បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១០ ទំ. ៤-៧
  • តើបិតានៅស្ថានសួគ៌របស់យើងជាបុគ្គលបែបណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើបិតានៅស្ថានសួគ៌របស់យើងជាបុគ្គលបែបណា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«នាម​ទ្រង់​ជា​ព្រះ​យេហូវ៉ា»
  • ​«ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​សុខសាន្ត»
  • ​«ព្រះ​ដែល​ជ្រាប​ទាំងអស់»
  • ​«ព្រះ​ដ៏​ជួយ​សង្គ្រោះ»
  • ការ​ក្លាយ​ទៅ​ជា​«កូន​ព្រះ»
  • ចូរលើកដំកើងព្រះយេហូវ៉ាជាព្រះពិតតែមួយ
    ចូរថ្វាយបង្គំព្រះពិតតែមួយ
  • «ទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចូរលើកតម្កើងនាមដ៏ឧត្ដមរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ហេតុអ្វីយើងគួរប្រើនាមរបស់ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១០ ទំ. ៤-៧

តើ​បិតា​នៅ​ស្ថាន​សួគ៌​របស់​យើង​ជា​បុគ្គល​បែប​ណា?

នៅ​ប្រទេស​ខ្លះ មនុស្ស​ជា​ច្រើន​អាច​សូត្រ​សេចក្ដី​អធិដ្ឋាន​ដ៏​ល្បី​មួយ​ដែល​គេ​ហៅ​ថា សេចក្ដី​អធិដ្ឋាន​របស់​ព្រះ​អម្ចាស់។ សេចក្ដី​អធិដ្ឋាន​នេះ​ជា​គំរូ​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ដល់​សិស្ស​របស់​លោក។ (ម៉ាថាយ ៦:៩​-​១៣) រាល់​ដង​ពេល​សូត្រ​សេចក្ដី​អធិដ្ឋាន​នោះ ពួក​គេ​បាន​ហៅ​ទ្រង់​ថា​ជា​«ព្រះ​វរបិតា​នៃ​យើងខ្ញុំ»។ ប៉ុន្តែ តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាច​និយាយ​ថា​ខ្លួន​ស្គាល់​ទ្រង់​យ៉ាង​ច្បាស់​នោះ?

ចុះ​អ្នក​វិញ តើ​អ្នក​ស្គាល់​ព្រះ​ច្បាស់​ប៉ុណ្ណា? តើ​អ្នក​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់​ទេ? តើ​អ្នក​និយាយ​ជាមួយ​ទ្រង់ ព្រម​ទាំង​ជម្រាប​ទ្រង់​ពី​អ្វី​ដែល​នាំ​ឲ្យ​សប្បាយ​និង​កើត​ទុក្ខ​ទេ? ដូច្នេះ តើ​ការ​ស្គាល់​ទ្រង់​រួម​បញ្ចូល​អ្វីខ្លះ?

​«នាម​ទ្រង់​ជា​ព្រះ​យេហូវ៉ា»

កូន​ក្មេង​អាយុ​ពីរ​បី​ឆ្នាំ​ប្រហែល​ជា​ស្គាល់​ឪពុក​ជា​ពុក​តែ​ប៉ុណ្ណោះ។ ក្រៅពី​នេះ​កូន​មិន​ស្គាល់​អ្វី​ទៀត​អំពី​ឪពុក​ឡើយ។ ក៏​ប៉ុន្តែ ពេល​កូន​ធំ​ឡើង នោះ​កូន​ស្គាល់​ឈ្មោះ​ផ្ទាល់​របស់​ឪពុក កេរ្ដិ៍ឈ្មោះ​របស់​ឪពុក ហើយ​កូន​ទំនង​ជា​មាន​មោទនភាព​ចំពោះ​ឪពុក​ដែរ។ ចុះ​ចំពោះ​អ្នក​ដែល​ផ្ដល់​ជីវិត​ឲ្យ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌? តើ​អ្នក​ស្គាល់​នាម​របស់​ទ្រង់ ព្រម​ទាំង​អត្ថន័យ​នៃ​នាម​នោះ​ទេ?

ទោះ​បើ​មនុស្ស​ជា​ច្រើន​ប្រើ​ពាក្យ​«សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ»​ម្ដង​ហើយ​ម្ដង​ទៀត​ពេល​ពួក​គេ​សូត្រ​សេចក្ដី​អធិដ្ឋាន​របស់​ព្រះ​អម្ចាស់​ក៏​ដោយ ក៏​ពួក​គេ​ប្រហែល​ជា​មិន​ចេះ​ឆ្លើយ​ពេល​អ្នក​ដទៃ​សួរ​ថា «តើ​នាម​នោះ​ជា​អ្វី​ទៅ?»។ បើ​គិត​អំពី​ផ្ទៃមេឃ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ផ្កាយ គិត​ពី​ភ្នំ​ដ៏​ធំ​ស្កឹមស្កៃ គិត​ពី​ផ្កា​ថ្ម​ស្អាតៗ​សម្បូរ​ទៅ​ដោយ​សត្វ​សមុទ្រ ទាំងអស់​នេះ​ផ្ដល់​ទី​សំ​អាង​ដែល​បញ្ជាក់​ថា​ពិតជា​មាន​ព្រះ​មែន។ ប៉ុន្តែ អ្វីៗ​ទាំងអស់​នោះ​មិន​ប្រាប់​យើង​អំពី​នាម​របស់​ព្រះ​ឡើយ។ ដើម្បី​រៀន​អំពី​នាម​នោះ យើង​ត្រូវ​តែ​ពិនិត្យ​មើល​គម្ពីរ។ គម្ពីរ​បាន​រៀបរាប់​យ៉ាង​ចំៗ​ថា​៖ «ព្រះ​នាម​ទ្រង់​ជា​ព្រះ​យេហូវ៉ា»។—និក្ខមនំ ១៥:៣

ព្រះ​ចង់​ឲ្យ​យើង​ស្គាល់​ទ្រង់​ដោយ​នាម​របស់​ទ្រង់ គឺ​យេហូវ៉ា។ ហេតុ​អ្វី? ពីព្រោះ​នាម​របស់​ទ្រង់​តំណាង​ទ្រង់​ជា​បុគ្គល​មួយ​រូប។ អត្ថ​ន័យ​ចំៗ​នៃ​នាម​របស់​ព្រះ​គឺ​«ទ្រង់​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា»។ ព្រះ​យេហូវ៉ា​អាច​ក្លាយ​ទៅ​ជា​អ្វី​ក៏​បាន​ដែល​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​គោលបំណង​របស់​ទ្រង់​បាន​សម្រេច។ សូម​គិត​អំពី​ឧទាហរណ៍​នេះ។ ដើម្បី​ថែរក្សា​ក្រុម​គ្រួសារ​ខ្លួន ស្រប​ទៅ​តាម​សេចក្ដី​ត្រូវការ​និង​កាលៈទេសៈ​របស់​ក្រុម​គ្រួសារ នោះ​ឪពុក​ក្លាយ​ទៅ​ជា​អ្នក​ចិញ្ចឹម អ្នក​សម្រុះ​សម្រួល អ្នក​ការពារ អ្នក​ជូន​ឱវាទ ចៅក្រម និង​ជា​គ្រូបង្រៀន​ជាដើម។ ដូច​គ្នា​ដែរ នាម​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា ព្រះ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​តាម​បំណង​ទ្រង់ ហើយ​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​បម្រើ​ទ្រង់​រហូត។

ព្រះ​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​មាន​តួនាទី​ផ្សេងៗ ដែល​សម​ស្រប​ទៅ​នឹង​អត្ថន័យ​នៃ​នាម​ទ្រង់។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ខ្លះៗ​អំពី​តួនាទី​ផ្សេងៗ​ទាំង​នោះ។ ដោយ​ធ្វើ​ដូច្នេះ នោះ​នឹង​ជួយ​យើង​ឲ្យ​យល់​ថា​ទ្រង់​ជា​ព្រះ​បែប​ណា ព្រម​ទាំង​រៀន​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ចូល​ទៅ​ជិត​ទ្រង់​ដែរ។

​«ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​សុខសាន្ត»

សាវ័ក​ប៉ុល​បាន​ហៅ​អ្នក​បង្កើត​ជា​«ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​សុខសាន្ត»។ (កូរិនថូសទី២ ១៣:១១) ហេតុ​អ្វី? លោក​យេស៊ូ​គ្រិស្ត​មាន​ប្រសាសន៍​ពី​មុន​នេះ​ថា​៖ «ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជ​បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។ (យ៉ូហាន ៣:១៦) ដោយសារ​ទ្រង់​ស្រឡាញ់​មនុស្ស​ជាតិ​ដល់​ម្ល៉េះ​បានជា​ទ្រង់​ផ្ដល់​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​ឲ្យ​ជា​ថ្លៃ​លោះ។ នេះ​នាំ​ឲ្យ​អស់អ្នក​ដែល​ជឿ​ដល់​បុត្រ​នោះ​អាច​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដែល​គ្មាន​ការ​ឈឺ​ចាប់ ដែល​មក​ពី​បាប​ឬ​ភាព​ខុសឆ្គង​ឡើយ។ ហេតុនេះ​ហើយ​បានជា​ប៉ុល​និយាយ​ថា​៖ «ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ដោយ​ព្រះ​គ្រីស្ទ​យេស៊ូ​វ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា»។ (រ៉ូម ៦:២៣) នេះ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​ព្រះ​និង​ចូល​ទៅ​ជិត​ព្រះ មែន​ទេ?

ព្រះ​មិន​គ្រាន់តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​ជាតិ​ជា​ទូទៅ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​បង្ហាញ​ដល់​មនុស្ស​ម្នាក់ៗ​ដែល​បម្រើ​ទ្រង់​ដោយ​ស្មោះ​ភក្ដី​ដែរ។ នៅ​សម័យ​បុរាណ ជា​ញយ​ដង​បណ្ដា​ជន​អ៊ីស្រាអែល​មិន​បាន​ស្ដាប់​បង្គាប់។ លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា​៖ «ឱ​ពួក​មនុស្ស​លីលា ហើយ​ឥត​ប្រាជ្ញា​អើយ! តើ​ឯង​រាល់​គ្នា​សង​គុណ ដល់​ព្រះ​យេហូវ៉ា​យ៉ាង​នោះ​ឬ​អី? តើ​ទ្រង់​មិនមែន​ជា​ព្រះ​វរបិតា​នៃ​ឯង ដែល​បាន​ទិញ​ឯង​មក​ទេ​ឬ​អី? ទ្រង់​បាន​បង្កើត​ឯង ហើយ​តាំង​ឯង​ឡើង​ផង»។ (ចោទិយកថា ៣២:៦) តើ​អ្នក​យល់​សំណួរ​ខាងលើ​នេះ​ទេ? ជា​ឪពុក​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុកដាក់​ទៅ​លើ​រាស្ត្រ​ទ្រង់ ទោះ​បើ​ទ្រង់​ដឹង​អំពី​គុណវិបត្ដិ​របស់​ពួក​គាត់​ក៏​ពិតមែន។ ម្យ៉ាង​ទៀត ទ្រង់​បាន​ផ្គត់ផ្គង់​អ្វី​ដែល​ពួក​គាត់​ពិតជា​ត្រូវការ ខាង​សម្ភារៈ​និង​ខាង​ផ្លូវចិត្ត ព្រម​ទាំង​អ្វីៗ​ដែល​ចាំបាច់​ដល់​ពួក​គាត់​ដើម្បី​រក្សា​ចំណង​មេត្រីភាព​ជា​មួយ​នឹង​ទ្រង់​ដែរ។

ជីវិត​របស់​យើង​គ្រប់​គ្នា​មាន​ការ​ប្រែ​ប្រួល ហើយ​ពេល​ខ្លះ​ការ​ប្រែ​ប្រួល​នេះ​នាំ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ ជួនកាល​រហូត​ដល់​ធ្លាក់ទឹក​ចិត្ត​ក៏​មាន​ដែរ។ ពេល​មានការ​ប្រែ​ប្រួល​បែប​នេះ យើង​ត្រូវការ​បុគ្គល​ម្នាក់​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹមត្រូវ​ចំពោះ​ស្ថានការណ៍​និង​បញ្ហា​របស់​យើង។ តើ​បុគ្គល​ណា​អាច​ជួយ​យើង​បាន? តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ នោះ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា ទ្រង់​ពិតជា​អ្នក​ជូន​ឱវាទ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ជា​អ្នក​បីបាច់​ថែរក្សា​ផង។ សៀវភៅ​ដ៏​ពិសិដ្ឋ​នោះ​ពន្យល់​ពី​មូលហេតុ​ដែល​យើង​មានការ​រង​ទុក្ខ​ជា​ច្រើន​ម្ល៉េះ ហើយពី​របៀប​ដែល​យើង​អាច​ស៊ូទ្រាំ​បាន។ បើ​គិត​អំពី​ឪពុក​និង​កូន​វិញ ពេល​កូន​ដួល​ហើយ​មាន​របួស នោះ​ឪពុក​ឱន​ដើម្បី​ជួយ​លើក​កូន​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់។ ដូច​គ្នា​ដែរ ដោយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ នោះ​ព្រះ​យេហូវ៉ា​បាន​ឱន​ក្នុង​ន័យ​ធៀប ដើម្បី​ផ្ដល់​ជំនួយ​ដែល​យើង​ត្រូវការ​ជា​ចាំបាច់។ មែន​ហើយ ព្រះ​យេហូវ៉ា​ពិតជា​មាន​សមត្ថភាព ព្រម​ទាំង​សុខចិត្ត​ជួយ​អស់អ្នក​ដែល​មាន​ជំនឿ​ទៅ​លើ​ទ្រង់។—អេសាយ ៥៩:១

ព្រះ​យេហូវ៉ា​ជា​«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន» ហើយ​នេះ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​ដែរ។ (ទំនុកដំកើង ៦៥:​២) តើ​ការ​នោះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? សាវ័ក​ប៉ុល​ពន្យល់​ថា​៖ «កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង។ យ៉ាង​នោះ សេចក្ដី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូ​វ»។ (ភីលីព ៤:៦, ៧) ដោយ​អធិដ្ឋាន​ទូល​ព្រះ​យ៉ាង​ស្មោះ​អស់ពី​ចិត្ត និង​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ទ្រង់ នោះ​អ្នក​ក៏​អាច​ទទួល​«សេចក្ដី​សុខសាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត»​ដែរ។

​«ព្រះ​ដែល​ជ្រាប​ទាំងអស់»

ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​ត្រូវ​បាន​ពិពណ៌នា​ជា​«ព្រះ​ដ៏​មាន​ដំ​រិះ​សព្វ​គ្រប់»។ ជា​«ព្រះ​ដែល​ជ្រាប​ទាំង​អស់» គ្មាន​នរណា​អាច​យល់​ពី​ចរិត ហើយ​ដឹង​ពី​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ជាតិ ល្អ​ប្រសើរ​ជាង​ព្រះ​យេហូវ៉ា​ឡើយ។ (យ៉ូប ៣៦:៤; សាំយូអែលទី១ ២:៣) តាម​រយៈ​លោក​ម៉ូសេ​ដែល​ជា​អ្នក​បម្រើ​ទ្រង់ នោះ​ទ្រង់​ចង់​ឲ្យ​យើង​ដឹង​ថា «មនុស្ស​មិនមែន​រស់ ដោយសារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​យេហូវ៉ា​មក​ដែរ»។ (ចោទិយកថា ៨:៣; ម៉ាថាយ ៤:៤) នេះ​បាន​សេចក្ដី​ថា ដើម្បី​មាន​សេចក្ដី​ស្កប់​ស្កល់​ពិត​ប្រាកដ​ក្នុង​ជីវិត យើង​ត្រូវការ​អ្វី​ផ្សេង​ទៀត​មិន​ត្រឹមតែ​សម្ភារៈ​ទេ។

តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ អ្នក​បង្កើត​របស់​យើង​បាន​ផ្ដល់​ការ​ណែនាំ​និង​ដំបូន្មាន​ដែល​មាន​តម្លៃ។ កាលណា​យើង​សិក្សា​គម្ពីរ ហើយ​អនុវត្ត​តាម​ដំបូន្មាន​របស់​ទ្រង់​ក្នុង​ជីវិត នោះ​យើង​ទទួល​ប្រយោជន៍​ពី​«គ្រប់​ទាំង​ព្រះ​បន្ទូល​ដែល​ចេញពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​យេហូវ៉ា»។ ជា​ឧទាហរណ៍ បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​ស៊ូសាន់ណា បាន​និយាយ​ដូច្នេះ​អំពី​អាពាហ៍ពិពាហ៍​របស់​គាត់​ថា​៖ «ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​ត្រូវ​បាន​ពង្រឹង​ដោយ​អាន​គម្ពីរ​ជា​មួយ​គ្នា ទៅ​កិច្ច​ប្រជុំ​ជា​មួយ​គ្នា និង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​យើង​បាន​រៀន​ពី​គម្ពីរ។ ដោយសារ​ការ​ណែនាំ​របស់​ព្រះ យើង​មាន​គោលដៅ​ដូច​គ្នា ព្រម​ទាំង​មាន​ទំនាក់​ទំនង​ដ៏​មាំមួន​ជាង​ដែរ»។

តើ​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​ដំបូន្មាន​និង​ការ​ណែនាំ​ដែល​ព្រះ​ផ្ដល់​ឲ្យ​យ៉ាង​ដូច​ម្ដេច? ដោយ​សិក្សា​គម្ពីរ​យ៉ាង​ទៀងទាត់ និង​ធ្វើ​តាម​ដំបូន្មាន​ពី​គម្ពីរ នោះ​អ្នក​អាច​ទទួល​ពរ​ជា​ច្រើន​ពី​ព្រះ។—ហេព្រើរ ១២:៩

​«ព្រះ​ដ៏​ជួយ​សង្គ្រោះ»

សព្វថ្ងៃ​នេះ ពិភព​លោក​ពោរ​ពេញ​ទៅ​ដោយ​រឿងរ៉ាវ។ មនុស្ស​មិន​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​ឡើយ។ ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សង្គ្រាម នោះ​អ្នក​ទំនង​ជា​ចង់​បាន​ភាព​សុខសាន្ត​ខ្លាំង​ណាស់! នៅ​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភព​លោក មនុស្ស​រស់នៅ​ដោយ​មានចិត្ត​ភិតភ័យ។ ពួក​គេ​ខ្លាច​អំពើ​ឧក្រិដ្ឋកម្ម អំពើ​ឃោរឃៅ សេដ្ឋកិច្ច​ដែល​គ្មាន​ស្ថិរភាព និង​ភេរវកម្ម។ តើ​អ្នក​ណា​នឹង​សង្គ្រោះ​យើង​ពី​បញ្ហា​ទាំងអស់​នេះ? មនុស្ស​ជាតិ​ត្រូវការ​ជា​ចាំបាច់​នូវ​ការ​ការពារ​និង​ការ​រំដោះ​ពី​ទុក្ខ​លំបាក​ជាង​ពេល​មុនៗ​ទៅ​ទៀត។

គម្ពីរ​បាន​ចែង​ថា​៖ «ព្រះ​នាម​ព្រះ​យេហូវ៉ា​ជា​ប៉ម​មាំមួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ»។ (សុភាសិត ១៨:១០) ការ​ស្គាល់​នាម​របស់​ព្រះ និង​ការ​ពឹងផ្អែក​ទៅ​លើ​នាម​នោះ នាំ​ឲ្យ​យើង​គិត​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​រួច​ទៅ​ហើយ ព្រម​ទាំង​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​ដើម្បី​ប្រោស​អស់អ្នក​ដែល​ជឿ​ទៅ​លើ​ទ្រង់​ឲ្យ​រួច។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ទី​សំ​អាង​យ៉ាង​ជាក់​ច្បាស់​ថា ទ្រង់​អាច​ប្រោស​រាស្ត្រ​របស់​ទ្រង់​ឲ្យ​រួច​មែន។ ជា​ឧទាហរណ៍ ទ្រង់​បាន​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល​ដោយ​បំផ្លាញ​ចោល​រទេះ​ចម្បាំង​និង​ពល​ទ័ព​របស់​ផា​រ៉ោន។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​ទ្រង់​ជា​ព្រះ​ដ៏​ស្មោះត្រង់ ជា​ព្រះ​ដែល​ចង​ចាំ​អ្នក​ដែល​គ្រាំគ្រា​ចិត្ត និង​មានចិត្ត​ចង់​ជួយ​ពួក​គាត់។—និក្ខមនំ ១៥:១​-​៤

ការ​មាន​ជីវិត​រស់នៅ​ជា​រៀង​រហូត​ក៏​អាស្រ័យ​ទៅ​លើ​ជំនឿ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​សង្គ្រោះ​ដែរ។ ស្តេច​ដាវីឌ​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ ដែល​បាន​យក​ឈ្នះ​នឹង​ទុក្ខ​លំបាក​ជា​ច្រើន បាន​បង្ហាញ​ថា​លោក​ចាត់​ទុក​ព្រះ​ជា​អ្នក​សង្គ្រោះ ពេល​លោក​សរសេរ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ «ទ្រង់​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល​បង្គំ»។ (ទំនុកដំកើង ២៥:៥) សាវ័ក​ពេត្រុស​ក៏​បាន​ថ្លែង​ដោយ​មាន​ទំនុក​ចិត្ត​ថា​៖ «ព្រះ​អម្ចាស់​ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង»។—ពេត្រុសទី២ ២:៩

ព្រះ​សន្យា​ចំពោះ​បុគ្គល​ដែល​ពឹងពាក់​ទ្រង់​ឲ្យ​បាន​ជំនួយ​ថា​៖ «អញ​នឹង​ជួយ​ឲ្យ​រួច អញ​នឹង​តាំង​ឡើង​យ៉ាង​ខ្ពស់ ពីព្រោះ​វា​បាន​ស្គាល់​ឈ្មោះ​អញ»។ (ទំនុកដំកើង ៩១:១៤) អ្នកបម្រើ​ព្រះ​នៅ​សម័យ​ទំនើប​នេះ​បាន​ឃើញ​សច្ចភាព​នៃ​សេចក្ដី​សន្យា​នោះ។ ជា​ឧទាហរណ៍ បង​ប្រុស​ហេនរីក​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះត្រង់​អស់​៧០​ឆ្នាំ​នៅ​ប្រទេស​ប៉ូឡូញ ទោះ​ជា​មានទុក្ខ​លំបាក​និង​ការ​បៀតបៀន​ក៏​ដោយ។ ពេល​គាត់​មាន​អាយុ​ទើបតែ​១៦​ឆ្នាំ គេ​បាន​បញ្ជូន​ឪពុក​របស់​គាត់​ទៅ​ជំរំ​ឃុំឃាំង​នៅ​ក្រុង​មួយ​ឈ្មោះ​អូឈ្វិត។ ហេនរីក​និង​បង​ប្រុស​គាត់​ត្រូវ​បាន​ចាប់​ដាក់​នៅ​កន្លែង​ដែល​គេ​អប់រំ​យុវជន​ឲ្យ​គាំទ្រ​ពួក​ណាត្ស៊ី។ បន្ទាប់​មក គេ​បញ្ជូន​គាត់​ពី​ជំរំ​ឃុំឃាំង​មួយ​ទៅ​ជំរំ​ឃុំឃាំង​មួយទៀត។ ហេនរីក​បាន​នឹក​ចាំ​អំពី​ពេល​នោះ​ថា​៖ «នៅ​គ្រប់​ទុក្ខ​លំបាក ព្រះ​យេហូវ៉ា​មិន​ដែល​បោះបង់​ខ្ញុំ​សោះ! ទ្រង់​តែង​តែ​ជួយ​ខ្ញុំ​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់ សូម្បី​តែ​ពីរ​បី​ដង​ខ្ញុំ​ជិត​បាត់​បង់​ជីវិត​ក៏​ដោយ»។ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​ពង្រឹង​ជំនឿ​និង​ផ្ដល់​កម្លាំង​ដើម្បី​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ស៊ូ​ទ្រាំ​បាន។

បន្ដិច​ទៀត ព្រះ​នឹង​សង្គ្រោះ​អស់អ្នក​ដែល​មាន​ជំនឿ​ទៅ​លើ​ទ្រង់​ហើយ​ទុកចិត្ត​ថា​ទ្រង់​នឹង​រំដោះ​ឲ្យ​រួច។ ទ្រង់​បាន​ប្រកាស​ថា​៖ «អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅពី​អញ គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ»។ (អេសាយ ៤៣:១១) ពេល​មាន​«ចំ​បាំង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត» នោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​អាក្រក់​សាប​សូន្យ​ពី​ផែនដី ហើយ​នឹង​រំដោះ​អ្នក​សុចរិត​ឲ្យ​រួច។ (វិវរណៈ ១៦:១៤, ១៦; សុភាសិត ២:២១, ២២) ព្រះ​យេហូវ៉ា​ធានា​យើង​ថា​៖ «ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរ​ដក ហើយនឹង​បានចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។—ទំនុកដំកើង ៣៧:១១

ការ​ក្លាយ​ទៅ​ជា​«កូន​ព្រះ»

នៅ​សម័យ​លោក​ម៉ាឡាគី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់ បណ្ដា​ជន​អ៊ីស្រាអែល​បាន​អះអាង​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​ខ្លួន។ ប៉ុន្តែ ពេល​ត្រូវ​បង្ហាញ​ការ​គោរព​និង​ភក្ដីភាព​ចំពោះ​ទ្រង់ នោះ​ពួក​គាត់​យក​នំ​ប៉័ង​ដែល​មិន​បរិសុទ្ធ ព្រម​ទាំង​សត្វ​ដែល​ខ្វាក់​និង​ឈឺ​ទៅ​ថ្វាយ​ជា​យញ្ញ​បូជា។ ហេតុនេះ​ហើយ​បានជា​ព្រះ​យេហូវ៉ា​សួរ​ពួក​គាត់​ថា​៖ «បើ​អញ​ជា​ឪពុក នោះ​តើ​សេចក្ដី​គោរព​ដល់​អញ​នៅ​ឯ​ណា?»។—ម៉ាឡាគី ១:៦

សូម​យើង​ជៀសវាង​ពី​ការ​ប្រព្រឹត្ត​ដ៏​ខុស​ដូច​ជា​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​មិន​ស្មោះត្រង់។ ផ្ទុយ​ទៅ​វិញ យើង​លើក​ទឹកចិត្ត​លោក​អ្នក​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា ហើយ​ចូល​ទៅ​ជិត​ទ្រង់។ យ៉ាកុប​ដែល​ជា​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ​បាន​ដាស់តឿន​ថា​៖ «ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។—យ៉ាកុប ៤:៨

ការ​មាន​ព្រះ​យេហូវ៉ា​ជា​បិតា​នាំ​ឲ្យ​យើង​មាន​ភារៈ​ខ្លះៗ​ដែរ។ បើ​អ្នក​ខំ​ប្រឹង​គោរព​ព្រះ​ដោយ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ទ្រង់​យ៉ាង​ស្មោះត្រង់​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​ខ្លួន នោះ​ទ្រង់​នឹង​មិន​ភ្លេច​ការ​ព្យាយាម​របស់​អ្នក​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ​ដែល​នាំ​ទៅ​ដល់​ពិភព​លោក​ថ្មី​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​មាននៅ​ថ្ងៃ​ខាង​មុខ។ នៅ​ពិភព​លោក​ថ្មី​នោះ​«នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ»។ (វិវរណៈ ២១:៤) នៅ​ពេល​នោះ មនុស្ស​ជាតិ​ដែល​ចេះ​ស្ដាប់​បង្គាប់​«នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ ឲ្យ​បាន​សេរីភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ​វិញ»។—រ៉ូម ៨:២១

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៥]

ព្រះ​ចង់​ឲ្យ​យើង​ស្គាល់​នាម​ទ្រង់​ពោល​គឺ​យេហូវ៉ា ដែល​មាន​ន័យ​ចំៗ​ថា «ទ្រង់​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា»

[រូបភាព​នៅ​ទំព័រ​៦]

​«នៅ​គ្រប់​ទុក្ខ​លំបាក ព្រះ​យេហូវ៉ា មិន​ដែល​បោះបង់ ខ្ញុំ​សោះ!»។—ហេនរីក

[រូបភាព​នៅ​ទំព័រ​៧]

​«ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​ត្រូវ​បាន​ពង្រឹង​ដោយ អាន​គម្ពីរ​ជា​មួយ​គ្នា ទៅ​កិច្ចប្រជុំ​ជា​មួយ​គ្នា និង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​យើង​បាន​រៀន​ពី​គម្ពីរ»។—ស៊ូសាន់ណា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក