‹ចូរយកចិត្តទុកដាក់នឹងការងារដែលយើងបានទទួលក្នុងព្រះអម្ចាស់ចុះ!›
«ចូរប្រយ័ត[ឬ«យកចិត្តទុកដាក់»]នឹងការងារដែលបានទទួលក្នុងព្រះអម្ចាស់ហើយចុះ! ដើម្បីឲ្យបានបំពេញការងារនោះ»។—កូល. ៤:១៧; ខ.ស.
១, ២. តើគ្រិស្តសាសនិកមានភារកិច្ចអ្វីចំពោះមនុស្សដទៃ?
យើងមានភារកិច្ចសំខាន់ណាស់ ចំពោះអស់ទាំងមនុស្សក្នុងសង្គម។ ជីវិតស្លាប់រស់របស់ពួកគេនៅ«គ្រាវេទនាយ៉ាងធំ» អាស្រ័យទៅលើអ្វីដែលពួកគេសម្រេចចិត្តធ្វើនៅពេលឥឡូវនេះ។ (វិវរ. ៧:១៤) ព្រះយេហូវ៉ាបានបណ្ដាលឲ្យអ្នកនិពន្ធសៀវភៅសុភាសិតសរសេរថា៖ «ចូរជួយសង្គ្រោះពួកអ្នកដែលគេដឹកនាំទៅឲ្យត្រូវស្លាប់ ហើយរាំងរាពួកអ្នកដែលកំពុងតែទៅឯទីសំឡាប់ចុះ!»។ ប្លែកណាស់! ពាក្យទាំងនោះដែលសំដៅទៅលើភារកិច្ចដ៏ធ្ងន់មួយ។ ត្រូវមែន! យើងក៏អាចទទួលទោសវិញ បើយើងមិនព្រមានមនុស្សឲ្យធ្វើការសម្រេចចិត្តភ្លាមៗ។ តាមការពិត សុភាសិតដដែលនោះរៀបរាប់ទៀតថា៖ «បើឯងថា៖ ‹មើល! យើងមិនបានដឹងទេ› ឯព្រះដែលទ្រង់ថ្លឹងមើលចិត្ត តើទ្រង់មិនពិចារណាឃើញ? ហើយដែលទ្រង់ថែរក្សាព្រលឹងឯង តើមិនជ្រាបទេឬ? តើទ្រង់នឹងមិនសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេឬអី?»។ គឺច្បាស់ហើយ! រាស្ត្ររបស់ព្រះយេហូវ៉ាមិនអាចដោះសាថា «យើងមិនបានដឹង»ថាមនុស្សហៀបនឹងឆ្លងកាត់គ្រាអាសន្នទេ។—សុ. ២៤:១១, ១២
២ ព្រះយេហូវ៉ាឲ្យតម្លៃចំពោះជីវិតមនុស្ស។ ទ្រង់ដាស់តឿនអ្នកបម្រើទ្រង់ឲ្យព្យាយាមអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះមនុស្សឲ្យបានកាន់តែច្រើន។ អ្នកបម្រើទាំងឡាយរបស់ព្រះយេហូវ៉ាត្រូវតែប្រកាសសារពីបណ្ដាំរបស់ទ្រង់ ដែលអាចនាំឲ្យមានសេចក្ដីសង្គ្រោះ។ យើងមានភារកិច្ចដូចអ្នកចាំយាមពីបុរាណដែលព្រមានអ្នកទីក្រុងពេលឃើញអ្នកពាធាចូលមកជិត។ យើងមិនចង់ទទួលទោសដោយសារយើងមិនបានព្រមានអស់អ្នកដែលហៀបនឹងបាត់បង់ជីវិតឡើយ។ (អេសេ. ៣៣:១-៧) ហេតុនេះហើយបានជាចាំបាច់ណាស់! ឲ្យយើងខំព្យាយាមជានិច្ច ក្នុងការ«ផ្សាយព្រះបន្ទូល»របស់ព្រះយេហូវ៉ា។—សូមអាន ធីម៉ូថេទី២ ៤:១, ២, ៥
៣. តើអត្ថបទនេះព្រមទាំងអត្ថបទពីរទៀតនឹងពិនិត្យមើលព័ត៌មានអ្វីខ្លះ?
៣ អត្ថបទនេះនឹងពិនិត្យមើលរបៀបដែលយើងអាចយកឈ្នះឧបសគ្គផ្សេងៗ និងជួយមនុស្សឲ្យបានកាន់តែច្រើនក្នុងកិច្ចបម្រើផ្សាយរបស់យើង ដើម្បីសង្គ្រោះជីវិតពួកគេ។ អត្ថបទបន្ទាប់នឹងពន្យល់អំពីរបៀបដែលយើងអាចធ្វើជាអ្នកដែលប្រសប់បង្រៀនសេចក្ដីពិតដ៏សំខាន់ៗ។ អត្ថបទទីបីនឹងរៀបរាប់អំពីលទ្ធផលល្អៗដ៏គួរឲ្យលើកទឹកចិត្តដែលអ្នកប្រកាសសារស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ាកំពុងទទួលទូទាំងពិភពលោក។ ប៉ុន្តែ មុននឹងពិនិត្យមើលព័ត៌មានទាំងប៉ុន្មាននោះ យកល្អឲ្យយើងរំលឹកខ្លួនពីមូលហេតុដែលនេះជាគ្រាបន្ទាន់ណាស់!
មូលហេតុដែលមនុស្សជាច្រើនអស់សង្ឃឹម
៤, ៥. តើមនុស្សជាតិកំពុងឆ្លងកាត់គ្រាបែបណា? ជាលទ្ធផល តើមនុស្សច្រើនតែគិតអំពីអ្វី?
៤ ព្រឹត្ដិការណ៍ទូទាំងពិភពលោកបង្ហាញថា នេះពិតជា«បំផុតកល្ប»ឬ«អវសានកាលនៃពិភពលោក» ដែលមានន័យថា ទីបញ្ចប់ប្រាកដជាជិតដល់ហើយ។ មនុស្សជាតិកំពុងឃើញស្ថានភាពដែលព្រះយេស៊ូនិងសិស្សរបស់ទ្រង់បានទាយថា ជាទីសម្គាល់ពី«ជាន់ក្រោយបង្អស់»។ ពិភពលោកនេះពេញទៅដោយ«សេចក្ដីទុក្ខ» ដែលរួមបញ្ចូលសង្គ្រាម ទុរ្ភិក្ស រញ្ជួយផែនដីនិងទុក្ខលំបាកឯទៀតដែរ។ មនុស្សនាសម័យនេះចេះតែបំពានច្បាប់ គិតតែពីប្រយោជន៍ខ្លួនឯង និងមិនគោរពព្រះ។ នេះពិតជា«គ្រាលំបាកណាស់!» សូម្បីតែចំពោះអស់អ្នកដែលខំរស់សមស្របទៅតាមគោលការណ៍ក្នុងគម្ពីរក្ដី។—ម៉ាថ. ២៤:៣, ៦-៨, ១២; ខ.ស.; ២ធី. ៣:១-៥
៥ ទោះជាមានស្ថានភាពបែបនេះជាទូទៅក៏ដោយ មនុស្សជាតិភាគច្រើនមិនដឹងថា ស្ថានការណ៍ទាំងនេះបង្កប់អត្ថន័យអ្វីទេ។ ជាលទ្ធផល មនុស្សជាច្រើនចេះតែគិតពីសន្ដិសុខរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះ។ ពេលបងប្អូនជាទីស្រឡាញ់បាត់បង់ជីវិត ឬមានរឿងខ្លោចផ្សាណាទៀតកើតឡើង ពួកគេមិនដឹងរកការសម្រាលទុក្ខពីណាទេ។ ដោយសារពួកគេមិនធ្លាប់រៀនអំពីមូលហេតុដែលបណ្ដាលឲ្យមានស្ថានការណ៍បែបនេះ ហើយក៏មិនដែលឮអំពីដំណោះស្រាយផង នោះពួកគេចេះតែអស់សង្ឃឹមទៅវិញ។—អេភ. ២:១២
៦. ហេតុអ្វីក៏«បាប៊ីឡូនដ៏ជាធំ»មិនមានលទ្ធភាពជួយពួកបរិស័ទរបស់ខ្លួន?
៦ «បាប៊ីឡូនដ៏ជាធំ» ដែលសំដៅទៅលើសាសនាមិនពិតទាំងឡាយដែលប្រៀបដូចជាចក្រភពមួយ មិនបានជួយសម្រាលទុក្ខមហាជនឡើយ។ ផ្ទុយទៅវិញ មនុស្សភាគច្រើនមិនដឹងធ្វើដូចម្ដេចដើម្បីឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះទេ តែមានលក្ខណៈវង្វេងហាក់ដូចជាស្រវឹង«ស្រារបស់សេចក្ដីកំផិតនៃ»ពិភពសាសនាមិនពិត។ យ៉ាងនេះ ពិភពសាសនាមិនពិតមានលក្ខណៈដូចជាស្រីផ្កាមាស ហើយញុះញង់«ពួកស្តេចនៅផែនដី»ឲ្យធ្វើតាមបំណងវា ព្រមទាំងបង្រៀនសេចក្ដីដែលមិនពិត និងប្រើមន្តអាគមដើម្បីបង្ខំមហាជនឲ្យចុះចូលចំពោះពួកនយោបាយ។ ជាលទ្ធផល ពិភពសាសនាមិនពិតមានអំណាចនិងឥទ្ធិពលខ្លាំងក្លាទៅលើមនុស្សជាតិមែន! តែបានបដិសេធទាំងស្រុងនូវសេចក្ដីពិតអំពីព្រះយេហូវ៉ា។—វិវរ. ១៧:១, ២, ៥; ១៨:២៣
៧. តើមនុស្សភាគច្រើនមានមាគ៌ាជីវិតឆ្ពោះទៅរកអ្វី? តើយើងអាចជួយមនុស្សខ្លះបានយ៉ាងណា?
៧ ព្រះយេស៊ូបានបង្រៀនថា មនុស្សភាគច្រើនមានមាគ៌ាជីវិតឆ្ពោះទៅរកសេចក្ដីហិនវិនាស ហាក់ដូចជាបានចូលតាមទ្វារធំទូលាយមួយ។ (ម៉ាថ. ៧:១៣, ១៤) មនុស្សខ្លះបានចូលតាមទ្វារនោះដោយសម្រេចចិត្តបដិសេធសេចក្ដីបង្រៀនក្នុងគម្ពីរ។ ក៏ប៉ុន្តែ មនុស្សច្រើនឯទៀតបានបំភាន់ឲ្យចូលតាមទ្វារនោះ ដោយព្រោះគ្មានចំណេះដឹងអំពីតម្រូវការរបស់ព្រះយេហូវ៉ា។ ប្រហែលជាអ្នកខ្លះនឹងសុខចិត្តកែប្រែជីវិត បើឃើញបទគម្ពីរដែលផ្ដល់ហេតុសមគួរឲ្យពួកគេធ្វើដូច្នេះ។ យ៉ាងណាក៏ដោយ អស់អ្នកដែលមិនព្រមចាកចេញពីបាប៊ីឡូនដ៏ធំ និងពួកអ្នកដែលបដិសេធគោលការណ៍ក្នុងគម្ពីរ នោះមិនអាចរួចរស់ជីវិតពី«គ្រាវេទនាយ៉ាងធំ»ឡើយ។—វិវរ. ៧:១៤
ចូរផ្សព្វផ្សាយដោយ«ឥតឈប់ឈរ»
៨, ៩. ពេលមានការប្រឆាំង តើគ្រិស្តសាសនិកនៅសតវត្សរ៍ទីមួយបានធ្វើយ៉ាងណា? ហេតុអ្វីបានជាពួកគេធ្វើដូច្នោះ?
៨ ព្រះយេស៊ូមានប្រសាសន៍ថា សិស្សរបស់ទ្រង់នឹងផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ហើយបញ្ចុះបញ្ចូលឲ្យមានសិស្សថែមទៀត។ (ម៉ាថ. ២៨:១៩, ២០) ហេតុនេះហើយបានជាគ្រិស្តសាសនិកពិតតែងតែចាត់ទុកកិច្ចបម្រើផ្សាយជាវិធីបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា និងជាទង្វើចាំបាច់សមស្របទៅនឹងជំនឿរបស់ខ្លួន។ អាស្រ័យហេតុនេះ ពួកអ្នកដែលកាន់តាមព្រះយេស៊ូនៅសម័យដើម ក៏បានធ្វើកិច្ចការផ្សព្វផ្សាយដោយឥតឈប់ឈរ សូម្បីតែពេលដែលមានការប្រឆាំងក៏ដោយ។ សិស្សទាំងនោះបានពឹងទៅលើព្រះយេហូវ៉ា ដោយអធិស្ឋានសូមទ្រង់ជួយពួកគេឲ្យមានកម្លាំងដើម្បី«ផ្សាយព្រះបន្ទូលដោយសេចក្ដីក្លាហានដ៏ពេញលេញ»។ ជាលទ្ធផល ព្រះយេហូវ៉ាប្រទានសកម្មពលដ៏បរិសុទ្ធរបស់ទ្រង់ទៅលើពួកគេ ហើយពួកគេបានផ្សាយបណ្ដាំរបស់ទ្រង់ដោយចិត្តក្លាហាន។—កិច្ច. ៤:១៨, ២៩, ៣១
៩ ពេលអ្នកប្រឆាំងបានប្រើអំពើហិង្សាវិញ តើសិស្សរបស់ព្រះយេស៊ូឈប់ផ្សព្វផ្សាយដំណឹងល្អទេ? ពួកគេមិនឈប់ទេ! ពេលសាវ័ករបស់ព្រះយេស៊ូនៅតែផ្សព្វផ្សាយជាបន្ត ពួកមេដឹកនាំសាសនាយូដាមានចិត្តមួម៉ៅយ៉ាងខ្លាំង ដល់ម្ល៉េះបានជាចាប់ពួកសាវ័ក គំរាមកំហែងពួកគេ ព្រមទាំងវាយពួកគេនឹងរំពាត់ផង។ ទោះជាយ៉ាងណាក៏ដោយ ពួកសាវ័ក«ចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ . . . ជានិច្ច»ឬ«ឥតឈប់ឈរ»។ សាវ័ករបស់ព្រះយេស៊ូយល់ថា ពួកគេត្រូវតែ«ស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។—កិច្ច. ៥:២៨, ២៩, ៤០-៤២; ខ.ស.
១០. នៅសព្វថ្ងៃនេះ តើគ្រិស្តសាសនិកជួបប្រទះទុក្ខលំបាកនិងការល្បងលបែបណាខ្លះ? តើការល្អរបស់ពួកគេប្រហែលជាអាចមានលទ្ធផលយ៉ាងណា?
១០ នៅសព្វថ្ងៃនេះ អ្នកបម្រើភាគច្រើនរបស់ព្រះយេហូវ៉ាមិនធ្លាប់មានគេវាយនិងចាប់ដាក់គុកដោយសារបានធ្វើកិច្ចបម្រើផ្សាយនោះទេ។ ប៉ុន្តែ គ្រិស្តសាសនិកពិតទាំងឡាយរមែងជួបប្រទះទុក្ខលំបាកនិងកាលៈទេសៈផ្សេងៗដែលល្បងលជំនឿ។ ជាឧទាហរណ៍ ស្របទៅតាមអ្វីដែលយើងបានរៀនក្នុងគម្ពីរ យើងប្រហែលជាសម្រេចចិត្តធ្វើអ្វីដែលខុសប្លែកពីទង្វើរបស់អ្នកដទៃ ឬក៏ជាទង្វើដែលមិនគាប់ចិត្តពួកគេទាល់តែសោះ។ អ្នករួមការងារ មិត្តរួមថ្នាក់និងអ្នកជិតខាងរបស់យើងប្រហែលជាគិតថា យើងជាមនុស្សចម្លែកបន្ដិច ពីព្រោះការសម្រេចចិត្តរបស់យើងតែងតែមានមូលដ្ឋានទៅលើគោលការណ៍ក្នុងគម្ពីរ។ ប៉ុន្តែ ទោះបើពួកគេមិនពេញចិត្តក្ដី កុំឲ្យទស្សនៈរបស់ពួកគេមានឥទ្ធិពលមកលើយើងឡើយ។ មនុស្សក្នុងពិភពលោកនេះមិនចាត់ទុកការធ្វើតាមឆន្ទៈរបស់ព្រះយេហូវ៉ាជាអ្វីដែលសំខាន់ទេ ហាក់ដូចជាពួកគេស្ថិតក្នុងភាពងងឹតតែម្ដង។ ប៉ុន្តែ គ្រិស្តសាសនិកយើងត្រូវតែ«ភ្លឺ[មក]ដូចជាតួពន្លឺ»ទៅវិញ។ (ភី. ២:១៥) ប្រហែលជាអ្នកខ្លះនឹងឃើញការល្អដែលយើងធ្វើ កោតស្ងើចចំពោះទង្វើទាំងនោះ ហើយជាលទ្ធផលនឹងសរសើរព្រះយេហូវ៉ាផង។—សូមអាន ម៉ាថាយ ៥:១៦
១១. (ក) ពេលយើងផ្សព្វផ្សាយ តើមនុស្សខ្លះប្រហែលជាមានប្រតិកម្មយ៉ាងណា? (ខ) តើបណ្ដាជនបានប្រឆាំងនឹងសាវ័កប៉ុលយ៉ាងដូចម្ដេច? តើគាត់បានធ្វើអ្វី?
១១ ចិត្តក្លាហានជាចាំបាច់ណាស់! ដើម្បីផ្សព្វផ្សាយសារស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ាដោយឥតឈប់ឈរ។ មនុស្សខ្លះ សូម្បីតែញាតិសន្ដានក្ដី ប្រហែលជានឹងចំអកមើលងាយយើង ឬធ្វើអ្វីផ្សេងទៀតដោយមានបំណងចង់បង្កហេតុឲ្យយើងធ្លាក់ទឹកចិត្ត។ (ម៉ាថ. ១០:៣៦) សាវ័កប៉ុលធ្លាប់មានគេវាយប៉ុន្មានដង ដោយព្រោះគាត់បានធ្វើកិច្ចបម្រើផ្សាយដោយស្មោះត្រង់។ សូមកត់សម្គាល់ទស្សនៈរបស់ប៉ុលចំពោះការប្រឆាំងបែបនោះ។ គាត់មានប្រសាសន៍ថា៖ «ក្រោយដែលយើងខ្ញុំបានរងទុក្ខ នឹងត្រូវគេជេរប្រមាថនៅក្រុងភីលីព ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ នោះយើងខ្ញុំមានចិត្តក្លាហានដោយសារព្រះនៃយើងខ្ញុំ ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះមកដល់អ្នករាល់គ្នាដែរ ទាំងមានសេចក្ដីតយុទ្ធជាច្រើនផង»។ (១ថែ. ២:២) គឺច្បាស់ជាពិបាកណាស់! ឲ្យប៉ុលផ្សព្វផ្សាយដំណឹងល្អតទៅទៀត ក្រោយពីពេលដែលគេបានចាប់គាត់ ព្រមទាំងហែកអាវ វាយនឹងរំពាត់ ហើយដាក់ក្នុងគុកផង។ (កិច្ច. ១៦:១៩-២៤) តើអ្វីបណ្ដាលឲ្យប៉ុលមានចិត្តក្លាហានដើម្បីផ្សព្វផ្សាយតទៅទៀត? គាត់មានចិត្តក្លាហាននោះ ពីព្រោះគាត់បានតាំងចិត្តហើយប្ដេជ្ញាចង់បំពេញកិច្ចការផ្សព្វផ្សាយដែលព្រះយេហូវ៉ាប្រទានឲ្យ។—១កូ. ៩:១៦
១២, ១៣. តើបងប្អូនយើងជួបប្រទះការពិបាកអ្វីខ្លះ? តើពួកគាត់បានធ្វើអ្វីដើម្បីយកឈ្នះបញ្ហាទាំងនោះ?
១២ ជួនកាល ពេលផ្សព្វផ្សាយនៅតំបន់ដែលកម្រជួបម្ចាស់ផ្ទះ ឬមិនសូវមានអ្នកណាចាប់អារម្មណ៍នឹងសារដែលយើងផ្សាយស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា នោះគឺពិបាកណាស់ឲ្យយើងផ្សព្វផ្សាយជាបន្តដោយចិត្តខ្នះខ្នែង។ ក្នុងករណីបែបនេះ តើយើងអាចធ្វើអ្វី? យើងប្រហែលជាត្រូវតែមានចិត្តក្លាហានថែមទៅទៀត ដើម្បីផ្សព្វផ្សាយដល់មនុស្សដែលយើងជួបក្រៅផ្លូវការ។ ឬមួយក៏យើងប្រហែលជាត្រូវតែកែប្រែកាលវិភាគរបស់ខ្លួន ឬទៅផ្សព្វផ្សាយនៅកន្លែងដែលយើងអាចជួបមនុស្សកាន់តែច្រើនបាន។—សូមពិនិត្យបន្ថែម យ៉ូហាន ៤:៧-១៥; កិច្ចការ ១៦:១៣; ១៧:១៧
១៣ ភាពចាស់ជរានិងសុខភាពអន់ក៏ជាការពិបាកផ្សេងទៀតដែលយើងជួបប្រទះ ហើយនេះអាចដាក់កំហិតទៅលើអ្វីដែលយើងធ្វើក្នុងកិច្ចបម្រើផ្សាយដែរ។ បើមានកាលៈទេសៈបែបនេះក្នុងជីវិតយើងមែន កុំអាលធ្លាក់ទឹកចិត្តឲ្យសោះ។ ព្រះយេហូវ៉ាជ្រាបយ៉ាងច្បាស់ពីកម្រិតសមត្ថភាពរបស់យើងម្នាក់ៗ ហើយទ្រង់ពេញចិត្តណាស់ចំពោះអ្វីៗទាំងអស់ដែលយើងធ្វើក្នុងកិច្ចបម្រើទ្រង់។ (សូមអាន កូរិនថូសទី២ ៨:១២) ទោះបើយើងជួបប្រទះការពិបាកអ្វីក៏ដោយ មិនថាមនុស្សក្នុងតំបន់ផ្សាយច្រើនតែមិនអើពើនឹងសាររបស់យើង មានគេប្រឆាំង ឬក៏យើងមានសុខភាពទ្រុឌទ្រោមក្ដី ចូរផ្សព្វផ្សាយដំណឹងល្អយ៉ាងអស់ពីចិត្តស្របទៅតាមកាលៈទេសៈក្នុងជីវិតចុះ!—សុ. ៣:២៧; សូមពិនិត្យបន្ថែម ម៉ាកុស ១២:៤១-៤៤
‹ចូរយកចិត្តទុកដាក់នឹងការងារយើង›ជាអ្នកផ្សព្វផ្សាយ
១៤. តើសាវ័កប៉ុលបានតាំងគំរូបែបណាឲ្យគ្រិស្តសាសនិកគ្នីគ្នា? តើប៉ុលបានផ្ដល់ដំបូន្មានអ្វី?
១៤ សាវ័កប៉ុលបានធ្វើកិច្ចការផ្សព្វផ្សាយដោយចិត្តខ្នះខ្នែង ហើយគាត់បានលើកទឹកចិត្តអ្នកជឿគ្នីគ្នាឲ្យធ្វើដូច្នេះដែរ។ (កិច្ច. ២០:២០, ២១; ១កូ. ១១:១) គ្រិស្តសាសនិកម្នាក់នៅសតវត្សរ៍ទីមួយដែលប៉ុលបានលើកទឹកចិត្តនោះ គឺលោកអើឃីព។ ក្នុងសំបុត្រដែលប៉ុលបានសរសេរទៅកាន់ក្រុមជំនុំនៅទីក្រុងកូល៉ុស គាត់មានប្រសាសន៍ថា៖ «សូមប្រាប់ដល់អ្នកអើឃីពថា៖ ‹ចូរប្រយ័ត[ឬ«យកចិត្តទុកដាក់»]នឹងការងារ ដែលបានទទួលក្នុងព្រះអម្ចាស់ហើយចុះ! ដើម្បីឲ្យបានបំពេញការងារនោះ›»។ (កូល. ៤:១៧; ខ.ស.) យើងមិនដឹងថា អើឃីពជានរណាឬមានកាលៈទេសៈបែបណាក្នុងជីវិតទេ ប៉ុន្តែតាមមើលទៅ គាត់សុខចិត្តទទួលការងារជាអ្នកផ្សព្វផ្សាយ។ បើយើងជាគ្រិស្តសាសនិកដែលបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ារួចហើយ យើងក៏សុខចិត្តទទួលការងារជាអ្នកផ្សព្វផ្សាយដែរ។ តើយើងយកចិត្តទុកដាក់នឹងការងាររបស់យើងជាអ្នកផ្សព្វផ្សាយ ដោយមានបំណងចង់បំពេញភារកិច្ចនោះឬទេ?
១៥. តើការឧទ្ទិសថ្វាយខ្លួនជាគ្រិស្តសាសនិកតម្រូវឲ្យយើងធ្វើអ្វី? តើនេះជំរុញយើងឲ្យសួរខ្លួនឯងសំណួរអ្វីខ្លះ?
១៥ មុនយើងបានទទួលការជ្រមុជទឹក យើងបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ត ក្នុងការអធិស្ឋានដ៏ពិសេសមួយ។ នេះមានន័យថា យើងបានតាំងចិត្តធ្វើតាមឆន្ទៈរបស់ព្រះយេហូវ៉ា។ ដូច្នេះ មកដល់ពេលឥឡូវនេះ យកល្អឲ្យយើងសួរខ្លួនឯងថា ‹តើខ្ញុំពិតជាចាត់ទុកការធ្វើតាមឆន្ទៈរបស់ព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតខ្ញុំឬទេ?›។ យើងប្រហែលជាមានភារកិច្ចផ្សេងៗក្នុងជីវិត ដែលព្រះយេហូវ៉ាតម្រូវឲ្យយើងបំពេញដែរ ដូចជាការចិញ្ចឹមក្រុមគ្រួសាររបស់ខ្លួនជាដើម។ (១ធី. ៥:៨) ប៉ុន្តែ តើយើងចំណាយពេលនិងកម្លាំងដែលនៅសល់នោះ ដើម្បីធ្វើអ្វី? តើអ្វីមានអាទិភាពក្នុងជីវិតយើង?—សូមអាន កូរិនថូសទី២ ៥:១៤, ១៥
១៦, ១៧. តើប្អូនៗគ្រិស្តសាសនិកនិងអ្នកដែលមិនទាន់មានភារកិច្ចច្រើនប៉ុន្មានក្នុងជីវិតអាចគិតអំពីលទ្ធភាពដើម្បីធ្វើអ្វី?
១៦ តើយើងជាគ្រិស្តសាសនិកយុវវ័យម្នាក់ដែលបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ថែមទាំងបានរៀនចប់ឬជិតចប់ហើយឬ? បើដូច្នេះ យើងប្រហែលជាមិនទាន់មានភារកិច្ចធ្ងន់ក្នុងការចិញ្ចឹមក្រុមគ្រួសារទេ។ យ៉ាងនេះ តើយើងមានបំណងធ្វើអ្វីក្នុងជីវិត? តើគប្បីឲ្យយើងធ្វើការសម្រេចចិត្តបែបណាខ្លះ ដើម្បីធ្វើតាមពាក្យសម្បថរបស់យើងថា យើងចង់ធ្វើតាមឆន្ទៈរបស់ព្រះយេហូវ៉ា? ប្អូនៗជាច្រើនបានរៀបចំកាលៈទេសៈក្នុងជីវិតដើម្បីចុះឈ្មោះជាអ្នកត្រួសត្រាយ ហើយនេះបាននាំឲ្យពួកគេមានអំណរជាខ្លាំង ព្រមទាំងចិត្តស្កប់ស្កល់ផង។—ទំនុក. ១១០:៣; សាស. ១២:១
១៧ ចុះយ៉ាងណាបើយើងពេញវ័យទៅវិញ ហើយធ្វើការរាល់ថ្ងៃ ប៉ុន្តែមិនទាន់មានភារកិច្ចច្រើនប៉ុន្មាន ក្រៅពីការចិញ្ចឹមខ្លួនប៉ុណ្ណោះ? ក្នុងករណីនេះ យើងក៏រវល់ដែរ តែចូលចិត្តរួមចំណែកយ៉ាងពេញលេញជាមួយក្រុមជំនុំ ឲ្យតែមានពេល។ ប៉ុន្តែ តើយើងអាចមានអំណរកាន់តែច្រើនបានទេ? តើយើងធ្លាប់គិតអំពីលទ្ធភាពបង្កើនកិច្ចបម្រើផ្សាយរបស់យើងឬទេ? (ទំនុក. ៣៤:៨; សុ. ១០:២២) នៅតំបន់ផ្សាយខ្លះ គេមិនទាន់ប្រកាសសារដល់មនុស្សគ្រប់រូបនៅឡើយ ស្តីអំពីសេចក្ដីពិតដែលនាំឲ្យបានជីវិត។ តើយើងអាចកែប្រែរបៀបរស់នៅរបស់យើងបន្ដិចបន្តួច ហើយផ្លាស់ទីលំនៅទៅតំបន់ដែលត្រូវការអ្នកផ្សាយច្រើនជាងឬទេ?—សូមអាន ធីម៉ូថេទី១ ៦:៦-៨
១៨. តើស្វាមីភរិយាមួយគូបានកែប្រែកាលៈទេសៈអ្វីខ្លះក្នុងជីវិត? តើមានលទ្ធផលយ៉ាងណា?
១៨ សូមគិតអំពីគំរូរបស់ស្វាមីភរិយាមួយគូនៅសហរដ្ឋអាម៉េរិក ឈ្មោះខេវិននិងអេលេណា។ នៅតំបន់នោះ ស្វាមីភរិយាភាគច្រើនដែលទើបតែបានរៀបការ មានទស្សនៈថា ពួកគេត្រូវតែទិញផ្ទះទិញដីភ្លាម។ ពីរនាក់ខេវិននិងអេលេណាបានធ្វើការរាល់ថ្ងៃដើម្បីឲ្យមានជីវិតធូរធារ។ ប៉ុន្តែ ដោយសារពួកគាត់ធ្វើការផង ហើយត្រូវតែថែទាំផ្ទះផង ពួកគាត់មិនសូវមានពេលធ្វើកិច្ចបម្រើផ្សាយទេ។ រួចមក ពួកគាត់ទទួលស្គាល់ថា គាត់ចេះតែចំណាយពេលនិងកម្លាំងស្ទើរតែទាំងអស់ក្នុងការប្រមូលនិងថែទាំវត្ថុទ្រព្យ។ ប៉ុន្តែ ពេលពួកគាត់សង្កេតឃើញរបៀបរស់នៅដ៏មិនស្មុគស្មាញរបស់ស្វាមីភរិយាមួយគូទៀត ដែលមានសុភមង្គលក្នុងកិច្ចការជាអ្នកត្រួសត្រាយនោះ ខេវិននិងអេលេណាបានសម្រេចចិត្តកែប្រែជីវិត ហើយមិនចាត់ទុកទ្រព្យសម្បត្ដិជាអ្វីដែលមានអាទិភាពបំផុត។ ពួកគាត់បានអធិស្ឋានសូមព្រះយេហូវ៉ាជួយផ្ដល់ការណែនាំ ហើយក្រោយមកបានលក់ផ្ទះលក់ដី និងផ្លាស់ទៅនៅផ្ទះល្វែងវិញ។ អេលេណាក៏បន្ថយចំនួនម៉ោងដែលគាត់ធ្វើការ ហើយបានចុះឈ្មោះជាអ្នកត្រួសត្រាយ។ ពេលខេវិនឃើញថាអេលេណាសប្បាយណាស់ក្នុងកិច្ចបម្រើផ្សាយនោះ នេះជំរុញឲ្យគាត់មិនធ្វើការរាល់ថ្ងៃដូចមុន ហើយគាត់ក៏ចុះឈ្មោះជាអ្នកត្រួសត្រាយដែរ។ ប៉ុន្មានឆ្នាំក្រោយមក ពួកគាត់បានផ្លាស់ទៅនៅប្រទេសមួយនាទ្វីបអាម៉េរិកខាងត្បូង ដើម្បីបម្រើការនៅកន្លែងដែលត្រូវការអ្នកផ្សាយសារស្តីអំពីរាជាណាចក្ររបស់ព្រះច្រើនជាង។ ខេវិនមានប្រសាសន៍ថា៖ «តាំងពីរៀបការមក យើងធ្លាប់តែមានសុភមង្គល ប៉ុន្តែពេលដែលយើងខំបំពេញគោលដៅក្នុងការបង្កើនកិច្ចបម្រើផ្សាយរបស់យើង នេះក៏នាំឲ្យយើងមានសុភមង្គលកាន់តែច្រើនថែមទៀត»។—សូមអាន ម៉ាថាយ ៦:១៩-២២
១៩, ២០. ហេតុអ្វីបានជាការផ្សព្វផ្សាយដំណឹងល្អជាកិច្ចការសំខាន់បំផុតដែលកំពុងធ្វើឡើងនៅសព្វថ្ងៃនេះ?
១៩ ការផ្សព្វផ្សាយដំណឹងល្អជាកិច្ចការសំខាន់បំផុតដែលកំពុងធ្វើឡើងនៅផែនដីសព្វថ្ងៃនេះ។ (វិវរ. ១៤:៦, ៧) កិច្ចការនេះជួយលើកឈ្មោះរបស់ព្រះយេហូវ៉ាឲ្យបានបរិសុទ្ធ។ (ម៉ាថ. ៦:៩) រៀងរាល់ឆ្នាំ ពេលមនុស្សរាប់ពាន់នាក់ធ្វើតាមសារក្នុងគម្ពីរ ពួកគេមានមាគ៌ាជីវិតកាន់តែប្រសើរឡើង ហើយក៏មានសេចក្ដីសង្ឃឹមទទួលសេចក្ដីសង្គ្រោះផងដែរ។ ប៉ុន្តែ សាវ័កប៉ុលបានសួរថា៖ «ធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ?»។ (រ៉ូម ១០:១៤, ១៥) ប្រាកដមែន! ធ្វើដូចម្ដេចឲ្យមនុស្សឮដំណឹងល្អបាន បើគ្មាននរណាប្រាប់? អាស្រ័យហេតុនេះ គប្បីឲ្យយើងតាំងចិត្តព្យាយាមអស់ពីសមត្ថភាព ដើម្បីបំពេញកិច្ចការផ្សព្វផ្សាយរបស់យើងដែរ មែនទេ?
២០ វិធីមួយទៀតដែលយើងអាចជួយមនុស្សឲ្យយល់អំពីសារៈសំខាន់នៃគ្រានេះ ថែមទាំងឃើញថាការសម្រេចចិត្តរបស់ខ្លួនអាចមានលទ្ធផលបែបណានោះ គឺដោយធ្វើជាអ្នកដែលប្រសប់បង្រៀន។ អត្ថបទជាបន្ទាប់នឹងពន្យល់អំពីរបៀបដែលយើងអាចធ្វើដូច្នេះបាន។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើគ្រិស្តសាសនិកមានភារកិច្ចជួយមនុស្សដទៃយ៉ាងដូចម្ដេច?
• ពេលមានឧបសគ្គក្នុងកិច្ចបម្រើផ្សាយរបស់យើង តើយើងគួរធ្វើយ៉ាងណា?
• តើយើងអាចបំពេញការងារដែលយើងបានទទួលនោះដោយរបៀបណា?
[រូបភាពនៅទំព័រ១៣]
ពេលមានគេប្រឆាំង យើងត្រូវតែមានចិត្តក្លាហានដើម្បីផ្សព្វផ្សាយដោយឥតឈប់ឈរ
[រូបភាពនៅទំព័រ១៤]
ពេលផ្សព្វផ្សាយនៅតំបន់ដែលកម្រជួបម្ចាស់ផ្ទះ តើយើងអាចធ្វើដូចម្ដេច?