ចិត្តស្ងប់បណ្ដាលពីជីវិតដែលមានគោលបំណងជាក់លាក់
មិនជាការចម្លែកអ្វីឡើយ មនុស្សដែលគ្មានគោលបំណងជាក់លាក់ក្នុងជីវិត មានជីវិតដែលគ្មានន័យខ្លឹមសារ ហើយនេះអាចបណ្ដាលឲ្យមានចិត្តអន្ទះអន្ទែងផង។ ផ្ទុយទៅវិញ មនុស្សដែលមានគោលបំណងជាក់លាក់ក្នុងជីវិត ក៏ឆាប់ងើបឡើងវិញពេលជួបប្រទះនឹងកាលៈទេសៈដ៏ពិបាក។ បុរសម្នាក់ដែលបានរួចរស់ជីវិតពីការសម្លាប់រង្គាលដល់ជនជាតិជ្វីបនៅសម័យពួកណាត្ស៊ីក្រោមអំណាចលោកហ៊ីត្លែ ឥឡូវគាត់ជាគ្រូពេទ្យខាងសរសៃប្រសាទ ហើយគាត់មានទស្សនៈថា៖ «គ្មានអ្វីឡើយដែលអាចជួយយើងឲ្យស៊ូទ្រាំនឹងកាលៈទេសៈដ៏ពិបាកបំផុតបាន ក្រៅពីយល់ដឹងថា ជីវិតរបស់យើងមានន័យខ្លឹមសារពិត» (វេជ្ជបណ្ឌិត Viktor E. Frankl)។
ស្តីអំពីន័យខ្លឹមសារក្នុងជីវិត មនុស្សស្ទើរតែគ្រប់រូបមានទស្សនៈខុសៗគ្នា។ អ្នកខ្លះគិតថា ការស្វែងរកគោលបំណងជាក់លាក់ក្នុងជីវិត នោះស្រេចទៅលើខ្លួនគេផ្ទាល់។ រីឯមនុស្សដែលជឿថា មនុស្សបានវិវត្តន៍ពីធម្មជាតិដោយឯកឯងនោះ ពួកគេមានទស្សនៈថា ជីវិតគ្មានន័យខ្លឹមសារជាក់លាក់អ្វីសោះ។
ទោះជាយ៉ាងណាក៏ដោយ វិធីដែលសមហេតុសមផលបំផុតដើម្បីយល់អំពីគោលបំណងជាក់លាក់ក្នុងជីវិត គឺដោយរៀនអំពីបំណងដើមនៃព្រះដែលបានបង្កើតជីវិតទាំងឡាយក្នុងធម្មជាតិ ពោលគឺ ព្រះយេហូវ៉ា។ ស្តីអំពីគោលបំណងជាក់លាក់ក្នុងជីវិត សូមឲ្យយើងពិនិត្យមើលអ្វីដែលកត់ទុកក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះយេហូវ៉ា។
សេចក្ដីបង្រៀនក្នុងគម្ពីរ
សេចក្ដីបង្រៀនក្នុងគម្ពីរបង្ហាញថា ពេលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិ លោកមានគោលបំណងជាក់លាក់ចំពោះពួកគេ។ សេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាចំពោះមនុស្សមួយគូដំបូង មានដូចតទៅ:
លោកុប្បត្តិ ១:២៨: «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ! ត្រូវបង្ក្រាបផែនដីហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។
ព្រះយេហូវ៉ាមានគោលបំណងឲ្យមនុស្សមួយគូដំបូង ឈ្មោះអ័ដាមនិងអេវ៉ា ព្រមទាំងកូនចៅទាំងឡាយរបស់ពួកគាត់រៀបចំផែនដីទាំងមូលឲ្យក្លាយទៅជាសួនឧទ្យាន។ ព្រះយេហូវ៉ាមិនដែលមានបំណងឲ្យមនុស្សទៅជាចាស់ជរានិងស្លាប់ ហើយលោកក៏មិនចង់ឲ្យពួកគេបង្ខូចបរិស្ថានផងដែរ។ ប៉ុន្តែ ដោយសារមនុស្សមួយគូដំបូងបានធ្វើការសម្រេចចិត្តមិនល្អ បាបឬភាពខុសឆ្គងបានឆ្លងដល់កូនចៅទាំងឡាយ ហើយបណ្ដាលឲ្យយើងរាល់គ្នាស្លាប់ផងដែរ។ (លោកុប្បត្តិ ៣:២-៦; រ៉ូម ៥:១២) យ៉ាងណាក៏ដោយ គោលបំណងដើមរបស់ព្រះយេហូវ៉ាមិនបានប្រែប្រួលឡើយ។ បន្ដិចទៀត ផែនដីនឹងក្លាយទៅជាសួនមនោរមម្ដងទៀត។—អេសាយ ៥៥:១០, ១១
ព្រះយេហូវ៉ាបានបង្កើតមនុស្សលោកឲ្យមានរូបរាងនិងសតិបញ្ញាគ្រប់គ្រាន់ដើម្បីសម្រេចគោលបំណងដើមនោះ។ ព្រះយេហូវ៉ាមិនដែលមានបំណងឲ្យមនុស្សប្រកាន់យកតែគំនិតខ្លួនឯង ដោយមិនគិតពីគោលបំណងរបស់ព្រះទេ។ ក្នុងខគម្ពីរដូចតទៅ សូមកត់សម្គាល់ថា តើព្រះយេហូវ៉ាមានបំណងឲ្យយើងប្រព្រឹត្តយ៉ាងណា?
សាស្ដា ១២:១៣: ‹ចូរកោតខ្លាចហើយកាន់តាមបញ្ញត្តព្រះចុះ! ប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ›។
មីកា ៦:៨: «ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យ[យើង]ប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួនដោយសុភាពរាបទាបប៉ុណ្ណោះ»។
ម៉ាថាយ ២២:៣៧-៣៩: ‹«ចូរស្រឡាញ់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតចុះ!» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា«ត្រូវស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»›។
សេចក្ដីបង្រៀនក្នុងគម្ពីរបណ្ដាលឲ្យមានចិត្តស្ងប់
ពេលប្រើឧបករណ៍ស្មុគស្មាញណាមួយ យើងត្រូវតែប្រើវាទៅតាមការណែនាំរបស់អ្នកផលិត។ បើយើងយកវាទៅប្រើខុសពីបំណងរបស់អ្នកផលិតវិញ នោះវាឆាប់ខូចណាស់! ដូចគ្នាដែរ គប្បីឲ្យយើងមានរបៀបរស់នៅស្របទៅតាមគោលបំណងរបស់ព្រះដែលបានបង្កើតអ្វីៗទាំងអស់។ បើមិនដូច្នេះទេ យើងអាចបង្ខូចជីវិតរបស់ខ្លួន ហើយផ្សងគ្រោះថ្នាក់ខាងផ្លូវចិត្តនិងគំនិត ព្រមទាំងផ្ដាច់ចំណងមិត្តភាពដែលយើងអាចមានជាមួយនឹងព្រះផង។ សូមគិតអំពីលក្ខណៈពីរនៃជីវិត ដែលរៀបរាប់ដូចតទៅនេះ ដើម្បីឲ្យឃើញថា ចិត្តស្ងប់ពិតជាទាក់ទងនឹងការយល់ច្បាស់អំពីគោលបំណងរបស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិ។
អាទិភាពក្នុងជីវិត: មនុស្សជាច្រើនចាត់ទុកការប្រមូលទ្រព្យសម្បត្ដិជាអ្វីដែលសំខាន់បំផុតក្នុងជីវិត។ ប៉ុន្តែ មានការព្រមានក្នុងគម្ពីរថា៖ «ពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួងនឹងអន្ទាក់ ហើយក្នុងបំណងជាច្រើនដែលផ្ដេសផ្ដាសហើយធ្វើទុក្ខដល់ខ្លួន»។—ធីម៉ូថេទី១ ៦:៩, ១០
ផ្ទុយទៅវិញ មនុស្សដែលបានរៀនឲ្យចេះស្រឡាញ់ព្រះយេហូវ៉ាជាជាងស្រឡាញ់ទ្រព្យសម្បត្ដិ នោះមានចិត្តស្កប់ស្កល់ទៅវិញ។ (ធីម៉ូថេទី១ ៦:៧, ៨) មនុស្សបែបនេះទទួលស្គាល់ថា ពួកគេមានភារកិច្ចចិញ្ចឹមជីវិតខ្លួន ហើយក៏ដឹងថា ពួកគេត្រូវធ្វើការនឿយហត់ដើម្បីបំពេញភារកិច្ចនោះបាន។ (អេភេសូរ ៤:២៨) ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏យកចិត្តទុកដាក់ចំពោះការព្រមានរបស់ព្រះយេស៊ូដែលថា៖ «គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១។ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះនឹងទ្រព្យសម្បត្ដិផងបានទេ»។—ម៉ាថាយ ៦:២៤
ដូច្នេះ ជាជាងចាត់ទុកមុខរបររបស់ខ្លួននិងការប្រមូលទ្រព្យសម្បត្ដិជាអាទិភាពក្នុងជីវិត មនុស្សដែលស្រឡាញ់ព្រះយេហូវ៉ាខំធ្វើតាមឆន្ទៈរបស់លោកជាអ្វីដែលសំខាន់បំផុត។ ពួកគេទទួលស្គាល់ថា បើឆន្ទៈរបស់ព្រះយេហូវ៉ាមានអាទិភាពក្នុងជីវិតរបស់ពួកគេ នោះលោកនឹងជួយថែរក្សាពួកគេផងដែរ។ តាមការពិត ព្រះយេហូវ៉ាចាត់ទុកការថែទាំមនុស្សជាកាតព្វកិច្ចរបស់លោក។—ម៉ាថាយ ៦:២៥-៣៣
ការប្រាស្រ័យទាក់ទងគ្នា: មនុស្សជាច្រើនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ មូលហេតុចម្បងមួយដែលមនុស្សជាច្រើនគ្មានចិត្តស្ងប់ គឺដោយសារពួកគេ‹ស្រឡាញ់តែខ្លួនឯង ហើយមិនស្រឡាញ់គ្នាតាមធម្មតា›។ (ធីម៉ូថេទី២ ៣:២, ៣) ពេលអ្នកដទៃមិនឯកភាពនឹងទស្សនៈរបស់មនុស្សបែបនេះ ឬក៏ធ្វើឲ្យពួកគេខកចិត្តទៅវិញ នោះពួកគេបញ្ចេញ«កំហឹង ឡូឡា[និង]ជេរប្រមាថ»ផង។ (អេភេសូរ ៤:៣១) ជាជាងនាំឲ្យមានចិត្តស្ងប់ ការមិនទប់ចិត្តបែបនេះ«បណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា»។—សុភាសិត ១៥:១៨
ផ្ទុយទៅវិញ អស់អ្នកដែលធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាដោយស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង នោះពួកគេមាន«ចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោសគ្នា»ផង។ (អេភេសូរ ៤:៣២; កូល៉ុស ៣:១៣) សូម្បីតែពេលដែលអ្នកដទៃប្រព្រឹត្តមិនល្អទៅលើពួកគេ អ្នកទាំងនោះខំយកតម្រាប់តាមព្រះយេស៊ូដែល«មិនបានជេរតបវិញ»។ (ពេត្រុសទី១ ២:២៣) អស់អ្នកដែលធ្វើតាមគំរូរបស់ព្រះយេស៊ូទទួលស្គាល់ថា ពេលពួកគេខំជួយអ្នកដទៃ សូម្បីតែអ្នកដែលមិនដឹងគុណក្ដី នេះក៏នាំឲ្យមានចិត្តស្កប់ស្កល់ដែរ។ (ម៉ាថាយ ២០:២៥-២៨; យ៉ូហាន ១៣:១៤, ១៥; កិច្ចការ ២០:៣៥) ព្រះយេហូវ៉ាតែងតែប្រទានសកម្មពលឲ្យអស់អ្នកដែលយកតម្រាប់តាមព្រះយេស៊ូជាបុត្ររបស់លោក ហើយសកម្មពលនោះជួយពួកគេឲ្យមានចិត្តស្ងប់ផង។—កាឡាទី ៥:២២
ប៉ុន្តែ តើចិត្តស្ងប់ទាក់ទងយ៉ាងណានឹងសេចក្ដីសង្ឃឹមរបស់យើងចំពោះពេលអនាគត?
[រូបភាពនៅទំព័រ៤]
ព្រះយេស៊ូបង្រៀនយើង អំពីអ្វីដែលនាំឲ្យមានចិត្តស្ងប់