បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pr ផ. ១ ទំ. ៣-៦
  • តើមានគោលបំណងសម្រាប់ជីវិតទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើមានគោលបំណងសម្រាប់ជីវិតទេ?
  • តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ស្ថានភាព​រឹតតែ​ពិបាក​ខ្លាំង​ឡើង
  • ពួក​គេ​និយាយ​យ៉ាង​ដូច​ម្ដេច
  • អានុភាព
  • ចូរបំពេញតាមគោលបំណងដែលនាំឲ្យជីវិតមានន័យខ្លឹមសារ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • តើព្រះចង់ឲ្យយើងមានជីវិតបែបណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចិត្ដស្ងប់បណ្ដាលពីជីវិតដែលមានគោលបំណងជាក់លាក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ព្រះគម្ពីរឆ្លើយនូវសំនួរដ៏សំខាន់ៗក្នុងសម័យយើងនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
pr ផ. ១ ទំ. ៣-៦

ផ្នែកទី១

តើ​មាន​គោល​បំណង​សម្រាប់​ជីវិត​ទេ?

១​. តើ​សំនួរ​អ្វី​ដែល​គេ​សួរ​ជា​ញឹកញយ​អំពី​គោល​បំណង​នៃ​ជីវិត ហើយ​បុគ្គល​ម្នាក់​មាន​គំនិត​យ៉ាង​ណា​អំពី​រឿង​នេះ?

មិន​យូរ​មិន​ឆាប់ មនុស្ស​សឹង​តែ​គ្រប់​រូប​នឹង​ងឿង​ឆ្ងល់ ថា​តើ​អ្វី​ទៅ​ជា​គោល​បំណង​នៃ​ជីវិត។ តើ​ត្រូវ​ខំ​ធ្វើ​ការ​ដើម្បី​ចម្រើន​ជីវភាព​រស់​នៅ​របស់​យើង ចិញ្ចឹម​គ្រួសារ​យើង ហើយ​ស្លាប់​ទៅ​វិញ​ក្រោយ​ពេល​ប្រហែល ៧០ ឬ ៨០ ឆ្នាំ ហើយ​រួច​មក ក៏​លែង​រស់​នៅ​ជា​និរន្តរ៍​ឬ? មនុស្ស​វ័យ​ក្មេង​ម្នាក់​ដែល​គិត​ដូច​នេះ​បាន​និយាយ​ថា គ្មាន​គោល​បំណង​ឯ​ទៀត​ណា​ក្នុង​ជីវិត​ទេ ក្រៅ​ពី «រស់​នៅ បង្កើត​កូន មាន​ចិត្ត​សប្បាយ ហើយ​ស្លាប់​ទៅ​វិញ»។ ប៉ុន្តែ តើ​គំនិត​នេះ​ត្រូវ​ទេ? តើ​មនុស្ស​ពិត​ជា​ស្លាប់​ទៅ ហើយ​ចប់​តែ​ប៉ុណ្ណោះ​ឬ?

២, ៣​. ហេតុ​អ្វី​ក៏​ការ​រក​ឲ្យ​មាន​ទ្រព្យ​សម្បត្ដិ​មិន​អាច​បំពេញ​គោល​បំណង​ក្នុង​ជីវិត?

២ មនុស្ស​ជា​ច្រើន​នៅ​បូព៌ា​និង​បស្ចិម​ប្រទេស​យល់​ថា គោល​បំណង​សំខាន់​បំផុត​ក្នុង​ការ​រស់​នៅ​គឺ រក​ឲ្យ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។ គេ​ជឿ​ថា នេះ​អាច​នាំ​ឲ្យ​ជីវិត​បាន​សប្បាយ ហើយ​មាន​ន័យ​ផង។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ដែរ ចំពោះ​ពួក​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ហូរ​ហៀរ​ហើយ​នោះ? អ្នក​និពន្ធ​ជនជាតិ​កាណាដា​ម្នាក់​ឈ្មោះ ហារ៉ី ប៊្រូស្ស ​មាន​ប្រសាសន៍​ថា៖ «ពួក​អ្នក​មាន​ជា​ច្រើន​នាក់​ទទូច​ថា គេ​មិន​សប្បាយ​ចិត្ត​ទេ»។ លោក​ក៏​មាន​ប្រសាសន៍​ទៀត​ថា៖ «ការ​ស្ទង់​មតិ​មហា​ជន​បង្ហាញ​ប្រាប់​នូវ​ការ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង នៅ​ទ្វីប​អាមេរិក​ខាង​ជើង . . . តើ​មាន​អ្នក​ណា សប្បាយ​ចិត្ត​ទេ​នៅ​ក្នុង​លោក​នេះ? បើ​មាន​មែន តើ​អ្វី​ទៅ​ជា​កូនសោ​នៃ​សុភមង្គល​នោះ»?

៣ អតីត​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក​ឈ្មោះ ជីម្មី ខារតឺរ បាន​ថ្លែង​ថា⁠៖ «យើង​បាន​រក​ឃើញ​ថា ការ​មាន​របស់​របរ​និង​ប្រើ​ប្រាស់​ចាយ​របស់​របរ​ទាំង​នេះ គឺ​មិន​ស្កប់​ចិត្ត​យើង​ក្នុង​ការ​ចង់​បាន​ន័យ​ក្នុង​ជីវិត​ឡើយ . . . ការ​គរ​ទុក​ទ្រព្យ​សម្បត្ដិ​មិន​អាច​បំពេញ​ជីវិត​ដ៏​គ្មាន​ន័យ ជីវិត​ដ៏​គ្មាន​សេចក្ដី​ទុក​ចិត្ត​និង​គ្មាន​គោល​បំណង​នោះ​ទេ»។ អ្នក​ដឹក​នាំ​នយោបាយ​ម្នាក់​ទៀត​បាន​និយាយ​ថា⁠៖ «អស់​រយៈ​បី​បួន​ឆ្នាំ​ហើយ ឥឡូវ​នេះ ដែល​ខ្ញុំ​បាន​ខំ​ស្វែង​រក​យ៉ាង​ខ្លាំង​នូវ​សេចក្ដី​ពិត​អំពី​រូប​ខ្ញុំ​និង​ជីវិត​ខ្ញុំ មនុស្ស​ជា​ច្រើន​នាក់​ដែល​ខ្ញុំ​ស្គាល់​ក៏​ខំ​ស្វែង​រក​ដែរ។ មនុស្ស​កាន់​តែ​ច្រើន​ឡើង​ក៏​សួរ​ថា ‹តើ​មនុស្ស​យើង​ជា​អ្នក​ណា? តើ​អ្វី​ទៅ​ជា​គោល​បំណង​របស់​យើង›»?

ស្ថានភាព​រឹតតែ​ពិបាក​ខ្លាំង​ឡើង

៤​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​មិន​ជឿ​ថា​ជីវិត​មាន​គោល​បំណង?

៤ មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​ជីវិត​មាន​គោល​បំណង​ទេ ពេល​គេ​ឃើញ​ស្ថានភាព​រស់​នៅ​រឹតតែ​ពិបាក​ខ្លាំង​ឡើង។ ទូទាំង​ពិភពលោក មនុស្ស​ជាង​មួយ​រយ​កោដិ​នាក់​មាន​ជម្ងឺ​ឈឺ​ធ្ងន់ ឬ​ខ្វះ​ជាតិ​ចំណី​អាហារ ដែល​បណ្ដាល​ឲ្យ​កូន​ក្មេង​ស្លាប់​រៀង​រាល់​ឆ្នាំ ប្រមាណ​ដប់​លាន​នាក់ គ្រាន់​តែ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ប៉ុណ្ណោះ។ ប្រជាជន​លើ​ផែនដី​មាន​ចំនួន​ជិត​ដល់ ៦ រយ​កោដិ ក៏​កើន​ចំនួន​រឹតតែ​ច្រើន​ឡើង ដែល​មាន​ជាង ៩០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​ជាង ៩០ ភាគ​រយ​នៃ​ការ​កើន​ឡើង​នោះ គឺ​នៅ​ក្នុង​ប្រទេស​ឱនថយ។ ប្រជាជន​រឹតតែ​ច្រើន​ឡើង​ជា​ដរាប​នេះ​ក៏​ត្រូវ​ការ​ចំណី​អាហារ ផ្ទះ​សម្បែង និង​ឧស្សាហកម្ម​ច្រើន​ថែម​ទៀត ហើយ​នេះ​ក៏​នាំ​ឲ្យ​មាន​ធាតុ​កខ្វក់​ពី​ឧស្សាហកម្ម​និង​ប្រភព​ផ្សេង⁠ៗ ដែល​បណ្ដាល​ឲ្យ​ខូច​ខាត​ដល់​ដី ទឹក និង​ខ្យល់​ថែម​ទៀត។

៥​. តើ​មាន​អ្វី​កើត​ឡើង​ដល់​រុក្ខជាតិ​លើ​ផែនដី?

៥ សៀវភៅ​ការ​ចាយ​ប្រើ​ប្រាស់​ខាង​យោធា​និង​សង្គម​នៃ​ពិភពលោក ១៩៩១ រាយ​ការណ៍​ថា⁠៖ «រៀង​រាល់​ឆ្នាំ ផ្ទៃ​ព្រៃ​ឈើ​ទំហំ​ប៉ុន​ផ្ទៃ​ដី [ប្រទេស​អង់គ្លេស]ទាំង​មូល​បាន​ត្រូវ​កាប់​បំផ្លាញ។ បើ (កាប់​បំផ្លាញ) តាម​កំរិត​ឥឡូវ​នេះ នោះ​ដល់​ឆ្នាំ ២០០០ យើង​នឹង​ជំរះ​ព្រៃ​ឈើ​អស់ ៦៥ ភាគ​រយ ពី​តំបន់​ភូមិភាគ​នៃ​ឧណ្ហប្បទេស»។ យោង​ទៅ​តាម​ក្រ​សួង អ​.​ស​.​ប​. ដើម​ឈើ ១០ ដើម​ត្រូវ​កាប់​នៅ​តំបន់​ទាំង​នោះ ហើយ​មាន​តែ ១ ដើម​ត្រូវ​ដាក់​ដាំ។ នៅ​ទ្វីប​អាហ្វ្រិក ២០ ដើម​ត្រូវ​កាប់ មាន​តែ ១ ដើម​ត្រូវ​ដាក់​ដាំ​វិញ។ ដូច្នេះ ទី​វាល​រហោស្ថាន៍​ក៏​រីក​ធំ​ឡើង⁠ៗ ហើយ​រាល់​ឆ្នាំ ផ្ទៃ​ដី​ទំហំ​ប៉ុន​ប្រទេស​​បែលហ្ស៊ិក​ត្រូវ​បាត់បង់ សំរាប់​ប្រើ​ប្រាស់​ខាង​កសិកម្ម។

៦, ៧​. តើ​បញ្ហា​អ្វី​ខ្លះ​ដែល​មេ​ដឹក​នាំ​មនុស្ស​ដោះ​ស្រាយ​មិន​បាន ដូច្នេះ​តើ​មាន​សំនួរ​អ្វី​ដែល​ត្រូវ​តែ​ឆ្លើយ​ជា​ចាំបាច់?

៦ ថែម​ទៅ​ទៀត ក្នុង​សតវត្ស​ទី ២០ នេះ ចំនួន​មនុស្ស​ស្លាប់​ដោយ​សង្គ្រាម​គឺ​បួន​ដង​ប្រៀប​នឹង​ចំនួន​ទាំង​អស់​បញ្ចូល​គ្នា​ពី​ក្នុង​បួន​សតវត្ស​មុន។ គ្រប់​ទី​កន្លែង​ក៏​មាន​បទ​ឧក្រិដ្ឋ​រឹតតែ​ច្រើន​ឡើង ជា​ពិសេស​គឺ​បទ​ឧក្រិដ្ឋ​ឃោរឃៅ។ ការ​ទាស់​ទែង​គ្នា​ក្នុង​ក្រុម​គ្រួសារ ការ​ប្រើ​គ្រឿង​ញៀន រោគ​អេដស៍ រោគ​ឆ្លង​ដោយ​ការ​រួម​ដំណេក និង​កត្ដា​អាក្រក់​ឯ​ទៀត​ក៏​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ពិបាក​ខ្លាំង​ឡើង​ដែរ។ ហើយ​មេ​ដឹក​នាំ​ពិភពលោក​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន ដែល​ធ្វើ​ទុក្ខ​ដល់​គ្រួសារ​មនុស្ស​ឡើយ។ ម្ល៉ោះ​ហើយ យើង​អាច​យល់​បាន​នូវ​មូលហេតុ​ដែល​មនុស្ស​សួរ​ថា⁠៖ តើ​អ្វី​ទៅ​ជា​គោល​បំណង​នៃ​ជីវិត?

៧ តើ​ពួក​អ្នកប្រាជ្ញ​និង​មេ​ដឹក​នាំ​សាសនា​បាន​ដោះស្រាយ​យ៉ាង​ណា​ដែរ ចំពោះ​សំនួរ​នេះ? ក្រោយ​ពេល​ជា​ច្រើន​សតវត្ស​មក​នេះ តើ​ពួក​គេ​បាន​ផ្ដល់​ឲ្យ​ចម្លើយ​ដ៏​ត្រូវ​ចិត្ត​ទេ?

ពួក​គេ​និយាយ​យ៉ាង​ដូច​ម្ដេច

៨, ៩​. (ក) តើ​អ្នកប្រាជ្ញ​ចិន​ម្នាក់​មាន​ប្រសាសន៍​យ៉ាង​ដូច​ម្ដេច​អំពី​គោល​បំណង​ជីវិត? (ខ) តើ​បុគ្គល​ដែល​រួច​រស់​ជីវិត​ពី​មរណ​ជំរំ​របស់​ណាត្ស៊ី​បាន​ថ្លែង​យ៉ាង​ណា?

៨ អ្នកប្រាជ្ញ​លទ្ធិ​ខុងជឺ ឈ្មោះ ធូ វៃ​-​មីង មាន​ប្រសាសន៍​ថា⁠៖ «ន័យ​ដ៏​ខ្ពស់​បំផុត​នៃ​ជីវិត​គឺ​ឃើញ​ក្នុង​ជីវិត​រស់​នៅ​ជា​ធម្មតា​របស់​មនុស្ស»។ យោង​ទៅ​តាម​ទស្សនៈ​នេះ មនុស្ស​លោក​តែង​តែ​កើត​មាន​ត​មក រួច​ខំ​ពុះពារ​រស់​នៅ ហើយ​ស្លាប់​ទៅ​វិញ។ ចំពោះ​ទស្សនវិស័យ​បែប​នេះ​គឺ​មាន​សេចក្ដី​សង្ឃឹម​តិច​តួច​ណាស់។ ហើយ​តើ​ទស្សនៈ​នេះ​ត្រូវ​មែន​ឬ?

៩ លោក អែល្លី វីសែល ជា​អ្នក​រួច​រស់​ជីវិត​ពី​មរណ​ជំរំ​របស់​ណាត្ស៊ី​កាល​សង្គ្រាម​លោក​លើក​ទី២ បាន​កត់​សម្គាល់​ថា⁠៖ « ‹ហេតុ​អ្វី​ក៏​មនុស្ស​យើង​នៅ​ក្នុង​លោក​នេះ›? នោះ​គឺ​ជា​សំនួរ​ដ៏​សំខាន់​បំផុត ដែល​មនុស្ស​ត្រូវ​តទល់។ . . . ខ្ញុំ​ជឿ​ថា​ជីវិត​មាន​ន័យ ថ្វី​បើ​មាន​សេចក្ដី​ស្លាប់​ដ៏​ឥត​ន័យ ដែល​ខ្ញុំ​បាន​ឃើញ​នោះ​ក៏​ដោយ»។

១០, ១១​. (ក) តើ​អ្នក​តែង​សេចក្ដី​ម្នាក់​បង្ហាញ​យ៉ាង​ណា ថា​មនុស្ស​ឥត​មាន​ចម្លើយ​នោះ? (ខ) ហេតុ​អ្វី​ក៏​ទស្សនៈ​របស់​អ្នកវិទ្យាសាស្ត្រ​ខាង​វិវត្តន៍​ម្នាក់​មិន​អាច​គាប់​ចិត្ត​មនុស្ស?

១០ អ្នក​តែង​សេចក្ដី​ម្នាក់​ឈ្មោះ វឺរ៍ម៉ុន រ៉យស្ដឺរ៍ បាន​ថ្លែង​ថា⁠៖ «ក្នុង​ការ​សញ្ជឹង​គិត​អំពី​មនុស្ស . . . អំពី​ទី​កន្លែង​របស់​គេ​ក្នុង​សកលលោក នោះ​យើង​គិត​មិន​បាន​សម្រេច​ប៉ុន្មាន​ទេ​តាំង​ពីដើម​រៀង​មក។ យើង​នៅ​តែ​មិន​ទាន់​អាច​ឆ្លើយ​សំនួរ​ដែល​ថា តើ​មនុស្ស​យើង​ជា​អ្នក​ណា ហេតុ​អ្វី​ក៏​យើង​នៅ​ក្នុង​លោក​នេះ ហើយ​អ្វី​ទៅ​ដែល​រង់ចាំ​យើង​នៅ​អនាគត​នោះ»។

១១ លោក ស្ទេផាន ជេយ ហ៊្គូល ជា​អ្នកវិទ្យាសាស្ត្រ​ខាង​វិវត្តន៍​កត់​សម្គាល់​ថា⁠៖ «យើង​ប្រហែល​ចង់​បាន​ជា​ខ្លាំង​នូវ​ចម្លើយ ‹ខ្ពស់​ឧត្តម›​—⁠ប៉ុន្តែ​រក​មិន​បាន​ទេ»។ ចំពោះ​ពួក​អ្នក​វិវឌ្ឍ​និយម​បែប​នេះ ជីវិត​គឺ​ជា​ការ​ពុះពារ​នៃ​រូប​មាំទាំ​ជាង​គេ ដើម្បី​រស់​រាន ហើយ​សេចក្ដី​ស្លាប់​បញ្ចប់​អ្វី⁠ៗទាំង​អស់។ ចំពោះ​ទស្សនៈ​នេះ​ក៏​គ្មាន​សេចក្ដី​សង្ឃឹម​ដែរ។ ប៉ុន្តែ​តើ​ទស្សនៈ​នេះ​ត្រូវ​ដែរ​ឬ​អី?

១២, ១៣​. តើ​អ្វី​ជា​ទស្សនៈ​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា ហើយ​តើ​ទស្សនៈ​ទាំង​នេះ​ធ្វើ​ឲ្យ​ស្កប់​ចិត្ត​ជាង​ទស្សនៈ​នៃ​ជន​ឥត​ទាក់ទង​នឹង​សាសនា​ឬ​ទេ?

១២ មេ​ដឹក​នាំ​សាសនា​ជា​ច្រើន​នាក់​និយាយ​ថា គោល​បំណង​នៃ​ជីវិត​គឺ​ត្រូវ​រស់​នៅ​ធ្វើ​អំពើ​ល្អ ដើម្បី​ដល់​ពេល​ស្លាប់​ទៅ ព្រលឹង​គេ​អាច​ទៅ​រស់​អស់កល្បជានិច្ច​នៅ​ឯ​ស្ថានសួគ៌។ រីឯ​ផល​នៃ​មនុស្ស​អាក្រក់​វិញ គឺ​ត្រូវ​រង​ទារុណកម្ម​អស់កល្បជានិច្ច​ក្នុង​ភ្លើង​នរក។ ប៉ុន្តែ ស្រប​តាម​ជំនឿ​នេះ នៅ​លើ​ផែនដី​នឹង​មាន​តែ​ជីវិត​រស់​នៅ​ដ៏​មិន​ត្រូវ​ចិត្ត​ដដែល⁠ៗត​ទៅ ដូច​មាន​ស្រាប់​មក​ហើយ​ក្នុង​អស់​ទាំង​ប្រវត្ដិសាស្ត្រ។ តែ​បើ​ព្រះ​មាន​គោល​បំណង​ឲ្យ​មនុស្ស​រស់​នៅ​ក្នុង​ស្ថានសួគ៌​ដូច​ទេវតា​មែន ហេតុ​អ្វី​ក៏​ទ្រង់​មិន​បង្កើត​ពួក​គេ​តាម​ហ្នឹង​ទៅ ដូច​ដែល​ទ្រង់​បាន​បង្កើត​ពួក​ទេវតា​មក​នោះ?

១៣ សូម្បី តែ​ពួក​បព្វជិត​ក៏​មាន​ការ​ពិបាក​នឹង​ទស្សនៈ​បែប​នេះ​ដែរ។ បណ្ឌិត វ​. រ​. អ៊ីនធឺ ជា​អតីត​ព្រឹទ្ធ​សមាជិក​នៃ​មហា​វិហារ​សន្ត​ប៉ុល​នៅ​ក្រុង​​ឡនដុន មាន​ប្រសាសន៍​ថា⁠៖ «អស់​មួយ​ជីវិត​ហើយ ខ្ញុំ​បាន​ប្រឹងប្រែង​ស្វែង​រក​គោល​បំណង​នៃ​ជីវិត។ ខ្ញុំ​បាន​ខំ​ដោះ​ស្រាយ​បញ្ហា​បី​យ៉ាង ដែល​ហាក់​ដូច​ជា​សំខាន់​ជានិច្ច​ចំពោះ​ខ្ញុំ គឺ⁠៖ បញ្ហា​នៃ​ភាព​អស់កល្បជានិច្ច បញ្ហា​ខាង​បុគ្គលិកលក្ខណៈ​មនុស្ស និង​បញ្ហា​ខាង​អំពើ​អាក្រក់។ ខ្ញុំ​ឥត​បាន​ជោគជ័យ​ទេ សូម្បី តែ​បញ្ហា​មួយ​ក៏​ខ្ញុំ​ដោះ​ស្រាយ​មិន​បាន​ផង»។

អានុភាព

១៤, ១៥​. តើ​ទស្សនៈ​ដែល​មិន​ស្រប​គ្នា​មាន​អានុភាព​អ្វី​លើ​មនុស្ស​ជា​ច្រើន?

១៤ តើ​គំនិត​ដ៏​ច្រើន​ខុស⁠ៗគ្នា​ទាំង​នេះ​របស់​ពួក​អ្នកប្រាជ្ញ​និង​​មេដឹកនាំ​សាសនា​ចំពោះ​សំនួរ​អំពី​គោល​បំណង​នៃ​ជីវិត មាន​អានុភាព​យ៉ាង​ណា​ដែរ? មនុស្ស​ជា​ច្រើន​ឆ្លើយ​តប​ដូច​មនុស្ស​ចាស់​ម្នាក់​ដែល​ថា⁠៖ «ខ្ញុំ​បាន​សួរ​សឹង​តែ​មួយ​អាយូស​ហើយ ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​នៅ​ក្នុង​លោក​នេះ។ បើសិន​ជា​មាន​គោល​បំណង​មែន នោះ​ខ្ញុំ​ឥត​រវល់​ទៀត​ទេ»។

១៥ មនុស្ស​ជា​ច្រើន​ដែល​សង្កេត​មើល​ទស្សនៈ​ច្រើន​សន្ធឹក​ក្នុង​ចំណោម​សាសនា​ពិភពលោក សន្និដ្ឋាន​ថា មិន​ជា​ការ​សំខាន់​ទេ ចំពោះ​អ្វី​ដែល​បុគ្គល​ម្នាក់​ជឿ​នោះ។ គេ​យល់​ថា​សាសនា​គ្រាន់​តែ​ជា​ការ​បំបែរ​ចិត្ត​ប៉ុណ្ណោះ ជា​អ្វី​មួយ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​ដល់​ចិត្ត​និង​សេចក្ដី​សម្រាល​ទុក្ខ ដើម្បី​ឲ្យ​គេ​អាច​លៃលក​​ដោះស្រាយ​បញ្ហា​នៃ​ជីវិត។ អ្នក​ខ្លះ​ទៀត​យល់​ថា សាសនា​គឺ​គ្រាន់​តែ​ជា​ជំនឿ​ឆ្វេង​ប៉ុណ្ណោះ។ គេ​យល់​ថា​លទ្ធផល​នៃ​ការ​ស្មាន​របស់​សាសនា ជា​ច្រើន​សតវត្ស​មក​នេះ មិន​បាន​ឆ្លើយ​សំនួរ​អំពី​គោល​បំណង​ជីវិត​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​មនុស្ស​សាមញ្ញ​បាន​ប្រសើរ​ឡើង​ដែរ។ មែន​ហើយ ប្រវត្ដិសាស្ត្រ​បាន​បង្ហាញ​ថា សាសនា​នៃ​ពិភពលោក​នេះ​តែង​តែ​រារាំង​មនុស្ស​លោក​មិន​ឲ្យ​ចំរើន​ជឿនលឿន ហើយ​បាន​បណ្ដាល​ឲ្យ​កើត​មាន​ការ​ស្អប់​គ្នា​និង​សង្គ្រាម​ទៅ​វិញ។

១៦​. តើ​ការ​ស្វែង​រក​គោល​បំណង​នៃ​ជីវិត​ជា​ការ​សំខាន់​យ៉ាង​ណា?

១៦ ប៉ុន្តែ តើ​ជា​ការ​សំខាន់​ឬ​ទេ ក្នុង​ការ​ស្វែង​រក​សេចក្ដី​ពិត​អំពី​គោល​បំណង​ជីវិត​នោះ? លោក ​វីកតឺរ៍ ​ហ្វ្រែងល៍ ជា​អ្នក​មាន​វិជ្ជា​ជីវៈ​ខាង​សុខភាព​និង​ខាង​ចិត្ត បាន​មាន​ប្រសាសន៍​ឆ្លើយ​ថា⁠៖ «ការ​ខិតខំ​ស្វែង​រក​ន័យ​ក្នុង​ជីវិត គឺ​ជា​កម្លាំង​ដ៏​សំខាន់​បំផុត​ដែល​ជំរុញ​ចិត្ត​មនុស្ស។ . . . ខ្ញុំ​ហ៊ាន​និយាយ​ថា ក្នុង​លោកីយ៍​នេះ​គឺ​គ្មាន​អ្វី​ដ៏​ស័ក្ដិ​សិទ្ធិ ដែល​ជួយ​គេ​ឲ្យ​បាន​រួច​ផុត​ពី​ស្ថានភាព​ដ៏​ពិបាក​បំផុត ដូច​ការ​ដឹង​ថា​ជីវិត​គេ​មាន​ន័យ​នោះ​ឡើយ»។

១៧​. តើ​មាន​សំនួរ​អ្វី​ដែល​យើង​ត្រូវ​តែ​សួរ​ឥឡូវ​នេះ?

១៧ ពីព្រោះ​ទស្សនវិជ្ជា​របស់​មនុស្ស​និង​សាសនា​មិន​បាន​ពន្យល់​ឲ្យ​ត្រូវ​ចិត្ត​សោះ​អំពី​គោល​បំណង​នៃ​ជីវិត តើ​យើង​អាច​បែរ​ទៅ​ឯ​ណា​ទៀត ដើម្បី​ឲ្យ​ដឹង​ថា​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​នោះ? តើ​មាន​ប្រភព​នៃ​ប្រាជ្ញា​ដ៏​ប្រសើរ​ឧត្តម ដែល​អាច​ប្រាប់​យើង​នូវ​សេចក្ដី​ពិត​អំពី​រឿង​នេះ​ទេ?

បើ​គ្មាន​សេចក្ដី​បញ្ជាក់​ថែម​ទៀត​ទេ នោះ​បទ​គម្ពីរ​នៅ​ក្នុង​សៀវភៅ​ស្តើង​នេះ គឺ​បាន​ដក​ស្រង់​ចេញ​ពី​សេចក្ដី​បកប្រែ​ជា​ភាសា​ខ្មែរ ពី​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ ដែល​ផ្សាយ​ចេញ​ក្នុង​ឆ្នាំ​១៩៥៤។ បើ​មាន «ព.ថ.» នៅ​បន្ទាប់​ពី​បទ​គម្ពីរ​ណា នោះ​បញ្ជាក់​ថា​បទ​នោះ​បាន​ដក​ស្រង់​ចេញ​ពី សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ ជា​ភាសា​អង់គ្លេស។

[រូបភាព​នៅ​ទំព័រ​៤]

«រៀង​រាល់​ឆ្នាំ ផ្ទៃ​ព្រៃ​ឈើ​ទំហំ​ប៉ុន​ផ្ទៃ​ដី  [ប្រទេស​អង់គ្លេស] ទាំង​មូល បាន​ត្រូវ​កាប់​បំផ្លាញ»

[រូបភាព​នៅ​ទំព័រ​៥]

«ខ្ញុំ​បាន​សួរ​សឹង​តែ​មួយ​អាយូស​ហើយ ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​នៅ​ក្នុង​លោក​នេះ»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក