ចូរបង្រៀនកូនរបស់អ្នក
ម៉ាកុសមិនព្រមឈប់ព្យាយាម
ក្នុងគម្ពីរមានសៀវភៅបួនដែលរៀបរាប់ពីជីវិតរបស់ព្រះយេស៊ូ។ ម៉ាកុសបានសរសេរសៀវភៅមួយ។ សៀវភៅនោះស្រួលអាន ពីព្រោះខ្លីហើយងាយយល់ជាងគេ។ តើម៉ាកុសជាអ្នកណា? តើប្អូនគិតថាគាត់ស្គាល់ព្រះយេស៊ូទេ?—a សូមពិនិត្យមើលជាមួយគ្នាពីទុក្ខលំបាកដែលម៉ាកុសបានជួបប្រទះ និងរៀនពីមូលហេតុដែលម៉ាកុសមិនព្រមឈប់ធ្វើជាគ្រិស្តសាសនិក។
លើកដំបូងដែលមានឈ្មោះម៉ាកុសនៅក្នុងគម្ពីរ គឺក្រោយពេលដែលស្តេចហេរ៉ូឌបង្គាប់ឲ្យគេឃុំសាវ័កពេត្រុសទុកនៅក្នុងគុក។ មានយប់មួយទេវតាបានដោះពេត្រុសចេញពីគុក ហើយក្រោយមក គាត់ទៅផ្ទះម៉ារាដែលជាម្ដាយរបស់ម៉ាកុសនៅឯទីក្រុងយេរូសាឡិមភ្លាម។ ពេត្រុសបានរួចពីគុកជិត១០ឆ្នាំបន្ទាប់ពីព្រះយេស៊ូត្រូវគេធ្វើគុតនៅពេលបុណ្យរំលងឆ្នាំ៣៣ គ.ស.។—កិច្ចការ ១២:១-៥, ១១-១៧
តើប្អូនដឹងមូលហេតុអ្វីដែលពេត្រុសទៅផ្ទះម៉ារាទេ?— ទំនងជាគាត់ធ្លាប់ស្គាល់សមាជិកក្រុមគ្រួសាររបស់ម៉ារា ហើយដឹងថាសិស្សរបស់ព្រះយេស៊ូច្រើនប្រជុំគ្នានៅផ្ទះរបស់គាត់។ បងប្អូនជីដូនមួយរបស់ម៉ាកុសឈ្មោះបាណាបាស គាត់ជាសិស្សរបស់ព្រះយេស៊ូយូរក្រែលមកហើយដែរ យ៉ាងហោចណាស់ក៏តាំងពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.ម្ល៉េះ។ គម្ពីរបានរៀបរាប់អំពីចិត្តទូលាយដែលបាណាបាសបានបង្ហាញចំពោះសិស្សថ្មី។ ដូច្នេះព្រះយេស៊ូក៏ទំនងជាស្គាល់បាណាបាស ម្ដាយមីងរបស់គាត់ឈ្មោះម៉ារា និងកូនរបស់គាត់ឈ្មោះម៉ាកុសដែរ។—កិច្ចការ ៤:៣៦, ៣៧; កូល៉ុស ៤:១០
ក្នុងសៀវភៅដំណឹងល្អ ម៉ាកុសបានសរសេរថានៅយប់ដែលគេចាប់ព្រះយេស៊ូ មានមនុស្សកំលោះម្នាក់ដែលមានតែសំពត់ទេសឯក«ព័ទ្ធនឹងខ្លួន»បង្ហាញមុខនៅទីនោះ។ ពេលពួកសត្រូវរកចាប់អ្នកកំលោះ ម៉ាកុសបានសរសេរថាអ្នកកំលោះនោះបានគេចខ្លួនបាត់ទៅ។ តើប្អូនគិតថាមនុស្សកំលោះនោះជានរណា?— ត្រូវហើយ ប្រហែលជាម៉ាកុសមែន! ដូច្នេះ ពេលព្រះយេស៊ូនិងសិស្សរបស់ទ្រង់ចាកចេញពីផ្ទះដែលពួកគាត់បានជួបជុំគ្នាដើម្បីធ្វើបុណ្យរំលងនោះយប់ជ្រៅណាស់ហើយ ម៉ាកុសទំនងជាប្រញាប់ប្រញាល់យកសំពត់ទេសឯកមកព័ទ្ធនឹងខ្លួនរួចដើរតាមទ្រង់ទៅ។—ម៉ាកុស ១៤:៥១, ៥២
តាមពិតជាញឹកញាប់ណាស់ដែលម៉ាកុសបានជួបអ្នកបម្រើរបស់ព្រះ ព្រមទាំងបានឃើញផ្ទាល់ភ្នែកពីព្រឹត្ដិការណ៍ដ៏សំខាន់ៗដែលបើកបង្ហាញពីគោលបំណងរបស់ព្រះ។ គាត់ទំនងជានៅទីនោះដែរ ពេលព្រះចាក់សកម្មពលបរិសុទ្ធនៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. ថែមទាំងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកបម្រើស្មោះភក្ដីរបស់ព្រះដូចជាពេត្រុសជាដើម។ ក៏ប៉ុន្តែ គាត់ក៏បានទៅជាមួយបងប្អូនជីដូនមួយរបស់គាត់ឈ្មោះបាណាបាស ជាអ្នកដែលបានជួយសុល ដោយនាំគាត់ឲ្យស្គាល់ពេត្រុសប្រហែលជាបីឆ្នាំមុន បន្ទាប់ពីព្រះយេស៊ូបានលេចមកឲ្យសុលឃើញជាក់ស្តែងក្នុងគំនិត។ ប៉ុន្មានឆ្នាំក្រោយមក បាណាបាសបានទៅតើសុសដើម្បីនឹងរកសុល។—កិច្ចការ ៩:១-១៥, ២៧; ១១:២២-២៦; ១២:២៥; កាឡាទី ១:១៨, ១៩
នៅឆ្នាំ៤៧ គ.ស. បាណាបាសនិងសុលត្រូវបានជ្រើសរើសដើម្បីបំពេញការងារជាសាសនទូត។ ពួកគាត់បានយកម៉ាកុសទៅជាមួយ តែគម្ពីរមិនបានបញ្ជាក់ពីមូលហេតុដែលក្រោយមកម៉ាកុសបានវិលត្រឡប់ទៅផ្ទះរបស់គាត់នៅឯទីក្រុងយេរូសាឡិមវិញទេ។ សុលដែលក្រោយមកគេហៅថាប៉ុលមានចិត្តខឹងណាស់។ ប៉ុលមិននៅស្ងៀមទេ គាត់គិតថាម៉ាកុសមានគុណវិបត្ដិដ៏ធំមួយ។—កិច្ចការ ១៣:១-៣, ៩, ១៣b
ពេលត្រឡប់ពីដំណើរជាសាសនទូតមកវិញ ប៉ុលនិងបាណាបាសបានធ្វើរបាយការណ៍ពីលទ្ធផលដ៏ល្អរបស់ពួកគាត់។ (កិច្ចការ ១៤:២៤-២៨) ប៉ុន្មានខែក្រោយមក ប៉ុលនិងបាណាបាសបានរៀបចំវិលត្រឡប់ទៅជួបសិស្សថ្មីនៅកន្លែងដែលពួកគាត់បានផ្សព្វផ្សាយ។ បាណាបាសចង់យកម៉ាកុសទៅជាមួយ តើប្អូនដឹងថាប៉ុលគិតយ៉ាងដូចម្ដេចទេ?— ប៉ុល«មិនចូលចិត្តនឹងយកគាត់ទៅទេ» ពីព្រោះម៉ាកុសធ្លាប់បោះបង់ចោលពួកគាត់រួចត្រឡប់ទៅផ្ទះម្ដងរួចទៅហើយ។ អ្វីដែលកើតឡើងជាបន្ទាប់នោះបានធ្វើឲ្យម៉ាកុសព្រួយចិត្តមែន!
ប៉ុលនិងបាណាបាសមានកំហឹងឆាបឆួលឡើង បន្ទាប់មក«មានការណ៍ទាស់ទែងគ្នាជាខ្លាំង» ក្រោយមកពួកគាត់ក៏ចែកផ្លូវគ្នា។ បាណាបាសបានយកម៉ាកុសទៅជាមួយដើម្បីផ្សព្វផ្សាយនៅឯកោះគីប្រុស និងប៉ុលរើសយកស៊ីឡាស ហើយត្រឡប់ទៅជួបសិស្សថ្មីដូចធ្លាប់បានគ្រោងទុក។ ម៉ាកុសពិតជាតូចចិត្តណាស់ដោយបានបង្កឲ្យមានបញ្ហារវាងប៉ុលនិងបាណាបាស!—កិច្ចការ ១៥:៣៦-៤១
យើងមិនបានដឹងពីហេតុដែលបណ្ដាលឲ្យម៉ាកុសត្រឡប់ទៅផ្ទះវិញលើកមុននោះទេ។ ប្រហែលគាត់យល់ថាជាមូលហេតុត្រឹមត្រូវចំពោះគាត់នៅពេលនោះ។ យ៉ាងណាក៏ដោយ បាណាបាសជឿជាក់ថាបញ្ហានេះនឹងមិនកើតឡើងម្ដងទៀតឡើយ។ ហើយគាត់និយាយត្រូវមែន! ម៉ាកុសមិនព្រមឈប់ព្យាយាមឡើយ! ក្រោយមកគាត់បានបំពេញកិច្ចការជាសាសនទូតជាមួយពេត្រុសនៅឯទីក្រុងបាប៊ីឡូនដែលនៅឆ្ងាយពីផ្ទះ។ ពីទីនោះ ពេត្រុសផ្ញើសេចក្ដីនឹករលឹកហើយនិយាយថា៖ «ព្រមទាំងអ្នកម៉ាកុសជាកូនខ្ញុំផង»។—ពេត្រុសទី១ ៥:១៣, កំណែជាអក្សរទ្រេត
ដោយសារពេត្រុសនិងម៉ាកុសបម្រើព្រះជាមួយគ្នា ពួកគាត់មានចំណងមេត្រីភាពជិតស្និទ្ធនឹងគ្នាមែន! បើយើងអានដំណឹងល្អពីសៀវភៅម៉ាកុស យើងក៏នឹងឃើញច្បាស់ដែរ។ ពេត្រុសបានសង្កេតហេតុការណ៍ផ្សេងៗក្នុងអំឡុងកិច្ចបម្រើរបស់ព្រះយេស៊ូ ហើយម៉ាកុសបានលើកពីអ្វីដែលពេត្រុសបានប្រាប់គាត់។ ជាឧទាហរណ៍ សូមប្រៀបធៀបកំណត់ហេតុស្តីអំពីខ្យល់ព្យុះនៅសមុទ្រកាលីឡេ។ ម៉ាកុសបន្ថែមព័ត៌មានល្អិតល្អន់ពីកន្លែងដែលព្រះយេស៊ូសម្រាន្តនៅក្នុងទូក និងពីអ្វីដែលទ្រង់សម្រាន្តលើ នេះជាអ្វីៗដែលអ្នកនេសាទត្រីដូចពេត្រុសចូលចិត្តកត់សម្គាល់។ សូមឲ្យយើងអានហើយប្រៀបធៀបមើលកំណត់ហេតុដែលមានក្នុងគម្ពីរ ក្នុងសៀវភៅម៉ាថាយ ៨:២៤ ម៉ាកុស ៤:៣៧, ៣៨ និងលូកា ៨:២៣។
ក្រោយមក ពេលប៉ុលជាប់គុកនៅទីក្រុងរ៉ូម គាត់សរសើរម៉ាកុសដោយបានគាំទ្រយ៉ាងស្មោះអស់ពីចិត្តចំពោះគាត់។ (កូល៉ុស ៤:១០, ១១) ពេលប៉ុលជាប់គុកម្ដងទៀតនៅទីនោះ គាត់បានសរសេរសំបុត្រទៅធីម៉ូថេហើយសូមឲ្យគាត់នាំម៉ាកុសមកផងដោយពោលថា៖ «គាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ»។ (ធីម៉ូថេទី២ ៤:១១) ពិតមែន ដោយសារម៉ាកុសមិនព្រមឈប់ព្យាយាម គាត់អាចបម្រើព្រះតាមរបៀបដ៏ពិសេសមែន!
[កំណត់សម្គាល់]
a ប្រសិនបើអ្នកអានជាមួយកូនតូច ការអូសបន្ទាត់ជួយរំលឹកអ្នកឲ្យផ្អាក ហើយលើកទឹកចិត្តកូនឲ្យនិយាយពីអ្វីដែលគាត់យល់។
b យ៉ូហានជាឈ្មោះមួយទៀតរបស់ម៉ាកុស។
សំណួរ:
○ តើម៉ាកុសរស់នៅទីណា? ហេតុអ្វីក៏ប្អូនអាចនិយាយថាគាត់ទំនងជាស្គាល់ព្រះយេស៊ូ?
○ តើនរណាជាពិសេសដែលបានជួយនិងគាំទ្រម៉ាកុស?
○ តើមានអ្វីដែលអាចធ្វើឲ្យម៉ាកុសព្រមឈប់ព្យាយាម?
○ ហេតុម្ដេចបានជាប្អូនដឹងថាប៉ុលក្រោយមកពេញចិត្តនឹងម៉ាកុស?
[រូបភាពនៅទំព័រ៣១]
តើយុវជននេះប្រហែលជានរណា? តើអ្វីបានកើតឡើងដល់គាត់? ហើយហេតុអ្វី?
[រូបភាពនៅទំព័រ៣២]
ដោយហេតុថាម៉ាកុសមិនព្រមបោះបង់ តើគាត់បានទទួលពរបែបណា?