«ផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះឲ្យបានពេញលេញ»
១ ពេលអ្នកទទួលអំណោយមួយដ៏ល្អនិងអ្នកមានកតញ្ញូធម៌នោះ អ្នកនឹងបង្ហាញអំណរគុណរបស់អ្នកដោយកិរិយាប្រព្រឹត្ត មែនទេ? អ្នកនឹងធ្វើដូច្នេះពិតមែន! សូមកត់សម្គាល់នូវអារម្មណ៍របស់សាវ័កប៉ុលចំពោះសេចក្ដីល្អនិងសេចក្ដីសប្បុរសដ៏ស្មោះដែលព្រះយេហូវ៉ាបង្ហាញដល់មនុស្សជាតិ។ ប៉ុលបានឧទានថា៖ «អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន!»។ តើ«អំណោយទាន»នេះរួមបញ្ចូលអ្វីខ្លះ? ‹គុណធម៌ដ៏មិនសមទទួលហើយដ៏វិសេសក្រៃលែងរបស់ព្រះ›ដែលទ្រង់បានសម្ដែងដល់យើង ជាពិសេសដោយប្រទានអំណោយដ៏ឧត្តមបំផុត ជារាជបុត្រារបស់ទ្រង់ផ្ទាល់ឲ្យធ្វើជាតម្លៃលោះបាបរបស់យើង។—២កូ. ៩:១៤, ១៥, ព.ថ.; យ៉ូន. ៣:១៦
២ តើប៉ុលបានសម្ដែងអំណរគុណរបស់គាត់ដោយសំដីប៉ុណ្ណោះទេឬ? អត់ទេ! ប៉ុលក៏បង្ហាញនូវជម្រៅចិត្តដែលប្រកបទៅដោយអំណរគុណរបស់គាត់ដោយវិធីជាច្រើន។ គាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខុមាលភាពខាងវិញ្ញាណរបស់បងប្អូនគ្រីស្ទានគ្នីគ្នា ហើយគាត់ចង់ជួយពួកគេអស់ពីសមត្ថភាពឲ្យទទួលប្រយោជន៍យ៉ាងពេញលេញពីសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះ។ ប៉ុលបាននិយាយអំពីគ្រីស្ទានទាំងនោះដោយថា៖ «យើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា ដល់ម្ល៉េះបានជាយើងខ្ញុំចូលចិត្ត ចែកដំណឹងល្អពីព្រះ មកអ្នករាល់គ្នា មិនត្រឹមតែប៉ុណ្ណោះ ក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាស្ងួនភ្ងាដល់យើងខ្ញុំ»។ (១ថែ. ២:៨) ព្រមជាមួយនឹងការជួយអ្នកដែលជាសមាជិកក្រុមជំនុំគ្រីស្ទានឲ្យប្រាកដនឹងសេចក្ដីសង្គ្រោះរបស់គេនោះ ប៉ុលក៏បានសង្វាតផ្សព្វផ្សាយដំណឹងល្អ ដោយធ្វើដំណើរអស់រាប់ពាន់គីឡូម៉ែត្រតាមផ្លូវគោកនិងផ្លូវទឹក ដើម្បីរកឃើញអស់អ្នកណាដែល«ត្រូវបានជីវិតអស់កល្បជានិច្ច»។ (កិច្ច. ១៣:៤៨) ការដឹងគុណរបស់ប៉ុលចំពោះអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានប្រោសប្រទានដល់គាត់នោះ បានជំរុញចិត្តគាត់ឲ្យ«ផ្សព្វផ្សាយដំណឹងល្អបានពេញលេញ»។—កូល. ១:២៥, ព.ថ.
៣ ការដឹងគុណរបស់យើងចំពោះអ្វីទាំងឡាយដែលព្រះយេហូវ៉ាបានប្រព្រឹត្តដើម្បីយើងនោះ ក៏ជំរុញយើងឲ្យផ្ដល់ជំនួយខាងវិញ្ញាណដល់អ្នកក្នុងក្រុមជំនុំរបស់យើងដែលត្រូវការជំនួយដែរ មែនទេ? (កា. ៦:១០) ម្យ៉ាងទៀត ចិត្តយើងក៏ជំរុញយើងឲ្យរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រក្នុងតំបន់ផ្សាយរបស់យើង ឲ្យបានច្រើនបំផុតដែលយើងអាចធ្វើទៅបានដែរ មែនទេ?—ម៉ាថ. ២៤:១៤
៤ ឱកាសមួយដើម្បីបង្ហាញការដឹងគុណ: ជារៀងរាល់ឆ្នាំ ពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទហុចឱកាសពិសេសមួយមកឲ្យយើងបង្ហាញការដឹងគុណចំពោះអ្វីៗដែលព្រះយេហូវ៉ានិងព្រះយេស៊ូបានប្រព្រឹត្តដើម្បីយើង។ ពិធីនេះមិនគ្រាន់តែជាប្រជុំធម្មតាឬក៏ការជួយរំឭកព្រឹត្ដិការណ៍មួយប៉ុណ្ណោះទេ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំ!»។ (លូកា ២២:១៩) ពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទគឺជាឱកាសដែលយើងត្រូវឆ្លៀតរំពឹងគិតអំពីលក្ខណៈសម្បត្ដិរបស់ព្រះយេស៊ូ។ ពិធីនោះជាឱកាសដែលយើងត្រូវឆ្លៀតដើម្បីទទួលស្គាល់ថា ព្រះយេស៊ូនៅមានព្រះជន្មរស់និងកំពុងតែមានសកម្មភាពនៅបច្ចុប្បន្នកាលនេះ ទាំងមានសិរីរុងរឿងនិងអំណាចជាស្តេចដែលបានត្រូវប្រគល់ចំពោះទ្រង់ ដោយសារទ្រង់បានរស់នៅយ៉ាងស្មោះត្រង់និងបានបូជាព្រះជន្មរបស់ទ្រង់។ ពិធីនោះគឺជាឱកាសយើងត្រូវឆ្លៀតដើម្បីបង្ហាញថា យើងចុះចូលចំពោះការដឹកនាំរបស់ព្រះគ្រីស្ទ ពីព្រោះទ្រង់ណែនាំយើងក្នុងកិច្ចការនិងសកម្មភាពក្នុងក្រុមជំនុំគ្រីស្ទាន។ (កូល. ១:១៧-២០) ដើម្បីបង្ហាញការគោរពនោះ រាស្ត្ររបស់ព្រះគ្រប់ទាំងអស់ត្រូវមានវត្តមាននៅពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ។ នៅឆ្នាំនេះ ពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទនិងប្រារព្ធនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០០២។
៥ នៅសហរដ្ឋអាមេរិក ដោយសារការខ្នះខ្នែងរបស់បងប្អូនមុនពិធីបុណ្យរំឭកឆ្នាំទៅ យើងបានមាន២.១៦៣.៦០២នាក់មានវត្តមានក្នុងពិធីនេះ ជាចំនួនច្រើនបំផុតដែលធ្លាប់មាន។ ឆ្នាំនេះ តើប៉ុន្មាននាក់នឹងមានវត្តមាន? នេះច្រើនតែអាស្រ័យទៅលើហេតុដែលថា តើយើងនឹង«ធ្វើការនឿយហត់»ដើម្បីជួយមនុស្សជាច្រើនបំផុតឲ្យមានវត្តមានឬក៏អត់។—១ធី. ៤:១០, ព្រះគម្ពីរភាសាខ្មែរសម្រាយ
៦ បន្ថែមនឹងការមានវត្តមាននៅអាហារល្ងាចរបស់ព្រះអម្ចាស់នោះ យើងប្រហែលជាអាចផ្សព្វផ្សាយបានច្រើនជាងផងដែរ។ នៅសហរដ្ឋអាមេរិក យើងប្រាកដថា បងប្អូនប្រុសស្រីរាប់ម៉ឺននាក់នឹងត្រួសត្រាយជំនួយមួយខែឬក៏ជាងមួយខែនោះ។ ក្នុងកំឡុងប្រាំឆ្នាំមុន ជារៀងរាល់ឆ្នាំយើងមានចំនួនជាមធ្យម២១២.១៤២នាក់ដែលបានត្រួសត្រាយជំនួយក្នុងកំឡុងខែបុណ្យរំឭក នាខែមីនាដល់ឧសភា។ តើអ្នកអាចត្រៀមលក្ខណៈឲ្យមានឯកសិទ្ធិត្រួសត្រាយជំនួយឆ្នាំនេះបានទេ? នេះជាវិធីដ៏ប្រសើរមួយដែលអ្នកអាចបង្ហាញថា អ្នកដឹងគុណយ៉ាងស្មោះអស់ពីចិត្តចំពោះយញ្ញបូជារបស់ព្រះគ្រីស្ទដែលព្រះបានផ្ដល់ឲ្យនោះ។ អ្នកអាចជឿជាក់ថា ព្រះយេហូវ៉ានឹងប្រទានពរទៅលើអ្នក ដូចជាត្រូវបង្ហាញដោយឥតលាក់លៀមក្នុងបទពិសោធន៍បន្តបន្ទាប់ទាំងនេះ។
៧ បងស្រីម្នាក់ដែលធ្វើការពេញពេលនោះ បានសរសេរបទពិសោធន៍របស់គាត់អំពីការត្រួសត្រាយជំនួយក្នុងខែមីនាឆ្នាំមុននេះថា៖ «កិច្ចបំរើព្រះរាជាណាចក្រយើងពីខែកុម្ភៈ ឆ្នាំ២០០១ បានលើកទឹកចិត្តយើងទាំងអស់គ្នាដែលមានកាលៈទេសៈដែលអាចធ្វើទៅបានឲ្យត្រួសត្រាយជំនួយក្នុងខែនៃបុណ្យរំឭក។ ដោយព្រោះខែមីនាមុនមានថ្ងៃសៅរ៍ប្រាំ នោះបានត្រូវគ្នានឹងកាលវិភាគរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តចុះឈ្មោះ»។ ពេលបងស្រីនេះចាប់ផ្ដើមផ្សព្វផ្សាយក្នុងខែនោះ គាត់មានគោលដៅចង់រកសិស្សសិក្សាព្រះគម្ពីរម្នាក់។ តើគាត់បានជោគជ័យទេ? បានជោគជ័យពិតមែន! ក្នុងម៉ោងទី៥២ដែលគាត់ផ្សព្វផ្សាយក្នុងខែនោះ ទើបគាត់រកបានសិស្សព្រះគម្ពីរម្នាក់! តើបងស្រីនេះបានសន្និដានយ៉ាងណា? គាត់ស្រដីថា៖ «យើងទទួលពរដ៏ប្រសើរ ពេលយើងខំប្រឹងព្យាយាមលើសជាងមុនទៅទៀត»។
៨ តើក្រុមគ្រួសារដែលត្រួសត្រាយជំនួយជាមួយគ្នាបានទទួលប្រយោជន៍អ្វី? ក្រុមគ្រួសារមួយដែលមានសមាជិកបួននាក់ បានត្រួសត្រាយជំនួយក្នុងខែមេសាឆ្នាំមុន ហើយគេឃើញថា ពេលនោះជាពេលដែលគេចាំមិនភ្លេចទេ។ មាតានោះរៀបរាប់ថា៖ «ជារៀងរាល់ថ្ងៃយើងមានទឹកចិត្តសប្បាយមែនទែន! ដោយសារយើងរួបរួមគ្នាក្នុងកិច្ចផ្សព្វផ្សាយ។ ពេលយើងជួបជុំគ្នាបរិភោគអាហារពេលល្ងាចនោះ ការសន្ទនាអំពីអ្វីៗដែលយើងបានធ្វើក្នុងកិច្ចផ្សព្វផ្សាយថ្ងៃនោះក៏បានធ្វើឲ្យពេលបរិភោគជាពេលដ៏សប្បាយរីករាយណាស់»។ កូនប្រុសនោះរ៉ាយរ៉ាប់ថា៖ «ខ្ញុំសប្បាយចិត្តណាស់ ពីព្រោះខ្ញុំបានផ្សព្វផ្សាយជាមួយឪពុកខ្ញុំនៅថ្ងៃដែលធម្មតាគាត់ត្រូវទៅធ្វើការ»។ បិតាបានបន្ថែមសំដីថា៖ «ដោយសារខ្ញុំជាមេគ្រួសារ ខ្ញុំពេញចិត្តណាស់ដោយដឹងថា យើងបានរួបរួមគ្នាក្នុងកិច្ចការមួយដែលសំខាន់បំផុតក្នុងសម័យយើងនេះ»។ តើក្រុមគ្រួសាររបស់អ្នកអាចត្រួសត្រាយជាមួយគ្នាបានទេ? សូមពិគ្រោះគ្នាជាក្រុមគ្រួសារឲ្យដឹងថា តើអ្នកអាចត្រួសត្រាយជំនួយជាក្រុមគ្រួសារក្នុងកំឡុងខែនៃពិធីបុណ្យរំឭកឬក៏យ៉ាងណា។
៩ តើយើងអាចធ្វើឲ្យខែមីនាជាខែល្អបំផុតរបស់យើងបានទេ?
នៅដើមឆ្នាំ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើងបានសួរសំនួរថា៖ «តើយើងអាចធ្វើឲ្យខែមេសាឆ្នាំ២០០០ជាខែល្អបំផុតរបស់យើងបានទេ?»។ តើបងប្អូនប្រតិកម្មតបយ៉ាងណា? នៅសហរដ្ឋអាមេរិក មានការកើនឡើងដល់កំពូលក្នុងវិស័យផ្សេងៗនៃកិច្ចផ្សព្វផ្សាយ ។ ក្នុងខែនោះ មាន១៥៣.៧៧៤នាក់ត្រួសត្រាយជំនួយ ជាចំនួនច្រើនបំផុតដែលធ្លាប់មានក្នុងមួយខែ។ ម្យ៉ាងទៀត ក៏មានចំនួនម៉ោង ទស្សនាវដ្ដីដែលត្រូវផ្ដល់ និងការត្រឡប់ទៅជួបច្រើនបំផុតដែលធ្លាប់មាន។ តើអ្នកអាចនឹកចាំពីការរំភើបចិត្តដែលក្រុមជំនុំអ្នកមានក្នុងខែពិសេសនោះដោយសារការកើនឡើងនូវសកម្មភាពខាងវិញ្ញាណទេ? តើយើងអាចធ្វើឲ្យបានដូចគ្នា ឬក៏ច្រើនជាងនោះទៅទៀតនៅឆ្នាំនេះបានដែរឬទេ? បើសិនជាបងប្អូនទាំងអស់គ្នារួមកម្លាំងនោះ ខែមីនាឆ្នាំ២០០២ អាចក្លាយជា«ខែល្អបំផុតរបស់យើង»ផងដែរ។ ហេតុអ្វីយើងជ្រើសរើសខែមីនា?
១០ មានហេតុពីរយ៉ាងដែលខែមីនាត្រូវជាខែសំរាប់សកម្មភាពពិសេស។ ទីមួយ ពិធីបុណ្យរំឭកគឺជិតដាច់ខែមីនា ដូច្នេះយើងមានពេលជាច្រើននៅដើមខែដើម្បីអញ្ជើញមនុស្សជាច្រើនបំផុតឲ្យចូលរួម។ ទីពីរ ឆ្នាំនេះ ខែមីនាមានថ្ងៃសៅរ៍ថ្ងៃអាទិត្យប្រាំ ដូច្នេះយើងមានឱកាសដើម្បីត្រួសត្រាយជំនួយ បើសិនជាយើងជាអ្នកធ្វើការឬក៏ជាសិស្សរៀន។ សូមឆ្លៀតពេលឥឡូវនេះដើម្បីរៀបចំកាលវិភាគមួយ ដោយប្រើប្រក្រតិទិនដែលមានក្នុងសន្លឹកបន្ថែមនេះ។ ការត្រួសត្រាយជំនួយប្រហែលជាស្រួលជាងអ្នកបាននឹកស្មានទៅទៀត។ ជាឧទាហរណ៍ បើសិនជាអ្នកកំណត់៨ម៉ោងសំរាប់កិច្ចផ្សព្វផ្សាយនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យទាំងប្រាំនោះ អ្នកនឹងត្រូវការតែ១០ម៉ោងទៀតក្នុងកំឡុងខែនោះដើម្បីបំពេញចំនួន៥០ម៉ោង។
១១ តើអ្នកចាស់ទុំអាចធ្វើយ៉ាងណាដើម្បីជួយទាំងអស់គ្នាក្នុងក្រុមជំនុំ«ផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះឲ្យបានពេញលេញ»នោះ? ពួកគេអាចជំរុញទឹកចិត្តបងប្អូនឲ្យមានចំណង់ខ្លាំងចង់ចូលរួម តាមរយៈសុន្ទរកថារបស់គេនិងពេលដែលគេសន្ទនាជាមួយបងប្អូនផ្សេងៗ។ អ្នកដឹកនាំការសិក្សាសៀវភៅតាមក្រុមជំនុំនិងអ្នកជំនួយរបស់គេ ក៏អាចឆ្លៀតឱកាសនិយាយជាមួយបងប្អូនម្នាក់ៗដែលមកក្រុមសិក្សារបស់គេ និងប្រុងប្រៀបជួយគេផ្ទាល់ខ្លួន។ ប្រហែលជាគេត្រូវការនូវការលើកទឹកចិត្តបន្ដិចបន្តួចឬក៏យោបល់ល្អៗខ្លះៗ។ (សុ. ២៥:១១) បងប្អូនជាច្រើននឹងឃើញថា ដោយកែប្រែកម្មវិធីរបស់គេបន្ដិចបន្តួចនោះ គេក៏អាចរីករាយនឹងឯកសិទ្ធិត្រួសត្រាយជំនួយផងដែរ។ ក្នុងក្រុមជំនុំជាច្រើន អ្នកចាស់ទុំនិងអ្នកងារជំនួយភាគច្រើនឬទាំងអស់គ្នានិងភរិយារបស់គេទុកគំរូល្អ ដោយត្រួសត្រាយជំនួយជាមួយគ្នាក្នុងកំឡុងខែនៃពិធីបុណ្យរំឭក។ គំរូនេះបានលើកទឹកចិត្តអ្នកផ្សព្វផ្សាយជាច្រើនឲ្យចូលរួមជាមួយនឹងគេដែរ។ អ្នកផ្សាយខ្លះប្រហែលជាមិនអាចត្រួសត្រាយជំនួយ ដោយសារបញ្ហាសុខភាពឬពិការភាព ឬមួយក៏កាលៈទេសៈណាផ្សេងទៀត ក៏ប៉ុន្តែ ពួកគេនៅតែអាចត្រូវលើកទឹកចិត្តឲ្យបង្ហាញការដឹងគុណ ដោយធ្វើអស់ពីសមត្ថភាពក្នុងកិច្ចបំរើផ្សាយជាមួយនឹងក្រុមជំនុំ។
១២ ការជោគជ័យអាស្រ័យទៅលើការរៀបចំយ៉ាងហ្មត់ចត់ដោយក្រុមអ្នកចាស់ទុំ។ ប្រជុំសំរាប់កិច្ចផ្សព្វផ្សាយប្រចាំសប្ដាហ៍ត្រូវរៀបចំនៅម៉ោងដែលស្រួលសំរាប់បងប្អូន។ បើសិនមានលទ្ធភាព អ្នកត្រួតពិនិត្យកិច្ចបំរើត្រូវកំណត់ទុកជាមុនថា បងប្អូនប្រុសណាដែលមានលក្ខណៈគ្រប់គ្រាន់នឹងដឹកនាំការប្រជុំទាំងនេះ។ អ្នកដឹកនាំត្រូវរៀបចំឲ្យបានល្អ កុំឲ្យប្រជុំផ្សព្វផ្សាយលើសពី១០ដល់១៥នាទី រួមទាំងការរៀបចំគូ ប្រាប់តំបន់ផ្សាយ និងការអធិស្ឋាន។ (សូមមើលប្រអប់សំនួរក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែកញ្ញាឆ្នាំ២០០១) អ្នកចាស់ទុំក៏ត្រូវប្រាប់ក្រុមជំនុំយ៉ាងច្បាស់លាស់នូវកម្មវិធីសំរាប់កិច្ចផ្សព្វផ្សាយហើយនិងបិទកម្មវិធីនេះនៅលើក្ដារពត៌មាន។
១៣ ត្រូវមានតំបន់ផ្សាយឲ្យបានគ្រប់គ្រាន់។ អ្នកត្រួតពិនិត្យកិច្ចបំរើគួរជួបជាមួយនឹងបងប្រុសដែលទទួលខុសត្រូវផ្នែកផែនទីតំបន់ផ្សាយ ដើម្បីរៀបចំប្រើផែនទីដែលមិនសូវមានអ្នកទៅផ្សព្វផ្សាយញឹកញាប់ទេ។ ត្រូវប្រមូលអារម្មណ៍ទៅលើការត្រឡប់ទៅផ្ទះដែលពីមុនគ្មានអ្នកណានៅ ការផ្សព្វផ្សាយតាមផ្លូវថ្នល់និងតាមហាង ហើយការផ្សព្វផ្សាយពេលល្ងាច។ នៅពេលសមរម្យនោះ អ្នកផ្សាយខ្លះអាចត្រូវជួយដើម្បីផ្សព្វផ្សាយតាមទូរស័ព្ទ។
១៤ ជួយពួកគេបំរើម្ដងទៀត: តើមានបុគ្គលខ្លះក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំអ្នកដែលបានលែងមានសកម្មភាពក្នុងការផ្សព្វផ្សាយដំណឹងល្អឬទេ? ពួកគេទាំងនេះនៅតែជាសមាជិកក្រុមជំនុំហើយត្រូវការជំនួយ។ (ទំនុក. ១១៩:១៧៦) ដោយព្រោះទីបញ្ចប់នៃរបបលោកីយ៍នេះគឺជិតមកដល់ហើយ និងពិភពលោកថ្មីនឹងមកនៅពេលឆាប់ៗខាងមុខនេះ យើងមានហេតុដ៏ល្អដែលយើងគួរខិតខំអស់ពីសមត្ថភាពដើម្បីជួយអ្នកដែលលែងមានសកម្មភាព។ (រ៉ូម ១៣:១១, ១២) ជារៀងរាល់ឆ្នាំ ក្នុងកំឡុងប្រាំឆ្នាំកន្លងទៅហើយនេះ បងប្អូនជាង២៦.៥០០នាក់បានត្រូវជួយឲ្យមានសកម្មភាពឡើងវិញ។ តើយើងអាចធ្វើយ៉ាងដូចម្ដេចដើម្បីធ្វើឲ្យសេចក្ដីស្រឡាញ់និងជំនឿស៊ប់របស់មនុស្សជាច្រើនទៀតចាប់ផ្ដើមឆេះរងំឡើងវិញម្ដងទៀតដូចជាពេលគេទើបតែចាប់ផ្ដើមផ្សព្វផ្សាយ?—ហេ. ៣:៧, ១៣, ១៤
១៥ ក្រុមអ្នកចាស់ទុំត្រូវពិគ្រោះនូវរបៀបដែលពួកគេអាចជួយអ្នកដែលបានទៅជាឥតសកម្មក្នុងកំឡុងពីរបីឆ្នាំមុន។ (ម៉ាថ. ១៨:១២-១៤) ស្មៀនក្រុមជំនុំត្រូវឆែកមើលកាតសកម្មភាពផ្សព្វផ្សាយរបស់អ្នកផ្សាយក្រុមជំនុំនឹងកត់ចំណាំឈ្មោះអ្នកណាដែលបានក្លាយទៅជាឥតសកម្ម។ អ្នកចាស់ទុំត្រូវព្យាយាមជួយអ្នកទាំងនោះតាមរយៈការគង្វាល។ អ្នកចាស់ទុំម្នាក់ប្រហែលជាស្រួលទៅជួបអ្នកផ្សាយម្នាក់ ដោយសារគាត់ស្គាល់អ្នកផ្សាយនោះជិតស្និទ្ធឬគាត់អាចសុំអ្នកផ្សាយឯទៀតជួយក្នុងរឿងនេះក៏បាន។ ប្រហែលជាអ្នកផ្សាយដែលបានបង្រៀនព្រះគម្ពីរដល់អ្នកឥតសកម្មនោះ នឹងរីករាយចំពោះឱកាសផ្ដល់ជំនួយដ៏ពិសេសបែបនេះ។ យើងសង្ឃឹមថា អ្នកឥតសកម្មជាច្រើននាក់នឹងត្រូវជំរុញឲ្យចាប់ផ្ដើមផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះម្ដងទៀត។ ប្រសិនជាអ្នកនោះមានលក្ខណៈគ្រប់គ្រាន់ ក្នុងកំឡុងខែបុណ្យរំឭកនេះជាពេលអំណោយផលបំផុតដែលគេអាចចាប់ផ្ដើមម្ដងទៀតបាន!—សូមមើលប្រអប់សំនួរក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងពីខែវិច្ឆិកា ឆ្នាំ២០០០ ដើម្បីទទួលពត៌មានថែមទៀត។
១៦ តើមានអ្នកផ្សេងទៀតដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមផ្សព្វផ្សាយទេ?: ព្រះយេហូវ៉ាបន្តប្រទានពរទៅលើរាស្ត្ររបស់ទ្រង់ដោយនាំមកនូវ«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍»។ (ហាក. ២:៧) ជារៀងរាល់ឆ្នាំ រាប់ពាន់នាក់បំពេញតម្រូវការនិងក្លាយជាអ្នកផ្សាយមិនទាន់ជ្រមុជទឹក។ តើពួកគេជាអ្នកណាខ្លះ? ពួកគេជាកូនរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាព្រមទាំងសិស្សសិក្សាព្រះគម្ពីរដែលកំពុងតែរីកចំរើន។ តើដោយដូចម្ដេចដែលយើងអាចដឹងថា គេមានលក្ខណៈគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកផ្សាយនោះ?
១៧ កូនរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា: កូនជាច្រើនធ្លាប់ទៅជាមួយមាតាបិតារបស់គេពីផ្ទះមួយទៅផ្ទះមួយអស់ជាច្រើនឆ្នាំហើយ ទោះជាគេមិនទាន់ជាអ្នកផ្សាយមិនទាន់ជ្រមុជទឹកក៏ដោយ។ ខែមីនាប្រហែលជាពេលល្អឲ្យគេចាប់ផ្ដើម។ តើអ្នកអាចដឹងថាកូនរបស់អ្នកមានលក្ខណៈគ្រប់គ្រាន់បានយ៉ាងណា? ទំព័រទី១០០ក្នុងសៀវភៅការរៀបចំដើម្បីសម្រេចកិច្ចការផ្សាយរបស់យើងចែងថា គេមានលក្ខណៈគ្រប់គ្រាន់«ពេលកូនម្នាក់ជាគំរូល្អខាងកិរិយាប្រព្រឹត្ត និងមានសមត្ថភាពនិយាយដោយខ្លួនឯងអំពីជំនឿរបស់ខ្លួនដោយសារចិត្តគាត់ជំរុញ»។ បើសិនជាអ្នកគិតថាកូនរបស់អ្នកមានលក្ខណៈគ្រប់គ្រាន់នោះ សូមនិយាយជាមួយអ្នកចាស់ទុំដែលជាសមាជិកគណៈកម្មាធិការខាងកិច្ចបំរើក្រុមជំនុំ។
១៨ សិស្សព្រះគម្ពីរដែលមានលក្ខណៈគ្រប់គ្រាន់: ក្រោយសិស្សព្រះគម្ពីរម្នាក់បានទទួលចំណេះដឹងមួយកំរិតនិងបានទៅកិច្ចប្រជុំអស់មួយរយៈហើយនោះ គាត់ប្រហែលជាចង់ទៅជាអ្នកផ្សាយព្រះរាជាណាចក្រ។ បើសិនជាអ្នកបង្រៀនសិស្សម្នាក់បែបនេះ សូមពិចារណាសំនួរដូចតទៅនេះថា: តើគាត់កំពុងតែរីកចំរើនតាមតែសមត្ថភាពនិងអាយុរបស់គាត់ឬ? តើគាត់បានចាប់ផ្ដើមនិយាយជាមួយអ្នកឯទៀតក្រៅផ្លូវការអំពីជំនឿរបស់គាត់ឬទេ? តើគាត់បានចាប់ផ្ដើមបង្ហាញ«លក្ខណៈសម្បត្ដិថ្មី»ទេ? (កូល. ៣:១០, ព.ថ.) តើគាត់បំពេញតម្រូវការដែលត្រូវកំណត់សំរាប់អ្នកផ្សាយមិនទាន់ជ្រមុជទឹកនៅក្នុងសៀវភៅកិច្ចបំរើផ្សាយរបស់យើង នៅទំព័រ៩៧-៩៩ហើយឬនៅ? បើដូច្នេះ អ្នកអាចទាក់ទងជាមួយនឹងគណៈកម្មាធិការខាងកិច្ចបំរើក្រុមជំនុំ ដើម្បីរៀបចំឲ្យមានអ្នកចាស់ទុំពីរនាក់ជួបជាមួយអ្នកនិងសិស្សរបស់អ្នក។ បើសិនជាគាត់បំពេញតម្រូវការនោះ អ្នកចាស់ទុំពីរនាក់នេះនឹងប្រាប់គាត់ថា គាត់អាចចាប់ផ្ដើមផ្សព្វផ្សាយជាសាធារណៈបាន។
១៩ ចុះយ៉ាងណាវិញក្នុងខែមេសានិងឧសភា: ខែទាំងពីរនេះក៏នឹងជាពេលសំរាប់កិច្ចបំរើផ្សាយរឹតតែច្រើនផងដែរ។ បងប្អូនជាច្រើនដែលត្រួសត្រាយជំនួយក្នុងខែមីនា ប្រហែលជាអាចត្រួសត្រាយម្ដងទៀតក្នុងខែមេសាឬខែឧសភាឬក៏ទាំងពីរខែនេះក៏បាន។ ក្នុងខែមេសានិងឧសភា យើងនឹងប្រើទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ឲ្យច្រើនបំផុតក្នុងកិច្ចបំរើ។ ទស្សនាវដ្ដីនោះបានមានឥទ្ធិពលយ៉ាងល្អប្រពៃណាស់ ទៅលើជីវិតរបស់អ្នកអាន! ទស្សនាវដ្ដីនេះបានមានតួនាទីដ៏សំខាន់ក្នុងការចំរើនកើនឡើងដែលយើងមានទូទាំងពិភពលោក។ ក្នុងខែមេសានិងឧសភា យើងនឹងព្យាយាមជាពិសេសដើម្បីផ្ដល់ទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ដល់មនុស្សច្រើនបំផុតដែលអាចផ្ដល់ទៅបាន។ ចូរត្រៀមលក្ខណៈឥឡូវនេះដើម្បីរួមចំណែកឲ្យបានពេញលេញ។
២០ នៅចំពោះមុខគម្រោងដែលបង្កើនសកម្មភាពផ្សព្វផ្សាយនេះ តើអ្នកត្រូវកុម្ម៉ង់ទស្សនាវដ្ដីច្រើនជាងពីក្រុមជំនុំទេ? ក្នុងឆ្នាំកិច្ចបំរើមួយៗនោះ យើងផ្ដល់ទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! រៀងរាល់ថ្ងៃសៅរ៍ដែលជាថ្ងៃយើងកំណត់ដើម្បីចែកទស្សនាវដ្ដី។ ប៉ុន្តែ ដោយព្រោះបងប្អូនជាច្រើននឹងត្រួសត្រាយជំនួយ ហើយយើងទាំងអស់គ្នានឹងផ្ដល់ទស្សនាវដ្ដីពេញពីរខែនោះ ប្រហែលជាអ្នកនឹងត្រូវកុម្ម៉ង់ទស្សនាវដ្ដីច្រើនជាងពីក្រុមជំនុំ។ បើដូច្នេះ សូមទាក់ទងបងប្រុសដែលទទួលខុសត្រូវផ្នែកទស្សនាវដ្ដីក្រុមជំនុំភ្លាមៗ។ ក្នុងពេលដំណាលគ្នានេះ អ្នកទទួលខុសត្រូវផ្នែកប្រកាសនវត្ថុត្រូវស្តុកទុកខិត្តប័ណ្ណតើលោកអ្នកចង់រៀនព្រះគម្ពីរទេ? ឲ្យបានច្រើនដើម្បីឲ្យបងប្អូនប្រើ។
២១ បងប្អូនជាច្រើនបានថ្លែងអំណរគុណសំរាប់ផ្នែក«អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង»ដែលមានក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង។ តើអ្នកឆ្លៀតប្រយោជន៍ពីសំវិធានការនេះដោយរៀនពាក្យផ្សព្វផ្សាយក្នុងនោះទេ? អ្នកក៏អាចប្រើពេលខ្លះនៃការសិក្សាជាក្រុមគ្រួសារដើម្បីសមពាក្យផ្សព្វផ្សាយទាំងនោះ។
២២ ចូរឆ្លៀតប្រយោជន៍ឲ្យបានច្រើនបំផុតពីខែបុណ្យរំឭក: ដូចសាវ័កប៉ុល ចូរឲ្យយើងបង្ហាញព្រះយេហូវ៉ានូវជម្រៅចិត្តកតញ្ញូតាធម៌របស់យើងចំពោះ«អំណោយទានទ្រង់ដ៏រកថ្លែងពុំបាន» ដោយចូលរួមយ៉ាងពេញទំហឹងក្នុងសកម្មភាពខាងវិញ្ញាណដែលត្រូវរៀបចំសំរាប់ខែបុណ្យរំឭក។ សកម្មភាពនេះរួមបញ្ចូល (១) មានវត្តមាននៅឱកាសដ៏សំខាន់បំផុតប្រចាំឆ្នាំ គឺជាពិធីអាហារពេលល្ងាចរបស់ព្រះអម្ចាស់ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០០២ (២) ជួយអ្នកដែលឥតសកម្មឲ្យមាន«សេចក្ដីស្រឡាញ់ដើម[របស់គេ]»ឡើងវិញ។ (វិវរ. ២:៤; រ៉ូម ១២:១១) (៣) ការជួយកូនរបស់យើងនិងសិស្សព្រះគម្ពីរណាដែលមានលក្ខណៈគ្រប់គ្រាន់ឲ្យក្លាយទៅជាអ្នកផ្សាយ និង(៤) ការចូលរួមកិច្ចផ្សព្វផ្សាយឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន និងរហូតដល់ត្រួសត្រាយជំនួយក្នុងខែមីនានិងបន្តបន្ទាប់ទៀត។—២ធី. ៤:៥
២៣ យើងអធិស្ឋានស្មោះអស់ពីចិត្តដែលយើងទាំងអស់គ្នានឹងចូលរួមយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រក្នុងខែបុណ្យរំឭក ព្រមទាំងបង្ហាញជម្រៅចិត្តកតញ្ញូធម៌ចំពោះអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាប្រព្រឹត្តដើម្បីយើង។
[ប្រអប់នៅទំព័រ៦]
កាលវិភាគកិច្ចផ្សព្វផ្សាយផ្ទាល់ខ្លួនសំរាប់ខែមីនាឆ្នាំ២០០២
ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍
១ ២
ថ្ងៃចែកទស្សនាវដ្ដី
៣ ៤ ៥ ៦ ៧ ៨ ៩
ថ្ងៃចែកទស្សនាវដ្ដី
១០ ១១ ១២ ១៣ ១៤ ១៥ ១៦
ថ្ងៃចែកទស្សនាវដ្ដី
១៧ ១៨ ១៩ ២០ ២១ ២២ ២៣
ថ្ងៃចែកទស្សនាវដ្ដី
២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០
បុណ្យរំឭក ថ្ងៃចែកទស្សនាវដ្ដី
បន្ទាប់ពីថ្ងៃលិច
៣១
តើអ្នកអាចឆ្លៀតពេល៥០ម៉ោងដើម្បីត្រួសត្រាយជំនួយក្នុងខែមីនាបានទេ?