បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៣ ទំ. ៣០-ទំ. ៣២ វ. ១១
  • គោលសំខាន់ៗពីសៀវភៅលូកា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅលូកា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កិច្ច​បម្រើ​ផ្សាយ​ដំបូង
  • (លូ. ១:១​–​៩:៦២)
  • កិច្ច​បម្រើ​ផ្សាយ​ជិត​ចប់
  • (លូ. ១០:១​–​២៤:៥៣)
  • «កំណត់ទ្រង់មិនទាន់មកដល់នៅឡើយ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • គោលសំខាន់ៗពីសៀវភៅម៉ាកុស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៣ ទំ. ៣០-ទំ. ៣២ វ. ១១

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​លូកា

តាម​ធម្មតា គេ​យល់​ថា​សៀវភៅ​ដំណឹង​ល្អ​របស់​លោក​ម៉ាថាយ បាន​សរសេរ​ជា​ពិសេស​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល។ រីឯ​កំណត់​ហេតុ​ដែល​លោក​ម៉ាកុស​បាន​សរសេរ គឺ​សម្រាប់​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល។ ប៉ុន្តែ សៀវភៅ​ដំណឹង​ល្អ​ដែល​លោក​លូកា​បាន​សរសេរ គឺ​សម្រាប់​មនុស្ស​ពី​គ្រប់​ប្រជាជាតិ​ទាំង​អស់។ សៀវភៅ​លូកា​ដែល​បាន​សរសេរ​ប្រហែល​ជា​នៅ​ឆ្នាំ​៥៦​ដល់​ឆ្នាំ​៥៨​គ.ស. រៀប​រាប់​យ៉ាង​ល្អិតល្អន់​ពី​ជីវិត​និង​កិច្ច​បម្រើ​របស់​ព្រះ​យេស៊ូ។

ដោយ​សារ​លូកា​ជា​គ្រូ​ពេទ្យ​ដែល​ចេះ​យល់​ចិត្ត​និង​ធ្វើ​ការ​ដោយ​យក​ចិត្ត​ទុក​ដាក់ គាត់​តាក់តែង​«រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក​ដោយ​ហ្មត់ចត់» ដែល​ទាក់ទង​នឹង​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​៣៥​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​៣​មុន​គ.ស. រហូត​ដល់​ឆ្នាំ​៣៣​គ.ស.។ (លូ. ១:៣) ជិត​៦០​ភាគ​រយ​នៃ​ព្រឹត្ដិការណ៍​ដែល​លូកា​បាន​រៀប​រាប់ មិន​មាន​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ផ្សេង​ទៀត​ទេ។

កិច្ច​បម្រើ​ផ្សាយ​ដំបូង

(លូ. ១:១​–​៩:៦២)

ក្រោយ​ពី​បាន​រៀប​រាប់​យ៉ាង​ល្អិតល្អន់​អំពី​កំណើត​របស់​យ៉ូហាន​បាទីស្ទ​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ និង​អំពី​កំណើត​របស់​ព្រះ​យេស៊ូ លូកា​ក៏​រៀប​រាប់​ប្រាប់​យើង​ថា យ៉ូហាន​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​គាត់​នៅ​ឆ្នាំ​ទី​១៥ ក្នុង​រាជ្យ​សេសារ​ទីប៊ើរ គឺ​នៅ​ដើម​ឆ្នាំ​២៩ គ.ស.។ (លូ. ៣:១, ២) ព្រះ​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ចុង​ឆ្នាំ​នោះ។ (លូ. ៣:២១, ២២) នៅ​ឆ្នាំ​៣០ គ.ស. «ព្រះ​យេស៊ូវ​ទ្រង់​វិល​ទៅ​ស្រុក​កាលីឡេ​វិញ [ហើយ​ក៏]​បង្រៀន​ក្នុង​សាលា​ប្រជុំ​របស់​គេ»។—លូ. ៤:​១៤, ១៥

ពេល​ព្រះ​យេស៊ូ​ផ្ដើម​ការ​ផ្សព្វផ្សាយ​ជា​លើក​ទី​មួយ​នៅ​ស្រុក​កាលីឡេ ទ្រង់​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មនុស្ស​ថា​៖ «ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ​ដល់​អស់​ទាំង​ស្រុក​ឯ​ទៀត​ដែរ»។ (លូ. ៤:៤៣) ព្រះ​យេស៊ូ​ក៏​នាំ​លោក​ស៊ីម៉ូន​ដែល​ជា​អ្នក​នេសាទ​ត្រី និង​អ្នក​ឯ​ទៀត​ទៅ​ជា​មួយ​ដែរ។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ»។ (លូ. ៥:១​-​១១; ម៉ាថ. ៤:១៨, ១៩) ពេល​ព្រះ​យេស៊ូ​ទៅ​ផ្សព្វផ្សាយ​នៅ​ស្រុក​កាលីឡេ​ជា​លើក​ទី​ពីរ ព្រះ​យេស៊ូ​បាន​នាំ​ពួក​សាវ័ក​ទាំង​១២​នាក់​ឲ្យ​ទៅ​ជា​មួយ​ផង។ (លូ. ៨:១) នៅ​លើក​ទី​បី​ដែល​ព្រះ​យេស៊ូ​ផ្សព្វផ្សាយ​នៅ​ស្រុក​កាលីឡេ ទ្រង់​ចាត់​ពួក​សាវ័ក​ទាំង​១២​ឲ្យ​ទៅ​«ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​ឲ្យ​មើល​មនុស្ស​មាន​ជំងឺ​ឲ្យ​បាន​ជា​ផង»។—លូ. ៩:១, ២

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:៣៥—ពេល​ព្រះ​យេស៊ូ​ចាប់​កំណើត​ក្នុង​ផ្ទៃ​នាង​ម៉ារា តើ​ទាក់ទង​នឹង​ស៊ុត​បង្ក​កំណើត​របស់​នាង​ទេ? ព្រះ​យេហូវ៉ា​ត្រូវ​តែ​ប្រើ​ស៊ុត​បង្ក​កំណើត​របស់​នាង​ម៉ារា ទើប​កូន​របស់​នាង​អាច​ចាត់​ទុក​ជា​ពូជ​របស់​អ័ប្រាហាំ យូដា​និង​ដាវីឌ ស្រប​ទៅ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់។ (លោ. ២២:១៥, ១៨; ៤៩:១០; ២សាំ. ៧:៨, ១៦) យ៉ាង​ណា​ក្ដី ព្រះ​យេហូវ៉ា​បាន​ផ្ទេរ​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​បុត្រ​ទ្រង់​មក​ក្នុង​ផ្ទៃ​នាង​ម៉ារា តាម​រយៈ​សកម្ម​ពល​របស់​ទ្រង់ ហើយ​ពេល​នោះ​នាង​ម៉ារា​ក៏​ចាប់​មាន​គភ៌។ (ម៉ាថ. ១:១៨) តាម​មើល​ទៅ ចាប់​ពី​ពេល​នោះ​មក ស៊ុត​បង្ក​កំណើត​របស់​នាង​ម៉ារា​លែង​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ ណា​មួយ​ទៀត ព្រះ​យេហូវ៉ា​បាន​ការពារ​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នាង​តាម​រយៈ​សកម្ម​ពល​របស់​ទ្រង់ មិន​ឲ្យ​ខ្វះ​កន្លះ​ក្នុង​ការ​លូត​លាស់។

១:៦២—តើ​លោក​សាការី​ក្លាយ​ទៅ​ជា​គ​ហើយ​ថ្លង់​មែន​ទេ? មិន​មែន​ទេ។ សាការី​គ្រាន់​តែ​និយាយ​មិន​កើត​ប៉ុណ្ណោះ។ ពេល​អ្នក​ឯ​ទៀត​ចង់​ដឹង​ថា តើ​សាការី​ចង់​ដាក់​ឈ្មោះ​អ្វី​ឲ្យ​កូន? ពួក​គេ​បាន​«ធ្វើ​គ្រឿង​សំគាល់​[ឬ​«ធ្វើ​សញ្ញា»]»​មែន ប៉ុន្តែ​មិន​មែន​ដោយ​សារ​គាត់​ថ្លង់​ទេ។ តាម​មើល​ទៅ សាការី​បាន​ឮ​អ្វី​ដែល​ភរិយា​របស់​គាត់​និយាយ​ស្តី​អំពី​ការ​ដាក់​ឈ្មោះ​កូន។ ប្រហែល​ជា​អ្នក​ដទៃ​បាន​សួរ​យោបល់​របស់​សាការី ដោយ​ធ្វើ​សញ្ញា​ឬ​កាយវិការ។ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ប្រោស​ឲ្យ​សាការី​អាច​និយាយ​ឡើង​វិញ​តែ​ប៉ុណ្ណោះ នេះ​ស​ឲ្យ​ឃើញ​ថា មួយ​រយៈ​នោះ​ត្រចៀក​គាត់​មិន​ថ្លង់​ទេ។—លូ.​[លក.] ១:១៣, ១៨​-​២០, ៦០​-​៦៤; ខ.ស.

២:១, ២—ដោយសារ​កំណត់​ហេតុ​នេះ​សំដៅ​ទៅ​លើ​«បញ្ជី​មុន​ដំបូង» តើ​នេះ​ជួយ​យើង​ឲ្យ​រក​ឆ្នាំ​កំណើត​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច? ក្រោម​រាជ្យ​របស់​សេសារ​អូគូស្ទ គេ​មិន​បាន​ចុះ​បញ្ជី​តែ​ម្ដង​គត់​ទេ។ គេ​បាន​ចុះ​បញ្ជី​ម្ដង​នៅ​ឆ្នាំ​២ មុន​គ.ស. ស្រប​ទៅ​តាម​ទំនាយ​ក្នុង​សៀវភៅ​ដានីយ៉ែល ១១:២០ និង​បាន​ចុះ​បញ្ជី​ម្ដង​ទៀត​នៅ​ឆ្នាំ​៦​ឬ​៧ គ.ស.។ (កិច្ច. ៥:៣៧) នៅ​ពេល​ដែល​គេ​ចុះ​បញ្ជី​ទាំង​ពីរ​លើក​នោះ លោក​គីរេនាស​ជា​ចៅហ្វាយ​ស្រុក​ស៊ីរី។ ដូច្នេះ តាម​មើល​ទៅ​គាត់​ជា​ចៅហ្វាយ​ស្រុក​នោះ​ដល់​ទៅ​ពីរ​ដង។ ដោយ​សារ​លូកា​សំដៅ​ទៅ​លើ​បញ្ជី​មុន​ដំបូង​នោះ យើង​ដឹង​ថា​ព្រះ​យេស៊ូ​កើត​នៅ​ឆ្នាំ​២ មុន​គ.ស.។

២:៣៥—តើ​ម៉ារា​ត្រូវ​មាន​«ដាវ»​ចាក់​ទម្លុះ​ទ្រូង​នាង​ក្នុង​ន័យ​អ្វី? នេះ​សំដៅ​ទៅ​សេចក្ដី​ទុក្ខ​ព្រួយ​ដែល​ម៉ារា​មាន ពេល​ឃើញ​មនុស្ស​ភាគ​ច្រើន​មិន​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​មេស្ស៊ី និង​ទុក្ខ​សោក​ដ៏​ខ្លាំង​ដែល​នាង​មាន​ពេល​ឃើញ​ព្រះ​យេស៊ូ​ទទួល​មរណភាព​យ៉ាង​ឈឺ​ចាប់​បំផុត។—យ៉ូន. ១៩:២៥

៩:២៧, ២៨—ស្តី​អំពី​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ កំណត់​ហេតុ​ក្នុង​សៀវភៅ​ម៉ាថាយ​និង​ម៉ាកុស​រៀប​រាប់​ថា នេះ​បាន​កើត​ឡើង​«៦​ថ្ងៃ»​បន្ទាប់​ពី​ព្រះ​យេស៊ូ​សន្យា​ដល់​សាវ័ក​របស់​ទ្រង់​ថា មាន​អ្នក​ខ្លះ​«មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់»​ទាល់តែ​បាន​ឃើញ​ទ្រង់​យាង​មក​ក្នុង​នគរ​ទ្រង់។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​កំណត់​ហេតុ​របស់​លូកា​ចែង​ថា ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ​បាន​កើត​ឡើង​«៨​ថ្ងៃ»​ក្រោយ​វិញ? (ម៉ាថ. ១៧:១; ម៉ាក. ៩:២) តាម​មើល​ទៅ ពីរ​ថ្ងៃ​ទៀត​ក៏​រួម​បញ្ចូល​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​បាន​ពោល​ពាក្យ​ទាំង​នោះ និង​ថ្ងៃ​ដែល​ទ្រង់​បាន​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ​ផង​ដែរ។

៩:៤៩, ៥០—ដោយសារ​អ្នក​នោះ​មិន​មែន​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ហាមឃាត់​គាត់​ពី​ការ​ដេញ​អារក្ស? ព្រះ​យេស៊ូ​មិន​ហាម​ឃាត់​មនុស្ស​នោះ​ពី​ការ​ដេញ​អារក្ស​ទេ ពីព្រោះ​នៅ​ពេល​នោះ​មិន​ទាន់​មាន​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​នៅ​ឡើយ។ ដូច្នេះ​ហើយ មិន​ទាន់​មាន​តម្រូវ​ការ​ឲ្យ​មនុស្ស​កាន់​តាម​ព្រះ​យេស៊ូ​ដើម្បី​ដេញ​អារក្ស​ដោយ​អាង​ឈ្មោះ​លោក​ទេ។—ម៉ាក. ៩:៣៨​-​៤០

មេ​រៀន​សម្រាប់​យើង:

១:៣២, ៣៣; ២:១៩, ៥១: ម៉ារា​ចង​ចាំ​ទុក​ក្នុង​ចិត្ត​អំពី​ព្រឹត្ដិការណ៍​និង​ពាក្យ​ទំនាយ​ទាំង​ប៉ុន្មាន​ដែល​បាន​សម្រេច។ រីឯ​ទំនាយ​របស់​ព្រះ​យេស៊ូ​អំពី​«បំផុត​កល្ប»​ឬ​អវសាន​កាល​នៃ​ពិភព​លោក​នេះ តើ​យើង​ចាំ​ទុក​ពាក្យ​ទាំង​នោះ​ក្នុង​ចិត្ត និង​ពិនិត្យ​ពិច័យ​អ្វី​ដែល​យើង​កំពុង​ឃើញ​សព្វ​ថ្ងៃ​នេះ​ដែរ​ឬ​ទេ?—ម៉ាថ. ២៤:៣

២:៣៧: គំរូ​របស់​យាយ​អាណ​បង្រៀន​យើង​ថា យើង​ត្រូវ​តែ​មាន​ជំហរ​រឹង​មាំ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា មាន​ទម្លាប់​យ៉ាង​«ខ្ជាប់ខ្ជួន​ក្នុង​សេចក្ដី​អធិស្ឋាន» ហើយ​ឥត​លែង​«ប្រជុំ​គ្នា»​នៅ​ឯ​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សាសនិក​ឡើយ។—រ៉ូម ១២:១២; ហេ. ១០:២៤, ២៥

២:៤១​-​៥០: យ៉ូសែប​ចាត់​ទុក​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​ចម្បង​ក្នុង​ជីវិត ដូច្នេះ​គាត់​បាន​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​ខ្លួន ព្រម​ទាំង​នាំ​មុខ​ពួក​គេ​ក្នុង​ការ​ថ្វាយ​បង្គំ​ថែម​ទៀត​ផង។ ក្នុង​ករណី​នេះ យ៉ូសែប​តាំង​គំរូ​ល្អ​ដល់​មេ​គ្រួសារ​គ្រប់​រូប។

៤:៤: គប្បី​ឲ្យ​យើង​រំពឹង​គិត​ពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។

៦:៤០: អស់​អ្នក​ដែល​បង្រៀន​អ្នក​ដទៃ​ពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ត្រូវ​តែ​តាំង​គំរូ​ល្អ​ដល់​សិស្ស​របស់​ខ្លួន ព្រម​ទាំង​មាន​របៀប​រស់​នៅ​សម​ស្រប​ទៅ​តាម​អ្វី​ដែល​គាត់​បង្រៀន។

៨:១៥: យើង​ត្រូវ​តែ​យល់​និង​ឲ្យ​តម្លៃ​ចំពោះ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ព័ត៌មាន​នោះ​ជ្រាប​ចូល​មក​ក្នុង​ចិត្ត​យើង ទើប​យើង​អាច​«យក​ចិត្ត​ទុក​ដាក់​[នឹង​បណ្ដាំ​ទ្រង់] រួច​បង្កើត​ផល​ដោយ​សេចក្ដី​អត់ធន់»។ ណា​មួយ​ទៀត គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​អធិ​ដ្ឋាន​និង​រំពឹង​គិត​ពេល​អាន​គម្ពីរ​និង​សៀវភៅ​ផ្សេងៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។

កិច្ច​បម្រើ​ផ្សាយ​ជិត​ចប់

(លូ. ១០:១​–​២៤:៥៣)

នៅ​ស្រុក​យូដា ព្រះ​យេស៊ូ​ចាត់​៧០​នាក់​ទៀត​ឲ្យ​ទៅ​ទី​ក្រុង​និង​កន្លែង​ផ្សេងៗ​មុន​ទ្រង់។ (លូ. ១០:១) ព្រះ​យេស៊ូ​ក៏​ធ្វើ​ដំណើរ​កាត់​«អស់​ទាំង​ក្រុង អស់​ទាំង​ភូមិ ទាំង​បង្រៀន»​ពួក​គេ​ផង។—លូ. ១៣:២២

ប្រាំ​ថ្ងៃ​មុន​បុណ្យ​រំលង​នៅ​ឆ្នាំ​៣៣ គ.ស. ព្រះ​យេស៊ូ​ចូល​ទៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម​ដោយ​ជិះ​សត្វ​លា។ ពេល​វេលា​បាន​មក​ដល់​ឲ្យ​ពាក្យ​របស់​ព្រះ​យេស៊ូ​សម្រេច ជា​ពាក្យ​ដែល​ទ្រង់​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សាវ័ក​ថា​៖ «ត្រូវ​ឲ្យ​កូន​មនុស្ស​រង​ទុក្ខ​ជា​ច្រើន ត្រូវ​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ​នឹង​ពួក​អាចារ្យ​បោះបង់​ចោល ត្រូវ​គេ​សម្លាប់ ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ»។—លូ. ៩:២២, ៤៤

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១០:១៨—ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​សិស្ស​ទាំង​៧០​នាក់​របស់​ទ្រង់​ថា​៖ «ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ​មក​ដូច​ជា​ផ្លេកបន្ទោរ» តើ​ទ្រង់​សំដៅ​ទៅ​លើ​អ្វី? ពាក្យ​របស់​ព្រះ​យេស៊ូ​មិន​មាន​ន័យ​ថា សាតាំង​បាន​បោះ​ទម្លាក់​ពី​លើ​មេឃ​នៅ​សម័យ​នោះ​រួច​ហើយ​ទេ។ ព្រឹត្ដិការណ៍​នោះ​បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​ព្រះ​គ្រិស្ត​បាន​តែងតាំង​ជា​ស្តេច​នៅ​ស្ថាន​សួគ៌​នា​ឆ្នាំ​១៩១៤។ (វិវរ. ១២:១​-​១០) យើង​អាច​យល់​ថា ព្រះ​យេស៊ូ​បាន​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ដែល​ត្រូវ​កើត​ឡើង​នៅ​ពេល​អនាគត ហាក់​ដូច​ជា​បាន​កើត​ឡើង​រួច​ទៅ​ហើយ ដើម្បី​បញ្ជាក់​ថា​ព្រឹត្ដិការណ៍​ទាំង​នោះ​នឹង​កើត​ឡើង​ជា​ពុំ​ខាន។

១៤:២៦—តើ​សិស្ស​របស់​ព្រះ​យេស៊ូ​ត្រូវ​«លះ​អាល័យ»​ឪពុក​ម្ដាយ ប្រពន្ធ​កូន​និង​បង​ប្អូន​ក្នុង​ន័យ​អ្វី? ពួក​គ្រិស្ត​សាសនិក​ត្រូវ​តែ​«លះ​អាល័យ​[ភាសា​ដើម​ថា «ស្អប់»]»​ក្រុម​គ្រួសារ​ក្នុង​ន័យ​ថា ត្រូវ​តែ​ស្រឡាញ់​ពួក​គាត់​តិច​ជាង​ស្រឡាញ់​ព្រះ​យេស៊ូ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​បក​ប្រែ​ឃ្លា​នេះ​ថា​៖ ‹អ្នក​ដែល​ចង់​តាម​ព្រះ​យេស៊ូ ត្រូវ​តែ​ស្រឡាញ់​ទ្រង់​ខ្លាំង​ជាង​ឪពុក​ម្ដាយ ប្រពន្ធ​កូន​និង​បង​ប្អូន›។ ក្នុង​គម្ពីរ ពាក្យ​«ស្អប់»​អាច​មាន​ន័យ​ថា ស្រឡាញ់​មនុស្ស​ម្នាក់​ឬ​វត្ថុ​អ្វី​មួយ​តិច​ជាង​មួយ​ទៀត។—លោ. ២៩:៣០, ៣១; ម៉ាថ. ១០:៣៧

១៧:៣៤​-​៣៧—តើ​នរណា​ប្រៀប​ដូច​ជា​«ឥន្ទ្រី»? តើ​«ខ្មោច»​ដែល​ជា​ទី​ប្រជុំ​គ្នា​នោះ សំដៅ​ទៅ​លើ​អ្វី? សត្វ​ឥន្ទ្រី​អាច​មើល​ឃើញ​ឆ្ងាយ ដូច្នេះ​អស់​អ្នក​ដែល​«បាន​យក​ទៅ» ប្រៀប​ដូច​ជា​ឥន្ទ្រី​ពីព្រោះ​ចេះ​គិត​វែង​ឆ្ងាយ។ «ខ្មោច»​ដែល​ជា​ទី​ប្រជុំ​គ្នា សំដៅ​ទៅ​លើ​ព្រះ​គ្រិស្ត​និង​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ដែល​ប្រៀប​ដូច​ជា​អាហារ ដែល​យើង​ទទួល​ក្នុង​អំឡុង​វត្តមាន​ដ៏​មើល​មិន​ឃើញ​របស់​ព្រះ​យេស៊ូ។—ម៉ាថ. ២៤:២៨

២២:៤៤—ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​កើត​ទុក្ខ​ជា​ខ្លាំង​ដល់​ម្ល៉េះ? មាន​មូលហេតុ​មួយ​ចំនួន។ ព្រះ​យេស៊ូ​បារម្ភ​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​និង​កិត្ដិនាម​ទ្រង់ ដោយ​សារ​គេ​នឹង​ធ្វើ​គុត​ព្រះ​យេស៊ូ​ដូច​ជា​ឧក្រិដ្ឋ​ជន។ បន្ថែម​ទៀត ព្រះ​យេស៊ូ​ជ្រាប​ថា អនាគត​របស់​មនុស្ស​ជាតិ​ទាំង​មូល និង​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​ការ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ គឺ​ពឹង​ផ្អែក​ទៅ​លើ​ចិត្ត​ស្មោះ​ភក្ដី​របស់​ទ្រង់។

២៣:៤៤—តើ​សូរ្យគ្រាស​បណ្ដាល​ឲ្យ​មាន​ភាព​ងងឹត​នោះ​អស់​រយៈ​បី​ម៉ោង​មែន​ទេ? មិន​មែន​ទេ។ សូរ្យគ្រាស​តែង​តែ​មាន​នៅ​ពេល​ចូល​ខែ ដែល​ហៅ​ថា​ខ្នើត មិន​មែន​នៅ​ពេល​ខែ​ពេញ​បូណ៌​មី ដែល​ត្រូវ​នឹង​បុណ្យ​រំលង​នោះ​ទេ។ ភាព​ងងឹត​ដែល​គ្រប​មក​លើ​ផែនដី​ពេល​ព្រះ​យេស៊ូ​ទទួល​មរណភាព​នោះ ជា​អព្ភូតហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​វិញ។

មេ​រៀន​សម្រាប់​យើង:

១១:១​-​៤: ពាក្យ​ក្នុង​ខ​ទាំង​នេះ គឺ​ខុស​គ្នា​បន្ដិច​ពី​ពាក្យ​ដែល​ព្រះ​យេស៊ូ​បាន​ពោល​១៨​ខែ​មុន​នោះ ពេល​ទ្រង់​ឲ្យ​គំរូ​ពី​របៀប​អធិដ្ឋាន​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ។ ពាក្យ​ខុស​គ្នា​ទាំង​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពេល​អធិដ្ឋាន មិន​គប្បី​ឲ្យ​យើង​សូត្រ​ពាក្យ​ដែល​បាន​ទន្ទេញ​ចាំ​មាត់​ទេ។—ម៉ាថ. ៦:៩​-​១៣

១១:៥, ១៣: ថ្វី​បើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​យើង​ក្ដី យើង​នៅ​តែ​គួរ​ព្យាយាម​ជាប់​ជានិច្ច​ក្នុង​ការ​អធិដ្ឋាន។—១យ៉ូន. ៥:១៤

១១:៤១: ពេល​យើង​ឲ្យ​ទាន​នោះ នេះ​គួរ​ផុស​ចេញ​ពី​ចិត្ត​ស្មោះ​ស្ម័គ្រ​ដែល​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់។

១២:៤៧, ៤៨: អ្នក​ណា​ដែល​មាន​ភារកិច្ច​ច្រើន តែ​មិន​បំពេញ​ភារកិច្ច​នោះ​ឲ្យ​បាន​ល្អ អ្នក​នោះ​មាន​កំហុស​ខ្លាំង​ជាង​អ្នក​ដែល​មិន​ដឹង​ថា​មាន​ភារកិច្ច ឬ​មិន​យល់​ច្បាស់​ពី​អ្វី​ដែល​គាត់​គួរ​ធ្វើ​ទៅ​វិញ។

១៤:២៨, ២៩: គប្បី​ឲ្យ​យើង​ចេះ​រស់​នៅ​ស្រប​ទៅ​តាម​កម្រិត​ធន​ធាន​របស់​ខ្លួន។

២២:៣៦​-​៣៨: ព្រះ​យេស៊ូ​មិន​បាន​សុំ​សិស្ស​របស់​ទ្រង់​ឲ្យ​យក​អាវុធ​ដើម្បី​ការពារ​ខ្លួន​ទេ។ ផ្ទុយ​ទៅ​វិញ មូលហេតុ​ដែល​ពួក​គាត់​មាន​ដាវ​នៅ​វេលា​យប់​ដែល​យូដាស​បាន​ក្បត់​ព្រះ​យេស៊ូ គឺ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ទ្រង់​បង្រៀន​មេ​រៀន​សំខាន់​មួយ​ថា​៖ «អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ»។—ម៉ាថ. ២៦:៥២

[រូបភាព​នៅ​ទំព័រ​៣១]

ក្នុង​នាម​ជា​មេ​គ្រួសារ​មួយ​រូប លោក​យ៉ូសែប​ជា​គំរូ​ដ៏​ល្អ

[រូបភាព​នៅ​ទំព័រ​៣២]

កំណត់​ហេតុ​របស់​លោក​លូកា​ស្តី​អំពី​ជីវិត​និង​កិច្ច​បម្រើ​របស់​ព្រះ​យេស៊ូ​មាន​ព័ត៌មាន​ល្អិតល្អន់​ជាង​កំណត់​ហេតុ​ឯ​ទៀត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក