ចូរយកឈ្នះលើឧបសគ្គក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ
«យើងខ្ញុំមានចិត្តក្លាហាន ដោយសារព្រះនៃយើងខ្ញុំ ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះ មកដល់អ្នករាល់គ្នាដែរ ទាំងមានសេចក្ដីតយុទ្ធជាច្រើនផង»។—១ថែ. ២:២
១. តើលោកយេរេមាប្រឈមមុខនឹងឧបសគ្គអ្វី? តើលោកអាចយកឈ្នះលើឧបសគ្គនោះយ៉ាងដូចម្ដេច?
លោកយេរេមាជាមនុស្សដែលមានអារម្មណ៍ដូចយើងដែរ។ ពេលព្រះយេហូវ៉ាតាំងលោកជាអ្នកប្រកាសទំនាយឬ«ហោរាដល់អស់ទាំងសាសន៍» នោះលោកនិយាយបញ្ជើចថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ»។ យ៉ាងណាក្ដី លោកបានទុកចិត្តលើព្រះយេហូវ៉ា ហើយព្រមទទួលភារកិច្ចនោះ។ (យេ. ១:៤-១០) អស់ជាង៤០ឆ្នាំ លោកយេរេមាប្រឈមមុខនឹងភាពព្រងើយកន្តើយ ការសើចចំអកមើលងាយ ការបដិសេធមិនរាប់អានគាត់ ព្រមទាំងវាយធ្វើបាបគាត់ទៀតផង។ (យេ. ២០:១, ២) ជួនកាលលោកមិនចង់បន្តធ្វើភារកិច្ចនោះទេ។ ប៉ុន្តែ លោកបានតស៊ូក្នុងការប្រកាសសារដែលមនុស្សមិនចូលចិត្តស្ដាប់។ ដោយទទួលកម្លាំងពីព្រះ លោកយេរេមាបានបង្ហើយកិច្ចការដែលលោកមិនអាចធ្វើបានបើពឹងទៅលើកម្លាំងខ្លួននោះ។—សូមអាន យេរេមា ២០:៧-៩
២, ៣. អ្នកបម្រើព្រះសព្វថ្ងៃនេះនិងលោកយេរេមាជួបប្រទះឧបសគ្គស្រដៀងគ្នា តើតាមរបៀបណា?
២ អ្នកបម្រើព្រះជាច្រើននាក់សព្វថ្ងៃនេះអាចយល់អារម្មណ៍របស់លោកយេរេមា។ ពេលសញ្ជឹងគិតអំពីកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ បងប្អូនខ្លះប្រហែលជាគិតថា‹ខ្ញុំមិនចេះផ្សាយទេ›។ ប៉ុន្តែ ពេលយើងទទួលស្គាល់ថា ការប្រកាសផ្សាយដំណឹងល្អជាបំណងរបស់ព្រះយេហូវ៉ា នោះយើងយកឈ្នះលើការខ្លាចបារម្ភហើយចូលរួមផ្សព្វផ្សាយតែម្ដង។ យ៉ាងណាក៏ដោយ បងប្អូនជាច្រើននាក់ជួបប្រទះបញ្ហាក្នុងជីវិតដែលធ្វើឲ្យគេពិបាកបន្តផ្សព្វផ្សាយ។ ត្រូវហើយ ការចាប់ផ្ដើមនិងការបន្តផ្សព្វផ្សាយរហូតពីផ្ទះមួយទៅផ្ទះមួយ ពិតជាឧបសគ្គមែន។—ម៉ាថ. ២៤:១៣
៣ ចុះប្រសិនបើអ្នកបានរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា ព្រមទាំងចូលរួមកិច្ចប្រជុំយូរបន្ដិចហើយ តែស្ទាក់ស្ទើរចាប់ផ្ដើមផ្សាយពីផ្ទះមួយទៅផ្ទះមួយ? ឬមួយក៏ ចុះយ៉ាងណាវិញបើអ្នកបានជ្រមុជទឹករួចហើយ ទាំងគ្មានបញ្ហាខាងរាងកាយផង តែកិច្ចផ្សព្វផ្សាយគឺពិបាកសម្រាប់អ្នក? សូមជឿជាក់ថា មនុស្សពីគ្រប់មជ្ឈដ្ឋានកំពុងតែយកឈ្នះលើឧបសគ្គផ្សេងៗក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ដោយមានជំនួយពីព្រះយេហូវ៉ា អ្នកក៏អាចយកឈ្នះលើឧបសគ្គនោះបានដែរ។
ចូរមានចិត្តក្លាហាន
៤. តើអ្វីដែលបានជួយសាវ័កប៉ុលឲ្យផ្សាយដំណឹងល្អដោយចិត្តក្លាហាន?
៤ អ្នកពិតជាដឹងថា ការផ្សព្វផ្សាយនៅទូទាំងពិភពលោកអាចកើតឡើងបានដោយសារសកម្មពលរបស់ព្រះ មិនមែនដោយកម្លាំងឬប្រាជ្ញារបស់មនុស្សឡើយ។ (សាក. ៤:៦) សកម្មពលរបស់ព្រះក៏ជួយគ្រិស្តសាសនិកម្នាក់ៗដែរ។ (២កូ. ៤:៧) សូមគិតពិចារណាអំពីសាវ័កប៉ុល។ ពេលប៉ុលបានគិតអំពីអ្នកប្រឆាំងដែលធ្វើបាបដល់គាត់និងគូគនរបស់គាត់ នោះគាត់បានសរសេរថា៖ «ឯក្រោយដែលយើងខ្ញុំបានរងទុក្ខ នឹងត្រូវគេជេរប្រមាថនៅក្រុងភីលីព . . . នោះយើងខ្ញុំមានចិត្តក្លាហាន ដោយសារព្រះនៃយើងខ្ញុំ ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះ មកដល់អ្នករាល់គ្នាដែរ ទាំងមានសេចក្ដីតយុទ្ធជាច្រើនផង»។ (១ថែ. ២:២; កិច្ច. ១៦:២២-២៤) ដោយសារប៉ុលជាអ្នកផ្សាយដ៏ខ្នះខ្នែងម្នាក់ យើងប្រហែលជាមិនដែលនឹកស្មានថាគាត់មានការពិបាកក្នុងកិច្ចផ្សព្វផ្សាយឡើយ។ ប៉ុន្តែ ប៉ុលក៏ដូចយើងដែរត្រូវតែពឹងទៅលើព្រះយេហូវ៉ាដើម្បីផ្សាយដំណឹងល្អដោយចិត្តក្លាហាន។ (សូមអាន អេភេសូរ ៦:១៨-២០) តើយើងអាចយកតម្រាប់តាមគំរូរបស់ប៉ុលយ៉ាងដូចម្ដេច?
៥. តើយើងអាចមានចិត្តក្លាហានដើម្បីផ្សាយតាមវិធីណា?
៥ យើងអាចមានចិត្តក្លាហានដើម្បីផ្សាយតាមរយៈការអធិដ្ឋាន។ អ្នកត្រួសត្រាយម្នាក់បាននិយាយថា៖ «ខ្ញុំអធិដ្ឋានដើម្បីឲ្យខ្ញុំផ្សាយដោយទុកចិត្តលើសមត្ថភាពខ្លួន មានឥទ្ធិពលលើចិត្តមនុស្ស ហើយដើម្បីឲ្យខ្ញុំមានអំណរក្នុងកិច្ចបម្រើផ្សាយ។ យ៉ាងណាមិញ កិច្ចការនេះមិនមែនជារបស់យើងទេ តែជារបស់ព្រះយេហូវ៉ាទេតើ។ ដូច្នេះ បើទ្រង់មិនផ្ដល់ជំនួយយើងក៏មិនអាចធ្វើអ្វីបានឡើយ»។ (១ថែ. ៥:១៧) យើងគ្រប់គ្នាត្រូវតែអធិដ្ឋានជានិច្ចសុំឲ្យសកម្មពលរបស់ព្រះជួយយើងផ្សព្វផ្សាយដោយចិត្តក្លាហាន។—លូ. ១១:៩-១៣
៦, ៧. (ក) តើលោកអេសេគាលបានឃើញអ្វីក្នុងគំនិត? តើនេះមានន័យអ្វី? (ខ) តើរាស្ត្ររបស់ព្រះសព្វថ្ងៃនេះអាចទាញមេរៀនអ្វីពីការឃើញក្នុងគំនិតរបស់លោកអេសេគាល?
៦ សៀវភៅអេសេគាលលាតត្រដាងអ្វីមួយទៀតដែលអាចជួយយើងឲ្យផ្សាយដោយចិត្តក្លាហាន។ តាមរយៈការឃើញក្នុងគំនិត ព្រះយេហូវ៉ាផ្ដល់ឲ្យអេសេគាលក្រាំងមួយដែលបានសរសេរទាំងខាងក្នុងនិងខាងក្រៅនូវ«ពាក្យទំនួញ ពាក្យសោកសៅ នឹងសេចក្ដីវេទនា»។ ហើយព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យបរិភោគក្រាំងនោះ ដោយមានប្រសាសន៍ថា៖ «កូនមនុស្សអើយ! ចូរឲ្យពោះឯងទទួលចុះ ហើយឲ្យបានឆ្អែតដោយក្រាំងនេះ ដែលអញឲ្យដល់ឯងផង»។ តើការឃើញក្នុងគំនិតនេះមានន័យអ្វី? លោកអេសេគាលត្រូវតែយល់យ៉ាងពេញលេញពីសារដែលគាត់នឹងប្រកាសនោះ។ សារនោះត្រូវតែមានឥទ្ធិពលលើចិត្តរបស់គាត់ គឺហាក់ដូចជាជ្រាបចូលក្នុងខ្លួនគាត់។ លោកអេសេគាលពន្យល់ទៀតថា៖ «នោះខ្ញុំក៏បរិភោគទៅ ឯនៅក្នុងមាត់ខ្ញុំ ក្រាំងនោះមានរសផ្អែមដូចជាទឹកឃ្មុំ»។ ចំពោះលោកអេសេគាល ការប្រកាសសាររបស់ព្រះជាសាធារណៈពិតជានាំឲ្យរំភើបចិត្តមែន ដូចជាការភ្លក់ទឹកឃ្មុំដែលនាំឲ្យចិត្តសប្បាយដែរ។ លោកមានគំនិតថា ការតំណាងព្រះយេហូវ៉ានិងបំពេញភារកិច្ចដែលមកពីទ្រង់ នោះជាកិត្ដិយសដ៏លើសលុប សូម្បីតែនេះរួមបញ្ចូលទាំងការប្រកាសសារដែលមនុស្សមិនចូលចិត្តស្ដាប់ក៏ដោយ។—សូមអាន អេសេគាល ២:៨–៣:៤, ៧-៩
៧ ការឃើញក្នុងគំនិតរបស់លោកអេសេគាលមានមេរៀនសំខាន់ៗចំពោះរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ។ យើងក៏ត្រូវប្រកាសសារមួយដែលមនុស្សមិនចូលចិត្តស្ដាប់ដែរ ហើយភាគច្រើនគេមិនមានចិត្តអបអរចំពោះការខំប្រឹងរបស់យើងទេ។ ដើម្បីរក្សាទស្សនៈថា កិច្ចបម្រើផ្សាយជាឯកសិទ្ធដែលមកពីព្រះ នោះយើងត្រូវតែអាននិងសិក្សាបណ្ដាំរបស់ទ្រង់ជានិច្ច។ បើយើងមានទម្លាប់សិក្សាដែលធ្វើដោយច្បោលៗឬម្ដងម្កាល នោះមិនគ្រប់គ្រាន់ឲ្យយើងយល់បណ្ដាំរបស់ព្រះយ៉ាងពេញលេញឡើយ។ ចំពោះការអាននិងការសិក្សាគម្ពីរដោយខ្លួនឯង តើអ្នកអាចធ្វើឲ្យល្អប្រសើរឬទៀងទាត់ជាងទេ? តើអ្នកអាចរំពឹងគិតអំពីអ្វីដែលបានអានច្រើនជាងទៀតទេ?—ទំនុក. ១:២, ៣
ចាប់ផ្ដើមការពិគ្រោះអំពីគម្ពីរ
៨. តើវិធីផ្សាយណាមួយដែលបានជួយអ្នកផ្សាយខ្លះឲ្យចាប់ផ្ដើមការពិគ្រោះអំពីគម្ពីរក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ?
៨ ចំពោះអ្នកផ្សាយជាច្រើននាក់ ការនិយាយពាក្យផ្ដើមជាមួយម្ចាស់ផ្ទះជាការពិបាកបំផុតក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ពិតមែន នៅតំបន់ផ្សាយខ្លះគឺពិបាកចាប់ផ្ដើមការពិគ្រោះជាមួយម្ចាស់ផ្ទះ។ នៅប្រទេសខ្លះ អ្នកផ្សាយមានអារម្មណ៍ស្រួលជាងបើគេរើសពាក្យល្អៗតែខ្លី ហើយបន្ទាប់មកបើសមរម្យជូនម្ចាស់ផ្ទះខិត្តប័ណ្ណមួយ។ ចំណងជើងឬរូបភាពស្អាតៗនៅលើខិត្តប័ណ្ណនោះប្រហែលជាទាក់ទាញចិត្តម្ចាស់ផ្ទះ ហើយនេះនាំឲ្យយើងពន្យល់យ៉ាងខ្លីអំពីមូលហេតុដែលយើងមកលេង និងលើកសំណួរមួយ។ ម្យ៉ាងទៀត យើងអាចបង្ហាញម្ចាស់ផ្ទះខិត្តប័ណ្ណបីបួនដែលខុសពីគ្នា ហើយទុកឲ្យគាត់រើសយកមួយណាដែលគាត់ចាប់អារម្មណ៍។ ពិតមែន គោលបំណងរបស់យើងគឺមិនគ្រាន់តែជូនខិត្តប័ណ្ណឬក៏ប្រើខិត្តប័ណ្ណរាល់តែដងដែលយើងជួបម្ចាស់ផ្ទះទេ តែយើងចង់ចាប់ផ្ដើមការពិគ្រោះអំពីគម្ពីរដែលនាំទៅដល់ការសិក្សាគម្ពីរ។
៩. ហេតុអ្វីការត្រៀមខ្លួនយ៉ាងល្អសម្រាប់កិច្ចបម្រើផ្សាយសំខាន់ម្ល៉េះ?
៩ ការត្រៀមខ្លួនយ៉ាងល្អនឹងជួយអ្នកឲ្យមានចិត្តស្ងប់និងចិត្តរំភើបក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ មិនថាអ្នកប្រើវិធីផ្សាយណាមួយក៏ដោយ។ អ្នកត្រួសត្រាយម្នាក់បានកត់សម្គាល់ថា៖ «ពេលខ្ញុំត្រៀមខ្លួនយ៉ាងល្អ ខ្ញុំមានអំណរច្រើនជាង។ ហើយនេះជំរុញចិត្តខ្ញុំឲ្យចង់ប្រើពាក្យផ្សាយដែលខ្ញុំបានរៀបចំនោះ»។ អ្នកត្រួសត្រាយម្នាក់ទៀតពោលថា៖ «ពេលខ្ញុំដឹងព័ត៌មានក្នុងសៀវភៅដែលខ្ញុំនឹងជូន នោះខ្ញុំមានចិត្តរំភើបពេលស្នើផ្ដល់»។ ទោះជាការមើលពាក្យផ្សាយដោយស្ងាត់ៗមានប្រយោជន៍ខ្លះៗមែន តែអ្នកផ្សាយភាគច្រើនទទួលប្រយោជន៍ច្រើនជាងពីការហាត់សមពាក្យផ្សាយដោយនិយាយឮៗ។ ការធ្វើដូច្នេះជួយពួកគេឲ្យបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត។—កូល. ៣:២៣; ២ធី. ២:១៥
១០. តើអាចធ្វើយ៉ាងណាដើម្បីឲ្យប្រជុំសម្រាប់កិច្ចបម្រើផ្សាយមានប្រយោជន៍ដល់បងប្អូនដែលចូលរួម?
១០ ប្រជុំសម្រាប់កិច្ចបម្រើផ្សាយដែលមានប្រយោជន៍ អាចជួយយើងឲ្យមានប្រសិទ្ធភាពនិងអំណរក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ប្រសិនបើបទគម្ពីរប្រចាំថ្ងៃទាក់ទងនឹងកិច្ចផ្សព្វផ្សាយ នោះអាចអានបាន ហើយពិគ្រោះយ៉ាងសង្ខេបដែរ។ ក៏ប៉ុន្តែ គប្បីឲ្យបងប្រុសដែលដឹកនាំប្រជុំសម្រាប់កិច្ចបម្រើផ្សាយនោះ ចំណាយពេលល្មមគ្រប់គ្រាន់ដើម្បីពិគ្រោះឬសម្ដែងពាក្យផ្សាយយ៉ាងស្រួលមួយដែលសមរម្យនឹងតំបន់ផ្សាយ។ ឬមួយក៏គាត់អាចលើកព័ត៌មានឯទៀតដែលអាចប្រើក្នុងកិច្ចបម្រើផ្សាយនៅថ្ងៃនោះ។ នេះនឹងជួយបងប្អូនដែលបានមកប្រជុំឲ្យមានព័ត៌មានបន្ថែមដើម្បីផ្សព្វផ្សាយដោយប្រសិទ្ធភាព។ អ្នកចាស់ទុំនិងបងប្អូនឯទៀតដែលដឹកនាំកិច្ចប្រជុំនេះ អាចធ្វើឲ្យមានប្រយោជន៍ដល់បងប្អូននិងអាចបញ្ចប់តាមពេលកំណត់ ដោយត្រៀមខ្លួនយ៉ាងល្អទុកជាមុន។—រ៉ូម ១២:៨
ការចេះស្ដាប់នាំឲ្យមានលទ្ធផលល្អ
១១, ១២. តើការស្ដាប់ដោយបង្ហាញចិត្តអាណិតអាសូរអាចជួយយើងឲ្យទាក់ទាញចិត្តមនុស្សដើម្បីស្ដាប់ដំណឹងល្អយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍។
១១ ប្រសិនបើយើងចង់ចាប់ផ្ដើមការពិគ្រោះអំពីគម្ពីរ និងមានឥទ្ធិពលទៅលើចិត្តអ្នកឯទៀតក្នុងកិច្ចបម្រើផ្សាយ យកល្អឲ្យយើងយកចិត្តទុកដាក់យ៉ាងស្មោះ មិនគ្រាន់តែត្រៀមខ្លួនប៉ុណ្ណោះទេ។ វិធីមួយដែលយើងអាចបង្ហាញការយកចិត្តទុកដាក់បែបនេះគឺតាមរបៀបដែលយើងស្ដាប់។ អ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់កត់សម្គាល់ថា៖ «ដោយចេះអត់ធ្មត់និងសុខចិត្តស្ដាប់ នេះអាចទាក់ទាញចិត្តគេឲ្យចង់ស្ដាប់ដំណឹងល្អ។ ហើយក៏បង្ហាញថាអ្នកយកចិត្តទុកដាក់ដោយមានភាពកក់ក្ដៅទៀតផង»។ ការស្ដាប់ម្ចាស់ផ្ទះយ៉ាងស្មោះ និងមានចិត្តអាណិតអាសូរចំពោះអ្វីដែលគាត់និយាយ អាចនាំឲ្យគាត់មានចិត្តចង់ពិគ្រោះអំពីគម្ពីរ ដូចបានបញ្ជាក់ក្នុងបទពិសោធន៍តទៅនេះ។
១២ ស្ត្រីម្នាក់បានសរសេរសំបុត្រដើម្បីឲ្យគេចុះផ្សាយក្នុងកាសែតមួយនៅប្រទេសបារាំង។ (កាសែត Le Progrès) នាងបានពិពណ៌នាអំពីមនុស្សពីរនាក់ដែលបានគោះទ្វារគាត់មិនយូរប៉ុន្មានក្រោយពេលដែលកូនង៉ែតរបស់នាងបានស្លាប់ទៅ។ នាងបានសរសេរថា៖ «ភ្លាមៗខ្ញុំដឹងថាពួកគាត់ជាសាក្សីព្រះយេហូវ៉ា។ ខ្ញុំរៀបតែនឹងសុំឲ្យពួកគាត់ចេញទៅវិញ ប៉ុន្តែ ពួកគាត់បង្ហាញសៀវភៅស្តើងមួយដែលរៀបរាប់ពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនា។ ដូច្នេះ ខ្ញុំក៏អញ្ជើញពួកគាត់ឲ្យចូលមកដោយមានបំណងចង់ផ្ចាញ់ផ្ចាលថាពួកគាត់យល់ខុស។ . . . ពួកសាក្សីព្រះយេហូវ៉ានៅផ្ទះរបស់ខ្ញុំអស់ជាងមួយម៉ោង។ ពួកគាត់បានស្ដាប់ខ្ញុំដោយបង្ហាញចិត្តអាណិតអាសូរណាស់ ហើយពេលពួកគាត់កំពុងតែរៀបចំលាចេញទៅ ខ្ញុំមានអារម្មណ៍ល្អជាងពីមុនឆ្ងាយណាស់ ដែលខ្ញុំព្រមឲ្យពួកគាត់មកលេងម្ដងទៀត»។ (រ៉ូម ១២:១៥) នៅទីបំផុត ស្ត្រីនេះចាប់រៀនគម្ពីរ។ គួរឲ្យចាប់អារម្មណ៍ណាស់ នាងនៅចងចាំពីរបៀបដែលពួកគាត់ព្រមស្ដាប់ មិនមែនពីអ្វីដែលពួកគាត់និយាយទេ។
១៣. តើយើងអាចប្រែប្រួលពាក្យផ្សាយអំពីដំណឹងល្អទៅតាមកាលៈទេសៈរបស់បុគ្គលម្នាក់ៗដែលយើងជួបយ៉ាងដូចម្ដេច?
១៣ ពេលយើងស្ដាប់ដោយចិត្តអាណិតអាសូរ តាមពិតយើងឲ្យមនុស្សប្រាប់យើងពីមូលហេតុដែលគាត់ត្រូវការរាជាណាចក្ររបស់ព្រះ។ ពេលយើងដឹងពីមូលហេតុ នោះនឹងជួយយើងឲ្យប្រាប់ដំណឹងល្អដល់គាត់ដោយមានប្រសិទ្ធភាពជាង។ អ្នកប្រហែលជាកត់សម្គាល់ថា ធម្មតាអ្នកផ្សាយដែលមានប្រសិទ្ធភាព ប៉ិនប្រសប់ក្នុងការស្ដាប់ណាស់។ (សុ. ២០:៥) ពួកគាត់ចេះយកចិត្តទុកដាក់យ៉ាងស្មោះចំពោះមនុស្សដែលគេជួបក្នុងកិច្ចបម្រើផ្សាយ។ ពួកគាត់មិនគ្រាន់តែកត់ឈ្មោះនិងអាសយដ្ឋានទុកប៉ុណ្ណោះទេ តែក៏កត់ទុកអ្វីដែលម្ចាស់ផ្ទះចាប់អារម្មណ៍និងព័ត៌មានដែលគាត់ត្រូវការដែរ។ ពេលបុគ្គលម្នាក់លើកពីកង្វល់របស់ខ្លួន ពួកគាត់ស្រាវជ្រាវព័ត៌មាន ហើយឆាប់ត្រឡប់ទៅវិញដើម្បីប្រាប់ពីអ្វីដែលគាត់បានរកឃើញ។ ដូចសាវ័កប៉ុល ពួកគាត់ប្រែប្រួលពាក្យផ្សាយអំពីសាររាជាណាចក្ររបស់ព្រះទៅតាមកាលៈទេសៈរបស់បុគ្គលម្នាក់ៗដែលពួកគាត់បានជួប។ (សូមអាន កូរិនថូសទី១ ៩:១៩-២៣) ការយកចិត្តទុកដាក់យ៉ាងស្មោះបែបនេះ នាំឲ្យមនុស្សស្ដាប់ដំណឹងល្អ ហើយក៏ជាការសម្ដែងដ៏អស្ចារ្យពី«ព្រះហឫទ័យមេត្ដាករុណារបស់ព្រះនៃយើង»ដែរ។—លូ. ១:៧៨
ចូររក្សាឲ្យមានចិត្តគំនិតល្អ
១៤. ពេលយើងចូលរួមក្នុងកិច្ចបម្រើផ្សាយ តើយើងអាចមានលក្ខណៈសម្បត្ដិដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៤ ព្រះយេហូវ៉ាបានបង្ហាញថា ទ្រង់ឲ្យតម្លៃចំពោះយើងម្នាក់ៗដោយប្រទានឲ្យយើងមានចិត្តសេរី។ ទោះបីទ្រង់ជាព្រះដែលមានអំណាចខ្លាំងក្លាបំផុតក៏ពិតមែន ទ្រង់មិនបង្ខំនរណាម្នាក់ឲ្យបម្រើទ្រង់ឡើយ តែទ្រង់អញ្ជើញមនុស្សដោយសេចក្ដីស្រឡាញ់វិញ។ ទ្រង់ប្រទានពរដល់អស់អ្នកដែលព្រមទទួលការរៀបចំរបស់ទ្រង់។ (រ៉ូម ២:៤) ជាអ្នកបម្រើព្រះ រាល់ដងដែលយើងផ្សាយដំណឹងល្អ គប្បីឲ្យយើងប្រុងប្រៀបខ្លួនដើម្បីផ្សាយតាមរបៀបសមគួរនឹងព្រះដែលប្រកបទៅដោយសេចក្ដីមេត្ដាករុណា។ (២កូ. ៥:២០, ២១; ៦:៣-៦) ដើម្បីសម្រេចគោលបំណងនោះ យើងត្រូវរក្សាចិត្តគំនិតឲ្យបានល្អចំពោះមនុស្សនៅតំបន់ផ្សាយ។ តើអ្វីអាចជួយយើងឲ្យយកឈ្នះឧបសគ្គនេះ?
១៥. (ក) តើព្រះយេស៊ូបានណែនាំសាវ័កទ្រង់ឲ្យធ្វើអ្វីបើមនុស្សមិនចង់ស្ដាប់សារដែលពួកគាត់ផ្សាយ? (ខ) តើអ្វីអាចជួយយើងឲ្យផ្ចង់អារម្មណ៍ទៅលើការរកអ្នកដែលគួរទទួលសារដំណឹងល្អ?
១៥ ព្រះយេស៊ូបានណែនាំអ្នកកាន់តាមទ្រង់ថា កុំព្រួយហួសហេតុពេកបើមនុស្សខ្លះបដិសេធមិនចង់ស្ដាប់សារដែលពួកគាត់ផ្សាយ។ ប៉ុន្តែ ឲ្យពួកគាត់ផ្ចង់អារម្មណ៍ទៅលើការរកអ្នកដែលគួរទទួលសារដំណឹងល្អវិញ។ (សូមអាន ម៉ាថាយ ១០:១១-១៥) យើងអាចផ្ចង់អារម្មណ៍ទៅលើការរកអ្នកដែលគួរទទួលសារដំណឹងល្អ ដោយតាំងគោលដៅដែលអាចសម្រេចបាន។ បងប្រុសម្នាក់បានប្រដូចខ្លួនទៅនឹងអ្នកជីករកមាសម្នាក់។ គាត់មានគំនិតថា៖ «ថ្ងៃនេះ ខ្ញុំទន្ទឹងចាំជួបមនុស្សដែលចាប់អារម្មណ៍នឹងសេចក្ដីពិត ដែលប្រៀបដូចជាការរកឃើញមាស»។ បងប្រុសម្នាក់ទៀតមានគោលដៅ«ជួបមនុស្សចាប់អារម្មណ៍ឲ្យបានម្នាក់រៀងរាល់សប្ដាហ៍ ហើយត្រឡប់ទៅជួបវិញក្នុងរយៈពេលតែពីរបីថ្ងៃ»។ អ្នកផ្សាយឯទៀតព្យាយាមអានយ៉ាងហោចណាស់បទគម្ពីរមួយឲ្យម្ចាស់ផ្ទះស្ដាប់ បើអាចធ្វើបាន។ តើអ្នកអាចតាំងគោលដៅមួយណាដែលអាចសម្រេចបាន?
១៦. តើមូលហេតុអ្វីដែលជំរុញយើងឲ្យផ្សព្វផ្សាយតទៅទៀត?
១៦ ការសម្រេចបានជោគជ័យក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយមិនអាស្រ័យទៅលើប្រតិកម្មរបស់មនុស្សនៅតំបន់ផ្សាយតែប៉ុណ្ណោះទេ។ ពិតមែន កិច្ចផ្សព្វផ្សាយមានតួនាទីសំខាន់ក្នុងការសង្គ្រោះមនុស្សដែលមានចិត្តស្មោះត្រង់។ ប៉ុន្តែ ក៏មានមូលហេតុសំខាន់ឯទៀតដែរ។ កិច្ចបម្រើផ្សាយជាឱកាសដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ (១យ៉ូន. ៥:៣) កិច្ចផ្សព្វផ្សាយអាចជួយឲ្យយើងរួចទោសពីការកំចាយឈាម។ (កិច្ច. ២០:២៦, ២៧) កិច្ចផ្សព្វផ្សាយព្រមានមនុស្សដែលមិនគោរពព្រះថា«ពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ»។ (វិវរ. ១៤:៦, ៧) សំខាន់បំផុត តាមរយៈកិច្ចផ្សព្វផ្សាយដំណឹងល្អ យើងកំពុងតែសរសើរតម្កើងនាមរបស់ព្រះយេហូវ៉ានៅផែនដីទាំងមូល។ (ទំនុក. ១១៣:៣) អាស្រ័យហេតុនេះ មិនថាមនុស្សស្ដាប់ឬក៏អត់ យើងត្រូវតែផ្សព្វផ្សាយសាររាជាណាចក្ររបស់ព្រះតទៅទៀត។ ប្រាកដហើយ ការខំប្រឹងរបស់យើងគ្រប់គ្នាក្នុងការប្រកាសដំណឹងល្អ គឺប្រៀបដូចជាអ្វីដ៏ស្អាតឬល្អប្រពៃចំពោះព្រះយេហូវ៉ា។—រ៉ូម ១០:១៣-១៥
១៧. បន្ដិចទៀត តើមនុស្សនឹងត្រូវទទួលស្គាល់អ្វី?
១៧ ទោះបើសព្វថ្ងៃនេះមនុស្សភាគច្រើនមិនអើពើនឹងការផ្សព្វផ្សាយរបស់យើងក៏ពិតមែន តែបន្ដិចទៀតពួកគេនឹងមានទស្សនៈខុសពីនេះ។ (ម៉ាថ. ២៤:៣៧-៣៩) ព្រះយេហូវ៉ាបានបញ្ជាក់ឲ្យលោកអេសេគាលដឹងថា ពេលការកាត់ទោសដែលគាត់ប្រកាសបានសម្រេច នោះពូជពង្សរឹងចចេសនឹង«ដឹងថាមានហោរា១បានមកក្នុងពួកគេហើយ»។ (អេសេ. ២:៥) ស្រដៀងគ្នាដែរ ពេលព្រះយេហូវ៉ាកាត់ទោសរបៀបរបបពិភពលោកនេះ នោះមនុស្សនឹងត្រូវទទួលស្គាល់ថា សារដែលសាក្សីព្រះយេហូវ៉ាផ្សាយនៅកន្លែងសាធារណៈនិងពីផ្ទះមួយទៅផ្ទះមួយ តាមពិតគឺមកពីព្រះយេហូវ៉ាជាព្រះដ៏ពិត។ ណាមួយទៀត មនុស្សក៏នឹងទទួលស្គាល់ថា ពួកសាក្សីពិតជាអ្នកតំណាងទ្រង់មែន។ នេះពិតជាឯកសិទ្ធមែន! ដែលយើងតំណាងនាមទ្រង់និងប្រកាសសាររបស់ទ្រង់នៅគ្រាដ៏សំខាន់នេះ។ ដោយមានជំនួយពីព្រះ សូមឲ្យយើងយកឈ្នះឧបសគ្គផ្សេងៗក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយតទៅទៀត។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងអាចមានចិត្តក្លាហានដើម្បីផ្សាយយ៉ាងដូចម្ដេច?
• តើអ្វីអាចជួយយើងចាប់ផ្ដើមការពិគ្រោះអំពីគម្ពីរពេលផ្សាយពីផ្ទះមួយទៅផ្ទះមួយ?
• តើយើងអាចបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀតយ៉ាងដូចម្ដេច?
• តើអ្វីអាចជួយយើងរក្សាចិត្តគំនិតឲ្យបានល្អចំពោះមនុស្សនៅតំបន់ផ្សាយ?