បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៤ ទំ. ៣០-ទំ. ៣២ វ. ១២
  • គោលសំខាន់ៗពីសៀវភៅយ៉ូហាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅយ៉ូហាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«នុ៎ះ​ន៏! កូន​ចៀម​នៃ​ព្រះ»
  • (យ៉ូន. ១:១​–​១១:៥៤)
  • ‹ចូរ​មក​តាម​ទ្រង់​ចុះ!›
  • (យ៉ូន. ១១:៥៥​–​២១:២៥)
  • ‹ពេលកំណត់បានមកដល់ហើយ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • «កំណត់ទ្រង់មិនទាន់មកដល់នៅឡើយ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៤ ទំ. ៣០-ទំ. ៣២ វ. ១២

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​យ៉ូហាន

លោក​យ៉ូហាន​ជា​«សិស្ស​១​នោះ ដែល​ព្រះ​យេស៊ូវ​ទ្រង់​ស្រឡាញ់» ហើយ​គាត់​ក៏​ជា​អ្នក​ចុង​ក្រោយ​គេ​បង្អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សរសេរ​កំណត់​ហេតុ​ពី​ជីវិត​និង​កិច្ច​បម្រើ​របស់​ព្រះ​យេស៊ូ។ (យ៉ូន. ២១:២០) សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន​មាន​ព័ត៌មាន​ល្អិត​ល្អន់​បន្ថែម​ទៅ​លើ​កំណត់​ហេតុ​ដែល​សៀវភៅ​ដំណឹង​ល្អ​បី​ផ្សេង​ទៀត​មិន​បាន​រៀបរាប់ ហើយ​បាន​ចារ​ទុក​ជា​លាយ​លក្ខណ៍​អក្សរ​ប្រហែល​ជា​នៅ​ឆ្នាំ​៩៨ គ.ស.។

សាវ័ក​យ៉ូហាន​មាន​គោល​បំណង​ច្បាស់​លាស់​ក្នុង​ការ​សរសេរ​សៀវភៅ​ដំណឹង​ល្អ​របស់​គាត់។ យ៉ូហាន​មាន​ប្រសាសន៍​ថា គាត់​សរសេរ​ព័ត៌មាន​នោះ​«ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះ​យេស៊ូ​វ​ជា​ព្រះ​គ្រីស្ទ គឺជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត​ដោយ​សារ​ព្រះ​នាម​ទ្រង់ ដោយ​មាន​សេចក្ដី​ជំនឿ»។ (យ៉ូន. ២០:៣១) ព័ត៌មាន​ដែល​បាន​ចារ​ទុក​ក្នុង​សៀវភៅ​យ៉ូហាន ពិតជា​មាន​ប្រយោជន៍​ណាស់​ចំពោះ​យើង។—ហេ. ៤:១២

​«នុ៎ះ​ន៏! កូន​ចៀម​នៃ​ព្រះ»

(យ៉ូន. ១:១​–​១១:៥៤)

ក្រោយ​ពី​បាន​ឃើញ​ព្រះ​យេស៊ូ យ៉ូហាន​បាទីស្ទ​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ ពោល​ដោយ​ម៉ឺងម៉ាត់​ថា​៖ «នុ៎ះ​ន៏! កូន​ចៀម​នៃ​ព្រះ​ដែល​ដោះ​បាប​មនុស្ស​លោក»។ (យ៉ូន. ១:២៩) ពេល​ព្រះ​យេស៊ូ​ផ្សព្វ​ផ្សាយ បង្រៀន និង​ធ្វើការ​អស្ចារ្យ​ក្នុង​ស្រុក​សា​ម៉ា​រី ស្រុក​កាលីឡេ ស្រុក​យូដា​និង​ភូមិភាគ​ខាង​កើត​ទន្លេ​យ័រដាន់ នោះ‹មនុស្ស​ជា​ច្រើន​មក​ឯ​ទ្រង់ និង​ជឿ​ដល់​ទ្រង់›។—យ៉ូន. ១០:៤១, ៤២

ក្នុង​ចំណោម​អព្ភូតហេតុ​ជា​ច្រើន​ដែល​ព្រះ​យេស៊ូ​ធ្វើ ការ​ប្រោស​លោក​ឡា​សារ​ឲ្យ​រស់​ឡើង​វិញ​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ។ មនុស្ស​ជា​ច្រើន​ជឿ​ដល់​ព្រះ​យេស៊ូ ពេល​ឃើញ​មនុស្ស​ដែល​បាន​ស្លាប់​អស់​បួន​ថ្ងៃ បែរ​ជា​មាន​ជីវិត​រស់​ឡើង​វិញ។ យ៉ាង​ណា​ក៏​ដោយ ពួក​សង្គ្រាជ​និង​ពួក​ផា​រិស៊ី​ពិគ្រោះ​គ្នា​ដើម្បី​រក​វិធី​សម្លាប់​ព្រះ​យេស៊ូ​បង់។ ដូច្នេះ ព្រះ​យេស៊ូ​ចេញពី​កន្លែង​គេ ទៅ​«ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ​ស្ថាន​វិញ ដល់​ភូមិ​១​ហៅ​ថា អេប្រាអិម»។—យ៉ូន. ១១:៥៣, ៥៤

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:៣៥, ៤០—ក្រៅ​ពី​អន​ទ្រេ តើ​សិស្ស​ម្នាក់​ទៀត​ដែល​ឈរ​ជា​មួយ​យ៉ូហាន​ដែល​ជ្រមុជ​ទឹក​ឲ្យ​គេ ជា​នរណា? ក្នុង​សៀវភៅ​យ៉ូហាន គាត់​មិន​ដែល​សំដៅ​ទៅ​លើ​ខ្លួន​ឯង​ដោយ​ឈ្មោះ​ផ្ទាល់​ទេ។ រៀង​រាល់​ដង​ដែល​គាត់​កត់​ឈ្មោះ​«យ៉ូហាន» នេះ​សំដៅ​ទៅ​លើ​អ្នក​ដែល​ជ្រមុជ​ទឹក​ឲ្យ​គេ។ ដូច្នេះ​តាម​មើល​ទៅ សិស្ស​ម្នាក់​ដែល​អត់​ចេញ​ឈ្មោះ គឺជា​យ៉ូហាន​ដែល​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​នោះ។

២:២០—តើ​វិហារ​មួយ​ណា​ដែល​បាន​សង់​ក្នុង​រយៈ​ពេល​«៤៦​ឆ្នាំ​គត់»? ពួក​យូដា​បាន​និយាយ​អំពី​វិហារ​ដែល​ស្តេច​ហេរ៉ូឌ​នៅ​ស្រុក​យូដា​បាន​ជួសជុល​ឡើង​វិញ។ នេះ​ជា​វិហារ​ដែល​បាន​សាងសង់​ឡើង​វិញ​រួចរាល់ នៅ​សម័យ​លោក​សូរ៉ូបាបិល។ យោង​ទៅ​តាម​អ្នក​ប្រវត្ដិវិទូ​ឈ្មោះ​យ៉ូ​សេ​ហ្វឺ​ស កិច្ចការ​សាងសង់​នោះ​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​របស់​ស្តេច​ហេរ៉ូឌ ដែល​ជា​ឆ្នាំ​១៨​ឬ​១៧ មុន​គ.ស.។ វិហារ​និង​ផ្នែក​សំខាន់ៗ​ឯ​ទៀត​បាន​សង់​ឡើង​ក្នុង​រយៈ​ពេល​៨​ឆ្នាំ។ ក៏​ប៉ុន្តែ កិច្ចការ​សាងសង់​អគារ​ផ្សេងៗ​ដែល​នៅ​ជិត​វិហារ មាន​រហូត​ដល់​ក្រោយ​បុណ្យ​រំលង​នា​ឆ្នាំ​៣០ គ.ស.។ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​យូដា​និយាយ​ថា គេ​ចំណាយ​អស់​៤៦​ឆ្នាំ​គត់​ដើម្បី​សង់​វិហារ​ឡើង​វិញ។

៥:១៤—តើ​ជំងឺ​តម្កាត់​បណ្ដាល​មក​ពី​អំពើ​បាប​ទេ? មិនមែន​គ្រប់​ករណី​ទាំង​អស់​ទេ។ មនុស្ស​ម្នាក់​ដែល​ព្រះ​យេស៊ូ​បាន​ព្យាបាល គាត់​ឈឺ​អស់​៣៨​ឆ្នាំ​មក​ហើយ ដោយ​សារ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែល​គាត់​បាន​ទទួល​ជា​មត៌ក​តាំងពី​កំណើត​មក។ (យ៉ូន. ៥:១​-​៩) ព្រះ​យេស៊ូ​មាន​ប្រសាសន៍​នេះ​ដើម្បី​បញ្ជាក់​ថា ដោយ​សារ​ទ្រង់​មាន​មេត្ដា​ចំពោះ​បុរស​នោះ គប្បី​ឲ្យ​គាត់​មាន​របៀប​រស់​នៅ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ និង​មិន​ធ្វើ​ខុស​ដោយ​ចេតនា ក្រែង​លោ​គាត់​ជួប​ប្រទះ​អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​ជំងឺ​ទៅ​ទៀត។ បើ​បុរស​នោះ​ធ្វើ​ខុស​ដែល​អត់​ទោស​ឲ្យ​មិន​បាន គាត់​សម​នឹង​ស្លាប់ ហើយ​គ្មាន​សេចក្ដី​សង្ឃឹម​រស់​ឡើង​វិញ​ទេ។—ម៉ាថ. ១២:​៣១, ៣២; លូ. ១២:១០; ហេ. ១០:២៦, ២៧

៥:២៤, ២៥—តើ​អ្នក​ណាខ្លះ​ដែល​នឹង​«កន្លង​ហួស​ពី​សេចក្ដី​ស្លាប់​ទៅ​ដល់​ជីវិត​វិញ»? ព្រះ​យេស៊ូ​សំដៅ​ទៅ​លើ​អស់អ្នក​ដែល​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​យេហូវ៉ា តែ​ក្រោយ​បាន​ឮ​សារ​របស់​ព្រះ​យេស៊ូ មាន​ជំនឿ​ទៅ​លើ​ទ្រង់ ហើយ​ឈប់​ធ្វើ​ខុស​ទៀត។ ពួក​គេ​«កន្លង​ហួស​ពី​សេចក្ដី​ស្លាប់​ទៅ​ដល់​ជីវិត​វិញ»​ក្នុង​ន័យ​ថា ពួក​គេ​មិន​ស្ថិត​ក្នុង​ស្ថានភាព​ដែល​នាំ​ឲ្យ​មាន​ទោស​ទៀត​ហើយ តែ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពីព្រោះ​ពួក​គេ​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។—១ពេ. ៤:៣​-​៦

៥:២៦; ៦:៥៣—តើ​មាន​«ជីវិត​នៅ​ក្នុង​ខ្លួន»​មាន​ន័យ​អ្វី? ចំពោះ​ព្រះ​យេស៊ូ នេះ​មាន​ន័យ​ថា ទ្រង់​ទទួល​សមត្ថភាព​ពិសេស​ពីរ​យ៉ាង​ពី​ព្រះ​យេហូវ៉ា ពោល​គឺ សមត្ថភាព​ជួយ​មនុស្ស​ជាតិ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា និង​អំណាច​ផ្ដល់​ជីវិត​ដោយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ រីឯ​សិស្ស​របស់​ព្រះ​យេស៊ូ​វិញ ពួក​គេ​អាច​មាន​«ជីវិត​នៅ​ក្នុង​ខ្លួន»​ក្នុង​ន័យ​ថា អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ពួក​គ្រិស្ត​សាសនិក​ដែល​បាន​រើស​តាំង​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌ នឹង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ទី​នោះ។ អ្នកបម្រើ​ស្មោះ​ភក្ដី​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់នៅ​ផែនដី នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​បន្ទាប់​ពី​ពួក​គាត់​ឆ្លង​ផុត​ការ​សាក​ល្បង​ជា​លើក​ចុង​ក្រោយ​បង្អស់ ដែល​នឹង​មាន​នៅ​ទី​បញ្ចប់​នៃ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រិស្ត។—១កូ. ១៥:​៥២, ៥៣; វិវរ. ២០:៥, ៧​-​១០

៦:៦៤—ពេល​ព្រះ​យេស៊ូ​បាន​ជ្រើស​រើស​យូដាស អ៊ីស្ការីយ៉ុត​ជា​សាវ័ក​ម្នាក់ តើ​ទ្រង់​ដឹង​ថា​គាត់​នឹង​ក្បត់​ទ្រង់​ទេ? តាម​មើល​ទៅ ទ្រង់​មិន​ទាន់​ដឹង​ទេ។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​៣២ គ.ស. ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សាវ័ក​ទ្រង់​ថា​៖ «ម្នាក់​ក្នុង​អ្នក​រាល់​គ្នា​ជា​អារក្ស»។ ប្រហែល​ជា​ពេល​នោះ​ជា​«ដើម»​ដំបូង​ដែល​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​កត់​សម្គាល់​ថា យូដាស អ៊ីស្ការីយ៉ុត​ហៀបនឹង​ដើរ​ផ្លូវ​ខុស។—យ៉ូន. ៦:៦៦​-​៧១

មេរៀន​សម្រាប់​យើង:

២:៤: ពេល​ពោល​ពាក្យ​ទាំង​នេះ ព្រះ​យេស៊ូ​គ្រាន់​តែ​ចង់​បញ្ជាក់​ដល់​ម៉ា​រា​ថា ដោយ​សារ​ទ្រង់​ជា​បុត្រ​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​នោះ ទ្រង់​ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​ពី​បិតា​របស់​ទ្រង់​ដែល​គង់នៅ​ស្ថាន​សួគ៌​វិញ។ ថ្វីបើ​ព្រះ​យេស៊ូ​ទើប​តែ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​របស់​ទ្រង់​ក្ដី ទ្រង់​ជ្រាប​ច្បាស់​អំពី​ពេល​វេលា​ឬ​រយៈ​ពេល​ដែល​ទ្រង់​ត្រូវ​ធ្វើ​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ រួម​ទាំង​ការ​បូជា​ជីវិត​ផង។ សូម្បី​តែ​ម៉ា​រា​ដែល​ជា​សាច់​ញាតិ​ជិតដិត​របស់​ព្រះ​យេស៊ូ​ក្ដី ក៏​មិន​អាច​រំខាន​ដល់​កិច្ចការ​របស់​ទ្រង់​ក្នុង​ការ​ធ្វើ​តាម​ឆន្ទៈ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ គប្បី​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ ដោយ​តាំង​ចិត្ត​ដើម្បី​ធ្វើ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។

៣:១​-​៩: យើង​អាច​ទាញ​យក​មេរៀន​ពីរ​យ៉ាង​ពី​គំរូ​របស់​លោក​នីកូដេម​ដែល​ជា​ចៅហ្វាយ​ម្នាក់​របស់​ពួក​យូដា។ ទី​១ ដោយ​សារ​នីកូដេម​ទទួល​ស្គាល់​កូនប្រុស​របស់​ជាងឈើ​ដែល​មាន​ឋានៈ​តូច​ទាប​ថា ជា​គ្រូបង្រៀន​ដែល​ព្រះ​យេហូវ៉ា​បាន​បញ្ជូន​មក នេះ​បង្ហាញ​ថា​គាត់​មាន​ចិត្ត​រាបទាប ចេះ​យល់​ធ្លុះ និង​ទទួល​ស្គាល់​ថា​ខ្លួន​ត្រូវការ​ទំនាក់ទំនង​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ គ្រិស្ត​សាសនិក​គ្រប់​រូប​សព្វថ្ងៃ​នេះ​ក៏​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប​ដែរ។ ទី​២ ពេល​ព្រះ​យេស៊ូ​រស់នៅ​ផែនដី នីកូដេម​មាន​ចិត្ត​ស្ទាក់​ស្ទើរ ហើយ​មិន​បាន​ក្លាយ​ទៅ​ជា​សិស្ស​ម្នាក់​របស់​ទ្រង់​ទេ។ ប្រហែល​ជា​គាត់​ខ្លាច​មនុស្ស ស្រឡាញ់​ឋានៈ​របស់​ខ្លួន​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​ជន​ជាតិ​យូដា ឬ​ក៏​ដោយ​សារ​គាត់​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ​ហួស​ហេតុ​ពេក។ យើង​អាច​ទាញ​យក​មេរៀន​សំខាន់​ពី​រឿង​នេះ។ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ទំនោរ​ចិត្ត​របស់​ខ្លួន​រំខាន​យើង​ពី​ការ‹ផ្ទុក​បង្គោល​ទារុណកម្ម​រាល់​តែ​ថ្ងៃ​តាម​ព្រះ​យេស៊ូ›ឡើយ។—លូ. ៩:២៣

៤:២៣, ២៤: យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ស្រប​ទៅ​នឹង​សេចក្ដី​ពិត​ក្នុង​គម្ពីរ ព្រម​ទាំង​ទទួល​ការ​ណែនាំ​ពី​វិញ្ញាណ​ឬ​សកម្ម​ពល​បរិសុទ្ធ​របស់​ទ្រង់ ទើប​ទ្រង់​ពេញចិត្ត​នឹង​យើង។

៦:២៧: យើង​ខំ​ប្រឹង​ឲ្យ​បាន​«អាហារ​ដែល​នៅ​ស្ថិតស្ថេរ​ដរាប​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច» ដោយ​ខំ​បណ្ដុះ​ឲ្យ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ពេល​ធ្វើ​ដូច្នេះ យើង​ក៏​នឹង​ទទួល​ពរ​មែន!—ម៉ាថ. ៥:៣

៦:៤៤: ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុកដាក់​នឹង​យើង​គ្រប់​រូប។ ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​យើង​ម្នាក់ៗ​ឲ្យ​ស្គាល់​បុត្រ​របស់​ទ្រង់ តាម​រយៈ​កិច្ចការ​ផ្សព្វ​ផ្សាយ។ ព្រះ​យេហូវ៉ា​ក៏​ប្រទាន​សកម្ម​ពល​បរិសុទ្ធ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​និង​ចេះ​ធ្វើ​តាម​សេចក្ដី​ពិត​ដែល​មាន​ក្នុង​គម្ពីរ។

១១:៣៣​-​៣៦: បើ​យើង​សម្ដែង​ការ​រំជួលចិត្ត នេះ​មិន​មែន​ជា​ចំណុច​ខ្សោយ​ទេ។

‹ចូរ​មក​តាម​ទ្រង់​ចុះ!›

(យ៉ូន. ១១:៥៥​–​២១:២៥)

ជិត​ដល់​បុណ្យ​រំលង​នៅ​ឆ្នាំ​៣៣ គ.ស. ព្រះ​យេស៊ូ​បាន​វិល​ត្រឡប់​ទៅ​ភូមិ​បេថានី​ម្ដង​ទៀត។ នៅ​ថ្ងៃ​ទី​៩ ខែ​ណែសាន ព្រះ​យេស៊ូ​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជិះ​សត្វ​លា។ នៅ​ថ្ងៃ​ទី​១០ ខែ​ណែសាន ព្រះ​យេស៊ូ​ក៏​ចូល​ទៅ​ក្នុង​វិហារ​ម្ដង​ទៀត។ ក្រោយ​ព្រះ​យេស៊ូ​បាន​អធិដ្ឋាន​សូម​ឲ្យ​បិតា​តម្កើង​នាម​ទ្រង់​ឡើង មាន​សំឡេង​ពី​ស្ថាន​សួគ៌​ថា​៖ «អញ​បាន​ដំ​កើង​ហើយ ក៏​នឹង​ដំ​កើង​ឡើង​ទៀត​ដែរ»។—យ៉ូន. ១២:២៨

ពេល​ធ្វើបុណ្យ​រំលង ព្រះ​យេស៊ូ​ផ្ដល់​ដំបូន្មាន​ដ៏​សំខាន់ៗ​ដល់​សិស្ស​ទ្រង់ ព្រម​ទាំង​អធិដ្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​ពួក​គាត់ ពីព្រោះ​ជិត​ដល់​ពេល​ដែល​ទ្រង់​បែក​ពី​ពួក​គាត់​ហើយ។ ក្រោយ​ពី​គេ​បាន​ចាប់​ខ្លួន កាត់​ទោស ព្រម​ទាំង​បោះ​ភ្ជាប់​ព្រះ​យេស៊ូ​នៅ​លើ​បង្គោល​ទារុណកម្ម​រហូត​ដល់​ទី​មរណៈ ព្រះ​យេហូវ៉ា​បាន​ប្រោស​ទ្រង់​ឲ្យ​រស់​ឡើង​វិញ។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១៤:២—តើ​ព្រះ​យេស៊ូ​ទៅ​«រៀប​កន្លែង»​ឲ្យ​សិស្ស​របស់​ទ្រង់​នៅ​ឯ​ស្ថាន​សួគ៌​យ៉ាង​ដូច​ម្ដេច? ការ​រៀបចំ​នោះ​រួម​បញ្ចូល​ការ​ឡើង​ទៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ដើម្បី​ថ្វាយ​តម្លៃ​នៃ​ឈាម​ទ្រង់ ដែល​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ថ្មី​ចាប់​មាន​សុពលភាព។ ការ​រៀប​កន្លែង​នោះ​ក៏​រួម​បញ្ចូល​ការ​ទទួល​អំណាច​ជា​ស្តេច ហើយ​ក្រោយ​នោះ​មក ការ​ប្រោស​អ្នក​រើស​តាំង​ដែល​កាន់​តាម​ទ្រង់​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។—១ថែ. ៤:​១៤​-​១៧; ហេ. ៩:១២, ២៤​-​២៨; ១ពេ. ១:១៩; វិវរ. ១១:១៥

១៩:១១—ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៅ​រក​លោក​ពីឡាត់​អំពី​អ្នក​ដែល​បាន​បញ្ជូន​ទ្រង់​មក តើ​ទ្រង់​សំដៅ​ទៅ​លើ​យូដាស អ៊ីស្ការីយ៉ុត​ទេ? តាម​មើល​ទៅ ជា​ជាង​សំដៅ​ចំៗ​ទៅ​លើ​យូដាស​ឬ​បុគ្គល​ណា​ម្នាក់​ទៀត ព្រះ​យេស៊ូ​ចង់​សំដៅ​ទៅ​លើ​អស់អ្នក​ដែល​រួមដៃ​គ្នា​ក្នុង​ការ​សម្លាប់​ទ្រង់។ អ្នក​ទាំង​នោះ​រួម​បញ្ចូល​យូដាស ‹ពួក​សង្គ្រាជ​នឹង​ពួក​ចាស់ទុំ​ទាំង​អស់​គ្នា› ព្រម​ទាំង​«ហ្វូង​មនុស្ស»​ដែល​ត្រូវ​គេ​បញ្ឆេះ​ឲ្យ​សូម​ឲ្យ​លែង​បា​រ៉ា​បាស​វិញ។—ម៉ាថ. ២៦:៥៩​-​៦៥; ២៧:១, ២, ២០​-​២២

២០:១៧—ហេតុ​អ្វី​បានជា​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ម៉ារា ម៉ាក់ដាឡា​ថា កុំ​ឲ្យ​នាង​ពាល់​ទ្រង់? កិរិយាសព្ទ​ភាសា​ក្រិច​ដែល​បកប្រែ​ថា «ពាល់» អាច​មាន​ន័យ​ថា «តោង ចាប់ កាន់»។ តាម​មើល​ទៅ មូលហេតុ​ដែល​ម៉ា​រា​តោង​ព្រះ​យេស៊ូ​ជាប់ គឺ​ដោយ​សារ​នាង​គិត​ថា​ទ្រង់​ហៀប​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ ហើយ​នាង​មិន​អាច​ឃើញ​ទ្រង់​ទៀត។ ដូច្នេះ ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​បកប្រែ​ពាក្យ​ទាំង​នេះ​ថា «កុំ​ឃាត់​ខ្ញុំ​ទុក​អី»។ ដើម្បី​បញ្ជាក់​ថា​ព្រះ​យេស៊ូ​នឹង​មិន​ឡើង​ទៅ​ស្ថាន​សួគ៌​ភ្លាម​ទេ ទ្រង់​បង្គាប់​នាង​ឲ្យ​ទៅ​ប្រាប់​សិស្ស​ទ្រង់​ថា ទ្រង់​បាន​រស់​ឡើង​វិញ​ហើយ។

មេរៀន​សម្រាប់​យើង:

១២:៣៦: ដើម្បី​ក្លាយ​ទៅ​ជា​«កូន​នៃ​ពន្លឺ»​ឬ​អ្នក​បំផ្លាត​ពន្លឺ យើង​ត្រូវ​តែ​មាន​ចំណេះ​ពិត​ពី​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា។ រួច​មក យើង​ត្រូវ​តែ​យក​ចំណេះ​ពិត​នោះ​ទៅ​ជួយ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា និង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់ ហាក់​ដូច​ជា​បំផ្លាត​ពន្លឺ​នៅ​ទី​ងងឹត។

១៤:៦: ព្រះ​យេស៊ូ​គ្រិស្ត​ជា​ខ្សែរយៈ​ដ៏​សំខាន់​ចាំបាច់​តែ​មួយ​គត់​ដែល​ជួយ​យើង​ឲ្យ​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​តែ​ជឿ​ទៅ​លើ​ព្រះ​យេស៊ូ និង​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។—១ពេ. ២:២១

១៤:១៥, ២១, ២៣, ២៤; ១៥:១០: ពេល​យើង​កាន់​តាម​បញ្ញត្ត​របស់​ព្រះ​យេហូវ៉ា នេះ​ជួយ​យើង​ឲ្យ​ស្ថិត​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​និង​បុត្រ​របស់​ទ្រង់។—១យ៉ូន. ៥:៣

១៤:២៦; ១៦:១៣: វិញ្ញាណ​ឬ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ជួយ​បង្រៀន និង​ជួយ​យើង​ឲ្យ​នឹក​ចាំ​ពី​អ្វី​ដែល​យើង​បាន​រៀន​រួច​ហើយ។ សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​ក៏​ជួយ​យើង​ឲ្យ​យល់​នូវ​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ ដូច្នេះ សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​មាន​ចំណេះ ប្រាជ្ញា យល់​ធ្លុះ ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត និង​ចេះ​គិត​គូរ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង។ ហេតុ​នេះ​ហើយ គប្បី​ឲ្យ​យើង​ព្យាយាម​អធិដ្ឋាន ជា​ពិសេស​ដោយ​មាន​បំណង​សូម​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង។—លូ. ១១:៥​-​១៣

២១:១៥, ១៩: ព្រះ​យេស៊ូ​សួរ​ពេត្រុស​ថា តើ​គាត់​ស្រឡាញ់​ទ្រង់​ច្រើន​ជាង​«របស់​ទាំង​នេះ»? ដែល​មាន​ន័យ​ថា ច្រើន​ជាង​ត្រី​ដែល​នៅ​ចំពោះ​មុខ​គាត់។ យ៉ាង​នេះ ព្រះ​យេស៊ូ​បញ្ជាក់​ដល់​ពេត្រុស​ថា សំខាន់​ណាស់​ឲ្យ​គាត់​តាម​ទ្រង់​រហូត ជា​ជាង​ចាត់​ទុក​កិច្ចការ​នេសាទ​ត្រី​ជា​អាទិភាព។ ពេល​បាន​ពិនិត្យ​ពិចារណា​ពី​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​នីមួយៗ ចូរ​ឲ្យ​យើង​តាំងចិត្ត​ស្រឡាញ់​ព្រះ​យេស៊ូ​ឲ្យ​បាន​ច្រើន​ជាង​អ្វីៗ​ទាំង​អស់​ដែល​អាច​បញ្ចូល​ចិត្ត​យើង។ ត្រូវ​មែន! ចូរ​ឲ្យ​យើង​កាន់​តាម​ព្រះ​យេស៊ូ​យ៉ាង​អស់ពី​ចិត្ត​ជា​រៀង​រហូត។

[រូបភាព​នៅ​ទំព័រ​៣១]

តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​គំរូ​របស់​លោក​នីកូដេម?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក