ចូរធ្វើតាមគំរូគ្រូដ៏ឧត្តមពេលប្រើសៀវភៅព្រះគម្ពីរបង្រៀន
១ ព្រះយេស៊ូជាគ្រូដ៏ឧត្តមតែងតែពន្យល់អ្វីៗតាមរបៀបដែលងាយយល់ និងច្បាស់។ ដើម្បីជំរុញអ្នកស្ដាប់ឲ្យចេះគិត ជួនកាលទ្រង់សួរអំពីទស្សនៈរបស់ពួកគេជាមុនសិន។ (ម៉ាថ. ១៧:២៤-២៧) ទ្រង់តែងប្រមូលអារម្មណ៍អ្នកស្ដាប់ទៅលើបន្ទូលរបស់ព្រះ។ (ម៉ាថ. ២៦:៣១; ម៉ាក. ៧:៦) ដោយយល់ថាពួកសិស្សត្រូវរៀនអ្វីជាច្រើនទៀត ព្រះយេស៊ូប្រុងប្រយ័ត្នមិនឲ្យព័ត៌មានច្រើនពេកដល់ពួកគេ។ (យ៉ូន. ១៦:១២) ព្រះយេស៊ូក៏យកព្រះទ័យទុកដាក់ចំពោះពួកសិស្សថាតើពួកគេជឿ និងយល់នូវអ្វីដែលទ្រង់បង្រៀនឬទេ? (ម៉ាថ. ១៣:៥១) សៀវភៅព្រះគម្ពីរបង្រៀនបានត្រូវរៀបចំដើម្បីជួយយើងឲ្យបង្រៀនអ្នកដទៃដូចរបៀបដែលព្រះយេស៊ូបង្រៀន។
២ សំណួរក្រោមចំណងជើងជំពួក: ពេលចាប់ផ្ដើមបង្រៀនជំពូកណាមួយ យកល្អឲ្យអ្នកលើកឡើងសំណួរដំបូងដែលមាននៅក្រោមចំណងជើង។ ចូរលើកសំណួរត្រិះរិះដើម្បីបង្កើនចំណាប់អារម្មណ៍ ឬក៏អ្នកអាចអញ្ជើញសិស្សឲ្យឆ្លើយយ៉ាងខ្លី។ យើងមិនចាំបាច់វែកញែកយ៉ាងល្អិតល្អន់ពេកពីចម្លើយរបស់គាត់ ឬក៏ខំកែអស់ទាំងចម្លើយដែលខុសទេ។ អ្នកគ្រាន់តែអរគុណគាត់ និងបន្តពិចារណាជំពូកនោះតទៅទៀត។ អ្នកអាចពន្យល់បន្ថែមទៀតនូវចំណុចណាមួយដែលគាត់មិនសូវយល់ពីសំណួរក្រោមចំណងជើងដែលមានក្នុងមេរៀន។
៣ បទគម្ពីរ: ការបង្រៀនរបស់យើងគួរមានមូលដ្ឋានលើព្រះគម្ពីរ។ (ហេ. ៤:១២) ទោះជាយ៉ាងណាក្ដី យើងមិនចាំបាច់អានបទគម្ពីរទាំងអស់ទេ។ សូមលើកបញ្ជាក់បទគម្ពីរណាដែលជាមូលដ្ឋាននៃជំនឿរបស់យើង។ បទគម្ពីរដែលគ្រាន់តែប្រាប់ពីប្រវត្ដិរឿងប្រហែលជាមិនចាំបាច់អានឡើយ។ សៀវភៅព្រះគម្ពីរបង្រៀនពន្យល់សេចក្ដីពិតតាមរបៀបដែលមិនស្មុគស្មាញ។ ចូរបង្រៀនតាមវិធីដែលស្រួលយល់។ ចូរផ្ចង់អារម្មណ៍ទៅលើចំណុចសំខាន់ និងជៀសវាងពីការនិយាយល្អិតល្អន់ ឬលើកយកព័ត៌មានផ្សេងមកពិភាក្សាដែលមិនចាំបាច់នោះឡើយ។
៤ ការពន្យល់បន្ថែម: ការពន្យល់បន្ថែមមានប្រធាន១៤ដែលជួយពន្យល់ជំពូកសិក្សា។ ការពិភាក្សាពីប្រធានទាំងនោះក្នុងពេលសិក្សាគឺស្រេចលើចិត្តអ្នក។ ចំពោះប្រធានខ្លះៗ អ្នកអាចលើកទឹកចិត្តសិស្សឲ្យអានព័ត៌មានបន្ថែមដោយខ្លួនឯង ជាពិសេសបើគាត់យល់ និងឯកភាពព័ត៌មានដែលមាននៅក្នុងជំពូកសិក្សារួចហើយ។ ជាឧទាហរណ៍ ប្រសិនបើសិស្សបានជឿថាព្រះយេស៊ូជាព្រះមេស្ស៊ី ពេលសិក្សាជំពូកទី៤«តើព្រះយេស៊ូគ្រិស្តជាអ្នកណា?» ប្រហែលជាមិនចាំបាច់ពិភាក្សាអំពីប្រធាន«ព្រះយេស៊ូគ្រិស្តជាព្រះមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក»ទេ។ នៅកាលៈទេសៈផ្សេងទៀត ប្រហែលជាយើងអាចចំណាយពេលដើម្បីពិភាក្សាពីប្រធានតែមួយទាំងអស់ ឬក៏រើសតែចំណុចខ្លះៗមកពិភាក្សាប៉ុណ្ណោះ។
៥ ប្រសិនបើអ្នកសម្រេចថាពិភាក្សាពីការពន្យល់បន្ថែម អ្នកអាចរៀបចំសំណួរនៃវគ្គនីមួយៗទុកជាមុន និងពិភាក្សាដូចអ្នកបង្រៀនក្នុងជំពូកសិក្សាដែរ។ ឬក៏ យោងទៅតាមសេចក្ដីត្រូវការរបស់សិស្ស អ្នកអាចមើលព័ត៌មានសាឡើងវិញជាមួយគាត់ ពីរឬបីនាទី។ ធ្វើដូចនេះអ្នកអាចដឹងថាគាត់យល់ឬមិនយល់នូវព័ត៌មានដែលគាត់បានអាន។
៦ ប្រអប់រៀនសាឡើងវិញ: ប្រអប់នៅចុងជំពូកនីមួយៗធម្មតាផ្ដល់ចម្លើយចំពោះសំណួរនៅក្រោមចំណងជើងជំពូក។ អ្នកអាចប្រើចម្លើយទាំងប៉ុន្មានក្នុងប្រអប់ដើម្បីរៀនសាឡើងវិញនូវចំណុចសំខាន់ៗក្នុងជំពូក។ អ្នកផ្សព្វផ្សាយខ្លះទទួលប្រយោជន៍ដោយអានជាមួយសិស្សនូវចម្លើយនីមួយៗនោះ និងប្រហែលជាអានខគម្ពីរដែលបានកត់ទុកក្នុងប្រអប់។ រួចមក ពួកគាត់សុំឲ្យសិស្សពន្យល់យ៉ាងខ្លីរបៀបដែលបទគម្ពីរគាំទ្រចម្លើយនោះ។ នេះបង្ហាញឲ្យអ្នកបង្រៀនដឹងថា តើសិស្សយល់ច្បាស់ពីចំណុចសំខាន់ៗនៃមេរៀនទេ? និងតើគាត់យល់ពីរបៀបដែលបទគម្ពីរគាំទ្រចំណុចទាំងនោះ ហើយតើគាត់ឯកភាពឬទេ? នេះក៏បង្ហាត់បង្រៀនសិស្សឲ្យចេះប្រើព្រះគម្ពីរដើម្បីពន្យល់សេចក្ដីពិតទៅអ្នកឯទៀត។
៧ របៀបដែលមានប្រសិទ្ធភាពបំផុតដើម្បីបំពេញកិច្ចការដែលព្រះប្រគល់ឲ្យក្នុងការបង្រៀន និងបញ្ចុះបញ្ចូលឲ្យមានសិស្ស គឺដោយធ្វើតាមរបៀបដែលព្រះយេស៊ូបង្រៀន។ (ម៉ាថ. ២៨:១៩, ២០) សៀវភៅព្រះគម្ពីរបង្រៀនអាចជួយយើងឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូ។ ចូរឲ្យយើងប្រើសៀវភៅនេះដោយប្រសិទ្ធភាពដើម្បីបង្រៀនសេចក្ដីពិតទៅអ្នកឯទៀតតាមរបៀបងាយយល់ ច្បាស់ និងទាក់ទាញចិត្ត។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើព្រះយេស៊ូបានបង្រៀនតាមរបៀបណាខ្លះ?
២. តើយើងអាចប្រើសំណួរដែលមានក្រោមចំណងជើងជំពួកនីមួយៗតាមរបៀបណា?
៣. តើយើងអាចបង្រៀនតាមវិធីដែលស្រួលយល់យ៉ាងដូចម្ដេច?
៤. តើក្នុងករណីអ្វីយើងគួរលើកយកការពន្យល់បន្ថែមមកពិភាក្សាក្នុងពេលសិក្សា?
៥. ប្រសិនបើអ្នកសម្រេចថាពិភាក្សាពីការពន្យល់បន្ថែម តើអ្នកអាចធ្វើយ៉ាងដូចម្ដេច?
៦. តើយើងអាចប្រើប្រអប់រៀនសាឡើងវិញនៅចុងជំពូកនីមួយៗយ៉ាងដូចម្ដេច?
៧. តើយើងអាចប្រើសៀវភៅព្រះគម្ពីរបង្រៀនដើម្បីបំពេញកិច្ចការដែលព្រះប្រគល់ឲ្យយ៉ាងដូចម្ដេច?