វី ដើម្បីជួយបងប្អូនឲ្យមានចិត្តខ្នះខ្នែងចំពោះកិច្ចបំរើផ្សាយពិសេសនេះ?
១០. តើក្រុមគ្រួសារអាចរៀបចំបានយ៉ាងណា ដើម្បីផ្សព្វផ្សាយឲ្យបានច្រើនជាង?
១១. (ក) តើយញ្ញបូជារបស់ព្រះគ្រីស្ទសម្រេចការដ៏អស្ចារ្យអ្វីណាខ្លះ? (ខ) នៅតំបន់របស់អ្នក តើនឹងមានពិធីបុណ្យរំឭកនៅម៉ោងណានិងនៅកន្លែងណា?
១២. តើអ្នកចាប់អារម្មណ៍ថ្មីអាចទទួលប្រយោជន៍អ្វី ពីការចូលរួមពិធីអាហារល្ងាចរបស់ព្រះអម្ចាស់?
១៣, ១៤. តើយើងគួរអញ្ជើញអ្នកណាខ្លះ ឲ្យមកចូលរួមពិធីបុណ្យរំឭក? តើតាមរបៀបណា?
១៥. នៅរាត្រីបុណ្យរំឭកនោះ តើយើងអាចបង្ហាញចិត្តរាក់ទាក់បានយ៉ាងណា?
១៦. តើយើងអាចធ្វើអ្វីដើម្បីជួយពួកអ្នកដែលចូលរួមពិធីបុណ្យរំឭកឲ្យរីកចំរើនខាងវិញ្ញាណ?
១៧. ហេតុអ្វីក៏យើងគួរបន្តប្រកាសប្រាប់អំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា?
[តារាងនៅទំព័រ៥]
តើអ្នកអាចចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយ ដោយប្រើកាលវិភាគមួយខាងក្រោមនេះឬទេ?
ខែមីនា អាទិ ច* អង* ព* ព្រហ សុ ស ខែសរុប
រៀងរាល់ថ្ងៃ ២ ១ ១ ១ ១ ១ ៥ ៥១
ពីរថ្ងៃ ០ ៥ ០ ៥ ០ ០ ០ ៥០
ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ៥ ០ ០ ០ ០ ០ ៨ ៥២
ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ
និងពីរថ្ងៃទៀត ២ ០ ០ ២ ០ ២ ៦ ៥០
ខែមេសា អាទិ ច អង ព ព្រហ* សុ* ស ខែសរុប
រៀងរាល់ថ្ងៃ ២ ១ ១ ១ ១ ១ ៥ ៥០
ពីរថ្ងៃ ០ ០ ០ ០ ៥ ៥ ០ ៥០
ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ៥ ០ ០ ០ ០ ០ ៨ ៥២
ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ
និងពីរថ្ងៃទៀត ២ ០ ០ ២ ០ ២ ៦ ៥០
ខែឧសភា អាទិ* ច* អង ព ព្រហ សុ ស* ខែសរុប
រៀងរាល់ថ្ងៃ ២ ១ ១ ១ ១ ១ ៤ ៥១
ពីរថ្ងៃ ០ ៥ ០ ០ ០ ០ ៥ ៥០
ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ៣ ០ ០ ០ ០ ០ ៧ ៥០
ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ
និងពីរថ្ងៃទៀត ២ ០ ០ ២ ០ ២ ៥ ៥១
*មានប្រាំដងក្នុងខែនោះ