បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bt ជំ. ១១ ទំ. ៩៦-១០៤
  • «ពោរពេញទៅដោយអំណរនិងឫទ្ធានុភាពបរិសុទ្ធ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ពោរពេញទៅដោយអំណរនិងឫទ្ធានុភាពបរិសុទ្ធ»
  • ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​គាត់​បាន​ត្រូវ​‹ទុក​ដោយ​ឡែក​ដើម្បី​បំពេញ​កិច្ច​ការ› (​សកម្មភាព ១៣:១​-​១២​)
  • ​«​និយាយ​លើក​ទឹក​ចិត្ត​»​ (​សកម្មភាព ១៣:១៣​-​៤៣​)
  • ​«​យើង​បែរ​ទៅ​ជន​ជាតិ​ដទៃ​វិញ​»​ (​សកម្មភាព ១៣:៤៤​-​៥២​)
  • «ទទួលអំណាចពីព្រះយេហូវ៉ាដើម្បីនិយាយយ៉ាងក្លាហាន»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • បាណាបាសនិងប៉ូលទៅកន្លែងឆ្ងាយៗដើម្បីបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • គ្រិស្តសាសនារីករាលដាលដល់ប្រទេសជាច្រើន
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • «ពង្រឹងក្រុមជំនុំនានា»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
មើលបន្ថែមទៀត
ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
bt ជំ. ១១ ទំ. ៩៦-១០៤

ជំពូក​ទី​១១

«​ពោរ​ពេញ​ទៅ​ដោយ​អំណរ​និង​ឫទ្ធានុភាព​បរិសុទ្ធ​»

គំរូ​របស់​ប៉ូល​ពេល​ប្រឈម​មុខ​ពួក​អ្នក​ដែល​ស្អប់​និង​ពួក​អ្នក​ដែល​មិន​ព្រម​ស្ដាប់

មាន​មូលដ្ឋាន​លើ​សកម្មភាព ១៣:១​-​៥២

១, ២. ហេតុ​អ្វី​ការ​ធ្វើ​ដំណើរ​របស់​បាណាបាស​និង​សុល​មាន​លក្ខណៈ​ប្លែក​ពី​គេ? ហើយ​តើ​កិច្ច​ការ​របស់​ពួក​គាត់​ធ្វើ​ឲ្យ​ពាក្យ​នៅ​សកម្មភាព ១:៨ ក្លាយ​ជា​ការ​ពិត​យ៉ាង​ដូច​ម្ដេច?

នេះ​គឺ​ជា​ថ្ងៃ​ដ៏​គួរ​ឲ្យ​រំភើប សម្រាប់​ក្រុម​ជំនុំ​ក្នុង​ក្រុង​អាន់ទីយ៉ូក។ បាណាបាស​និង​សុល​បាន​ត្រូវ​ជ្រើស​រើស​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ ពី​ក្នុង​ចំណោម​ពួក​អ្នក​ប្រកាស​ទំនាយ និង​ពួក​អ្នក​បង្រៀន​ទាំង​អស់​ដែល​នៅ​ទី​នោះ ដើម្បី​ឲ្យ​ពួក​គាត់​ទាំង​ពីរ​នាំ​ដំណឹង​ល្អ ទៅ​ប្រាប់​ដល់​កន្លែង​ឆ្ងាយ​ៗ។a (​សកម្ម. ១៣:១, ២​) ពិត​ណាស់ ពី​មុន​បុរស​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ធ្លាប់​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ផ្សេង។ ពេល​នោះ​ពួក​គេ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង ដែល​មាន​គ្រិស្ត​សាសនា​រួច​ហើយ។ (​សកម្ម. ៨:១៤; ១១:២២​) ប៉ុន្តែ លើក​នេះ​បាណាបាស​និង​សុល ព្រម​ទាំង​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​ជា​ជំនួយ​ការ​ពួក​គាត់ បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង ដែល​មនុស្ស​ភាគ​ច្រើន​មិន​ទាន់​ឮ​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ។

២ ប្រហែល​ជា​១៤​ឆ្នាំ​មុន លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ទូ​ទាំង​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»។ (​សកម្ម. ១:៨​) ការ​តែង​តាំង​បាណាបាស​និង​សុល​ឲ្យ​បម្រើ​ជា​សាសនទូត នឹង​ជួយ​ឲ្យ​ប្រសាសន៍​របស់​លោក​យេស៊ូ​ក្លាយ​ជា​ការ​ពិត!b

ពួក​គាត់​បាន​ត្រូវ​‹ទុក​ដោយ​ឡែក​ដើម្បី​បំពេញ​កិច្ច​ការ› (​សកម្មភាព ១៣:១​-​១២​)

៣. ហេតុ​អ្វី​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​នៅ​សតវត្សរ៍​ទី​១​ជា​ការ​ពិបាក?

៣ សព្វ​ថ្ងៃ​ដោយ​សារ​មាន​រថយន្ត​និង​យន្ត​ហោះ នោះ​យើង​អាច​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង​ឬ​ពីរ​ម៉ោង​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​សតវត្សរ៍​ទី​១​មិន​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​បែប​នោះ​ទេ។ នៅ​សម័យ​នោះ មនុស្ស​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ដោយ​ថ្មើរ​ជើង ជា​រឿយ​ៗ​នៅ​លើ​ផ្លូវ​រដិប​រដុប។ បើ​ដើរ​ពេញ​មួយ​ថ្ងៃ យ៉ាង​ច្រើន​ប្រហែល​ជា​បាន​៣០​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ នោះ​ធ្វើ​ឲ្យ​ហត់​ណាស់!c ដូច្នេះ ទោះ​ជា​បាណាបាស​និង​សុល​រំភើប​ចិត្ត​ខ្លាំង​ចំពោះ​ភារកិច្ច​ថ្មី​របស់​ខ្លួន​ក៏​ដោយ ពួក​គាត់​ប្រាកដ​ជា​ដឹង​ថា កិច្ច​ការ​នេះ​តម្រូវ​ឲ្យ​ខំ​ប្រឹង​ប្រែង និង​លះ​បង់​ប្រយោជន៍​ខ្លួន​ជា​ខ្លាំង។—ម៉ាថ. ១៦:២៤

តាម​ផ្លូវ

នៅ​សម័យ​បុរាណ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​មាន​ភាព​យឺត​យ៉ាវ នឿយ​ហត់ ហើយ​ប្រហែល​ជា​ចំណាយ​ប្រាក់​ច្រើន​ជាង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក។ ទោះ​ជា​យ៉ាង​នោះ​ក្ដី មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ទៅ​ដល់​កន្លែង​ជា​ច្រើន គឺ​ដោយ​ថ្មើរ​ជើង។

ក្នុង​មួយ​ថ្ងៃ អ្នក​ថ្មើរ​ជើង​អាច​ដើរ​បាន​ប្រមាណ​៣០​គីឡូ​ម៉ែត្រ។ គាត់​ច្រើន​តែ​ប្រឈម​មុខ​នឹង​អាកាសធាតុ​ដូច​ជា ភ្លៀង ក្ដៅ និង​ត្រជាក់ ព្រម​ទាំង​ហានិភ័យ​ត្រូវ​ចោរ​ប្លន់​តាម​ផ្លូវ​ជា​ដើម។ សាវ័ក​ប៉ូល​បាន​និយាយ​ថា ពេល​គាត់​«​ធ្វើ​ដំណើរ​ជា​ញឹក​ញយ ក៏​បាន​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នៅ​ទន្លេ គ្រោះ​ថ្នាក់​ពី​ចោរ​ចាំ​ស្ទាក់​ប្លន់​»។—២កូ. ១១:២៦

ផ្លូវ​ថ្នល់​ជា​ច្រើន​បាន​ត្រូវ​ត​ភ្ជាប់​គ្នា​នៅ​ទូ​ទាំង​ចក្រភព​រ៉ូម។ នៅ​តាម​ដង​ផ្លូវ​ធំ​ៗ អ្នក​ដំណើរ​អាច​រក​បាន​ផ្ទះ​សម្នាក់ ដែល​មាន​ចម្ងាយ​ដើរ​ក្នុង​មួយ​ថ្ងៃ។ នៅ​រវាង​ផ្ទះ​សម្នាក់​ទាំង​នេះ មាន​តៀម​តូច​ៗ​ដែល​អ្នក​ដំណើរ​អាច​ទិញ​របស់​ប្រើ​ប្រាស់​ចាំ​បាច់​បាន។ យោង​តាម​សំណេរ​របស់​អ្នក​និពន្ធ​នៅ​សម័យ​នោះ ផ្ទះ​សម្នាក់ និង​តៀម គឺ​ជា​កន្លែង​គគ្រិច ចង្អៀត សើម និង​ពេញ​ដោយ​ចៃ។ កន្លែង​ទាំង​នោះ​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ទេ ព្រោះ​ជា​ញឹក​ញយ​មនុស្ស​អាក្រក់​ស្នាក់​នៅ​ទី​នោះ។ ម្យ៉ាង​ទៀត អ្នក​ថែ​ទាំ​ផ្ទះ​សម្នាក់​ច្រើន​តែ​លួច​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ធ្វើ​ដំណើរ ព្រម​ទាំង​មាន​ផ្ដល់​សេវាកម្ម​ខាង​ផ្លូវ​ភេទ​ផង​ដែរ។

គ្រិស្ត​សាសនិក​ច្បាស់​ជា​ចង់​ជៀស​វាង​ទៅ​កន្លែង​បែប​នោះ តាម​ដែល​អាច​ធ្វើ​បាន។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពេល​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​គ្មាន​សាច់​ញាតិ ឬ​មិត្ត​ភក្តិ នោះ​ប្រហែល​ជា​គ្មាន​ជម្រើស​ជៀស​វាង​ទេ។

៤. ​(​ក​) តើ​អ្វី​បាន​ដឹក​នាំ​ឲ្យ​ជ្រើស​រើស​បាណាបាស​និង​សុល? ហើយ​តើ​បង​ប្អូន​រួម​ជំនឿ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​តែង​តាំង​នោះ? (​ខ​) តើ​យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​បង​ប្អូន​ដែល​មាន​ភារកិច្ច​ក្នុង​អង្គការ​ព្រះ?

៤ ប៉ុន្តែ ហេតុ​អ្វី​ឫទ្ធានុភាព​បរិសុទ្ធ​បាន​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់​ថា បាណាបាស​និង​សុល​ត្រូវ​‹ទុក​ដោយ​ឡែក​ដើម្បី​បំពេញ​កិច្ច​ការ›? (​សកម្ម. ១៣:២​) គម្ពីរ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ទេ។ ប៉ុន្តែ យើង​ដឹង​ថា​ឫទ្ធានុភាព​បរិសុទ្ធ​បាន​ដឹក​នាំ​ឲ្យ​ជ្រើស​រើស​បុរស​ទាំង​ពីរ​នេះ ហើយ​ក៏​គ្មាន​ការ​បញ្ជាក់​ថា ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​អ្នក​បង្រៀន​ក្នុង​ក្រុង​អាន់ទីយ៉ូក ជំទាស់​ការ​ជ្រើស​រើស​ពួក​គាត់​ទាំង​ពីរ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​គាំទ្រ​យ៉ាង​អស់​ពី​ចិត្ត​ចំពោះ​ការ​តែង​តាំង​នោះ។ សូម​ស្រមៃ​គិត ពេល​បាណាបាស​និង​សុល​ឃើញ​បង​ប្អូន​មិន​ច្រណែន​ពួក​គាត់ តែ​បែរ​ជា​តម​អាហារ​និង​អធិដ្ឋាន ហើយ​‹ដាក់​ដៃ​លើ​ពួក​គាត់ រួច​ឲ្យ​ចេញ​ដំណើរ› តើ​ពួក​គាត់​មាន​អារម្មណ៍​យ៉ាង​ណា? (​សកម្ម. ១៣:៣​) ដូច​គ្នា​ដែរ យើង​គួរ​គាំទ្រ​អស់​អ្នក​ដែល​មាន​ភារកិច្ច​ក្នុង​អង្គការ​ព្រះ និង​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ។ ជា​ជាង​ច្រណែន​អស់​អ្នក​ដែល​មាន​ឯកសិទ្ធិ​ដូច​នោះ យើង​គួរ​«​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ពួក​គាត់ ដោយ​សារ​កិច្ចការ​ដែល​ពួក​គាត់​បាន​ធ្វើ​»។—១ថែ. ៥:១៣

៥. សូម​រៀប​រាប់​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​នៅ​កោះ​គីប្រុស។

៥ ក្រោយ​ពី​បាណាបាស​និង​សុល​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ទៅ​ដល់​កំពង់​ផែ​ក្រុង​សេលូសៀ​នៅ​ជិត​ក្រុង​អាន់ទីយ៉ូក នោះ​ពួក​គាត់​ក៏​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស ដែល​មាន​ចម្ងាយ​ប្រហែល​២០០​គីឡូ​ម៉ែត្រ។d ដោយ​សារ​បាណាបាស​ជា​អ្នក​កោះ​គីប្រុស គាត់​ច្បាស់​ជា​ចង់​ប្រាប់​ដំណឹង​ល្អ​ដល់​អស់​អ្នក ដែល​រស់​នៅ​ទី​នោះ។ ពេល​ពួក​គាត់​មក​ដល់​ក្រុង​សាឡាមីស ដែល​ស្ថិត​នៅ​ឆ្នេរ​ខាង​កើត​នៃ​កោះ នោះ​ភ្លាម​ៗ​ដើម្បី​កុំ​ឲ្យ​ខាត​ពេល ​«​ពួក​គាត់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​ជនជាតិ​យូដា​»។e (​សកម្ម. ១៣:៥​) បាណាបាស​និង​សុល​ទំនង​ជា​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​សំខាន់​ៗ ពេល​ធ្វើ​ដំណើរ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​នៃ​កោះ​គីប្រុស។ បើ​មើល​តាម​ផ្លូវ​ដែល​ពួក​គាត់​បាន​ធ្វើ​ដំណើរ ពួក​គាត់​ប្រហែល​ជា​ដើរ​អស់​ប្រមាណ​១៦០​គីឡូ​ម៉ែត្រ!

នៅ​ក្នុង​សាលា​ប្រជុំ​ជនជាតិ​យូដា

ក្នុង​ភាសា​ដើម​ពាក្យ​ដែល​បក​ប្រែ​ថា​«​សាលា​ប្រជុំ​»​ មាន​ន័យ​ថា​«​ការ​ប្រមូល​ផ្ដុំ​»។ ពាក្យ​នេះ​សំដៅ​ទៅ​លើ​ការ​ជួប​ជុំ ឬ​ក្រុម​ជំនុំ​របស់​ជនជាតិ​យូដា។ ក្រោយ​មក​ពាក្យ​នេះ​មាន​ន័យ​ថា កន្លែង​ឬ​អគារ​ដែល​ប្រើ​សម្រាប់​កិច្ច​ប្រជុំ។

គេ​ជឿ​ថា​ជនជាតិ​យូដា​ចាប់​ផ្ដើម​មាន​«​សាលា​ប្រជុំ​»​ ក្នុង​អំឡុង​ពេល​ឬ​មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​ជនជាតិ​យូដា​បាន​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន អស់​រយៈ​ពេល​៧០​ឆ្នាំ។ សាលា​ប្រជុំ​ជា​កន្លែង​សម្រាប់​អប់រំ គោរព​ប្រណិប័តន៍ អាន​បទ​គម្ពីរ និង​ពង្រឹង​ជំនឿ​គ្នា។ នៅ​សតវត្សរ៍​ទី​១ គ.ស. ក្នុង​ក្រុង​នីមួយ​ៗ​នៅ​ស្រុក​ប៉ាឡេស្ទីន តែង​តែ​មាន​សាលា​ប្រជុំ។ ប៉ុន្តែ ក្នុង​ក្រុង​ធំ​ជាង មាន​សាលា​ប្រជុំ​លើស​ពី​មួយ ហើយ​ក្នុង​ក្រុង​យេរូសាឡិម មាន​សាលា​ប្រជុំ​កាន់​តែ​ច្រើន។

បន្ទាប់​ពី​ការ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន មិន​មែន​ជនជាតិ​យូដា​ទាំង​អស់​ត្រឡប់​ទៅ​ស្រុក​ប៉ាឡេស្ទីន​វិញ​ទេ។ មនុស្ស​ជា​ច្រើន​បាន​ទៅ​ស្រុក​ផ្សេង​ៗ ដើម្បី​ធ្វើ​ជំនួញ។ នៅ​ដើម​សតវត្សរ៍​ទី​៥ មុន​គ.ស. មាន​សហគមន៍​ជនជាតិ​យូដា​នៅ​ទូ​ទាំង​១២៧​ខេត្ត នៃ​ចក្រភព​ពើស៊ី។ (​អេធ. ១:១; ៣:៨​) យូរ​ៗ​ទៅ សហគមន៍​ជនជាតិ​យូដា​ទាំង​នេះ បាន​រីក​ដុះ​ដាល​នៅ​ក្នុង​ក្រុង​ជុំ​វិញ​សមុទ្រ​មេឌីទែរ៉ានេ។ ជនជាតិ​យូដា​ខ្ចាត់​ខ្ចាយ​ទាំង​នេះ​ដែល​បាន​ត្រូវ​ស្គាល់​ថា ជា​ជន​ភៀស​ខ្លួន បាន​បង្កើត​សាលា​ប្រជុំ​នៅ​ក្នុង​កន្លែង ដែល​ពួក​គេ​តាំង​លំនៅ។

រាល់​ថ្ងៃ​ឈប់​សម្រាក នៅ​ក្នុង​សាលា​ប្រជុំ មាន​ការ​អាន​និង​ការ​ពន្យល់​ច្បាប់។ អ្នក​អាន​ច្បាប់​ត្រូវ​ឈរ​នៅ​លើ​វេទិកា​ខ្ពស់​មួយ ដោយ​មាន​ជួរ​កៅអី​នៅ​ពី​មុខ និង​នៅ​អម​សង​ខាង​វេទិកា។ បុរស​ជនជាតិ​យូដា​ដែល​មាន​ជំនឿ​ខ្លាំង មាន​ឱកាស​ចូល​រួម​ក្នុង​ការ​អាន ការ​ពន្យល់ និង​ការ​ដាស់​តឿន​ដល់​អ្នក​ស្ដាប់។

៦, ៧. ​(​ក​) តើ​ស៊ើគាស​ប៉ូឡូស​ជា​អ្នក​ណា? ហើយ​ហេតុ​អ្វី​បារយេស៊ូ​ព្យាយាម​រា​រាំង​គាត់​មិន​ឲ្យ​ទទួល​យក​ដំណឹង​ល្អ? (​ខ​) តើ​សុល​បាន​ធ្វើ​អ្វី ដើម្បី​បញ្ឈប់​ការ​ប្រឆាំង​របស់​បារយេស៊ូ?

៦ នៅ​សតវត្សរ៍​ទី​១ កោះ​គីប្រុស​ពេញ​ទៅ​ដោយ​ការ​គោរព​បូជា​មិន​ពិត។ នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ពេល​បាណាបាស​និង​សុល​ទៅ​ដល់​ក្រុង​ប៉ាផូស ដែល​នៅ​ខាង​លិច​កោះ​នោះ។ នៅ​ទី​នោះ ពួក​គាត់​បាន​ប្រទះ​«​បុរស​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​បារយេស៊ូ ជា​គ្រូ​ធ្មប់ និង​ជា​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​»​ ហើយ​«​គាត់​នៅ​ជា​មួយ​នឹង​ស៊ើគាស​ប៉ូឡូស​ដែល​ជា​អភិបាល​ខេត្ត​និង​ជា​អ្នក​មាន​ប្រាជ្ញា​»។f នៅ​សតវត្សរ៍​ទី​១ បញ្ញវន្ត​រ៉ូម​ជា​ច្រើន​សូម្បី​តែ​«​អ្នក​មាន​ប្រាជ្ញា​»​ដូច​ជា​ស៊ើគាស​ប៉ូឡូស ច្រើន​តែ​សុំ​ជំនួយ​ពី​គ្រូ​ធ្មប់ ឬ​ហោរាសាស្ត្រ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​រឿង​សំខាន់​ៗ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ស៊ើគាស​ប៉ូឡូស​ចាប់​អារម្មណ៍​ចំពោះ​ដំណឹង​រាជាណាចក្រ ហើយ​«​ចង់​ឮ​បណ្ដាំ​របស់​ព្រះ​ខ្លាំង​ណាស់​»។ នេះ​បាន​ធ្វើ​ឲ្យ​បារយេស៊ូ​មិន​ពេញ​ចិត្ត​ឡើយ។ បារយេស៊ូ​មាន​ឈ្មោះ​មួយ​ទៀត​គឺ​អេលីម៉ាស ដែល​ជា​ងារ​របស់​គាត់ មាន​ន័យ​ថា​«​គ្រូ​ធ្មប់​»។—សកម្ម. ១៣:៦​-​៨

៧ បារយេស៊ូ​ក៏​ចាប់​ផ្ដើម​ប្រឆាំង​នឹង​ដំណឹង​រាជាណាចក្រ។ តាម​ពិត​មធ្យោបាយ​តែ​មួយ​គត់ ដែល​គាត់​អាច​រក្សា​តំណែង​ដ៏​មាន​កិត្យានុភាព​របស់​ខ្លួន ក្នុង​នាម​ជា​ទី​ប្រឹក្សា​របស់​ស៊ើគាស​ប៉ូឡូស គឺ​គាត់​«​ខំ​បំបែរ​ស៊ើគាស​ប៉ូឡូស​ចេញ​ពី​ជំនឿ​»។ (​សកម្ម. ១៣:៨​) ប៉ុន្តែ សុល​មិន​ព្រម​ឲ្យ​គ្រូ​វេទមន្ត​នេះ បង្វែរ​ចំណាប់​អារម្មណ៍​របស់​ស៊ើគាស​ប៉ូឡូស​ចេញ​ពី​សេចក្ដី​ពិត​ឡើយ។ ដូច្នេះ តើ​សុល​បាន​ធ្វើ​អ្វី? កំណត់​ហេតុ​គម្ពីរ​រៀប​រាប់​ថា​៖ ​«​សុល​ដែល​ហៅ​ថា​ប៉ូល បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ ក៏​សម្លឹង​មើល​ចំ​អេលីម៉ាស ហើយ​និយាយ​ថា​៖ ‹ឱ​មនុស្ស​ដែល​ពេញ​ទៅ​ដោយ​ភាព​ក្លែង​បន្លំ និង​សេចក្ដី​ខូច​អាក្រក់​សព្វ​បែប​យ៉ាង​អើយ អ្នក​ជា​កូន​មេ​កំណាច និង​ជា​សត្រូវ​នៃ​អ្វី​ៗ​ទាំង​អស់​ដែល​សុចរិត តើ​អ្នក​មិន​ព្រម​ឈប់​ពង្វាង​ផ្លូវ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ទេ​ឬ? មើល! ដៃ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​អ្នក ហើយ​អ្នក​នឹង​ងងឹត​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ›។ រំពេច​នោះ អ្វី​ដែល​មើល​ទៅ​ដូច​ជា​អ័ព្ទ​បាន​ធ្វើ​ឲ្យ​ភ្នែក​គាត់​មើល​មិន​ឃើញ រួច​គាត់​ក៏​ងងឹត​ភ្នែក​ទៅ ហើយ​បាន​ដើរ​វិល​វល់​រក​គេ​ដឹក​ដៃ​គាត់​»។g តើ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? ​«​លុះ​អភិបាល​ខេត្ត​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង គាត់​ក៏​ទៅ​ជា​អ្នក​ជឿ ព្រោះ​គាត់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេហូវ៉ា​»។—សកម្ម. ១៣:៩​-​១២

បងប្រុសម្នាក់កាន់គម្ពីរដែលបើកហើយ ដើម្បីនិយាយការពារសេចក្ដីពិតនៅចំពោះមុខចៅក្រម។

ដូច​ប៉ូល​ដែរ យើង​និយាយ​ការ​ពារ​សេចក្ដី​ពិត​ដោយ​ចិត្ត​ក្លាហាន ទោះ​ជា​ប្រឈម​មុខ​ការ​ប្រឆាំង​ក៏​ដោយ

៨. តើ​យើង​អាច​យក​តម្រាប់​ចិត្ត​ក្លាហាន​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

៨ ប៉ូល​មិន​ភ័យ​ខ្លាច​បារយេស៊ូ​ទេ។ ស្រដៀង​គ្នា​ដែរ យើង​មិន​គួរ​ភ័យ​ខ្លាច​ឡើយ ពេល​ពួក​អ្នក​ប្រឆាំង​ព្យាយាម​បំផ្លាញ​ជំនឿ​អស់​អ្នក ដែល​ចាប់​អារម្មណ៍​ដំណឹង​រាជាណាចក្រ។ យ៉ាង​ណា​ក្ដី ពាក្យ​សម្ដី​របស់​យើង​គួរ​តែ​«​ប្រកប​ដោយ​ភាព​សប្បុរស​ជា​និច្ច ដែល​ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល​»។ (​កូឡ. ៤:៦​) ប៉ុន្តែ យើង​ក៏​មិន​ចាំ​បាច់​បារម្ភ​ហួស​ហេតុ​ពេក​អំពី​ជម្លោះ​ដែល​អាច​កើត​ឡើង រហូត​ដល់​ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត ឬ​មិន​ហ៊ាន​បក​អាក្រាត​សាសនា​មិន​ពិត ដែល​បន្ត​«​ពង្វាង​ផ្លូវ​ត្រង់​របស់​ព្រះ​យេហូវ៉ា​»​ ដូច​បារយេស៊ូ​បាន​ធ្វើ​នោះ​ទេ។ (​សកម្ម. ១៣:១០​) ដូច​ប៉ូល សូម​យើង​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ដោយ​ចិត្ត​ក្លាហាន និង​ដោយ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ។ ទោះ​ជា​យើង​ប្រហែល​ជា​មិន​ឃើញ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ជាក់​ស្ដែង​ដូច​ប៉ូល​ក៏​ដោយ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក ដើម្បី​ទាញ​នាំ​អស់​អ្នក​ដែល​ស័ក្តិ​សម​ឲ្យ​ចូល​សេចក្ដី​ពិត។—យ៉ូន. ៦:៤៤

​«​និយាយ​លើក​ទឹក​ចិត្ត​»​ (​សកម្មភាព ១៣:១៣​-​៤៣​)

៩. ហេតុ​អ្វី​ប៉ូល​និង​បាណាបាស​ជា​គំរូ​ល្អ​សម្រាប់​អស់​អ្នក ដែល​កំពុង​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​នៅ​សព្វ​ថ្ងៃ​នេះ?

៩ ទំនង​ជា​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​កើត​ឡើង ពេល​ដែល​ពួក​បុរស​ទាំង​នោះ​ចាក​ចេញ​ពី​ក្រុង​ប៉ាផូស ហើយ​ចុះ​សំពៅ​ទៅ​ក្រុង​ពើកា ដែល​ស្ថិត​នៅ​ឆ្នេរ​សមុទ្រ​អាស៊ី​ប៉ែក​ខាង​លិច មាន​ចម្ងាយ​ប្រហែល​២៥០​គីឡូ​ម៉ែត្រ។ នៅ​សកម្មភាព ១៣:១៣ បាន​ប្រើ​ពាក្យ​ថា​«​ប៉ូល​និង​បុរស​ទាំង​នោះ​»។ ដោយ​សារ​ក្នុង​ខ​នោះ​មាន​ឈ្មោះ​ប៉ូល តែ​មិន​មាន​ឈ្មោះ​បុរស​ផ្សេង​ទៀត តាម​មើល​ទៅ​នេះ​បង្ហាញ​ថា ឥឡូវ​ប៉ូល​មាន​តួ​នាទី​ជា​អ្នក​នាំ​មុខ​ក្នុង​ក្រុម​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មាន​កំណត់​ហេតុ​ថា បាណាបាស​ច្រណែន​ប៉ូល​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ទាំង​ពីរ​បន្ត​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ។ ប៉ូល​និង​បាណាបាស​ជា​គំរូ​ល្អ​សម្រាប់​អស់​អ្នក ដែល​កំពុង​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​នៅ​សព្វ​ថ្ងៃ​នេះ។ ជា​ជាង​ប្រកួត​ប្រជែង​គ្នា​ដើម្បី​មុខ​មាត់ គ្រិស្ត​សាសនិក​ចង​ចាំ​ប្រសាសន៍​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា​»។ លោក​បាន​បន្ថែម​ទៀត​ថា​៖ ​«​អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។—ម៉ាថ. ២៣:៨, ១២

១០. សូម​រៀប​រាប់​អំពី​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ពើកា​ទៅ​ក្រុង​អាន់ទីយ៉ូក​តំបន់​ភីស៊ីឌា។

១០ ពេល​ទៅ​ដល់​ក្រុង​ពើកា យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស បាន​ចាក​ចេញ​ពី​ប៉ូល​និង​បាណាបាស ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ គម្ពីរ​មិន​បាន​ប្រាប់​អំពី​មូលហេតុ ដែល​យ៉ូហាន​ចាក​ចេញ​ទៅ​ភ្លាម​ៗ​នោះ​ទេ។ បន្ទាប់​មក ប៉ូល​និង​បាណាបាស​បាន​បន្ត​ដំណើរ​ពី​ក្រុង​ពើកា ទៅ​ក្រុង​អាន់ទីយ៉ូក​តំបន់​ភីស៊ីឌា ជា​ក្រុង​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត​កាឡាទី។ ការ​ធ្វើ​ដំណើរ​នេះ​មិន​ងាយ​ស្រួល​ទេ ដោយ​សារ​ក្រុង​អាន់ទីយ៉ូក​មាន​កម្ពស់​ប្រហែល​១.១០០​ម៉ែត្រ​ពី​កម្ពស់​ទឹក​សមុទ្រ ហើយ​ផ្លូវ​ភ្នំ​ដ៏​ចោត​នេះ​ក៏​ល្បី​ថា សម្បូរ​ចោរ​ស្ទាក់​ប្លន់​ដែរ។ ប៉ុន្តែ ការ​ពិបាក​មិន​មាន​តែ​ប៉ុណ្ណឹង​ទេ នៅ​ពេល​នោះ​ប៉ូល​ទំនង​ជា​មាន​បញ្ហា​សុខភាព។h

១១, ១២. ពេល​ប៉ូល​និយាយ​នៅ​ក្នុង​សាលា​ប្រជុំ​នា​ក្រុង​អាន់ទីយ៉ូក​តំបន់​ភីស៊ីឌា តើ​ប៉ូល​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពួក​អ្នក​ស្ដាប់​យ៉ាង​ដូច​ម្ដេច?

១១ នៅ​ក្រុង​អាន់ទីយ៉ូក​តំបន់​ភីស៊ីឌា ប៉ូល​និង​បាណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​ឈប់​សម្រាក។ កំណត់​ហេតុ​ចែង​ថា​៖ ​«​បន្ទាប់​ពី​បាន​អាន​ច្បាប់​និង​សៀវភៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ចប់ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ពួក​គាត់​ថា​៖ ‹បង​ប្អូន​អើយ ប្រសិន​បើ​មាន​អ្វី​ដែល​អាច​និយាយ​លើក​ទឹក​ចិត្ត​បណ្ដា​ជន សូម​ប្រាប់​មក›​»។ (​សកម្ម. ១៣:១៥​) ប៉ូល​ក៏​ក្រោក​ឡើង​និយាយ។

១២ ប៉ូល​ចាប់​ផ្ដើម​ថ្លែង​ទៅ​កាន់​ពួក​អ្នក​ស្ដាប់​ថា​៖ ​«​ឱ​ជន​ជាតិ​អ៊ីស្រាអែល​និង​អ្នក​ឯ​ទៀត​ដែល​កោត​ខ្លាច​ព្រះ​»។ (​សកម្ម. ១៣:១៦​) អស់​អ្នក​ដែល​កំពុង​ស្ដាប់​ប៉ូល មាន​ជនជាតិ​យូដា និង​អ្នក​ចូល​សាសនា​យូដា។ តើ​ប៉ូល​បាន​ធ្វើ​អ្វី​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពួក​អ្នក​ស្ដាប់ ដែល​មិន​ទាន់​ស្គាល់​តួ​នាទី​របស់​លោក​យេស៊ូ​ក្នុង​គោល​បំណង​របស់​ព្រះ? ដំបូង ប៉ូល​សង្ខេប​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​យូដា។ គាត់​ពន្យល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​«​បាន​តម្កើង​បណ្ដា​ជន​នេះ​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​ស្នាក់​នៅ​ជា​ជន​បរទេស​ក្នុង​ស្រុក​អេហ្ស៊ីប​»​ ហើយ​បន្ទាប់​ពី​លោក​បាន​រំដោះ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប លោក​បាន​«​នៅ​តំបន់​ស្ងាត់​ជ្រងំ លោក​បាន​ទ្រាំ​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​»​អស់​៤០​ឆ្នាំ។ ប៉ូល​ក៏​បាន​រៀប​រាប់​ដែរ អំពី​របៀប​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល​ទឹក​ដី​ដែល​ព្រះ​បាន​សន្យា និង​របៀប​ដែល​ព្រះ​យេហូវ៉ា​«​ប្រគល់​ទឹក​ដី​ទាំង​នោះ​ឲ្យ​ពួក​បុព្វ​បុរស​របស់​យើង​ជា​មត៌ក​»។ (​សកម្ម. ១៣:​១៧​-​១៩​) បណ្ឌិត​ខ្លះ​និយាយ​ថា ប៉ូល​ប្រហែល​ជា​បាន​លើក​ខ​គម្ពីរ​ដែល​ពួក​គេ​ទើប​តែ​អាន​ក្នុង​កម្ម​វិធី​ថ្ងៃ​ឈប់​សម្រាក។ បើ​ដូច្នេះ​មែន នេះ​ជា​គំរូ​មួយ​ទៀត​ដែល​បង្ហាញ​ថា ប៉ូល​ស្គាល់​អំពី​របៀប​«​ធ្វើ​ដូច​មនុស្ស​គ្រប់​ប្រភេទ​»។—១កូ. ៩:២២

១៣. តើ​យើង​អាច​ទាក់​ទាញ​ចិត្ត​អ្នក​ស្ដាប់​តាម​របៀប​ណា?

១៣ យើង​ក៏​គួរ​ព្យាយាម​ទាក់​ទាញ​អារម្មណ៍​អស់​អ្នក ដែល​យើង​ផ្សព្វ​ផ្សាយ​ដែរ។ ជា​ឧទាហរណ៍ ការ​ដឹង​ថា​អ្នក​ស្ដាប់​កាន់​សាសនា​អ្វី អាច​ជួយ​យើង​ឲ្យ​ជ្រើស​រើស​ប្រធានបទ​ដែល​គាត់​នឹង​ចាប់​អារម្មណ៍។ បន្ថែម​ទៅ​ទៀត យើង​អាច​ដក​ស្រង់​បទ​គម្ពីរ​ដែល​អ្នក​ស្ដាប់​ប្រហែល​ជា​ស្គាល់។ ការ​សុំ​អ្នក​ស្ដាប់​ឲ្យ​អាន​ពី​គម្ពីរ​របស់​ខ្លួន ក៏​ប្រហែល​ជា​វិធី​មាន​ប្រសិទ្ធភាព​ដែរ។ សូម​ស្វែង​រក​វិធី​ផ្សេង​ៗ ដើម្បី​បង្កើន​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្ដាប់។

១៤. ​(​ក​) ដើម្បី​នាំ​ទៅ​ដល់​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ តើ​មុន​ដំបូង​ប៉ូល​បាន​និយាយ​អ្វី? រួច​មក​តើ​គាត់​បាន​និយាយ​ព្រមាន​បណ្ដា​ជន​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​បណ្ដា​ជន​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សម្ដី​របស់​ប៉ូល?

១៤ បន្ទាប់​មក ប៉ូល​បាន​និយាយ​អំពី​ពូជ​ពង្ស​នៃ​ស្ដេច​អ៊ីស្រាអែល រហូត​នាំ​ទៅ​ដល់​‹លោក​យេស៊ូ​ដែល​ជា​អ្នក​សង្គ្រោះ› និង​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​មក​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​លោក។ រួច​មក ប៉ូល​បាន​រៀប​រាប់​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ត្រូវ​សម្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​សកម្ម. ១៣:២០​-​៣៧​) ប៉ូល​បន្ត​និយាយ​ថា​៖ ​«​សូម​ជ្រាប​ថា តាម​រយៈ​លោក​នោះ​ហើយ​ដែល​យើង​កំពុង​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង។ តាម​រយៈ​លោក​ដែរ អស់​អ្នក​ណា​ដែល​ជឿ​ក៏​រាប់​ថា​គ្មាន​ទោស​»។ រួច​មក ប៉ូល​បាន​ព្រមាន​អ្នក​ស្ដាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​អ្វី​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ចែង​ទុក​ជា​មុន កើត​ឡើង​ចំពោះ​អ្នក​រាល់​គ្នា ‹ឱ​ពួក​អ្នក​ដែល​មើល​ងាយ​អើយ ចូរ​មើល ហើយ​កោត​ស្ងើច​ចុះ ហើយ​ចូរ​បាត់​សូន្យ​ទៅ ពីព្រោះ​ខ្ញុំ​នឹង​ធ្វើ​ការ​មួយ​នៅ​គ្រា​របស់​អ្នក​រាល់​គ្នា ជា​ការ​ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ជឿ​សោះ ទោះ​ជា​មាន​គេ​រៀប​រាប់​ប្រាប់​យ៉ាង​ល្អិត​ល្អន់​ក៏​ដោយ›​»។ ប្រតិកម្ម​របស់​បណ្ដា​ជន​ចំពោះ​អ្វី​ដែល​ប៉ូល​បាន​លើក​ឡើង គឺ​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។ គម្ពីរ​ចែង​ថា​៖ ​«​បណ្ដា​ជន​ចាប់​ផ្ដើម​អង្វរ​ពួក​គាត់​ឲ្យ​ប្រាប់​រឿង​ទាំង​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក​បន្ទាប់​»។ បន្ថែម​ទៅ​ទៀត ក្រោយ​ពី​ចប់​កិច្ច​ប្រជុំ​ក្នុង​សាលា​ប្រជុំ ​«​ជនជាតិ​យូដា​និង​អ្នក​ដូរ​សាសនា​ជា​ច្រើន​នាក់​ដែល​គោរព​ប្រណិប័តន៍​ព្រះ ក៏​បាន​ទៅ​តាម​ប៉ូល​និង​បាណាបាស​»។—សកម្ម. ១៣:៣៨​-​៤៣

​«​យើង​បែរ​ទៅ​ជន​ជាតិ​ដទៃ​វិញ​»​ (​សកម្មភាព ១៣:៤៤​-​៥២​)

១៥. តើ​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ឈប់​សម្រាក​បន្ទាប់?

១៥ នៅ​ថ្ងៃ​ឈប់​សម្រាក​បន្ទាប់ ​«​អ្នក​ក្រុង​សឹង​តែ​ទាំង​អស់​»​បាន​នាំ​គ្នា​មក​ស្ដាប់​ប៉ូល។ នេះ​បាន​ធ្វើ​ឲ្យ​ជនជាតិ​យូដា​ខ្លះ​មិន​ពេញ​ចិត្ត ដូច្នេះ​ពួក​គេ​«​ចាប់​ផ្ដើម​និយាយ​ប្រឆាំង​ប៉ូល​ដោយ​ប្រើ​សម្ដី​ប្រមាថ​មើល​ងាយ​»។ ប៉ូល​និង​បាណាបាស​ប្រាប់​ពួក​គេ​ដោយ​ក្លាហាន​ថា​៖ ​«​ជា​ការ​ចាំ​បាច់​ដែល​យើង​ប្រាប់​បណ្ដាំ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​មុន​គេ។ ប៉ុន្តែ​ដោយ​សារ​អ្នក​រាល់​គ្នា​កំពុង​ច្រាន​ចោល​បណ្ដាំ​នោះ ហើយ​បង្ហាញ​ថា​ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ មើល! យើង​បែរ​ទៅ​ជន​ជាតិ​ដទៃ​វិញ។ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​យើង​ដោយ​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​ប្រជា​ជាតិ​ទាំង​ឡាយ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​សេចក្ដី​សង្គ្រោះ​រហូត​ដល់​ចុង​បំផុត​ផែនដី›​»។—សកម្ម. ១៣:៤៤​-​៤៧; អេ. ៤៩:៦

ប៉ូលនិងបាណាបាសបានត្រូវពួកអ្នកប្រឆាំងដ៏ឃោរឃៅបោះទៅខាងក្រៅក្រុងអាន់ទីយ៉ូកតំបន់ភីស៊ីឌា។

«​អ្នក​ទាំង​នោះ​បាន​ញុះញង់​គេ​ឲ្យ​បៀតបៀន​ប៉ូល​និង​បាណាបាស . . . ឯ​ពួក​អ្នក​កាន់​តាម​បាន​ពោរ​ពេញ​ទៅ​ដោយ​អំណរ​និង​ឫទ្ធានុភាព​បរិសុទ្ធ​ជា​និច្ច​»។—សកម្មភាព ១៣:៥០​-​៥២

១៦. តើ​ជនជាតិ​យូដា​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សម្ដី​ដ៏​ធ្ងន់​របស់​ប៉ូល​និង​បាណាបាស? ហើយ​តើ​ពួក​គាត់​ទាំង​ពីរ​បាន​ធ្វើ​យ៉ាង​ណា​ចំពោះ​ការ​ប្រឆាំង?

១៦ ជន​ជាតិ​ដទៃ​ដែល​បាន​ស្ដាប់​រឿង​នោះ ក៏​ត្រេក​អរ ហើយ​«​អស់​អ្នក​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ បាន​ក្លាយ​ទៅ​ជា​អ្នក​ជឿ​»។ (​សកម្ម. ១៣:៤៨​) បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បាន​រីក​សុសសាយ​យ៉ាង​លឿន​ទូ​ទាំង​ស្រុក។ ប៉ុន្តែ ប្រតិកម្ម​របស់​ជនជាតិ​យូដា គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ នេះ​ជា​មូលហេតុ​ដែល​សាសនទូត​ទាំង​ពីរ​នាក់​ប្រាប់​ពួក​គេ​ថា ទោះ​ជា​បណ្ដាំ​របស់​ព្រះ​បាន​ត្រូវ​ប្រកាស​ប្រាប់​ដល់​ពួក​គេ​មុន​គេ​ក៏​ដោយ ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​មេស្ស៊ី​ទេ ដូច្នេះ​ពួក​គេ​នឹង​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ពី​ព្រះ។ ជនជាតិ​យូដា​ទាំង​នោះ​ក៏​ទៅ​បញ្ចុះ​បញ្ចូល​ពួក​ស្ត្រី​ដែល​មាន​កេរ្ដិ៍​ឈ្មោះ និង​ពួក​បុរស​ដែល​មាន​មុខ​មាត់​នៅ​ក្នុង​ក្រុង ​«​រួច​អ្នក​ទាំង​នោះ​បាន​ញុះញង់​គេ​ឲ្យ​បៀតបៀន​ប៉ូល​និង​បាណាបាស ហើយ​បាន​បោះ​ពួក​គាត់​ទៅ​ក្រៅ​ដែន​ដី​របស់​ពួក​គេ​»។ តើ​ប៉ូល​និង​បាណាបាស​បាន​ធ្វើ​អ្វី? ពួក​គាត់​«​បាន​រលាស់​ធូលី​ដី​ពី​ជើង​ពួក​គាត់​ចេញ​ទុក​ជា​ការ​ដាស់​តឿន​ពួក​គេ រួច​បាន​ទៅ​ក្រុង​អ៊ីកូនាម​»។ តើ​នោះ​មាន​ន័យ​ថា​គ្រិស្ត​សាសនា​រលាយ​សាប​សូន្យ​នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​តំបន់​ភីស៊ីឌា​ឬ? មិន​មែន​ទេ! ពួក​អ្នក​កាន់​តាម​គ្រិស្ត​ដែល​បន្ត​នៅ​ក្រុង​នោះ បាន​«​ពោរ​ពេញ​ទៅ​ដោយ​អំណរ​និង​ឫទ្ធានុភាព​បរិសុទ្ធ​ជា​និច្ច​»។—សកម្ម. ១៣:៥០​-​៥២

១៧​-​១៩. តើ​គំរូ​ល្អ​របស់​ប៉ូល​និង​បាណាបាស​បង្រៀន​យើង​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​យើង​មាន​អំណរ​ថែម​ទៀត?

១៧ របៀប​ដែល​អ្នក​បម្រើ​ស្មោះ​ត្រង់​ទាំង​នេះ​បាន​ប្រព្រឹត្ត​តប​ចំពោះ​ការ​ប្រឆាំង ផ្ដល់​ឲ្យ​យើង​នូវ​មេ​រៀន​ដ៏​មាន​តម្លៃ។ ទោះ​ជា​ពួក​អ្នក​មាន​អំណាច​ព្យាយាម​បញ្ឈប់​យើង​ពី​ការ​ប្រកាស​ដំណឹង​ល្អ​ក្ដី យើង​មិន​ឈប់​ផ្សព្វ​ផ្សាយ​ឡើយ។ ម្យ៉ាង​ទៀត សូម​កត់​សម្គាល់​ថា ពេល​បណ្ដា​ជន​ក្រុង​អាន់ទីយ៉ូក​បដិសេធ​ទទួល​ដំណឹង​ពី​ប៉ូល​និង​បាណាបាស នោះ​ពួក​គាត់​«​បាន​រលាស់​ធូលី​ដី​ពី​ជើង​ពួក​គាត់​ចេញ​»។ នេះ​មិន​មែន​ជា​ទង្វើ​ខឹង​សម្បារ​ទេ តែ​ជា​ទង្វើ​បង្ហាញ​ថា​ពួក​គាត់​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​របស់​មនុស្ស​ទាំង​នោះ។ សាសនទូត​ទាំង​នេះ​ដឹង​ថា ពួក​គាត់​មិន​អាច​សម្រេច​ចិត្ត​ថា​តើ​មនុស្ស​ឯ​ទៀត​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំណឹង​ដែល​ពួក​គាត់​ប្រាប់​ទេ ប៉ុន្តែ​ពួក​គាត់​អាច​សម្រេច​ថា តើ​ពួក​គាត់​គួរ​បន្ត​ផ្សព្វ​ផ្សាយ​ទៀត​ឬ​យ៉ាង​ណា។ ពួក​គាត់​ពិត​ជា​បន្ត​ផ្សព្វ​ផ្សាយ​មែន ពេល​ដែល​ពួក​គាត់​បាន​ផ្លាស់​ទៅ​ក្រុង​អ៊ីកូនាម!

១៨ ចុះ​យ៉ាង​ណា​ពួក​អ្នក​កាន់​តាម​ដែល​បន្ត​នៅ​ក្រុង​អាន់ទីយ៉ូក? ពិត​មែន​ថា​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​ស្អប់​ខ្ពើម តែ​អំណរ​របស់​ពួក​គេ​មិន​អាស្រ័យ​លើ​ប្រតិកម្ម​របស់​មនុស្ស​ឡើយ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល!​»។ (​លូក. ១១:២៨​) ពួក​អ្នក​កាន់​តាម​នៅ​ក្រុង​អាន់ទីយ៉ូក​តំបន់​ភីស៊ីឌា បាន​តាំង​ចិត្ត​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ។

១៩ ដូច​ប៉ូល​និង​បាណាបាស សូម​យើង​ចាំ​ជា​និច្ច​ថា ភារកិច្ច​របស់​យើង​គឺ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ អ្នក​ស្ដាប់​ដំណឹង​របស់​យើង​ជា​អ្នក​សម្រេច​ថា ពួក​គេ​បដិសេធ​ឬ​ទទួល​យក។ បើ​អស់​អ្នក​ដែល​យើង​ផ្សព្វ​ផ្សាយ​ហាក់​ដូច​ជា​មិន​អើពើ យើង​អាច​ធ្វើ​តាម​គំរូ​ពួក​អ្នក​កាន់​តាម​នៅ​សតវត្សរ៍​ទី​១។ ពេល​យើង​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ពិត ហើយ​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ​ដឹក​នាំ​យើង នោះ​យើង​ក៏​អាច​អរ​សប្បាយ​ដែរ ទោះ​ជា​យើង​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ក៏​ដោយ។—កាឡ. ៥:១៨, ២២

បាណាបាស​«​កូន​នៃ​ការ​សម្រាល​ទុក្ខ​»​

សមាជិក​សំខាន់​ម្នាក់​នៃ​ក្រុម​ជំនុំ ក្នុង​ក្រុង​យេរូសាឡិម​សម័យ​ដើម គឺ​យ៉ូសែប ពី​កុល​សម្ព័ន្ធ​លេវី និង​ជា​អ្នក​កោះ​គីប្រុស។ ពួក​សាវ័ក​ដាក់​ឈ្មោះ​មួយ​ទៀត​ឲ្យ​យ៉ូសែប​ថា បាណាបាស ដែល​មាន​ន័យ​ថា​«​កូន​នៃ​ការ​សម្រាល​ទុក្ខ​»។ (​សកម្ម. ៤:៣៦​) ពេល​បាណាបាស​ឃើញ​បង​ប្អូន​រួម​ជំនឿ​ត្រូវ​ការ​ជំនួយ គាត់​បាន​ចាត់​វិធានការ​ជួយ​ពួក​គេ​ភ្លាម​ៗ។

បាណាបាសឲ្យប្រាក់ពីរថង់ជាវិភាគទាន។

នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. អ្នក​កាន់​តាម​ថ្មី​ចំនួន​៣.០០០​នាក់ បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ពួក​គេ​ជា​ច្រើន​ទំនងជា​មក​ក្រុង​យេរូសាឡិម​ដើម្បី​ចូល​រួម​បុណ្យ ហើយ​នៅ​ទី​បំផុត ពួក​គេ​ត្រូវ​ស្នាក់​នៅ​យូរ​ជាង​ការ​គ្រោង​ទុក។ ហេតុ​នេះ ក្រុម​ជំនុំ​ត្រូវ​ការ​ប្រាក់ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ដ៏​ច្រើន​នេះ។ ដូច្នេះ បាណាបាស​បាន​លក់​ដី​មួយ​ចំណែក ហើយ​ធ្វើ​វិភាគទាន​ដោយ​ចិត្ត​ទូលាយ ដោយ​ប្រគល់​ប្រាក់​ពី​ថ្លៃ​លក់​ដី​នោះ​ដល់​ពួក​សាវ័ក។—សកម្ម. ៤:៣២​-​៣៧

ក្នុង​នាម​ជា​អ្នក​ត្រួត​ពិនិត្យ និង​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ បាណាបាស​មាន​សន្ទុះ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​បង​ប្អូន​ឯ​ទៀត។ ខណៈ​ដែល​អ្នក​កាន់​តាម​ឯ​ទៀត​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សុល​ពី​ក្រុង​តើសុស ព្រោះ​គាត់​ល្បី​ខាង​បៀតបៀន​គ្រិស្ត​សាសនិក នោះ​បាណាបាស​បាន​ជួយ​បញ្ជាក់​ថា សុល​បាន​ប្រែ​ចិត្ត​ទៅ​ជា​អ្នក​ជឿ​ហើយ។ (​សកម្ម. ៩:២៦, ២៧​) ប៉ូល​បាន​ស្ដី​បន្ទោស​បាណាបាស​និង​ពេត្រុស​យ៉ាង​ចាស់​ដៃ អំពី​ទង្វើ​របស់​ពួក​គាត់​ចំពោះ​ជនជាតិ​យូដា​និង​ចំពោះ​គ្រិស្ត​សាសនិក​ដែល​ជា​ជន​ជាតិ​ដទៃ។ ទោះ​ជា​បាណាបាស​រង​ការ​ស្ដី​បន្ទោស​ខ្លាំង​ក៏​ដោយ គាត់​បាន​ទទួល​យក​ដោយ​ចិត្ត​រាប​ទាប។ (​កាឡ. ២:៩, ១១​-​១៤​) ឧទាហរណ៍​ទាំង​នេះ​បង្ហាញ​ថា បាណាបាស​ពិត​ជា​រស់​នៅ​ស្រប​តាម​អត្ថន័យ​នៃ​ឈ្មោះ​របស់​គាត់ ពោល​គឺ​«​កូន​នៃ​ការ​សម្រាល​ទុក្ខ​»។

a សូម​មើល​ប្រអប់​«​បាណាបាស​‹កូន​នៃ​ការ​សម្រាល​ទុក្ខ›​»។

b នៅ​ពេល​នោះ មាន​ក្រុម​ជំនុំ​ដែល​នៅ​ឆ្ងាយ​ៗ​រួច​ហើយ ដូច​ជា​នៅ​ក្រុង​អាន់ទីយ៉ូក​ស្រុក​ស៊ីរី ចម្ងាយ​ប្រហែល​៥៥០​គីឡូ​ម៉ែត្រ ភាគ​ខាង​ជើង​ក្រុង​យេរូសាឡិម។

c សូម​មើល​ប្រអប់​«​តាម​ផ្លូវ​»។

d នៅ​សតវត្សរ៍​ទី​១ បើ​ខ្យល់​អំណោយ​ផល សំពៅ​អាច​ធ្វើ​ដំណើរ​បាន​ប្រហែល​១៦០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ បើ​ខ្យល់​មិន​អំណោយ​ផល​ទេ នោះ​ការ​ធ្វើ​ដំណើរ​នឹង​ចំណាយ​ពេល​យូរ​ជាង។

e សូម​មើល​ប្រអប់​«​នៅ​ក្នុង​សាលា​ប្រជុំ​ជនជាតិ​យូដា​»។

f កោះ​គីប្រុស​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សភា​រ៉ូម។ ប្រធាន​រដ្ឋ​បាល​កោះ​គឺ​ជា​មន្ត្រី​ខេត្ត ដែល​មាន​ឋានៈ​ជា​អភិបាល​ខេត្ត។

g ចាប់​ពី​ពេល​នោះ​មក សុល​ក៏​មាន​ឈ្មោះ​មួយ​ទៀត​ថា​ប៉ូល។ អ្នក​ខ្លះ​បាន​និយាយ​ថា គាត់​ប្រើ​ឈ្មោះ​ជា​ភាសា​រ៉ូម​ដើម្បី​លើក​កិត្តិយស​ដល់​ស៊ើគាស​ប៉ូឡូស។ ប៉ុន្តែ ដោយ​ហេតុ​ថា​គាត់​នៅ​តែ​ប្រើ​ឈ្មោះ​ប៉ូល​ក្រោយ​ចាក​ចេញ​ពី​កោះ​គីប្រុស នោះ​បង្ហាញ​ថា​គាត់​ប្រហែល​ជា​សម្រេច​ចិត្ត​ប្រើ​ឈ្មោះ​ជា​ភាសា​រ៉ូម ដើម្បី​ធ្វើ​«​ជា​សាវ័ក​សម្រាប់​ជន​ជាតិ​ដទៃ​»។ ម្យ៉ាង​ទៀត គាត់​ប្រហែល​ជា​នៅ​តែ​ប្រើ​ឈ្មោះ​ប៉ូល ដោយ​សារ​ឈ្មោះ​សុល​ជា​ភាសា​ហេប្រឺ គឺ​ស្រដៀង​នឹង​ពាក្យ​ក្រិច ដែល​មាន​អត្ថន័យ​អាក្រក់។—រ៉ូម ១១:១៣

h ច្រើន​ឆ្នាំ​ក្រោយ​មក ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ​កាឡាទី។ ក្នុង​សំបុត្រ​នោះ​ប្រាប់​ថា​៖ ​«​នៅ​លើក​ដំបូង ខ្ញុំ​មាន​ឱកាស​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ដោយ​សារ​ខ្ញុំ​ឈឺ​»។—កាឡាទី ៤:១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក