បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១ ទំ. ២០-២៣
  • មនុស្សដែល«មានចិត្ដគំនិតត្រឹមត្រូវ»នឹងជឿតាម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មនុស្សដែល«មានចិត្ដគំនិតត្រឹមត្រូវ»នឹងជឿតាម
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ផ្សព្វផ្សាយ​ដោយ​មិន​រើស​មុខ
  • អ្នក​ដែល​ផ្សព្វផ្សាយ​ដោយ​«ឥត​ឈប់​ឈរ» នឹង​ទទួល​ពរ
  • សៀវភៅ​ដែល​មាន​ប្រសិទ្ធភាព ក្នុង​ការ​បង្រៀន​គម្ពីរ
  • ​«កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ»
  • ការ«នាំដំណឹងល្អពីការប្រសើរមក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ‹ចូរយកចិត្ដទុកដាក់នឹងការងារដែលយើងបានទទួលក្នុងព្រះអម្ចាស់ចុះ!›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរប្រកាសដំណឹងល្អដោយចិត្តខ្នះខ្នែង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១ ទំ. ២០-២៣

មនុស្ស​ដែល​«មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ»​នឹង​ជឿ​តាម

​«អស់​អ្នក​ដែល​ត្រូវ​បាន[ឬ​«មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន»]​ជីវិត​អស់កល្ប​ជានិច្ច នោះ​ក៏​បាន​ជឿ»។—កិច្ច. ១៣:៤៨; ព.ថ.

១, ២​. តើ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​ធ្វើ​យ៉ាង​ណា ស្តី​អំពី​ទំនាយ​របស់​ព្រះ​យេស៊ូ​ដែល​ថា សិស្ស​របស់​ទ្រង់​នឹង​ប្រកាស​ដំណឹង​ល្អ​ទូទាំង​ពិភព​លោក?

សៀវភៅ​កិច្ចការ​ក្នុង​គម្ពីរ​មាន​កំណត់​ហេតុ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់! ស្តី​អំពី​ទង្វើ​របស់​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម ដែល​បាន​ធ្វើ​តាម​ទំនាយ​របស់​ព្រះ​យេស៊ូ​ដែល​មាន​ប្រសាសន៍​ថា សិស្ស​ទ្រង់​នឹង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ទូទាំង​ពិភព​លោក។ (ម៉ាថ. ២៤:១៤) អ្នក​ផ្សាយ​ប្រកាស​នៅ​សម័យ​នោះ​ជា​គំរូ​ល្អ​ដល់​អស់​អ្នក​ជំនាន់​ក្រោយ ដែល​នឹង​ធ្វើ​តាម​គំរូ​របស់​ពួក​គេ។ ដោយ​សារ​សិស្ស​របស់​ព្រះ​យេស៊ូ​ឧស្សាហ៍​ផ្សព្វផ្សាយ​នៅ​ទី​ក្រុង​យេរូសាឡិម​ដល់​ម្ល៉េះ មនុស្ស​រាប់​ពាន់​នាក់ រួម​ទាំង​«ពួក​សង្ឃ»​ដែល​មាន​គ្នា​«សន្ធឹក»​ដែរ បាន​រួម​គ្នា​ជា​ពួក​ជំនុំ​នៅ​សតវត្សរ៍​ទី​មួយ។—កិច្ច. ២:​៤១; ៤:​៤; ៦:៧

២ សាសនទូត​ខ្លះៗ​នៅ​សម័យ​នោះ​ក៏​បាន​ជួយ​មនុស្ស​ច្រើន​ថែម​ទៀត​ឲ្យ​ក្លាយ​ជា​គ្រិស្ត​សាសនិក។ ជា​ឧទាហរណ៍ លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​សាម៉ារី ហើយ​បណ្ដា​មនុស្ស​បាន​ប្រុង​ស្ដាប់​អស់​ទាំង​ពាក្យ​ដែល​គាត់​និយាយ។ (កិច្ច. ៨:៥​-​៨) សាវ័ក​ប៉ុល​ក៏​បាន​ធ្វើ​ដំណើរ​ជា​មួយ​គូកន​ឯ​ទៀត​យ៉ាង​ឆ្ងាយ​ផង ហើយ​ទៅ​គ្រប់​ទិស​ទី​ផង​ដែរ។ គាត់​បាន​ទៅ​ផ្សព្វផ្សាយ​នៅ​កោះ​គីប្រុស ស្រុក​ម៉ាសេដូន ប្រទេស​ក្រិច​និង​អ៊ីតាលី ហើយ​នៅ​កន្លែង​ខ្លះ​ដែល​សព្វ​ថ្ងៃ​នេះ​ស្ថិត​ក្នុង​ទឹក​ដី​នៃ​ប្រទេស​តួគី។ ពេល​ប៉ុល​ផ្សព្វផ្សាយ​នៅ​ទី​ក្រុង​ផ្សេងៗ មនុស្ស​ជនជាតិ​យូដា​និង​ជនជាតិ​ក្រិច​យ៉ាង​សន្ធឹក​ក៏​បាន​ជឿ​តាម។ (កិច្ច. ១៤:១; ១៦:៥; ១៧:​៤) លោក​ទីតុស​បាន​ធ្វើ​កិច្ច​បម្រើ​ផ្សាយ​នៅ​កោះ​ក្រេត។ (ទីត. ១:​៥) សាវ័ក​ពេត្រុស​ក៏​ជាប់​រវល់​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​នៅ​ទី​ក្រុង​បាប៊ីឡូន ហើយ​ពេល​គាត់​សរសេរ​សំបុត្រ​ទី​មួយ នៅ​ប្រហែល​ជា​ឆ្នាំ​៦២​-​ឆ្នាំ​៦៤ គ.ស. ពួក​គ្រិស្ត​សាសនិក​មាន​ឈ្មោះ​ល្បី​ជា​អ្នក​ផ្សព្វផ្សាយ​នៅ​ស្រុក​ប៉ុនតុស កាឡាទី កាប៉ាដូគា ប៊ីធូនា​និង​ស្រុក​អាស៊ី។ (១ពេ. ១:​១; ៥:​១៣) ចិត្ត​ខ្នះខ្នែង​របស់​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​មួយ គួរ​ឲ្យ​អស្ចារ្យ​ណាស់! តាម​ការ​ពិត ពួក​គេ​ឧស្សាហ៍​ផ្សព្វ​ផ្សាយ​ដល់​ម្ល៉េះ​បាន​ជា​ខ្មាំង​សត្រូវ​របស់​ពួក​គេ​អះអាង​ថា ពួក​គេ​បាន​«នាំ​ឲ្យ​ក្រឡាប់​ផែនដី»​ឬ​«បង្ក​អោយ​ជ្រួលច្របល់​ពេញ​ពិភព​លោក​ទាំង​មូល!»។—កិច្ច. ១៧:៦, ខ.ស.; ២៨:២២

៣​. តើ​អ្នក​ដែល​ប្រកាស​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ​កំពុង​សម្រេច​អ្វី​ខ្លះ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ? តើ​ដំណឹង​នេះ​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

៣ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រទាន​ពរ​ឲ្យ​ពួក​គ្រិស្ត​សាសនិក​នៅ​សម័យ​នេះ​ដែរ ដើម្បី​ឲ្យ​ក្រុម​ជំនុំ​របស់​ពួក​គេ​រីក​កាន់​តែ​ធំ​ឡើងៗ​ជានិច្ច។ ពេល​អាន​របាយ​ការណ៍​អំពី​សកម្មភាព​ប្រចាំ​ឆ្នាំ​នៃ​សាក្សី​របស់​ព្រះ​យេហូវ៉ា ហើយ​ឃើញ​ថា​មាន​ការ​រីក​ចម្រើន​ទូទាំង​ពិភព​លោក នេះ​ក៏​លើក​ទឹក​ចិត្ត​យើង​ច្រើន​ណាស់ មែន​ទេ? ពេល​ឮ​ដំណឹង​ថា ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​២០០៧ សិស្ស​ជាង​៦​លាន​នាក់​បាន​រៀន​គម្ពីរ​ជា​មួយ​អ្នក​ដែល​ប្រកាស​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ នេះ​ក៏​នាំ​យើង​ឲ្យ​មាន​ចិត្ត​រំភើប​ដែរ មែន​ទេ? ម្យ៉ាង​ទៀត បើ​គិត​អំពី​ចំនួន​មនុស្ស​ដែល​បាន​ចូល​រួម​ពិធី​បុណ្យ​រំលឹក​មរណភាព​របស់​ព្រះ​យេស៊ូ​គ្រិស្ត​នៅ​ឆ្នាំ​២០០៧ នោះ​ក៏​រួម​បញ្ចូល​ភ្ញៀវ​ជិត​១០​លាន​នាក់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ដំណឹង​ល្អ​ដែល​យើង​ផ្សាយ ហើយ​បាន​ឆ្លៀត​ឱកាស​ដើម្បី​ចូល​រួម​ជា​មួយ​នឹង​យើង ទោះ​ជា​ពួក​គេ​មិន​មាន​សកម្មភាព​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ។ នេះ​បង្ហាញ​ថា នៅ​មាន​កិច្ចការ​ច្រើន​ណាស់​ឲ្យ​យើង​ធ្វើ​នៅ​ឡើយ។

៤​. តើ​អ្នក​ណា​កំពុង​ជឿ​តាម​សារ​ដែល​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា?

៤ ដូច​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សតវត្សរ៍​ទី​មួយ មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​«ត្រូវ​បាន​[ឬ​«មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន»]​ជីវិត​អស់​កល្ប​ជានិច្ច» កំពុង​ជឿ​តាម​សារ​ដែល​ប្រកាស​អំពី​សេចក្ដី​ពិត។ (កិច្ច. ១៣:៤៨; ព.ថ.) ព្រះ​យេហូវ៉ា​កំពុង​ទាញ​នាំ​មនុស្ស​បែប​នេះ​ឲ្យ​ចូល​មក​ក្នុង​អង្គការ​របស់​ទ្រង់។ (សូម​អាន ហាកាយ ២:៧) បើ​យើង​ចង់​សហ​ការ​គ្នា​ជានិច្ច​ក្នុង​កិច្ចការ​នេះ តើ​យើង​ត្រូវ​តែ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ជា​គ្រិស្ត​សាសនិក?

ចូរ​ផ្សព្វផ្សាយ​ដោយ​មិន​រើស​មុខ

៥​. តើ​ព្រះ​យេហូវ៉ា​គាប់​ចិត្ត​ចំពោះ​មនុស្ស​បែប​ណា?

៥ ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​មួយ​បាន​ទទួល​ស្គាល់​ថា «ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។ (កិច្ច. ១០:៣៤, ៣៥) មនុស្ស​ត្រូវ​តែ​ជឿ​ថា ព្រះ​យេស៊ូ​បាន​បូជា​ជីវិត​ទ្រង់​ទុក​ជា​តម្លៃ​លោះ ទើប​ពួក​គេ​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (យ៉ូន. ៣:១៦, ៣៦) តាម​ការ​ពិត ព្រះ​យេហូវ៉ា​«សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត»។—១ធី. ២:៣, ៤

៦​. តើ​អ្នក​ដែល​ប្រកាស​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ប្រយ័ត្ន​នឹង​អ្វី? ហេតុ​អ្វី​បាន​ជា​យើង​មិន​ធ្វើ​ដូច្នេះ?

៦ មិន​ថា​អ្នក​ដែល​ប្រកាស​សារ​ដំណឹង​ល្អ​ជួប​មនុស្ស​ដែល​មាន​មុខ​មាត់​ធំដុំ​ឬ​អាការ​ក្រៅ​បែប​ណា​ក៏​ដោយ ឬ​មួយ​ក៏​ពួក​គេ​កាន់​សាសនា​ឬ​ជា​ជនជាតិ​ណា​ក្ដី អ្នក​ផ្សាយ​មិន​មាន​សិទ្ធិ​បង្ហាញ​ចិត្ត​លម្អៀង​ទាល់តែ​សោះ។ សូម​គិត​ទៅ​មើល យើង​ត្រេកអរ​ណាស់ ចំពោះ​អ្នក​ដែល​បាន​បង្រៀន​យើង​នូវ​សេចក្ដី​ពិត​ពី​គម្ពីរ​ជា​ដំបូង​នោះ ពីព្រោះ​គាត់​មិន​ប្រកាន់​ពូជ​សាសន៍​ឬ​មាន​ចិត្ត​លម្អៀង​ឡើយ មែន​ទេ? បើ​ដូច្នេះ ពេល​មនុស្ស​ណា​ក៏​ដោយ​ព្រម​ស្ដាប់​យើង យើង​ក៏​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រកាស​សារ​ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​ពួក​គេ​ដែរ មែន​ទេ?—សូម​អាន ម៉ាថាយ ៧:១២

៧​. ពេល​ផ្សព្វផ្សាយ ម្ដេច​ក៏​យើង​មិន​គួរ​វិនិច្ឆ័យ​ពួក​គេ?

៧ ព្រះ​យេហូវ៉ា​បាន​តែងតាំង​ព្រះ​យេស៊ូ​ឡើង​ជា​អ្នក​ជំនុំ​ជម្រះ ដូច្នេះ​យើង​មិន​មាន​សិទ្ធិ​វិនិច្ឆ័យ​មនុស្ស​ដទៃ​ឡើយ។ គឺ​សម​ហេតុ​សម​ផល​មែន ដែល​យើង​មិន​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ ពីព្រោះ​យើង​មិន​មាន​សមត្ថភាព​ដូច​ព្រះ​យេស៊ូ​ទេ។ យើង​ចេះ​តែ​កាត់​ក្ដី‹តាម​អ្វី​ដែល​ភ្នែក​យើង​មើល​ឃើញ› និង‹សំ​រេ​ច​សេចក្ដី​តាម​អ្វី​ដែល​ត្រចៀក​យើង​ស្ដាប់​ឮ›ប៉ុណ្ណោះ។ រីឯ​ព្រះ​យេស៊ូ​វិញ ទ្រង់​ចេះ​ស្ទង់​មើល​ចិត្ត ហើយ​ក៏​ជ្រាប​ពី​របៀប​គិត​គូរ​របស់​មនុស្ស​ផង។—អេសា. ១១:១​-​៥; ២ធី. ៤:១

៨, ៩​. (ក) មុន​សុល​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ម្នាក់ តើ​គាត់​ជា​មនុស្ស​បែប​ណា? (ខ) តើ​យើង​គួរ​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​របស់​សាវ័ក​ប៉ុល?

៨ មនុស្ស​ស្ទើរតែ​គ្រប់​បែប​គ្រប់​យ៉ាង​បាន​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ លោក​សុល​ពី​ទី​ក្រុង​តើសុស ជា​មនុស្ស​ម្នាក់​ដែល​គ្មាន​នរណា​អាច​នឹក​ស្មាន​ថា នឹង​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ទេ។ ក្រោយ​មក គាត់​មាន​ឈ្មោះ​ល្បី​ជា​សាវ័ក​ប៉ុល។ ដំបូង​ឡើយ សុល​ជា​ផារិស៊ី​ម្នាក់ ហើយ​គាត់​ស្អប់​ពួក​គ្រិស្ត​សាសនិក​យ៉ាង​ខ្លាំង។ សុល​ជឿ​ស៊ប់​ថា អ្នក​ដែល​កាន់​តាម​ព្រះ​គ្រិស្ត​បាន​ក្បត់​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា ដូច្នេះ​នេះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​បៀតបៀន​ពួក​ជំនុំ​នៃ​គ្រិស្ត​សាសនិក។ (កា. ១:១៣) តាម​ការ​ពិត គ្មាន​មនុស្ស​ណា​សោះ​នឹក​ស្មាន​ថា សុល​អាច​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ម្នាក់​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​បាន​ស្ទង់​មើល​ចិត្ត​របស់​សុល ហើយ​ទ្រង់​ជ្រាប​ថា​គាត់​មាន​ចិត្ត​ល្អ។ ដូច្នេះ ទ្រង់​រើស​តាំង​សុល​ដើម្បី​បំពេញ​ភារកិច្ច​ពិសេស​មួយ។ ជា​លទ្ធផល សុល​បាន​ក្លាយ​ទៅ​ជា​សមាជិក​ម្នាក់​ដែល​មាន​ចិត្ត​ខ្នះខ្នែង​និង​សកម្មភាព​ច្រើន​លើស​លប់ ក្នុង​ចំណោម​ពួក​ជំនុំ​នៃ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​មួយ។

៩ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​របស់​សាវ័ក​ប៉ុល? ក្នុង​តំបន់​ផ្សាយ​របស់​យើង ប្រហែល​ជា​មាន​មនុស្ស​ខ្លះៗ​ដែល​រួម​គ្នា​មាន​គំនិត​ស្អប់​សារ​ដែល​យើង​ប្រកាស​ផ្សាយ។ ទោះ​បើ​យើង​គិត​ថា គ្មាន​លទ្ធភាព​សោះ​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ពិត​ក្ដី យើង​មិន​គួរ​ឈប់​រក​វិធី​បញ្ជាក់​ហេតុ​ផល​ដល់​ពួក​គេ​ទេ។ សូម្បី​តែ​អ្នក​ដែល​យើង​ជឿ​ថា នឹង​មិន​ព្រម​ស្ដាប់​សោះ ជួន​កាល​ក៏​ជឿ​តាម​ទៅ​វិញ។ យើង​មាន​ភារកិច្ច​ផ្សព្វផ្សាយ​«ជានិច្ច»​ឬ​ដោយ​«ឥត​ឈប់ឈរ»​ដល់​មនុស្ស​ទាំង​អស់។—សូម​អាន កិច្ចការ ៥:៤២; ខ.ស.

អ្នក​ដែល​ផ្សព្វផ្សាយ​ដោយ​«ឥត​ឈប់​ឈរ» នឹង​ទទួល​ពរ

១០​. សូម្បី​តែ​ចំពោះ​មនុស្ស​ដែល​មាន​លក្ខណៈ​កាច​សាហាវ​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​យើង​ផ្សព្វផ្សាយ​ដល់​ពួក​គេ​ដោយ​ឥត​ឈប់ឈរ? សូម​រៀប​រាប់​បទ​ពិសោធន៍​ដែល​មាន​ក្នុង​តំបន់​របស់​អ្នក​ផ្ទាល់។

១០ ពេល​មើល​តែ​អាការ​ក្រៅ​របស់​មនុស្ស យើង​អាច​យល់​ច្រឡំ​អំពី​ចិត្ត​គំនិត​របស់​ពួក​គេ។ ជា​ឧទាហរណ៍ បុរស​ម្នាក់​ឈ្មោះ​អេណាស្យូ បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​សាក្សី​របស់​ព្រះ​យេហូវ៉ា​ពេល​ដែល​គាត់​ជាប់​គុក​នៅ​ប្រទេស​មួយ​នា​ទ្វីប​អាម៉េរិក​ខាង​ត្បូង។ អ្នក​ដែល​ជាប់​គុក​នោះ មាន​សិទ្ធិ​ធ្វើ​សិប្បកម្ម​តូចតាច ហើយ​អាច​លក់​ស្នា​ដៃ​របស់​ខ្លួន​ដល់​អ្នក​ឯ​ទៀត​ក្នុង​គុក។ បើ​អ្នក​ទិញ​មិន​សង​បំណុល ម្ចាស់​បំណុល​បាន​ហៅ​អេណាស្យូ​ឲ្យ​គំរាម​កំហែង​ដាក់​គេ ដោយសារ​អ្នក​ដទៃ​ខ្លាច​អេណាស្យូ​ណាស់ ពីព្រោះ​គាត់​ជា​មនុស្ស​កាច​សាហាវ។ ក៏​ប៉ុន្តែ កាល​ដែល​អេណាស្យូ​រៀន​គម្ពីរ​កាន់​តែ​ច្រើន ហើយ​ចាប់​ផ្ដើម​អនុវត្ត​តាម​អ្វី​ដែល​គាត់​រៀន គាត់​ក៏​លែង​ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា​ដើម្បី​សម្លុត​អ្នក​ដទៃ តែ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ស្លូត​វិញ។ ឥឡូវ គ្មាន​នរណា​ហៅ​អេណាស្យូ​ទៅ​ជួយ​ទារ​បំណុល​ឲ្យ​ពួក​គេ​ទៀត​ទេ ហើយ​គាត់​ក៏​គាប់​ចិត្ត​ចំពោះ​លក្ខណៈ​ថ្មី​របស់​ខ្លួន ដែល​បាន​កែ​ប្រែ​ឲ្យ​បាន​ស្រប​ទៅ​តាម​ជំនួយ​ពី​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា និង​សេចក្ដី​ពិត​ទាំង​ឡាយ​ដែល​គាត់​បាន​រៀន​ក្នុង​គម្ពីរ។ អេណាស្យូ​ក៏​សប្បាយ​ចិត្ត​ដែរ ដែល​អ្នក​ផ្សាយ​ប្រកាស​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​មិន​ប្រកាន់​ទេ តែ​បាន​សុខ​ចិត្ត​បង្រៀន​គាត់​ទៅ​វិញ។

១១​. ហេតុ​អ្វី​បាន​ជា​យើង​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ផ្ទះ​ម្ដង​ហើយ​ម្ដង​ទៀត?

១១ ទោះ​បើ​យើង​ធ្លាប់​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ក្នុង​តំបន់​របស់​យើង​រួច​ទៅ​ហើយ​ក៏​ដោយ មូលហេតុ​មួយ​ដែល​យើង​ផ្សព្វផ្សាយ​ដល់​ពួក​គេ​ម្ដង​ទៀត គឺ​ដោយសារ​កាលៈទេសៈ​ក្នុង​ជីវិត និង​ទស្សនៈ​របស់​ពួក​គេ​អាច​ប្រែប្រួល​បាន។ បន្ទាប់​ពី​លើក​មុន​ដែល​យើង​បាន​ផ្សព្វផ្សាយ​ដល់​ពួក​គេ ប្រហែល​ជា​ពួក​គេ​មាន​ជំងឺ​តម្កាត់ បាន​បាត់បង់​ការងារ ឬ​មាន​អ្នក​ជា​ទី​ស្រឡាញ់​បាន​បាត់បង់​ជីវិត​ជា​ដើម។ (សូម​អាន សាស្ដា ៩:​១១) ស្ថានភាព​ក្នុង​ពិភព​លោក​ក៏​ផ្ដល់​ហេតុ​ឲ្យ​មនុស្ស​គិត​យ៉ាង​ដិត​ដល់​អំពី​អនាគត​របស់​ខ្លួន។ អាស្រ័យ​ហេតុ​នេះ សូម្បី​តែ​មនុស្ស​ដែល​មិន​អើពើ​ឬ​រហូត​ដល់​ប្រឆាំង​នឹង​សារ​របស់​យើង ក្រោយ​មក​ក៏​ប្រហែល​ជា​នឹង​ជឿ​តាម​ទៅ​វិញ។ ដូច្នេះ យើង​មិន​គួរ​អាក់​ខាន​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​ឱកាស​ដែល​ហុច​ឲ្យ​ឡើយ។

១២​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ? ហេតុ​អ្វី​ក៏​គប្បី​ឲ្យ​យើង​មាន​ទស្សនៈ​បែប​នោះ?

១២ តាម​មើល​ទៅ មនុស្ស​ទាំង​អស់​មាន​ទំនោរ​ចិត្ត​ចង់​វិនិច្ឆ័យ​អ្នក​ដទៃ​ជា​មនុស្ស​បែប​នេះ​ឬ​បែប​នោះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ចេះ​ពិនិត្យ​មើល​ចិត្ត​មនុស្ស​ម្នាក់ៗ​វិញ ហើយ​ទ្រង់​ជ្រាប​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ឬ​គ្មាន​លទ្ធភាព​ធ្វើ។ (សូម​អាន សាំយូអែលទី១ ១៦:៧) ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង គប្បី​ឲ្យ​យើង​ខំ​ធ្វើ​ដូច្នេះ​ដែរ។ បទ​ពិសោធន៍​ផ្សេងៗ​បង្ហាញ​ថា បើ​យើង​មិន​វិនិច្ឆ័យ​មនុស្ស​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ មនុស្ស​កាន់​តែ​ច្រើន​អាច​ស្ដាប់​សារ​ដែល​យើង​ប្រកាស​ប្រាប់។

១៣, ១៤​. (ក) ហេតុ​អ្វី​បាន​ជា​អ្នក​ត្រួសត្រាយ​ម្នាក់​មាន​ទស្សនៈ​ខុស​ឆ្គង​ចំពោះ​ស្ត្រី​ម្នាក់​ដែល​គាត់​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ? (ខ) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​បទ​ពិសោធន៍​នេះ?

១៣ បង​ស្រី​សាន់ដ្រា ជា​អ្នក​ត្រួសត្រាយ​ម្នាក់​នៅ​កោះ​មួយ​នា​សមុទ្រ​ការីប។ ពេល​សាន់ដ្រា​កំពុង​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ គាត់​ជួប​ស្ត្រី​ម្នាក់​ឈ្មោះ​រួថ ដែល​ចូល​ចិត្ត​រួម​ចំណែក​ក្នុង​ពិធី​ល្បី​មួយ​នៅ​ស្រុក​នោះ ជា​ពិធី​រាំ​រែក​មាន​ក្បួន​ហែ​គគ្រឹកគគ្រេង​តាម​ដង​មហា​វិថី។ ធម្មតា​គេ​ជ្រើសរើស​នារី​ម្នាក់​ឲ្យ​តំណាង​ជាតិ​ទុក​ជា​មេ​ពិធី​ដែល​តែងតាំង​ជា​ម្ចាស់​ក្ស​ត្រី ហើយ​អស់​ពីរ​ដង រួថ​បាន​ទទួល​ឯកសិទ្ធិ​នោះ។ ពេល​សាន់ដ្រា​ផ្សព្វផ្សាយ​ដល់​រួថ គាត់​ក៏​ចាប់​អារម្មណ៍​ណាស់! ដូច្នេះ សាន់ដ្រា​ណាត់​ម៉ោង​ដើម្បី​សិក្សា​គម្ពីរ​ជា​មួយ​រួថ។ សាន់ដ្រា​នឹក​ចាំ​ថា​៖​«ពេល​ខ្ញុំ​ចូល​ក្នុង​ផ្ទះ​រួថ ខ្ញុំ​ឃើញ​ផ្ទាំង​រូប​ថត​មួយ​យ៉ាង​ធំ​របស់​គាត់​ក្នុង​សម្លៀក​បំពាក់​ជា​ម្ចាស់​ក្ស​ត្រី ព្រម​ទាំង​ពាន​រង្វាន់​ដែល​គាត់​បាន​ទទួល។ ខ្ញុំ​សន្មត​ដោយ​ខុស​ឆ្គង​ថា មនុស្ស​ប្រជាប្រិយ​ដែល​ចូល​ប្រឡូក​នឹង​ពិធី​បែប​នោះ មិន​អាច​រៀន​សេចក្ដី​ពិត​ជាប់​លាប់​បាន​ឡើយ។ ដូច្នេះ ខ្ញុំ​ក៏​ខ្ជិល​ត្រឡប់​ទៅ​ជួប​គាត់​ត​ទៅ​ទៀត»។

១៤ ប៉ុន្មាន​ខែ​ក្រោយ​មក រួថ​បាន​ទៅ​សាល​ប្រជុំ ហើយ​ពេល​ប្រជុំ​ចប់​គាត់​បាន​សួរ​សាន់ដ្រា​ថា​៖ «ម៉េច​ក៏​បង​មិន​បាន​មក​បង្រៀន​ប្អូន​យូរ​ម្ល៉េះ?»។ សាន់ដ្រា​សូម​អភ័យទោស ហើយ​ណាត់​ម៉ោង​ទៅ​បង្រៀន​រួថ​ម្ដង​ទៀត។ រួថ​ជឿ​តាម​ហើយ​ចាត់​វិធានការ​ភ្លាម។ រួថ​ដក​រូប​ថត​របស់​គាត់​ក្នុង​សម្លៀក​បំពាក់​ជា​ម្ចាស់​ក្ស​ត្រី​ចេញ បាន​រួម​ចំណែក​ក្នុង​គ្រប់​សកម្មភាព​នៃ​ក្រុម​ជំនុំ រួច​មក​ក៏​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​ផង។ រីឯ​សាន់ដ្រា​វិញ គាត់​ទទួល​ស្គាល់​ថា ទស្សនៈ​ដែល​គាត់​មាន​ពី​ដំបូង​នោះ មិន​ត្រឹម​ត្រូវ​ទាល់តែ​សោះ!

១៥, ១៦​. (ក) ដោយសារ​អ្នក​ផ្សាយ​ម្នាក់​បាន​ផ្សព្វផ្សាយ​ដល់​ប្អូន​ថ្លៃ​គាត់ តើ​មាន​លទ្ធផល​យ៉ាង​ណា? (ខ) ទោះ​បើ​ញាតិ​សន្ដាន​របស់​យើង​មាន​របៀប​រស់​នៅ​បែប​ណា​ក៏​ដោយ ម្ដេច​ក៏​យើង​នៅ​តែ​ហ៊ាន​ផ្សព្វផ្សាយ​ដល់​ពួក​គេ?

១៥ អ្នក​ខ្លះ​ដែល​បាន​ផ្សព្វផ្សាយ​ដល់​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា សូម្បី​តែ​អ្នក​ដែល​ទំនង​ជា​មិន​ចាប់​អារម្មណ៍​ក្ដី ក៏​មាន​លទ្ធផល​ល្អ​ដែរ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​ចូអ៊ីស នៅ​សហរដ្ឋ​អាម៉េរិក។ តាំង​ពី​ជំទង់​នៅ​ឡើយ ប្អូន​ថ្លៃ​របស់​ចូអ៊ីស​បាន​ជាប់​គុក​ច្រើន​ដង​ច្រើន​សា។ ចូអ៊ីស​រៀប​រាប់​ថា​៖ «អ្នក​ដទៃ​និយាយ​ថា របៀប​រស់​នៅ​របស់​[ប្អូន​ថ្លៃ​ខ្ញុំ]​សុទ្ធ​តែ​អសារ​ឥត​ការ ពីព្រោះ​គាត់​លក់​គ្រឿង​ញៀន​ហើយ​ជា​ចោរ​ផង ទាំង​បាន​ធ្វើ​អំពើ​អាក្រក់​ឯ​ទៀត។ យ៉ាង​ណា​ក្ដី ទោះ​ជា​មើល​ទៅ​ដូច​ជា​ខាត​ប្រយោជន៍​ក៏​ដោយ អស់​រយៈ​ពេល​៣៧​ឆ្នាំ ខ្ញុំ​នៅ​តែ​បាន​ប្រាប់​គាត់​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ»។ នៅ​ទីបំផុត ចិត្ត​អត់ធ្មត់​របស់​ចូអ៊ីស​ក្នុង​ការ​ខិតខំ​ជួយ​ប្អូន​ថ្លៃ បាន​បង្កើត​ផល​ល្អ​មែន! ពីព្រោះ​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​បាន​កែ​ប្រែ​ជីវិត​ដើម្បី​មាន​លក្ខណៈ​ខុស​ប្លែក​ពី​មុន។ ពេល​ថ្មីៗ​នេះ ប្អូន​ថ្លៃ​របស់​ចូអ៊ីស​ដែល​មាន​អាយុ​៥០​ប្លាយ​ឆ្នាំ​ហើយ បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឯ​មហា​សន្និបាត​ប្រចាំ​តំបន់ នា​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាម៉េរិក។ ចូអ៊ីស​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ត្រេកអរ​ណាស់! ដល់​ម្ល៉េះ​បាន​ជា​ខ្ញុំ​យំ​ខ្លាំង​ផង។ ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន! ដែល​ខ្ញុំ​មិន​បាន​ឈប់​ផ្សព្វផ្សាយ​ដល់​គាត់»។

១៦ អាស្រ័យ​លើ​របៀប​រស់​នៅ​របស់​ញាតិ​សន្ដាន​ខ្លះ យើង​ប្រហែល​ជា​មិន​សូវ​ហ៊ាន​ប្រាប់​ពួក​គេ​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ទេ។ រីឯ​ចូអ៊ីស​វិញ របៀប​រស់​នៅ​របស់​ប្អូន​ថ្លៃ​គាត់ មិន​បណ្ដាល​ឲ្យ​គាត់​មាន​ចិត្ត​ស្ទាក់ស្ទើរ​ឡើយ។ យ៉ាង​ណា​មិញ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ដឹង​ប្រាកដ​ថា ពួក​គេ​មាន​ចិត្ត​គំនិត​បែប​ណា? ពួក​គេ​ប្រហែល​ជា​កំពុង​ស្វែង​រក​សាសនា​ពិត​ដោយ​ចិត្ត​ស្មោះ​ក៏​មិន​ដឹង។ ដូច្នេះ កុំ​មាន​ចិត្ត​ស្ទាក់ស្ទើរ​ឲ្យ​សោះ ក្នុង​ការ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ។—សូម​អាន សុភាសិត ៣:២៧

សៀវភៅ​ដែល​មាន​ប្រសិទ្ធភាព ក្នុង​ការ​បង្រៀន​គម្ពីរ

១៧, ១៨​. (ក) តើ​របាយ​ការណ៍​ពី​ប្រទេស​ផ្សេងៗ​បង្ហាញ​យ៉ាង​ដូច​ម្ដេច ស្តី​អំពី​តម្លៃ​នៃ​សៀវភៅ តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? (ខ) ពេល​យក​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ជា​ឧបករណ៍​ផ្សាយ តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ល្អ​អ្វី​ខ្លះ?

១៧ របាយ​ការណ៍​ពី​ប្រទេស​ផ្សេងៗ​បង្ហាញ​ថា មនុស្ស​ជា​ច្រើន​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ក៏​ចូល​ចិត្ត​រៀន​គម្ពីរ​ដោយ​មើល​មេ​រៀន​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? អ្នក​ត្រួសត្រាយ​ម្នាក់​នៅ​សហរដ្ឋ​អាម៉េរិក ឈ្មោះ​ផេនី មាន​មនុស្ស​មួយ​ចំនួន​យល់​ព្រម​រៀន​គម្ពីរ ពេល​គាត់​បង្ហាញ​សៀវភៅ​នោះ​ដល់​ពួក​គេ។ ពីរ​នាក់​ដែល​សុខ​ចិត្ត​រៀន មាន​វ័យ​ចាស់​បន្ដិច ហើយ​ធ្លាប់​ចូល​វិហារ​ជា​ទៀងទាត់​ដែរ។ មុន​ដំបូង ផេនី​មិន​ដឹង​ច្បាស់​ថា ពីរ​នាក់​នោះ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ចំពោះ​សេចក្ដី​ពិត​ដែល​ពួក​គាត់​នឹង​រៀន​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន។ យ៉ាង​ណា​ក៏​ដោយ ផេនី​សរសេរ​ថា​៖ «ដោយសារ​ព័ត៌មាន​ក្នុង​សៀវភៅ​យើង​បាន​ពន្យល់​យ៉ាង​ច្បាស់ សម​ហេតុ​សម​ផល ហើយ​ជា​សង្ខេប​ផង នោះ​ពួក​គាត់​មាន​គំនិត​យល់​ស្រប​ភ្លាម និង​គ្មាន​ប្រតិកម្ម​ឬ​ទំនាស់​ចិត្ត​ទេ តែ​ឯកភាព​ថា​នេះ​ជា​សេចក្ដី​ពិត​មែន!»។

១៨ បង​ស្រី​ឈ្មោះ​ផាត នៅ​ប្រទេស​អង់គ្លេស បាន​បង្រៀន​ស្ត្រី​ភៀស​ខ្លួន​ម្នាក់​ដែល​ជា​ជនជាតិ​អាស៊ី។ ទាហាន​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ស្រុក​កំណើត​របស់​គាត់ បាន​ចាប់​យក​ស្វាមី​និង​កូន​ប្រុសៗ​របស់​គាត់​ទៅ។ ផ្ទះ​គាត់​បាន​ឆេះ​អស់ មនុស្ស​មួយ​ក្រុម​ក៏​បាន​ចាប់​រំលោភ​គាត់ ថែម​ទាំង​មាន​គេ​គំរាម​កំហែង​សម្លាប់​គាត់​ទៀត។ គាត់​មិន​ដែល​ឃើញ​មុខ​ស្វាមី​និង​កូន​ប្រុសៗ​របស់​គាត់​ទៀត​ឡើយ ហើយ​នៅ​ទីបំផុត​គាត់​បាន​រត់​ចោល​ស្រុក​តែ​ម្ដង។ គាត់​ចេះ​តែ​អស់​សង្ឃឹម​ដោយសារ​អ្វី​ដែល​គាត់​បាន​រង​ទុក្ខ​ក្នុង​ជីវិត ដូច្នេះ​គាត់​ក៏​មាន​គំនិត​ចង់​ធ្វើ​អត្ត​ឃាត​ប៉ុន្មាន​ដង​ដែរ។ ប៉ុន្តែ ពេល​រៀន​គម្ពីរ គាត់​មាន​សេចក្ដី​សង្ឃឹម​ម្ដង​ទៀត។ ផាត​សរសេរ​ថា​៖ «ការ​ពន្យល់​និង​រឿង​ប្រៀបប្រដូច​នានា​ដ៏​ស្រួល​យល់​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​គាត់»។ សិស្ស​របស់​ផាត​ជឿ​តាម​អ្វី​ដែល​គាត់​រៀន ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ក៏​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ចុះ​ឈ្មោះ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​ក៏​ប្រាប់​ផាត​ថា ពេល​មាន​កម្មវិធី​សន្និបាត​លើក​ក្រោយ គាត់​ចង់​ទទួល​ការ​ជ្រមុជ​ទឹក។ ពេល​យើង​មាន​ឱកាស​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ឲ្យ​យល់​និង​ធ្វើ​តាម​សេចក្ដី​សង្ឃឹម​ដែល​ពួក​គេ​រៀន​ក្នុង​គម្ពីរ នេះ​ពិត​ជា​នាំ​ឲ្យ​មាន​អំណរ​មែន!

​«កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ»

១៩​. នៅ​គ្រា​នេះ ម្ដេច​ក៏​កិច្ចការ​ផ្សព្វផ្សាយ​មាន​សារៈ​សំខាន់​ម្ល៉េះ?

១៩ នេះ​ជា​គ្រា​បន្ទាន់​ណាស់! ដូច្នេះ កិច្ចការ​ផ្សព្វផ្សាយ​និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​រឹតតែ​សំខាន់​ណាស់​ទៅ​ទៀត។ រៀង​រាល់​ឆ្នាំ មនុស្ស​រាប់​ពាន់​នាក់​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​កំពុង​ជឿ​តាម​សារ​ដែល​យើង​ផ្សាយ។ ក៏​ប៉ុន្តែ «ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់» ដែល​មាន​ន័យ​ថា អស់​អ្នក​ដែល​មិន​ទាន់​ស្គាល់​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់ ជា‹ពួក​អ្នក​ដែល​នឹង​ដឹក​នាំ​ឲ្យ​ត្រូវ​ស្លាប់›។—សេផា. ១:​១៤; សុ. ២៤:១១

២០​. តើ​យើង​ម្នាក់ៗ​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ ប៉ុន្តែ យើង​នៅ​តែ​អាច​ជួយ​មនុស្ស​បែប​នោះ​នៅ​ឡើយ។ បើ​យើង​ចង់​ជួយ​ពួក​គេ​មែន គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​មួយ ដែល‹ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូ​វ​គ្រីស្ទ​ជានិច្ច›ឬ‹ឥត​ឈប់ឈរ›។ (កិច្ច. ៥:៤២; ខ.ស.) ចូរ​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​ពួក​គេ ហើយ​ផ្សព្វផ្សាយ​ដោយ​ឥត​ឈប់ឈរ សូម្បី​តែ​ពេល​មាន​ទុក្ខ​លំបាក​ក្ដី ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ធ្វើ​ជា​អ្នក​ដែល‹ប្រសប់​បង្រៀន› ដោយ​មិន​រើស​មុខ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​របស់​យើង! «កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ» ពីព្រោះ​បើ​យើង​ផ្សព្វផ្សាយ​ដោយ​ឥត​ឈប់ឈរ ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​ចំពោះ​យើង ហើយ​ប្រទាន​ពរ​ជា​បរិបូរ​ផង​ដែរ។—២ធី. ៤:២, ខ.ស.; សូម​អាន កាឡាទី ៦:៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​អ្នក​ណា​កំពុង​ជឿ​តាម​សារ​ដែល​ប្រកាស​អំពី​ដំណឹង​ល្អ?

• ពេល​ផ្សព្វផ្សាយ ម្ដេច​ក៏​យើង​មិន​គួរ​វិនិច្ឆ័យ​មនុស្ស​ដែល​យើង​ជួប?

• ដោយសារ​បង​ប្អូន​យើង​បាន​យក​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ជា​ឧបករណ៍​ផ្សាយ តើ​មាន​លទ្ធផល​ល្អ​អ្វី​ខ្លះ?

[រូបភាព​នៅ​ទំព័រ​២០]

មនុស្ស​រាប់​ពាន់​នាក់​ដែល​មាន​ចិត្ត​ល្អ​កំពុង​ជឿ​តាម

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក