ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅម៉ាកុស
ក្នុងចំណោមសៀវភៅដំណឹងល្អទាំងបួន សៀវភៅម៉ាកុសជាសៀវភៅដែលខ្លីជាងគេ។ ប្រមាណជា៣០ឆ្នាំក្រោយព្រះយេស៊ូបានទទួលមរណភាពនិងរស់ឡើងវិញនោះ យ៉ូហានដែលមាននាមត្រកូលម៉ាកុស បានសរសេរប្រវត្ដិរូបនេះរបស់ព្រះយេស៊ូ ដែលរួមបញ្ចូលព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបចិត្តមួយចំនួន ដែលបានកើតឡើងក្នុងអំឡុងកិច្ចបម្រើរយៈពេលបីឆ្នាំកន្លះរបស់ទ្រង់។
តាមមើលទៅ កំណត់ហេតុដែលម៉ាកុសបានសរសេរនោះ គឺសម្រាប់អស់អ្នកដែលមិនមែនជាជនជាតិអ៊ីស្រាអែល ហើយជាពិសេសចំពោះពួករ៉ូមតែម្ដង។ សៀវភៅម៉ាកុសពិពណ៌នាអំពីព្រះយេស៊ូជាបុត្ររបស់ព្រះយេហូវ៉ាដែលពូកែធ្វើអព្ភូតហេតុ ព្រមទាំងធ្វើកិច្ចការផ្សព្វផ្សាយយ៉ាងស្វាហាប់ផង។ ម៉ាកុសដៅបញ្ជាក់ទៅលើអ្វីដែលព្រះយេស៊ូបានធ្វើ ច្រើនជាងអ្វីដែលទ្រង់បានបង្រៀន។ បើយើងយកចិត្តទុកដាក់នឹងកំណត់ហេតុក្នុងសៀវភៅម៉ាកុស នេះនឹងពង្រឹងជំនឿរបស់យើងទៅលើអ្នកដែលជាមេស្ស៊ី ព្រមទាំងជំរុញទឹកចិត្តយើងជាគ្រិស្តសាសនិក ឲ្យប្រកាសសាររបស់ព្រះយេហូវ៉ាដោយចិត្តខ្នះខ្នែង។—ហេ. ៤:១២
កិច្ចការផ្សាយដ៏អស្ចារ្យនៅស្រុកកាលីឡេ
ក្នុងខ១ដល់១៤នៃជំពូកដំបូង ម៉ាកុសរៀបរាប់អំពីទង្វើរបស់លោកយ៉ូហានដែលជាអ្នកជ្រមុជទឹកឲ្យ និង៤០ថ្ងៃដែលព្រះយេស៊ូបាននៅឯទីរហោឋាន។ រួចមក គាត់សរសេររបាយការណ៍ដ៏គួរឲ្យចាប់អារម្មណ៍ ស្តីអំពីកិច្ចការផ្សព្វផ្សាយរបស់ព្រះយេស៊ូនៅឯស្រុកកាលីឡេ។ ដោយសារម៉ាកុសប្រើពាក្យ «ស្រាប់តែ» ម្ដងហើយម្ដងទៀត នេះជំរុញឲ្យអ្នកអានគិតពីព្រឹត្ដិការណ៍ដែលកើតឡើងតៗគ្នាយ៉ាងឆាប់រហ័ស។—ម៉ាក. ១:១០, ១២
ក្នុងរយៈពេលមិនដល់បីឆ្នាំផង ព្រះយេស៊ូផ្សាយដំណឹងល្អអស់បីដងនៅស្រុកកាលីឡេ។ ព្រឹត្ដិការណ៍ស្ទើរតែទាំងអស់ដែលម៉ាកុសសរសេរនោះ គឺស្របតាមលំដាប់លំដោយ។ ធម្មទានដែលព្រះយេស៊ូបានថ្លែងនៅលើភ្នំនាស្រុកកាលីឡេ រួមទាំងសុន្ទរកថាវែងៗឯទៀតរបស់ទ្រង់ មិនមានក្នុងសៀវភៅម៉ាកុសទេ។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:១៥—តើ«ពេលវេលា»អ្វីបានសម្រេចហើយ? ព្រះយេស៊ូចង់បញ្ជាក់ថា ពេលវេលាដែលទ្រង់ត្រូវចាប់ផ្ដើមកិច្ចការផ្សព្វផ្សាយរបស់ទ្រង់ បានមកដល់ហើយ។ ដោយសារព្រះយេស៊ូមានវត្តមាននៅពេលនោះ ជាអ្នកដែលបានតែងតាំងឲ្យសោយរាជ្យ អាស្រ័យហេតុនេះបានជាទ្រង់អាចមានប្រសាសន៍ថា នគរឬរាជាណាចក្ររបស់ព្រះយេហូវ៉ាបានមកជិតពួកគេ។ តាំងពីនោះមក មនុស្សសុចរិតអាចធ្វើតាមសារដែលព្រះយេស៊ូផ្សព្វផ្សាយ ហើយចាត់វិធានការដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តចំពោះពួកគេ។
១:៤៤; ៣:១២; ៧:៣៦—ហេតុអ្វីបានជាព្រះយេស៊ូមិនចង់ឲ្យឮខ្ចរខ្ចាយអំពីអព្ភូតហេតុរបស់ទ្រង់? ព្រះយេស៊ូមិនចង់ឲ្យមនុស្សជឿតាមទ្រង់ដោយព្រោះបានឮរឿងដ៏អស្ចារ្យ ដែលប្រហែលជារួមបញ្ចូលពាក្យពន្លើសផង។ ផ្ទុយទៅវិញ ព្រះយេស៊ូចង់ឲ្យពួកគេគិតឃើញដោយខ្លួនឯងថា ទ្រង់ជាព្រះគ្រិស្ត ហើយឲ្យពួកគេសម្រេចចិត្តដោយពឹងទៅលើភ័ស្តុតាងដែលពួកគេឃើញដោយផ្ទាល់ភ្នែក។ (អេសា. ៤២:១-៤; ម៉ាថ. ៨:៤; ៩:៣០; ១២:១៥-២១; ១៦:២០; លូ. ៥:១៤) មានករណីលើកលែងនៅស្រុកគេរ៉ាស៊ីន ទាក់ទងនឹងបុរសម្នាក់ដែលធ្លាប់មានអារក្សអសោចិ៍ចូល។ ពេលនោះព្រះយេស៊ូបានបង្គាប់ឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយឲ្យប្រាប់សាច់ញាតិរបស់គាត់ពីអ្វីដែលបានកើតឡើង។ មនុស្សនៅស្រុកគេរ៉ាស៊ីនបានសូមព្រះយេស៊ូឲ្យថយចេញពីស្រុករបស់ពួកគេ ដូច្នេះទ្រង់មិនសូវមានឱកាស ឬក៏គ្មានឱកាសទាល់តែសោះ ដើម្បីជួបជាមួយមនុស្សនៅតំបន់នោះទេ។ រីឯបុរសដែលព្រះយេស៊ូបានព្យាបាលនោះ ពេលគាត់ចូលទៅក្នុងចំណោមអ្នកស្រុកគេរ៉ាស៊ីន និងជម្រាបប្រាប់អំពីទង្វើល្អរបស់ទ្រង់ នេះអាចបំបិទមាត់ពួកអ្នកដែលនិយាយដើមទ្រង់ដោយសារបានខាតបង់សត្វជ្រូក។—ម៉ាក. ៥:១-២០; លូ. ៨:២៦-៣៩
២:២៨—ហេតុអ្វីបានជាគេហៅព្រះយេស៊ូថា «ជាម្ចាស់នៃថ្ងៃឈប់សំរាក»? សាវ័កប៉ុលបានសរសេរថា៖ «ក្រិត្យវិន័យ . . . មានតែស្រមោលពីសេចក្ដីល្អដែលត្រូវមក»។ (ហេ. ១០:១) យោងទៅតាមក្រឹត្យវិន័យដែលព្រះយេហូវ៉ាឲ្យតាមលោកម៉ូសេ បន្ទាប់ពីបណ្ដាជនបានធ្វើការអស់៦ថ្ងៃមក ពួកគេត្រូវតែឈប់សម្រាកមួយថ្ងៃ។ រីឯព្រះយេស៊ូវិញ ទ្រង់បានប្រោសមនុស្សជាច្រើនឲ្យជានៅថ្ងៃឈប់សម្រាក។ ទង្វើនោះតំណាងភាពសុខសាន្តនិងពរច្រើនឯទៀតដែលមនុស្សជាតិនឹងទទួលក្រោមការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រិស្ត ក្រោយពិភពលោកដ៏អាក្រក់របស់សាតាំងផុតរលត់ទៅ។ ដូច្នេះហើយ ស្តេចនៃរាជាណាចក្រនោះក៏ជា«ម្ចាស់នៃថ្ងៃឈប់សំរាក»ដែរ។—ម៉ាថ. ១២:៨; លូ. ៦:៥
៣:៥; ៧:៣៤; ៨:១២—តើម៉ាកុសអាចដឹងអំពីអារម្មណ៍របស់ព្រះយេស៊ូយ៉ាងដូចម្ដេច? ម៉ាកុសមិនមែនជាសាវ័កម្នាក់ក្នុងចំណោម១២នាក់នោះទេ ហើយក៏មិនមែនជាសិស្សជំនិតរបស់ព្រះយេស៊ូផង។ យោងទៅតាមពាក្យដែលគេនិយាយតៗគ្នាមក សាវ័កពេត្រុសជាមិត្តជិតស្និទ្ធរបស់ម៉ាកុស ដូច្នេះម៉ាកុសបានទទួលព័ត៌មានជាច្រើនពីពេត្រុស។—១ពេ. ៥:១៣
៦:៥១, ៥២—តើសិស្សរបស់ព្រះយេស៊ូ«មិនបានយល់»អ្វីខ្លះ ស្តីអំពីការ«ចំរើននំប៉័ង»? គ្រាន់តែប៉ុន្មានម៉ោងមុន ព្រះយេស៊ូបានយកនំប៉័ងប្រាំដុំនិងត្រីពីរក្បាល ហើយបានផ្ដល់អាហារដល់មនុស្សប្រុសៗចំនួន៥.០០០នាក់ ថែមទាំងស្ត្រីនិងកូនក្មេងផង។ ពេលឃើញព្រះយេស៊ូ«ចំរើននំប៉័ង»នោះ សិស្សរបស់ទ្រង់គួរតែយល់ថា ព្រះយេហូវ៉ាបានប្រទានអំណាចឲ្យព្រះយេស៊ូដើម្បីធ្វើអព្ភូតហេតុ។ (ម៉ាក. ៦:៤១-៤៤) ប្រសិនបើពួកគេបានយល់អំពីអំណាចដ៏ខ្លាំងដែលព្រះយេស៊ូបានទទួលនោះ ពួកគេនឹងមិនភ្ញាក់ផ្អើលទេ ពេលឃើញទ្រង់ធ្វើអព្ភូតហេតុមួយទៀត ដោយដើរលើទឹក។
៨:២២-២៦—ហេតុអ្វីបានជាព្រះយេស៊ូដាក់ដៃពីរដងទៅលើភ្នែកមនុស្សខ្វាក់ ទើបភ្នែកគាត់ភ្លឺឡើងវិញ? ប្រហែលជាព្រះយេស៊ូធ្វើដូច្នេះដោយយល់ដល់អារម្មណ៍របស់មនុស្សខ្វាក់។ ដោយសារគាត់ងងឹតភ្នែកយូរមកហើយ នេះប្រហែលជាជួយឲ្យគាត់ធន់នឹងពន្លឺថ្ងៃដ៏ចាំងចែងបន្ដិចម្ដងៗ។
មេរៀនសម្រាប់យើង:
២:១៨; ៧:១១; ១២:១៨; ១៣:៣: ម៉ាកុសជួយពន្យល់អំពីទំនៀមទម្លាប់ ជំនឿ ន័យពាក្យនិងទីកន្លែងដែលអ្នកអានដែលមិនមែនជាជនជាតិយូដាប្រហែលជាពិបាកយល់។ គាត់ពន្យល់ថា ពួកផារិស៊ីមានទម្លាប់«តម»អាហារ និងពួកសាឌូស៊ីជឿ«ថាគ្មានសេចក្ដីរស់ឡើងវិញ»។ ម៉ាកុសក៏បកស្រាយន័យពាក្យ គ័របាន់ ថា៖ «ជាដង្វាយថ្វាយព្រះ» ហើយក៏ជួយពន្យល់ថា វិហារស្ថិតនៅ«ទល់មុខ»នឹង«ភ្នំដើមអូលីវ»។ ដោយសារមានតែពួកយូដាដែលចាប់អារម្មណ៍នឹងតំណវង្សត្រកូលរបស់អ្នកដែលជាមេស្ស៊ី ម៉ាកុសមិនរៀបរាប់ពីរឿងនោះសោះ។ ដូច្នេះ ម៉ាកុសតាំងគំរូល្អសម្រាប់យើងគ្រប់គ្នា។ មិនថានៅក្នុងកិច្ចបម្រើផ្សាយ ឬពេលថ្លែងសុន្ទរកថាក្នុងកម្មវិធីប្រជុំតាមក្រុមជំនុំក្ដី យើងគួរតែគិតអំពីអ្នកស្ដាប់ ថាតើពួកគេជាមនុស្សបែបណានិងយល់ដូចម្ដេច?
៣:២១: ពួកបងប្អូនរបស់ព្រះយេស៊ូមិនជឿថាទ្រង់ជាបុត្ររបស់ព្រះយេហូវ៉ាទេ។ ដូច្នេះ ពេលសមាជិកក្រុមគ្រួសារដែលមិនរួមជំនឿប្រឆាំងនិងសើចចំអកដាក់អ្នកជឿ ព្រះយេស៊ូទ្រង់ក៏យល់អារម្មណ៍របស់ពួកគេដែរ។
៣:៣១-៣៥: ពេលព្រះយេស៊ូទទួលការជ្រមុជទឹក ទ្រង់ក៏បានទទួលសកម្មពលបរិសុទ្ធដែលផ្ដល់សិទ្ធិឲ្យឡើងទៅស្ថានសួគ៌ម្ដងទៀត ជាបុត្រដ៏រុងរឿងរបស់ព្រះយេហូវ៉ា។ យ៉ាងនេះ «យេរូសាឡិមដែលនៅស្ថានលើ»ប្រៀបដូចជាម្ដាយរបស់ទ្រង់។ (កា. ៤:២៦) ចាប់ពីពេលនោះមក អស់អ្នកដែលកៀកស្មាបម្រើព្រះយេហូវ៉ាជាមួយព្រះយេស៊ូ ទ្រង់ជិតស្និទ្ធនឹងពួកគេ ហើយចាត់ទុកពួកគេថាមានតម្លៃជាងសាច់សាលោហិតរបស់ទ្រង់ទៅទៀត។ នេះបង្រៀនយើងឲ្យចាត់ទុកការថ្វាយបង្គំព្រះយេហូវ៉ាជាអាទិភាពក្នុងជីវិត។—ម៉ាថ. ១២:៤៦-៥០; លូ. ៨:១៩-២១
៨:៣២-៣៤: យើងគួរប្រុងប្រយ័ត្នហើយបដិសេធនឹងយោបល់ដែលលើកទឹកចិត្តយើងឲ្យអាណិតដល់ខ្លួន។ អ្នកកាន់តាមព្រះគ្រិស្តគួរតែប្រុងប្រៀបខ្លួនដើម្បី«លះកាត់ចិត្តខ្លួនឯងចោល» ដែលមានន័យថា មិនគិតតែពីខ្លួនឯង ហើយមិនរកវិធីបំពេញតាមបំណងចិត្តឬគោលដៅរបស់ខ្លួនឡើយ។ ពួកគាត់គួរតែស្ម័គ្រចិត្ត«ផ្ទុកឈើឆ្កាង»ក្នុងន័យថា សុខចិត្តរងទុក្ខនិងស៊ូទ្រាំពេលគេជេរប្រមាថនិងបៀតបៀន ព្រមទាំងលះបង់ជីវិតបើចាំបាច់ ដោយសារជំនឿរបស់ខ្លួនជាគ្រិស្តសាសនិក។ ណាមួយទៀត ពួកគាត់ត្រូវតែ«តាម»ព្រះយេស៊ូរហូត ហើយមានរបៀបរស់នៅស្របទៅតាមលំនាំជីវិតរបស់ទ្រង់។ ការធ្វើជាសិស្សរបស់ព្រះយេស៊ូតម្រូវឲ្យយើងបណ្ដុះនិងរក្សាឲ្យមានស្មារតីលះបង់ដូចព្រះគ្រិស្ត។—ម៉ាថ. ១៦:២១-២៥; លូ. ៩:២២, ២៣
៩:២៤: យើងមិនគួរខ្មាសក្នុងការប្រកាសប្រាប់អំពីជំនឿរបស់ខ្លួន ហើយក៏មិនគួរខ្លាចអធិស្ឋានសូមព្រះយេហូវ៉ាពង្រឹងជំនឿរបស់យើងទេ។—លូ. ១៧:៥
សល់តែមួយខែ
នៅជិតដំណាច់ឆ្នាំ៣២ គ.ស. ព្រះយេស៊ូបានទៅដល់«ព្រំដែនស្រុកយូដា នៅខាងនាយទន្លេយ័រដាន់» ហើយម្ដងនោះទៀតក៏មានមនុស្សកកកុញមកឯទ្រង់។ (ម៉ាក. ១០:១) ពេលព្រះយេស៊ូផ្សព្វផ្សាយនៅទីនោះរួចហើយ ទ្រង់បានធ្វើដំណើរឆ្ពោះទៅទីក្រុងយេរូសាឡិម។
នៅថ្ងៃទី៨ ខែណែសាន ព្រះយេស៊ូបានស្នាក់នៅឯភូមិបេថានី។ ពេលព្រះយេស៊ូអង្គុយនៅតុកំពុងបរិភោគអាហារ ស្ត្រីម្នាក់បានមកដល់ហើយចាក់ប្រេងក្រអូបទៅលើក្បាលទ្រង់។ ចាប់ពីការហែក្បួនចូលទៅទីក្រុងយេរូសាឡិម រហូតដល់ពេលដែលព្រះយេស៊ូរស់ឡើងវិញ ម៉ាកុសរៀបរាប់ពីព្រឹត្ដិការណ៍ទាំងអស់នោះតាមលំដាប់លំដោយ។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១០:១៧, ១៨—ហេតុអ្វីបានជាព្រះយេស៊ូបន្ទោសបុរសម្នាក់ដែលហៅទ្រង់ថា «លោកគ្រូល្អ»? ព្រះយេស៊ូចាត់ទុកពាក្យនោះជាពាក្យបញ្ជោរដែលលើកតម្កើងទ្រង់ហួសហេតុពេក ដូច្នេះទ្រង់មិនព្រមទទួលទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូចង់ឲ្យគេលើកកិត្ដិយសព្រះយេហូវ៉ា ដែលបង្ហាញថា ព្រះយេហូវ៉ាជាព្រះពិតហើយជាប្រភពនៃអំណោយទានដ៏ល្អៗទាំងអស់។ បន្ថែមទៀត ព្រះយេស៊ូបញ្ជាក់ពីសេចក្ដីពិតដ៏សំខាន់ថា ព្រះយេហូវ៉ាជាព្រះដែលបានបង្កើតរបស់សព្វសារពើ ហើយមានទ្រង់តែមួយអង្គប៉ុណ្ណោះដែលមានសិទ្ធិសម្រេចអំពីអ្វីដែលល្អនិងអាក្រក់។—ម៉ាថ. ១៩:១៦, ១៧; លូ. ១៨:១៨, ១៩
១៤:២៥—ពេលព្រះយេស៊ូជម្រាបពួកសាវ័កស្មោះត្រង់របស់ទ្រង់ថា៖ «ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មីនៅក្នុងនគរព្រះ» តើទ្រង់ចង់និយាយអំពីអ្វី? ព្រះយេស៊ូមិនចង់និយាយថា នៅឯស្ថានសួគ៌មានស្រាទំពាំងបាយជូរទេ។ ក្នុងគម្ពីរ ជួនកាលស្រាទំពាំងបាយជូរតំណាងអ្វីដែលនាំឲ្យមានអំណរ។ ដូច្នេះ ព្រះយេស៊ូសំដៅទៅលើអំណរដែលទ្រង់នឹងមាន ពេលជួបជុំជាមួយពួកអ្នកដែលបានរើសតាំងឲ្យឡើងទៅស្ថានសួគ៌ ដើម្បីរួមចំណែកក្នុងនគរឬរាជាណាចក្ររបស់ទ្រង់។—ទំនុក. ១០៤:១៥; ម៉ាថ. ២៦:២៩
១៤:៥១, ៥២—តើនរណាជាមនុស្សកំលោះដែលរត់ចោលសំពត់ហើយ«នៅតែខ្លួនទទេ»? មានតែម៉ាកុសម្នាក់ប៉ុណ្ណោះដែលលើកពីរឿងនេះ។ ដូច្នេះ យើងអាចសន្និដ្ឋានថា គាត់សំដៅទៅខ្លួនគាត់។
១៥:៣៤—ពេលព្រះយេស៊ូពោលពាក្យថា៖ «ព្រះអង្គនៃទូលបង្គំអើយ! ឱព្រះអង្គនៃទូលបង្គំអើយ! ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ?» តើនេះបញ្ជាក់ថាទ្រង់ខ្វះជំនឿឬ? មិនមែនទេ។ ទោះជាយើងមិនអាចយល់ច្បាស់ពីបំណងចិត្តរបស់ព្រះយេស៊ូក្នុងការពោលពាក្យទាំងនេះក្ដី ពាក្យរបស់ទ្រង់ប្រហែលជាសឲ្យឃើញថា ទ្រង់ជ្រាបថាព្រះយេហូវ៉ាលែងការពារទ្រង់ហើយ។ យ៉ាងនេះ ភក្ដីភាពនៃបុត្ររបស់ព្រះយេហូវ៉ាអាចសាកល្បងយ៉ាងពេញទំហឹងតែម្ដង។ ណាមួយទៀត ប្រហែលជាព្រះយេស៊ូពោលពាក្យទាំងនេះ ដោយមានបំណងចង់បំពេញតាមទំនាយក្នុងសៀវភៅទំនុកដំកើង ២២:១ ដែលសំដៅទៅលើទ្រង់។—ម៉ាថ. ២៧:៤៦
មេរៀនសម្រាប់យើង:
១០:៦-៩: ព្រះយេហូវ៉ាចង់ឲ្យគូអាពាហ៍ពិពាហ៍រួមរស់ជាមួយគ្នារហូត។ ដូច្នេះហើយ ស្វាមីភរិយាត្រូវតែព្យាយាមធ្វើតាមគោលការណ៍ក្នុងគម្ពីរ ដើម្បីយកឈ្នះលើឧបសគ្គផ្សេងៗដែលពួកគាត់ជួបប្រទះក្នុងជីវិត ជាជាងលែងលះគ្នាភ្លាមៗ។—ម៉ាថ. ១៩:៤-៦
១២:៤១-៤៤: គំរូរបស់ស្ត្រីមេម៉ាយក្រីក្រម្នាក់ បង្រៀនថាយើងត្រូវតែគាំទ្រការថ្វាយបង្គំពិតដោយឥតសំចៃ។