របៀបបញ្ចុះបញ្ចូលឲ្យមានសិស្ស ដោយប្រើសៀវភៅចំណេះ
១ ជនគ្រីស្ទានទាំងឡាយគួរមានគោលដៅចង់បង្រៀនសេចក្ដីពិតដល់អ្នកឯទៀត និងចង់ជួយអស់អ្នកដែល‹សមទទួលជីវិតអស់កល្បជានិច្ច› ឲ្យក្លាយជាសិស្សផងដែរ។ (កិច្ច. ១៣:៤៨; ម៉ាថ. ២៨:១៩, ២០) អង្គការរបស់ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវឧបករណ៍ដ៏ល្អមួយ គឺសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ដើម្បីសម្រេចកិច្ចការនេះ។ ចំណងជើងនៃសៀវភៅនេះលើកបញ្ជាក់នូវសារៈសំខាន់នៃការសិក្សាព្រះគម្ពីរតាមផ្ទះ ដ្បិតជីវិតអស់កល្បជានិច្ចពឹងពាក់ទៅលើការទទួលចំណេះអំពីព្រះយេហូវ៉ាជាព្រះពិតតែមួយ និងអំពីព្រះយេស៊ូគ្រីស្ទជាព្រះរាជបុត្រារបស់ទ្រង់។—យ៉ូន. ១៧:៣
២ សព្វថ្ងៃនេះ សៀវភៅចំណេះជាសៀវភៅចំបងដែលយើងប្រើពេលដឹកនាំការសិក្សាព្រះគម្ពីរតាមផ្ទះ។ បើយើងប្រើសៀវភៅនេះ យើងអាចបង្រៀនអំពីសេចក្ដីពិតយ៉ាងស្រួលឲ្យគេឆាប់យល់ ច្បាស់លាស់ និងដោយសង្ខេប។ ដោយធ្វើតាមវិធីនេះ អ្វីៗដែលសិស្សសិក្សា នោះអាចជ្រាបចូលទៅក្នុងចិត្តរបស់ពួកគេបាន។ (លូ. ២៤:៣២) រីឯអ្នកដឹកនាំការសិក្សាវិញ គាត់ពិតជាត្រូវបង្រៀនដោយបំនិន។ សន្លឹកបន្ថែមនេះបានត្រូវរៀបចំដើម្បីជួយអ្នកដឹកនាំឲ្យអាចធ្វើដូចនេះបាន ដោយជូនយោបល់និងសេចក្ដីរំឭក ស្តីពីរបៀបបង្រៀនដែលមានប្រសិទ្ធិភាព។ ដោយចេះវិនិច្ឆ័យនិងស្របទៅតាមកាលៈទេសៈរៀងៗខ្លួន អ្នកអាចអនុវត្តជាបណ្ដើរៗតាមចំណុចខ្លះ ឬចំណុចទាំងឡាយដែលមានជាបន្តបន្ទាប់នេះ។ សូមរក្សាទុកសន្លឹកបន្ថែមនេះ ហើយមើលវាជាញឹកញយ។ ចំណុចផ្សេងៗនេះអាចជួយអ្នកឲ្យមានប្រសិទ្ធិភាពច្រើនជាង ក្នុងការប្រើសៀវភៅចំណេះដើម្បីបញ្ចុះបញ្ចូលឲ្យមានសិស្ស។
៣ ដឹកនាំការសិក្សាព្រះគម្ពីរតាមផ្ទះដែលនាំឲ្យសិស្សរីកចំរើន: សូមយកចិត្តទុកដាក់យ៉ាងស្មោះនឹងសិស្សខ្លួន ដោយចាត់ទុកគាត់ជាមនុស្សមានលទ្ធភាពក្លាយជាអ្នកកាន់តាមព្រះគ្រីស្ទ ក៏ជាបងប្អូនប្រុសស្រីខាងវិញ្ញាណ។ ចូរបង្ហាញភាពកក់ក្ដៅ រាក់ទាក់ និងបង្ហាញចិត្តរំភើបផងដែរ។ បើអ្នកខំស្ដាប់ដោយយកចិត្តទុកដាក់នោះ អ្នកអាចដឹងអំពីដំណើរជីវិតរបស់គាត់ពីមុន និងស្គាល់កាលៈទេសៈនានាក្នុងជីវិតគាត់ នោះអាចជួយអ្នកឲ្យដឹងពីរបៀបជួយគាត់ខាងវិញ្ញាណយ៉ាងប្រសើរបំផុត។ ចូរសុខចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីសិស្ស។—១ថែ. ២:៨
៤ ពេលចាប់ផ្ដើមការសិក្សារួចហើយ សិស្សនោះអាចបានប្រយោជន៍ច្រើនបំផុត បើគាត់រៀនជំពូកនិមួយៗក្នុងសៀវភៅចំណេះតាមលំដាប់លំដោយ។ បើធ្វើដូចនេះ សិស្សយើងអាចទទួលចំណេះដឹងជាបណ្ដើរៗអំពីសេចក្ដីពិត ពីព្រោះសៀវភៅចំណេះពិគ្រោះនូវប្រធាននិមួយៗខាងព្រះគម្ពីរ តាមលំដាប់លំដោយដ៏សមហេតុសមផលបំផុត។ សូមធ្វើឲ្យការសិក្សាស្រួលយល់ ទាំងគួរឲ្យចាប់អារម្មណ៍ ដើម្បីទាក់ចិត្តទាញអារម្មណ៍និងមានលំនាំហូរហែផង។ (រ៉ូម ១២:១១) យើងត្រូវកំណត់ល្បឿនសិក្សា ឲ្យសមស្របទៅតាមកាលៈទេសៈនិងសមត្ថភាពរបស់សិស្សយើង។ យើងមិនចង់ឲ្យសិស្សតាមមិនទាន់ ដោយព្រោះយើងបង្រៀនលឿនពេកនោះទេ។ សិស្សម្នាក់ៗត្រូវការមូលដ្ឋានរឹងមាំសំរាប់ជំនឿថ្មីរបស់គាត់ទៅលើព្រះបន្ទូលរបស់ព្រះ។ ពេលអ្នកដឹកនាំការសិក្សាប្រចាំសប្ដាហ៍ សូមចំណាយពេលប៉ុន្មានក៏បាន ដើម្បីជួយឲ្យសិស្សយល់ដឹង និងយល់ព្រមតាមអ្វីៗដែលគាត់កំពុងតែរៀនពីព្រះបន្ទូលរបស់ព្រះ។ ជួនកាល គឺជាការចាំបាច់ឲ្យយើងចំណាយពីរឬបីសប្ដាហ៍ ដើម្បីរៀនចប់ជំពូកតែមួយក្នុងសៀវភៅចំណេះ។ ការធ្វើដូចនេះនឹងអនុញ្ញាតឲ្យមានពេលអាននិងពន្យល់ឲ្យបានច្បាស់នូវខគម្ពីរជាច្រើន។—រ៉ូម ១២:២
៥ សូមចាប់ផ្ដើមសិក្សាដោយពាក្យផ្ដើមខ្លីៗដែលជួយបង្កើតចំណាប់អារម្មណ៍ទៅលើសាច់រឿងនោះ។ អ្នកនឹងឃើញថា ប្រធានជំពូកនិមួយៗគឺជាផ្ទៃរឿងនៃជំពូកនោះ ហើយក៏ជាអ្វីដែលយើងត្រូវលើកបញ្ជាក់ផងដែរ។ កូនចំណងជើងនានាក្រោមប្រធាននោះ បញ្ជាក់គោលចំណុចនិមួយៗនិងជួយអ្នកឲ្យផ្ចង់អារម្មណ៍លើផ្ទៃរឿងនៃជំពូកនោះ។ សូមប្រយ័ត្នកុំនិយាយច្រើនពេក។ ផ្ទុយទៅវិញ សូមខំលើកទឹកចិត្តឲ្យសិស្សចេញវាចាផងដែរ។ បើសួរសំនួរដែលនាំឲ្យសិស្សគិតវែកញែកទៅលើអ្វីដែលគាត់បានរៀនរួចហើយនោះ នេះអាចជួយគាត់ត្រិះរិះពិចារណានិងធ្វើការសន្និដ្ឋានបានត្រឹមត្រូវ។ (ម៉ាថ. ១៧:២៤-២៦; លូ. ១០:២៥-៣៧) សូមបង្រៀនតាមតែពត៌មានដែលបានបោះពុម្ពក្នុងសៀវភៅចំណេះប៉ុណ្ណោះ។ ការលើកចំណុចលំអិតបន្ថែមប្រហែលជានឹងធ្វើឲ្យគោលចំណុចទៅជាស្រពិចស្រពិលវិញ ថែមទាំងពន្យារពេលរៀនកាន់តែយូរទៅទៀត។ (យ៉ូន. ១៦:១២) បើសិនជាសិស្សសួរសំនួរដែលមិនទាក់ទងនឹងសាច់រឿងកំពុងតែសិក្សានោះ យើងច្រើនតែអាចទុកសំនួរនោះឆ្លើយពេលរៀនចប់នៅថ្ងៃនោះ។ បើធ្វើដូច្នេះ យើងអាចរៀនចប់មេរៀនសំរាប់សប្ដាហ៍នោះ ដោយគ្មានអ្វីបង្វែរអារម្មណ៍របស់យើងឡើយ។ សូមជួយពន្យល់ឲ្យសិស្សដឹងថា កម្មវិធីសិក្សានេះនឹងឆ្លើយសំនួរភាគច្រើនរបស់គាត់ជាបណ្ដើរៗ។
៦ ប្រសិនបើសិស្សយើងនៅតែកាន់ជាប់តាមលទ្ធិមិនពិត ហើយគាត់នៅតែមិនស្កប់ចិត្តនឹងពត៌មានទាំងប៉ុន្មានក្នុងសៀវភៅចំណេះនៅឡើយ អ្នកក៏អាចឲ្យគាត់មើលសៀវភៅការវែកញែក (ជាភាសាអង់គ្លេស) ឬប្រកាសនវត្ថុណាទៀតដែលពិគ្រោះរឿងនោះ។ សូមប្រាប់គាត់ថា អ្នកនឹងពិភាក្សាពត៌មានតាមប្រធាននោះ ក្រោយគាត់គិតពិចារណាសិនអំពីអ្វីដែលគាត់អាននោះ។ ពេលសិក្សាជាមួយគ្នា អ្នកក៏អាចប្រើពត៌មានដែលមានមូលដ្ឋានក្នុងព្រះគម្ពីរ បើនឹងមានប្រយោជន៍។
៧ ការចាប់ផ្ដើមនិងបញ្ចប់កម្មវិធីសិក្សាដោយអធិស្ឋានសុំការណែនាំនិងពរពីព្រះយេហូវ៉ា នឹងជួយឲ្យចាត់ទុកពេលសិក្សានោះជាពេលពិសិដ្ឋ ហើយជួយបង្កើតឲ្យមានទឹកចិត្តគោរព និងលើកដំកើងព្រះយេហូវ៉ាជាអ្នកបង្រៀនដ៏ពិត។ (យ៉ូន. ៦:៤៥) បើសិស្សនៅតែជក់បារីនៅឡើយ ក្រោយៗមកអ្នកត្រូវសុំគាត់តមបារីក្នុងកំឡុងពេលការសិក្សា។—កិច្ច. ២៤:១៦; យ៉ា. ៤:៣
៨ បង្រៀនយ៉ាងមានប្រសិទ្ធិភាព ដោយប្រើបទគម្ពីរ ពាក្យប្រៀបប្រដូច រូបភាព និងសំនួរសើរើឡើងវិញ: មិនថាយើងបានសិក្សាសាច់រឿងនោះប៉ុន្មានដងហើយក៏ដោយ អ្នកបង្រៀនមួយរូបដ៏ប៉ិនប្រសប់ នឹងមើលមេរៀនសារជាថ្មីទៀតដោយគិតអំពីសិស្សនិមួយៗ។ ធ្វើដូចនេះនឹងជួយឲ្យយើងនឹកគិតជាមុនអំពីសំនួរណាដែលសិស្សប្រហែលជានឹងសួរ។ សូមស្វែងយល់ឲ្យបានច្បាស់នូវគោលចំណុចនានាក្នុងជំពូកនិមួយៗ ដើម្បីបង្រៀនយ៉ាងណាឲ្យមានប្រសិទ្ធិភាព។ ចូរបើកមើលបទគម្ពីរដើម្បីដឹងថា ខនោះទាក់ទងនឹងសាច់រឿងយ៉ាងណា ហើយសម្រេចចិត្តអំពីខណាខ្លះដែលគួរយកមកអានពេលសិក្សាជាមួយគ្នា។ សូមគិតអំពីរបៀបបង្រៀនដោយប្រើរូបភាពនានា និងសំនួរសើរើឡើងវិញនៅចុងជំពូក។
៩ បើអ្នកប្រើបទគម្ពីរដោយមានប្រសិទ្ធិភាពនោះ អ្នកអាចជួយសិស្សឲ្យយល់ដឹងថា គាត់កំពុងតែសិក្សាព្រះគម្ពីរពិតមែន។ (កិច្ច. ១៧:១១) ដោយប្រើប្រអប់ «សូមឲ្យមានចំណេះចេះប្រើព្រះគម្ពីររបស់អ្នក» នៅទំព័រទី១៤នៃសៀវភៅចំណេះ ចូរជួយឲ្យគាត់ចេះបើករកបទគម្ពីរ។ ជួយបង្ហាញឲ្យគាត់ចេះសម្គាល់ខណាក្នុងមេរៀន ដែលបានស្រង់ចេញពីព្រះគម្ពីរ។ ស្រេចតែមានពេល ចូរបើកអានខគម្ពីរណាដែលបានកត់ទុកនោះដែលមិនបានស្រង់ចេញ។ អញ្ជើញឲ្យសិស្សពន្យល់អំពីរបៀបដែលខនោះសឲ្យឃើញច្បាស់ ឬគាំទ្រអ្វីដែលបានចែងទុកក្នុងវគ្គ។ សូមលើកបញ្ជាក់គោលសំខាន់ៗពីខនោះ ឲ្យសិស្សយល់ដឹងនូវមូលហេតុដែលមេរៀននោះមានគោលចំណុចដូច្នោះ។ (នេ. ៨:៨) តាមធម្មតា អ្នកបង្រៀនមិនត្រូវបន្ថែមខគម្ពីរឲ្យលើសពីអ្វីដែលកត់ទុកក្នុងសៀវភៅរួចហើយនោះទេ។ សូមរៀបរាប់អំពីប្រយោជន៍ដែលមកពីការស្គាល់ឈ្មោះ និងលំដាប់សៀវភៅនិមួយៗក្នុងព្រះគម្ពីរ។ គឺអាចមានប្រយោជន៍ផងដែរ បើជូនឲ្យសិស្សអានទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩១ ទំព័រ២៧-៣០ (ជាភាសាអង់គ្លេស)។
១០ ពាក្យប្រៀបប្រដូចតែងជួយឲ្យចេះគិតគូរ ក៏ជួយឲ្យយល់ចំណុចថ្មីៗឆាប់ជាង។ ពាក្យប្រៀបប្រដូចនាំឲ្យគំនិតភ្ជាប់ជាមួយនឹងអារម្មណ៍ ដើម្បីឲ្យពត៌មានមានឥទ្ធិពលខ្លាំងជាងការរៀបរាប់ប្រាប់ពីហេតុការណ៍ប៉ុណ្ណោះ។ (ម៉ាថ. ១៣:៣៤) សៀវភៅចំណេះមានពាក្យប្រៀបប្រដូចច្រើនដែលស្រួលយល់ តែជួយយ៉ាងខ្លាំងក្នុងការបង្រៀន។ ជាឧទាហរណ៍ ពាក្យប្រៀបប្រដូចក្នុងជំពូកទី១៧ ជួយបង្កើននូវការយល់ដឹងថា ព្រះយេហូវ៉ាតែងផ្គត់ផ្គង់នូវអាហារ សំលៀកបំពាក់ និងទីជម្រកក្នុងន័យខាងវិញ្ញាណ គឺក្រុមជំនុំគ្រីស្ទាន។ សៀវភៅចំណេះក៏មានរូបភាពស្អាតៗដែលយើងអាចប្រើដោយប្រសិទ្ធិភាពក្នុងការជំរុញចិត្តផងដែរ។ នៅទំព័រ១៨៥ ក្រោមចំណងជើងថា «ការប្រោសឲ្យរស់ឡើងវិញដ៏សប្បាយរីករាយ» ពត៌មានក្នុងវគ្គទី១៨នឹងមានឥទ្ធិពលខ្លាំងជាង បើអ្នកឲ្យសិស្សបើកមើលរូបភាពនៅទំព័រ៨៦វិញ។ ការមើលរូបភាពនោះ ប្រហែលជានឹងជួយឲ្យគាត់គិតអំពីដំណើររស់ឡើងវិញជាការពិត ដែលអាចកើតឡើងក្រោមព្រះរាជាណាចក្រនៃព្រះ។
១១ សិស្សសិក្សាព្រះគម្ពីរត្រូវតែលូតលាស់ខាងវិញ្ញាណជារៀងរាល់ដងដែលគាត់រៀននោះ។ ដើម្បីជួយគាត់ធ្វើដូច្នេះ កុំខានសួរសំនួរសើរើឡើងវិញក្នុងប្រអប់ «សាកល្បងចំណេះរបស់អ្នក» នៅចុងជំពូកនិមួយៗ។ ចូរប្រុងស្ដាប់ដើម្បីដឹងថា តើគាត់គ្រាន់តែសូត្រចម្លើយប៉ុណ្ណោះឬ? ដ្បិតសំនួរខ្លះៗនេះបានត្រូវរៀបចំដើម្បីឲ្យគាត់ឆ្លើយចេញពីដួងចិត្តរបស់គាត់ផ្ទាល់។ ឧទាហរណ៍មួយ សូមមើលទំព័រ៣១ដែលមានសំនួរសួរសិស្សថា៖ «តើគុណសម្បត្ដិអ្វីរបស់ព្រះយេហូវ៉ា ដែលធ្វើឲ្យអ្នកចូលចិត្តជាពិសេស?»។—២កូ. ១៣:៥
១២ បង្ហាត់បង្រៀនឲ្យសិស្សចេះរៀបចំជាមុនសំរាប់ពេលសិក្សា: សិស្សណាដែលអានមេរៀនទុកជាមុន ហើយគូសចម្លើយ និងឆ្លៀតគិតពីរបៀបឆ្លើយដោយនិយាយចេញពីចិត្ត នោះនឹងរីកចំរើនខាងវិញ្ញាណបានលឿនជាង។ អ្នកអាចបង្ហាត់បង្រៀនសិស្សឲ្យចេះរៀបចំសំរាប់ពេលសិក្សាជាមួយគ្នា ដោយតាំងគំរូនិងលើកទឹកចិត្តគាត់។ បង្ហាញឲ្យគាត់មើលសៀវភៅរបស់អ្នក ដែលអ្នកបានគូសពាក្យនិងឃ្លាដ៏សំខាន់ៗរួចហើយ។ ជួយពន្យល់នូវរបៀបរកចម្លើយចំនឹងសំនួរដែលបានត្រូវបោះពុម្ពនោះ។ ការរៀបចំមួយជំពូកជាមួយនឹងសិស្សនោះ ប្រហែលជាអាចជួយគាត់ឲ្យចេះរៀបចំដែរ។ លើកទឹកចិត្តឲ្យគាត់ប្រើពាក្យធម្មតារបស់ខ្លួនគាត់ផ្ទាល់។ មានតែធ្វើដូច្នេះទេ ទើបយើងអាចដឹងថា គាត់យល់ខ្លឹមសារឬក៏អត់យល់។ បើគាត់តែងអានចម្លើយចេញពីសៀវភៅ អ្នកក៏អាចជំរុញឲ្យគាត់គិតពិចារណាវិញដោយសួរថា តើគាត់នឹងជួយពន្យល់ចំណុចនេះយ៉ាងណា ដល់អ្នកផ្សេងទៀតដោយប្រើសំដីរបស់ខ្លួននោះ?
១៣ ស្តីពីកម្មវិធីរៀបចំប្រចាំសប្ដាហ៍ សូមលើកទឹកចិត្តឲ្យសិស្សបើកមើលខគម្ពីរទាំងឡាយដែលមិនបានស្រង់ចេញនោះ ពីព្រោះយើងមិនសូវមានពេលអានខទាំងអស់ក្នុងកំឡុងពេលសិក្សាជាមួយគ្នាទេ។ សូមសរសើរគាត់ដោយសារគាត់ខំធ្វើដូច្នេះ។ (២ពេ. ១:៥; សូមមើលទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩៣ ទំព័រ១៣-១៤ (ជាភាសាអង់គ្លេស) សំរាប់យោបល់ថែមទៀតពីអ្វីដែលសិស្ស ព្រមទាំងអ្នកបង្រៀនអាចធ្វើដើម្បីចំរើននូវការចេះដឹងពេលសិក្សាព្រះគម្ពីរ)។ ដោយធ្វើដូចនេះ យើងកំពុងតែបង្ហាត់បង្រៀនសិស្សឲ្យចេះឆ្លើយនៅឯកិច្ចប្រជុំតាមក្រុមជំនុំ គឺចម្លើយបែបណាដែលមានន័យជ្រៅ។ សិស្សយើងនឹងបង្កើតទំលាប់ល្អៗខាងការសិក្សាផ្ទាល់ខ្លួន ដែលនឹងជួយប្រដាប់គាត់ឲ្យរីកចំរើនជាបន្ត បន្ទាប់ពីរៀនចប់នូវសៀវភៅចំណេះ។—១ធី. ៤:១៥; ១ពេ. ២:២
១៤ ណែនាំឲ្យសិស្សយើងស្គាល់អង្គការរបស់ព្រះយេហូវ៉ា: ពួកអ្នកដែលបញ្ចុះបញ្ចូលឲ្យមានសិស្ស ក៏មានភារកិច្ចនាំឲ្យសិស្សចាប់អារម្មណ៍ទៅលើអង្គការរបស់ព្រះយេហូវ៉ាដែរ។ សិស្សយើងនឹងជឿនទៅកាន់ភាពចាស់ទុំខាងវិញ្ញាណកាន់តែលឿនជាង បើគាត់ស្គាល់និងយល់ដឹងនូវសារៈសំខាន់នៃអង្គការរបស់យើង ហើយទទួលស្គាល់ថា គាត់ត្រូវតែរួមចំណែកក្នុងអង្គការនេះផងដែរ។ យើងចង់ជួយឲ្យគាត់ពេញចិត្តនឹងការសំណេះសំណាលជាមួយរាស្ត្ររបស់ព្រះ និងឲ្យគាត់មានចិត្តចង់មកឯសាលព្រះរាជាណាចក្រជាមួយនឹងយើងរាល់គ្នា ជាទីកន្លែងដែលគាត់អាចរកទីពឹងខាងវិញ្ញាណនិងខាងផ្លូវចិត្តពីក្រុមជំនុំគ្រីស្ទាន។—១ធី. ៣:១៥
១៥ សៀវភៅស្តើងស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? បានត្រូវរៀបចំដើម្បីជួយមនុស្សឲ្យស្គាល់អង្គការតែមួយគត់នៅលើផែនដីដែលព្រះយេហូវ៉ាកំពុងតែប្រើសព្វថ្ងៃនេះ ក្នុងការសម្រេចនូវព្រះហឫទ័យរបស់ទ្រង់។ ពេលមានកម្មវិធីសិក្សាជាទៀងទាត់ហើយ សូមជូនសៀវភៅស្តើងមួយក្បាលនោះចំពោះសិស្ស។ តាំងពីពេលចាប់ផ្ដើមរៀនជាមួយគ្នា សូមអញ្ជើញសិស្សមកឯកិច្ចប្រជុំកុំខាន។ ពន្យល់អំពីកម្មវិធីនៅទីនោះ។ អ្នកប្រហែលជាអាចប្រាប់គាត់អំពីប្រធានសុន្ទរកថាសាធារណៈដែលត្រូវថ្លែងឆាប់ៗនាពេលខាងមុខនោះ ឬបង្ហាញនូវអត្ថបទដែលត្រូវយកមកពិគ្រោះពេលសិក្សាទស្សនាវដ្ដីប៉មយាម។ អ្នកក៏អាចនាំផ្លូវគាត់ទៅមើលសាលព្រះរាជាណាចក្រពេលគ្មានកម្មវិធីប្រជុំ ដើម្បីកុំឲ្យគាត់ខ្លាចពេលចូលកន្លែងថ្មីជាលើកទីមួយ។ អ្នកអាចសុំឲ្យគាត់ជិះយានជំនិះជាមួយអ្នកទៅប្រជុំក៏បាន។ ពេលគាត់ចូលរួមនោះ ចូរស្វាគមន៍គាត់យ៉ាងកក់ក្ដៅ។ (ម៉ាថ. ៧:១២) ណែនាំឲ្យគាត់ស្គាល់ស្មរបន្ទាល់ឯទៀត រួមទាំងពួកអ្នកចាស់ទុំផងដែរ។ យើងសង្ឃឹមថា មិនយូរមិនឆាប់គាត់នឹងរាប់អានពួកជំនុំជាក្រុមគ្រួសាររបស់គាត់ខាងវិញ្ញាណ។ (ម៉ាថ. ១២:៤៩, ៥០; ម៉ាក. ១០:២៩, ៣០) អ្នកអាចតាំងគោលដៅឲ្យគាត់មកចូលរួមកិច្ចប្រជុំតែម្ដងក្នុងមួយសប្ដាហ៍ ហើយក្រោយៗមកឲ្យគាត់ចូលរួមកិច្ចប្រជុំឯទៀតជាបន្ថែម។—ហេ. ១០:២៤, ២៥
១៦ ពេលរៀនជាបន្តក្នុងសៀវភៅចំណេះ សូមដៅបញ្ជាក់ពីកន្លែងណាដែលសង្កត់ធ្ងន់ទៅលើការរួបរួមជាទៀងទាត់ជាមួយនឹងក្រុមជំនុំនៅឯកិច្ចប្រជុំនានា។ សូមកត់សម្គាល់ជាពិសេសនូវទំព័រ៥២, ១១៥, ១៣៧-១៣៩, ១៥៩ ព្រមទាំងជំពូកទី១៧។ សូមប្រាប់ពីអារម្មណ៍ជ្រាលជ្រៅរបស់ខ្លួនអ្នក ចំពោះអង្គការរបស់ព្រះយេហូវ៉ា។ (ម៉ាថ. ២៤:៤៥-៤៧) ចូរនិយាយល្អៗអំពីក្រុមជំនុំយើង ហើយអំពីអ្វីដែលអ្នករៀននៅឯកិច្ចប្រជុំ។ (ទំនុក. ៨៤:១០; ១៣៣:១-៣) យកល្អបើសិស្សអាចមើលកាសែតវីដេអូនិមួយៗរបស់យើង ចាប់តាំងពី ស្មរបន្ទាល់ព្រះយេហូវ៉ា អង្គការដែលគាំទ្រឈ្មោះនោះ។ សំរាប់យោបល់ថែមទៀតអំពីរបៀបណែនាំឲ្យគេស្គាល់អង្គការរបស់យើង សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៨៤ ទំព័រ១៤-១៨ និងសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែមេសា ឆ្នាំ១៩៩៣ (ជាភាសាអង់គ្លេស)។
១៧ លើកទឹកចិត្តសិស្សឲ្យធ្វើបន្ទាល់ដល់មនុស្សដទៃទៀត: ពេលយើងសិក្សាព្រះគម្ពីរជាមួយមនុស្សឯទៀត យើងមានគោលដៅចង់បញ្ចុះបញ្ចូលឲ្យមានសិស្សដែលនឹងធ្វើបន្ទាល់អំពីព្រះយេហូវ៉ា។ (អេសា. ៤៣:១០-១២) នេះបានសេចក្ដីថា អ្នកបង្រៀនត្រូវតែលើកទឹកចិត្តសិស្សឲ្យនិយាយជាមួយមនុស្សដទៃ អំពីអ្វីដែលគាត់កំពុងតែរៀនពីព្រះគម្ពីរ។ យើងអាចធ្វើនេះយ៉ាងងាយស្រួលដោយសួរសិស្សថា៖ «តើអ្នកអាចពន្យល់សេចក្ដីពិតនេះបានយ៉ាងណា ដើម្បីឲ្យក្រុមគ្រួសាររបស់អ្នកដឹងដែរ?» ឬក៏«បើត្រូវបង្ហាញទីសំអាងដល់មិត្តម្នាក់ តើអ្នកនឹងបើកមើលបទគម្ពីរណាខ្លះ?»។ សូមសង្កត់ធ្ងន់ទៅលើកន្លែងសំខាន់ៗក្នុងសៀវភៅចំណេះដែលលើកទឹកចិត្តឲ្យធ្វើបន្ទាល់ ដូចនៅទំព័រទី២២, ៩៣-៩៥, ១០៥-១០៦ និងជំពូកទី១៨។ មកដល់ពេលសមរម្យនោះ អ្នកអាចឲ្យសិស្សមានខិត្តប័ណ្ណខ្លះៗដើម្បីធ្វើបន្ទាល់ក្រៅផ្លូវការ។ ជូនយោបល់ឲ្យគាត់អញ្ជើញញាតិមិត្តមកចូលរួម ពេលគាត់រៀន។ តើគាត់មានមិត្តភក្ដិដែលចង់រៀនដែរទេ? សុំគាត់រៀបចំឲ្យយើងជួបអស់អ្នកដែលមានចំណាប់អារម្មណ៍។
១៨ ប្រសិនបើសិស្សយើងចូលរួមកម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យ និងការប្រជុំអប់រំកិច្ចបំរើនោះ គាត់អាចទទួលការបង្វឹកបង្វឺនបន្ថែមទៀត ព្រមទាំងពត៌មានដែលអាចជួយជំរុញចិត្តគាត់ ឲ្យចង់ក្លាយជាអ្នកផ្សាយដំណឹងល្អ។ ពេលគាត់ប្រាប់ពីចិត្តថាចង់ចុះឈ្មោះសាលា ឬចង់ធ្វើជាអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក នោះគាត់ត្រូវបំពេញតាមគោលការណ៍ដែលកត់ទុកក្នុងសៀវភៅកិច្ចការផ្សាយរបស់យើង ទំព័រ៩៨និង៩៩ (ជាភាសាអង់គ្លេស)។ បើមានលក្ខណៈណានៃជីវិតគាត់ដែលមិនអនុញ្ញាតឲ្យគាត់ធ្វើដូច្នេះទេ អ្នកអាចស្រាវជ្រាវរកពត៌មានដែលទាក់ទងនិងអាចជួយដោះស្រាយបញ្ហានោះ ពីប្រកាសនវត្ថុដែលមានព្រះគម្ពីរជាមូលដ្ឋាន ហើយយកពត៌មាននោះទៅបង្ហាញឲ្យគាត់មើល។ សូមអធិស្ឋានជាមួយគាត់អំពីបញ្ហានោះ ទាំងបង្រៀនគាត់ឲ្យចេះពឹងពាក់ទៅលើព្រះយេហូវ៉ាសំរាប់ជំនួយ។—យ៉ា. ៤:៨
១៩ មើលទម្រង់ការដើម្បីដឹងថា សិស្សម្នាក់អាចបំពេញតម្រូវការឲ្យរួមចំណែកនឹងកិច្ចបំរើផ្សាយជាសាធារណៈឬក៏មិនទាន់នៅឡើយ នោះគឺបានរៀបរាប់ក្នុងទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៦ ទំព័រ២៥ វគ្គ៦។ នៅពេលដែលសិស្សយើងមានលក្ខណៈគ្រប់គ្រាន់ហើយ យើងអាចជួយគាត់រៀបចំក្នុងកិច្ចបំរើផ្សាយលើកទីមួយដោយជួយគាត់ហាត់និយាយឲ្យបានថ្នឹកសិន។ ដោយបែបបទចង់ជួយ សូមពិភាក្សាអំពីរបៀបផ្សេងៗដែលមនុស្សនានានឹងឆ្លើយតប ព្រមទាំងពាក្យជំទាស់ណាដែលយើងតែងឮនាតំបន់ផ្សាយរបស់អ្នក។ បើអាចធ្វើបាន សូមឲ្យគាត់ចាប់ផ្ដើមដោយទៅផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាមួយអ្នកជាមុនសិន ហើយជាបណ្ដើរៗជួយបង្វឹកបង្វឺនគាត់តាមលក្ខណៈឯទៀតនៃកិច្ចបំរើផ្សាយរបស់យើង។ បើពាក្យផ្ដើមរបស់អ្នកស្រួលយល់និងខ្លីផង នោះគាត់អាចយកតម្រាប់តាមបានយ៉ាងងាយស្រួល។ ចូរឲ្យអ្នកមានចិត្តរំភើបក្នុងកិច្ចបំរើនោះ ព្រមទាំងជួយលើកទឹកចិត្តនិងស្អាងចិត្តគាត់ឡើង ដើម្បីឲ្យគាត់មានអារម្មណ៍និងទឹកចិត្តដូចអ្នកផងដែរ។ (កិច្ច. ១៨:២៥) សិស្សថ្មីគួរមានគោលដៅចង់ធ្វើជាអ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែង ដែលផ្សាយដំណឹងល្អជាទៀងទាត់។ ប្រហែលជាអ្នកអាចជួយគាត់ឲ្យរៀបចំកាលវិភាគដ៏ស្រួលធ្វើតាមសំរាប់កិច្ចបំរើផ្សាយ។ ដើម្បីឲ្យគាត់លូតលាស់ខាងឯសមត្ថភាពធ្វើបន្ទាល់ដល់អ្នកដទៃ អ្នកប្រហែលជាជូនយោបល់ឲ្យគាត់អានទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៨៤ ទំព័រ១៥-២៥ ហើយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៨៨ ទំព័រ៩-២០ និងថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩១ ទំព័រ១៥-២០ ព្រមទាំងថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៤ ទំព័រ២០-២៥ (ជាភាសាអង់គ្លេស)។
២០ ជំរុញទឹកចិត្តសិស្សឲ្យឆ្ពោះទៅធ្វើការឧទ្ទិសថ្វាយខ្លួន និងទទួលបុណ្យជ្រមុជទឹក: តាមរយៈការសិក្សាសៀវភៅចំណេះ សិស្សស្មោះម្នាក់អាចរៀនបានគ្រប់គ្រាន់ ដើម្បីឧទ្ទិសថ្វាយខ្លួនចំពោះព្រះ និងមានគ្រប់លក្ខណៈដើម្បីទទួលបុណ្យជ្រមុជទឹក។ (សូមប្រៀបមើល កិច្ច. ៨:២៧-៣៩; ១៦:២៥-៣៤) ក៏ប៉ុន្តែ មុននឹងមនុស្សម្នាក់មានចិត្តជំរុញឲ្យឧទ្ទិសថ្វាយខ្លួននោះ គាត់ត្រូវបណ្ដុះបណ្ដាលឲ្យមានចិត្តភក្ដីចំពោះព្រះយេហូវ៉ាសិន។ (ទំនុក. ៧៣:២៥-២៨) ក្នុងកំឡុងពេលសិក្សាជាមួយគ្នា សូមរិះរកឱកាសដើម្បីបង្កើននូវការអបអរចំពោះគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ សូមប្រាប់គាត់អំពីអារម្មណ៍ជ្រាលជ្រៅរបស់អ្នកចំពោះព្រះ។ សូមជួយឲ្យសិស្សចេះគិតអំពីរបៀបដែលអាចមានទំនាក់ទំនងជិតស្និទ្ធនិងកក់ក្ដៅជាមួយនឹងព្រះយេហូវ៉ា។ បើគាត់រៀនឲ្យស្គាល់ព្រះបានច្បាស់លាស់ទាំងស្រឡាញ់ទ្រង់ផង នោះគាត់នឹងបំរើព្រះយ៉ាងស្មោះអស់ពីចិត្ត ពីព្រោះការគោរពប្រតិបត្ដិដល់ព្រះរមែងទាក់ទងនឹងអារម្មណ៍របស់យើងចំពោះព្រះយេហូវ៉ាដែលជាបុគ្គលពិតមួយអង្គ។—១ធី. ៤:៧, ៨
២១ សូមខំមានឥទ្ធិពលលើចិត្តរបស់សិស្សយើង។ (ទំនុក. ១១៩:១១; កិច្ច. ១៦:១៤; រ៉ូម ១០:១០) សិស្សត្រូវទទួលស្គាល់នូវរបៀបដែលសេចក្ដីពិតនេះទាក់ទងនឹងគាត់ផ្ទាល់ ក៏ត្រូវសម្រេចចិត្តថា តើគាត់ចង់ប្រព្រឹត្តយ៉ាងណា ស្តីពីអ្វីៗទាំងអស់ដែលគាត់បានរៀនរួចហើយ? (រ៉ូម ១២:២) តើគាត់ពិតជាជឿទៅលើសេចក្ដីពិតដែលគាត់រៀនជារៀងរាល់សប្ដាហ៍ឬ? (១ថែ. ២:១៣) ដើម្បីសម្រេចការនេះ អ្នកអាចសួរអំពីទស្សនៈរបស់គាត់ ដើម្បីសឲ្យឃើញចិត្តគំនិតរបស់គាត់ គឺអាចសួរថា៖ ពេលអ្នករៀនដូចនេះ តើអ្នកមានអារម្មណ៍យ៉ាងណា? តើអ្នកអាចអនុវត្តចំណុចនេះយ៉ាងណាក្នុងជីវិតរបស់អ្នក? ដោយចម្លើយរបស់គាត់ អ្នកអាចដឹងថា អ្នកត្រូវជួយគាត់យ៉ាងណាខ្លះទៀតដើម្បីមានឥទ្ធិពលលើចិត្តគាត់។ (លូ. ៨:១៥) សំនួរជាប់រូបភាពនៅទំព័រ១៧២និង១៧៤ ក្នុងសៀវភៅចំណេះនោះសួរថា៖ «តើអ្នកបានថ្វាយខ្លួនទៅព្រះក្នុងសេចក្ដីអធិស្ឋានហើយឬ?» និង «តើអ្វីឃាត់ឃាំងមិនឲ្យអ្នកធ្វើបុណ្យជ្រមុជទឹក?»។ សំនួរទាំងនេះអាចជំរុញចិត្តសិស្សឲ្យមានការប្រព្រឹត្ត។
២២ ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៦ ទំព័រ២៦ វគ្គ៩ មានទម្រង់ការបញ្ជាក់ពីអ្វីដែលត្រូវកើតឡើងពេលអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹកនោះ ចង់ទទួលបុណ្យជ្រមុជទឹកវិញ។ សៀវភៅចំណេះបានត្រូវរៀបចំដោយមានគោលដៅចង់ជួយមនុស្សត្រៀមឆ្លើយនូវ«សំនួរសំរាប់អស់អ្នកដែលប្រាថ្នាធ្វើបុណ្យជ្រមុជទឹក» ក្នុងកូនសៀវភៅសេចក្ដីបង្រៀនបឋមនៃព្រះគម្ពីរ ដែលពួកអ្នកចាស់ទុំនឹងពិគ្រោះជាមួយគាត់។ បើយើងបានសង្កត់ធ្ងន់លើចម្លើយដែលឆ្លើយនូវសំនួរនានាដែលមានបោះពុម្ពក្នុងសៀវភៅចំណេះ នោះសិស្សយើងនឹងមានចំណេះគ្រប់គ្រាន់សំរាប់ជួបជាមួយពួកអ្នកចាស់ទុំ ដើម្បីឆ្លើយសំនួរមុននឹងគាត់អាចទទួលបុណ្យជ្រមុជទឹក។
២៣ ចូរបំពេញតម្រូវការខាងវិញ្ញាណរបស់សិស្សយើង: ចុះយ៉ាងណាបើយើងរៀនចប់នូវសៀវភៅចំណេះហើយយល់ឃើញថា សិស្សយើងនៅតែខ្វះការយល់ដឹងគ្រប់គ្រាន់អំពីសេចក្ដីពិតឬថា គាត់មិនទាន់មានសន្ទុះចិត្តដើម្បីកាន់ជាប់នឹងសេចក្ដីពិត ហើយឧទ្ទិសថ្វាយខ្លួនចំពោះព្រះនៅឡើយទេ? (១កូ. ១៤:២០) តើអ្នកអាចធ្វើអ្វីទៀត ដើម្បីជួយឲ្យគាត់ដើរតាមផ្លូវទៅឯជីវិត?—ម៉ាថ. ៧:១៤
២៤ ប្រសិនបើមានទីសំអាងដែលបង្ហាញថា សិស្សនោះកំពុងតែជឿនទៅមុខ និងយល់តម្លៃនៃអ្វីដែលគាត់រៀននោះ ថ្វីបើយឺតយ៉ាវក៏ដោយ ចូរបន្តសិក្សាសៀវភៅមួយទៀតបន្ទាប់ពីរៀនសៀវភៅស្តើងតម្រូវនិងសៀវភៅចំណេះចប់ហើយ។ យើងប្រហែលជាមិនត្រូវធ្វើដូចនេះក្នុងគ្រប់ករណីទាំងអស់ឡើយ តែបើត្រូវការមែន សូមបន្តការសិក្សាក្នុងសៀវភៅបន្ទូលនៃព្រះ។ អ្នកផ្សាយភាគច្រើនមានសៀវភៅនេះផ្ទាល់ខ្លួន ទោះបើក្រុមជំនុំលែងមានហើយក៏ដោយ។ ក្នុងគ្រប់ករណីទាំងអស់ យើងត្រូវសិក្សាសៀវភៅស្តើងតម្រូវនិងសៀវភៅចំណេះឲ្យចប់ជាមុនសិន។ យើងត្រូវរាប់និងរាយការណ៍នូវការសិក្សា ការត្រឡប់ទៅជួប និងម៉ោងដែលយើងចំណាយក្នុងការសិក្សាជាបន្តនោះ ថ្វីបើសិស្សសិក្សានោះទទួលបុណ្យជ្រមុជទឹកមុននឹងរៀនចប់នូវសៀវភៅទីពីរក៏ដោយ។
២៥ តើនេះមានន័យថា ពួកអ្នកដែលបានទទួលបុណ្យជ្រមុជទឹកពេលថ្មីៗនេះ ដែលបានរៀនសៀវភៅតែមួយគត់នោះ ត្រូវទទួលជំនួយបន្ថែមក្នុងការសិក្សាសៀវភៅមួយទៀតឬ? មិនតែងតែត្រូវការទេ។ ក៏ប៉ុន្តែ ពួកគេប្រហែលជាបានក្លាយជាអសកម្ម ឬមិនបានរីកចំរើនខាងសេចក្ដីពិត ហើយអាចមានអារម្មណ៍ថា ពួកគេត្រូវការជំនួយផ្ទាល់ខ្លួនដើម្បីចេះអនុវត្តតាមសេចក្ដីពិតបានច្រើនជាងក្នុងជីវិតរបស់ពួកគេ។ មុននឹងចាប់ផ្ដើមការសិក្សាសារជាថ្មីជាមួយអ្នកផ្សាយដែលបានទទួលបុណ្យជ្រមុជទឹករួចហើយ យើងត្រូវជួបជាមួយអ្នកត្រួតពិនិត្យកិច្ចបំរើមុនសិន។ ប៉ុន្តែ បើអ្នកស្គាល់នរណាម្នាក់ដែលបានសិក្សាសៀវភៅចំណេះតាំងពីមុន តែមិនបានរីកចំរើនរហូតដល់ការឧទ្ទិសថ្វាយខ្លួននិងបុណ្យជ្រមុជទឹកនៅឡើយ អ្នកអាចសួរគាត់ថា តើគាត់ចង់បន្តសិក្សាព្រះគម្ពីរទៀតឬទេ?
២៦ ការយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងអ្នកចាប់អារម្មណ៍ម្នាក់ៗដែលយើងបង្រៀននោះ ជាទីសម្គាល់នូវសេចក្ដីស្រឡាញ់របស់ពួកគ្រីស្ទាន។ យើងមានគោលដៅចង់ជួយសិស្សឲ្យមានការយល់ធ្លុះជ្រៅនឹងសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះ។ បើដូច្នេះ គាត់អាចកាន់ជំហរតាមសេចក្ដីពិតយ៉ាងប្រាកដប្រជាដោយពឹងផ្អែកចំណេះ និងអាចឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ថែមទាំងទទួលបុណ្យជ្រមុជទឹកជាទីសំអាងនោះ។—ទំនុក. ៤០:៨; អេភ. ៣:១៧-១៩
២៧ ចូរបណ្ដុះបណ្ដាលឲ្យមានបំនិនខាងការបង្រៀន: យើងបានទទួលបញ្ជាឲ្យ«បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . ហើយបង្រៀន»ពួកគេដែរ។ (ម៉ាថ. ២៨:១៩, ២០) ដោយសារការបញ្ចុះបញ្ចូលឲ្យមានសិស្សនោះជាប់ទាក់ទិនបំនិនខាងការបង្រៀន យើងត្រូវខំប្រឹងបណ្ដុះឲ្យការបង្រៀនរបស់យើងមានភាពរីកចំរើនជានិច្ច។ (១ធី. ៤:១៦; ២ធី. ៤:២) បើអ្នកចេះភាសាអង់គ្លេស អ្នកប្រហែលជាចង់អានអត្ថបទដូចតទៅនេះ ដើម្បីទទួលយោបល់បន្ថែមអំពីរបៀបបណ្ដុះបណ្ដាលឲ្យមានបំនិនខាងការបង្រៀន: «ការបណ្ដុះបណ្ដាលឲ្យមានបំនិនខាងការបង្រៀន» និង«ការមានឥទ្ធិពលលើចិត្តរបស់ពួកអ្នកស្ដាប់» ក្នុងសៀវភៅណែនាំខាងសាលា មេរៀន១០និង១៥; «អ្នកបង្រៀន ការបង្រៀន» ក្នុងសៀវភៅការយល់ធ្លុះជ្រៅ ក្បាលទី២; ហើយអត្ថបទ «ការសាងសង់ដោយប្រើសំភារៈធន់នឹងភ្លើង» និង «ពេលបង្រៀន ចូរមានឥទ្ធិពលលើចិត្តគេចុះ!» ក្នុងទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែសីហា ឆ្នាំ១៩៨៤; «តើអ្នកចេះវែកញែកកាត់ស្រាយខគម្ពីរយ៉ាងមានប្រសិទ្ធិភាពឬទេ?» ពីថ្ងៃទី១ ខែមីនា ឆ្នាំ១៩៨៦; និង «របៀបទទួលអំណរក្នុងកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស» ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៦។
២៨ ពេលអ្នកខំបញ្ចុះបញ្ចូលឲ្យមានសិស្សដោយប្រើសៀវភៅចំណេះ សូមអធិស្ឋានជានិច្ចសុំឲ្យព្រះយេហូវ៉ាជា«ព្រះដែលធ្វើឲ្យដុះវិញ» ប្រទានពរលើការប្រឹងប្រែងរបស់អ្នកក្នុងការផ្សាយដំណឹងល្អពីព្រះរាជាណាចក្រ ដើម្បីមានឥទ្ធិពលលើចិត្តមនុស្ស។ (១កូ. ៣:៥-៧) យើងសង្ឃឹមថា អ្នកនឹងទទួលអំណរដែលមកពីការជួយបង្រៀនអ្នកឯទៀតឲ្យយល់ដឹង ព្រមទាំងចេះអបអរ និងប្រព្រឹត្តតាមចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច!