ចូរបង្រៀនកូនរបស់អ្នក
ធីម៉ូថេ ត្រៀមខ្លួនបម្រើព្រះដោយស្ម័គ្រពីចិត្ត
«តើឯងបានរៀបចំខ្លួន ហើយឬនៅ?»។ ធ្លាប់មានគេសួរប្អូនអ៊ីចឹងទេ? បុគ្គលដែលសួរសំណួរនោះគ្រាន់តែចង់ដឹងថា ប្អូនបានត្រៀមខ្លួនជាស្រេចឬអត់។ ប្រហែលជាគាត់ចង់និយាយថា ‹សៀវភៅសម្រាប់សិក្សា តើប្អូនមានហើយឬ? តើប្អូនបានមើលមេរៀនទេ?›។ យើងនឹងពិនិត្យមើលជាមួយគ្នា ពីគំរូរបស់ធីម៉ូថេដែលបានត្រៀមខ្លួនជាស្រេច។
ធីម៉ូថេបានត្រៀមខ្លួនជាស្រេច ថែមទាំងស្ម័គ្រចិត្តផង។ ប្អូនយល់ថានេះមានន័យដូចម្ដេចទេ? ពេលគេអញ្ជើញធីម៉ូថេឲ្យបម្រើព្រះ ធីម៉ូថេមានចិត្តគំនិតដូចអ្នកបម្រើព្រះម្នាក់ដែលបាននិយាយថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។ (អេសាយ ៦:៨) ដោយហេតុថា ធីម៉ូថេបានប្រុងប្រៀបខ្លួនជាស្រេចថែមទាំងស្ម័គ្រចិត្តបម្រើព្រះផង នោះគាត់មានជីវិតដ៏ល្អក្រៃលែង។ តើប្អូនចង់ដឹងពីជីវិតរបស់គាត់ទេ?
ធីម៉ូថេបានកើតនៅទីក្រុងលីស្ដ្រាដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីទីក្រុងយេរូសាឡិម។ ជីដូនរបស់គាត់ឈ្មោះឡូអីស និងម្ដាយឈ្មោះអឺនីស ជាអ្នកមានចិត្តឧស្សាហ៍ព្យាយាមសិក្សាបណ្ដាំរបស់ព្រះ។ ពួកគាត់ចាប់ផ្ដើមបង្រៀនបណ្ដាំរបស់ព្រះដល់ធីម៉ូថេ តាំងពីធីម៉ូថេនៅក្មេងខ្ចីនៅឡើយ។—ធីម៉ូថេទី២ ១:៥; ៣:១៥
ពេលសាវ័កប៉ុលនិងបាណាបាសធ្វើដំណើរយ៉ាងឆ្ងាយជាលើកដំបូងដើម្បីផ្សព្វផ្សាយដំណឹងល្អ ពួកគាត់បានទៅទីក្រុងលីស្ដ្រា ពេលនោះធីម៉ូថេនៅជំទង់នៅឡើយ។ ប្រហែលជានៅពេលនោះឯងដែលជីដូននិងម្ដាយរបស់ធីម៉ូថេបានក្លាយទៅជាគ្រិស្តសាសនិក។ តើប្អូនចង់ដឹងពីបញ្ហាដែលប៉ុលនិងបាណាបាសបានជួបប្រទះទេ? មនុស្សដែលមិនចូលចិត្តគ្រិស្តសាសនិកបានគប់ដុំថ្មលើប៉ុល វាយគាត់ផ្ដួលហើយអូសគាត់ទៅខាងក្រៅទីក្រុង។ ពួកគេបានគិតថាប៉ុលស្លាប់ទៅហើយ។
អស់អ្នកដែលជឿទៅលើសេចក្ដីបង្រៀនរបស់ប៉ុលបានមកចោមរោមជុំវិញមើលគាត់ ហើយគាត់ក៏បានងើបឈរឡើង។ ថ្ងៃស្អែកឡើងប៉ុលនិងបាណាបាសបានចាកចេញទៅ តែមិនយូរប៉ុន្មានក្រោយមកពួកគាត់ក៏ត្រឡប់មកទីក្រុងលីស្ដ្រាវិញ។ ពេលពួកគាត់ត្រឡប់មកវិញ ប៉ុលបានថ្លែងសុន្ទរកថាមួយ ថែមទាំងទូន្មានពួកសិស្សថា៖ «[យើង]ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»។ (កិច្ចការ ១៤:៨-២២) ប្អូនដឹងទេ តើប៉ុលចង់និយាយពីអ្វី? ប៉ុលចង់មានន័យថាមនុស្សឯទៀតនឹងធ្វើទុក្ខបុកម្នេញដល់អស់អ្នកដែលបម្រើព្រះ។ ក្រោយមកទៀត ប៉ុលបានសរសេរទៅធីម៉ូថេថា៖ ‹ឯអស់អ្នកណាដែលចង់រស់ដោយគោរពប្រតិបត្ដិដល់ព្រះ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ›។—ធីម៉ូថេទី២ ៣:១២; យ៉ូហាន ១៥:២០
បន្ទាប់ពីប៉ុលនិងបាណាបាសចាកចេញពីទីក្រុងលីស្ដ្រា ពួកគាត់បានត្រឡប់មកផ្ទះវិញ។ ច្រើនខែក្រោយមក ប៉ុលបានរើសយកស៊ីឡាសឲ្យធ្វើដំណើរជាមួយ ហើយពួកគាត់ទាំងពីរនាក់ទៅកន្លែងនានាដែលប៉ុលធ្លាប់ទៅ ដើម្បីលើកទឹកចិត្តសិស្សថ្មីៗ។ កាលដែលពួកគាត់ទៅដល់ទីក្រុងលីស្ដ្រា នោះធីម៉ូថេបានជួបប៉ុលម្ដងទៀត។ នេះនាំឲ្យធីម៉ូថេសប្បាយចិត្តខ្លាំងណាស់! ហើយអ្វីដែលធ្វើឲ្យធីម៉ូថេរឹតតែសប្បាយចិត្តខ្លាំងជាងនេះទៅទៀត គឺពេលដែលប៉ុលនិងស៊ីឡាសអញ្ជើញគាត់ឲ្យទៅជាមួយ។ ធីម៉ូថេយល់ព្រមទៅជាមួយពួកគាត់។ ធីម៉ូថេបានត្រៀមខ្លួនជាស្រេចហើយថែមទាំងស្ម័គ្រចិត្តផង។—កិច្ចការ ១៥:៤០–១៦:៥
ទាំងបីនាក់បានធ្វើដំណើរជាមួយគ្នាអស់ច្រើនគីឡូម៉ែត្រ ហើយក្រោយមកបានឡើងជិះទូក។ បន្ទាប់ពីពេលឡើងទៅដល់ច្រាំង នោះពួកគាត់នាំគ្នាដើរឆ្ពោះទៅទីក្រុងថែស្សឡូនីចនាប្រទេសក្រិច។ នៅទីនោះមនុស្សជាច្រើនបានជឿហើយក្លាយទៅជាគ្រិស្តសាសនិក។ ក៏ប៉ុន្តែ មនុស្សឯទៀតខឹងហើយបានប្រមូលគ្នាទៅបង្កើតវឹកវរចង់ធ្វើបាបពួកគាត់។ ជីវិតរបស់ប៉ុល ស៊ីឡាស និងធីម៉ូថេស្ថិតនៅក្រោមស្ថានភាពដែលប្រកបទៅដោយគ្រោះថ្នាក់។ ហេតុនេះហើយ ពួកគាត់ក៏ចាកចេញពីទីក្រុងនោះ រួចបន្តដំណើរឆ្ពោះទៅទីក្រុងបេរ៉េ។—កិច្ចការ ១៧:១-១០
ប៉ុលមានចិត្តព្រួយចំពោះបងប្អូនអ្នកជឿថ្មីៗនៅទីក្រុងថែស្សាឡូនីច ហេតុនេះហើយបានជាគាត់បញ្ជូនធីម៉ូថេឲ្យត្រឡប់ទៅទីនោះវិញ។ តើប្អូនដឹងថាហេតុអ្វីទេ? ក្រោយមកប៉ុលបានពន្យល់ពួកគ្រិស្តសាសនិកនៅទីក្រុងថែស្សាឡូនីចថា៖ ‹ដើម្បីឲ្យគាត់តាំងអ្នករាល់គ្នាឡើងជាមាំមួន ហើយជួយចំរើនខាងឯសេចក្ដីជំនឿផង[ឬសម្រាលទុក្ខ] ក្រែងអ្នកណាម្នាក់ធ្លាក់ទឹកចិត្ត›។ ហេតុអ្វីបានជាប៉ុលបញ្ជូនធីម៉ូថេដែលនៅក្មេងនៅឡើយឲ្យទទួលភារកិច្ចប្រកបដោយគ្រោះថ្នាក់យ៉ាងនេះ? តើប្អូនដឹងទេ? គឺដោយសារពួកអ្នកប្រឆាំងមិនទាន់ស្គាល់ធីម៉ូថេច្បាស់នៅឡើយ ហើយធីម៉ូថេក៏ស្ម័គ្រចិត្តទៅទីនោះដែរ។ ធីម៉ូថេពិតជាមានចិត្តក្លាហានណាស់! តើមានលទ្ធផលយ៉ាងណា? ពេលធីម៉ូថេត្រឡប់មកជួបប៉ុលវិញ គាត់ជម្រាបប៉ុលថាបងប្អូននៅទីក្រុងថែស្សាឡូនីចមានចិត្តស្មោះត្រង់មែន។ ដូច្នេះ ប៉ុលក៏សរសេរសំបុត្រមួយច្បាប់ជូនដល់ពួកគាត់ថា៖ ‹យើងខ្ញុំមានសេចក្ដីក្សាន្តចិត្ត[ឬចិត្តធូរស្រាល] ពីដំណើរអ្នករាល់គ្នាឡើងវិញ›។—ថែស្សាឡូនីចទី១ ៣:២-៧
ធីម៉ូថេបានបម្រើព្រះកៀកស្មានឹងប៉ុលអស់រយៈ១០ឆ្នាំបន្តទៀត។ ក្រោយមក ប៉ុលជាប់គុកនៅទីក្រុងរ៉ូម ហើយធីម៉ូថេដែលទើបតែរួចពីគុកក៏បានទៅកំដរប៉ុល។ ពេលនៅក្នុងគុក ប្រហែលជាប៉ុលបានឲ្យធីម៉ូថេជួយក្នុងការសរសេរសំបុត្រមួយច្បាប់ជូនទៅបងប្អូននៅឯទីក្រុងភីលីព។ ប៉ុលមានប្រសាសន៍ថា៖ ‹ខ្ញុំសង្ឃឹមថានឹងចាត់ធីម៉ូថេមកឯអ្នករាល់គ្នា ដ្បិតខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ›។—ភីលីព ២:១៩-២២; ហេព្រើរ ១៣:២៣
ពាក្យទាំងនោះពិតជាធ្វើឲ្យធីម៉ូថេសប្បាយចិត្តខ្លាំងណាស់! ដោយសារធីម៉ូថេបានត្រៀមខ្លួនជាស្រេចដើម្បីបម្រើព្រះដោយស្ម័គ្រពីចិត្ត នោះធ្វើឲ្យប៉ុលស្រឡាញ់គាត់កាន់តែខ្លាំងឡើង។ យើងសង្ឃឹមថាប្អូនៗក៏នឹងត្រៀមខ្លួនជាស្រេចដើម្បីបម្រើព្រះដោយស្ម័គ្រពីចិត្តដែរ។
សំណួរ:
○ តើធីម៉ូថេបានធំឡើងនៅទីណា? ហើយតើមានអ្វីកើតឡើងពេលប៉ុលបានទៅលេងនៅទីនោះជាលើកដំបូង?
○ ពេលប៉ុលនិងស៊ីឡាសអញ្ជើញឲ្យទៅជាមួយ តើធីម៉ូថេបានធ្វើអ្វី?
○ តើធីម៉ូថេបង្ហាញសេចក្ដីក្លាហានយ៉ាងដូចម្ដេច? ហេតុអ្វីបានជាប៉ុលស្រឡាញ់ធីម៉ូថេខ្លាំងម្ល៉េះ?
[រូបភាពនៅទំព័រ២៨]
តើអ្វីបានកើតឡើង?