បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១ ទំ. ៨-ទំ. ១០ វ. ៥
  • គោលសំខាន់ៗពីសៀវភៅម៉ាថាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅម៉ាថាយ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ»
  • (ម៉ាថ. ១:១​–​២០:៣៤)
  • ​«កូន​មនុស្ស​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ»
  • (ម៉ាថ. ២១:១​–​២៨:២០)
  • ‹ពេលកំណត់បានមកដល់ហើយ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • គោលសំខាន់ៗពីសៀវភៅម៉ាកុស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • គោលសំខាន់ៗពីសៀវភៅយ៉ូហាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • គោលសំខាន់ៗពីសៀវភៅលូកា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១ ទំ. ៨-ទំ. ១០ វ. ៥

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​ម៉ាថាយ

បុរស​ទី​មួយ​ដែល​បាន​សរសេរ​កំណត់​ហេតុ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ អំពី​ជីវិត​និង​កិច្ច​បម្រើ​របស់​ព្រះ​យេស៊ូ គឺ​លោក​ម៉ាថាយ។ គាត់​ជា​អ្នក​ជំនិត​របស់​ព្រះ​យេស៊ូ​គ្រិស្ត ហើយ​ក៏​ធ្លាប់​ជា​អ្នក​យក​ពន្ធ​ដែរ។ ដំបូង​ឡើយ កំណត់​ហេតុ​នោះ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ រួច​ក្រោយ​មក​បាន​បកប្រែ​ជា​ភាសា​ក្រិច។ សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ​បាន​សរសេរ​ចប់​ប្រហែល​ជា​នៅ​ឆ្នាំ​៤១ គ.ស. ហើយ​ជួយ​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​បទ​គម្ពីរ​ភាសា​ហេព្រើរ​និង​បទ​គម្ពីរ​ភាសា​ក្រិច។

តាម​មើល​ទៅ ម៉ាថាយ​បាន​សរសេរ​សៀវភៅ​នេះ​ដើម្បី​ជន​ជាតិ​យូដា។ ដំណឹង​ល្អ​ដែល​គាត់​សរសេរ​ពិត​ជា​មាន​ន័យ​ដ៏​ជ្រាល​ជ្រៅ ហើយ​ជំរុញ​ចិត្ត​អ្នក​អាន​ផង ដោយ​ពិពណ៌នា​អំពី​ព្រះ​យេស៊ូ​ជា​បុត្រ​របស់​ព្រះ​យេហូវ៉ា ហើយ​ជា​ព្រះ​មេស្ស៊ី​ដែល​ទ្រង់​សន្យា​ថា​នឹង​លេច​មក។ បើ​យើង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់​ទៅ​លើ​សារ​ដែល​មាន​នៅ​ក្នុង​សៀវភៅ​ម៉ាថាយ នេះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​ពិត ទៅ​លើ​បុត្រ​របស់​ទ្រង់ ព្រម​ទាំង​ទៅ​លើ​សេចក្ដី​សន្យា​ទាំង​ឡាយ​របស់​ព្រះ​យេហូវ៉ា​ផង​ដែរ។—ហេ. ៤:១២

​«នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ»

(ម៉ាថ. ១:១​–​២០:៣៤)

សៀវភៅ​ម៉ាថាយ​ដៅ​បញ្ជាក់​ពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​មូល​បទ​នៃ​គម្ពីរ​ទាំង​មូល ហើយ​ក៏​បញ្ជាក់​ពី​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​ដែរ។ ដើម្បី​បញ្ជាក់​ចំណុច​ទាំង​នេះ ជួន​កាល​ម៉ាថាយ​មិន​បាន​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​នានា​តាម​លំដាប់​លំដោយ​ទេ។ ជា​ឧទាហរណ៍ នៅ​ដើម​សៀវភៅ​ម៉ាថាយ គាត់​រៀប​រាប់​អំពី​ធម្មទាន​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​នៅ​លើ​ភ្នំ តែ​តាម​ការ​ពិត​ព្រឹត្ដិការណ៍​នោះ​កើត​ឡើង​ប្រហែល​ជា​១​ឆ្នាំ​បន្ទាប់​ពី​ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​របស់​ទ្រង់។

ពេល​ព្រះ​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​នៅ​ស្រុក​កាលីឡេ ទ្រង់​ធ្វើ​អព្ភូតហេតុ ផ្ដល់​ការ​ណែនាំ​ដល់​សាវ័ក​ទាំង​១២​នាក់​ស្តី​អំពី​របៀប​ផ្សព្វ​ផ្សាយ កាត់​ទោស​ពួក​ផារិស៊ី ព្រម​ទាំង​រៀប​រាប់​រឿង​ប្រៀបប្រដូច​ផ្សេងៗ​ដើម្បី​បង្រៀន​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ ក្រោយ​មក ព្រះ​យេស៊ូ​បាន​ចេញ​ដំណើរ​ពី​ស្រុក​កាលីឡេ ហើយ​ក៏​មក​ដល់​«ព្រំ​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់»។ (ម៉ាថ. ១៩:១) ពេល​ព្រះ​យេស៊ូ​និង​សិស្ស​របស់​ទ្រង់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ទ្រង់​ពន្យល់​ថា​៖ ‹យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ហើយ​គេ​នឹង​កាត់​ទោស​កូន​មនុស្ស​ដល់​ជីវិត តែ​ក្រោយ​៣​ថ្ងៃ​មក លោក​ក៏​នឹង​មាន​ជីវិត​រស់​ឡើង​វិញ›។—ម៉ាថ. ២០:១៨, ១៩

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៣:១៦—ពេល​ព្រះ​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក តើ‹មេឃ​របើក​ឡើង›ក្នុង​ន័យ​អ្វី? តាម​មើល​ទៅ ចាប់​ពី​ពេល​នោះ ព្រះ​យេស៊ូ​នឹក​ចាំ​ពី​ជីវិត​ទ្រង់​នៅ​ឯ​ស្ថាន​សួគ៌។

៥:៤៨—តើ​យើង​អាច​មាន​ភាព‹គ្រប់​លក្ខណ៍​ដូច​ជា​បិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌›ឬ​ទេ? យើង​អាច​មាន​មួយ​កម្រិត​មែន! ក្នុង​ករណី​នោះ ព្រះ​យេស៊ូ​បាន​ពិភាក្សា​អំពី​សេចក្ដី​ស្រឡាញ់ ហើយ​ទ្រង់​បង្គាប់​អ្នក​ដែល​ស្ដាប់​ទ្រង់​ថា ពួក​គេ​ត្រូវ​តែ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា ហើយ​មាន​លក្ខណៈ​គ្រប់​លក្ខណ៍​ឬ​ឥត​ខ្ចោះ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ (ម៉ាថ. ៥:៤៣​-​៤៧) តើ​ពួក​គេ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឲ្យ​បាន​ពេញលេញ​តាម​របៀប​ណា? គឺ​ដោយ​ខំ​ស្រឡាញ់​មនុស្ស​ទាំង​អស់ រួម​ទាំង​ខ្មាំង​សត្រូវ​ផង។

៧:១៦—តើ​«ផល»​អ្វី​ខ្លះ​ដែល​សម្គាល់​សាសនា​ពិត? ផល​ទាំង​នេះ​មិន​សំដៅ​ទៅ​លើ​កិរិយា​ប្រព្រឹត្ត​ប៉ុណ្ណោះ​ទេ តែ​រួម​បញ្ចូល​ជំនឿ​របស់​យើង​និង​សេចក្ដី​បង្រៀន​ដែល​យើង​ប្រកាន់​ខ្ជាប់​ផង។

១០:៣៤​-​៣៨—តើ​គម្ពីរ​ផ្ដល់​ហេតុ​ឲ្យ​ក្រុម​គ្រួសារ​ទាស់ទែង​គ្នា​ទេ? មិន​ទាល់តែ​សោះ។ ការ​ទាស់ទែង​គ្នា​ច្រើន​តែ​បណ្ដាល​មក​ពី​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដែល​មិន​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។ ពួក​គេ​ប្រហែល​ជា​មិន​ពេញ​ចិត្ត​ចំពោះ​គ្រិស្ត​សាសនិក​ឬ​ក៏​ប្រឆាំង​នឹង​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ​តែ​ម្ដង។ ជា​លទ្ធផល នេះ​អាច​នាំ​ឲ្យ​ក្រុម​គ្រួសារ​ទាស់ទែង​គ្នា។—លូ. ១២:​៥១​-​៥៣

១១:២​-​៦—បើ​យ៉ូហាន​ដឹង​ថា​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី ដោយសារ​គាត់​បាន​ឮ​សំឡេង​របស់​ព្រះ​យេហូវ៉ា​ថា ទ្រង់​ពេញ​ចិត្ត​ចំពោះ​ព្រះ​យេស៊ូ​នោះ ហេតុ​អ្វី​បាន​ជា​គាត់​សួរ​ព្រះ​យេស៊ូ​ថា តើ​ទ្រង់​ជា​«ព្រះ​អង្គ​ដែល​ត្រូវ​យាង​មក​នោះ»? យ៉ូហាន​ប្រហែល​ជា​សួរ​សំណួរ​នេះ ពីព្រោះ​គាត់​ចង់​ឲ្យ​ព្រះ​យេស៊ូ​ប្រាប់​គាត់​ដោយ​ចំៗ។ ប៉ុន្តែ​មូលហេតុ​មួយ​ទៀត យ៉ូហាន​ក៏​ចង់​ដឹង​ថា តើ​មាន​«១​អង្គ​ទៅ​ទៀត»​ដែល​នឹង​មក ទាំង​មាន​អំណាច​គ្រប់គ្រង​រាជាណាចក្រ​របស់​ព្រះ ដើម្បី​សម្រេច​ការ​ស្រប​ទៅ​តាម​សេចក្ដី​សង្ឃឹម​របស់​ពួក​យូដា​ឬ? ចម្លើយ​របស់​ព្រះ​យេស៊ូ​បង្ហាញ​ថា គ្មាន​នរណា​នឹង​លេច​មក​តាម​ក្រោយ​ទ្រង់​ទេ។

១៩:២៨—តើ​«ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២»​ដែល​ត្រូវ​ជំនុំ​ជម្រះ​នោះ តំណាង​អ្វី? ពូជ​អម្បូរ​ទាំង​១២​នេះ​មិន​សំដៅ​ទៅ​លើ​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​ទេ។ (កា. ៦:១៦; វិវរ. ៧:៤​-​៨) សាវ័ក​ទាំង​ប៉ុន្មាន​ដែល​បាន​ស្ដាប់​ព្រះ​យេស៊ូ​ពេល​នោះ នឹង​រួម​ចំណែក​ក្នុង​ចំណោម​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ មិន​ជំនុំ​ជម្រះ​ពួក​អ្នក​ទាំង​នោះ​ទេ។ ព្រះ​យេស៊ូ​បាន‹ដំ​រូវ​នគរ​១​ឲ្យ​ពួក​គាត់› ឬ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ឲ្យ​ពួក​គាត់​រួម​ចំណែក​ក្នុង​រាជាណាចក្រ​របស់​ទ្រង់។ ណា​មួយ​ទៀត ព្រះ​យេស៊ូ​បាន​តាំង​ពួក​គាត់​ឲ្យ​«ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ​ថ្វាយ​ដល់​ព្រះ»។ (លូ. ២២:២៨​-​៣០; វិវរ. ៥:១០) អស់​អ្នក​ដែល​រួម​គ្នា​ជា​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ នឹង​«ជំនុំ​ជំរះ​លោកីយ»។ (១កូ. ៦:២) ដូច្នេះ តាម​មើល​ទៅ ពូជ​អម្បូរ​ទាំង​១២​ដែល​បាន​ទទួល​ប្រយោជន៍​ពី​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​ពី​បុរាណ ក៏​តំណាង​«ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២»​ដែល​ត្រូវ​ជំនុំ​ជម្រះ​ដោយ​អ្នក​ដែល​គង់​លើ​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌ ហើយ​សំដៅ​ទៅ​លើ​មនុស្ស​លោក​ដែល​មិន​មែន​ជា​ពួក​ស្តេច​ឬ​ពួក​សង្ឃ​ទេ។—លេវី. ជំពូក​ទី​១៦

មេ​រៀន​សម្រាប់​យើង:

៤:១​-​១០: កំណត់​ហេតុ​នេះ​បង្រៀន​ថា សាតាំង​ជា​បុគ្គល​មួយ​រូប​ដ៏​ពិត មិន​មែន​ទំនោរ​ចិត្ត​អាក្រក់​ក្នុង​ចិត្ត​មនុស្ស​ឡើយ។ សាតាំង​ឆ្លៀត​យក​«សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត» ដើម្បី​ទាក់ទាញ​យើង។ យ៉ាង​ណា​ក៏​ដោយ បើ​យើង​ធ្វើ​តាម​គោលការណ៍​ដែល​មាន​ក្នុង​គម្ពីរ នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា។—១យ៉ូន. ២:១៦

៥:១​–​៧:២៩: ចូរ​ឲ្យ​យើង​ទទួល​ស្គាល់​ថា យើង​ជា​មនុស្ស​កម្សត់​ខាង​វិញ្ញាណ​ដែល​មាន​ន័យ​ថា យើង​ត្រូវ​ការ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ចូរ​ឲ្យ​យើង​ធ្វើ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ​ឬ​កសាង​សន្ដិភាព​ចុះ! ចូរ​ឲ្យ​យើង​ទប់​ចិត្ត​កុំ​ឲ្យ​គិត​អំពី​រឿង​ដែល​ប្រាស​ចាក​សីលធម៌។ ចូរ​ឲ្យ​យើង​គោរព​ពាក្យ​សន្យា។ ពេល​អធិស្ឋាន​ម្ដងៗ ចូរ​ឲ្យ​យើង​សូម​អំពី​អ្វី​ដែល​ទាក់ទង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា មុន​នឹង​សុំ​អ្វី​ដែល​យើង​ត្រូវ​ការ។ ចូរ​ឲ្យ​យើង​ធ្វើ​ជា​អ្នក​មាន​ខាង​ឯ​ព្រះ។ ចូរ​ឲ្យ​យើង​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា និង​សេចក្ដី​សុចរិត​នៃ​ទ្រង់​ជា​មុន​សិន។ កុំ​ឲ្យ​យើង​ចូល​ចិត្ត​ថ្កោល​ទោស​អ្នក​ដទៃ។ ចូរ​ឲ្យ​យើង​បំពេញ​តាម​ឆន្ទៈ​របស់​ព្រះ​យេហូវ៉ា។ សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ​នោះ ពិត​ជា​មាន​មេ​រៀន​ល្អៗ​មែន!

៩:៣៧, ៣៨: ពេល​យើង​សូម​ម្ចាស់​នៃ​ចម្រូត​ឲ្យ​«ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់» យើង​ក៏​ត្រូវ​ប្រព្រឹត្ត​សម​ស្រប​ទៅ​តាម​សំណូម​ពរ​នោះ ដោយ​ចូល​រួម​យ៉ាង​ខ្នះខ្នែង​ក្នុង​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។—ម៉ាថ. ២៨:​១៩, ២០

១០:៣២, ៣៣: យើង​មិន​ត្រូវ​ភ័យ​ខ្លាច​សោះ​ឡើយ​ក្នុង​ការ​ថ្លែង​ប្រាប់​អ្នក​ដទៃ​អំពី​ជំនឿ​របស់​យើង។

១៣:៥១, ៥២: ពេល​យើង​យល់​នូវ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ យើង​ក៏​មាន​ភារកិច្ច​បង្រៀន​មនុស្ស​ឯ​ទៀត​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ឃើញ​តម្លៃ​នៃ​សេចក្ដី​ពិត​ដ៏​សំខាន់​នេះ។

១៤:១២, ១៣, ២៣: ម្ដង​ម្កាល គប្បី​ឲ្យ​យើង​មាន​ពេល​នៅ​ម្នាក់​ឯង ដើម្បី​មាន​ឱកាស​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ។—ម៉ាក. ៦:៤៦; លូ. ៦:១២

១៧:២០: យើង​ត្រូវ​តែ​មាន​ជំនឿ​ដើម្បី​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ និង​យក​ឈ្នះ​លើ​ឧបសគ្គ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​មាន​ទំហំ​ប៉ុន​ភ្នំ ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យើង​មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ជំនឿ ហើយ​ពង្រឹង​ជំនឿ​នេះ​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​ទ្រង់​ឡើយ។—ម៉ាក. ១១:​២៣; លូ. ១៧:៦

១៨:១​-​៤, ២០:២០​-​២៨: មូលហេតុ​ដែល​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​គិត​ច្រើន​ពេក​អំពី​ឋានៈ​ខ្ពស់ គឺ​ដោយសារ​ពួក​គេ​មាន​ភាព​មិន​ល្អ​ឥតខ្ចោះ និង​ដោយសារ​សាសនា​នៅ​សម័យ​នោះ​បាន​ជះ​ឥទ្ធិពល​ខ្លាំង​លើ​ពួក​គេ​ឲ្យ​មាន​ចិត្ត​គំនិត​បែប​នោះ។ យើង​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប​ដើម្បី​ទប់ទល់​នឹង​ទំនោរ​ចិត្ត​ទៅ​ខាង​អំពើ​បាប និង​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ស្តី​អំពី​ឯកសិទ្ធិ​និង​ភារកិច្ច​ផ្សេងៗ​ដែល​យើង​ទទួល​ក្នុង​ក្រុម​ជំនុំ។

​«កូន​មនុស្ស​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ»

(ម៉ាថ. ២១:១​–​២៨:២០)

នៅ​ថ្ងៃ​ទី​៩ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. ព្រះ​យេស៊ូ​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម​ដោយ​«គង់​លើ​សត្វ​លា»។ (ម៉ាថ. ២១:​៥) ថ្ងៃ​ស្អែក​ឡើង ព្រះ​យេស៊ូ​បាន​ចូល​ទៅ​ក្នុង​វិហារ​ហើយ​បណ្ដេញ​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​វិហារ​ចេញ។ នៅ​ថ្ងៃ​ទី​១១ ខែ​ណែសាន ព្រះ​យេស៊ូ​បង្រៀន​បណ្ដា​ជន​នៅ​ឯ​វិហារ ព្រម​ទាំង​កាត់​ទោស​ពួក​អាចារ្យ​និង​ពួក​ផារិស៊ី។ បន្ទាប់​មក ព្រះ​យេស៊ូ​ជម្រាប​ដល់​សិស្ស​ទ្រង់​អំពី​«ទី​សំគាល់ . . . ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប»​ឬ​«អវសាន​កាល​នៃ​ពិភព​លោក»។ (ម៉ាថ. ២៤:៣; ខ.ស.) ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​សិស្ស​ទ្រង់​ថា​៖ «អ្នក​រាល់​គ្នា​ដឹង​ថា នៅ​២​ថ្ងៃ​ទៀត នឹង​ចូល​បុណ្យ​រំលង​ហើយ ឯ​កូន​មនុស្ស​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ ឲ្យ​ត្រូវ​ជាប់​ឆ្កាង​ដែរ»។—ម៉ាថ. ២៦:១, ២

នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ព្រះ​យេស៊ូ​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​ពី​មរណភាព​របស់​ទ្រង់​ដែល​ហៀប​នឹង​មក​ដល់។ នៅ​ថ្ងៃ​ដដែល​នោះ គេ​ក៏​បាន​ក្បត់ ចាប់ វាយ​ធ្វើ​បាប​និង​ធ្វើ​គុត​ព្រះ​យេស៊ូ​ផង។ បន្ទាប់​មក នៅ​ថ្ងៃ​ទី​បី​ព្រះ​យេស៊ូ​បាន​រស់​ឡើង​វិញ។ មុន​ព្រះ​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ ទ្រង់​បង្គាប់​ដល់​អ្នក​កាន់​តាម​ទ្រង់​ថា​៖​«ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។—ម៉ាថ. ២៨:១៩

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២២:៣, ៤, ៩—បី​ដង​ដែល​ស្តេច​បាន​អញ្ជើញ​ភ្ញៀវ​ឲ្យ​មក​ចូល​រួម​មង្គលការ​នោះ តើ​សំដៅ​ទៅ​លើ​គ្រា​ណា​ខ្លះ? សេចក្ដី​អញ្ជើញ​លើក​ទី​មួយ​ដើម្បី​ប្រមូល​ក្រុម​ពួក​អ្នក​ដែល​ប្រៀប​ដូច​ជា​ប្រពន្ធ​ថ្មោង​ថ្មី​របស់​ព្រះ​យេស៊ូ គឺ​ពេល​ដែល​ទ្រង់​និង​អ្នក​កាន់​តាម​ទ្រង់​ចាប់​ផ្ដើម​ផ្សាយ​ដំណឹង​ល្អ​នៅ​ឆ្នាំ​២៩ គ.ស. ហើយ​បន្ត​រហូត​ដល់​ឆ្នាំ​៣៣ គ.ស.។ សេចក្ដី​អញ្ជើញ​លើក​ទី​ពីរ មាន​ចាប់​តាំង​ពី​ពេល​ដែល​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ទទួល​សកម្ម​ពល​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ហើយ​បន្ត​រហូត​ដល់​ឆ្នាំ​៣៦ គ.ស.។ សេចក្ដី​អញ្ជើញ​ទាំង​ពីរ​នេះ គឺ​ចំពោះ​តែ​ជន​ជាតិ​យូដា​និង​ពួក​សាម៉ារី ហើយ​អស់​អ្នក​ដែល​បាន​ចូល​សាសនា​យូដា។ ប៉ុន្តែ សេចក្ដី​អញ្ជើញ​លើក​ទី​បី គឺ​ចំពោះ​មនុស្ស​នៅ​ឯ​ផ្លូវ​ប្រសព្វ​វិញ ដែល​សំដៅ​ទៅ​លើ​ពួក​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា ហើយ​នេះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៣៦ គ.ស. ពេល​ដែល​មេទ័ព​ជន​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​កូនេលាស បាន​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រិស្ត ហើយ​សេចក្ដី​អញ្ជើញ​នោះ​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

២៣:១៥—ពេល​ពួក​ផារិស៊ី​បាន​នាំ​មនុស្ស​ម្នាក់​ឲ្យ​ចូល​កាន់​សាសនា​យូដា ហេតុ​អ្វី​បាន​ជា​អ្នក​នោះ​«ទៅ​ជា​គួរ​ធ្លាក់​ទៅ​នរក​[ភាសា​ក្រិច ហ្គេហេណាa]​ជាជាង​[ពួក​ផារិស៊ី]​១​ជា​២»? មនុស្ស​ខ្លះ​ដែល​បាន​ធ្វើ​តាម​ពួក​ផារិស៊ី ហើយ​ចូល​សាសនា​យូដា ប្រហែល​ជា​ពី​មុន​បាន​ធ្វើ​អំពើ​បាប​ស្តែង​ពេក។ ក៏​ប៉ុន្តែ ពេល​អ្នក​ជឿ​ថ្មី​នោះ​បាន​ធ្វើ​តាម​សាសនា​ជ្រុល​និយម​របស់​ពួក​ផារិស៊ី ពួក​គេ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ជាង​មុន​ទៅ​ទៀត ប្រហែល​ជា​ដោយសារ​ពួក​គេ​ប្រកាន់​សាសនា​ថ្មី​យ៉ាង​ហួស​ល្បត់ គឺ​ខ្លាំង​ជាង​គ្រូ​របស់​ពួក​គេ​ដែល​ព្រះ​យេស៊ូ​បាន​កាត់​ទោស​ថា ជា​មនុស្ស​អាក្រក់។ ហេតុ​នេះ​ហើយ ពួក​គេ‹គួរ​នឹង​ធ្លាក់​ទៅ​ហ្គេហេណា› ជាង​ពួក​ផារិស៊ី​ជន​ជាតិ​យូដា​ទៅ​ទៀត។

២៧:៣​-​៥—តើ​យូដាស​នឹក​ស្ដាយ​ពី​អ្វី? គ្មាន​អ្វី​ដែល​បញ្ជាក់​ថា​ការ​នឹក​ស្ដាយ​របស់​យូដាស​ជា​ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ​ឡើយ។ ជា​ជាង​សុំ​ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​គាត់ យូដាស​សារភាព​ប្រាប់​ពួក​សង្គ្រាជ​និង​ពួក​ចាស់​ទុំ​ពី​កំហុស​របស់​ខ្លួន​ទៅ​វិញ។ ក្រោយ​យូដាស​បាន​ធ្វើ​អំពើ​«បាប​ម្យ៉ាង​ដែល​មាន​ទោស​ដល់​ស្លាប់» មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​គាត់​ទទួល​ស្គាល់​ថា គាត់​បាន​ធ្វើ​បាប​ធ្ងន់​មែន ដូច្នេះ​មាន​អារម្មណ៍​អស់​សង្ឃឹម​ដែរ។ (១យ៉ូន. ៥:​១៦) យូដាស​នឹក​ស្ដាយ​ដោយសារ​ខ្លួន​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដែល​អស់​សង្ឃឹម​តែ​ប៉ុណ្ណោះ។

មេ​រៀន​សម្រាប់​យើង:

២១:២៨​-​៣១: អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ជា​សំខាន់ គឺ​ជា​ការ​ធ្វើ​តាម​ឆន្ទៈ​របស់​ទ្រង់។ ជា​ឧទាហរណ៍ យើង​គួរ​តែ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​ប្រកាស​សារ​អំពី​រាជាណាចក្រ​របស់​ទ្រង់ និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០

២២:៣៧​-​៣៩: អ្វី​ដែល​ព្រះ​តម្រូវ​ពី​អ្នក​ថ្វាយ​បង្គំ​ទ្រង់​មិន​ស្មុគស្មាញ​ទេ។ បើ​សរុប​ទៅ សេចក្ដី​បង្គាប់​ពីរ​ដែល​សំខាន់​បំផុត គឺ​ស្រួល​យល់​ណាស់!

[កំណត់​សម្គាល់]

a បើ​ចង់​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​ពាក្យ​ភាសា​ក្រិច​នេះ សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ទំព័រ​៨៣ វគ្គ​២០ បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[រូបភាព​នៅ​ទំព័រ​១០]

តើ​អ្នក​ចូល​រួម​យ៉ាង​ខ្នះខ្នែង​ក្នុង​ចម្រូត​ទេ?

[អ្នក​ផ្ដល់​សិទ្ធិ]

© 2003 BiblePlaces.com

[រូបភាព​នៅ​ទំព័រ​១០]

សៀវភៅ​ដែល​លោក​ម៉ាថាយ​បាន​សរសេរ ដៅ​បញ្ជាក់​ពី​រាជាណាចក្រ​របស់​ព្រះ​ដែល​ជា​មូល​បទ​នៃ​គម្ពីរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក