ចូរធ្វើជាអ្នកដែលប្រសប់បង្រៀន
«ចូរប្រកាសព្រះបន្ទូល . . . ត្រូវពន្យល់គេអោយដឹងខុសត្រូវ ស្តីបន្ទោស ដាស់តឿននិងបង្រៀនគេដោយចិត្តអត់ធ្មត់គ្រប់ជំពូក»។—២ធម. [២ធី.] ៤:២, ខ.ស.
១. តើព្រះយេស៊ូបានបង្គាប់សិស្សទ្រង់ឲ្យធ្វើអ្វី? តើព្រះយេស៊ូបានតាំងគំរូបែបណាដល់សិស្សទ្រង់?
ក្នុងអំឡុងពេលដែលព្រះយេស៊ូរស់នៅផែនដី ទោះជាទ្រង់បានធ្វើការដ៏អស្ចារ្យដូចជាប្រោសអ្នកជំងឺឲ្យបានជាក្ដី ទ្រង់មានឈ្មោះល្បីជាងគេជាគ្រូដែលពូកែបង្រៀន មិនមែនជាអ្នកដែលព្យាបាលជំងឺនិងធ្វើអព្ភូតហេតុទេ។ (ម៉ាក. ១២:១៩; ១៣:១) ព្រះយេស៊ូចាត់ទុកកិច្ចការប្រកាសដំណឹងល្អស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ជាអ្វីដែលមានអាទិភាពក្នុងជីវិត។ ដូចគ្នាដែរ អ្នកកាន់តាមព្រះយេស៊ូនៅសម័យនេះក៏ចាត់ទុកកិច្ចការផ្សព្វផ្សាយជាអ្វីដែលមានអាទិភាពផង។ គ្រិស្តសាសនិកមានភារកិច្ចបញ្ចុះបញ្ចូលឲ្យមានសិស្សយ៉ាងឥតឈប់ឈរ ដោយបង្រៀនមនុស្សឲ្យកាន់តាមគ្រប់ទាំងសេចក្ដីដែលព្រះយេស៊ូបានបង្គាប់។—ម៉ាថ. ២៨:១៩, ២០
២. ដើម្បីបំពេញភារកិច្ចរបស់យើងជាអ្នកផ្សព្វផ្សាយ តើចាំបាច់ឲ្យយើងធ្វើអ្វី?
២ ពេលយើងខិតខំបំពេញភារកិច្ចបញ្ចុះបញ្ចូលឲ្យមានសិស្ស យើងក៏តែងតែរកវិធីដែលជួយយើងឲ្យក្លាយជាអ្នកដែលប្រសប់បង្រៀន។ សាវ័កប៉ុលបានបញ្ជាក់ពីសារៈសំខាន់នៃការបណ្ដុះឲ្យមានសមត្ថភាពបង្រៀនដោយប៉ិនប្រសប់ ពេលគាត់សរសេរសំបុត្រទៅកាន់ប្អូនធីម៉ូថេដែលធ្លាប់ជាដៃគូរបស់ប៉ុលក្នុងកិច្ចការផ្សព្វផ្សាយ។ ប៉ុលសរសេរថា៖ «ចូរប្រុងប្រយ័តនឹងខ្លួនអ្នក ហើយនឹងសេចក្ដីបង្រៀន។ ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ នោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»។ (១ធី. ៤:១៦) ពេលប៉ុលសរសេរអំពីសេចក្ដីបង្រៀននោះ គាត់មិនចង់សំដៅទៅលើការបង្រៀនមនុស្សដើម្បីឲ្យពួកគេមានចំណេះដឹងតែប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ បើគ្រិស្តសាសនិកចង់មានប្រសិទ្ធភាពក្នុងការបង្រៀន ព័ត៌មានដែលពួកគេបង្រៀនត្រូវតែជ្រាបចូលទៅក្នុងចិត្តរបស់សិស្ស ទាំងជំរុញចិត្តសិស្សឲ្យកែប្រែជីវិត។ យើងត្រូវតែមានលក្ខណៈប៉ិនប្រសប់ដើម្បីសម្រេចការនេះបាន។ ដូច្នេះ ក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា តើយើងអាចក្លាយទៅជាអ្នកដែលប្រសប់បង្រៀនយ៉ាងដូចម្ដេច?— ២ធម. [២ធី.] ៤:២, ខ.ស.
ប្រសប់បង្រៀន ដោយរបៀបណា?
៣, ៤. (ក) តើយើងអាចក្លាយទៅជាអ្នកដែលប្រសប់បង្រៀនយ៉ាងដូចម្ដេច? (ខ) តើសាលាកិច្ចបម្រើផ្សាយជួយយើងយ៉ាងណា ដើម្បីឲ្យចេះបង្រៀនដោយប្រសិទ្ធភាព?
៣ វចនានុក្រមខ្មែរបកស្រាយពាក្យ«ប្រសប់»ថា៖ «ប៉ិនខាងស្ទង់ លៃ គ្នេរ»។ បើយើងចង់មានប្រសិទ្ធភាពក្នុងការបង្រៀនសិស្សនូវដំណឹងល្អ យើងត្រូវតែចេះស្ទង់ លៃនិងគ្នេរ ទើបអាចមានលក្ខណៈប៉ិនប្រសប់។ ការអធិស្ឋាននិងការស្ទង់ឲ្យដឹងពីជម្រៅនៃគោលរឿងដែលយើងត្រូវបង្រៀន នោះជួយយើងយល់ឲ្យបានកាន់តែច្បាស់។ (សូមអាន ទំនុកដំកើង ១១៩:២៧, ៣៤) ពេលយើងគ្នេរឬរិះរេមើលអ្នកផ្សព្វផ្សាយឯទៀតដែលមានប្រសិទ្ធភាពក្នុងការបង្រៀន នេះក៏ហុចឱកាសឲ្យយើងរៀនអំពីវិធីដែលពួកគេប្រើ ហើយឲ្យយើងយកតម្រាប់តាមគំរូរបស់ពួកគេផង។ ក្រោយមក បើយើងចេះលៃលកពីអ្វីដែលយើងរៀនហើយធ្វើតាម នោះនឹងនាំឲ្យយើងកាន់តែប្រសប់បង្រៀនថែមទៀត។—លូ. ៦:៤០; ១ធី. ៤:១៣-១៥
៤ ក្នុងចំណោមពួកគ្រូ ព្រះយេហូវ៉ាជាគ្រូដ៏ឧត្តមបំផុត។ ព្រះយេហូវ៉ាផ្ដល់ការណែនាំឲ្យរាស្ត្រទ្រង់ តាមរយៈអង្គការទ្រង់នៅផែនដី ដែលបង្រៀនយើងអំពីរបៀបបំពេញភារកិច្ចជាអ្នកផ្សព្វផ្សាយ។ (អេសា. ៣០:២០, ២១) ជាឧទាហរណ៍ រៀងរាល់សប្ដាហ៍ក្រុមជំនុំនីមួយៗមានកម្មវិធីសាលាកិច្ចបម្រើផ្សាយដើម្បីជួយសិស្សទាំងឡាយដែលបានចុះឈ្មោះ ឲ្យចេះផ្សាយប្រកាសសារដោយប្រសិទ្ធភាព ស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ គម្ពីរបរិសុទ្ធជាប្រភពព័ត៌មានសំខាន់បំផុតក្នុងកម្មវិធីសាលានោះ។ បណ្ដាំរបស់ព្រះយេហូវ៉ាជួយប្រាប់ពីអ្វីដែលយើងត្រូវតែបង្រៀន។ ម្យ៉ាងទៀត គម្ពីរបញ្ជាក់ពីវិធីបង្រៀនដែលសមគួរ ហើយមានប្រសិទ្ធភាព។ សាលាកិច្ចបម្រើផ្សាយតែងតែរំលឹកយើងថា យើងអាចមានលក្ខណៈកាន់តែប្រសប់បង្រៀន បើយើងយកបណ្ដាំរបស់ព្រះយេហូវ៉ាជាគ្រឹះមូលដ្ឋាននៃការបង្រៀនរបស់យើង រៀនឲ្យចេះលើកសំណួរដែលមានអានុភាពទៅលើចិត្ត និងបង្រៀនដោយស្រួលយល់ ហើយយកចិត្តទុកដាក់យ៉ាងស្មោះចំពោះសិស្ស។ ឥឡូវ សូមឲ្យយើងពិនិត្យមើលចំណុចទាំងនេះម្ដងមួយៗ។ រួចមក យើងនឹងពិភាក្សាអំពីរបៀបដែលយើងអាចជំរុញចិត្តសិស្សរបស់យើងបាន។
ចូរយកបណ្ដាំរបស់ព្រះយេហូវ៉ា ជាគ្រឹះមូលដ្ឋាននៃការបង្រៀនរបស់យើង
៥. តើសេចក្ដីបង្រៀនរបស់យើងគួរតែមានមូលដ្ឋានទៅលើអ្វី? ហេតុអ្វីបានជាគួរតែមានមូលដ្ឋានទៅលើនោះ?
៥ ក្នុងចំណោមគ្រូទាំងឡាយនៅផែនដី ព្រះយេស៊ូជាគ្រូដែលពូកែបង្រៀនជាងគេបំផុត ហើយសេចក្ដីបង្រៀនរបស់ទ្រង់តែងតែមានមូលដ្ឋានលើគម្ពីរ។ (ម៉ាថ. ២១:១៣; យ៉ូន. ៦:៤៥; ៨:១៧) ព្រះយេស៊ូមិនបានមានប្រសាសន៍ដោយអាងចំណេះរបស់ខ្លួនឡើយ តែបានលើកតម្កើងព្រះយេហូវ៉ាវិញ ដែលជាអ្នកចាត់ទ្រង់ឲ្យមក។ (យ៉ូន. ៧:១៦-១៨) គំរូនោះហើយដែលយើងយកតម្រាប់តាម។ ដូច្នេះ អ្វីៗដែលយើងនិយាយ មិនថាក្នុងកិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ឬពេលបង្រៀនសិស្សក្ដី ពាក្យទាំងនោះគួរតែមានមូលដ្ឋានទៅលើបណ្ដាំរបស់ព្រះយេហូវ៉ា។ (២ធី. ៣:១៦, ១៧) ទោះបើយើងពូកែវែកញែកហេតុផលយ៉ាងណាក៏ដោយ ពាក្យរបស់យើងមិនអាចមានអំណាចនិងប្រសិទ្ធភាពស្មើនឹងពាក្យរបស់ព្រះយេហូវ៉ាក្នុងគម្ពីរឡើយ។ ពាក្យក្នុងគម្ពីរមានអំណាចខ្លាំង។ មិនថាយើងចង់ជួយសិស្សឲ្យយល់ចំណុចណាក៏ដោយ វិធីដ៏ប្រសើរបំផុតគឺដោយអញ្ជើញសិស្សឲ្យអានចំណុចនោះក្នុងគម្ពីរ។—សូមអាន ហេព្រើរ ៤:១២
៦. តើអ្នកបង្រៀនអាចធ្វើយ៉ាងណាដើម្បីឲ្យដឹងប្រាកដថា សិស្សយល់អត្ថន័យនៃមេរៀន?
៦ នេះមិនបានសេចក្ដីថា គ្រិស្តសាសនិកមិនចាំបាច់ត្រៀមខ្លួនមុនបង្រៀនគម្ពីរដល់សិស្សឡើយ។ ផ្ទុយទៅវិញ គប្បីឲ្យអ្នកបង្រៀនគិតឲ្យបានដិតដល់ទុកជាមុន ដើម្បីសម្រេចចិត្តថា បទគម្ពីរណាខ្លះក្នុងមេរៀននៃសៀវភៅសិក្សាដែលគាត់នឹងអាន ឬឲ្យសិស្សអានក្នុងគម្ពីរពេលរៀនជាមួយគ្នា។ ធម្មតា យកល្អឲ្យយើងអានបទគម្ពីរណាដែលជាគ្រឹះមូលដ្ឋាននៃជំនឿរបស់យើង។ ក៏សំខាន់ចាំបាច់ដែរ ដែលយើងជួយសិស្សឲ្យយល់អត្ថន័យនៃបទគម្ពីរនីមួយៗដែលគាត់អាន។—១កូ. ១៤:៨, ៩
ចូររៀនឲ្យចេះលើកសំណួរដែលមានអានុភាពទៅលើចិត្ត
៧. ម្ដេចក៏ការលើកសំណួរជាវិធីបង្រៀនដ៏ល្អ?
៧ ពេលគ្រូប្រសប់លើកសំណួរ នេះអាចជួយសិស្សឲ្យចេះគិតដោយខ្លួនឯង ព្រមទាំងជួយឲ្យព័ត៌មានជ្រាបចូលទៅក្នុងចិត្តផង។ ដូច្នេះ ជាជាងបកស្រាយន័យបទគម្ពីរឲ្យសិស្ស គប្បីយើងសូមឲ្យគាត់ពន្យល់អត្ថន័យនៃបទគម្ពីរនោះដល់យើងវិញ។ ជួនកាលយើងត្រូវតែលើកសំណួរមួយទៀត ឬក៏ពីរបីទៀត ដើម្បីជួយសិស្សឲ្យយល់ច្បាស់។ ពេលយើងជំរុញសិស្សឲ្យចេះគិតគូរបែបនេះ យើងមិនគ្រាន់តែជួយគាត់ឲ្យដឹងពីមូលហេតុដែលយើងយល់យ៉ាងនេះឬយល់យ៉ាងនោះ តែយើងក៏ជួយគាត់ឲ្យមានគំនិតឯកភាពនឹងការយល់ដឹងនោះដែរ។—ម៉ាថ. ១៧:២៤-២៦; លូ. ១០:៣៦, ៣៧
៨. តើយើងអាចធ្វើយ៉ាងណា ដើម្បីស្ទាបស្ទង់ចិត្តរបស់សិស្ស?
៨ របៀបសិក្សាសៀវភៅរបស់យើង គឺដោយសំណួរនិងចម្លើយ។ តាមធម្មតា សិស្សភាគច្រើនដែលរៀនគម្ពីរជាមួយនឹងយើង អាចរកចម្លើយភ្លាមៗបាន ពីព្រោះសំណួរនីមួយៗក្នុងសៀវភៅរបស់យើងសំដៅទៅលើព័ត៌មានក្នុងវគ្គនីមួយៗ។ សូម្បីតែពេលសិស្សឆ្លើយត្រូវក្ដី អ្នកបង្រៀនដែលចង់ស្ទង់ចិត្តសិស្ស មិនអស់ចិត្តភ្លាមៗទេ។ ជាឧទាហរណ៍ ប្រហែលជាសិស្សយើងអាចពន្យល់យ៉ាងច្បាស់អំពីអ្វីដែលចែងទុកក្នុងគម្ពីរ ស្តីអំពីការប្រព្រឹត្តដែលប្រាសចាកសីលធម៌។ (១កូ. ៦:១៨) ប៉ុន្តែ បើយើងសួរដើម្បីស្ទាបស្ទង់ពីទស្សនៈរបស់សិស្សវិញ យើងអាចដឹងអំពីអារម្មណ៍ពិតក្នុងចិត្តគាត់ ចំពោះអ្វីដែលគាត់កំពុងរៀន។ យ៉ាងនេះ អ្នកបង្រៀនប្រហែលជាអាចសួរថា «ហេតុអ្វីបានជាច្បាប់ក្នុងគម្ពីរមិនអនុញ្ញាតឲ្យយើងរួមដំណេកជាមួយនរណាម្នាក់ដែលមិនមែនជាស្វាមីឬភរិយារបស់ខ្លួន? តើប្អូន (ឬបង) មានទស្សនៈយ៉ាងណាចំពោះច្បាប់នេះរបស់ព្រះយេហូវ៉ា? តើប្អូន (ឬបង) គិតថា មានប្រយោជន៍អ្វីទេ ឲ្យយើងមានសីលធម៌ស្របទៅតាមគោលការណ៍របស់ព្រះយេហូវ៉ា?»។ ចម្លើយរបស់សិស្សអាចសឲ្យឃើញច្បាស់អំពីអ្វីដែលមាននៅក្នុងចិត្តគាត់។—សូមអាន ម៉ាថាយ ១៦:១៣-១៧
ចូរបង្រៀនដោយស្រួលយល់
៩. ពេលអានបទគម្ពីរជាមួយសិស្ស តើគប្បីឲ្យយើងចាំពីចំណុចអ្វីខ្លះ?
៩ សេចក្ដីបង្រៀនភាគច្រើនក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា មិនពិបាកយល់ទេ។ ក៏ប៉ុន្តែ ប្រហែលជាសិស្សខ្លះដែលរៀនគម្ពីរជាមួយនឹងយើង ពិបាកយល់ចំណុចខ្លះៗ ពីព្រោះអ្វីដែលគាត់រៀននោះ ខុសប្លែកពីអ្វីដែលសាសនាមិនពិតធ្លាប់បង្រៀន។ ភារកិច្ចរបស់យើងដែលជាអ្នកបង្រៀន គឺដើម្បីជួយឲ្យសិស្សឆាប់យល់។ អ្នកដែលប្រសប់បង្រៀនតែងតែបង្រៀនដោយស្រួលយល់ ច្បាស់លាស់ហើយត្រឹមត្រូវ។ បើយើងបង្រៀនដោយរបៀបនេះ សេចក្ដីពិតដែលយើងបង្រៀននោះ គឺមិនពិបាកយល់ទេ។ យកល្អកុំឲ្យយើងបង្រៀនចំណុចដ៏ល្អិតល្អន់ពេក។ ពេលអានបទគម្ពីរ មិនចាំបាច់ឲ្យយើងបកស្រាយអត្ថន័យនៃចំណុចនីមួយៗក្នុងបទគម្ពីរនោះទេ។ គឺគ្រប់គ្រាន់ហើយ ឲ្យយើងផ្ដោតអារម្មណ៍ទៅលើចំណុចណាមួយក្នុងបទគម្ពីរដែលទាក់ទងនឹងមេរៀនដែលយើងកំពុងសិក្សា។ បន្ដិចម្ដងៗ ពេលសិស្សរៀនសេចក្ដីពិតពីគម្ពីរកាន់តែច្រើន គាត់ក៏នឹងយល់កាន់តែច្រើនផងដែរ។—ហេ. ៥:១៣, ១៤
១០. ពេលយើងបង្រៀនសិស្សម្ដងៗ តើចំនួនវគ្គដែលយើងរៀនអាស្រ័យទៅលើកត្ដាអ្វីខ្លះ?
១០ ពេលបង្រៀនសិស្សម្ដងៗ តើយើងគួររៀនប៉ុន្មានវគ្គ? នេះគឺអាស្រ័យទៅលើកត្ដាផ្សេងៗ ដូចជាកាលៈទេសៈនិងសមត្ថភាពខុសៗគ្នារបស់សិស្សផង ហើយរបស់អ្នកបង្រៀនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែចាំថា គោលដៅរបស់យើងជាអ្នកបង្រៀន គឺដើម្បីជួយសិស្សឲ្យមានជំនឿរឹងមាំ។ អាស្រ័យហេតុនេះ យើងទុកឱកាសឲ្យសិស្សអាន យល់ហើយមានគំនិតឯកភាពនឹងសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា។ យើងមិនមើលព័ត៌មានច្រើនពេក ដល់ម្ល៉េះបានជាសិស្សមិនអាចយល់ទាំងអស់ទេ។ ដំណាលគ្នានោះ យើងក៏មិនមើលព័ត៌មានតិចពេក ឬល្អិតល្អន់ពេកឡើយ។ ផ្ទុយទៅវិញ ពេលសិស្សយល់ចំណុចណាមួយហើយ យើងរៀនបន្តទៅទៀត។—កូល. ២:៦, ៧
១១. ស្តីអំពីវិធីបង្រៀន តើយើងអាចទាញយកមេរៀនអ្វីពីគំរូរបស់សាវ័កប៉ុល?
១១ ពេលសាវ័កប៉ុលបានផ្សាយដំណឹងល្អដល់អ្នកដែលអត់ធ្លាប់ឮព័ត៌មាននោះ គាត់បាននិយាយដោយស្រួលយល់។ ទោះបើប៉ុលបានរៀនជ្រៅជ្រះក្ដី គាត់មិនដែលនិយាយដូចជាបញ្ញវន្តឡើយ។ (សូមអាន កូរិនថូសទី១ ២:១, ២) មនុស្សដែលមានចិត្តស្មោះត្រង់តែងតែពេញចិត្តចំពោះសេចក្ដីពិតដែលស្រួលយល់។ មិនចាំបាច់ឲ្យយើងក្លាយទៅជាអ្នកប្រាជ្ញដើម្បីយល់គម្ពីរទេ។—ម៉ាថ. ១១:២៥; កិច្ច. ៤:១៣; ១កូ. ១:២៦, ២៧
ជួយសិស្សឲ្យយល់ថាគប្បីធ្វើតាមអ្វីដែលគេបានរៀន
១២, ១៣. តើអ្វីអាចជំរុញចិត្តសិស្សរបស់យើងឲ្យធ្វើតាមអ្វីដែលគាត់រៀន? សូមរៀបរាប់ឧទាហរណ៍មួយ។
១២ បើយើងចង់មានប្រសិទ្ធភាពក្នុងការបង្រៀន ព័ត៌មានដែលយើងបង្រៀនត្រូវតែជ្រាបចូលទៅក្នុងចិត្តសិស្ស។ សិស្សរបស់យើងត្រូវតែយល់ថា ព័ត៌មានដែលគាត់រៀននោះ មានទំនាក់ទំនងយ៉ាងណាទៅនឹងជីវិតរបស់គាត់ ព្រមទាំងទទួលស្គាល់ថា គាត់អាចទទួលប្រយោជន៍និងមានជីវិតកាន់តែប្រសើរឡើង បើគាត់ធ្វើតាមការណែនាំក្នុងគម្ពីរ។—អេសា. ៤៨:១៧, ១៨
១៣ ជាឧទាហរណ៍ ប្រហែលជាយើងអានបទគម្ពីរនៅសៀវភៅហេព្រើរ ១០:២៤, ២៥ ដែលដាស់តឿនគ្រិស្តសាសនិកទាំងឡាយឲ្យជួបជុំជាមួយអ្នកជឿគ្នីគ្នា ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក និងទទួលការលើកទឹកចិត្ត។ បើសិស្សរបស់យើងមិនទាន់ចូលរួមកម្មវិធីប្រជុំ យើងប្រហែលជាអាចពន្យល់អំពីដំណើរការនៃកម្មវិធីទាំងនោះ និងសរុបសេចក្ដីស្តីអំពីអ្វីដែលយើងរៀននៅទីនោះផង។ យើងអាចប្រាប់សិស្សថា កិច្ចប្រជុំរបស់យើងជាផ្នែកសំខាន់នៃការថ្វាយបង្គំ ហើយក៏អាចពន្យល់អំពីប្រយោជន៍ដែលយើងបានទទួលផ្ទាល់ខ្លួនពេលចូលរួម។ រួចមក គប្បីឲ្យយើងអញ្ជើញសិស្សឲ្យចូលរួមជាមួយនឹងយើងដែរ។ យើងសង្ឃឹមថា សិស្សរបស់យើងនឹងធ្វើតាមបង្គាប់ក្នុងគម្ពីរ មិនមែនដោយព្រោះចង់ផ្គាប់ចិត្តអ្នកដែលបង្រៀនគាត់ទេ តែដោយព្រោះមានចិត្តចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ាទៅវិញ។—កា. ៦:៤, ៥
១៤, ១៥. (ក) ពេលសិក្សាគម្ពីរ តើសិស្សរបស់យើងអាចរៀនអ្វីខ្លះអំពីព្រះយេហូវ៉ា? (ខ) ពេលសិស្សស្គាល់បុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ាកាន់តែច្បាស់ តើពួកគេអាចទទួលប្រយោជន៍អ្វីខ្លះ?
១៤ អត្ថប្រយោជន៍ដែលសិស្សរបស់យើងអាចទទួលពីការសិក្សានិងការធ្វើតាមគោលការណ៍ក្នុងគម្ពីរ គឺថា ពួកគេអាចស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ និងស្រឡាញ់ទ្រង់កាន់តែខ្លាំងឡើងផង។ (អេសា. ៤២:៨) ព្រះយេហូវ៉ាមិនគ្រាន់តែជាព្រះដែលបានបង្កើតរបស់សព្វសារពើ ជាម្ចាស់នៃអ្វីៗទាំងអស់ និងជាបិតាដែលពេញទៅដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះទេ តែចំពោះអស់អ្នកដែលស្រឡាញ់និងបម្រើទ្រង់ ទ្រង់ក៏អនុញ្ញាតឲ្យពួកគេស្គាល់បុគ្គលិកលក្ខណៈនិងសមត្ថកិច្ចរបស់ទ្រង់ដែរ។ (សូមអាន និក្ខមនំ ៣៤:៦, ៧) មុនលោកម៉ូសេបានដឹកនាំបណ្ដាជនអ៊ីស្រាអែលចេញពីទាសភាពនៅស្រុកអេស៊ីប ព្រះយេហូវ៉ាបានពន្យល់អំពីអង្គទ្រង់ដោយប្រើឃ្លាថា៖ «អញជាព្រះដ៏ជាព្រះ»ឬ«យើងនឹងក្លាយទៅជាអ្វីដែលយើងនឹងក្លាយទៅជា»។ (និក្ខ. ៣:១៣-១៥; ព.ថ.) ពាក្យទាំងនេះបង្កប់អត្ថន័យថា ព្រះយេហូវ៉ានឹងក្លាយទៅជាអ្វីក៏ដោយដែលជាចាំបាច់ដើម្បីបំពេញគោលបំណងរបស់ទ្រង់ចំពោះរាស្ត្រដែលទ្រង់បានរើសតាំង។ បន្ដិចម្ដងៗ បណ្ដាជនអ៊ីស្រាអែលបានឃើញព្រះយេហូវ៉ាបំពេញតួនាទីជាអ្នកសង្គ្រោះ អ្នកចម្បាំង អ្នកដែលផ្គត់ផ្គង់អ្វីដែលពួកគេត្រូវការ និងអ្នកដែលធ្វើតាមពាក្យសន្យាជាដើម។—និក្ខ. ១៥:២, ៣; ១៦:២-៥; យ៉ូស. ២៣:១៤
១៥ ប្រហែលជាព្រះយេហូវ៉ានឹងមិនធ្វើអន្តរាគមន៍យ៉ាងអស្ចារ្យក្នុងជីវិតរបស់សិស្សយើង ដូចទ្រង់បានធ្វើចំពោះម៉ូសេទេ។ ប៉ុន្តែ ពេលដែលសិស្សរបស់យើងមានជំនឿកាន់តែខ្លាំងឡើង និងឲ្យតម្លៃកាន់តែច្រើនចំពោះអ្វីដែលពួកគេរៀន ព្រមទាំងធ្វើតាមចំណេះនោះផង ពួកគេច្បាស់ជានឹងទទួលស្គាល់ថា ពួកគេត្រូវតែពឹងទៅលើព្រះយេហូវ៉ាដើម្បីទទួលការណែនាំ ប្រាជ្ញានិងចិត្តក្លាហាន។ ពេលសិស្សរបស់យើងធ្វើដូច្នេះ ពួកគេនឹងទទួលស្គាល់មុខនាទីផ្សេងទៀតរបស់ព្រះយេហូវ៉ា ជាព្រះដែលផ្ដល់ឱវាទដ៏គួរឲ្យទុកចិត្ត ជាព្រះដែលការពាររាស្ត្រទ្រង់ និងជាព្រះដែលប្រទាននូវអ្វីៗដែលយើងត្រូវការ។—ទំនុក. ៥៥:២២; ៦៣:៧; សុ. ៣:៥, ៦
ចូរយកចិត្តទុកដាក់យ៉ាងស្មោះចំពោះសិស្ស
១៦. ទោះបើយើងមិនសូវប្រសប់បង្រៀនក្ដី តើអ្វីដែលអាចជួយយើងឲ្យមានប្រសិទ្ធភាពនៅឡើយ?
១៦ បើយើងគិតថា យើងមិនសូវប្រសប់បង្រៀនទេ កុំឲ្យខកចិត្តឡើយ។ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ានិងព្រះយេស៊ូកំពុងដឹកនាំកម្មវិធីអប់រំទូទាំងពិភពលោក។ (កិច្ច. ១:៧, ៨; វិវរ. ១៤:៦) ពេលយើងខំព្យាយាមតទៅទៀត ព្រះយេហូវ៉ានិងព្រះយេស៊ូអាចប្រទានពរ ដើម្បីឲ្យពាក្យរបស់យើងមានឥទ្ធិពលល្អទៅលើចិត្តនៃមនុស្សសុចរិត។ (យ៉ូន. ៦:៤៤) សូម្បីតែអ្នកបង្រៀនដែលមិនសូវប្រសប់ក៏ដោយ អាចមានប្រសិទ្ធភាព បើគាត់បង្ហាញសេចក្ដីស្រឡាញ់ចំពោះសិស្ស។ សាវ័កប៉ុលក៏បានបង្ហាញឲ្យដឹងអំពីសារៈសំខាន់នៃការស្រឡាញ់សិស្ស។—សូមអាន ថែស្សាឡូនីចទី១ ២:៧, ៨
១៧. តើយើងអាចយកចិត្តទុកដាក់យ៉ាងស្មោះចំពោះសិស្សម្នាក់ៗដែលរៀនគម្ពីរដោយរបៀបណាខ្លះ?
១៧ ស្រដៀងគ្នាដែរ យើងយកចិត្តទុកដាក់យ៉ាងស្មោះចំពោះសិស្សម្នាក់ៗដែលរៀនគម្ពីរ ដោយចំណាយពេលដើម្បីស្គាល់គាត់ឲ្យបានច្បាស់ជាង។ ពេលដែលយើងពិភាក្សាជាមួយគ្នាអំពីគោលការណ៍ក្នុងគម្ពីរ យើងប្រាកដជានឹងយល់អំពីកាលៈទេសៈក្នុងជីវិតរបស់គាត់យ៉ាងច្បាស់។ យើងអាចឃើញថា គាត់កំពុងធ្វើតាមគោលការណ៍ខ្លះៗដែលគាត់បានរៀនពីគម្ពីរ ហើយក៏ឃើញថា គាត់នៅតែត្រូវកែប្រែថែមទៀតក្នុងកាលៈទេសៈឯទៀត។ បើយើងខំជួយសិស្សឲ្យយល់ថា ព័ត៌មានដែលយើងរៀនជាមួយគ្នាពេលសិក្សាគម្ពីរជាប់ទាក់ទងនឹងជីវិតគាត់ យ៉ាងនេះយើងបង្ហាញសេចក្ដីស្រឡាញ់ដោយជួយគាត់ឲ្យក្លាយទៅជាសិស្សពិតរបស់ព្រះយេស៊ូ។
១៨. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងអធិស្ឋានជាមួយសិស្សរបស់យើង និងអធិស្ឋានអំពីគាត់ផងដែរ?
១៨ សំខាន់បំផុត យើងអាចអធិស្ឋានជាមួយនឹងសិស្សរបស់យើង ហើយអធិស្ឋានអំពីគាត់ផងដែរ។ សិស្សរបស់យើងគួរតែជឿជាក់ថា យើងមានបំណងចង់ជួយគាត់ឲ្យស្គាល់ព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើងឲ្យកាន់តែច្បាស់ ព្រមទាំងជួយគាត់ឲ្យមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងទ្រង់ និងទទួលប្រយោជន៍ពីការណែនាំរបស់ទ្រង់ផង។ (សូមអាន ទំនុកដំកើង ២៥:៤, ៥) ពេលយើងអធិស្ឋានសូមព្រះយេហូវ៉ាប្រទានពរដល់សិស្សដែលខិតខំធ្វើតាមអ្វីដែលគាត់រៀននោះ នេះអាចជួយសិស្សឲ្យយល់ថា ចាំបាច់ណាស់ឲ្យគាត់ក្លាយទៅជា‹អ្នកដែលប្រព្រឹត្តតាមព្រះបន្ទូល›ផង។ (យ៉ា. ១:២២) ណាមួយទៀត ពេលសិស្សស្ដាប់យើងអធិស្ឋានយ៉ាងស្មោះអស់ពីចិត្ត គាត់ក៏រៀនអំពីរបៀបអធិស្ឋានដែរ។ ពេលយើងជួយសិស្សឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា យើងនឹងមានអំណរយ៉ាងខ្លាំងជាពុំខាន!
១៩. តើអត្ថបទបន្ទាប់នឹងរៀបរាប់អំពីអ្វី?
១៩ គួរឲ្យលើកទឹកចិត្តណាស់! ថាសាក្សីជាង៦លាននាក់របស់ព្រះយេហូវ៉ាទូទាំងពិភពលោក ជាអ្នកដែលប្រសប់បង្រៀន ដោយមានបំណងជួយមនុស្សល្អឲ្យធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេស៊ូបានបង្គាប់។ តើកិច្ចការផ្សព្វផ្សាយរបស់យើងមានលទ្ធផលយ៉ាងណា? អត្ថបទជាបន្ទាប់នឹងឆ្លើយសំណួរនេះ។
តើអ្នកនៅចាំទេ?
• ហេតុអ្វីក៏ចាំបាច់ម្ល៉េះឲ្យយើងក្លាយទៅជាអ្នកដែលប្រសប់បង្រៀន?
• តើវិធីបង្រៀនអ្វីខ្លះជួយយើងឲ្យមានប្រសិទ្ធភាពច្រើនជាង?
• តើអ្វីដែលអាចជួយអ្នកដែលមិនសូវប្រសប់បង្រៀន?
[រូបភាពនៅទំព័រ១៦]
តើអ្នកបានចុះឈ្មោះក្នុងសាលាកិច្ចបម្រើផ្សាយឬនៅ?
[រូបភាពនៅទំព័រ១៧]
ម្ដេចក៏សំខាន់ម្ល៉េះឲ្យយើង លើកទឹកចិត្តសិស្សឲ្យអានបទគម្ពីរ?
[រូបភាពនៅទំព័រ១៨]
ចូរអធិស្ឋានជាមួយសិស្សរបស់យើង និងអំពីគាត់ផងដែរ