ចូរសរសើរព្រះយេហូវ៉ាដោយច្រៀងចម្រៀង
១ ការច្រៀងចម្រៀងជាផ្នែកមួយដ៏សំខាន់ក្នុងការថ្វាយបង្គំពិតនៅព្រះវិហាររបស់ព្រះយេហូវ៉ា។ នៅសម័យស្តេចដាវីឌ ជាង១០ភាគរយនៃអ្នកបម្រើនៅឯព្រះវិហារបានចាត់តាំងឲ្យលេងភ្លេង ហើយក្នុងចំណោមនោះមាន២៨៨នាក់បានហាត់ច្រៀងយ៉ាង«ប្រសប់»ដើម្បីសរសើរព្រះយេហូវ៉ា។ ពួកគេពិតជាចាត់ទុកការច្រៀងចម្រៀងជាអ្វីដ៏សំខាន់មែន!—១របា. ២៣:៣, ៥; ២៥:៧
២ នៅសម័យគ្រិស្តសាសនិកក្រោយមកទៀត ព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់បានច្រៀងចម្រៀងនៅពេលពិធីអាហារល្ងាចរបស់ព្រះអម្ចាស់បានបញ្ចប់។ (ម៉ាក. ១៤:២៦) សាវ័កប៉ុលក៏បានបញ្ជាក់ប្រាប់យើងម្ដងហើយម្ដងទៀតឲ្យច្រៀងសរសើរព្រះរបស់យើង។ នៅកូល៉ុស ៣:១៦គាត់បានសរសេរថា៖ «ចូរឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទ បានសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងបង្រៀន ហើយទូន្មានគ្នា ដោយនូវទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយ[ព្រះយេហូវ៉ា]»។—សូមមើលអេភេសូរ ៥:១៩, ២០
៣ ការច្រៀងចម្រៀងព្រះរាជាណាចក្រជាវីធីមួយដែលយើងអាចសរសើរព្រះយេហូវ៉ា។ ដូច្នេះយើងចង់ច្រៀងឲ្យអស់ពីចិត្តរបស់យើង មែនទេ? ពេលយើងច្រៀងអស់ពីចិត្ត យើងផ្ដល់សេចក្ដីសរសើរដល់ព្រះយេហូវ៉ា។ ទ្រង់សណ្ដាប់ចម្រៀងដែលយើងច្រៀងថ្វាយទ្រង់ ដូចទ្រង់សណ្ដាប់សេចក្ដីអធិស្ឋានរបស់យើងដែរ។ ពេលយើងច្រៀងអស់ពីចិត្ត យើងក៏អាចធ្វើឲ្យអ្នកឯទៀតមានចិត្តសប្បាយ និងខ្លួនយើងក៏ទទួលប្រយោជន៍។
៤ សូមគិតអំពីពាក្យដ៏ពីរោះនៃចម្រៀងរបស់យើង។ ពាក្យពីរោះទាំងនោះពិតជាជួយយើងក្នុងការ«បង្រៀន ហើយទូន្មានគ្នា»ទៅវិញទៅមក។ បទចម្រៀងពិតជាមានដំបូន្មានដ៏ល្អមែន! ដោយយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះដំបូន្មាននោះ អាចជួយយើងបណ្ដុះឲ្យមានផលផ្លែនៃវិញ្ញាណបរិសុទ្ធយ៉ាងពេញលេញ ដែលអាចការពារយើងពីឥទ្ធិពលអាក្រក់ខាងសាច់ឈាម និងលោកិយនេះ។ ការច្រៀងចម្រៀងលើកទឹកចិត្តយើងឲ្យបម្រើព្រះយេហូវ៉ាដោយចិត្តក្លាហាន និងសប្បាយ។
៥ ដើម្បីចាប់ផ្ដើមច្រៀងចម្រៀងឲ្យបានល្អនៅកិច្ចប្រជុំ អ្នកបើកកម្មវិធី អាចប្រកាសប្រាប់លេខចម្រៀង និងចំណងជើងដែរ។ ម្ដងម្កាលគាត់អាចបញ្ជាក់ខគម្ពីរដែលជាមូលដ្ឋាននៃបទចម្រៀង និងក៏អាចជូនយោបល់យ៉ាងខ្លីអំពីរបៀបដែលខគម្ពីរទាក់ទងនឹងចម្រៀង។
៦ បទភ្លេងព្រះរាជាណាចក្រនិងកាសែតដែលមានភ្លេងព្យ៉ាណូ ជាឧបករណ៍ដ៏ល្អដើម្បីជួយក្រុមគ្រួសារឲ្យស្គាល់ចម្រៀងប្រសើរជាង។ ការចាក់បទភ្លេងទាំងនេះជាភ្លេងកំដរ ជាវីធីសប្បាយមួយដើម្បីឲ្យយើង ស្គាល់បទភ្លេងច្បាស់ជាង។
៧ បទគម្ពីរនានារំលឹកម្ដងហើយម្ដងទៀត អំពីកាតព្វកិច្ចរបស់យើងក្នុងការសរសើរព្រះវរបិតាស្ថានសួគ៌ ដែលប្រកបដោយសេចក្ដីស្រឡាញ់តាមរយៈចម្រៀង។ ចូរយើងច្រៀងសរសើរទ្រង់ឲ្យអស់ពីចិត្ត។ ដោយធ្វើដូច្នេះយើងអាចធ្វើបន្ទាល់ដល់អ្នកថ្មីដែលមកជួបជុំជាមួយយើង។ ត្រូវហើយ ចូរឲ្យយើងច្រៀងចម្រៀងសរសើរព្រះយេហូវ៉ា ដូចដាវីឌពីសម័យបុរាណ។—ទំនុក. ១០៨:១-៣