បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១០ ទំ. ១៨-២៣
  • ចូរបំពេញតាមគោលបំណងដែលនាំឲ្យជីវិតមានន័យខ្លឹមសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបំពេញតាមគោលបំណងដែលនាំឲ្យជីវិតមានន័យខ្លឹមសារ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្នក​មាន​គោល​បំណង​អ្វី?
  • តើ​អ្វី​ដែល​នាំ​ឲ្យ​សប្បាយ​នឹង​ជីវិត?
  • តើ​យើង​គួរ​លះ​ចោល​អ្វី​ខ្លះ?
  • កុំ‹ប្រើ​ប្រាស​លោកីយ​នេះ​ឲ្យ​ហួស​ខ្នាត​ទេ›
  • ចូរ​រក្សា​ទុក​គោល​បំណង​របស់​ព្រះ​ជា​អាទិ​ភាព​ក្នុង​ជីវិត​ចុះ!
  • តើព្រះចង់ឲ្យយើងមានជីវិតបែបណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • វិធីបំពេញតាមគោលបំណងរបស់ព្រះក្នុងជីវិតសព្វថ្ងៃនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ជីវិតដែលមានន័យខ្លឹមសារ នៅឥឡូវនេះនិងជារៀងរហូត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើអ្វីធ្វើឲ្យជីវិតមានន័យខ្លឹមសារ?
    សំណួរនិងចម្លើយពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១០ ទំ. ១៨-២៣

ចូរ​បំពេញ​តាម​គោល​បំណង​ដែល​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹមសារ

​«គួរ​ឲ្យ​ជីវិត​ទាំង​ឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះ​យេហូវ៉ា»។—ទំនុកដំកើង ១៥០:៦

១​. សូម​រៀប​រាប់​អំពី​របៀប​ដែល​បុរស​ម្នាក់​បាន​ស្វែង​រក​គោល​បំណង​ដែល​អាច​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹមសារ។

បុរស​ម្នាក់​ដែល​បាន​ធំ​ឡើង​នៅ​ប្រទេស​កូរ៉េ រំលឹក​ថា​៖ «ខ្ញុំ​បាន​រៀន​វិជ្ជា​ពេទ្យ​ពីព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ជួយ​មនុស្ស។ ខ្ញុំ​ក៏​គិត​ស្មាន​ថា ធ្វើ​ជា​គ្រូ​ពេទ្យ ខ្ញុំ​អាច​មាន​មុខ​មាត់​ធំ​និង​ប្រាក់​ខែ​ច្រើន នេះ​ហើយ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល។ បន្ដិច​ម្ដងៗ​ខ្ញុំ​ឃើញ​ថា គ្រូ​ពេទ្យ​គ្មាន​សមត្ថភាព​ជួយ​មនុស្ស​ទាំង​ស្រុង​ទេ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សង្ឃឹម​វិញ។ បន្ទាប់​មក ខ្ញុំ​រៀន​ធ្វើ​ជា​ជាង​គំនូរ តែ​គំនូរ​របស់​ខ្ញុំ​ក៏​មិន​ជួយ​អ្នក​ដទៃ​បាន​ច្រើន​ដែរ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​វិញ។ ក្រោយ​មក​ទៀត ខ្ញុំ​ធ្វើ​ជា​គ្រូ​បង្រៀន ហើយ​ក៏​យល់​ថា​គ្រូ​អាច​បង្រៀន​មេ​រៀន​មែន តែ​មិន​មាន​ឱកាស​ផ្ដល់​ការ​ណែនាំ​ដែល​ពិត​ជា​នាំ​ឲ្យ​មាន​សុភមង្គល​ទេ»។ ដូច​បុរស​នេះ មនុស្ស​ជា​ច្រើន​កំពុង​ស្វែង​រក​គោល​បំណង​ដែល​អាច​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹមសារ។

២​. (ក) តើ​យើង​ត្រូវ​ការ​អ្វី​ដើម្បី​ឲ្យ​មាន​គោល​បំណង​ដែល​អាច​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹមសារ? (ខ) តើ​អ្វី​បង្ហាញ​ថា ព្រះ​ដែល​បាន​បង្កើត​របស់​សព្វសារពើ​ពិត​ជា​មាន​គោល​បំណង​សម្រាប់​មនុស្ស​ជាតិ?

២ ដើម្បី​មាន​គោល​បំណង​ដែល​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹមសារ យើង​ត្រូវ​ការ​គោល​ដៅ​ជាក់លាក់​ដែល​ផ្ដល់​ហេតុ​ឲ្យ​យើង​សម្រេច​ការ​ផ្សេងៗ។ តើ​មនុស្ស​ពិត​ជា​អាច​មាន​គោល​បំណង​បែប​នេះ ដែល​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹមសារ​ឬ? យើង​អាច​មាន​មែន! ដោយសារ​យើង​មាន​សតិ​បញ្ញា ចេះ​វែកញែក​ហេតុ​ផល ហើយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន នេះ​បង្ហាញ​ថា​ព្រះ​ដែល​ជា​អ្នក​បង្កើត​មាន​គោល​បំណង​ក្នុង​ការ​បង្កើត​មនុស្ស​លោក។ អាស្រ័យ​ហេតុ​នេះ ជា​ការ​សម​ហេតុ​សម​ផល​ថា យើង​អាច​ស្វែង​យល់ ហើយ​បំពេញ​តាម​គោល​បំណង​ពិត​ដែល​យើង​គួរ​មាន​ក្នុង​ជីវិត ឲ្យ​តែ​យើង​មាន​របៀប​រស់​នៅ​សម​ស្រប​ទៅ​តាម​គោល​បំណង​ដើម​របស់​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វសារពើ។

៣​. តើ​គោល​បំណង​របស់​ព្រះ​ចំពោះ​មនុស្ស​រួម​បញ្ចូល​អ្វី​ខ្លះ?

៣ គម្ពីរ​រៀប​រាប់​អំពី​អ្វីៗ​ជា​ច្រើន​ដែល​ជាប់​ទាក់ទង​នឹង​គោល​បំណង​របស់​ព្រះ​ចំពោះ​យើង។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​មក​យ៉ាង​អស្ចារ្យ ហើយ​នេះ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែល​មិន​រក​តែ​ប្រយោជន៍​ទ្រង់​ផ្ទាល់​ទេ។ (ទំនុកដំកើង ៤០:៥; ១៣៩:១៤) បើ​ដូច្នេះ ការ​បំពេញ​តាម​គោល​បំណង​របស់​ព្រះ តម្រូវ​ឲ្យ​យើង​ស្រឡាញ់​មនុស្ស​ដទៃ​ដូច​ជា​ទ្រង់​ដែរ គឺ​ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ (យ៉ូហានទី១ ៤:៧​-​១១) ពេល​ដែល​យើង​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា នេះ​ក៏​ជួយ​យើង​ឲ្យ​រស់​សម​ស្រប​ទៅ​តាម​គោល​បំណង​របស់​ទ្រង់​ដែរ ដែល​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង។—សាស្ដា ១២:១៣; យ៉ូហានទី១ ៥:៣

៤​. (ក) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​គោល​បំណង​ដែល​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹមសារ? (ខ) តើ​អ្វី​ជា​គោល​បំណង​សំខាន់​ចម្បង​ដែល​មនុស្ស​យើង​អាច​បំពេញ​តាម?

៤ ព្រះ​យេហូវ៉ា​ក៏​មាន​គោល​បំណង​ឲ្យ​មនុស្ស​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខសាន្ត​ដែល​នាំ​ឲ្យ​មាន​សុភមង្គល។ ទ្រង់​ក៏​មាន​បំណង​មិន​ឲ្យ​មនុស្ស​ធ្វើ​បាប​សត្វ​និង​បង្ខូច​បរិស្ថាន។ (លោកុប្បត្តិ ១:២៦; ២:​១៥) ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​សុភមង្គល ចិត្ត​ស្ងប់​និង​ភាព​សុខសាន្ត? បើ​យើង​ចង់​បាន​ជីវិត​ដែល​ពិត​ជា​មាន​ន័យ​ខ្លឹមសារ​និង​គោល​បំណង​ផង យើង​ត្រូវ​ការ​ទំនាក់ទំនង​ល្អ​ជា​មួយ​បិតា​របស់​យើង​នៅ​ស្ថានសួគ៌។ នេះ​គឺ​ប្រហាក់​ប្រហែល​នឹង​កូន​ដែល​ត្រូវ​ការ​ឪពុក​ម្ដាយ​ឲ្យ​នៅ​ជិត ទើប​វា​សប្បាយ​ហើយ​មាន​អារម្មណ៍​សុខ​ស្រួល។ (ហេព្រើរ ១២:៩) ព្រះ​យេហូវ៉ា​បើក​ឱកាស​ឲ្យ​យើង​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ទ្រង់ ដោយ​ស្ដាប់​ការ​អធិស្ឋាន​របស់​យើង និង​អនុញ្ញាត​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់។ (យ៉ាកុប ៤:៨; យ៉ូហានទី១ ៥:១៤, ១៥) បើ​យើង​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​ក្លាយ​ជា​មិត្ត​សម្លាញ់​របស់​ទ្រង់ ហាក់​ដូច​ជា​យើង​កំពុង‹ដើរ​ជា​មួយ​នឹង​ទ្រង់› នោះ​យើង​អាច​លើក​តម្កើង​បិតា​របស់​យើង​នៅ​ស្ថានសួគ៌ និង​នាំ​ឲ្យ​ទ្រង់​មាន​អំណរ​ផង។ (លោកុប្បត្តិ ៦:៩; សុភាសិត ២៣:​១៥, ១៦; យ៉ាកុប ២:២៣) នេះ​ហើយ​ជា​គោល​បំណង​សំខាន់​ចម្បង​ដែល​មនុស្ស​យើង​អាច​បំពេញ​តាម។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​ថា​៖ «គួរ​ឲ្យ​ជីវិត​ទាំង​ឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះ​យេហូវ៉ា»។—ទំនុកដំកើង ១៥០:៦

តើ​អ្នក​មាន​គោល​បំណង​អ្វី?

៥​. ហេតុ​អ្វី​ក៏​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​គ្មាន​ប្រយោជន៍?

៥ ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ឲ្យ​យើង​ថែរក្សា​ខ្លួន និង​ថែទាំ​ក្រុម​គ្រួសារ​របស់​ខ្លួន​យើង​ផង។ នេះ​រួម​បញ្ចូល​ការ​ចិញ្ចឹម​ជីវិត និង​ការ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ប៉ុន្តែ យើង​ត្រូវ​ចេះ​គិត​ថ្លឹង​ថ្លែង​ស្តី​អំពី​ការ​ចិញ្ចឹម​ជីវិត ដោយ​មិន​ចំណាយ​ពេល​និង​គិត​ច្រើន​ពេក​អំពី​រឿង​ទាំង​នោះ ដល់​ម្ល៉េះ​បាន​ជា​យើង​លែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​សំខាន់​ជាង ពោល​គឺ ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ (ម៉ាថាយ ៤:៤; ៦:៣៣) គួរ​ឲ្យ​ស្ដាយ​ណាស់! មនុស្ស​ជា​ច្រើន​ចេះ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ប៉ុណ្ណោះ។ ប៉ុន្តែ ការ​ផ្អែក​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​ស្រុង មិន​អាច​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹមសារ​ទេ។ ការ​ស្ទង់​មតិ​មហា​សេដ្ឋី​នៅ​ទ្វីប​អាស៊ី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា​ពួក​គេ​ភាគ​ច្រើន​ចេះ​តែ​«ភ័យ​ព្រួយ ព្រម​ទាំង​ខ្វះ​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន សូម្បី​តែ​ពួក​គេ​មាន​មុខ​មាន​មាត់​ជា​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ស្តុកស្តម្ភ​ក្ដី»។—សាស្ដា ៥:១១

៦​. តើ​ព្រះ​យេស៊ូ​បាន​ជូន​យោបល់​អ្វី​ស្តី​អំពី​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ?

៦ ព្រះ​យេស៊ូ​ធ្លាប់​មាន​ប្រសាសន៍​អំពី​«សេចក្ដី​ឆបោក​របស់​ទ្រព្យ​សម្បត្ដិ»។ (ម៉ាកុស ៤:១៩) តើ​ទ្រព្យ​សម្បត្ដិ​អាច​បោក​បញ្ឆោត​យើង​យ៉ាង​ណា? គឺ​ដោយ​ធ្វើ​ឲ្យ​យើង​គិត​ថា ទ្រព្យ​សម្បត្ដិ​នាំ​ឲ្យ​មាន​សុភមង្គល។ ប៉ុន្តែ តាម​ការ​ពិត សុភមង្គល​មិន​ផ្អែក​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ទេ។ ស្តេច​សាឡូម៉ូន​ជា​អ្នកប្រាជ្ញ​មាន​ប្រសាសន៍​ថា​៖ «អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ»។ (សាស្ដា ៥:១០) បើ​យើង​មាន​គោល​ដៅ​ប្រមូល​ទ្រព្យ​សម្បត្ដិ តើ​យើង​អាច​បំពេញ​តាម​គោល​ដៅ​នោះ​និង​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត​បាន​ទេ? អត់​បាន​ទេ។ ព្រះ​យេស៊ូ​ពន្យល់​ថា​៖ «គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១​ហើយ​ស្រឡាញ់​១ ឬ​ស្មោះ​ត្រង់​នឹង​១​ហើយ​មើលងាយ​១។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ​នឹង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ»។ ព្រះ​យេស៊ូ​ដាស់​តឿន​អ្នក​កាន់​តាម​ទ្រង់​ថា មិន​គប្បី​ឲ្យ​ពួក​គេ​ប្រមូល​ទ្រព្យ​សម្បត្ដិ​នៅ​ផែនដី​ទេ តែ​ពួក​គេ​គួរ​«ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សំ​រាប់​ខ្លួន​នៅ​ឯ​ស្ថានសួគ៌​វិញ»។ នេះ​មាន​ន័យ​ថា ពួក​គេ​គួរ​ព្យាយាម​បង្កើត​ឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល‹ជ្រាប​នូវ​របស់​អ្វី​ដែល​មនុស្ស​ត្រូវ​ការ មុន​ដែល​ពួក​គេ​សូម​ផង›។—ម៉ាថាយ ៦:៨, ១៩​-​២៥

៧​. តើ​យើង​អាច​«ចាប់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច»​ដោយ​របៀប​ណា?

៧ ពេល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ជូន​ចំពោះ​ប្អូន​ធីម៉ូថេ​ដែល​ធ្លាប់​ធ្វើ​ការ​ជា​មួយ​នឹង​គាត់ ប៉ុល​ជូន​ឱវាទ​យ៉ាង​ម៉ឺងម៉ាត់​ស្តី​អំពី​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ។ ប៉ុល​ប្រាប់​ធីម៉ូថេ​ថា​៖ «ចូរ​ហាមប្រាម​ដល់​ពួក​អ្នក​មាន . . . កុំ​ឲ្យ​គេ . . . ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ទៀង​នោះ​ឡើយ [តែ]​ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។ ចូរ . . . ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង។ យ៉ាង​នោះ​ឯង ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំ​រាប់​ខ្លួន​ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច»​ដែល​គ្មាន​ទី​បញ្ចប់។—ធីម៉ូថេទី១ ៦:១៧​-​១៩

តើ​អ្វី​ដែល​នាំ​ឲ្យ​សប្បាយ​នឹង​ជីវិត?

៨​. (ក) ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​ចេះ​តែ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​និង​មុខ​មាត់​ធំដុំ? (ខ) តើ​អ្នក​ទាំង​នោះ​មិន​ទទួល​ស្គាល់​អ្វី?

៨ ពេល​និយាយ​អំពី​អ្វី​ដែល​នាំ​ឲ្យ​សប្បាយ​នឹង​ជីវិត មនុស្ស​ជា​ច្រើន​គិត​ពី​របៀប​រស់​នៅ​ដ៏​ហ៊ឺហា ថែម​ទាំង​មាន​ការ​កម្សាន្ត​សប្បាយ។ ទស្សនាវដ្ដី​មួយ​នៅ​ទ្វីប​អាស៊ី​កត់​សម្គាល់​ថា​៖ «ពេល​មើល​ភាពយន្ត​និង​ទូរទស្សន៍ មនុស្ស​បង្កើត​ឲ្យ​មាន​ចំណង់​ចង់​បាន​អ្វី​ដែល​ពួក​គេ​មើល​ឃើញ ថែម​ទាំង​ស្រមៃ​គិត​ពី​អ្វី​ដែល​ពួក​គេ​សង្ឃឹម​ថា​នឹង​មាន​នៅ​ពេល​អនាគត»។ មនុស្ស​ជា​ច្រើន​មាន​គោល​ដៅ​ស្វែង​រក​តែ​ទ្រព្យ​សម្បត្ដិ​និង​មុខ​មាត់​ធំដុំ​ជា​អ្វី​ដែល​សំខាន់​ចម្បង​ក្នុង​ជីវិត។ តាំង​ពី​ក្មេង​មក ពួក​គេ​ស្វែង​រក​របស់​ទាំង​នោះ ដោយ​មិន​គិត​ដល់​សុខភាព ជីវភាព​ក្រុម​គ្រួសារ​និង​គោលការណ៍​សីលធម៌​ជា​ដើម។ កម្រ​ណាស់​ដែល​មនុស្ស​ទទួល​ស្គាល់​ថា សាតាំង​កំពុង​មាន​ឥទ្ធិពល​ទៅ​លើ​ពួក​គេ ដោយ​ញុះញង់​មនុស្ស​ក្នុង​ពិភពលោក​នេះ​ឲ្យ​គិត​តែ​ពី​ការ​សប្បាយ ដែល​ប្រឆាំង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្ស​ជាតិ។ (កូរិនថូសទី១ ២:១២; អេភេសូរ ២:២) អាស្រ័យ​ហេតុ​នេះ ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ ដែល​ពិភពលោក​នេះ​សម្បូរ​ទៅ​ដោយ​មនុស្ស​ដែល​មិន​មាន​សុភមង្គល!—សុភាសិត ១៨:១១; ២៣:៤, ៥

៩​. តើ​មនុស្ស​មិន​អាច​សម្រេច​អ្វី? ហេតុ​អ្វី?

៩ ចុះ​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​លះបង់​ប្រយោជន៍​ខ្លួន​ឯង​ដើម្បី​ជួយ​អ្នក​ដទៃ ដោយ​ព្យាយាម​ទប់​ស្កាត់​កង្វះ​អាហារ ជំងឺ​តម្កាត់​និង​ភាព​មិន​ស្មើ​គ្នា​ជា​ដើម? តាម​ពិត ស្មារតី​លះបង់​របស់​ពួក​គេ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ជីវិត​ធូរធារ​មែន! ប៉ុន្តែ ទោះ​បើ​សប្បុរស​ជន​ខំ​ព្យាយាម​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ពួក​គេ​មិន​អាច​ប្ដូរ​សង្គម​នេះ​ឲ្យ​ទៅ​ជា​ល្អ​និង​យុត្ដិធម៌​បាន​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​ពិភពលោក​«ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​[ឬ​«ស្ថិត​នៅ​ក្រោម​អំណាច»]​នៃ​មេ​កំណាច» គឺ​សាតាំង ហើយ​វា​ក៏​មិន​ចង់​ឲ្យ​សង្គម​នេះ​លូត​លាស់​ប្រសើរ​ជាង​ដែរ។—យ៉ូហានទី១ ៥:១៩; ខ.ស.

១០​. តើ​មនុស្ស​ស្មោះ​ត្រង់​អាច​សប្បាយ​នឹង​ជីវិត​ដែល​ស្រប​ទៅ​តាម​គោល​បំណង​របស់​ព្រះ​នៅ​ពេល​ណា?

១០ គួរ​ឲ្យ​អាណិត​ណាស់! អស់​អ្នក​ដែល​គ្មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ពេល​អនាគត។ ប៉ុល​បាន​សរសេរ​ថា​៖ «បើសិន​ជា​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះ​គ្រីស្ទ​នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា​លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត»។ មនុស្ស​ដែល​ជឿ​ថា មាន​ជីវិត​មួយ​រយៈ​នេះ​តែ​ប៉ុណ្ណោះ ក៏​មាន​ទស្សនៈ​ថា​៖ «ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ! ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ»។ (កូរិនថូសទី១ ១៥:១៩, ៣២) ប៉ុន្តែ តាម​ការ​ពិត មនុស្ស​យើង​អាច​មាន​អនាគត​ល្អ​បាន។ គម្ពីរ​រៀប​រាប់​ថា ស្រប​ទៅ​តាម‹សេចក្ដី​សន្យា​របស់​ព្រះ› នោះ​«យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី​នឹង​ផែនដី​ថ្មី ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត​វិញ»។ (ពេត្រុសទី២ ៣:​១៣) នៅ​គ្រា​នោះ គ្រិស្ត​សាសនិក​ទាំង​ឡាយ​អាច​សប្បាយ​នឹង​«ជីវិត​អស់កល្ប​ជានិច្ច»​ដែល​គ្មាន​ទីបញ្ចប់ និង​មាន​ភាព​ល្អ​ឥតខ្ចោះ ហើយ​រស់​ជា​រៀង​រហូត មិន​ថា​នៅ​ឯ​ស្ថានសួគ៌ ឬ​ក្រោម​ការ​គ្រប់គ្រង​នៃ​រាជ​រដ្ឋាភិបាល​របស់​ព្រះ​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់។—ធីម៉ូថេទី១ ៦:១២

១១​. ហេតុ​អ្វី​ក៏​ការ​ព្យាយាម​បំពេញ​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​ទ្រង់​មាន​ប្រយោជន៍?

១១ មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយ​បញ្ហា​គ្រប់​សព្វ​របស់​មនុស្ស​ជាតិ។ អាស្រ័យ​ហេតុ​នេះ ការ​ព្យាយាម​បំពេញ​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​ទ្រង់ ជា​គោល​បំណង​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត។ (យ៉ូហាន ៤:៣៤) ពេល​ធ្វើ​កិច្ចការ​នោះ យើង​អាច​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​បិតា​របស់​យើង​នៅ​ស្ថានសួគ៌។ យើង​ក៏​មាន​អំណរ​ពេល​ធ្វើ​ការ​ជា​មួយ​បងប្អូន​រួម​ជំនឿ​រាប់​លាន​នាក់​ដែល​មាន​គោល​បំណង​ដូច​គ្នា​ដែរ។

តើ​យើង​គួរ​លះ​ចោល​អ្វី​ខ្លះ?

១២​. សូម​ពន្យល់​អំពី​លក្ខណៈ​ខុស​គ្នា​រវាង​ជីវិត​ក្នុង​ពិភពលោក​នេះ និង​ជីវិត​ក្រោម​ការ​គ្រប់គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ។

១២ គម្ពីរ​ប្រកាស​ឲ្យ​ដឹង​ថា ពិភពលោក​នេះ​និង​«សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ»។ អ្វីៗ​ទាំង​អស់​ក្នុង​ពិភពលោក​របស់​សាតាំង​នឹង​វិនាស​ទៅ រួម​ទាំង​ទ្រព្យ​សម្បត្ដិ​និង​អ្នក​ដែល​មាន​មុខ​មាត់​ធំដុំ។ ប៉ុន្តែ «អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ»។ (យ៉ូហានទី១ ២:១៥​-​១៧) មនុស្ស​ក្នុង​ពិភពលោក​នេះ​ចេះ​តែ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ដែល​ជា​របស់​មិន​ទៀង ឈ្មោះ​ល្បី​ល្បាញ​ដែល​មាន​តែ​មួយ​ភ្លែត និង​ការ​សប្បាយ​ដែល​គ្មាន​ន័យ​ខ្លឹមសារ​សោះ។ ចំពោះ​យើង​វិញ ការ​លះបង់​ដើម្បី​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទីបញ្ចប់​ក្រោម​ការ​គ្រប់គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ គឺ​សំខាន់​ជាង។ ប៉ុន្តែ ពេល​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​គួរ​នឹង​លះ​ចោល​នោះ យើង​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ដែរ។

១៣​. តើ​ស្វាមី​ភរិយា​មួយ​គូ​នេះ​បាន​លះ​ចោល​អ្វី​ខ្លះ​ដែល​គួរ​នោះ?

១៣ សូម​កត់​សម្គាល់​អ្វី​ដែល​ស្វាមី​ភរិយា​មួយ​គូ​នេះ​បាន​ធ្វើ។ ពួក​គាត់​មាន​ជំនឿ​ស៊ប់​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា អស់​អ្នក​ដែល​រក្សា​ទុក​រាជាណាចក្រ​របស់​ទ្រង់​ជា​អាទិ​ភាព​ក្នុង​ជីវិត នឹង​ទទួល​ជំនួយ​ពី​ទ្រង់​វិញ។ (ម៉ាថាយ ៦:៣៣) អាស្រ័យ​ហេតុ​នេះ ពួក​គាត់​បាន​សម្រេច​ចិត្ត​រស់​នៅ​ក្នុង​ផ្ទះ​មួយ​យ៉ាង​សមរម្យ ដែល​មាន​ន័យ​ថា មិន​ចាំបាច់​ឲ្យ​គាត់​ទាំង​ពីរ​នាក់​ធ្វើ​ការ​ច្រើន​ទេ។ ដូច្នេះ ពួក​គាត់​អាច​ចំណាយ​ពេល​កាន់​តែ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ ជា​មួយ​នឹង​កូន​ស្រី​ទាំង​ពីរ​នាក់។ (ហេព្រើរ ១៣:១៥, ១៦) ពួក​ម៉ាក​ម្នាក់​មិន​យល់​អំពី​មូលហេតុ​ដែល​ពួក​គាត់​សម្រេច​ចិត្ត​រស់​នៅ​ក្នុង​ផ្ទះ​ធម្មតា​បែប​នោះ។ ដូច្នេះ គាត់​ប្រាប់​បង​ស្រី​ដោយ​បំណង​ចិត្ត​ល្អ​ថា​៖ «បើ​ឯង​ចង់​បាន​ផ្ទះ​ស្អាត​ជាង ឯង​ត្រូវ​លះ​ចោល​អ្វី​ខ្លះ»។ យ៉ាង​ណា​ក៏​ដោយ គូ​ស្វាមី​ភរិយា​នេះ​ដឹង​ថា ពេល​ដែល​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​មាន​អាទិ​ភាព​ក្នុង​ជីវិត នោះ​ទ្រង់​ក៏​«សន្យា»​ថា ពួក​គាត់​អាច​ទទួល​«ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង»។ (ធីម៉ូថេទី១ ៤:៨; ទីតុស ២:១២) ពេល​កូន​ស្រី​របស់​ពួក​គាត់​បាន​ធំ​ឡើង ពួក​គេ​ក៏​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ពេញ​ពេល​ដែរ។ ជា​ក្រុម​គ្រួសារ ពួក​គាត់​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ថា ការ​ខំ​បំពេញ​តាម​គោល​បំណង​ចង់​ទទួល​ជីវិត​ក្រោម​ការ​គ្រប់គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ នោះ​មិន​នាំ​ឲ្យ​ពួក​គាត់​ខ្វះ​ខាត​អ្វី​ដ៏​ល្អ​សោះ តែ​នាំ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​វិញ។—ភីលីព ៣:៨; ធីម៉ូថេទី១ ៦:៦​-​៨

កុំ‹ប្រើ​ប្រាស​លោកីយ​នេះ​ឲ្យ​ហួស​ខ្នាត​ទេ›

១៤​. បើ​យើង​ភ្លេច​គោល​បំណង​ពិត​ក្នុង​ជីវិត តើ​យើង​អាច​រង​គ្រោះថ្នាក់​អ្វី​ខ្លះ?

១៤ បើ​យើង​ភ្លេច​គោល​បំណង​ពិត​ក្នុង​ជីវិត ហើយ​មិន​រក្សា​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​រឹង​មាំ​ចំពោះ​ជីវិត​ក្រោម​ការ​គ្រប់គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ នោះ​យើង​អាច​រង​គ្រោះថ្នាក់​វិញ។ ‹សេចក្ដី​ខ្វល់ខ្វាយ ទ្រព្យ​សម្បត្ដិ នឹង​សេចក្ដី​ស្រើបស្រាល​នៅ​ជីវិត​នេះ› អាច​«ចូល​មក​ខ្ទប់​ជិត»​យើង។ (លូកា ៨:១៤) បើ​យើង​មិន​ទប់​ចិត្ត​ដែល​ចេះ​តែ​ចង់​ប្រមូល​វត្ថុ​ទ្រព្យ ឬ​មួយ​ក៏​«ខ្វល់ខ្វាយ»​ច្រើន​ពេក​អំពី​ការ​ចិញ្ចឹម​ជីវិត នេះ​អាច​នាំ​ឲ្យ​យើង​ចូល​ប្រឡូក​ហួស​ប្រមាណ​ក្នុង​ពិភពលោក​នេះ។ (លូកា ២១:៣៤) គួរ​ឲ្យ​ស្ដាយ​ណាស់! បងប្អូន​ខ្លះ​បាន​ចុះ​ញ៉ម​ទៅ​តាម​បរិយាកាស​ដែល​នាំ​ឲ្យ​ជក់​ស្លុង​នឹង​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ ហើយ​ជា​លទ្ធផល​នោះ បាន​«លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ​ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»។ អ្នក​ខ្លះ​ក៏​បាន​រង​ទុក្ខ​រហូត​ដល់​បាត់បង់​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ដែរ។ ពួក​គេ​ពិត​ជា​បាន​បង់​ប្រយោជន៍​មែន! ដោយ​មិន​កាន់​ខ្ជាប់​នឹង​សេចក្ដី​សង្ឃឹម​ដើម្បី​ទទួល​«ជីវិត​អស់កល្ប​ជានិច្ច»។—ធីម៉ូថេទី១ ៦:៩, ១០, ១២; សុភាសិត ២៨:២០

១៥​. តើ​ក្រុម​គ្រួសារ​មួយ​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ដោយ​មិន‹ប្រើ​ប្រាស​លោកីយ​នេះ​ឲ្យ​ហួស​ខ្នាត›?

១៥ ចំពោះ​អស់​អ្នក​ដែល​«ប្រើ​ប្រាស​លោកីយ»​នេះ ប៉ុល​បាន​ជូន​យោបល់​ថា ពួក​គេ‹មិន​គួរ​ប្រើ​វា​ហួស​ខ្នាត​ទេ›។ (កូរិនថូសទី១ ៧:​៣១) ស្វាមី​ភរិយា​មួយ​គូ​បាន​ធ្វើ​តាម​យោបល់​នេះ។ បង​ប្រុស​ពន្យល់​ថា​៖ «ពេល​រៀន​ជិត​ចប់​នូវ​វិជ្ជា​ពេទ្យ​ធ្មេញ ខ្ញុំ​បាន​ក្លាយ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ ខ្ញុំ​អាច​សម្រេច​ចិត្ត​ព្យាបាល​អ្នក​ជំងឺ​ច្រើន​នាក់ ហើយ​ប្រមូល​លុយ​ច្រើន​ផង​ដែរ តែ​នេះ​នឹង​រារាំង​កិច្ច​បម្រើ​ព្រះ​បន្ដិច។ ដូច្នេះ ខ្ញុំ​សម្រេច​ចិត្ត​ព្យាបាល​អ្នក​ជំងឺ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​នេះ​អនុញ្ញាត​ឲ្យ​ខ្ញុំ​មាន​ពេល​ច្រើន​ជាង​ដើម្បី​ជួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ ខាង​ផ្លូវ​ចិត្ត​និង​ក្នុង​កិច្ច​បម្រើ​ព្រះ​ដែរ។ នៅ​ទីបំផុត​ខ្ញុំ​មាន​កូន​ស្រី​ប្រាំ​នាក់។ យើង​បាន​រៀន​ឲ្យ​ចេះ​សន្សំ​សំចៃ ពីព្រោះ​កម្រ​ណាស់​ដែល​យើង​មាន​ថវិកា​លើស​ពី​អ្វី​ដែល​យើង​ត្រូវ​ការ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ដែល​ខ្វះ​ខាត​អ្វី​ឡើយ។ យើង​មាន​ភាព​ជិត​ស្និទ្ធ​និង​អារម្មណ៍​កក់ក្ដៅ​ជា​ក្រុម​គ្រួសារ ហើយ​ជីវិត​យើង​ពេញ​ទៅ​ដោយ​អំណរ។ នៅ​ទីបំផុត យើង​រាល់​គ្នា​បាន​ចុះ​ឈ្មោះ​ជា​អ្នក​ផ្សព្វផ្សាយ​ពេញ​ពេល។ ឥឡូវ កូន​ស្រី​ទាំង​អស់​របស់​យើង​បាន​រៀប​ការ​និង​មាន​សុភមង្គល ហើយ​បី​នាក់​ក៏​មាន​កូន​ផង។ ក្រុម​គ្រួសារ​របស់​ពួក​គេ​ក៏​មាន​សុភមង្គល​ដែរ ពីព្រោះ​ពួក​គេ​រក្សា​ទុក​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ជា​អាទិ​ភាព​ក្នុង​ជីវិត»។

ចូរ​រក្សា​ទុក​គោល​បំណង​របស់​ព្រះ​ជា​អាទិ​ភាព​ក្នុង​ជីវិត​ចុះ!

១៦, ១៧​. តើ​គម្ពីរ​រៀប​រាប់​អំពី​មនុស្ស​ណា​ខ្លះ​ដែល​ជា​អ្នក​ស្ទាត់​ជំនាញ? តើ​ពួក​គាត់​ច្រើន​តែ​មាន​ឈ្មោះ​ល្បី​ដោយសារ​អ្វី?

១៦ គម្ពីរ​រៀប​រាប់​អំពី​មនុស្ស​ជា​ច្រើន​ទុក​ជា​គំរូ ខ្លះ​បាន​រស់​សម​ស្រប​ទៅ​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ហើយ​ខ្លះ​ទៀត​មិន​បាន​ធ្វើ​តាម​គោល​បំណង​របស់​ព្រះ​ទេ។ មនុស្ស​គ្រប់​អាយុ មិន​ថា​មាន​កាលៈទេសៈ​ណា​ក្នុង​ជីវិត ឬ​មាន​ទំនៀម​ទម្លាប់​បែប​ណា​ក៏​ដោយ អាច​ទាញ​យក​មេ​រៀន​ល្អៗ​ពី​គំរូ​ទាំង​នោះ។ (រ៉ូម ១៥:៤; កូរិនថូសទី១ ១០:៦, ១១) ជា​ឧទាហរណ៍ បុរស​ឈ្មោះ​នីមរ៉ុឌ បាន​សាង​សង់​ទី​ក្រុង​ធំៗ​មួយ​ចំនួន ប៉ុន្តែ​គាត់​សម្រេច​ការ​នោះ​ខុស​ពី​បំណង​ចិត្ត​ព្រះ​យេហូវ៉ា។ (លោកុប្បត្តិ ១០:៨​-​១២) យ៉ាង​ណា​ក៏​ដោយ បុរស​ឯ​ទៀត​បាន​តាំង​គំរូ​ល្អ​វិញ។ ជា​ឧទាហរណ៍ លោក​ម៉ូសេ​មិន​មាន​បំណង​ចង់​រក្សា​ការពារ​មុខ​តំណែង​ជា​អ្នក​ធំ​នៅ​ស្រុក​អេស៊ីប​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ចាត់​ទុក​ភារកិច្ច​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​«ជា​ទ្រព្យ​សម្បត្ដិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅ​ស្រុក​អេស៊ីព្ទ»។ (ហេព្រើរ ១១:២៦) ក្នុង​នាម​ជា​គ្រូ​ពេទ្យ យើង​មិន​សង្ស័យ​ថា​លោក​លូកា​បាន​ជួយ​ព្យាបាល​ជំងឺ​របស់​ប៉ុល​និង​បងប្អូន​ឯ​ទៀត​ដែរ។ យ៉ាង​ណា​ក៏​ដោយ កិច្ចការ​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត​ក្នុង​ជីវិត​គាត់ គឺ​កិច្ចការ​ផ្សព្វផ្សាយ​និង​ការ​រួម​ដៃ​សរសេរ​គម្ពីរ។ រីឯ​ប៉ុល គាត់​មិន​មាន​ឈ្មោះ​ល្បី​ជា​អ្នកប្រាជ្ញ​ច្បាប់​ទេ តែ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​សាសនទូត ហើយ​ជា​«សា​វក​ដល់​សាសន៍​ដទៃ»។—រ៉ូម ១១:១៣

១៧ ពេល​ឮ​ឈ្មោះ​ដាវីឌ យើង​មិន​សូវ​គិត​ពី​សមត្ថភាព​របស់​គាត់​ជា​មេទ័ព អ្នក​តែង​បទ​ចម្រៀង​ឬ​អ្នក​លេង​ភ្លេង​ទេ តែ​នឹក​ចាំ​ពី​គាត់​ជា‹មនុស្ស​ម្នាក់​ដែល​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា›។ (សាំយូអែលទី១ ១៣:១៤) យើង​ស្គាល់​លោក​ដានីយ៉ែល មិន​មែន​ជា​រាជការ​ម្នាក់​នៅ​ស្រុក​បាប៊ីឡូន តែ​ជា​អ្នក​ដែល​មាន​ភក្ដីភាព​ក្នុង​កិច្ច​បម្រើ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ។ រីឯ​នាងអេសធើរ យើង​មិន​ចំណាំ​នាង​ជា​មហាក្សត្រី​នៅ​ស្រុក​ពើ​ស៊ី​ទេ តែ​នឹក​គិត​ពី​គំរូ​របស់​នាង​ជា​អ្នក​ដែល​មាន​ជំនឿ​មាំមួន​និង​ចិត្ត​ក្លាហាន។ ឈ្មោះ​ពេត្រុស អនទ្រេ យ៉ាកុប​និង​យ៉ូហាន​មិន​នាំ​ឲ្យ​យើង​គិត​ពី​បុរស​ដែល​ពូកែ​នេសាទ​ត្រី​ទេ តែ​ពួក​គាត់​មាន​ឈ្មោះ​ល្បី​ជា​សាវ័ក​របស់​ព្រះ​យេស៊ូ។ គំរូ​ដ៏​ប្រសើរ​បំផុត​គឺ​ព្រះ​យេស៊ូ ពីព្រោះ​យើង​មិន​សូវ​គិត​ពី​កិច្ចការ​របស់​ទ្រង់​ជា​«ជាង​ឈើ»​ទេ តែ​គិត​ពី​មុខ​នាទី​របស់​ទ្រង់​ជា​«ព្រះ​គ្រីស្ទ»​វិញ។ (ម៉ាកុស ៦:៣; ម៉ាថាយ ១៦:១៦) បុរស​និង​ស្ត្រី​ទាំង​នេះ​បាន​យល់​ច្បាស់​ថា ទោះ​ជា​ពួក​គាត់​ពូកែ​ធ្វើ​អ្វី​ក៏​ដោយ ហើយ​មាន​ទ្រព្យ​សម្បត្ដិ​និង​មុខ​មាត់​ធំ​ក្ដី នោះ​មុខ​របរ​និង​អាជីព​របស់​ពួក​គាត់​មិន​គួរ​ចាត់​ទុក​ជា​អ្វី​ដែល​សំខាន់​បំផុត​ទេ តែ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​គួរ​មាន​អាទិ​ភាព​ក្នុង​ជីវិត​ទៅ​វិញ។ ពួក​គាត់​ជ្រាប​ថា គោល​បំណង​ដ៏​ប្រសើរ​បំផុត​ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​ជាង​គេ គឺ​ឲ្យ​ពួក​គាត់​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​កោត​ខ្លាច។

១៨​. តើ​គ្រិស្ត​សាសនិក​ម្នាក់​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​ក្នុង​ជីវិត? តើ​គាត់​យល់​យ៉ាង​ណា?

១៨ នៅ​ទីបំផុត បុរស​នៅ​ប្រទេស​កូរ៉េ​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ ក៏​យល់​ចំណុច​នេះ​ដែរ។ គាត់​ពន្យល់​ថា​៖ «ជា​ជាង​ផ្ដោត​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​កិច្ចការ​ជា​គ្រូ​ពេទ្យ គ្រូ​បង្រៀន​និង​ជាង​គំនូរ​នោះ ខ្ញុំ​សម្រេច​ចិត្ត​រស់​នៅ​ស្រប​ទៅ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​ខ្ញុំ​ចំពោះ​ព្រះ។ ឥឡូវ​ខ្ញុំ​បម្រើ​ការ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​បង្រៀន​គម្ពីរ​ច្រើន​ជាង ហើយ​ខ្ញុំ​កំពុង​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទីបញ្ចប់។ ពី​មុន​ខ្ញុំ​គិត​ថា កិច្ចការ​ផ្សព្វផ្សាយ​ពេញ​ពេល​មិន​អាច​គាប់​ចិត្ត​ខ្ញុំ​បាន​ទេ ពីព្រោះ​ស្រួល​ធ្វើ​ពេក។ ប៉ុន្តែ ឥឡូវ​នេះ​ខ្ញុំ​ឃើញ​ថា​កិច្ចការ​នោះ​មិន​សូវ​ស្រួល​ទេ តែ​តម្រូវ​ឲ្យ​ខ្ញុំ​កែ​ប្រែ​លក្ខណៈ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ឡើង ហើយ​ខំ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​ច្រើន​ថែម​ទៀត​ក្នុង​ការ​ជួយ​បង្រៀន​មនុស្ស​ដែល​មាន​ទំនៀម​ទម្លាប់​ខុសៗ​គ្នា។ ខ្ញុំ​ទទួល​ស្គាល់​ថា ពេល​ដែល​យើង​ក្រសោប​យក​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ទុក​ជា​គោល​បំណង​របស់​យើង នោះ​ហើយ​ជា​វិធី​តែ​មួយ​គត់​ដែល​ជីវិត​យើង​អាច​មាន​ន័យ​ខ្លឹមសារ​បាន»។

១៩​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​បំពេញ​តាម​គោល​បំណង​ពិត​ក្នុង​ជីវិត?

១៩ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​មាន​ឯកសិទ្ធិ​ពិសេស​ជា​អ្នក​ដែល​ស្គាល់​ព្រះ ហើយ​មាន​ចំណេះ​ដែល​ផ្ដល់​ហេតុ​ឲ្យ​យើង​សង្ឃឹម​ទទួល​សេចក្ដី​សង្គ្រោះ។ (យ៉ូហាន ១៧:៣) បើ​ដូច្នេះ កុំ​ឲ្យ​យើង​«ទទួល​ព្រះ​គុណ​របស់​ព្រះ​ដោយ​បែប​ឥត​ប្រយោជន៍» ឬ​«ទុក​ចោល​ជា​អសារ​ឥត​ការ​ឡើយ»។ (កូរិនថូសទី២ ៦:១; ខ.ស.) ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​យើង​យក​ពេល​ដែល​មាន​តម្លៃ​ក្នុង​ជីវិត​យើង​សរសើរ​ព្រះ​យេហូវ៉ា​ចុះ! ចូរ​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​ចំណេះ​ដែល​អាច​នាំ​ឲ្យ​ពួក​គេ​មាន​សុភមង្គល​ឥឡូវ​នេះ និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ពេល​អនាគត​ផង។ ពេល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ពិសោធ​នូវ​សច្ចភាព​នៃ​ពាក្យ​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «[ការ]​ឲ្យ នោះ​បាន​ពរ​ជាជាង​ទទួល»។ (កិច្ចការ ២០:៣៥) ណា​មួយ​ទៀត នេះ​នឹង​នាំ​ឲ្យ​យើង​បំពេញ​គោល​បំណង​ពិត​ក្នុង​ជីវិត។

តើ​អ្នក​អាច​ពន្យល់​ទេ?

• តើ​អ្វី​ជា​គោល​បំណង​សំខាន់​ចម្បង​ដែល​មនុស្ស​យើង​អាច​បំពេញ​តាម?

• ហេតុ​អ្វី​ក៏​ការ​ផ្អែក​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​ស្រុង មិន​អាច​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹមសារ?

• តើ​ព្រះ​យេហូវ៉ា​សន្យា​ជីវិត​បែប​ណា​ឲ្យ​យើង?

• តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ទុក​គោល​បំណង​របស់​ព្រះ​ជា​អាទិ​ភាព​ក្នុង​ជីវិត?

[រូបភាព​នៅ​ទំព័រ​២១]

ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​គួរ​នឹង​លះ​ចោល​នោះ ពួក​គ្រិស្ត​សាសនិក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ដែរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក