បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bt ជំ. ១២ ទំ. ១០៥-១១២
  • «ទទួលអំណាចពីព្រះយេហូវ៉ាដើម្បីនិយាយយ៉ាងក្លាហាន»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ទទួលអំណាចពីព្រះយេហូវ៉ាដើម្បីនិយាយយ៉ាងក្លាហាន»
  • ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹មនុស្ស​ច្រើន​សន្ធឹក​ទៅ​ជា​អ្នក​ជឿ› (​សកម្មភាព ១៤:១​-​៧​)
  • ​«​បែរ​មក . . . ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»​ (​សកម្មភាព ១៤:៨​-​១៩​)
  • ​«​ប៉ូល​និង​បាណាបាស​បាន​ប្រគល់​ពួក​គាត់​ឲ្យ​ព្រះ​យេហូវ៉ា​»​ (​សកម្មភាព ១៤:២០​-​២៨​)
  • «ពោរពេញទៅដោយអំណរនិងឫទ្ធានុភាពបរិសុទ្ធ»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • «ពង្រឹងក្រុមជំនុំនានា»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • គ្រិស្តសាសនារីករាលដាលដល់ប្រទេសជាច្រើន
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • គោលសំខាន់ៗពីសៀវភៅកិច្ចការ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
bt ជំ. ១២ ទំ. ១០៥-១១២

ជំពូក​ទី​១២

«​ទទួល​អំណាច​ពី​ព្រះ​យេហូវ៉ា​ដើម្បី​និយាយ​យ៉ាង​ក្លាហាន​»

ប៉ូល​និង​បាណាបាស បង្ហាញ​ចិត្ត​រាប​ទាប​ការ​ត​ស៊ូ និង​ចិត្ត​ក្លាហាន

មាន​មូលដ្ឋាន​លើ​សកម្មភាព ១៤:១​-​២៨

១, ២. ពេល​ប៉ូល​និង​បាណាបាស​នៅ​ក្រុង​លីស្ត្រា តើ​មាន​ព្រឹត្តិការណ៍​អ្វី​ខ្លះ​កើត​ឡើង?

ភាព​វឹកវរ​បាន​ផ្ទុះ​ឡើង​ក្នុង​ក្រុង​លីស្ត្រា។ បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត កំពុង​លោត​កញ្ឆេង​យ៉ាង​សប្បាយ​រីករាយ បន្ទាប់​ពី​ប៉ូល​និង​បាណាបាស​បាន​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ។ គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ហើយ​សង្ឃ​ម្នាក់​បាន​យក​ភួង​ផ្កា​មក ដើម្បី​បំពាក់​ឲ្យ​បុរស​ពីរ​នាក់​នោះ ដែល​បណ្ដា​ជន​ជឿ​ថា​ជា​ព្រះ។ គោ​ឈ្មោល​ប៉ុន្មាន​ក្បាល​កំពុង​ស្រែក​រោទ៍ កាល​ដែល​សង្ឃ​របស់​ព្រះ​សឺស​រៀបចំ​សម្លាប់​ពួក​វា។ ពេល​ឃើញ​ដូច្នោះ ប៉ូល​និង​បាណាបាស​ក៏​ស្រែក​ជំទាស់​យ៉ាង​ខ្លាំង។ ពួក​គាត់​ហែក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន រួច​រត់​ចូល​ទៅ​កណ្ដាល​ចំណោម​បណ្ដា​ជន ហើយ​អង្វរ​ពួក​គេ​កុំ​ឲ្យ​គោរព​បូជា​ដល់​ពួក​គាត់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គាត់​ឃាត់​បណ្ដា​ជន​សឹង​តែ​មិន​បាន។

២ បន្ទាប់​មក ពួក​អ្នក​ប្រឆាំង​ពី​ក្រុង​អ៊ីកូនាម និង​ក្រុង​អាន់ទីយ៉ូក​តំបន់​ភីស៊ីឌា ក៏​បាន​មក​ដល់​ទី​នោះ​ដែរ។ ពួក​គេ​បង្កាច់​បង្ខូច​ប៉ូល​និង​បាណាបាស ហើយ​អុជ​អាល​បណ្ដា​ជន​នៅ​ក្រុង​លីស្ត្រា​ឲ្យ​ប្រឆាំង​ពួក​គាត់។ ឥឡូវ​ក្រុម​មនុស្ស​ដែល​ទើប​តែ​ចង់​គោរព​បូជា​ដល់​ប៉ូល បែរ​ជា​មក​ឡោម​ព័ទ្ធ​គាត់ ហើយ​យក​ថ្ម​គប់​គាត់ រហូត​ដល់​គាត់​សន្លប់​បាត់​ស្មារតី។ ក្រោយ​ពី​បាន​បញ្ចេញ​កំហឹង​រួច ពួក​គេ​ក៏​អូស​ប៉ូល​ដែល​មាន​របួស​ពេញ​ខ្លួន យក​ទៅ​ទុក​ចោល​នៅ​ខាង​ក្រៅ​ក្រុង ដោយ​គិត​ថា​គាត់​ស្លាប់​ហើយ។

៣. នៅ​ក្នុង​ជំពូក​នេះ តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

៣ តើ​អ្វី​បាន​នាំ​ឲ្យ​មាន​ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ចិត្ត​នេះ? តើ​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​សព្វ​ថ្ងៃ អាច​រៀន​អ្វី​ខ្លះ​ពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ដល់​ប៉ូល​និង​បាណាបាស ព្រម​ទាំង​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​យ៉ាង​ឆាប់​រហ័ស​របស់​ពួក​អ្នក​ក្រុង​លីស្ត្រា? តើ​តាម​របៀប​ណា​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​តាម​គំរូ​ប៉ូល​និង​បាណាបាស ដែល​បាន​បន្ត​បំពេញ​ភារកិច្ច​ខ្លួន​យ៉ាង​ស្មោះ​ត្រង់ ព្រម​ទាំង​«​ទទួល​អំណាច​ពី​ព្រះ​យេហូវ៉ា​ដើម្បី​និយាយ​យ៉ាង​ក្លាហាន​»​?—សកម្ម. ១៤:៣

‹មនុស្ស​ច្រើន​សន្ធឹក​ទៅ​ជា​អ្នក​ជឿ› (​សកម្មភាព ១៤:១​-​៧​)

៤, ៥. ហេតុ​អ្វី​ប៉ូល​និង​បាណាបាស​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូនាម? ហើយ​តើ​ពួក​គាត់​ធ្វើ​អ្វី​ខ្លះ​នៅ​ទី​នោះ?

៤ ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រោម​ការ​ញុះញង់​របស់​ពួក​អ្នក​ប្រឆាំង​ដែល​ជា​ជនជាតិ​យូដា ប៉ូល​និង​បាណាបាស​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុង​អាន់ទីយ៉ូក​តំបន់​ភីស៊ីឌា ដែល​ជា​ក្រុង​របស់​រ៉ូម។ ប៉ុន្តែ ជា​ជាង​ធ្លាក់​ទឹក​ចិត្ត បុរស​ទាំង​ពីរ​នេះ​បាន​«​រលាស់​ធូលី​ដី​ពី​ជើង​ពួក​គាត់​ចេញ​»​ ទុក​ជា​ការ​ដាស់​តឿន​ដល់​អ្នក​ក្រុង​នោះ ដែល​មិន​ព្រម​ស្ដាប់​ព័ត៌មាន​ពី​ពួក​គាត់។ (​សកម្ម. ១៣:៥០​-​៥២; ម៉ាថ. ១០:១៤​) រួច​មក ប៉ូល​និង​បាណាបាស​បាន​ចាក​ចេញ​ដោយ​សន្តិវិធី ហើយ​ទុក​ឲ្យ​ព្រះ​ជា​អ្នក​វិនិច្ឆ័យ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ពួក​អ្នក​ក្រុង​នោះ។ (​សកម្ម. ១៨:៥, ៦; ២០:២៦​) សាសនទូត​ទាំង​ពីរ​នាក់​នេះ​រក្សា​អំណរ​ជា​និច្ច កាល​ដែល​បន្ត​ដំណើរ​ផ្សព្វ​ផ្សាយ​ត​ទៅ​ទៀត។ បន្ទាប់​ពី​ធ្វើ​ដំណើរ​អស់​ប្រហែល​១៥០​គីឡូ​ម៉ែត្រ ទៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត ពួក​គាត់​បាន​ទៅ​ដល់​តំបន់​ខ្ពង់​រាប​មួយ​សម្បូរ​ទៅ​ដោយ​ជី​ជាតិ ដែល​ស្ថិត​នៅ​រវាង​ជួរ​ភ្នំ​តារូស​និង​ជួរ​ភ្នំ​សុលថាន់។

៥ ដំបូង ប៉ូល​និង​បាណាបាស​បាន​ឈប់​មួយ​រយៈ​នៅ​ក្រុង​អ៊ីកូនាម ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​ក្រិច និង​ជា​ក្រុង​ដ៏​សំខាន់​មួយ​ក្នុង​ខេត្ត​កាឡាទី​របស់​រ៉ូម។a ជនជាតិ​យូដា​ច្រើន​កុះ​ករ​ដែល​មាន​អំណាច និង​មនុស្ស​មួយ​ចំនួន​ធំ​ដែល​ចូល​សាសនា​យូដា ក៏​រស់​នៅ​ក្នុង​ក្រុង​នោះ​ដែរ។ ប៉ូល​និង​បាណាបាស​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​តាម​ទម្លាប់​របស់​ពួក​គាត់។ (​សកម្ម. ១៣:៥, ១៤​) ពួក​គាត់​«​អធិប្បាយ​ល្អ​ដល់​ម្ល៉េះ បាន​ជា​ជនជាតិ​យូដា​និង​ជន​ជាតិ​ក្រិច​ច្រើន​សន្ធឹក​ទៅ​ជា​អ្នក​ជឿ​»។—សកម្ម. ១៤:១

អ៊ីកូនាម ជា​ក្រុង​របស់​ជន​ជាតិ​ព្រីគា

ក្រុង​អ៊ីកូនាម​មាន​ទី​តាំង​នៅ​លើ​ខ្ពង់​រាប​មួយ ដែល​ជា​ទឹក​ដី​មាន​សំណើម​និង​មាន​ជី​ជាតិ។ ក្រុង​នេះ​ស្ថិត​នៅ​លើ​ផ្លូវ​បំបែក ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ត​ភ្ជាប់​ស្រុក​ស៊ីរី​ជា​មួយ​រ៉ូម ក្រិច និង​ខេត្ត​អាស៊ី​របស់​រ៉ូម។

អ្នក​ក្រុង​អ៊ីកូនាម​គោរព​បូជា​ព្រះ​នាង​សែប៊ីលី​របស់​ជន​ជាតិ​ព្រីគា ជា​ព្រះ​ដែល​គេ​ជឿ​ថា អាច​ជួយ​ឲ្យ​មាន​កូន។ សាសនា​នេះ​រួម​បញ្ចូល​ពិធី​ឬ​ទំនៀម​ទម្លាប់ ដែល​មក​ពី​ការ​គោរព​បូជា​របស់​ជន​ជាតិ​ក្រិច។ ក្នុង​ឆ្នាំ​៦៥ មុន​គ.ស. ក្រុង​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​រ៉ូម ហើយ​នៅ​សតវត្សរ៍​ទី​១ គ.ស. ក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​កសិកម្ម​ដ៏​ធំ​មួយ ទាំង​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ផង។ ទោះ​ជា​មាន​ជនជាតិ​យូដា​ច្រើន​សន្ធឹក​រស់​នៅ​ក្នុង​ក្រុង​នេះ​ក៏​ដោយ ក្រុង​នេះ​ហាក់​ដូច​ជា​រក្សា​ទុក​នូវ​វប្បធម៌​របស់​ក្រិច។ ពិត​ណាស់​ក្នុង​សៀវភៅ​សកម្មភាព បាន​លើក​ឡើង​អំពី​ជនជាតិ​យូដា និង​«​ជន​ជាតិ​ក្រិច​»​ ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ។—សកម្ម. ១៤:១

ក្រុង​អ៊ីកូនាម​មាន​ទី​តាំង​នៅ​ព្រំ​ប្រទល់ រវាង​តំបន់​លីកៅនា និង​ស្រុក​ព្រីគា​នៃ​ខេត្ត​កាឡាទី។ នៅ​សម័យ​បុរាណ អ្នក​និពន្ធ​ខ្លះ រួម​ទាំង​ស៊ីសឺរ៉ូ និង​ស្ត្រាបូ បាន​ហៅ​អ៊ីកូនាម​ថា​ជា​ក្រុង​មួយ​របស់​តំបន់​លីកៅនា ហើយ​បើ​មើល​តាម​ភូមិ​សាស្ត្រ ក្រុង​នោះ​ជា​កម្មសិទ្ធិ​របស់​តំបន់​លីកៅនា។ ប៉ុន្តែ សៀវភៅ​សកម្មភាព​បាន​បែង​ចែក​ក្រុង​អ៊ីកូនាម​ចេញ​ពី​តំបន់​លីកៅនា ដែល​និយាយ​«​ភាសា​លីកៅនា​»។ (​សកម្ម. ១៤:១​-​៦, ១១​) ដោយ​សារ​មូលហេតុ​នេះ ពួក​អ្នក​រិះ​គន់​បាន​ប្រកែក​តវ៉ា​ថា កំណត់​ហេតុ​ក្នុង​សៀវភៅ​សកម្មភាព គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ប៉ុន្តែ នៅ​ឆ្នាំ​១៩១០ ពួក​បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​សិលា​ចារឹក​ជា​ច្រើន​ក្នុង​ក្រុង​នោះ ដែល​បង្ហាញ​ថា​ក្រុង​អ៊ីកូនាម ពិត​ជា​បាន​ប្រើ​ភាសា​ព្រីគា​អស់​ពីរ​សតវត្សរ៍​មក​ហើយ បន្ទាប់​ពី​ប៉ូល​និង​បាណាបាស​មក​លេង។ ដូច្នេះ សំណេរ​ក្នុង​សៀវភៅ​សកម្មភាព​គឺ​ត្រឹម​ត្រូវ ដែល​បែង​ចែក​ក្រុង​អ៊ីកូនាម​ចេញ​ពី​ក្រុង​ផ្សេង​ៗ​របស់​តំបន់​លីកៅនា។

៦. ហេតុ​អ្វី​ប៉ូល​និង​បាណាបាស​អាច​បង្រៀន​ដោយ​មាន​ប្រសិទ្ធភាព? ហើយ​តើ​យើង​អាច​យក​តម្រាប់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

៦ ហេតុ​អ្វី​ប៉ូល​និង​បាណាបាស​អាច​បង្រៀន​ដោយ​មាន​ប្រសិទ្ធភាព? ពីព្រោះ​ប៉ូល​មាន​ចំណេះ​ច្រើន​អំពី​ប្រាជ្ញា​ក្នុង​គម្ពីរ។ គាត់​បាន​ដក​ស្រង់​យ៉ាង​ប៉ិន​ប្រសប់​ពី​គម្ពីរ អំពី​ប្រវត្តិសាស្ត្រ ទំនាយ និង​ច្បាប់​ម៉ូសេ ដើម្បី​បញ្ជាក់​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា។ (​សកម្ម. ១៣:១៥​-​៣១; ២៦:២២, ២៣​) រីឯ​បាណាបាស​វិញ របៀប​ដែល​គាត់​និយាយ​បង្ហាញ​ថា គាត់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ស្ដាប់។ (​សកម្ម. ៤:៣៦, ៣៧; ៩:២៧; ១១:២៣, ២៤​) ពួក​គាត់​ទាំង​ពីរ​មិន​បាន​និយាយ​ដោយ​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន​ឡើយ តែ​និយាយ​ដោយ​«​អំណាច​ពី​ព្រះ​យេហូវ៉ា​»។ ពេល​ផ្សព្វ​ផ្សាយ តើ​យើង​អាច​យក​តម្រាប់​សាសនទូត​ទាំង​ពីរ​នាក់​នេះ​យ៉ាង​ដូច​ម្ដេច? យើង​អាច​យក​តម្រាប់​ពួក​គាត់ ដោយ​ស្គាល់​ច្បាស់​អំពី​បណ្ដាំ​របស់​ព្រះ ដោយ​ចេះ​ជ្រើស​រើស​បទ​គម្ពីរ​ដែល​ទំនង​ជា​នឹង​ទាក់​ទាញ​ចិត្ត​អ្នក​ស្ដាប់ ដោយ​ស្វែង​រក​វិធី​ដែល​អាច​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​យើង​ផ្សព្វ​ផ្សាយ និង​ដោយ​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ​ជា​និច្ច​ពេល​បង្រៀន​អ្នក​ឯ​ទៀត មិន​មែន​ផ្អែក​លើ​ប្រាជ្ញា​របស់​ខ្លួន​ទេ។

៧. ​(​ក​) តើ​ដំណឹង​ល្អ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី​ខ្លះ? (​ខ​) ប្រសិន​បើ​ក្រុម​គ្រួសារ​របស់​អ្នក​បែក​បាក់​គ្នា​ដោយ​សារ​អ្នក​ធ្វើ​តាម​ដំណឹង​ល្អ តើ​អ្នក​គួរ​ចាំ​ចំណុច​អ្វី?

៧ ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​អ៊ីកូនាម សប្បាយ​ចិត្ត​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​របស់​ប៉ូល​និង​បាណាបាស​ទេ។ លូកា​បន្ត​សរសេរ​ថា​៖ ​«​ជនជាតិ​យូដា​ដែល​មិន​ជឿ បាន​ញុះញង់​និង​បង្វិល​ខួរ​បណ្ដា​ជន​ដែល​ជា​ជន​ជាតិ​ដទៃ​ឲ្យ​ប្រឆាំង​បង​ប្អូន​»។ ប៉ូល​និង​បាណាបាស​បាន​យល់​ឃើញ​ថា ពួក​គាត់​ត្រូវ​ស្នាក់​នៅ​បន្ត​ទៀត​ដើម្បី​ការ​ពារ​ដំណឹង​ល្អ។ ហេតុ​នេះ ពួក​គាត់​‹ស្នាក់​នៅ​ក្រុង​នោះ​មួយ​រយៈ ហើយ​និយាយ​ដោយ​ចិត្ត​ក្លាហាន›។ ជា​លទ្ធផល ​«​ពួក​អ្នក​ក្រុង​នោះ​បាន​បែក​គ្នា​ជា​ពីរ​ក្រុម។ អ្នក​ខ្លះ​គាំទ្រ​ខាង​ជនជាតិ​យូដា ហើយ​អ្នក​ខ្លះ​ទៀត​គាំទ្រ​ខាង​ពួក​សាវ័ក​»។ (​សកម្ម. ១៤:​២​-​៤​) សព្វ​ថ្ងៃ​នេះ ដំណឹង​ល្អ​ក៏​នាំ​ឲ្យ​មាន​ប្រតិកម្ម​ស្រដៀង​គ្នា​ដែរ។ សម្រាប់​អ្នក​ខ្លះ ដំណឹង​ល្អ​នាំ​ឲ្យ​មាន​សាមគ្គីភាព រីឯ​អ្នក​ខ្លះ​ទៀត ដំណឹង​ល្អ​នាំ​ឲ្យ​បែក​បាក់​គ្នា។ (​ម៉ាថ. ១០:៣៤​-​៣៦​) ប្រសិន​បើ​ក្រុម​គ្រួសារ​របស់​អ្នក​បែក​បាក់​គ្នា ដោយ​សារ​អ្នក​ធ្វើ​តាម​ដំណឹង​ល្អ សូម​ចាំ​ថា​ការ​ប្រឆាំង​ច្រើន​តែ​កើត​ឡើង ដោយ​សារ​ពាក្យ​ចចាម​អារ៉ាម ឬ​ការ​បង្កាច់​បង្ខូច។ ការ​ប្រព្រឹត្ត​ល្អ​របស់​អ្នក​អាច​បង្ហាញ​ថា ពាក្យ​ចចាម​អារ៉ាម​ទាំង​នោះ​ជា​ពាក្យ​មិន​ពិត ហើយ​ទី​បំផុត​ប្រហែល​ជា​អាច​បន្ទន់​ចិត្ត​អស់​អ្នក​ដែល​ប្រឆាំង​ទៀត​ផង។—១ពេ. ២:១២; ៣:១, ២

៨. ហេតុ​អ្វី​ប៉ូល​និង​បាណាបាស​ចាក​ចេញ​ពី​ក្រុង​អ៊ីកូនាម? ហើយ​តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​ពួក​គាត់?

៨ មួយ​រយៈ​ក្រោយ​មក ពួក​អ្នក​ប្រឆាំង​នៅ​ក្រុង​អ៊ីកូនាម​បាន​រៀប​គម្រោង ដើម្បី​គប់​ថ្ម​សម្លាប់​ប៉ូល​និងបាណាបាស។ ពេល​សាសនទូត​ទាំង​ពីរ​នេះ​ដឹង​អំពី​គម្រោង​នោះ ពួក​គាត់​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សេង​ទៀត។ (​សកម្ម. ១៤:៥​-​៧​) អ្នក​ប្រកាស​ដំណឹង​រាជាណាចក្រ​នៅ​សព្វ​ថ្ងៃ ក៏​ប្រុង​ប្រយ័ត្ន​ដូច​ពួក​គាត់​ដែរ។ ពេល​មនុស្ស​ឯ​ទៀត​វាយ​ប្រហារ​យើង​ដោយ​ពាក្យ​សម្ដី យើង​និយាយ​ដោយ​ចិត្ត​ក្លាហាន។ (​ភី. ១:​៧; ១ពេ. ៣:១៣​-​១៥​) ប៉ុន្តែ ពេល​យើង​ឃើញ​អំពើ​ហិង្សា​ហៀប​នឹង​ផ្ទុះ​ឡើង នោះ​យើង​ជៀស​វាង​ធ្វើ​អ្វី​ដែល​មិន​ចាំ​បាច់​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង ឬ​ជីវិត​របស់​បង​ប្អូន​រួម​ជំនឿ។—សុភ. ២២:៣

​«​បែរ​មក . . . ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»​ (​សកម្មភាព ១៤:៨​-​១៩​)

៩, ១០. តើ​ក្រុង​លីស្ត្រា​ស្ថិត​នៅ​ឯ​ណា? ហើយ​តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​អ្នក​ក្រុង​នោះ?

៩ ប៉ូល​និង​បាណាបាស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​លីស្ត្រា ដែល​ស្ថិត​ក្រោម​អាណានិគម​របស់​រ៉ូម។ ក្រុង​នេះ​មាន​ចម្ងាយ​ប្រហែល​៣០​គីឡូ​ម៉ែត្រ នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​ក្រុង​អ៊ីកូនាម។ ក្រុង​លីស្ត្រា​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ក្រុង​អាន់ទីយ៉ូក​តំបន់​ភីស៊ីឌា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុង​លីស្ត្រា​មិន​មាន​សហគមន៏​ជនជាតិ​យូដា​ដ៏​មាន​ឥទ្ធិពល​ទេ។ អ្នក​រស់​នៅ​ក្នុង​ក្រុង​លីស្ត្រា​ទំនង​ជា​និយាយ​ភាសា​ក្រិច តែ​ភាសា​កំណើត​របស់​ពួក​គេ គឺ​ភាសា​លីកៅនា។ ប្រហែល​ជា​ដោយ​សារ​គ្មាន​សាលា​ប្រជុំ​នៅ​ក្នុង​ក្រុង បាន​ជា​ប៉ូល​និង​បាណាបាស​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​នៅ​ទី​សាធារណៈ។ ពី​មុន ពេត្រុស​បាន​ធ្វើ​ឲ្យ​បុរស​ពិការ​ពី​កំណើត ជា​សះ​ស្បើយ​នៅ​ក្រុង​យេរូសាឡិម។ ឥឡូវ ប៉ូល​បាន​ធ្វើ​ឲ្យ​បុរស​ខ្វិន​ពី​កំណើត ជា​សះ​ស្បើយ​នៅ​ក្រុង​លីស្ត្រា។ (​សកម្ម. ១៤:៨​-​១០​) ក្នុង​ករណី​អព្ភូតហេតុ​របស់​ពេត្រុស មនុស្ស​ច្រើន​សន្ធឹក​បាន​ទៅ​ជា​អ្នក​ជឿ។ (​សកម្ម. ៣:១​-​១០​) ប៉ុន្តែ ក្នុង​ករណី​អព្ភូតហេតុ​របស់​ប៉ូល គឺ​ខុស​គ្នា​ទាំង​ស្រុង។

១០ ដូច​បាន​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ ពេល​ឃើញ​បុរស​ខ្វិន​ស្ទុះ​ក្រោក​ឡើង ហើយ​ចាប់​ផ្ដើម​ដើរ ពួក​អ្នក​ក្រុង​លីស្ត្រា​ដែល​កាន់​សាសនា​មិន​ពិត បាន​ធ្វើ​ការ​សន្និដ្ឋាន​ខុស​ភ្លាម​ៗ។ ពួក​គេ​ចាត់​ទុក​បាណាបាស​ថា ជា​ព្រះ​សឺស​ដែល​ជា​ប្រមុខ​នៃ​ព្រះ ហើយ​ចាត់​ទុក​ប៉ូល​ថា ជា​ព្រះ​ហឺមេស​ដែល​ជា​កូន​ប្រុស​របស់​ព្រះ​សឺស និង​ជា​អ្នក​នាំ​ពាក្យ​របស់​បណ្ដា​ព្រះ។ (​សូម​មើល​ប្រអប់​«​ក្រុង​លីស្ត្រា និង​ការ​គោរព​បូជា​ព្រះ​សឺស​និង​ព្រះ​ហឺមេស​»​) ប៉ុន្តែ បាណាបាស​និង​ប៉ូល​បាន​តាំង​ចិត្ត​ជួយ​បណ្ដា​ជន​ឲ្យ​យល់​ថា អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​និង​បាន​និយាយ មិន​មែន​ដោយ​អាង​អំណាច​របស់​ព្រះ​មិន​ពិត​ទេ តែ​ដោយ​អាង​អំណាច​របស់​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​ពិត​តែ​មួយ។—សកម្ម. ១៤:១១​-​១៤

ក្រុង​លីស្ត្រា និង​ការ​គោរព​បូជា​ព្រះ​សឺស​និង​ព្រះ​ហឺមេស

ក្រុង​លីស្ត្រា​មាន​ទី​តាំង​នៅ​ជ្រលង​ភ្នំ ដែល​ដាច់​ស្រយាល​ពី​ផ្លូវ​ធំ។ សេសារ​អូគូស​បាន​ដាក់​ក្រុង​នេះ​ជា​អាណានិគម​របស់​រ៉ូម ហើយ​ដាក់​ឈ្មោះ​ក្រុង​នេះ​ថា យូលាស ភេលីច ចេមីណា លូស្ត្រា។ បន្ទាយ​ទ័ព​ក្នុង​ក្រុង​នេះ មាន​ភារកិច្ច​ការ​ពារ​ស្រុក​កាឡាទី ពី​ពួក​កុលសម្ព័ន្ធ​ភ្នំ​នៅ​តំបន់​នោះ។ ដូច្នេះ ក្រុង​នេះ​បាន​ត្រូវ​គ្រប់​គ្រង​តាម​របប​របស់​រ៉ូម ហើយ​ពួក​មន្ត្រី​ក្រុង​នោះ​ក៏​មាន​ឋានៈ​ឬ​ងារ ជា​ភាសា​ឡាតាំង​របស់​រ៉ូម​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុង​លីស្ត្រា​នៅ​តែ​រក្សា​បាន​ច្រើន​នូវ​វប្បធម៌​របស់​ខ្លួន។ តាម​ពិត ដូច​បាន​រៀប​រាប់​ក្នុង​សៀវភៅ​សកម្មភាព ភាសា​ចម្បង​ដែល​បណ្ដា​ជន​ក្រុង​លីស្ត្រា​និយាយ គឺ​ភាសា​លីកៅនា។

ក្នុង​ចំណោម​ការ​រក​ឃើញ​របស់​អ្នក​បុរាណ​វត្ថុ​វិទ្យា នៅ​តំបន់​នៃ​ក្រុង​លីស្ត្រា​ពី​បុរាណ មាន​សិលា​ចារឹក​ដែល​និយាយ​អំពី​«​បូជាចារ្យ​នៃ​ព្រះ​សឺស​»​ និង​រូប​សំណាក​ព្រះ​ហឺមេស។ អាសនៈ​សម្រាប់​គោរព​បូជា​ដល់​ព្រះ​សឺស​និង​ព្រះ​ហឺមេស ក៏​បាន​ត្រូវ​រក​ឃើញ​ក្នុង​តំបន់​នោះ​ដែរ។

រឿង​ព្រេង​ដែល​កត់​ត្រា​ដោយ​កវី​រ៉ូម ឈ្មោះ​អូវីឌ (​នៅ​រវាង​ឆ្នាំ​៤៣ មុន​គ.ស. និង​ឆ្នាំ​១៧ គ.ស.​) បាន​ផ្ដល់​ជា​មូលដ្ឋាន​ថែម​ទៀត សម្រាប់​កំណត់​ហេតុ​ក្នុង​សៀវភៅ​សកម្មភាព។ រ៉ូម​មាន​ព្រះ​ពីរ ឈ្មោះ​ព្រះ​ព្រហស្បតិ៍​និង​ព្រះ​ពុធ បើ​ហៅ​ឈ្មោះ​តាម​ភាសា​ក្រិច​គឺ ព្រះ​សឺស​និង​ព្រះ​ហឺមេស។ យោង​តាម​លោក​អូវីឌ ព្រះ​ព្រហស្បតិ៍​និង​ព្រះ​ពុធ​បាន​ប្រែ​កាយ​ជា​មនុស្ស ហើយ​ធ្វើ​ដំណើរ​ទៅ​លេង​ជួរ​ភ្នំ​នៃ​ស្រុក​ព្រីគា។ ពួក​គេ​បាន​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​អស់​មួយ​ពាន់​ផ្ទះ ដើម្បី​សុំ​អ្នក​ស្រុក​នោះ​ឲ្យ​ពួក​គេ​ស្នាក់​នៅ តែ​គ្មាន​អ្នក​ណា​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ទេ។ ប៉ុន្តែ មាន​ប្ដី​ប្រពន្ធ​វ័យ​ចាស់​មួយ​គូ​ឈ្មោះ​ភីលេម៉ូន​និង​បាស៊ីស បាន​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ក្នុង​ខ្ទម​ដ៏​តូច​របស់​ពួក​គាត់។ ដូច្នេះ ព្រះ​ព្រហស្បតិ៍​(​សឺស​)​និង​ព្រះ​ពុធ​(​ហឺមេស​) បាន​ជប់​ផ្ទះ​នោះ​ទៅ​ជា​វិហារ​ថ្ម​កែវ​និង​មាស ហើយ​តែង​តាំង​ប្ដី​ប្រពន្ធ​វ័យ​ចាស់​នោះ ជា​បូជាចារ្យ​ប្រុស​និង​បូជាចារ្យ​ស្រី រួច​បំផ្លាញ​ផ្ទះ​របស់​អស់​អ្នក​ដែល​មិន​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ។ សៀវភៅ​មួយ​បាន​សរសេរ​ថា​៖ ​«​បើ​ពួក​អ្នក​ក្រុង​លីស្ត្រា​ចង​ចាំ​អំពី​រឿង​ព្រេង​នោះ ពេល​ពួក​គេ​ឃើញ​ប៉ូល​និង​បាណាបាស​ធ្វើ​ឲ្យ​បុរស​ខ្វិន​ជា​សះ​ស្បើយ នោះ​មិន​មែន​ជា​រឿង​ប្លែក​ទេ ដែល​ពួក​គេ​ចង់​ជូន​គ្រឿង​បូជា​ដល់​ពួក​គាត់​»​ (​The Book of Acts in Its Graeco-Roman Setting​)។

ប៉ូលនិងបាណាបាសមិនព្រមទទួលការគោរពបូជាពីអ្នកក្រុងលីស្ត្រាទេ។ ពួកអ្នកក្រុងទាំងនោះលេងភ្លេង រៀបចំគ្រឿងបូជា ហើយក្រាបគោរពប៉ូលនិងបាណាបាស។

‹ចូរ​អ្នក​រាល់​គ្នា​លះ​ចោល​ការ​ឥត​ប្រយោជន៍​ទាំង​នេះ ហើយ​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​ដែល​បាន​បង្កើត​មេឃ និង​ផែនដី›។—សកម្មភាព ១៤:១៥

១១​-​១៣. (​ក​) តើ​ប៉ូល​និង​បាណាបាស​បាន​និយាយ​យ៉ាង​ណា​ទៅ​កាន់​ពួក​អ្នក​ក្រុង​លីស្ត្រា? (​ខ​) តើ​យើង​អាច​រៀន​មេ​រៀន​អ្វី​ពី​សម្ដី​របស់​ពួក​គាត់?

១១ ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​តាន​តឹង​ក៏​ដោយ ប៉ូល​និង​បាណាបាស​នៅ​តែ​ព្យាយាម​គិត​វិធី​ល្អ​បំផុត ដើម្បី​ទាក់​ទាញ​ចិត្ត​អ្នក​ស្ដាប់។ លូកា​បាន​កត់​ត្រា​អំពី​របៀប​ដែល​ដំណឹង​ល្អ​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​យ៉ាង​មាន​ប្រសិទ្ធភាព ដល់​ពួក​អ្នក​ដែល​មិន​ជឿ។ សូម​កត់​សម្គាល់​របៀប​ដែល​ប៉ូល​និង​បាណាបាស បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្ដាប់។ ពួក​គាត់​និយាយ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ដូច្នេះ? យើង​ជា​មនុស្ស​ធម្មតា​ដូច​អ្នក​រាល់​គ្នា​ដែរ។ យើង​កំពុង​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​លះ​ចោល​ការ​ឥត​ប្រយោជន៍​ទាំង​នេះ ហើយ​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​ដែល​បាន​បង្កើត​មេឃ ផែនដី សមុទ្រ និង​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ទី​នោះ។ នៅ​ជំនាន់​មុន​ៗ លោក​បាន​អនុញ្ញាត​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​ធ្វើ​តាម​ចិត្ត​ខ្លួន។ ក៏​ប៉ុន្តែ លោក​បាន​ផ្ដល់​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​លោក​បាន​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​និង​ធ្វើ​ឲ្យ​មាន​រដូវ​ដែល​សម្បូរ​ភោគ​ផល ហើយ​ឲ្យ​អាហារ​ជា​បរិបូរ​និង​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រីក​រាយ​»។—សកម្ម. ១៤:១៥​-​១៧

១២ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ពាក្យ​សម្ដី​ដែល​បំផុស​គំនិត​ទាំង​នេះ? មេ​រៀន​ទី​១ ប៉ូល​និង​បាណាបាស​មិន​បាន​ចាត់​ទុក​ខ្លួន​ថា ប្រសើរ​ជាង​អ្នក​ស្ដាប់​ទេ។ ពួក​គាត់​មិន​ធ្វើ​ពុត​ជា​បុគ្គល​ផ្សេង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​សារភាព​ដោយ​ចិត្ត​រាប​ទាប​ថា ពួក​គាត់​ក៏​មាន​ភាព​ទន់​ខ្សោយ​ដូច​ពួក​អ្នក​ស្ដាប់​ដែរ។ ពិត​មែន​តែ​ប៉ូល​និង​បាណាបាស​បាន​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ ហើយ​បាន​រួច​ផុត​ពី​សេចក្ដី​បង្រៀន​មិន​ពិត ព្រម​ទាំង​បាន​ទទួល​សេចក្ដី​សង្ឃឹម​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត តែ​ពួក​គាត់​ដឹង​ថា​ពួក​អ្នក​ក្រុង​លីស្ត្រា​ក៏​អាច​ទទួល​អំណោយ​ដូច​នោះ​ដែរ ប្រសិន​បើ​ពួក​គេ​ស្ដាប់​បង្គាប់​គ្រិស្ត។

១៣ តើ​យើង​គួរ​មាន​ចិត្ត​គំនិត​បែប​ណា ចំពោះ​អស់​អ្នក​ដែល​យើង​ផ្សព្វ​ផ្សាយ? តើ​យើង​នឹង​ចាត់​ទុក​ខ្លួន​ថា​ប្រសើរ​ជាង​ពួក​គេ​ឬ​ទេ? ពេល​យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ តើ​យើង​ធ្វើ​តាម​គំរូ​ប៉ូល​និង​បាណាបាស ដោយ​ជៀស​វាង​ស្វែង​រក​ការ​សរសើរ​ពី​មនុស្ស​ឬ​ទេ? បង​ឆាល​ថេស រ៉ាសិល ដែល​ជា​អ្នក​បង្រៀន​ដ៏​លេច​ធ្លោ​ម្នាក់ និង​ជា​អ្នក​នាំ​មុខ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ចុង​សតវត្សរ៍​ទី​១៩ និង​ដើម​សតវត្សរ៍​ទី​២០ បាន​ទុក​គំរូ​ល្អ​ស្ដី​អំពី​រឿង​នេះ។ គាត់​បាន​សរសេរ​ថា​៖ ​«​យើង​មិន​ចង់​ឲ្យ​មនុស្ស​លើក​តម្កើង​យើង ឬ​អ្វី​ដែល​យើង​សរសេរ​ទេ ហើយ​ក៏​មិន​ចង់​ឲ្យ​គេ​ហៅ​យើង​ថា លោក​គ្រូ​ឬ​រ៉ាប៊ី​ដែរ​»។ បង​រ៉ាសិល​មាន​ចិត្ត​រាប​ទាប​ដូច​ប៉ូល​និង​បាណាបាស។ ស្រដៀង​គ្នា​ដែរ គោល​ដៅ​របស់​យើង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ គឺ​មិន​មែន​ដើម្បី​លើក​តម្កើង​ខ្លួន​យើង​ទេ តែ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​បែរ​មក​គោរព​ប្រណិប័តន៍​«​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។

១៤​-​១៦. ស្ដី​អំពី​អ្វី​ដែល​ប៉ូល​និង​បាណាបាស​បាន​និយាយ​ទៅ​កាន់​អ្នក​ក្រុង​លីស្ត្រា តើ​យើង​អាច​រៀន​ចំណុច​អ្វី​ពី​មេ​រៀន​ទី​២​និង​មេ​រៀន​ទី​៣?

១៤ សូម​ពិចារណា​មេ​រៀន​ទី​២ ដែល​យើង​អាច​រៀន​ពី​ពាក្យ​សម្ដី​ទាំង​នោះ។ ប៉ូល​និង​បាណាបាស​ចេះ​បត់​បែន។ ខុស​ពី​ជនជាតិ​យូដា​និង​ពួក​អ្នក​ដូរ​សាសនា​នៅ​ក្រុង​អ៊ីកូនាម ពួក​អ្នក​ក្រុង​លីស្ត្រា​មាន​ចំណេះ​តិច​តួច ឬ​គ្មាន​ចំណេះ​ទាល់​តែ​សោះ​អំពី​គម្ពីរ ឬ​អំពី​ទំនាក់​ទំនង​របស់​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​មួយ​នឹង​ព្រះ។ ទោះជាយ៉ាងនេះក្ដី មនុស្ស​ដែល​ស្ដាប់​ប៉ូល​និង​បាណាបាស រស់​នៅ​ក្នុង​តំបន់​កសិកម្ម ហើយពួក​គេ​បាន​ទទួល​ប្រយោជន៍​ពី​អាកាសធាតុ​ក្ដៅ​ល្មម និង​ពី​ដី​មាន​ជី​ជាតិ​ដែល​នៅ​ក្នុង​តំបន់​ក្រុង​លីស្ត្រា។ ពួក​គេ​អាច​ឃើញ​ភ័ស្តុតាង​ជា​ច្រើន​អំពី​គុណ​សម្បត្តិ​របស់​ព្រះ ដែល​ជា​អ្នក​បង្កើត​នៅ​ក្នុង​រដូវ​ផ្សេង​ៗ​ដូច​ជា រដូវ​បង្កើត​ភោគ​ផល​ជា​ដើម។ ដូច្នេះ សាសនទូត​ទាំង​ពីរ​នាក់​បាន​ប្រើ​ចំណុច​សាមញ្ញ​នេះ ដើម្បី​វែក​ញែក​ហេតុ​ផល​ជា​មួយ​នឹង​អ្នក​ស្ដាប់។—រ៉ូម ១:១៩, ២០

១៥ តើ​យើង​អាច​បត់​បែន​ដូច​ពួក​គាត់​ឬ​ទេ? ទោះ​ជា​កសិករ​ប្រហែល​ជា​សាប​ព្រោះ​គ្រាប់​ពូជ​ដូច​គ្នា នៅ​លើ​ដី​ច្រើន​កន្លែង​ក៏​ដោយ គាត់​ត្រូវ​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​រៀបចំ​ដី​ជា​មុន​សិន។ ដី​ខ្លះ​ប្រហែល​ជា​ដី​ផុស ដែល​អាច​ដាំ​គ្រាប់​ពូជ​ភ្លាម​ៗ​បាន តែ​ដី​ខ្លះ​ទៀត​ប្រហែល​ជា​ត្រូវ​ការ​រៀបចំ​ច្រើន​ជាង​នោះ។ ស្រដៀង​គ្នា​ដែរ គ្រាប់​ពូជ​ដែល​យើង​សាប​ព្រោះ​គឺ​តែង​តែ​ដូច​គ្នា ពោល​គឺ​ដំណឹង​រាជាណាចក្រ​ក្នុង​បណ្ដាំ​របស់​ព្រះ។ ប៉ុន្តែ ដូច​ប៉ូល​និង​បាណាបាស យើង​ព្យាយាម​សង្កេត​មើល​ថា អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​មាន​ស្ថានភាព​បែប​ណា ហើយ​កាន់​សាសនា​អ្វី។ បន្ទាប់​ពី​យើង​បាន​ដឹង​អំពី​ចំណុច​ទាំង​នោះ​ហើយ យើង​អាច​ប្រាប់​អំពី​ដំណឹង​រាជាណាចក្រ ស្រប​តាម​ស្ថានភាព​និង​ជំនឿ​របស់​បុគ្គល​នោះ។—លូក. ៨:១១, ១៥

១៦ យើង​អាច​រៀន​មេ​រៀន​ទី​៣ ពី​ដំណើរ​រឿង​ដែល​ទាក់​ទង​ជា​មួយ​ប៉ូល បាណាបាស និង​ពួក​អ្នក​ក្រុង​លីស្ត្រា។ ទោះ​ជា​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ក៏​ដោយ ជួន​កាល​គ្រាប់​ពូជ​ដែល​យើង​បាន​សាប​ព្រោះ ក៏​បាន​ត្រូវ​កញ្ឆក់ ឬ​ធ្លាក់​នៅ​លើ​ផ្ទាំង​ថ្ម។ (​ម៉ាថ. ១៣:១៨​-​២១​) បើ​រឿង​នោះ​កើត​ឡើង សូម​កុំ​បាក់​ទឹក​ចិត្ត​ឡើយ។ ដូច​ដែល​ក្រោយ​មក​ប៉ូល​បាន​រំលឹក​ពួក​អ្នក​កាន់​តាម​នៅ​ក្រុង​រ៉ូម​ថា​៖ ​«​ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់​ៗ​[​រួម​បញ្ចូល​អស់​អ្នក​ដែល​យើង​បាន​ប្រាប់​បណ្ដាំ​របស់​ព្រះ​]​»។—រ៉ូម ១៤:១២

​«​ប៉ូល​និង​បាណាបាស​បាន​ប្រគល់​ពួក​គាត់​ឲ្យ​ព្រះ​យេហូវ៉ា​»​ (​សកម្មភាព ១៤:២០​-​២៨​)

១៧. ក្រោយ​ពី​ប៉ូល​និង​បាណាបាស​ចាក​ចេញ​ពី​ក្រុង​ឌើបេ តើ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​ទៀត? ហើយ​ហេតុ​អ្វី?

១៧ ក្រោយ​ពី​បណ្ដា​ជន​បាន​អូស​ប៉ូល​ទៅ​ទុក​ចោល​នៅ​ខាង​ក្រៅ​ក្រុង​លីស្ត្រា ដោយ​គិត​ថា​គាត់​ស្លាប់​ហើយ នោះ​ពួក​អ្នក​កាន់​តាម​ឯ​ទៀត​នាំ​គ្នា​មក​ឈរ​នៅ​ជុំ​វិញ​គាត់ ហើយ​គាត់​ក៏​ក្រោក​ឡើង រួច​រក​បាន​កន្លែង​ស្នាក់​នៅ​ក្នុង​ក្រុង​នោះ​មួយ​យប់។ នៅ​ថ្ងៃ​បន្ទាប់ ប៉ូល​និង​បាណាបាស​ធ្វើ​ដំណើរ​ចម្ងាយ​១០០​គីឡូ​ម៉ែត្រ ទៅ​ក្រុង​ឌើបេ។ ប៉ូល​ប្រាកដ​ជា​ធ្វើ​ដំណើរ​ទាំង​លំបាក​ណាស់ ពីព្រោះ​ប៉ុន្មាន​ម៉ោង​មុន​នោះ គាត់​ទើប​តែ​ត្រូវ​គេ​គប់​នឹង​ថ្ម។ ប៉ុន្តែ គាត់​និង​បាណាបាស​នៅ​តែ​ត​ស៊ូ​ព្យាយាម​ទៅ​មុខ​ទៀត។ លុះ​មក​ដល់​ក្រុង​ឌើបេ ពួក​គាត់​បាន​ជួយ​«​មនុស្ស​ច្រើន​គួរ​សម​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​»។ បន្ទាប់​មក ជា​ជាង​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់ ត្រឡប់​ទៅ​លំនៅ​របស់​ពួក​គាត់​នៅ​ក្រុង​អាន់ទីយ៉ូក​ស្រុក​ស៊ីរី ​«​ពួក​គាត់​ត្រឡប់​ទៅ​ក្រុង​លីស្ត្រា ក្រុង​អ៊ីកូនាម និង​ក្រុង​អាន់ទីយ៉ូក​[​តំបន់​ភីស៊ីឌា​]​វិញ​»។ ហេតុ​អ្វី​ក៏​ពួក​គាត់​ធ្វើ​ដូច្នេះ? គឺ​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​«​ពួក​អ្នក​កាន់​តាម ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​កាន់​ខ្ជាប់​តាម​ជំនឿ​»។ (​សកម្ម. ១៤:២០​-​២២​) ពួក​គាត់​ពិត​ជា​គំរូ​ល្អ​ណាស់! ពួក​គាត់​បាន​ចាត់​ទុក​ប្រយោជន៍​របស់​ក្រុម​ជំនុំ ថា​សំខាន់​ជាង​សុខ​ទុក្ខ​របស់​ខ្លួន។ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​សាសនទូត​នៅ​សព្វ​ថ្ងៃ ក៏​ធ្វើ​តាម​គំរូ​របស់​ពួក​គាត់​ដែរ។

១៨. តើ​ការ​តែង​តាំង​បុរស​ណា​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​ចាស់​ទុំ​រួម​បញ្ចូល​អ្វី​ខ្លះ?

១៨ ប៉ូល​និង​បាណាបាស​មិន​គ្រាន់​តែ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​កាន់​តាម​ឯ​ទៀត តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​តែង​តាំង​«​ពួក​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ​»​ដែរ។ ទោះ​ជា​‹ឫទ្ធានុភាព​បរិសុទ្ធ​បាន​ចាត់›​ប៉ូល​និង​បាណាបាស ឲ្យ​ធ្វើ​ដំណើរ​ជា​សាសនទូត​នៅ​ពេល​នោះ​ក៏​ដោយ ប៉ូល​និង​បាណាបាស​នៅ​តែ​អធិដ្ឋាន ហើយ​តម​អាហារ ពេល​«​ប្រគល់​ពួក​គាត់​[​គឺ​ពួក​បុរស​ចាស់​ទុំ​]​ឲ្យ​ព្រះ​យេហូវ៉ា​»។ (​សកម្ម. ១៣:១​-​៤; ១៤:២៣​) នៅ​សព្វ​ថ្ងៃ​ក៏​ស្រដៀង​គ្នា​ដែរ មុន​នឹង​លើក​ឈ្មោះ​បង​ប្រុស​ណា​ម្នាក់​ដើម្បី​តែង​តាំង​ជា​អ្នក​ចាស់​ទុំ ក្រុម​អ្នក​ចាស់​ទុំ​អធិដ្ឋាន ហើយ​ពិចារណា​អំពី​បង​ប្រុស​នោះ​ថា មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​តាម​គម្ពីរ​ឬ​យ៉ាង​ណា។ (​១ធី. ៣:១​-​១០, ១២, ១៣; ទីត. ១:៥​-​៩; យ៉ា. ៣:១៧, ១៨; ១ពេ. ៥:២, ៣​) រយៈ​ពេល​ដែល​គាត់​ធ្វើ​ជា​គ្រិស្ត​សាសនិក​មិន​មែន​ជា​កត្តា​ចម្បង​ទេ។ ផ្ទុយ​ទៅ​វិញ ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​គាត់ ទើប​ជា​ភ័ស្តុតាង​បញ្ជាក់​ថា គាត់​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ​ដឹក​នាំ​ជីវិត​គាត់។ ដូច្នេះ ការ​ធ្វើ​តាម​តម្រូវ​ការ​ក្នុង​គម្ពីរ​ដើម្បី​បំពេញ​ភារកិច្ច​ជា​អ្នក​ត្រួត​ពិនិត្យ ទើប​អាច​កំណត់​ថា បុរស​នោះ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​បម្រើ​ជា​គង្វាល​ចៀម​ឬ​យ៉ាង​ណា។ (​កាឡ. ៥:២២, ២៣​) អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​មាន​ភារកិច្ច​តែង​តាំង​បុរស​បែប​នោះ។—សូម​ពិនិត្យ​បន្ថែម ១ធី. ៥:២២

១៩. តើ​ពួក​អ្នក​ចាស់​ទុំ​ដឹង​ថា​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី? ហើយ​តើ​ពួក​គាត់​យក​តម្រាប់​គំរូ​ប៉ូល​និង​បាណាបាស​យ៉ាង​ដូច​ម្ដេច?

១៩ អ្នក​ចាស់​ទុំ​ដែល​បាន​ទទួល​ការ​តែង​តាំង​ដឹង​ថា ពួក​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ ស្ដី​អំពី​របៀប​ដែល​ពួក​គាត់​ប្រព្រឹត្ត​ចំពោះ​ក្រុម​ជំនុំ។ (​ហេ. ១៣:១៧​) ដូច​ប៉ូល​និង​បាណាបាស ពួក​អ្នក​ចាស់​ទុំ​នាំ​មុខ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ពួក​គាត់​ពង្រឹង​កម្លាំង​អ្នក​កាន់​តាម​ឯ​ទៀត ដោយ​ពាក្យ​សម្ដី​របស់​ពួក​គាត់។ ម្យ៉ាង​ទៀត ពួក​គាត់​តែង​តែ​ចាត់​ទុក​ប្រយោជន៍​របស់​ក្រុម​ជំនុំ ថា​សំខាន់​ជាង​សុខ​ទុក្ខ​របស់​ខ្លួន។—ភី. ២:៣, ៤

២០. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​អាន​របាយការណ៍​អំពី​កិច្ច​ការ​ដ៏​ស្មោះ​ត្រង់​របស់​បង​ប្អូន​រួម​ជំនឿ?

២០ នៅ​ទី​បំផុត ប៉ូល​និង​បាណាបាស​បាន​ត្រឡប់​ទៅ​លំនៅ​ជា​សាសនទូត ក្នុង​ក្រុង​អាន់ទីយ៉ូក​ស្រុក​ស៊ីរី​វិញ។ ពួក​គាត់​បាន​រៀប​រាប់​ប្រាប់​«​អំពី​ការ​ជា​ច្រើន​ដែល​ព្រះ​បាន​ធ្វើ​តាម​រយៈ​ពួក​គាត់ ហើយ​ថា​លោក​បាន​បើក​ផ្លូវ​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​អាច​មាន​ជំនឿ​»។ (​សកម្ម. ១៤:២៧​) ពេល​យើង​អាន​របាយការណ៍​អំពី​កិច្ច​ការ​ដ៏​ស្មោះ​ត្រង់​របស់​បង​ប្អូន​រួម​ជំនឿ ហើយ​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ការ​ខិត​ខំ​របស់​ពួក​គាត់ នោះ​យើង​នឹង​ទទួល​បាន​នូវ​ការ​លើក​ទឹក​ចិត្ត ឲ្យ​បន្ត​«​ទទួល​អំណាច​ពី​ព្រះ​យេហូវ៉ា​ដើម្បី​និយាយ​យ៉ាង​ក្លាហាន​»។

a សូម​មើល​ប្រអប់​«​អ៊ីកូនាម ជា​ក្រុង​របស់​ជន​ជាតិ​ព្រីគា​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក