អត្ថបទសិក្សា ១៨
ចម្រៀងលេខ៦៥ ឈានទៅមុខ!
ប្អូនប្រុសវ័យក្មេងទាំងឡាយ ចូរយកតម្រាប់ម៉ាកុសនិងធីម៉ូថេ
«ចូរនាំម៉ាកុសមកជាមួយនឹងអ្នក ព្រោះគាត់អាចជួយខ្ញុំយ៉ាងច្រើនក្នុងកិច្ចបម្រើ»។—២ធី. ៤:១១
ចំណុចផ្ដោត
របៀបដែលគំរូរបស់ម៉ាកុសនិងធីម៉ូថេ អាចជួយប្អូនប្រុសវ័យក្មេងបណ្ដុះឲ្យមានគុណសម្បត្តិដែលត្រូវការ ដើម្បីបម្រើព្រះយេហូវ៉ានិងបងប្អូនក្នុងក្រុមជំនុំឲ្យបានច្រើនជាង។
១-២. តើបញ្ហាអ្វីខ្លះអាចរារាំងម៉ាកុសនិងធីម៉ូថេពីការបម្រើអ្នកឯទៀតឲ្យបានច្រើនជាង?
ប្អូនប្រុសវ័យក្មេង តើប្អូនចង់ធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយជួយបងប្អូនក្នុងក្រុមជំនុំរបស់ប្អូនឲ្យបានច្រើនជាងឬទេ? ប្អូនទំនងជាចង់ធ្វើដូច្នោះ។ យើងសប្បាយចិត្តជាខ្លាំងដែលឃើញប្អូនប្រុសវ័យក្មេងសុខចិត្តបម្រើអ្នកឯទៀត! (ចសព. ១១០:៣) ប៉ុន្តែ ប្អូនប្រហែលជាជួបការពិបាកខ្លះៗ។ តើប្អូនស្ទាក់ស្ទើរបង្កើនកិច្ចបម្រើរបស់ប្អូន ដោយសារប្អូនមិនដឹងថាជីវិតរបស់ប្អូននឹងទៅជាយ៉ាងណា ឬថាព្រះយេហូវ៉ាចង់ឲ្យប្អូនទៅកន្លែងណាឬ? តើប្អូនធ្លាប់បង្អែបង្អង់ទទួលយកភារកិច្ចណាមួយ ដោយសារប្អូនខ្វះទំនុកចិត្តឬទេ? បើដូច្នេះមែន មិនមានតែប្អូនទេដែលមានអារម្មណ៍បែបនេះ។
២ ម៉ាកុសនិងធីម៉ូថេក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ។ ប៉ុន្តែ ទោះជាពួកគាត់មិនដឹងថាជីវិតនឹងផ្លាស់ប្ដូរយ៉ាងណា ឬប្រហែលជាមានអារម្មណ៍ថាមិនមានគុណសម្បត្តិគ្រប់គ្រាន់ក៏ដោយ ពួកគាត់នៅតែសម្រេចចិត្តបម្រើព្រះយេហូវ៉ាច្រើនជាង។ ពេលសាវ័កប៉ូលនិងបាណាបាសអញ្ជើញម៉ាកុសឲ្យធ្វើដំណើរលើកទី១ជាសាសនទូតជាមួយនឹងពួកគាត់ ម៉ាកុសប្រហែលជារស់នៅក្នុងផ្ទះដ៏ស្រស់ស្អាតជាមួយនឹងម្ដាយរបស់គាត់។ (សកម្ម. ១២:១២, ១៣, ២៥) ម៉ាកុសបានចាកចេញពីផ្ទះរបស់គាត់ដើម្បីបង្កើនកិច្ចបម្រើ។ ដំបូង គាត់បានរើទៅក្រុងអាន់ទីយ៉ូក។ ក្រោយមក គាត់បានធ្វើដំណើរជាមួយប៉ូលនិងបាណាបាសទៅកន្លែងឆ្ងាយៗ។ (សកម្ម. ១៣:១-៥) ស្រដៀងគ្នាដែរ ធីម៉ូថេទំនងជារស់នៅជាមួយនឹងឪពុកម្ដាយរបស់គាត់ ពេលដែលប៉ូលអញ្ជើញគាត់ឲ្យទៅផ្សព្វផ្សាយជាមួយនឹងគាត់។ ដោយសារធីម៉ូថេមានវ័យក្មេង ហើយខ្វះបទពិសោធន៍ គាត់អាចអនុញ្ញាតឲ្យការខ្វះទំនុកចិត្តរារាំងគាត់។ (សូមពិនិត្យបន្ថែម កូរិនថូសទី១ ១៦:១០, ១១; និងធីម៉ូថេទី១ ៤:១២) ទោះជាយ៉ាងនោះក៏ដោយ គាត់ព្រមទទួលការអញ្ជើញពីប៉ូល ហើយជាលទ្ធផល គាត់បានទទួលពរជាច្រើន។—សកម្ម. ១៦:៣-៥
៣. (ក) តើប៉ូលឲ្យតម្លៃម៉ាកុសនិងធីម៉ូថេខ្លាំងប៉ុនណា? (ធីម៉ូថេទី២ ៤:៦, ៩, ១១) (សូមមើលរូបភាពផងដែរ) (ខ) តើយើងនឹងពិចារណាចម្លើយចំពោះសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ម៉ាកុសនិងធីម៉ូថេបានទទួលបទពិសោធន៍ល្អៗ ហើយបានរៀនឲ្យទទួលភារកិច្ចធ្ងន់កាលដែលពួកគាត់នៅក្មេង។ ប៉ូលឲ្យតម្លៃបុរសវ័យក្មេងទាំងពីរនាក់នេះយ៉ាងខ្លាំង បានជាគាត់ចង់ឲ្យពួកគាត់នៅក្បែរពេលដែលគាត់ដឹងថាខ្លួនជិតស្លាប់។ (សូមអាន ធីម៉ូថេទី២ ៤:៦, ៩, ១១) តើគុណសម្បត្តិអ្វីខ្លះរបស់ម៉ាកុសនិងធីម៉ូថេធ្វើឲ្យប៉ូលស្រឡាញ់ពួកគាត់? តើប្អូនប្រុសៗវ័យក្មេងអាចមានចិត្តគំនិតដូចគាត់យ៉ាងដូចម្ដេច? ម្យ៉ាងទៀត តើប្អូនប្រុសវ័យក្មេងអាចទទួលប្រយោជន៍យ៉ាងណាពីយោបល់របស់ប៉ូលដែលប្រៀបដូចជាយោបល់របស់ឪពុកទៅកាន់កូន?
ប៉ូលកាន់តែស្រឡាញ់ម៉ាកុសនិងធីម៉ូថេដោយសារពួកគាត់ទទួលភារកិច្ចតាំងពីនៅក្មេង (សូមមើលវគ្គ៣)b
ចូរយកតម្រាប់ម៉ាកុស ដោយសុខចិត្តបម្រើអ្នកឯទៀត
៤-៥. តើម៉ាកុសបានបង្ហាញយ៉ាងណាថាគាត់សុខចិត្តបម្រើអ្នកឯទៀត?
៤ យោងទៅតាមឯកសារយោងមួយ ការបម្រើអ្នកឯទៀតអាចមានន័យថាខំព្យាយាមជួយពួកគេ ហើយបន្តជួយពួកគេទោះជាពិបាកធ្វើដូច្នោះក៏ដោយ។ ម៉ាកុសបានទុកគំរូល្អស្ដីអំពីរឿងនេះ។ ពេលប៉ូលមិនព្រមយកម៉ាកុសទៅជាមួយ កាលដែលគាត់ធ្វើដំណើរលើកទី២ជាសាសនទូត ម៉ាកុសទំនងជាឈឺចិត្ត ហើយខកចិត្ត។ (សកម្ម. ១៥:៣៧, ៣៨) ប៉ុន្តែ ម៉ាកុសមិនបានឲ្យអ្វីនោះរារាំងគាត់ពីការបម្រើបងប្អូនរបស់គាត់ទេ។
៥ ម៉ាកុសបានទទួលភារកិច្ចបម្រើជាមួយបាណាបាសដែលជាបងជីដូនមួយរបស់គាត់។ ប្រហែលជា១១ឆ្នាំក្រោយមក ក្នុងអំឡុងពេលសាវ័កប៉ូលបានត្រូវជាប់ឃុំជាលើកទី១នៅក្រុងរ៉ូម ម៉ាកុសបាននៅក្នុងចំណោមពួកអ្នកដែលបានគាំទ្រប៉ូល។ (ភីលេ. ២៣, ២៤) តាមពិត ប៉ូលឲ្យតម្លៃយ៉ាងខ្លាំងចំពោះជំនួយពីម៉ាកុស បានជាគាត់រៀបរាប់ថាម៉ាកុស«ជាប្រភពនៃការសម្រាលទុក្ខដ៏ធំ»។—កូឡ. ៤:១០, ១១
៦. តើម៉ាកុសបានទទួលប្រយោជន៍យ៉ាងណាពីការចំណាយពេលជាមួយគ្រិស្តសាសនិកដែលមានភាពចាស់ទុំ? (សូមមើលកំណត់សម្គាល់)
៦ ម៉ាកុសបានទទួលប្រយោជន៍ពីការចំណាយពេលជាមួយនឹងគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ ក្រោយពីចំណាយពេលជាមួយប៉ូលនៅក្រុងរ៉ូម ម៉ាកុសបានទៅក្រុងបាប៊ីឡូនដើម្បីរួមការងារជាមួយនឹងសាវ័កពេត្រុស។ ពួកគាត់បានទៅជាមិត្តជិតស្និទ្ធនឹងគ្នា រហូតដល់ពេត្រុសហៅម៉ាកុសថា «ម៉ាកុសជាកូនរបស់ខ្ញុំ»។ (១ពេ. ៥:១៣) កាលដែលពួកគាត់រួមការងារជាមួយគ្នា ពេត្រុសទំនងជារៀបរាប់ប្រាប់មិត្តភក្តិវ័យក្មេងនេះរបស់គាត់អំពីព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ស្ដីអំពីជីវិតនិងកិច្ចបម្រើរបស់លោកយេស៊ូ។ ក្រោយមក ម៉ាកុសបានកត់ទុកព័ត៌មាននោះក្នុងសៀវភៅដំណឹងល្អរបស់គាត់។a
៧. តើបងសឹងវូបានធ្វើតាមគំរូរបស់ម៉ាកុសយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
៧ ម៉ាកុសបានជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយរក្សាខ្លួនឲ្យនៅជិតស្និទ្ធជាមួយនឹងបងប្អូនប្រុសដែលមានភាពចាស់ទុំ។ តើប្អូនអាចធ្វើតាមគំរូរបស់ម៉ាកុសយ៉ាងដូចម្ដេច? បើប្អូនមិនបានទទួលឯកសិទ្ធិក្នុងកិច្ចបម្រើណាមួយ សូមអត់ធ្មត់ចំពោះខ្លួនឯង ហើយបន្តស្វែងរករបៀបផ្សេងទៀតដើម្បីបម្រើព្រះយេហូវ៉ានិងបងប្អូនក្នុងក្រុមជំនុំ។ សូមគិតអំពីបទពិសោធន៍របស់បងប្រុសសឹងវូ ដែលឥឡូវបម្រើជាអ្នកចាស់ទុំ។ ពេលគាត់នៅក្មេង គាត់ច្រើនតែប្រៀបធៀបខ្លួនជាមួយនឹងបងប្អូនប្រុសឯទៀត។ ពួកគេខ្លះបានទទួលឯកសិទ្ធិមុនគាត់។ បងសឹងវូឈឺចិត្តនិងខកចិត្ត ហើយនៅទីបំផុត គាត់បានប្រាប់អ្នកចាស់ទុំអំពីអារម្មណ៍របស់គាត់។ អ្នកចាស់ទុំម្នាក់ជូនយោបល់បងសឹងវូថា គាត់អាចខំអស់ពីសមត្ថភាពដើម្បីបម្រើអ្នកឯទៀត ទោះបីជាជួនកាលអ្នកឯទៀតមិនកត់សម្គាល់អំពីអ្វីល្អដែលគាត់បានធ្វើក៏ដោយ។ យោបល់នោះបានជំរុញចិត្តបងសឹងវូឲ្យចាប់ផ្ដើមជួយបងប្អូនវ័យចាស់ និងបងប្អូនឯទៀតដែលត្រូវការជំនួយទៅកិច្ចប្រជុំ។ ពេលបងសឹងវូគិតអំពីពេលនោះ គាត់និយាយថា៖ «ខ្ញុំបានយល់កាន់តែច្បាស់ថា ការបម្រើអ្នកឯទៀតមានន័យយ៉ាងណា។ ខ្ញុំមានអំណរយ៉ាងខ្លាំងដែលមកពីការជួយអ្នកឯទៀត»។
តើប្អូនប្រុសវ័យក្មេងទទួលប្រយោជន៍យ៉ាងណាពីការចំណាយពេលជាទៀងទាត់ជាមួយនឹងបងប្អូនប្រុសដែលមានភាពចាស់ទុំ? (សូមមើលវគ្គ៧)
ចូរយកតម្រាប់ធីម៉ូថេ ដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត
៨. ហេតុអ្វីប៉ូលជ្រើសរើសធីម៉ូថេឲ្យរួមដំណើរជាមួយគាត់? (ភីលីព ២:១៩-២២)
៨ ប៉ូលត្រូវការអ្នករួមដំណើរដែលមានចិត្តក្លាហានឲ្យទៅជាមួយគាត់ ពេលគាត់ត្រឡប់ទៅក្រុងផ្សេងៗដែលគាត់ធ្លាប់ជួបការប្រឆាំង។ ដំបូង គាត់បានជ្រើសរើសស៊ីឡាសដែលជាគ្រិស្តសាសនិកដែលមានបទពិសោធន៍ឲ្យទៅជាមួយគាត់។ (សកម្ម. ១៥:២២, ៤០) នៅពេលក្រោយមក ប៉ូលក៏បានជ្រើសរើសធីម៉ូថេឲ្យទៅជាមួយគាត់ដែរ។ ហេតុអ្វីប៉ូលចង់ឲ្យធីម៉ូថេទៅជាមួយ? មូលហេតុមួយគឺ ធីម៉ូថេមានកេរ្តិ៍ឈ្មោះល្អ។ (សកម្ម. ១៦:១, ២) បន្ថែមទៅទៀត គាត់ពិតជាយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។—សូមអាន ភីលីព ២:១៩-២២
៩. តើធីម៉ូថេបង្ហាញយ៉ាងណាថាគាត់ពិតជាយកចិត្តទុកដាក់ចំពោះបងប្អូន?
៩ តាំងពីធីម៉ូថេរួមកិច្ចការជាមួយប៉ូល ធីម៉ូថេបង្ហាញថាគាត់យកចិត្តទុកដាក់ចំពោះអ្នកឯទៀតច្រើនជាងខ្លួនគាត់។ ហេតុនេះហើយ ប៉ូលអាចមានទំនុកចិត្ត ពេលទុកធីម៉ូថេឲ្យនៅក្រុងបេរៀដើម្បីលើកទឹកចិត្តអ្នកកាន់តាមថ្មីនៅទីនោះ។ (សកម្ម. ១៧:១៣, ១៤) នៅពេលនោះ ធីម៉ូថេទំនងជាបានរៀនច្រើនពីស៊ីឡាសដែលបន្តនៅក្រុងបេរៀដែរ។ ប៉ុន្តែក្រោយមក ប៉ូលបានចាត់ធីម៉ូថេឲ្យទៅក្រុងថែស្សាឡូនិចតែម្នាក់ឯង ដើម្បីពង្រឹងកម្លាំងគ្រិស្តសាសនិកដែលរស់នៅក្រុងនោះ។ (១ថែ. ៣:២) អស់ប្រមាណ១៥ឆ្នាំបន្ទាប់ពីនោះ ធីម៉ូថេបានរៀនឲ្យ‹យំជាមួយនឹងអ្នកដែលយំ› ដោយយល់អារម្មណ៍ពួកអ្នកដែលកំពុងរងទុក្ខ។ (រ៉ូម ១២:១៥; ២ធី. ១:៤) តើបុរសវ័យក្មេងដែលជាគ្រិស្តសាសនិកអាចយកតម្រាប់ធីម៉ូថេយ៉ាងដូចម្ដេច?
១០. តើបងវូចេបានរៀនឲ្យកាន់តែចេះយកចិត្តទុកដាក់ចំពោះអ្នកឯទៀតយ៉ាងដូចម្ដេច?
១០ បងប្រុសម្នាក់ឈ្មោះវូចេបានរៀនឲ្យកាន់តែចេះបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ ពេលគាត់នៅក្មេង គាត់ពិបាកប្រាស្រ័យទាក់ទងជាមួយបងប្អូនវ័យចាស់។ ដូច្នេះ គាត់គ្រាន់តែជម្រាបសួរពួកគេនៅសាលប្រជុំ ហើយដើរចេញ។ អ្នកចាស់ទុំម្នាក់បានជូនយោបល់ទៅបងវូចេឲ្យចាប់ផ្ដើមការសន្ទនាដោយប្រាប់បងប្អូនរួមជំនឿអំពីអ្វីដែលគាត់ចូលចិត្តអំពីពួកគេ។ អ្នកចាស់ទុំនោះ ក៏លើកទឹកចិត្តគាត់ឲ្យគិតអំពីអ្វីដែលបងប្អូននោះប្រហែលជាចាប់អារម្មណ៍ដែរ។ បងវូចេបានធ្វើតាមយោបល់នោះ។ នៅសព្វថ្ងៃនេះ បងវូចេគឺជាអ្នកចាស់ទុំ។ គាត់និយាយថា៖ «ឥឡូវ ខ្ញុំស្រួលនិយាយជាមួយបងប្អូនដែលមានអាយុខុសៗគ្នាជាងពីមុន។ ខ្ញុំសប្បាយចិត្តដែលឥឡូវខ្ញុំយល់ច្រើនជាងអំពីបញ្ហារបស់អ្នកឯទៀត។ នេះជួយខ្ញុំឲ្យដឹងអំពីអ្វីដែលបងប្អូនពិតជាត្រូវការ ហើយអ្វីដែលខ្ញុំអាចធ្វើដើម្បីជួយពួកគេ»។
១១. តើតាមរបៀបណាប្អូនប្រុសវ័យក្មេងអាចរៀនឲ្យចេះយកចិត្តទុកដាក់ច្រើនជាងចំពោះអ្នកឯទៀតក្នុងក្រុមជំនុំ? (សូមមើលរូបភាពផងដែរ)
១១ ប្អូនប្រុសវ័យក្មេងទាំងឡាយ ប្អូនក៏អាចរៀនឲ្យបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀតដែរ។ ពេលប្អូននៅកិច្ចប្រជុំ សូមនិយាយជាមួយបងប្អូនទាំងចាស់ទាំងក្មេង។ សូមសួរសុខទុក្ខពួកគេ រួចស្ដាប់ពួកគេ។ នេះនឹងជួយប្អូនឲ្យដឹងអំពីរបៀបដែលប្អូនអាចជួយពួកគេ។ ប្រហែលជាប្អូននឹងឮថា ប្ដីប្រពន្ធវ័យចាស់មួយគូត្រូវការជំនួយដើម្បីប្រើកម្មវិធីJWបណ្ណាល័យ ឬប្រហែលជាប្អូនដឹងថា ពួកគេមិនមានអ្នកណាណាត់ឲ្យទៅផ្សព្វផ្សាយជាមួយ។ តើប្អូនអាចជួយបងប្អូនបែបនោះឲ្យចេះប្រើគ្រឿងអេឡិចត្រូនិក ឬណាត់ផ្សព្វផ្សាយជាមួយពួកគេឬទេ? ពេលប្អូនជួយបងប្អូនតាមរបៀបទាំងនេះ ប្អូននឹងទុកគំរូល្អដល់ក្រុមជំនុំ។
ប្អូនប្រុសវ័យក្មេងអាចជួយក្រុមជំនុំតាមរបៀបផ្សេងៗ (សូមមើលវគ្គ១១)
ចូរទទួលប្រយោជន៍ពីយោបល់របស់ប៉ូល
១២. តើប្អូនប្រុសវ័យក្មេងអាចទទួលប្រយោជន៍យ៉ាងណាពីយោបល់របស់ប៉ូលទៅកាន់ធីម៉ូថេ?
១២ ប៉ូលបានឲ្យយោបល់ទៅធីម៉ូថេដើម្បីជួយគាត់ឲ្យមានជីវិតសប្បាយជាង និងបម្រើព្រះយ៉ាងពេញលេញ។ (១ធី. ១:១៨; ២ធី. ៤:៥) ប្អូនប្រុសវ័យក្មេងទាំងឡាយ ប្អូនក៏អាចទទួលប្រយោជន៍ពីយោបល់របស់ប៉ូលដែលប្រៀបដូចជាយោបល់របស់ឪពុកទៅកាន់កូន។ តើតាមរបៀបណា? សូមអានសំបុត្រទាំងពីរដែលប៉ូលបានសរសេរទៅធីម៉ូថេ ដោយចាត់ទុកថានោះដូចជាគាត់បានសរសេរទៅកាន់ប្អូន ហើយរកចំណុចណាដែលប្អូនអាចអនុវត្តក្នុងជីវិតរបស់ប្អូន។ សូមគិតអំពីឧទាហរណ៍មួយចំនួន។
១៣. តើអ្វីនឹងជួយប្អូនឲ្យកាន់តែមានភក្ដីភាពចំពោះព្រះយេហូវ៉ា?
១៣ «ចូរបង្ហាត់បង្រៀនខ្លួនអ្នកក្នុងបំណងរក្សាភក្ដីភាពចំពោះព្រះ»។ (១ធី. ៤:៧ខ) តើភក្ដីភាពចំពោះព្រះគឺជាអ្វី? គឺជាការដែលបុគ្គលម្នាក់បង្ហាញចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ា ហើយធ្វើអ្វីដែលលោកពេញចិត្ត។ ដោយសារយើងមិនមានភក្ដីភាពចំពោះព្រះពេលយើងកើតមក នោះយើងត្រូវបណ្ដុះឲ្យមានគុណសម្បត្តិនោះ។ តើតាមរបៀបណា? ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«បង្ហាត់បង្រៀនខ្លួនអ្នក» ច្រើនតែប្រើដើម្បីរៀបរាប់អំពីការហ្វឹកហាត់របស់កីឡាករដែលត្រៀមខ្លួនចូលប្រកួត។ កីឡាករទាំងនោះត្រូវចេះអប់រំខ្លួនឬលត់ដំខ្លួន។ យើងក៏ត្រូវចេះអប់រំខ្លួនដើម្បីមានទម្លាប់ដែលនាំឲ្យយើងចូលកាន់តែជិតព្រះយេហូវ៉ាដែរ។
១៤. តើយើងគួរមានគោលដៅអ្វីពេលអានគម្ពីរ? សូមលើកឧទាហរណ៍។
១៤ កាលដែលប្អូនចាប់ផ្ដើមមានទម្លាប់អានគម្ពីរ សូមចាំអំពីគោលដៅរបស់ប្អូន គឺថាប្អូនចង់ចូលកាន់តែជិតព្រះយេហូវ៉ា។ ជាឧទាហរណ៍ តើប្អូនអាចរៀនអ្វីពីពេលដែលលោកយេស៊ូជួបអ្នកគ្រប់គ្រងវ័យក្មេងម្នាក់ដែលជាអ្នកមាន? (ម៉ាក. ១០:១៧-២២) បុរសវ័យក្មេងនោះជឿថា លោកយេស៊ូគឺជាមេស្ស៊ី តែគាត់មិនមានជំនឿគ្រប់គ្រាន់ដើម្បីនាំឲ្យគាត់ទៅជាអ្នកកាន់តាមលោកទេ។ ទោះជាយ៉ាងនោះក្ដី លោកយេស៊ូ«មានចិត្តស្រឡាញ់គាត់»។ តើរបៀបដែលលោកយេស៊ូនិយាយជាមួយបុរសវ័យក្មេងនោះមានឥទ្ធិពលលើចិត្តរបស់ប្អូនឬទេ? លោកយេស៊ូចង់ឲ្យគាត់ធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ លោកក៏កំពុងបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ាចំពោះបុរសវ័យក្មេងនោះដែរ។ (យ៉ូន. ១៤:៩) កាលដែលប្អូនគិតអំពីកំណត់ហេតុនេះ និងស្ថានភាពរបស់ប្អូន សូមសួរខ្លួនថា ‹តើខ្ញុំត្រូវធ្វើអ្វីដើម្បីចូលកាន់តែជិតព្រះយេហូវ៉ា ហើយបម្រើអ្នកឯទៀតច្រើនជាង?›។
១៥. ហេតុអ្វីប្អូនប្រុសវ័យក្មេងគួរគិតពិចារណាអំពីគំរូរបស់គាត់? សូមលើកឧទាហរណ៍។ (ធីម៉ូថេទី១ ៤:១២, ១៣)
១៥ «ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់»។ (សូមអាន ធីម៉ូថេទី១ ៤:១២, ១៣) ប៉ូលមិនគ្រាន់តែលើកទឹកចិត្តធីម៉ូថេឲ្យមានសមត្ថភាពក្នុងការអាននិងការបង្រៀនប៉ុណ្ណោះទេ តែក៏លើកទឹកចិត្តគាត់ឲ្យបណ្ដុះគុណសម្បត្តិដូចជាសេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធដែរ។ ហេតុអ្វី? ពីព្រោះការប្រព្រឹត្តគឺសំខាន់ជាងពាក្យសម្ដី។ ឧបមាថា ប្អូនត្រូវថ្លែងសុន្ទរកថាអំពីរបៀបបង្កើនចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ បើប្អូនកំពុងខំព្យាយាមអស់ពីសមត្ថភាពរបស់ប្អូនក្នុងកិច្ចបម្រើផ្សាយ ប្អូននឹងកាន់តែមានទំនុកចិត្តថ្លែងអំពីរឿងនោះ។ គំរូរបស់ប្អូននឹងធ្វើឲ្យអ្វីដែលប្អូននិយាយកាន់តែមានឥទ្ធិពល។—១ធី. ៣:១៣
១៦. (ក) តើគ្រិស្តសាសនិកវ័យក្មេងអាចធ្វើជាគំរូល្អក្នុងរបៀបប្រាំយ៉ាងអ្វី? (ខ) តើប្អូនប្រុសវ័យក្មេងអាចទៅជាគំរូល្អក្នុង«ការនិយាយ»យ៉ាងដូចម្ដេច?
១៦ នៅធីម៉ូថេទី១ ៤:១២ ប៉ូលបានរៀបរាប់អំពីរបៀបប្រាំយ៉ាងដែលប្អូនប្រុសវ័យក្មេងអាចធ្វើជាគំរូល្អ។ ក្នុងការសិក្សាផ្ទាល់ខ្លួន គឺជាការល្អឲ្យប្អូនសិក្សាចំណុចនីមួយៗទាំងនោះ។ ជាឧទាហរណ៍ ប្អូនប្រហែលជាចង់ទៅជាគំរូល្អក្នុង«ការនិយាយ»។ សូមគិតអំពីអ្វីដែលប្អូនអាចនិយាយដើម្បីលើកទឹកចិត្តអ្នកឯទៀត។ បើប្អូននៅតែរស់នៅផ្ទះជាមួយឪពុកម្ដាយរបស់ប្អូន តើប្អូនអាចអរគុណពួកគេច្រើនជាងចំពោះអ្វីដែលពួកគេធ្វើសម្រាប់ប្អូនឬទេ? ក្រោយពីកិច្ចប្រជុំ តើប្អូនអាចប្រាប់បងប្អូនណាម្នាក់អំពីអ្វីដែលប្អូនចូលចិត្តពីផ្នែករបស់គាត់ក្នុងកិច្ចប្រជុំឬទេ? ប្អូនក៏ប្រហែលជាអាចព្យាយាមឆ្លើយចេញពីចិត្តនៅកិច្ចប្រជុំដែរ។ ការខំប្រឹងរបស់ប្អូនដើម្បីទៅជាគំរូក្នុងការនិយាយ នឹងបង្ហាញថាប្អូនកំពុងរីកចម្រើន។—១ធី. ៤:១៥
១៧. តើអ្វីនឹងជួយប្អូនប្រុសវ័យក្មេងឲ្យសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះ? (ធីម៉ូថេទី២ ២:២២)
១៧ «ចូររត់ចេញពីសេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងគ្រាយុវវ័យ តែចូរស្វែងរកសេចក្ដីសុចរិត»។ (សូមអាន ធីម៉ូថេទី២ ២:២២) ប៉ូលលើកទឹកចិត្តធីម៉ូថេឲ្យតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាដែលអាចបង្វែរអារម្មណ៍គាត់ចេញពីគោលដៅក្នុងការគោរពប្រណិប័តន៍ព្រះ និងបង្ខូចចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។ ប្អូនក៏ប្រហែលជាយល់ថា សកម្មភាពខ្លះដែលមិនមែនជាអ្វីដែលខុស អាចធ្វើឲ្យប្អូនមិនសូវមានពេលក្នុងកិច្ចបម្រើព្រះ។ ជាឧទាហរណ៍ សូមគិតអំពីពេលវេលាដែលប្អូនប្រើក្នុងការលេងកីឡា ប្រើអ៊ីនធឺណិត ឬលេងហ្គេមវីដេអូ។ តើប្អូនអាចលៃពេលខ្លះពីសកម្មភាពទាំងនោះដើម្បីធ្វើអ្វីសម្រាប់ព្រះយេហូវ៉ានិងអ្នកឯទៀតឬទេ? ប្រហែលជាប្អូនអាចស្នើសុំជួយថែទាំសាលប្រជុំ ឬផ្សព្វផ្សាយដោយប្រើរទេះរុញ។ បើប្អូនធ្វើដូចនេះ ប្អូននឹងទំនងជាមានមិត្តថ្មីដែលនឹងជួយប្អូនឲ្យកំណត់គោលដៅក្នុងការគោរពប្រណិប័តន៍ព្រះ ហើយសម្រេចគោលដៅនោះ។
ការបម្រើអ្នកឯទៀតនាំឲ្យទទួលពរ
១៨. ហេតុអ្វីយើងអាចនិយាយថាម៉ាកុសនិងធីម៉ូថេមានជីវិតដ៏មានន័យ ហើយពេញទៅដោយបទពិសោធន៍ដ៏គួរឲ្យរំភើប?
១៨ ម៉ាកុសនិងធីម៉ូថេបានធ្វើការលះបង់ដើម្បីបម្រើអ្នកឯទៀតច្រើនជាង ហើយជាលទ្ធផលពួកគាត់មានជីវិតដ៏មានន័យនិងពោរពេញទៅដោយបទពិសោធន៍ដ៏គួរឲ្យរំភើប។ (សកម្ម. ២០:៣៥) ដើម្បីបម្រើបងប្អូនរួមជំនឿ ម៉ាកុសបានធ្វើដំណើរទៅកន្លែងឆ្ងាយៗជាច្រើន។ គាត់ក៏បានសរសេរកំណត់ហេតុដ៏គួរឲ្យរំភើបអំពីជីវិតនិងកិច្ចបម្រើរបស់លោកយេស៊ូដែរ។ រីឯធីម៉ូថេ គាត់បានជួយប៉ូលបង្កើតក្រុមជំនុំថ្មី ហើយបានលើកទឹកចិត្តបងប្អូនរួមជំនឿយ៉ាងខ្លាំង។ ព្រះយេហូវ៉ាច្បាស់ជាពេញចិត្តនឹងចិត្តគំនិតលះបង់ប្រយោជន៍ខ្លួនរបស់ម៉ាកុសនិងធីម៉ូថេ។
១៩. ហេតុអ្វីប្អូនប្រុសវ័យក្មេងគួរយកចិត្តទុកដាក់ចំពោះយោបល់របស់ប៉ូលទៅកាន់ធីម៉ូថេ ហើយតើនោះនាំឲ្យមានលទ្ធផលយ៉ាងណា?
១៩ តាមរយៈសំបុត្រដែលប៉ូលបានសរសេរទៅកាន់ធីម៉ូថេ យើងអាចឃើញថាគាត់ពិតជាស្រឡាញ់ធីម៉ូថេ។ សំបុត្រទាំងនេះបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ដូច្នេះនេះបង្ហាញថាព្រះយេហូវ៉ាក៏ពិតជាស្រឡាញ់ប្អូនប្រុសវ័យក្មេងយ៉ាងខ្លាំងដែរ។ លោកចង់ឲ្យប្អូនមានជីវិតសប្បាយក្នុងកិច្ចបម្រើលោក។ ដូច្នេះ សូមខំអស់ពីសមត្ថភាពដើម្បីធ្វើតាមយោបល់របស់ប៉ូល ហើយបម្រើអ្នកឯទៀតច្រើនជាង។ បើប្អូនធ្វើដូច្នេះ ប្អូននឹងមានជីវិតដ៏មានន័យខ្លឹមសារនៅឥឡូវនេះ ហើយប្អូននឹង«ចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ»នៅថ្ងៃខាងមុខ។—១ធី. ៦:១៨, ១៩
ចម្រៀងលេខ៨០ «ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាជាព្រះល្អ»
a ពេត្រុសជាបុរសដែលមិនលាក់អារម្មណ៍ និងមានមនោសញ្ចេតនាយ៉ាងខ្លាំង។ ហេតុនេះហើយបានជាគាត់ស្រួលពន្យល់ប្រាប់ម៉ាកុសមិនគ្រាន់តែអំពីអ្វីដែលលោកយេស៊ូមានប្រសាសន៍ប៉ុណ្ណោះទេ តែក៏ប្រាប់អំពីអារម្មណ៍របស់លោកដែរ។ នេះប្រហែលជាមូលហេតុដែលក្នុងកំណត់ហេតុរបស់ម៉ាកុសអំពីជីវិតរបស់លោកយេស៊ូ គាត់ច្រើនតែរៀបរាប់អំពីអារម្មណ៍និងការប្រព្រឹត្តរបស់លោក—ម៉ាក. ៣:៥; ៧:៣៤; ៨:១២
b ការពណ៌នាអំពីរូបភាព៖ ម៉ាកុសបានផ្ដល់ជំនួយដល់ប៉ូលនិងបាណាបាស ពេលដែលពួកគាត់ធ្វើដំណើរជាសាសនទូត។ ធីម៉ូថេសុខចិត្តទៅសួរសុខទុក្ខក្រុមជំនុំដើម្បីពង្រឹងកម្លាំងនិងលើកទឹកចិត្តបងប្អូននៅទីនោះ។