បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bt ជំ. ១៥ ទំ. ១៣៣-១៤០
  • «ពង្រឹងក្រុមជំនុំនានា»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ពង្រឹងក្រុមជំនុំនានា»
  • ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​ឥឡូវ ចូរ​យើង​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​បង​ប្អូន . . . ដើម្បី​សួរ​សុខ​ទុក្ខ​ពួក​គាត់​»​ (​សកម្មភាព ១៥:៣៦​)
  • ​«​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​»​ (​សកម្មភាព ១៥:៣៧​-​៤១​)
  • ‹បង​ប្អូន​តែង​តែ​និយាយ​ល្អ​អំពី​គាត់› (​សកម្មភាព ១៦:១​-​៣​)
  • ​«​ជំនឿ​របស់​ក្រុម​ជំនុំ​នានា​កាន់​តែ​រឹង​មាំ​»​ (​សកម្មភាព ១៦:៤, ៥​)
  • ធីម៉ូថេ ត្រៀមខ្លួនបម្រើព្រះដោយស្ម័គ្រពីចិត្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ម៉ាកុសមិនព្រមឈប់ព្យាយាម
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • «ទទួលអំណាចពីព្រះយេហូវ៉ាដើម្បីនិយាយយ៉ាងក្លាហាន»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ប្អូន​ប្រុស​វ័យ​ក្មេង​ទាំង​ឡាយ ចូរ​យក​តម្រាប់​ម៉ាកុស​និង​ធីម៉ូថេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
មើលបន្ថែមទៀត
ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
bt ជំ. ១៥ ទំ. ១៣៣-១៤០

ជំពូក​ទី​១៥

«​ពង្រឹង​ក្រុម​ជំនុំ​នានា​»

អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ជួយ​ពង្រឹង​ជំនឿ​ក្រុម​ជំនុំ

មាន​មូលដ្ឋាន​លើ​សកម្មភាព ១៥:៣៦–១៦:៥

១​-​៣. ​(​ក​) តើ​ដៃ​គូ​ធ្វើ​ដំណើរ​ថ្មី​របស់​ប៉ូល​ជា​នរណា? ហើយ​តើ​គាត់​ជា​មនុស្ស​បែប​ណា? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ខ្លះ​ក្នុង​ជំពូក​នេះ?

នៅ​តាម​ផ្លូវ​ដ៏​រដិប​រដុប​កាត់​ក្រុង​ផ្សេង​ៗ សាវ័ក​ប៉ូល​ងាក​មើល​ទាំង​គិត​ពិចារណា​អំពី​ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់ ដែល​កំពុង​ដើរ​ក្បែរ​គាត់។ ប្អូន​ប្រុស​នោះ​ឈ្មោះ​ធីម៉ូថេ ជា​យុវជន​ដែល​ពោរ​ពេញ​ទៅ​ដោយ​កម្លាំង និង​ភាព​ស្វាហាប់។ គាត់​ប្រហែល​ជា​នៅ​ក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ។ ធីម៉ូថេ​កំពុង​បោះ​ជំហាន​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន។ កាល​ដែល​ថ្ងៃ​កាន់​តែ​ជ្រេ ពួក​គាត់​ធ្វើ​ដំណើរ​កាន់​តែ​ឆ្ងាយ ចេញ​ពី​តំបន់​ក្រុង​លីស្ត្រា​និង​ក្រុង​អ៊ីកូនាម។ តើ​មាន​អ្វី​ខ្លះ​ដែល​កំពុង​រង់​ចាំ​ពួក​គាត់? ប៉ូល​បាន​ដឹង​ខ្លះ​ហើយ ពីព្រោះ​នេះ​ជា​ការ​ធ្វើ​ដំណើរ​ជា​សាសនទូត​លើក​ទី​២។ គាត់​ដឹង​ថា​នឹង​ជួប​គ្រោះ​ថ្នាក់ ព្រម​ទាំង​ជួប​បញ្ហា​ជា​ច្រើន​ទៀត។ ចុះ​យ៉ាង​ណា​យុវជន​នេះ តើ​គាត់​អាច​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ដ៏​ពិបាក​បាន​ទេ?

២ ប៉ូល​មាន​ទំនុក​ចិត្ត​លើ​យុវជន​ធីម៉ូថេ​ដ៏​រាប​ទាប​នេះ ប្រហែល​ច្រើន​ជាង​ធីម៉ូថេ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ បទ​ពិសោធន៍​កន្លង​ទៅ​ថ្មី​ៗ បាន​ធ្វើ​ឲ្យ​ប៉ូល​យល់​ថា គាត់​ត្រូវ​ការ​ដៃ​គូ​រួម​ដំណើរ​ដ៏​ស័ក្តិ​សម។ ប៉ូល​ដឹង​ថា​ភារកិច្ច​ទៅ​លេង​ក្រុម​ជំនុំ​និង​ពង្រឹង​ជំនឿ​បង​ប្អូន តម្រូវ​ឲ្យ​គាត់​និង​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​គាត់ មាន​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាក​រេ និង​ការ​រួម​ចិត្ត​គំនិត​តែ​មួយ។ ហេតុ​អ្វី​បាន​ជា​ប៉ូល​មាន​អារម្មណ៍​ដូច្នេះ? មូលហេតុ​មួយ ប្រហែល​ជា​ដោយ​សារ​មិន​យូរ​មុន​នោះ គាត់​និង​បាណាបាស​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ចែក​ផ្លូវ​គ្នា។

៣ ក្នុង​ជំពូក​នេះ យើង​នឹង​រៀន​ច្រើន​អំពី​វិធី​ល្អ​បំផុត ដើម្បី​ដោះ​ស្រាយ​ការ​មិន​ចុះ​សម្រុង​គ្នា។ យើង​ក៏​នឹង​រៀន​ដែរ​អំពី​មូលហេតុ ដែល​ប៉ូល​បាន​ជ្រើស​រើស​ធីម៉ូថេ​ឲ្យ​ទៅ​ជា​មួយ​គាត់ ហើយ​យើង​នឹង​យល់​កាន់​តែ​ច្បាស់ អំពី​តួ​នាទី​ដ៏​សំខាន់​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នៅ​សព្វ​ថ្ងៃ​នេះ។

​«​ឥឡូវ ចូរ​យើង​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​បង​ប្អូន . . . ដើម្បី​សួរ​សុខ​ទុក្ខ​ពួក​គាត់​»​ (​សកម្មភាព ១៥:៣៦​)

៤. ក្នុង​ដំណើរ​ជា​សាសនទូត​លើក​ទី​២ តើ​ប៉ូល​មាន​គោល​បំណង​អ្វី?

៤ ក្នុង​ជំពូក​ទី​១៤ យើង​បាន​ឃើញ​ពី​របៀប​ដែល​បង​ប្រុស​បួន​នាក់​រួម​មាន ប៉ូល បាណាបាស យូដាស និង​ស៊ីឡាស បាន​ពង្រឹង​និង​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក ដោយ​ប្រាប់​ពី​ការ​សម្រេច​ចិត្ត​របស់​គណៈ​អភិបាល​អំពី​ការ​កាត់​ចុង​ស្បែក។ តើ​ប៉ូល​បាន​ធ្វើ​អ្វី​បន្ទាប់​មក? គាត់​បាន​ទៅ​ជួប​បាណាបាស ដើម្បី​ប្រាប់​អំពី​គម្រោង​ធ្វើ​ដំណើរ​ថ្មី ដោយ​និយាយ​ថា​៖ ​«​ឥឡូវ ចូរ​យើង​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​បង​ប្អូន​នៅ​គ្រប់​ក្រុង​ដែល​យើង​បាន​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ដើម្បី​សួរ​សុខ​ទុក្ខ​ពួក​គាត់​»។ (​សកម្ម. ១៥:៣៦​) ប៉ូល​មិន​គ្រាន់​តែ​និយាយ​អំពី​ការ​ទៅ​សួរ​សុខ​ទុក្ខ​ធម្មតា​ៗ​ចំពោះ​គ្រិស្ត​សាសនិក ដែល​ទើប​តែ​ជឿ​ថ្មី​នោះ​ទេ។ សៀវភៅ​សកម្មភាព​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ អំពី​គោល​បំណង​របស់​ប៉ូល​ក្នុង​ដំណើរ​ជា​សាសនទូត​លើក​ទី​២។ គោល​បំណង​ទី​១ គាត់​នឹង​បន្ត​ប្រាប់​អំពី​ការ​សម្រេច​ចិត្ត​របស់​គណៈ​អភិបាល។ (​សកម្ម. ១៦:៤​) គោល​បំណង​ទី​២ ក្នុង​នាម​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ប៉ូល​តាំង​ចិត្ត​ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​មាន​ជំនឿ​កាន់​តែ​រឹង​មាំ។ (​រ៉ូម ១:១១, ១២​) តើ​អង្គការ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ ធ្វើ​តាម​គំរូ​របស់​ពួក​សាវ័ក​យ៉ាង​ដូច​ម្ដេច?

៥. តើ​គណៈ​អភិបាល​សព្វ​ថ្ងៃ​ផ្ដល់​ការ​ណែនាំ​និង​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជំនុំ​តាម​វិធី​ណា?

៥ សព្វ​ថ្ងៃ​លោក​យេស៊ូ​គ្រិស្ត​ប្រើ​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា ឲ្យ​ផ្ដល់​ការ​ណែនាំ​ដល់​ក្រុម​ជំនុំ​របស់​លោក តាម​រយៈ​សំបុត្រ សៀវភៅ​ក្នុង​គេហទំព័រ​និង​សៀវភៅ​បោះ​ពុម្ព និង​កិច្ច​ប្រជុំ​ជា​ដើម។ បុរស​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​នេះ ផ្ដល់​ការ​ណែនាំ និង​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជំនុំ​ទាំង​អស់​នៅ​ទូ​ទាំង​ពិភព​លោក។ គណៈ​អភិបាល​ក៏​ព្យាយាម​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ក្រុម​ជំនុំ​នីមួយ​ៗ​ដែរ។ ដើម្បី​ធ្វើ​ដូច្នេះ ពួក​គាត់​រៀបចំ​ឲ្យ​មាន​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ គណៈ​អភិបាល​តែង​តាំង​ដោយ​ផ្ទាល់​នូវ​អ្នក​ចាស់​ទុំ​រាប់​ពាន់​នាក់ ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។

៦, ៧. តើ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​មាន​ភារកិច្ច​អ្វី​ខ្លះ?

៦ នៅ​សព្វ​ថ្ងៃ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ផ្ដោត​ទៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ពី​គម្ពីរ ដល់​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ដែល​ពួក​គាត់​ទៅ​ទស្សនកិច្ច។ តើ​ពួក​គាត់​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? ពួក​គាត់​ធ្វើ​តាម​គំរូ​របស់​ប៉ូល​និង​គ្រិស្ត​សាសនិក​ឯ​ទៀត​នៅ​សតវត្សរ៍​ទី១។ ប៉ូល​បាន​ដាស់​តឿន​អ្នក​ត្រួត​ពិនិត្យ​ឯ​ទៀត​ថា​៖ ​«​ចូរ​ប្រកាស​បណ្ដាំ​របស់​ព្រះ។ ចូរ​ប្រកាស​ជា​បន្ទាន់​នៅ​ពេល​ដែល​មាន​អំណោយ​ផល និង​នៅ​ពេល​ដែល​មាន​ការ​លំបាក។ ចូរ​ប្រដៅ​តម្រង់ ស្ដី​បន្ទោស លើក​ទឹក​ចិត្ត ដោយ​មាន​ចិត្ត​អត់​ធ្មត់​និង​ការ​ប៉ិន​ប្រសប់​គ្រប់​យ៉ាង​ក្នុង​ការ​បង្រៀន។ . . . ចូរ​បំពេញ​កិច្ច​ការ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​»។—២ធី. ៤:២, ៥

៧ ស្រប​ទៅ​តាម​ពាក្យ​ទាំង​នោះ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ប្រពន្ធ​របស់​គាត់​(​បើ​រៀប​ការ​ហើយ​) ចូល​រួម​ផ្នែក​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​បង​ប្អូន​ក្នុង​តំបន់។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន។ គុណ​សម្បត្តិ​ទាំង​នេះ​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ហ្វូង​ចៀម។ (​រ៉ូម ១២:១១; ២ធី ២:១៥​) អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​មាន​កេរ្តិ៍​ឈ្មោះ​ជា​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដែល​មិន​គិត​ពី​ប្រយោជន៍​ខ្លួន។ ពួក​គាត់​ស្ម័គ្រ​ចិត្ត​បម្រើ​បង​ប្អូន​ឯ​ទៀត ទោះ​ជា​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​អាកាសធាតុ​មិន​ល្អ ឬ​ក្នុង​តំបន់​ដែល​មាន​គ្រោះ​ថ្នាក់​ក្ដី។ (​ភី ២:៣, ៤​) បន្ថែម​ទៅ​ទៀត អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ក៏​លើក​ទឹក​ចិត្ត បង្រៀន និង​ដាស់​តឿន​ក្រុម​ជំនុំ​នីមួយ​ៗ​ដែរ ដោយ​ថ្លែង​សុន្ទរកថា​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​អាច​ទទួល​ប្រយោជន៍ ដោយ​សង្កេត​មើល​ការ​ប្រព្រឹត្ត​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ហើយ​យក​តម្រាប់​ជំនឿ​របស់​ពួក​គាត់។—ហេ. ១៣:៧

​«​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​»​ (​សកម្មភាព ១៥:៣៧​-​៤១​)

៨. តើ​បាណាបាស​គិត​យ៉ាង​ណា​ចំពោះ​គម្រោង​របស់​ប៉ូល ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​‹សួរ​សុខ​ទុក្ខ​បង​ប្អូន›​ជា​មួយ​គ្នា?

៨ បាណាបាស​យល់​ស្រប​នឹង​គម្រោង​របស់​ប៉ូល ក្នុង​ការ​ទៅ​‹សួរ​សុខ​ទុក្ខ​បង​ប្អូន›។ (​សកម្ម. ១៥:៣៦​) ពួក​គាត់​ទាំង​ពីរ​ធ្លាប់​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​និង​សហការ​គ្នា​យ៉ាង​ល្អ ហើយ​ថែម​ទាំង​ស្គាល់​តំបន់​ផ្សេង​ៗ និង​បង​ប្អូន​ដែល​ពួក​គាត់​បាន​ទៅ​លេង​រួច​ហើយ។ (​សកម្ម. ១៣:២–១៤:២៨​) ដូច្នេះ គម្រោង​ដែល​ពួក​គាត់​រួម​ដំណើរ​គ្នា​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​លើក​នេះ ហាក់​ដូច​ជា​សម​ហេតុ​ផល​និង​មាន​ប្រយោជន៍។ ប៉ុន្តែ រឿង​ដ៏​តាន​តឹង​មួយ​បាន​ផ្ទុះ​ឡើង។ សកម្មភាព ១៥:៣៧ ចែង​ថា​៖ ​«​បាណាបាស​បាន​តាំង​ចិត្ត​យក​យ៉ូហាន​ហៅ​ថា​ម៉ាកុស​ទៅ​ជា​មួយ​»។ បាណាបាស​មិន​បាន​សួរ​យោបល់​ប៉ូល​ថា គាត់​អាច​យក​ម៉ាកុស​ដែល​ជា​បង​ប្អូន​ជីដូន​មួយ​របស់​គាត់ ឲ្យ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​បាន​ឬ​យ៉ាង​ណា។ ផ្ទុយ​ទៅ​វិញ បាណាបាស​«​បាន​តាំង​ចិត្ត​»​ឬ​សម្រេច​ចិត្ត​ហើយ​ថា ត្រូវ​យក​ម៉ាកុស​ទៅ​ជា​មួយ។

៩. ហេតុ​អ្វី​ប៉ូល​មិន​យល់​ព្រម​ឲ្យ​បាណាបាស​នាំ​ម៉ាកុស​ទៅ​ជា​មួយ?

៩ ប៉ូល​មិន​យល់​ព្រម​ឡើយ។ ហេតុ​អ្វី? គម្ពីរ​រៀប​រាប់​ថា​៖ ​«​ប៉ុន្តែ ប៉ូល​គិត​ថា​មិន​គួរ​យក​ម៉ាកុស​ទៅ​ជា​មួយ​ទេ ដោយ​សារ​គាត់​ធ្លាប់​ចាក​ចេញ​ពី​ពួក​គាត់​នៅ​ប៉ាមភីលៀ ហើយ​មិន​បាន​ទៅ​បំពេញ​កិច្ច​ការ​ជា​មួយ​នឹង​ពួក​គាត់​ឡើយ​»។ (​សកម្ម. ១៥:៣៨​) ម៉ាកុស​ធ្លាប់​ទៅ​ជា​មួយ​ប៉ូល​និង​បាណាបាស​ក្នុង​ដំណើរ​ជា​សាសនទូត​លើក​ទី​១ ប៉ុន្តែ​គាត់​មិន​បាន​នៅ​រហូត​ដល់​ចប់​ភារកិច្ច​ទេ។ (​សកម្ម. ១២:២៥; ១៣:១៣​) បន្ទាប់​ពី​ចេញ​ដំណើរ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ខណៈ​ដែល​នៅ​ប៉ាមភីលៀ​នៅ​ឡើយ ម៉ាកុស​បាន​បោះ​បង់​ចោល​ភារកិច្ច​របស់​ខ្លួន ហើយ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​យេរូសាឡិម​វិញ។ គម្ពីរ​មិន​បាន​ប្រាប់​មូលហេតុ​ដែល​ម៉ាកុស​ចាក​ចេញ​ទេ តែ​តាម​មើល​ទៅ សាវ័ក​ប៉ូល​ចាត់​ទុក​ទង្វើ​របស់​ម៉ាកុស​ថា គ្មាន​ទំនួល​ខុស​ត្រូវ។ នេះ​ប្រហែល​ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​ប៉ូល​មិន​អាច​ទុក​ចិត្ត​ម៉ាកុស​បាន។

១០. តើ​អ្វី​បាន​នាំ​ឲ្យ​ប៉ូល​និង​បាណាបាស​ខ្វែង​គំនិត​គ្នា? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

១០ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បាណាបាស​ទាម​ទារ​ថា ត្រូវ​តែ​យក​ម៉ាកុស​ទៅ​ជា​មួយ។ ប៉ុន្តែ ប៉ូល​បដិសេធ​ដាច់អហង្ការ។ សកម្មភាព ១៥:៣៩ ប្រាប់​ថា​៖ ​«​ពួក​គាត់​ក៏​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ហើយ​ចែក​ផ្លូវ​គ្នា​»។ រួច​មក បាណាបាស​ចុះ​ទូក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គាត់​នៅ​ឯ​កោះ​គីប្រុស ដោយ​យក​ម៉ាកុស​ទៅ​ជា​មួយ​ដែរ។ ចំណែក​ប៉ូល​វិញ គាត់​បន្ត​ធ្វើ​តាម​គម្រោង​របស់​គាត់។ កំណត់​ហេតុ​រៀប​រាប់​ថា​៖ ​«​ប៉ូល​បាន​ជ្រើស​រើស​ស៊ីឡាស រួច​ចេញ​ទៅ ក្រោយ​ពី​បង​ប្អូន​បាន​អធិដ្ឋាន​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​គាត់​»។ (​សកម្ម. ១៥:៤០​) ពួក​គាត់​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​«​កាត់​ស្រុក​ស៊ីរី​និង​ស្រុក​ស៊ីលីស៊ី ដោយ​ពង្រឹង​ក្រុម​ជំនុំ​នានា​»។—សកម្ម. ១៥:៤១

១១. ដើម្បី​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​បង​ប្អូន​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត តើ​គុណ​សម្បត្តិ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ការ​ជា​ចាំ​បាច់?

១១ កំណត់​ហេតុ​នេះ រំលឹក​យើង​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង។ ប៉ូល​និង​បាណាបាស​បាន​ត្រូវ​តែង​តាំង ជា​អ្នក​តំណាង​ពិសេស​របស់​គណៈ​អភិបាល។ ប៉ូល​ទំនង​ជា​សមាជិក​ម្នាក់​នៃ​គណៈ​អភិបាល។ ប៉ុន្តែ ពេល​មាន​បញ្ហា​កើត​ឡើង ប៉ូល​និង​បាណាបាស​បាន​ធ្វើ​តាម​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន។ ប៉ុន្តែ តើ​ពួក​គាត់​បាន​ទុក​បញ្ហា​នោះ ឲ្យ​ទៅ​ជា​ជម្លោះ​រ៉ាំរ៉ៃ​រវាង​ពួក​គាត់​ទាំង​ពីរ​ឬ​ទេ? ទោះ​ជា​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី ប៉ូល​និង​បាណាបាស​ជា​មនុស្ស​រាប​ទាប និង​មាន​ចិត្ត​គំនិត​ដូច​គ្រិស្ត។ ប្រាកដ​ណាស់​ថា ទី​បំផុត​ពួក​គាត់​បាន​អភ័យ​ទោស​ឲ្យ​គ្នា និង​បន្ត​រក្សា​សាមគ្គីភាព​ជា​បង​ប្អូន​រួម​ជំនឿ។ (​អេភ. ៤:១​-​៣​) ក្រោយ​មក ប៉ូល​និង​ម៉ាកុស​បាន​រួម​ធ្វើ​ការ​ជា​មួយ​គ្នា​ក្នុង​កិច្ច​បម្រើ​ផ្សេង​ទៀត។a—កូឡ. ៤:១០

១២. ដោយ​ធ្វើ​តាម​គំរូ​ប៉ូល​និង​បាណាបាស តើ​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​គួរ​បង្ហាញ​គុណ​សម្បត្តិ​អ្វី​ខ្លះ?

១២ ទោះ​ជា​ប៉ូល​និង​បាណាបាស​បាន​ផ្ទុះ​កំហឹង​ដាក់​គ្នា​ក៏​ដោយ នោះ​មិន​មែន​ជា​ចរិត​របស់​ពួក​គាត់​ទេ។ បាណាបាស​ត្រូវ​គេ​ស្គាល់​ថា ជា​មនុស្ស​ដែល​មាន​អារម្មណ៍​កក់​ក្ដៅ និង​ចិត្ត​ទូលាយ។ ម្ល៉ោះ​ហើយ ពួក​សាវ័ក​មិន​បាន​ហៅ​ឈ្មោះ​គាត់​ថា​យ៉ូសែប​ទេ តែ​បាន​ដាក់​ឈ្មោះ​មួយ​ទៀត​ឲ្យ​គាត់​ថា​បាណាបាស ដែល​មាន​ន័យ​ថា​«​កូន​នៃ​ការ​សម្រាល​ទុក្ខ​»។ (​សកម្ម. ៤:៣៦​) រី​ឯ​ប៉ូល​វិញ គាត់​ត្រូវ​គេ​ស្គាល់​ថា ជា​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​ស្លូត​បូត និង​ដោយ​ការ​ថ្នាក់​ថ្នម។ (​១ថែ. ២:៧, ៨​) ដោយ​ធ្វើ​តាម​គំរូ​ប៉ូល​និង​បាណាបាស ពួក​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ រួម​ទាំង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល គួរ​បន្ត​ព្យាយាម​បង្ហាញ​ចិត្ត​រាប​ទាប និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ចាស់​ទុំ​ឯ​ទៀត ក៏​ដូច​ជា​ចំពោះ​ហ្វូង​ចៀម ដោយ​ការ​ថ្នាក់​ថ្នម។—១ពេ. ៥:២, ៣

‹បង​ប្អូន​តែង​តែ​និយាយ​ល្អ​អំពី​គាត់› (​សកម្មភាព ១៦:១​-​៣​)

១៣, ១៤. ​(​ក​) តើ​ធីម៉ូថេ​ជា​អ្នក​ណា? ហើយ​តើ​ប៉ូល​បាន​ជួប​គាត់​ក្នុង​ពេល​ណា​ខ្លះ? (​ខ​) ហេតុ​អ្វី​បាន​ជា​ប៉ូល​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ធីម៉ូថេ? (​គ​) តើ​ធីម៉ូថេ​បាន​ទទួល​ភារកិច្ច​អ្វី?

១៣ ប៉ូល​កំពុង​ទៅ​ខេត្ត​កាឡាទី​របស់​រ៉ូម ក្នុង​ដំណើរ​ជា​សាសនទូត​លើក​ទី​២។ នៅ​ទី​នោះ មាន​ក្រុម​ជំនុំ​មួយ​ចំនួន​រួច​ហើយ។ ទី​បំផុត ​«​ប៉ូល​បាន​ទៅ​ដល់​ក្រុង​ឌើបេ​និង​ក្រុង​លីស្ត្រា​»។ គម្ពីរ​ចែង​ថែម​ទៀត​ថា​៖ ​«​នៅ​ទី​នោះ មាន​អ្នក​កាន់​តាម​ម្នាក់​ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​ជន​ជាតិ​យូដា​ម្នាក់​ដែល​ជា​អ្នក​ជឿ តែ​ឪពុក​គាត់​ជា​ជន​ជាតិ​ក្រិច​»។—សកម្ម. ១៦:១b

១៤ ប៉ូល​មុខ​ជា​ធ្លាប់​ជួប​ក្រុម​គ្រួសារ​របស់​ធីម៉ូថេ ពេល​គាត់​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​នៅ​តំបន់​នោះ ប្រហែល​នៅ​ឆ្នាំ​៤៧ គ.ស.។ ប្រមាណ​ពីរ​ឬ​បី​ឆ្នាំ​ក្រោយ​មក ឥឡូវ​ប៉ូល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​នោះ​ជា​លើក​ទី​២ ពេល​នេះ​ប៉ូល​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​យុវជន​ធីម៉ូថេ។ ហេតុ​អ្វី? ពីព្រោះ​‹បង​ប្អូន​តែង​តែ​និយាយ​ល្អ​អំពី​គាត់›។ ធីម៉ូថេ​មិន​ត្រឹម​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​តំបន់​ដែល​គាត់​រស់​នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​រហូត​ទៅ​ដល់​ក្រុម​ជំនុំ​ផ្សេង​ៗ ដែល​នៅ​ក្រៅ​តំបន់​គាត់​រស់​នៅ​ទៀត​ផង។ កំណត់​ហេតុ​ប្រាប់​ថា បង​ប្អូន​នៅ​ក្រុង​លីស្ត្រា​និង​ក្រុង​អ៊ីកូនាម ដែល​នៅ​ចម្ងាយ​ប្រហែល​៣០​គីឡូ​ម៉ែត្រ តែង​និយាយ​ល្អ​អំពី​គាត់។ (​សកម្ម. ១៦:២​) ក្រោម​ការ​ដឹក​នាំ​របស់​ឫទ្ធានុភាព​បរិសុទ្ធ ពួក​អ្នក​ចាស់​ទុំ​បាន​ប្រគល់​ភារកិច្ច​ដ៏​សំខាន់​មួយ​ឲ្យ​ធីម៉ូថេ គឺ​ឲ្យ​គាត់​ជួយ​ដល់​ប៉ូល​និង​ស៊ីឡាស ដែល​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។—សកម្ម. ១៦:៣

១៥, ១៦. ហេតុ​អ្វី​បាន​ជា​ធីម៉ូថេ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ?

១៥ ទោះ​ជា​ធីម៉ូថេ​នៅ​ក្មេង​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​គាត់​មាន​កេរ្តិ៍​ឈ្មោះ​ល្អ? តើ​នេះ​ដោយ​សារ​ភាព​វៃ​ឆ្លាត រូប​រាង ឬ​សមត្ថភាព​ពី​កំណើត​របស់​គាត់​ឬ? ជា​ញឹក​ញយ មនុស្ស​ច្រើន​តែ​កោត​ស្ងើច​នឹង​លក្ខណៈ​ទាំង​នោះ។ សូម្បី​តែ​អ្នក​ប្រកាស​ទំនាយ​សាំយូអែល ក៏​ធ្លាប់​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​រូប​រាង​ខាង​ក្រៅ​ដែរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​រំឭក​គាត់​ថា​៖ ​«​របៀប​ដែល​មនុស្ស​មើល គឺ​ខុស​ពី​របៀប​ដែល​ព្រះ​មើល ព្រោះ​មនុស្ស​មើល​តែ​សម្បក​ក្រៅ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មើល​ក្នុង​ចិត្ត​វិញ​»។ (​១សាំ. ១៦:៧​) ធីម៉ូថេ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ ដោយ​សារ​គុណ​សម្បត្តិ​របស់​គាត់ មិន​មែន​ដោយ​សារ​រូប​រាង ឬ​សមត្ថភាព​ពី​កំណើត​របស់​គាត់​ឡើយ។

១៦ ច្រើន​ឆ្នាំ​ក្រោយ​មក សាវ័ក​ប៉ូល​បាន​លើក​ឡើង​អំពី​គុណ​សម្បត្តិ​ខ្លះ​របស់​ធីម៉ូថេ។ ប៉ូល​រៀប​រាប់​អំពី​ចិត្ត​គំនិត​ល្អ​របស់​ធីម៉ូថេ និង​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន ព្រម​ទាំង​ចិត្ត​ខ្នះ​ខ្នែង​របស់​គាត់​ក្នុង​ការ​បំពេញ​ភារកិច្ច​ពី​ព្រះ។ (​ភី. ២:២០​-​២២​) ធីម៉ូថេ​ក៏​បាន​ត្រូវស្គាល់​ថា ជា​មនុស្ស​មាន​ជំនឿ​ដែល​«​គ្មាន​ពុត​ត្បុត​»។—២ធី. ១:៥

១៧. នៅ​សព្វ​ថ្ងៃ​នេះ តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​យក​តម្រាប់​ធីម៉ូថេ​តាម​វិធី​ណា?

១៧ នៅ​សព្វ​ថ្ងៃ​នេះ ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​យក​តម្រាប់​ធីម៉ូថេ ដោយ​បណ្ដុះ​គុណ​សម្បត្តិ​ដែល​ព្រះ​ពេញ​ចិត្ត។ ដូច្នេះ ពួក​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា និង​រាស្ត្រ​របស់​លោក សូម្បី​តែ​ពួក​គេ​នៅ​ក្មេង។ (​សុភ. ២២:១; ១ធី. ៤:១៥​) ពួក​គេ​បង្ហាញ​ជំនឿ​ដែល​គ្មាន​ពុត​ត្បុត ហើយ​មិន​រស់​នៅ​ដោយ​មាន​មុខ​ពីរ​ឡើយ។ (​ចសព. ២៦:៤​) ជា​លទ្ធផល ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​អាច​មាន​ភារកិច្ច​សំខាន់​ក្នុង​ក្រុម​ជំនុំ​ដូច​ធីម៉ូថេ​ដែរ។ ពេល​ប្អូន​ៗ​វ័យ​ក្មេង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​ក្រោយ​មក​ប្រគល់​ខ្លួនជូន​ព្រះ និង​ទទួល​ការ​ជ្រមុជ​ទឹក នោះ​ពិត​ជា​លើក​ទឹក​ចិត្ត​បង​ប្អូន​ទាំង​អស់​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា!

​«​ជំនឿ​របស់​ក្រុម​ជំនុំ​នានា​កាន់​តែ​រឹង​មាំ​»​ (​សកម្មភាព ១៦:៤, ៥​)

១៨. ​(​ក​) ក្នុង​នាម​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ តើ​ប៉ូល​និង​ធីម៉ូថេ​មាន​ឯកសិទ្ធិ​អ្វី? (​ខ​) តើ​ក្រុម​ជំនុំ​បាន​ទទួល​ពរ​យ៉ាង​ណា?

១៨ ប៉ូល​និង​ធីម៉ូថេ​ធ្វើ​ការ​ជា​មួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ។ ក្នុង​នាម​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ពួក​គាត់​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ដែល​គណៈ​អភិបាល​ផ្ដល់​ឲ្យ។ គម្ពីរ​ចែង​ថា​៖ ​«​កាល​ដែល​ធ្វើ​ដំណើរ​កាត់​ក្រុង​នានា ពួក​គាត់​តែង​ប្រាប់​ពួក​អ្នក​ដែល​នៅ​ក្រុង​ទាំង​នោះ​អំពី​បង្គាប់​ដែល​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​សម្រេច ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​តាម​»។ (​សកម្ម. ១៦:៤​) ក្រុម​ជំនុំ​ប្រាកដ​ជា​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​ពួក​សាវ័ក និង​ពួក​បុរស​ចាស់​ទុំ​ក្នុង​ក្រុង​យេរូសាឡិម។ ជា​លទ្ធផល ​«​ជំនឿ​របស់​ក្រុម​ជំនុំ​នានា​កាន់​តែ​រឹង​មាំ ហើយ​ក្រុម​ជំនុំ​ទាំង​នោះ​ក៏​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​»។—សកម្ម. ១៦:៥

១៩, ២០. ហេតុ​អ្វី​គ្រិស្ត​សាសនិក​គួរ​ស្ដាប់​បង្គាប់​«​ពួក​អ្នក​ដែល​នាំ​មុខ​»​?

១៩ សាក្សី​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​ក៏​ទទួល​ពរ​ដែរ ពី​ការ​ធ្វើ​តាម​បង្គាប់​របស់​‹ពួក​អ្នក​ដែល​នាំ​មុខ​ពួក​គេ›។ (​ហេ. ១៣:១៧​) ស្ថានភាព​ក្នុង​ពិភព​លោក​តែង​តែ​ផ្លាស់​ប្ដូរ ម្ល៉ោះ​ហើយ​ជា​ការ​សំខាន់​ណាស់ ដែល​គ្រិស្ត​សាសនិក​បន្ត​ទទួល​យក​សេចក្ដី​បង្រៀន និង​ធ្វើ​តាម​ភ្លាម​ៗ​នូវ​ការ​ណែនាំ ដែល​មក​ពី​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​ម៉ាថ. ២៤:៤៥; ១កូ. ៧:២៩​-​៣១​) ការ​ធ្វើ​ដូច្នេះ​អាច​ការ​ពារ​យើង​កុំ​ឲ្យ​រសាត់​ចេញ​ពី​សេចក្ដី​ពិត និង​ជួយ​យើង​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡូក​ប្រឡាក់​ជា​មួយ​ពិភព​លោក​នេះ។—យ៉ា. ១:២៧

២០ ពិត​ណាស់ ពួក​អ្នក​ត្រួត​ពិនិត្យ​សព្វ​ថ្ងៃ រួម​ទាំង​សមាជិក​គណៈ​អភិបាល ក៏​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច​ប៉ូល បាណាបាស ម៉ាកុស និង​អ្នក​ចាស់​ទុំ​ឯ​ទៀត​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​សតវត្សរ៍​ទី​១​ដែរ។ (​រ៉ូម ៥:១២; យ៉ា. ៣:២​) ប៉ុន្តែ ដោយ​សារ​គណៈ​អភិបាល​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ​យ៉ាង​ហ្មត់​ចត់ និង​ធ្វើ​តាម​គំរូ​របស់​ពួក​សាវ័ក​យ៉ាង​ដិត​ដល់ នោះ​បង្ហាញ​ថា​ពួក​គាត់​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ (​២ធី. ១:១៣, ១៤​) ហេតុ​នេះ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង និង​មាន​ជំនឿ​កាន់​តែ​រឹង​មាំ។

ធីម៉ូថេ ជា​ខ្ញុំ​បម្រើ​«​ក្នុង​ការ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ជឿន​ទៅ​មុខ​»​

ធីម៉ូថេ​ជា​ជំនួយ​ការ​ដ៏​ល្អ​របស់​សាវ័ក​ប៉ូល។ ក្រោយ​ពី​ពួក​គាត់​ធ្វើ​ការ​ជា​មួយ​គ្នា​អស់​ជិត​១១​ឆ្នាំ ប៉ូល​បាន​សរសេរ​អំពី​ធីម៉ូថេ​ថា​៖ ​«​ខ្ញុំ​គ្មាន​អ្នក​ណា​ទៀត​ដែល​មាន​ចិត្ត​គំនិត​ដូច​គាត់ ដែល​ពិត​ជា​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​រាល់​គ្នា​ទេ។ . . . អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​ធីម៉ូថេ​បាន​ទុក​គំរូ​ល្អ គាត់​ប្រៀប​ដូច​ជា​កូន​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ឪពុក។ គាត់​បាន​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ​ដូច​ខ្ញុំ​បម្រើ ក្នុង​ការ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ជឿន​ទៅ​មុខ​»។ (​ភី. ២:២០, ២២​) ធីម៉ូថេ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​ជួយ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ជឿន​ទៅ​មុខ នេះ​ធ្វើ​ឲ្យ​ប៉ូល​ស្រឡាញ់​ពេញ​ចិត្ត​គាត់។ ធីម៉ូថេ​ជា​គំរូ​ល្អ​សម្រាប់​យើង។

ធីម៉ូថេ។

ធីម៉ូថេ​មាន​ឪពុក​ជា​ជន​ជាតិ​ក្រិច ម្ដាយ​ជា​ជនជាតិ​យូដា។ តាម​មើល​ទៅ ធីម៉ូថេ​បាន​ធំ​ឡើង​ក្នុង​ក្រុង​លីស្ត្រា។ តាំង​ពី​តូច​មក ធីម៉ូថេ​បាន​រៀន​គម្ពីរ​ពី​ម្ដាយ​ឈ្មោះ​អឺនីស និង​យាយ​ឈ្មោះ​ឡូអ៊ីស។ (​សកម្ម. ១៦:១, ៣; ២ធី. ១:៥; ៣:១៤, ១៥​) ធីម៉ូថេ និង​ម្ដាយ រួម​ទាំង​យាយ ទំនង​ជា​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ក្នុង​អំឡុង​ពេល​ដែល​ប៉ូល​ធ្វើ​ទស្សនកិច្ច​លើក​ទី​១ នៅ​ស្រុក​កំណើត​របស់​ធីម៉ូថេ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពេល​ប៉ូល​ត្រឡប់​ទៅ​ទី​នោះ​វិញ ធីម៉ូថេ​ប្រហែល​ជា​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ ហើយ​«​បង​ប្អូន​នៅ​ក្រុង​លីស្ត្រា​និង​ក្រុង​អ៊ីកូនាម​តែង​តែ​និយាយ​ល្អ​អំពី​ធីម៉ូថេ​»។ (​សកម្ម. ១៦:២​) ឫទ្ធានុភាព​របស់​ព្រះ​បាន​ដឹក​នាំ​ឲ្យ​មាន​«​ការ​ប្រកាស​ទំនាយ​»​អំពី​យុវជន​នេះ ហើយ​ស្រប​តាម​ទំនាយ​ទាំង​នោះ ប៉ូល​និង​ពួក​អ្នក​ចាស់​ទុំ​ក្នុង​តំបន់​សម្រេច​ចិត្ត​តែង​តាំង​ធីម៉ូថេ ឲ្យ​ធ្វើ​កិច្ច​ការ​ដ៏​ពិសេស​មួយ។ (​១ធី. ១:១៨; ៤:១៤; ២ធី. ១:៦​) ធីម៉ូថេ​នឹង​ទៅ​ជា​មួយ​ប៉ូល​ក្នុង​នាម​ជា​សាសនទូត។ ដូច្នេះ ធីម៉ូថេ​ត្រូវ​ចាក​ចេញ​ពី​ក្រុម​គ្រួសារ ហើយ​ត្រូវ​កាត់​ចុង​ស្បែក ដើម្បី​កុំ​ឲ្យ​ជនជាតិ​យូដា​ខ្លះ​មាន​ហេតុ​រិះ​គន់។—សកម្ម. ១៦:៣

ធីម៉ូថេ​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជា​ច្រើន។ គាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​ប៉ូល​និង​ស៊ីឡាស​នៅ​ក្រុង​ភីលីព។ រួច​មក គាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​ស៊ីឡាស​នៅ​ក្រុង​បេរៀ។ បន្ទាប់​មក គាត់​ផ្សព្វ​ផ្សាយ​តែ​ម្នាក់​ឯង​នៅ​ក្រុង​ថែស្សាឡូនិច។ ពេល​ធីម៉ូថេ​ជួប​ប៉ូល​ម្ដង​ទៀត​នៅ​ក្រុង​កូរិនថូស គាត់​បាន​ប្រាប់​ប៉ូល​អំពី​បង​ប្អូន​នៅ​ក្រុង​ថែស្សាឡូនិច​ថា ទោះ​ជា​ពួក​គេ​រង​ទុក្ខ​លំបាក​ក៏​ដោយ ពួក​គេ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ភាព​ស្មោះ​ត្រង់​ជា​និច្ច។ (​សកម្ម. ១៦:៦–១៧:១៤; ១ថែ. ៣:២​-​៦​) រួច​មក ពេល​ប៉ូល​នៅ​ក្រុង​អេភេសូរ គាត់​បាន​ទទួល​ដំណឹង​ដ៏​ខ្វល់​ចិត្ត​មួយ​អំពី​បង​ប្អូន​នៅ​ក្រុង​កូរិនថូស។ ដូច្នេះ ប៉ូល​បាន​គិត​ថា​នឹង​ចាត់​ធីម៉ូថេ​ឲ្យ​ត្រឡប់​ទៅ​ក្រុង​កូរិនថូស​វិញ។ (​១កូ. ៤:១៧​) បន្ទាប់​មក គាត់​បាន​ចាត់​ធីម៉ូថេ​និង​អេរ៉ាធូស​ពី​ក្រុង​អេភេសូរ​ឲ្យ​ទៅ​តំបន់​ម៉ាសេដូន។ ក្រោយ​មក​ធីម៉ូថេ​ត្រឡប់​មក​រួម​ការ​ងារ​ជា​មួយ​ប៉ូល​វិញ​នៅ​ក្រុង​កូរិនថូស ពេល​ដែល​ប៉ូល​សរសេរ​សំបុត្រ​ទៅ​បង​ប្អូន​នៅ​ក្រុង​រ៉ូម។ (​សកម្ម. ១៩:២២; រ៉ូម ១៦:២១​) នេះ​គ្រាន់​តែ​ជា​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន​ប៉ុណ្ណោះ​របស់​ធីម៉ូថេ ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។

ធីម៉ូថេ​ប្រហែល​ជា​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រើ​តួ​នាទី​របស់​ខ្លួន ហើយ​នេះ​បាន​ស​ឲ្យ​ឃើញ​នៅ​ក្នុង​ពាក្យ​ដែល​ប៉ូល​លើក​ទឹក​ចិត្ត​គាត់​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក​ដោយ​សារ​អ្នក​នៅ​ក្មេង​ឡើយ​»។ (​១ធី. ៤:១២​) ប៉ុន្តែ​ដោយ​ក្ដី​ជឿ​ជាក់ ប៉ូល​បាន​ចាត់​ធីម៉ូថេ​ឲ្យ​ទៅ​ក្រុម​ជំនុំ​ដែល​មាន​បញ្ហា ដោយ​ផ្ដល់​ការ​ណែនាំ​ដល់​គាត់​ថា​៖ ​«​[​ចូរ​]​បង្គាប់​អ្នក​ខ្លះ​នៅ​ទី​នោះ​កុំ​ឲ្យ​ផ្សាយ​សេចក្ដី​បង្រៀន​មិន​ពិត​»។ (​១ធី. ១:៣​) បន្ថែម​ទៅ​ទៀត ប៉ូល​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ធីម៉ូថេ​ដើម្បី​តែង​តាំង​អ្នក​ត្រួត​ពិនិត្យ និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។—១ធី. ៥:២២

គុណ​សម្បត្តិ​ដ៏​ប្រសើរ​របស់​ធីម៉ូថេ បាន​ធ្វើ​ឲ្យ​ប៉ូល​ស្រឡាញ់​គាត់។ គម្ពីរ​បាន​ពណ៌នា​អំពី​យុវជន​នេះ​ថា ជា​ដៃ​គូ​ជិត​ស្និទ្ធ និង​ស្មោះ​ត្រង់ ហើយ​គាត់​ស្រឡាញ់​ប៉ូល ដូច​ជា​កូន​ស្រឡាញ់​ឪពុក។ ប៉ូល​ថែម​ទាំង​សរសេរ​ថា គាត់​នឹក​ឃើញ​ទឹក​ភ្នែក​របស់​ធីម៉ូថេ​ដែល​ចង់​ជួប​មុខ​គាត់ និង​ដែល​បាន​អធិដ្ឋាន​ឲ្យ​គាត់។ ដូច​ឪពុក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន ប៉ូល​បាន​ឲ្យ​យោបល់​ដល់​ធីម៉ូថេ​អំពី​‹ជំងឺ​ដែល​គាត់​មាន​ជា​ញឹក​ញយ›។ ធីម៉ូថេ​ទំនង​ជា​មាន​បញ្ហា​ក្រពះ។—១ធី. ៥:២៣; ២ធី. ១:៣, ៤

ក្នុង​អំឡុង​ដែល​ប៉ូល​ជាប់​គុក​លើក​ទី​១​នៅ​ក្រុង​រ៉ូម ធីម៉ូថេ​បាន​នៅ​ក្បែរ​គាត់។ យ៉ាង​ហោច​ណាស់ អស់​មួយ​រយៈ​ពេល ធីម៉ូថេ​ក៏​ជាប់​គុក​ដែរ។ (​ភីលេ. ១; ហេ. ១៣:២៣​) ពេល​ប៉ូល​ដឹង​ថា​ខ្លួន​ជិត​ស្លាប់ គាត់​បាន​សរសេរ​សំបុត្រ​ប្រាប់​ធីម៉ូថេ​ថា​៖ ​«​ចូរ​ខំ​អស់​ពី​សមត្ថភាព ដើម្បី​មក​ឯ​ខ្ញុំ​ឲ្យ​បាន​ឆាប់​បំផុត​»។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នូវ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ រវាង​ពួក​គាត់​ទាំង​ពីរ។ (​២ធី. ៤:៦​-​៩​) គម្ពីរ​មិន​បាន​ប្រាប់​ថា ធីម៉ូថេ​បាន​មក​ទាន់ដង្ហើម​អ្នក​ផ្ដល់​យោបល់​ជា​ទី​ស្រឡាញ់​របស់​គាត់​ឬ​យ៉ាង​ណា​ទេ។

ម៉ាកុស​មាន​ឯកសិទ្ធិ​ជា​ច្រើន

សៀវភៅ​ដំណឹង​ល្អ​ម៉ាកុស​បាន​រៀប​រាប់​ថា ពួក​អ្នក​ដែល​បាន​ចាប់​លោក​យេស៊ូ ក៏​ព្យាយាម​ចាប់​«​យុវជន​ម្នាក់​»​ដែល​កំពុង​រត់​គេច​ខ្លួន ហើយ​គាត់​រត់​«​ចេញ​ទៅ​ដោយ​គ្មាន​អ្វី​ដណ្ដប់​»។ (​ម៉ាក. ១៤:៥១, ៥២​) ដោយ​សារ​កំណត់​ហេតុ​នោះ មាន​តែ​ម៉ាកុស​ប៉ុណ្ណោះ​ដែល​បាន​សរសេរ ដូច្នេះ​យុវជន​ដែល​គេច​ចេញ​ទៅ​នោះ ប្រហែល​ជា​ម៉ាកុស​នោះ​ឯង។ បើ​មែន យ៉ាង​ហោច​ណាស់ ម៉ាកុស​ក៏​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​នឹង​លោក​យេស៊ូ​ដែរ។ ម៉ាកុស​មាន​ឈ្មោះ​មួយ​ទៀត​ថា យ៉ូហាន​ម៉ាកុស។

ម៉ាកុសកំពុងស្ដាប់ទាំងកត់កំណត់ កាលដែលបុរសចាស់ទុំម្នាក់និយាយ។

ប្រហែល​ជា​១១​ឆ្នាំ​ក្រោយ​មក ក្នុង​អំឡុង​ដែល​ហេរ៉ូឌ អាគ្រីប៉ា បៀតបៀន​គ្រិស្ត​សាសនិក នោះ​«​ពួក​អ្នក​កាន់​តាម​ជា​ច្រើន​នាក់​»​នៃ​ក្រុម​ជំនុំ​ក្នុង​ក្រុង​យេរូសាឡិម បាន​មក​ជួប​ជុំ​គ្នា​ក្នុង​ផ្ទះ​របស់​ម៉ារៀ​ជា​ម្ដាយ​ម៉ាកុស ដើម្បី​អធិដ្ឋាន។ នោះ​គឺ​ជា​ផ្ទះ​ដែល​ពេត្រុស​បាន​ទៅ ក្រោយ​ពី​គាត់​បាន​ត្រូវ​ដោះ​លែង​ពី​គុក​ដោយ​អព្ភូតហេតុ។ (​សកម្ម. ១២:១២​) ម្ល៉ោះ​ហើយ ម៉ាកុស​ប្រហែល​ជា​ធំ​ឡើង​ក្នុង​ផ្ទះ​មួយ ដែល​ក្រោយ​មក​បាន​ត្រូវ​ប្រើ​សម្រាប់​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក។ គាត់​ប្រាកដ​ជា​ស្គាល់​ពួក​អ្នក​កាន់​តាម​ដំបូង​របស់​លោក​យេស៊ូ​យ៉ាង​ច្បាស់ ហើយ​គាត់​បាន​ទទួល​ឥទ្ធិពល​ល្អ​ពី​អ្នក​ទាំង​នោះ។

ម៉ាកុស​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​ជា​ច្រើន ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​សម័យ​ដើម។ តាម​ដែល​យើង​ដឹង ឯកសិទ្ធិ​ដំបូង​របស់​គាត់ គឺ​បម្រើ​ជា​មួយ​នឹង​បាណាបាស​ដែល​ជា​បង​ជីដូន​មួយ​របស់​គាត់ និង​សាវ័ក​ប៉ូល​នៅ​ក្រុង​អាន់ទីយ៉ូក​ស្រុក​ស៊ីរី។ (​សកម្ម. ១២:២៥​) ពេល​បាណាបាស​និង​ប៉ូល​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ជា​សាសនទូត​លើក​ទី​១ ម៉ាកុស​បាន​រួម​ដំណើរ​ជា​មួយ​នឹង​ពួក​គាត់។ មុន​ដំបូង ពួក​គាត់​ទៅ​កោះ​គីប្រុស បន្ទាប់​មក​ទៅ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច។ រួច​មក ម៉ាកុស​ចាក​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​គម្ពីរ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ទេ។ (​សកម្ម. ១៣:៤, ១៣​) បន្ទាប់​ពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​បាណាបាស​និង​ប៉ូល​អំពី​ម៉ាកុស ដូច​បាន​រៀប​រាប់​នៅ​សកម្មភាព ជំពូក​ទី​១៥ នោះ​ម៉ាកុស​និង​បាណាបាស​ក៏​បន្ត​ដំណើរ​ផ្សព្វ​ផ្សាយ​ជា​សាសនទូត​នៅ​កោះ​គីប្រុស។—សកម្ម. ១៥:៣៦​-​៣៩

បញ្ហា​ខ្វែង​គំនិត​គ្នា​នោះ​មិន​បាន​នៅ​ជាប់​រហូត​ទេ ដោយ​សារ​ប្រហែល​នៅ​ឆ្នាំ​៦០​ឬ​៦១ គ.ស. ម៉ាកុស​បាន​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ប៉ូល​ម្ដង​ទៀត លើក​នេះ​គឺ​នៅ​ក្រុង​រ៉ូម។ ប៉ូល​ដែល​ជា​អ្នក​ទោស​ក្នុង​ក្រុង​រ៉ូម បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​កូឡុស​ថា​៖ ​«​អារីស្ដាក​ដែល​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ គាត់​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា ហើយ​ម៉ាកុស​ជា​ប្អូន​ជីដូន​មួយ​របស់​បាណាបាស ក៏​ផ្ដាំ​សួរ​សុខ​ទុក្ខ​ដែរ (​អ្នក​រាល់​គ្នា​បាន​ត្រូវ​បង្គាប់​ឲ្យ​ទទួល​ស្វាគមន៍​គាត់ ប្រសិន​បើ​គាត់​ទៅ​ឯ​អ្នក​រាល់​គ្នា​)​»។ (​កូឡ. ៤:១០​) ដូច្នេះ ប៉ូល​កំពុង​គិត​បញ្ជូន​យ៉ូហាន​ម៉ាកុស​ពី​ក្រុង​រ៉ូម ឲ្យ​ទៅ​ក្រុង​កូឡុស​ជំនួស​គាត់។

មួយ​រយៈ​ពេល​រវាង​ឆ្នាំ​៦២​និង​៦៤ គ.ស. ម៉ាកុស​បាន​ធ្វើ​ការ​ជា​មួយ​សាវ័ក​ពេត្រុស​នៅ​ក្រុង​បាប៊ីឡូន។ ដូច​បាន​រៀប​រាប់​នៅ​ជំពូក​ទី​១០​ក្នុង​សៀវភៅ​នេះ បន្តិច​ម្ដង​ៗ​ពួក​គាត់​ទាំង​ពីរ​បាន​ទៅ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា រហូត​ដល់​ពេត្រុស​ប្រើ​ពាក្យ​មួយ​ថា​«​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ​»។—១ពេ. ៥:១៣

ក្រោយ​មក​ទៀត ប្រហែល​ជា​នៅ​ឆ្នាំ​៦៥ គ.ស. ពេល​សាវ័ក​ប៉ូល​ជាប់​គុក​ជា​លើក​ទី​២​នៅ​ក្រុង​រ៉ូម គាត់​បាន​សរសេរ​សំបុត្រ​ទៅ​អ្នក​រួម​ការ​ងារ​របស់​គាត់​ឈ្មោះ​ធីម៉ូថេ ដែល​នៅ​ក្រុង​អេភេសូរ​ថា​៖ ​«​ចូរ​នាំ​ម៉ាកុស​មក​ជា​មួយ​នឹង​អ្នក ព្រោះ​គាត់​អាច​ជួយ​ខ្ញុំ​យ៉ាង​ច្រើន​ក្នុង​កិច្ច​បម្រើ​»។ (​២ធី. ៤:១១​) ម៉ាកុស​ព្រម​ទទួល​យក​ការ​អញ្ជើញ​នោះ​ភ្លាម​ៗ ហើយ​គាត់​បាន​ចាក​ចេញ​ពី​ក្រុង​អេភេសូរ​ទៅ​ក្រុង​រ៉ូម​វិញ។ មិន​ចម្លែក​ទេ​ដែល​បាណាបាស ប៉ូល និង​ពេត្រុស​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ម៉ាកុស!

ឯកសិទ្ធិ​ធំ​បំផុត​របស់​ម៉ាកុស គឺ​គាត់​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា។ មនុស្ស​និយាយ​ត​គ្នា​ថា ម៉ាកុស​បាន​ទទួល​ព័ត៌មាន​ជា​ច្រើន​ពី​សាវ័ក​ពេត្រុស។ អ្វី​ដែល​គេ​និយាយ​នេះ​ហាក់​ដូច​ជា​ត្រឹម​ត្រូវ ដោយ​សារ​កំណត់​ហេតុ​របស់​ម៉ាកុស​មាន​ព័ត៌មាន​លម្អិត ដែល​មាន​តែ​សាក្សី​ផ្ទាល់​ភ្នែក​ដូច​ជា​ពេត្រុស​ប៉ុណ្ណោះ​ដែល​បាន​ដឹង។ តាម​មើល​ទៅ ម៉ាកុស​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​នៅ​ក្រុង​រ៉ូម មិន​មែន​ពេល​គាត់​នៅ​ជា​មួយ​នឹង​ពេត្រុស​ក្នុង​ក្រុង​បាប៊ីឡូន​ទេ ពីព្រោះ​ម៉ាកុស​បាន​ប្រើ​ពាក្យ​ឡាតាំង​មួយ​ចំនួន ហើយ​គាត់​ក៏​បាន​បក​ប្រែ​ពាក្យ​ភាសា​ហេប្រឺ​ដែរ។ បើ​គាត់​មិន​ធ្វើ​ដូច្នោះ​ទេ នោះ​អ្នក​អាន​ដែល​មិន​មែន​ជា​ជនជាតិ​យូដា​នឹង​ពិបាក​យល់។ ម្ល៉ោះ​ហើយ ដំណឹង​ល្អ​របស់​គាត់​ហាក់​ដូច​ជា​បាន​ត្រូវ​សរសេរ​ជា​ចម្បង សម្រាប់​អ្នក​អាន​ដែល​ជា​ជន​ជាតិ​ដទៃ។

a សូម​មើល​ប្រអប់​«​ម៉ាកុស​មាន​ឯកសិទ្ធិ​ជា​ច្រើន​»។

b សូម​មើល​ប្រអប់​«​ធីម៉ូថេ ជា​ខ្ញុំ​បម្រើ​‹ក្នុង​ការ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ជឿន​ទៅ​មុខ›​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក