តើអ្នកស្គាល់បិតានៅស្ថានសួគ៌របស់អ្នកឬទេ?
តើអ្នកស្គាល់ឪពុករបស់អ្នកច្បាស់ប៉ុណ្ណា? បើអ្នកបានធំឡើងក្នុងក្រុមគ្រួសារដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ នោះសំណួរនេះប្រហែលជាចម្លែកបន្ដិច។ អ្នកទំនងជាឆ្លើយថា ‹ខ្ញុំស្គាល់ឪពុកខ្ញុំច្បាស់ណាស់!›។ មនុស្សភាគច្រើនដឹងអ្វីៗដែលឪពុករបស់ខ្លួនចូលចិត្តនិងមិនចូលចិត្ត ឪពុកមានទឹកចិត្តបែបណាក្នុងស្ថានការណ៍ខ្លះៗ និងរបៀបដែលឪពុកចិញ្ចឹមក្រុមគ្រួសារជាដើម។
យ៉ាងណាក៏ដោយ ប្រហែលជាមានពេលខ្លះដែលឪពុកប្រព្រឹត្តតាមរបៀបដែលអ្នកមិនធ្លាប់នឹកស្មាន ហើយនេះនាំឲ្យអ្នកភ្ញាក់ផ្អើលដែរ។ ជាឧទាហរណ៍ ប្រហែលជាកូនស្គាល់ឪពុកជាមនុស្សស្ងប់ស្ងៀមនិងស្លូតបូត។ ប៉ុន្តែ ពេលមានរឿងអាសន្នកើតឡើង នោះគាត់ស្រាប់តែឃើញឪពុកជាមនុស្សរឹងប៊ឹងក្នុងការការពារក្រុមគ្រួសារ។
ចុះយ៉ាងណាចំពោះអ្នកបង្កើតយើង? តើអ្នកស្គាល់ទ្រង់ច្បាស់ប៉ុណ្ណា? គម្ពីរបានរៀបរាប់ពីទ្រង់ថា៖ «ដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង»។ (កិច្ចការ ១៧:២៨) យើងមានជីវិតដោយសារព្រះ។ ដូច្នេះហើយ ក្នុងន័យនេះ ទ្រង់ជាបិតារបស់អស់អ្នកដែលកំពុងតែរស់នៅ។ (អេសាយ ៦៤:៨) អ្នកប្រហែលជាមានអារម្មណ៍ដូចនេះចំពោះព្រះ។ អារម្មណ៍បែបនេះជាអារម្មណ៍ល្អនិងត្រឹមត្រូវ។ ក៏ប៉ុន្តែ យើងអាចស្គាល់និងរៀនអំពីទ្រង់ច្រើនថែមទៅទៀត ហើយការធ្វើដូចនេះនាំឲ្យយើងទទួលប្រយោជន៍ព្រមទាំងធ្វើឲ្យរំភើបចិត្តផង។
អារម្មណ៍និងការគោរពរបស់អ្នកចំពោះឪពុក ពឹងផ្អែកទៅលើការដែលអ្នកស្គាល់គាត់ច្បាស់ប៉ុណ្ណា។ ស្រដៀងគ្នាដែរ បើអ្នកស្គាល់ព្រះកាន់តែច្បាស់ នោះទំនាក់ទំនងរបស់អ្នកជាមួយនឹងទ្រង់ក៏កាន់តែជិតស្និទ្ធឡើងដែរ។ ប្រសិនបើអ្នកស្គាល់ព្រះច្បាស់ ហើយរៀនធ្វើតាមបំណងប្រាថ្នារបស់ទ្រង់ នោះទ្រង់អាចជួយអ្នកឲ្យស៊ូទ្រាំនឹងទុក្ខលំបាកក្នុងជីវិត។
តើព្រះជាបុគ្គលបែបណា? តើលក្ខណៈសម្បត្ដិរបស់ទ្រង់គួរមានឥទ្ធិពលមកលើអារម្មណ៍របស់យើងចំពោះទ្រង់យ៉ាងដូចម្ដេច? តើការស្គាល់ទ្រង់នាំឲ្យយើងមានភារៈទេ? អ្នកនឹងរកឃើញចម្លើយចំពោះសំណួរទាំងនេះនៅអត្ថបទបន្ទាប់។
[ឃ្លាអក្សរធំនៅទំព័រ៣]
អារម្មណ៍របស់អ្នកចំពោះមនុស្សឯទៀតផ្អែកទៅលើការដែលអ្នកស្គាល់ពួកគាត់ច្បាស់ប៉ុណ្ណា