ចូរផ្សព្វផ្សាយហើយធ្វើបន្ទាល់យ៉ាងសព្វគ្រប់
១ ដោយសារព្រះយេស៊ូ«ជាអ្នកនាំមុខ ហើយជាអ្នកបង្គាប់ដល់គេ»នោះ ទ្រង់បានបង្វឹកបង្វឺនសិស្សរបស់ទ្រង់ដើម្បីអាចផ្សព្វផ្សាយឲ្យបានច្រើននៅខាងមុខទៀត។ (អេសា. ៥៥:៤; លូ. ១០:១-១២; កិច្ច. ១:៨) សាវ័កពេត្រុសបានរៀបរាប់អំពីកិច្ចការដែលព្រះយេស៊ូបានប្រគល់ដល់ពួកគេនោះ ដោយចែងថា៖ «ទ្រង់ក៏ផ្ដាំមកយើងរាល់គ្នា ឲ្យប្រកាសប្រាប់ដល់បណ្ដាជនទាំងឡាយ ហើយឲ្យធ្វើបន្ទាល់សព្វគ្រប់ថា គឺព្រះអង្គនេះហើយ ដែលព្រះបានតាំងឡើង ឲ្យជំនុំជំរះដល់ទាំងមនុស្សរស់ នឹងមនុស្សស្លាប់ផង»។ (កិច្ច. ១០:៤២) តើការធ្វើបន្ទាល់យ៉ាងសព្វគ្រប់នោះ តម្រូវឲ្យយើងធ្វើអ្វីខ្លះ?
២ យើងអាចរៀនបានច្រើនដោយពិនិត្យមើលគំរូរបស់សាវ័កប៉ុល។ នៅពេលដែលប៉ុលជួបជាមួយពួកអ្នកចាស់ទុំពីក្រុមជំនុំនៅទីក្រុងអេភេសូរនោះ គាត់បានរំឭកពួកគេថា៖ «ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្ដាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា នឹងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះហើយពីសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា»។ ថ្វីបើប៉ុលជួបប្រទះការពិបាកក៏ដោយ គាត់នៅតែព្យាយាមផ្សាយដំណឹងល្អដល់មនុស្សឲ្យបានច្រើនបំផុត។ ប៉ុលមិនគ្រាន់តែពេញចិត្តប្រាប់ពួកអ្នកស្ដាប់អំពីបឋមសិក្សានៃសេចក្ដីពិតតែប៉ុណ្ណោះទេ តែគាត់ខំប្រឹងប្រាប់ពួកគេអំពី«គ្រប់ទាំងគំនិតរបស់ព្រះ»វិញ។ ប៉ុលសុខចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ហើយខិតខំជាខ្លាំងដើម្បីបង្រៀនដល់អ្នកស្ដាប់។ ប៉ុលបានមានប្រសាសន៍តទៅទៀតថា៖ «ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ! ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ»។—កិច្ច. ២០:២០, ២១, ២៤, ២៧, កំណែជាអក្សរទ្រេត
៣ សព្វថ្ងៃនេះ តើយើងអាចយកតម្រាប់តាមគំរូរបស់ប៉ុលបានយ៉ាងណា? (១កូ. ១១:១) គឺដោយខំរកមនុស្សនិងក្រុមគ្រួសារទាំងឡាយណាដែលសមនឹងទទួលដំណឹងល្អ ទោះជាយើងកំពុងតែជួបប្រទះនឹងការលំបាកផ្ទាល់ខ្លួនក្ដី។ យើងអាចព្យាយាមផ្សាយដំណឹងល្អដល់មនុស្សពីគ្រប់ពូជអម្បូរនិងភាសាផ្សេងៗ ដោយយកចិត្តទុកដាក់ជួយមនុស្សដែលបង្ហាញចំណាប់អារម្មណ៍។ (ម៉ាថ. ១០:១២, ១៣) នេះតម្រូវឲ្យយើងមានសេចក្ដីស្រឡាញ់ចំពោះមនុស្ស ហើយឲ្យយើងចំណាយពេល ទាំងខំខ្នះខ្នែងផង។
៤ តើអ្នកអាចបំរើជាអ្នកត្រួសត្រាយជំនួយបានទេ? ខែមីនានិងខែមេសាជាខែដែលហុចឱកាសដ៏ល្អឲ្យអ្នកធ្វើបន្ទាល់យ៉ាងសព្វគ្រប់ ដោយបំរើជាអ្នកត្រួសត្រាយជំនួយ។ នៅឆ្នាំមុនយើងឃើញបងប្អូនជាច្រើនខិតខំធ្វើជាអ្នកត្រួសត្រាយជំនួយ នេះពិតជាអ្វីដែលលើកទឹកចិត្តយើងណាស់!។
៥ ទឹកចិត្តរបស់បងស្រីមួយរូបដែលមានអាយុ៨០ឆ្នាំ ហើយមានបញ្ហាខាងសុខភាពយ៉ាងច្រើនបានត្រូវជំរុញដោយការលើកទឹកចិត្តពីអង្គការរបស់ព្រះយេហូវ៉ា។ បងស្រីបានសរសេរថា៖ «តាំងពីយូរមកហើយខ្ញុំមានចិត្តចង់ធ្វើជាអ្នកត្រួសត្រាយជំនួយ ហើយការលើកទឹកចិត្តពីអង្គការរបស់ព្រះយេហូវ៉ាបានជំរុញចិត្តខ្ញុំខ្លាំងដល់ម្ល៉េះបានជាខ្ញុំត្រូវតែចុះឈ្មោះត្រួសត្រាយ»យ៉ាងហោចណាស់ឲ្យបានមួយដង។ បងស្រីបានតាំងចិត្តធ្វើជាអ្នកត្រួសត្រាយជំនួយនៅខែមីនា។ គាត់ប្រាប់ទៀតថា៖ «មុនដំបូង ខ្ញុំត្រូវគិតមើលសិន ថាតើខ្ញុំមានសមត្ថភាពអាចសម្រេចបានឬក៏អត់។ ខ្ញុំបានពិភាក្សាជាមួយកូនស្រីរបស់ខ្ញុំ ត្បិតខ្ញុំត្រូវការជំនួយពីនាងជាមិនខាន។ ខ្ញុំបានភ្ញាក់ផ្អើលខ្លាំងណាស់! សូម្បីតែនាងក៏បានចុះឈ្មោះផងដែរ»។ ក្នុងកំឡុងមួយខែនោះ បងស្រីដែលមានវ័យចាស់នេះបានចំណាយអស់៥២ម៉ោងក្នុងកិច្ចបំរើផ្សាយ។ គាត់មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានអធិស្ឋានច្រើនដងសុំព្រះយេហូវ៉ាពង្រឹងកម្លាំងខ្ញុំ ពេលដែលខ្ញុំអស់កំលាំងនោះ។ នៅចុងខែមីនាខ្ញុំសប្បាយក្នុងចិត្តណាស់និងមានសុភមង្គលផងដែរ ហើយខ្ញុំក៏បានអធិស្ឋានអរព្រះគុណព្រះយេហូវ៉ាយ៉ាងច្រើន ដោយសារទ្រង់បានជួយខ្ញុំឲ្យធ្វើដូច្នេះបាន។ ខ្ញុំក៏ចង់ធ្វើជាអ្នកត្រួសត្រាយជំនួយម្ដងទៀតផងដែរ»។ បទពិសោធន៍របស់បងស្រីដែលមានសុភមង្គលដោយសារគាត់ខិតខំនោះ អាចលើកទឹកចិត្តបងប្អូនឯទៀតដែលមានបញ្ហាខ្លាំងខាងសុខភាពតែមានចិត្តចង់ធ្វើជាអ្នកត្រួសត្រាយជំនួយ។
៦ ដោយមិនដឹងទុកជាមុន បងប្រុសម្នាក់បានបាត់បង់ការងារធ្វើរបស់គាត់ តែគាត់បានឆ្លៀតយកប្រយោជន៍ពីកាលៈទេសៈនោះដោយធ្វើជាអ្នកត្រួសត្រាយជំនួយ។ ក្នុងកំឡុងខែនោះ គាត់មានចិត្តខ្នះខ្នែងកាន់តែច្រើនក្នុងកិច្ចផ្សព្វផ្សាយដល់ម្ល៉េះបានជាមកដល់ចុងខែនោះ គាត់មានសិស្សថ្មីម្នាក់កំពុងតែរៀនព្រះគម្ពីរ។ ពេលដែលបងប្រុសនេះនឹកគិតអំពីអ្វីដែលគាត់បានពិសោធនោះ គាត់មានប្រសាសន៍ថា៖ «ខែនោះគឺជាខែដែលសប្បាយណាស់!»។ បងប្រុសនេះមានចិត្តរំភើបដោយសារគាត់បានទទួលការណែនាំនិងជំនួយពីព្រះ! ត្រូវមែន ព្រះយេហូវ៉ាបានប្រទានពរយ៉ាងច្រើនដល់បងប្រុសនេះពីព្រោះគាត់បានខំប្រឹងប្រែងក្នុងកិច្ចបំរើផ្សាយរបស់គាត់ ហើយដូចគ្នានេះព្រះយេហូវ៉ាក៏អាចប្រទានពរដល់អ្នកផងដែរ។—ម៉ាឡ. ៣:១០
៧ បងប្អូនជាច្រើនមិនអាចធ្វើជាអ្នកត្រួសត្រាយជំនួយយ៉ាងស្រួលនោះទេ។ យ៉ាងណាក៏ដោយ បងប្អូនប្រុសស្រីជាច្រើននាក់បានចុះឈ្មោះទោះមានភារកិច្ចផ្សេងៗក្នុងរង្វង់គ្រួសារ ឬក៏មានការពិបាកណាក្ដី។ ជួនកាលការធ្វើបន្ទាល់សព្វគ្រប់តម្រូវឲ្យយើងចំណាយពេលនិងកម្លាំងដែលយើងមិនសូវមានច្រើននោះឡើយ ប៉ុន្តែ អំណោយពរដែលមានជាលទ្ធផលនោះ គឺគ្មានអ្វីប្រៀបផ្ទឹមបាននោះទេ។—សុ. ១០:២២
៨ ខែមីនានិងខែមេសាហុចឱកាសល្អឲ្យយើងធ្វើជាអ្នកត្រួសត្រាយជំនួយ។ ខែមីនាមានថ្ងៃសៅរ៍និងថ្ងៃអាទិត្យប្រាំដង។ បងប្អូនណាដែលធ្វើការពេញពេលពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអាចឆ្លៀតយកថ្ងៃសៅរ៍និងថ្ងៃអាទិត្យហើយចំណាយពេលខ្លះទៀតនៅពេលល្ងាចដែរដើម្បីផ្សព្វផ្សាយនោះ នេះប្រហែលអាចធ្វើជាអ្នកត្រួសត្រាយជំនួយបាន។ បន្ថែមទៅទៀត អ្នកអាចឆ្លៀតទៅផ្សព្វផ្សាយនៅថ្ងៃដែលរដ្ឋឲ្យឈប់ធ្វើការក្នុងខែមេសាដែរ។ បងប្អូនខ្លះបានវិស្សមកាលពីសាលារៀនឬពីកន្លែងធ្វើការ ដូច្នេះពួកគេអាចចំណាយពេលទាំងនោះដើម្បីផ្សព្វផ្សាយគ្រប់៥០ម៉ោងបាន។ ភ្ជាប់ជាមួយអត្ថបទនេះមានកាលវិភាគខ្លះជាយោបល់ដើម្បីអាចបាន៥០ម៉ោងក្នុងកិច្ចបំរើផ្សាយជាអ្នកត្រួសត្រាយជំនួយក្នុងខែមីនាឬខែមេសា។ តើអ្នកអាចធ្វើតាមកាលវិភាគណាមួយបានឬទេ? សូមពិភាក្សាជាមួយបងប្អូនឯទៀតអំពីកាលវិភាគរបស់អ្នក ហើយប្រហែលជាបងប្អូនណាម្នាក់នឹងចង់ចូលរួមផ្សព្វផ្សាយជាមួយអ្នកក៏មិនដឹង។ បើអ្នកមិនអាចធ្វើជាអ្នកត្រួសត្រាយជំនួយបានទេ សូមតាំងគោលដៅជាក់លាក់មួយសំរាប់ខែទាំងប៉ុន្មាននោះ ហើយជួយផ្សព្វផ្សាយជាមួយបងប្អូនដែលកំពុងធ្វើជាអ្នកត្រួសត្រាយ។ ចូររៀបចំកម្មវិធីរបស់អ្នកនៅពេលឥឡូវនេះ ដើម្បីរួមចំណែកឲ្យបានច្រើនជាងក្នុងកិច្ចបំរើផ្សាយក្នុងខែមីនានិងខែមេសា។
៩ ចូរបង្ហាញចិត្តកតញ្ញូពេលបុណ្យរំឭក: ក្នុងកំឡុងពេលប៉ុន្មានសប្ដាហ៍មុននិងក្រោយពិធីបុណ្យរំឭកនោះ កតញ្ញូធម៌ចំពោះតម្លៃលោះជំរុញទឹកចិត្តបងប្អូនរាប់ពាន់នាក់ឲ្យ‹ឆ្លៀតយកឱកាស›ដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយ។ (អេភ. ៥:១៥, ១៦) នៅប្រទេសកម្ពុជាឆ្នាំមុននេះ មានអ្នកត្រួសត្រាយជំនួយ២៣នាក់ក្នុងខែមីនា ហើយ១៣នាក់ក្នុងខែមេសា។ ចំនួនមធ្យមសំរាប់ខែទាំងពីរនោះគឺ១៨នាក់។ ប៉ុន្តែ ក្នុងខែកញ្ញាដល់ខែកុម្ភៈនៃឆ្នាំកិច្ចបំរើនោះ មានចំនួនអ្នកត្រួសត្រាយជំនួយជាមធ្យមតែ៧,៧នាក់ប៉ុណ្ណោះ។ មុននិងក្រោយយើងធ្វើពិធីបុណ្យរំឭកនៅឆ្នាំនេះ ដែលជាឱកាសល្អឲ្យយើងបង្ហាញនូវកតញ្ញូធម៌ស្មោះអស់ពីចិត្តចំពោះយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ ដោយរួមចំណែកកាន់តែច្រើនក្នុងកិច្ចបំរើផ្សាយរបស់យើង។
១០ ពេលដែលថ្ងៃទី១៦ ខែមេសាជិតមកដល់ហើយនោះ ចូរត្រិះរិះពិចារណាថា តើពិធីបុណ្យរំឭកមានសារៈសំខាន់អ្វីចំពោះខ្លួនអ្នកផ្ទាល់? ចូររំពឹងគិតអំពីព្រឹត្ដិការណ៍ដែលបាននាំទៅដល់ការសោយទិវង្គតរបស់ព្រះគ្រីស្ទ ហើយអំពីការព្រួយលំបាករបស់ទ្រង់នោះ។ សូមរំពឹងគិតអំពីអ្វីដែលធ្វើឲ្យទ្រង់មានអំណរ ហើយរបៀបដែលអំណរនោះអាចជួយទ្រង់ស៊ូទ្រាំ ទោះជាគេប្រព្រឹត្តយ៉ាងសាហាវទៅលើទ្រង់ក៏ដោយ។ សូមជញ្ជឹងគិតផងដែរអំពីមុខតំណែងរបស់ទ្រង់នាបច្ចុប្បន្ននេះជាសិរសានៃក្រុមជំនុំ ហើយថាទ្រង់កំពុងតែនាំមុខយើងក្នុងកិច្ចការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (១កូ. ១១:៣; ហេ. ១២:២; វិវរ. ១៤:១៤-១៦) រួចមក ចូររួមចំណែកយ៉ាងពេញលេញក្នុងកិច្ចការផ្សព្វផ្សាយតាមកាលៈទេសៈរបស់ខ្លួន ដែលជាការបង្ហាញនូវចិត្តកតញ្ញូរបស់អ្នកចំពោះអ្វីៗទាំងអស់ដែលព្រះគ្រីស្ទបានសម្រេចប្រយោជន៍ដល់យើងរាល់គ្នា។
១១ លើកទឹកចិត្តបងប្អូនឯទៀតឲ្យធ្វើបន្ទាល់យ៉ាងសព្វគ្រប់: បើពួកអ្នកចាស់ទុំនិងពួកអ្នកងារជំនួយចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយដែរ នោះពួកគេអាចមានឱកាសល្អដើម្បីលើកទឹកចិត្តបងប្អូនឯទៀតក្នុងក្រុមជំនុំ។ ពេលដែលពួកគាត់ផ្សព្វផ្សាយជាមួយអ្នកផ្សាយនិមួយៗ ហើយពេលដែលពួកគាត់បំពេញមុខងារជាអ្នកគង្វាលដោយមកជួបជាមួយបងប្អូន នោះពួកគាត់មានឱកាសជួយបងប្អូនឯទៀតរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចការពិសេសនេះ។ សូមឲ្យយើងរាល់គ្នាអធិស្ឋានអំពីកិច្ចបំរើពិសេសនេះ ហើយនេះអាចពង្រឹងនូវការខំប្រឹងរបស់យើងក្នុងការរួបរួមគ្នាធ្វើបន្ទាល់យ៉ាងសព្វគ្រប់។
១២ ពួកអ្នកចាស់ទុំនិងពួកអ្នកងារជំនួយទាំងឡាយនឹងរួមកម្លាំងគ្នាធ្វើតាមការរៀបចំក្នុងក្រុមជំនុំដើម្បីចំរើនកិច្ចបំរើផ្សាយក្នុងកំឡុងខែមីនានិងខែមេសា។ ប៉ុន្តែ អ្នកត្រួតពិនិត្យកិច្ចបំរើមានមុខនាទីចំបង ក្នុងការរៀបចំកម្មវិធីសំរាប់ការផ្សព្វផ្សាយ។ អ្នកត្រួតពិនិត្យកិច្ចបំរើគួររៀបចំកំណត់ថ្ងៃនិងម៉ោង ហើយទីកន្លែងឲ្យបងប្អូនភាគច្រើនស្រួលជួបជុំគ្នានិងទៅផ្សព្វផ្សាយ ហើយគាត់ក៏គួររៀបចំដើម្បីជូនដំណឹងនេះឲ្យបានច្រើនដងផងដែរ។ គាត់អាចរៀបចំកម្មវិធីជួបជុំគ្នាសំរាប់កិច្ចផ្សព្វផ្សាយនៅម៉ោងផ្សេងៗក្នុងថ្ងៃនិមួយៗ ដែលបើកឱកាសឲ្យបងប្អូនទាំងឡាយចូលរួមផ្សព្វផ្សាយតាមរបៀបផ្សេងទៀតដូចជាការផ្សព្វផ្សាយនៅតំបន់ជំនួញ ការផ្សព្វផ្សាយតាមផ្លូវ ពីផ្ទះមួយទៅផ្ទះមួយ ការត្រឡប់ទៅជួប ហើយតាមទូរស័ព្ទក៏មាន។ បន្ថែមទៅទៀតនោះ អ្នកត្រួតពិនិត្យកិច្ចបំរើគួររៀបចំឲ្យមានឧបករណ៍ផ្សាយនិងទស្សនាវដ្ដីឲ្យបានច្រើន ទាំងប្រាកដថា មានកន្លែងផ្សាយច្រើនគ្រប់គ្រាន់សំរាប់ខែទាំងប៉ុន្មាននោះ។
១៣ សៀវភៅចំណេះជាឧបករណ៍ផ្សាយសំរាប់ខែមីនា ហើយយើងក៏មានគោលដៅរកសិស្សថ្មីៗដើម្បីចាប់ផ្ដើមសិក្សាព្រះគម្ពីរ។ កិច្ចបំរើព្រះរាជាណាចក្រយើងនៅខែកញ្ញា ឆ្នាំ២០០១ ទំព័រទី១ មានយោបល់ល្អៗសំរាប់ការស្នើផ្ដល់សៀវភៅចំណេះ។ នៅខែមេសាយើងនឹងស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម។ សូមសាកប្រើយោបល់ដែលមានក្នុងប្រអប់ «អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង»។ យើងរាល់គ្នាគួរឆ្លៀតពេលរៀបចំទុកជាមុនដើម្បីធ្វើបន្ទាល់យ៉ាងសព្វគ្រប់។
១៤ យើងមានសុភមង្គលពិតមែន! ដែលមកពីការបំពេញភារកិច្ចរបស់យើងក្រោមការណែនាំពីព្រះយេស៊ូគ្រីស្ទជាសិរសានៃក្រុមជំនុំ ហើយយើងក៏មានសុភមង្គលដែរដោយព្រោះយើងមានកិត្ដិយសដោយចូលរួមកិច្ចការផ្សាយដំណឹងល្អដល់មនុស្សដទៃទៀត។ ពេលដែលជិតមកដល់ខែមីនានិងខែមេសា ចូរយើងខំព្យាយាមចុះ! ដើម្បីធ្វើឲ្យកិច្ចបំរើរបស់យើងឡើងដល់កំពូលហើយឲ្យបានច្រើនជាងមុនៗទៅទៀត ពេលដែលយើងស្ដាប់តាមបង្គាប់របស់ព្រះគ្រីស្ទឲ្យផ្សព្វផ្សាយទាំងធ្វើបន្ទាល់យ៉ាងសព្វគ្រប់។
[Box on page 4]
កាលវិភាគផ្សេងៗដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយ ក្នុងខែមីនានិងខែមេសា ឆ្នាំ២០០៣
ថ្ងៃ ចំនួនម៉ោង
ថ្ងៃច័ន្ទ ១ ២ — — ២ —
ថ្ងៃអង្គារ ១ — ៣ — — —
ថ្ងៃពុធ ១ ២ — ៥ — —
ថ្ងៃព្រហស្បតិ៍ ១ — ៣ — — —
ថ្ងៃសុក្រ ១ ២ — — — —
ថ្ងៃសៅរ៍ ៥ ៤ ៣ ៥ ៦ ៧
ថ្ងៃអាទិត្យ ២ ២ ៣ ២ ២ ៣
ខែមីនា ៥៦ ៥៦ ៥៤ ៥៥ ៥០ ៥០
ខែមេសា ៥០ ៥០ ៥១ ៥៣ — —
តើអ្នកអាចធ្វើតាមកាលវិភាគណាមួយបានទេ?